ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ៖ អំណាច​នៃ​ការដោះលែង​ឲ្យ​រួច​របស់​ព្រះ


មេរៀន​ទី ១៤

អំណាច​នៃ​ការ​ដោះលែង​ឲ្យ​រួច​របស់​ព្រះ

សេចក្ដីផ្ដើម

ព្រះគម្ពីរ​មរមន​រួមមាន​ដំណើររឿង​ជាច្រើន​អំពី​បុគ្គល និង​សង្គម​ទាំងឡាយ ដែល​ស្ថិត​នៅក្រោម​សេវកភាព​តាម​ទម្រង់​មួយ​ចំនួន ។ ភាគច្រើន​នៃ​ដំណើរ​រឿង​ទាំងនេះ​បង្ហាញ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គជួយ​រំដោះ​ដ៏​អស្ចារ្យ ហើយ​ជា​ប្រភព​នៃ​ជំនួយ ពេល​ដែល​ការគេច​រួច​ខ្លួន ឬ​ការសង្គ្រោះ​ហាក់ដូច​ជា​មិន​អាច​កើត​មាន​បាន ។ ពេល​យើង​ខិត​ជិត​ព្រះអម្ចាស់ តាមរយៈ​ការប្រែចិត្ត ការបន្ទាបខ្លួន និង​ការអធិស្ឋាន នោះ​យើង​ត្រៀម​ខាង​វិញ្ញាណ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​អំពាវនាវ និង​ទទួល​អំណាច​នៃ​ការដោះលែងឲ្យ​រួច​របស់​ព្រះ ។

ការអាន​ពី​សាវតា

  • អិល ថម ភែរី « The Power of Deliverance » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤–៩៧ ។

  • ដាល្លិន អេក អូក « He Heals the Heavy Laden » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦-៩ ។

  • ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៧–៩០ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ១:២០, អាលម៉ា ៣៦:១–៣, ២៧–២៩

ព្រះ​មាន​អំណាច​ដើម្បី​ប្រទាន​ការដោះលែង

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ពេល​ដែល​ពួកគេ​ត្រូវបាន​ធ្វើ​ឲ្យ​ស្ងើច​សរសើរ​ដោយ​ភាពក្លាហាន និង​ភាពរឹងមាំ​របស់​នរណា​ម្នាក់ ដែល​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ​ការលំបាកៗ​ដ៏​ធំ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ដោយ​សង្ខេប ពី​អ្វី​ដែល​ពួកគេ​បាន​សង្កេត​ឃើញ ។

សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងាត់ស្ងៀម​ចេញ​ពី នីហ្វៃទី១ ១:១ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាននិយាយ អំពី​ការលំបាក​ដែល​លោក​បាន​មាន​បទពិសោធន៍​នៅក្នុង​ជីវិត​លោក ។

  • តើ​នីហ្វៃ​បាន​សង្ខេប​ពី​អារម្មណ៍​របស់​លោក​យ៉ាង​ណា បន្ទាប់​ពី​ទទួល​បទពិសោធន៍ « សេចក្ដី​ទុក្ខ​វេទនា​ទាំងឡាយ » ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់​អាច​មាន​អារម្មណ៍​ថា « បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះអម្ចាស់ » សូម្បីតែ​ពេល​កំពុង​ជួប​ឧបសគ្គ ឬ​ការលំបាក​ទាំងឡាយ​ក្ដី ?

សូម​ប្រាប់​សិស្ស​ឲ្យ​ធ្វើ​បទគម្ពីរ​យោង នីហ្វៃទី១ ១:១ ជាមួយនឹង នីហ្វៃទី១ ១:២០ ហើយ​រកមើល​មូលហេតុ​មួយ ដែល​នីហ្វៃ​បាន​ពិពណ៌នា​ពី​អារម្មណ៍​ដែល​ថា « បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះអម្ចាស់ » ។

  • តើ​គោលការណ៍​អ្វី​នៅក្នុង​ខគម្ពីរ​នេះ ដែល​អាច​ជួយ​មនុស្ស​ម្នាក់ ឲ្យ​មាន​អារម្មណ៍​នៃ​ក្ដីសង្ឃឹម ពេល​កំពុង​ជួប​ឧបសគ្គ និង​ការលំបាក​នានា​ទាំងនោះ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា និង​ការដោះលែង​មក​ពី​ព្រះ ) ។

សូម​ពន្យល់​ថា​ឃ្លា « ខ្ញុំ នីហ្វៃ នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា » ប្រាប់​ថា នីហ្វៃ​មាន​បំណង​កត់ត្រា​គំរូ​ទាំងឡាយ​នៃ​អំណាច​នៃ​ការដោះលែង​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី១ ជំពូក ១-៨ និង ១៦–១៨ ដោយ​រកមើល​គំរូ​នានា​ពី​ជីវិត​នីហ្វៃ ដែល​បង្ហាញ​ពី​អំណាច​នៃ​ការដោះលែង​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ដោយ​សង្ខេប ពី​គំរូ​ទាំងឡាយ​ដែល​ពួកគេ​បាន​រកឃើញ ។ បើ​សិស្ស​ពិបាក​នឹង​រក​គំរូ​ទាំង​នោះ អ្នក​អាច​ដឹកនាំ​ពួកគេ​ទៅរក​គំរូ​មួយ ឬ​ច្រើន​ជាង​នោះ អំពី​វគ្គបទ​គម្ពីរ​ខាងក្រោម​នោះ ៖ នីហ្វៃទី១ ៣:២៣–៣១, ៤:១–១៨, ៧:១៦–១៩, ៨:៧–១២, ១៦:១០, ១៨–៣១, ៣៦–៣៩, ១៧:៤៨–៥៥ និង ១៨:១–៣, ១១–២១ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« រឿង​ជាច្រើន​ក្នុង​ព្រះគម្ពីរ​មរមន គឺជា​រឿង​នៃ​ការដោះលែង​ឲ្យ​រួច ។ « ការចាកចេញ​របស់​លីហៃ​ទៅក្នុង​វាលរហោស្ថាន​ជាមួយ​គ្រួសារ​របស់គាត់ គឺ​អំពីការ​ដោះលែង​ឲ្យ​រួច​ពី​ការបំផ្លាញ​ក្រុង​យេរូសាឡិម ។ រឿង​ពី​ពួក​សាសន៍​យ៉ារេឌ ជារឿង​មួយ​ពី​ការដោះលែង​ឲ្យ​រួច ក៏​ដូច​ជា​រឿង​ពី​ពួកសាសន៍​មូលេក​ដែរ ។ អាលម៉ា​ជា​កូន​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ពី​អំពើបាប ។ កងទ័ព​ហេលេមិន​ត្រូវបាន​ដោះលែង​ឲ្យរួច​ពី​សង្គ្រាម ។ នីហ្វៃ និង​លីហៃ​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ពី​គុក ។ ប្រធានបទ​នៃ​ការដោះលែង​ឲ្យ​រួច​នេះ មាន​ជាក់ស្ដែង​ពេញ​ទាំង​ព្រះគម្ពីរ​មរមន » ( « The Power of Deliverance » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤ ) ។

ជា​គំរូ​មួយ​អំពី​ការដោះលែង​ខាង​វិញ្ញាណ សូម​ពន្យល់​ថា អាលម៉ា​បាន​ពិពណ៌នា​អំពី​ការដោះលែង​ពី​អំពើបាប​របស់​លោក​ទៅកាន់​កូន​ប្រុស​របស់​ខ្លួន​គឺ​ហេលេមិន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ៣៦:១-៣ ឮៗ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​អាន អាលម៉ា ៣៦:២៧-២៩ ឮៗ ( សូម​កត់ចំណាំ​ថា អាលម៉ា ៥:១-១២ មាន​នូវ​ដំបូន្មាន​ស្រដៀង​គ្នា​ដែរ ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​ការយល់ដឹង​ដែល​អាច​ជួយ​មនុស្ស​ម្នាក់ ដែល​កំពុង​តស៊ូ​នឹង​សេចក្ដី​វេទនា ឬ​ការលំបាក​នានា ។

  • តើ​ការយល់ដឹង​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​វគ្គបទគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​ដល់​នរណា​ម្នាក់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការលំបាក​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ​នោះ ?

  • តើ​សេវកភាព​ខាង​រាងកាយ និង​ខាង​វិញ្ញាណ​ណា​ខ្លះ ដែល​ប្រជាជន​ប្រឈម​មុខ​នា​ពេល​សព្វថ្ងៃ​នេះ ? ( ឧទាហរណ៍​រួមមាន​សុខភាព​មិនល្អ ការញៀន​ថ្នាំ និង​ការណ៍​អាសគ្រាម ភាពក្រីក្រ ការរំលោភបំពាន ការរើសអើង អំពើបាប ការឥតជំនឿ និង​ការបះបោរ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« តើ​អ្នក​កំពុង​តែ​ប្រយុទ្ធ​នឹង​បីសាច​នៃ​ការញៀន—ដូចជា​ថ្នាំជក់ ឬ​ថ្នាំញៀន ឬ​ល្បែង​ស៊ីសង ឬ​រោគពិស​នៃ​ការណ៍​អាសគ្រាម​ដ៏​ចង្រៃ​នា​សម័យ​នេះ​ឬ ? តើ​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្ថិត​នៅក្នុង​បញ្ហា ឬ​កូន​របស់​អ្នក​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ឬ ? តើ​អ្នក​មាន​ការភាន់​ច្រឡំ​នឹង​អត្តសញ្ញាណ​នៃ​ភេទ ឬ​កំពុង​ស្វែងរក​ការគោរព​ឲ្យ​តម្លៃ​ខ្លួន​ឯង​ឬ ? តើ​អ្នក—ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់—ប្រឈម​មុខ​នឹង​ជំងឺ ឬ​សម្ពាធចិត្ត ឬ​សេចក្ដី​ស្លាប់​ឬ ? មិនថា​អ្នក​ត្រូវ​បោះ​ជំហាន​មួយ​ណា ដើម្បី​ដោះស្រាយ​កង្វល់​ទាំងនេះ​ទេ សូម​មករក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មុនគេ​បង្អស់ ។ សូម​ទុកចិត្ត​ទៅលើ​ការសន្យា​ទាំងឡាយ​នៃ​ឋានសួគ៌ ។ ទាក់ទង​នឹង​ការណ៍​នោះ ទីបន្ទាល់​របស់​អាលម៉ា គឺជា​ទីបន្ទាល់​របស់​ខ្ញុំ ៖ លោក​មាន​ប្រសាសន៍​ថា ‹ ព្រោះ​ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​ទុក្ខវេទនា​របស់​គេ › [ អាលម៉ា ៣៦:៣ ] » ( « Broken Things to Mend » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៧០ ) ។

  • តើ​អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ចាប់ផ្ដើម​ដោះស្រាយ​កង្វល់ និង​ឧបសគ្គ​ទាំងឡាយ​របស់​យើង ?

នីហ្វៃទី១ ៦:៤, ម៉ូសាយ ២១:២–៥, ១៤–១៦, ២៣:២៣–២៤, ២៤:១៣–១៥, ២១, អាលម៉ា ៣៤:៩, ហេលេមិន ៥:៩

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ប្រភព​នៃ​ការដោះលែង

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិពណ៌នា​ពី​មូលហេតុ​ខុសគ្នា ដែល​អ្នក​និពន្ធ​ម្នាក់​អាច​ត្រូវ​បាន​ជំរុញ​ចិត្ត​ឲ្យ​សរសេរ​សៀវភៅ​មួយ ។ ( ឧទាហរណ៍ អ្នក​និពន្ធ​ម្នាក់​អាច​នឹង​ចង់​ប្រាប់​ពី​រឿង​មួយ ចែកចាយ​ភាពស្ទាត់​ជំនាញ​លើ​ប្រធានបទ​អ្វី​មួយ ឬ​រក​កម្រៃ​ចិញ្ចឹម​ជីវិត ) ។ បន្ទាប់ពី​សិស្ស​ពីរបី​នាក់​បាន​ចែកចាយ​ពី​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី១ ៦:៤ ដោយ​ស្ងាត់ស្ងៀម រកមើល​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​នានា ដែល​នីហ្វៃ​ត្រូវបាន​ជំរុញ​ចិត្ត​ឲ្យ​សរសេរ​គម្ពីរ​នេះ ។

  • តើ​ព្យាការី​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា អ្វីទៅ​ជា​គោលបំណង​នៃ​ការសរសេរ​បញ្ជី​របស់​លោក ? ( លោក​បាន​មាន​បំណង​ប្រាថ្នា​ចង់​លួងលោម​មនុស្ស​ឲ្យ​មករក​ព្រះ ហើយ​បាន​សង្គ្រោះ ) ។

សូម​ថ្លែង​ទីបន្ទាល់​ទៅកាន់​សិស្ស​ថា ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​សង្គ្រោះ គឺជា​អំណាច​នៃ​ការដោះលែង​ឲ្យ​រួច ។

សូម​ចម្លង​តារាង​វគ្គបទគម្ពីរ​ដូចខាង​ក្រោម​ដាក់​នៅលើ​ក្ដារខៀន ហើយ​ពន្យល់​សិស្ស​ថា វគ្គបទគម្ពីរ​ទាំងនេះ​ពិពណ៌នា​ពី​ប្រជាជន​ដែល​ត្រូវការ​ការដោះលែង ។

ប្រជាជន​របស់​លិមហៃ

ប្រជាជន​របស់​អាលម៉ា

មនុស្ស​ទាំងអស់

ម៉ូសាយ ២១:២–៥, ១៤–១៦

ម៉ូសាយ ២៣:២៣–២៤, ២៤:២១

អាលម៉ា ៣៤:៩, ហេលេមិន ៥:៩

សូម​ឲ្យ​សិស្ស​អាន​វគ្គបទគម្ពីរ​ទាំងឡាយ​នៅលើ​ក្ដារខៀន​ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​អ្វី​ដែល​វគ្គបទគម្ពីរ​នីមួយៗ​បង្រៀន អំពី​ប្រភព​នៃ​ការដោះលែង​ឲ្យ​រួច​ពី​ឧបសគ្គ និង​ការលំបាក​នានា ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​វគ្គបទគម្ពីរ​ទាំងនេះ អំពី​ប្រភព​នៃ​ការដោះលែង ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សង្កត់ធ្ងន់​លើ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ដោះលែង​យើង​ឲ្យរួច​ចេញពី​ស្ថានភាព​វង្វេង និង​ធ្លាក់​របស់​យើង ព្រមទាំង​ពី​ឧបសគ្គ​នៃ​ភាពរមែង​ស្លាប់​ផ្សេងៗ​ទៀត ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទី​មួយ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​សេចក្ដី​ដោះលែង​ឲ្យ​រួច​របស់​ព្រះ ។ នៅ​គ្រា​មួយ​ក្នុង​ជីវិត​យើង យើង​ទាំងអស់​គ្នា​នឹង​ត្រូវការ​អំណាច​នោះ ។ មនុស្ស​គ្រប់គ្នា​ដែល​កំពុង​រស់នៅ គឺ​ស្ថិត​នៅ​កណ្ដាល​ការសាកល្បង​ទាំងឡាយ ។ … មាន​ការណ៍​ពីរ​យ៉ាង​ដែល​ដូចគ្នា​សម្រាប់​យើង​ទាំង​អស់គ្នា ។ ការណ៍​ទាំង​ពីរ​នោះ​គឺជា​ផ្នែក​នៃ​ការរចនា​ឡើង​សម្រាប់​ជីវិត​រមែង​ស្លាប់ ។

« ទីមួយ ការសាកល្បង​នៅ​គ្រា​ទាំងឡាយ នឹង​ទាញ​យើង​ទាល់តែ​យើង​មាន​អារម្មណ៍​ត្រូវការ​ជំនួយ​ហួស​ពី​ខ្លួន​យើង​អាច​ធ្វើ​បាន ។ ហើយ​ទីពីរ ដោយ​មាន​ព្រះទ័យ​មេត្តា និង​ព្រះប្រាជ្ញា​របស់​ទ្រង់ ព្រះ​បាន​ធ្វើ​ឲ្យ​អំណាច​នៃ​ការដោះលែង​ឲ្យ​រួច​មាន​ដល់​យើង » [ ការប្រជុំធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ] ទំព័រ ១, speeches.byu.edu ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល « ជំនួយ​ហួស​ពី​ខ្លួន [ អ្នក ] អាច​ធ្វើ​បាន » អំឡុង​នៃ​ការលំបាក​ទាំងឡាយ ?

បើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​អាន​ដំណើររឿង​របស់​ប្រជាជន​អាលម៉ា នៅក្នុង ម៉ូសាយ ២៤:១៣-១៥ ដើម្បី​បង្ហាញ​ពី​គំនិត​ដែល​ការដោះលែង​របស់​ព្រះ​ពុំ​តែងតែ​មានន័យ​ថា បន្ទុក​របស់​យើង​នឹង​ត្រូវបាន​ដកចេញ​នោះ​ទេ តែ​ជា​ញឹកញាប់ ព្រះ​ដោះលែង​យើង​ដោយ​ការពង្រឹង​សមត្ថភាព​របស់​យើង​ដើម្បី​ទ្រាំទ្រ​នឹង​បន្ទុក​របស់​យើង​បាន ។ ការអត់ធ្មត់ និង​ការស៊ូទ្រាំ​គឺ​តម្រូវ​ឲ្យ​មាន​ក្នុង​ស្ថានភាព​ទាំងនេះ ដូចជា​ពេល​មាន​បញ្ហា​សុខភាព​បន្ត​រហូត​អស់​មួយ​ជីវិត​របស់​ខ្លួន ។ ការដោះលែង​នោះ​បាន​មក​តាម​របៀប​របស់​ព្រះ​ផ្ទាល់ ហើយ​ទៅតាម​ពេលវេលា​របស់​ទ្រង់ ។

ម៉ូសាយ ៧:៣៣, ២៩:២០, អាលម៉ា ៥៨:១០–១១, នីហ្វៃទី៣ ៤:៣៣

ការទទួល​បាន​នូវ​អំណាច​នៃ​ការដោះលែង

សូម​ថ្លែង​ទីបន្ទាល់​ថា មាន​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​យើង​ម្នាក់ៗ ពេល​យើង​ឃើញ​ថា​ខ្លួន​យើង​ស្ថិត​នៅក្នុង​កាលៈទេសៈ​ទាំងឡាយ​ដែល​ហាក់បី​ដូច​ជា​មិន​អាច​គេច​រួច ឬ​សង្គ្រោះ​បាន ។ សូម​រំឭក​សិស្ស​ថា ព្រះគម្ពីរ​ទាំងឡាយ​មាន​នូវ​ការណែនាំ​អំពី​របៀប​ដើម្បី​ទទួល​បាន​អំណាច​នៃ​ការដោះលែង​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ ( សូម​កុំ​បញ្ចូល​ព័ត៌មាន​នៅក្នុង​វង់ក្រចក ព្រោះ​វា​ផ្ដល់​សម្រាប់តែ​គ្រូបង្រៀន​ប៉ុណ្ណោះ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គបទគម្ពីរ​នីមួយៗ ដោយ​រកមើល​សកម្មភាព​ដែល​ជួយ​យើង​ឲ្យ​ទទួល​បាន​អំណាច​នៃ​ការដោះលែង​របស់​ព្រះអង្គ​សង្គ្រោះ ។

ម៉ូសាយ ៧:៣៣ ( បែរ​ទៅរក​ព្រះ​ពេញ​ដោយ​គោលបំណង​ក្នុង​ចិត្ត ទុកចិត្ត​ទ្រង់ បម្រើ​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម )

ម៉ូសាយ ២៩:២០ ( បន្ទាបខ្លួន អំពាវនាវ​ដល់​ព្រះ​ជា​ខ្លាំង )

អាលម៉ា ៥៨:១០-១១ ( ចាក់​ព្រលឹង​ទៅក្នុង​ការអធិស្ឋាន សេចក្ដីសង្ឃឹម​ថា​បាន​ការដោះលែង )

នីហ្វៃទី៣ ៤:៣៣ ( ប្រែចិត្ត បន្ទាបខ្លួន )

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ និង​ពិភាក្សា​ពី​សកម្មភាព​ណា​ដែល​ពួកគេ​បាន​រកឃើញ ហើយ​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ សូម​សង្កត់ធ្ងន់​ទៅលើ​គោលការណ៍​ខាងក្រោម​នេះ ៖ ពេល​យើង​បែរ​ទៅរក​ព្រះ​ពេញ​ដោយ​គោលបំណង​ក្នុង​ចិត្ត ហើយ​អធិស្ឋាន​សុំ​ជំនួយ​ពី​ទ្រង់ ដោយ​មាន​ស្មារតី​នៃ​ការប្រែចិត្ត និង​បន្ទាបខ្លួន នោះ​យើង​អាច​ទទួល​បាន​អំណាច​នៃ​ការដោះលែង​របស់​ទ្រង់ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ដឹកនាំ​យើង​ទៅកាន់​ការដោះលែង​ជានិច្ច តាមរយៈ​ការក្លាយ​កាន់តែ​សុចរិត ។ ការណ៍​នោះ​តម្រូវ​ឲ្យ​មាន​ការប្រែចិត្ត ។ ហើយ​វា​ត្រូវការ​ការបន្ទាបខ្លួន ។ ដូច្នេះ ផ្លូវ​ទៅកាន់​ការដោះលែង តម្រូវ​ឲ្យ​មាន​ការបន្ទាបខ្លួន ដើម្បី​ព្រះអម្ចាស់​អាច​ដឹកនាំ​យើង​ដោយ​ដឹកដៃ​ទៅ​កន្លែង​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​យក​យើង​ទៅ ដោយ​ឆ្លងកាត់​បញ្ហា​របស់​យើង ហើយ​បន្ត​ទៅកាន់​ភាពបរិសុទ្ធ » ( « The Power of Deliverance » [ ការប្រជុំធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ] ទំព័រ ៤, speeches.byu.edu ) ។

  • តើ​ការប្រែចិត្ត ការបន្ទាបខ្លួន និង​ការអធិស្ឋាន ជួយ​យើង​ឲ្យ​ទទួល​បាន​អំណាច​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ បាន​បែរ​ទៅរក​ព្រះអម្ចាស់​ដើម្បី​សុំ​ការដោះលែង ហើយ​បាន​ទទួល​វា​នោះ ? តើ​បទពិសោធន៍​នេះ បាន​បង្កើន​ការទុកចិត្ត​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ណា​ដែរ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​ពេល​មួយ ដែល​ពួកគេ​បាន​ទទួល​បទពិសោធន៍​អំពី​អំណាច​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​បទពិសោធន៍​របស់​ពួកគេ​ដើម្បី​ទុកជា​ការចងចាំ​សម្រាប់​ពេល​អនាគត ។ សូម​ពិចារណា​អំពី​ការការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ខ្លួន ដែល​មិន​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ពេក ។

ការអាន​របស់​សិស្ស