ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ៖ ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប


មេរៀន​ទី ៧

ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប

សេចក្ដីផ្ដើម

ក្នុង​នាម​ជា​ដៃគូ​នឹង​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​គឺជា​សាក្សី​មួយ​ទៀត​អំពី​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ព្រះគម្ពីរ​មរមន​ស្ដារ​ឡើងវិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ដែល​បាន​បាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ។ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន ការយល់​ដឹង​របស់​យើង​អំពី​គោលលទ្ធិ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ត្រូវបាន​បំភ្លឺ​ច្បាស់ ។

ការអាន​ពី​សាវតា

  • រ័សុល អិម ណិលសុន « Scriptural Witnesses » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤៣–៤៦ ។

  • ថាត អរ ខាលីស្ទើរ « The Book of Mormon—a Book from God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៤-៧៦ ។

យោបល់​សម្រាប់​ការបង្រៀន

អេសេគាល ៣៧:១៥–១៩, នីហ្វៃទី២ ៣:១១–១២, ២៩:៣–១០

ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន គឺជា​សាក្សី​រួម​បញ្ចូល​គ្នា​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​សួរ​ដល់​សិស្ស​ថា តើ​អ្វី​ដែល​ពួកគេ​អាច​នឹង​និយាយ​ទៅកាន់​នរណា​ម្នាក់​ដែល​បង្ហាញ​ការសង្ស័យ​អំពី​ព្រះគម្ពីរ​មរមន ដោយសារ​ព្រះ​បាន​ប្រទាន​ព្រះគម្ពីរ​ប៊ីប​ដល់​យើង​រួច​ហើយ​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី២ ២៩:៣-១០ ដោយ​ស្ងៀមស្ងាត់ ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​ចង្អុល​បង្ហាញ​ពី​មូលហេតុ​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​ព្រះគម្ពីរ​ច្រើន​ជាង​មួយ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អ្វីខ្លះ អំពី​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ប្រតិកម្ម​ដោយ​សង្ស័យ​ចំពោះ​ព្រះគម្ពីរ​ដែល​ជា​ការបន្ថែម​ដល់​ព្រះគម្ពីរ​ប៊ីប​នោះ ?

  • យោងតាម ខ ៨ តើ​ព្រះអម្ចាស់​បានមាន​បន្ទូល​ថា អ្វី​ជា​គោលបំណង​របស់​ទ្រង់​ក្នុង​ការបើក​សម្ដែង​ព្រះគម្ពីរ​ជា​ការបន្ថែម​ដល់​ព្រះគម្ពីរ​ប៊ីប​នោះ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន រួម​គ្នា​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ពី​វគ្គបទគម្ពីរ​នេះ ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការមាន​សាក្សី ដែល​ជា​ព្រះគម្ពីរ​បន្ថែម ?

ដើម្បី​ជួយ​ឲ្យ​ការយល់​ដឹង​របស់​សិស្ស​កាន់តែ​មាន​ភាពស៊ី​ជម្រៅ អំពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« សាក្សី​ជា​ព្រះគម្ពីរ​ទាំងនេះ​បញ្ជាក់​ភាពពិត​ដល់​គ្នា​ទៅវិញ​ទៅមក ។ គំនិត​នេះ​ត្រូវបាន​ពន្យល់​ជា​យូរយារ​មក​ហើយ នៅពេល​ដែល​ព្យាការី​ម្នាក់​បាន​សរសេរ​ថា ព្រះគម្ពីរ​មរមន​គឺ ‹ ត្រូវបាន​សរសេរ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់ [ ព្រះគម្ពីរ​ប៊ីប ] ហើយ​បើសិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់ [ ព្រះគម្ពីរ​ប៊ីប ] នោះ​អ្នក​នឹង​ជឿ​ដល់ [ ព្រះគម្ពីរ​មរមន ] ផងដែរ › [ មរមន ៧:៩ ] ។ គម្ពីរ​នីមួយៗ​យោង​ទៅ​គ្នា​ទៅវិញ​ទៅមក ។ គម្ពីរ​នីមួយៗ​ឈរ​ជា​ភស្តុតាង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​និយាយ​ទៅកាន់​កូនចៅ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ដល់​ព្យាការី​របស់​ទ្រង់ ។

« សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះគម្ពីរ​មរមន​ពង្រីក​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ម្នាក់​ចំពោះ​ព្រះគម្ពីរ​ប៊ីប ហើយ​ដូចគ្នា​ផងដែរ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះគម្ពីរ​ប៊ីប​ពង្រីក​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ម្នាក់​ចំពោះ​ព្រះគម្ពីរ​មរមន ។ ព្រះគម្ពីរ​នៃ​ការស្ដារ​ឡើង​វិញ ពុំ​ប្រជែង​នឹង​ព្រះគម្ពីរ​ប៊ីប​នោះទេ ព្រះគម្ពីរ​ទាំងនោះ​បង្គ្រប់​ដល់​ព្រះគម្ពីរ​ប៊ីប​វិញ » ( « Scriptural Witnesses » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤៣ ) ។

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​នៅក្នុង​ការពិពណ៌នា​របស់​ប្រធាន ណិលសុន អំពី​ទំនាក់ទំនង​រវាង​ព្រះគម្ពីរ​ទាំងពីរ​នេះ ហើយ​មូលហេតុ​អ្វី ?

សូម​រំឭក​សិស្ស​ថា ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អេសេគាល បាន​ព្យាករ​ថា បន្ទះឈើ​នៃ​ពួកយូដា និង​បន្ទះឈើ​នៃ​ពួក​យ៉ូសែប នឹង​រួម​បញ្ចូល​គ្នា ។ សូម​ពន្យល់​ថា « បន្ទះ » អាច​សំដៅ​ដល់​បន្ទះឈើ ឬ​រមូរ​ក្រដាស​ដែល​មូរ​ជុំវិញ​អង្កត់​ឈើ ( សូមមើល ប៊យដ៍ ឃេ ផាកកឺ « Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៥១ ) ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន អេសេគាល ៣៧:១៥–១៩ ឮៗ ។

  • តើ​បន្ទះឈើ​ទាំងនេះ​តំណាង​ឲ្យ​អ្វី​ខ្លះ ? ( បើ​ចាំបាច់ សូម​ពន្យល់​ថា « បន្ទះឈើ​នៃ​ពួកយូដា » សំដៅ​លើ​ព្រះគម្ពីរ​ប៊ីប ហើយ « បន្ទះឈើ​នៃ​យ៉ូសែប » គឺ​សំដៅលើ​ព្រះគម្ពីរ​មរមន ) ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ដែល​ថា បន្ទះឈើ ឬ​ព្រះគម្ពីរ​ទាំងពីរ​នេះ « ជា​បន្ទះ​តែ​មួយ ដើម្បី​ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា​នៅ​ដៃ​ឯង » ? ( ខ ១៧, ១៩ ) ។

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ សូម​ពន្យល់​ថា មិនយូរ​ប៉ុន្មាន​ពីមុន​ប្រធាន ផាកកឺ បានថ្លែង​សេចក្ដី​ថ្លែងការណ៍​នេះ នោះ​សាសនាចក្រ​បាន​បោះពុម្ព​កំណែ​ថ្មី​នៃ​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប ។ ព្រះគម្ពីរ​នីមួយៗ​មាន​លេខ​យោង និង​ជំនួយ​ព្រះគម្ពីរ​ផ្សេងៗ​ទៀត ដែល​យោង​ដល់​គម្ពីរ​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​មាន​ការរួបរួម​ព្រះគម្ពីរ​ទាំងពីរ​នោះ​នៅក្នុង​របៀប​ថ្មី​មួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់មើល​ពរជ័យ​ទាំងឡាយ ដែល​មាន​ដល់​ពួកអ្នក​ដែល​សិក្សា​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​រួមគ្នា ។

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« បន្ទះឈើ ឬ​បញ្ជី​របស់​ពួក​យូដា និង​បន្ទះឈើ ឬ​បញ្ជី​របស់​អេប្រាអិម … ឥឡូវ​នេះ​ត្រូវបាន​ត្បាញ​បញ្ចូល​គ្នា​ជា​របៀប​មួយ​ដែល​នៅពេល​អ្នក​អាន​ព្រះគម្ពីរ​មួយ​យ៉ាង​ផ្ចិតផ្ចង់ នោះ​អ្នក​នឹង​ត្រូវបាន​ទាក់ទាញ​ឲ្យ​ដក់ចិត្ត​ទៅលើ​ព្រះគម្ពីរ​មួយ​ទៀត ពេល​អ្នក​រៀន​ពី​ព្រះគម្ពីរ​មួយ អ្នក​ត្រូវបាន​បំភ្លឺ​ដោយ​ព្រះគម្ពីរ​មួយ​ទៀត ។ ព្រះគម្ពីរ​ទាំងនេះ​ពិតជា​តែ​មួយ​នៅក្នុង​ដៃ​របស់​យើង​មែន ។ ឥឡូវ​នេះ ការព្យាករ​របស់​អេសេគាល​ត្រូវបាន​បំពេញ​ហើយ ។

« រយៈពេល​ជា​ច្រើនឆ្នាំ​បាន​កន្លង​ផុតទៅ ព្រះគម្ពីរ​ទាំងនេះ​នឹង​បង្កើត​ផល​ជា​ជំនាន់​នៃ​ពួក​គ្រីស្ទាន​ស្មោះត្រង់​ជា​បន្ដ​បន្ទាប់ ដែល​ស្គាល់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដែល​ចង់គោរពតាម​ព្រះទ័យ​ទ្រង់ ។ …

« … វិវរណៈ​នឹង​បើក​សម្ដែង​ដល់ [ ជំនាន់​ថ្មីៗ ] ដែល​មិន​ដូច​ជា​ដល់​ជំនាន់​ណា​ផ្សេង​ឡើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។ ឥឡូវ​នេះ ពួកគេ​មាន​បន្ទះឈើ​នៃ​យ៉ូសែប និង​យូដា នៅក្នុង​ដៃ​របស់​ពួកគេ ។ ពួកគេ​នឹង​អភិវឌ្ឍ​ចំណេះ​វិជ្ជា​នៃ​ដំណឹងល្អ លើស​ហួស​ជីដូនជីតា​របស់​ពួកគេ​អាច​សម្រេច​បាន​ទៅទៀត ។ ពួកគេ​នឹង​មាន​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​អាច​ប្រកាស​អំពី​ទ្រង់ និង​ការពារ​ទ្រង់ » ( « Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៥៣ ) ។

  • តើ​មាន​ពរជ័យ​អ្វីខ្លះ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​រួមគ្នា​នោះ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ពេល​យើង​សិក្សា​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​រួម​គ្នា យើង​ទទួលបាន​សាក្សី​កាន់តែ​ធំធេង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ) ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​រួមគ្នា បាន​ពង្រឹង​ការចេះដឹង និង​សក្ខីភាព​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​យ៉ាងណា​ដែរ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី២ ៣:១១-១២ ។ ( វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការបញ្ជាក់​ឲ្យ​ច្បាស់​ថា ខ​គម្ពីរ​ទាំងនេះ​គឺជា​ផ្នែក​នៃ​ការព្យាករ​ដោយ​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ។ នៅក្នុង​ខ​គម្ពីរ​ទាំងនេះ យ៉ូសែប បាន​លើកឡើង​ពី​សៀវភៅ​ពីរ​ក្បាល—សៀវភៅ​សរសេរ​ដោយ​កូនចៅ​របស់​យ៉ូសែប គឺជា​ព្រះគម្ពីរ​មរមន និង​សៀវភៅ​ដែល​សរសេរ​ដោយ​កូនចៅ​សាសន៍​យូដា គឺជា​ព្រះគម្ពីរ​ប៊ីប ) ។

  • តើ​ឥទ្ធិពល​អ្វី​ខ្លះ ដែល​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​នឹង​មាន​ទៅលើ​ពិភពលោក កាលដែល​ព្រះគម្ពីរ​ទាំងពីរ​នេះ « រួម​ទៅ​ជាមួយ​គ្នា » ? ( សិស្ស​គួរ​តែ​រកឃើញ​គំនិត​ទាំងឡាយ​ដូច​តទៅនេះ ៖ ព្រះគម្ពីរ​ទាំងនេះ​នឹង​ផ្ចាញ់ផ្ចាល​ដល់​គោលលទ្ធិ​ក្លែងក្លាយ បង្រាប​ការទាស់ទែងគ្នា ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ប្រើប្រាស់​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​រួមគ្នា ដើម្បី​ពង្រឹង​ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រព្រឹត្ត​តាម​ការបំផុស​ដែល​ពួកគេ​ទទួល ។

នីហ្វៃទី១ ១៣:២៣–២៩, ៣៥–៣៦, ៣៨–៤១

សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ត្រូវបាន​ស្ដារ​ឡើង​វិញ

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បានចេញ​ព្រះបញ្ជា​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​ធ្វើ​កំណែថ្មី​ដ៏​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច ​ជេមស៍ ។ កំណែថ្មី​នេះ ឥឡូវ​ត្រូវ​បាន​ស្គាល់​ថា​ជា ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ ។ សូម​បង្ហាញ ហើយ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ខ្ញុំ​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប បើសិនជា​វា​ត្រូវបាន​សរសេរ​ដោយ​ដងប៉ាកា​នៃ​អ្នក​និពន្ធ​ដើម ។ អ្នកបកប្រែ​ដែល​គ្មាន​វិជ្ជាជីវៈ អ្នក​ចម្លង​ខ្ជីខ្ជា ឬ​ពួក​សង្ឃ​ដែល​ក្លែងបន្លំ និង​ពុករលួយ​បាន​បង្កើត​ឲ្យ​មាន​កំហុស​ជា​ច្រើន » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៧ ) ។

  • តើ​ហេតុអ្វី​ចាំបាច់​ត្រូវ​ធ្វើ​កំណែថ្មី​ដ៏​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​ប៊ីប ?

សូម​រំឭក​សិស្ស​ថា នីហ្វៃ​បាន​ទទួល​ការនិមិត្ត​អំពី​ការចេញមក​នៃ​ព្រះគម្ពីរ​ប៊ីប ។ សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី១ ១៣:២៣-២៥ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ការពិពណ៌នា​របស់​នីហ្វៃ​អំពី​ព្រះគម្ពីរ​ប៊ីប ពេល​វា​ត្រូវបាន​សរសេរ​ដំបូង ។

  • តើ​ទេវតា​បាន​បង្រៀន​អ្វី​ដល់​នីហ្វៃ អំពី​ព្រះគម្ពីរ​ប៊ីប នៅពេល​វា​ត្រូវ​បាន​សរសេរ​ជាលើក​ដំបូង ? ( វា « មាន​សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » វា « មាន​ប្រយោជន៍​ដ៏​ធំ » ហើយ​វា « មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ » ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី១ ១៣:២៦-២៨ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បានដឹង​ថា​នឹង​កើតឡើង​ដល់​ព្រះគម្ពីរ​ប៊ីប ហើយ​សម្រាប់​ហេតុផល​អ្វី​ខ្លះ ។

  • តើ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរខ្ពើមឆ្អើម​នោះ​បានធ្វើ​អ្វី​ចំពោះ​ព្រះគម្ពីរ​ប៊ីប ? ( សូម​សង្កត់ធ្ងន់​ថា សាសានាចក្រ​ដ៏​ធំ ហើយ​គួរខ្ពើមឆ្អើម​មិនមែន​គ្រាន់តែ​ជា​សាសនាចក្រ ឬ​អង្គការ​ជាក់លាក់​ណាមួយ​នោះ​ទេ តែ​ជា​វាក្យសព្ទ​ទូទៅ​មួយ​ដែល​សំដៅ​ទៅលើ​អស់​អ្នក​ណា​ដែល​ប្រឆាំង​ទាស់​នឹង​ព្រះគ្រីស្ទ [ សូមមើល នីហ្វៃទី១ ១៣:៤-៩, ១៤:១០ ] ) ។

  • យោងតាម ខ ២៧ តើ​ហេតុអ្វី​ផ្នែក​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំងឡាយ​ត្រូវបាន​ដកចេញ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី១ ១៣:២៩ ឲ្យ​ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​លទ្ធផល​ដែល​មក​ពី​ផ្នែក​ដ៏​ច្បាស់ និង​ពិសេសៗ​ត្រូវបាន​ដកចេញ​ពី​ព្រះគម្ពីរ​ប៊ីប ។

  • តើ​មាន​អ្វី​កើតឡើង ដែល​ជា​លទ្ធផល​នៃ​ការដកចេញ​នូវ​ការបង្រៀន​ដ៏​ច្បាស់ និង​ពិសេសៗ​របស់​ព្រះអម្ចាស់ ពី​ព្រះគម្ពីរ​ប៊ីបនោះ ?

  • តើ​ភស្ដុតាង​អ្វី​ដែល​អ្នក​ឃើញ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ដែល « មនុស្ស​ជាច្រើន​លើសលប់​ត្រូវ​ជំពប់​ដួល » ដែល​ជា​លទ្ធផល​នៃ​ការខ្វះ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំងឡាយ​នេះ ?

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេនគ្នា​អាន​ឮៗ​ចេញពី នីហ្វៃទី១ ១៣:៣៥-៣៦, ៣៨-៤១ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ដំណោះស្រាយ​របស់​ព្រះអម្ចាស់​ចំពោះ​បញ្ហា​នេះ ។

  • តើ​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វី ដើម្បី​យកឈ្នះ​លើ​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការដកចេញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប ?

  • ក្រៅពី​ព្រះគម្ពីរ​មរមន តើ « ព្រះគម្ពីរ​ផ្សេង​ទៀត » ណា​ខ្លះ ដែល​ព្រះអម្ចាស់​បាន​នាំ​ចេញ​មក ជា​ផ្នែក​នៃ​ការស្ដារឡើង​វិញ ? ( សូម​លើកទឹកចិត្ត​ដល់​សិស្ស ដើម្បី​ធ្វើ​កំណត់​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ថា « ព្រះគម្ពីរ​ផ្សេងៗ​ទៀត » អាច​រួមមាន ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា មុក្ដា​ដ៏​មាន​តម្លៃ​មហិមា និង ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ពី​ព្រះគម្ពីរ​ប៊ីប ) ។

  • យោងតាម ខ ៤០ តើ​ព្រះគម្ពីរ​មរមន និង « ព្រះគម្ពីរ​ផ្សេងៗ​ទៀត » ដោះស្រាយ​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការដកចេញ​នូវ​ផ្នែក​ដ៏​ច្បាស់ និង​ពិសេសៗ​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​យ៉ាង​ដូច​ម្ដេច​ដែរ ? ( សិស្ស​គួរ​យល់ដឹង​ពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ថ្ងៃចុងក្រោយ​ទាំងឡាយ ជួយ​ស្ថាបនា​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​ប៊ីប និង​ស្ដារឡើងវិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​ត្រូវបាន​ដកចេញ​ពី​គម្ពីរ​នោះ ) ។

ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បញ្ជាក់​ពី​ការយល់ដឹង​របស់​យើង​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​ប៊ីប សូម​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ថាត អរ ខាលីស្ទើរ ដែល​បាន​បម្រើ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិត​សិប​នាក់ ៖

រូបភាព
អែលឌើរ ថាត អរ ខាលីស្ទើរ

« ព្រះគម្ពីរ​ប៊ីប​គឺ​ជា​សាក្សី​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្រះគម្ពីរ​មរមន​គឺ​ជា​សាក្សី​មួយ​ទៀត ។ តើ​ហេតុអ្វី​សាក្សី​ទី​ពីរ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ ? ការបង្ហាញ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​បាន ៖ តើ​អ្នក​អាច​គូស​បន្ទាត់​ត្រង់​បាន​ប៉ុន្មាន នៅ​តាម​ចំណុច​តែមួយ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ? ចម្លើយ​គឺ គូស​បាន​ច្រើន​រាប់​មិន​អស់​ឡើយ ។ សូម​គិត​មួយ​ភ្លែត​ថា ចំណុច​តែមួយ​នេះ​គឺ​តំណាង​ឲ្យ​ព្រះគម្ពីរ​ប៊ីប ហើយ​ថា បន្ទាត់​ត្រង់​រាប់រយ​ទាំងនោះ​ដែល​ត្រូវ​បាន​គូស​តាម​ចំណុចនេះ តំណាង​ឲ្យ​ការបកស្រាយ​ខុសៗ​គ្នា​នៃ​ព្រះគម្ពីរ​ប៊ីប ហើយ​ថា ការបកស្រាយ​នីមួយៗ​តំណាង​ឲ្យ​ព្រះវិហារ​ខុសៗ​គ្នា ។

« ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​នៅលើ​ក្រដាស​មួយ​សន្លឹក​នេះ មាន​នូវ​ចំណុច​ទី​ពីរ​ទៀត​ដែល​តំណាង​ឲ្យ​ព្រះគម្ពីរ​មរមន​នោះ ? តើ​អ្នក​អាច​គូស​បន្ទាត់​ត្រង់​បាន​ប៉ុន្មាន​នៅ​ចន្លោះ​ចំណុច​យោង​ទាំងពីរ​នេះ​គឺ ៖ ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ? គូស​បាន​តែ​មួយ​ប៉ុណ្ណោះ ។ មាន​តែ​ការបកស្រាយ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ទីបន្ទាល់​នៃ​សាក្សី​ទាំងពីរ​នេះ​នៅ​តែបន្ត​មាន ។

« ព្រះគម្ពីរ​មរមន​បាន​ដើរ​តួនាទី​ម្តង​ហើយ​ម្តង​ទៀត​ជា​សាក្សី​គាំទ្រ បញ្ជាក់ និង​បង្រួប​បង្រួម​នៃ​គោលលទ្ធិ​ទាំងឡាយ​ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប » ( « The Book of Mormon—a Book from God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៥ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​មាន​ទាំង​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប ធ្វើ​ជា​សាក្សី​អំពី​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់ និង​ចែកចាយ​គំរូ​នានា​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះគម្ពីរ​ប៊ីប ឬ​ដើម្បី​ខិត​កាន់តែ​ជិត​ទៅ​ព្រះអង្គ​សង្គ្រោះ ។

ការអាន​របស់​សិស្ស