គណៈ​ប៊ីស្សព
ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា


« ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » ធនធាន​ការ​ប្រឹក្សា ។

ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា

សមាជិក​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ដែល​កំណត់​អត្តសញ្ញាណ​ថា​ជា​មនុស្ស​ខ្ទើយប្រុស ខ្ទើយស្រី ឬ​ខ្ទើយ​ទាំងពីរ​ភេទ ។ នៅពេល​អ្នក​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចំណាយ​ពេល​ដើម្បី​អប់រំ​ខ្លួន​អ្នក​អំពី​តម្រូវការ​ទាំងឡាយ​របស់​បុត្រា​បុត្រី​នៃ​ព្រះ ដែល​មានអារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ដែល​កំណត់​អត្តសញ្ញាណ​ថា​ជា​ខ្ទើយ នោះ​អ្នក​នឹង​អភិវឌ្ឍ​សេចក្ដី​សប្បុរសធម៌ និង​សមត្ថភាព​របស់អ្នក​ក្នុង​ការផ្ដល់​ការងារ​បម្រើ​នឹង​តម្កើង​ឡើង ។

ការមាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ការ​ជ្រើសរើស​ប្រើស្លាក​អត្តសញ្ញាណ​ភេទ​មួយ ( ដូចជា​ខ្ទើយប្រុស ខ្ទើយស្រី ឬ​ខ្ទើយ​ទាំង​ពីរ​ភេទ ) ពុំ​មែន​ជា​អំពើបាប​ទេ ហើយ​ក៏​ពុំ​ល្មើស​នឹង​គោលនយោបាយ​របស់​សាសនាចក្រ​ដែរ ។ ពាក្យថា ខ្ទើយប្រុស និង ខ្ទើយ​ស្រី មានន័យ​ផ្សេងគ្នា​ចំពោះ​មនុស្ស​ខុសៗគ្នា ។ ការ​កំណត់​អត្តសញ្ញាណ​ថា​ជា​ខ្ទើយប្រុស អាច​មាន​ន័យ​ថា សមាជិក​ម្នាក់​មានអារម្មណ៍​ប្រតិព័ទ្ធភេទ​ដូចគ្នា ប៉ុន្ដែ​មិន​ជ្រើសរើស​ធ្វើ​តាម​អារម្មណ៍​ទាំង​នេះ​ទេ ។ ស្លាកនេះ​ក៏​អាច​ពិពណ៌នា​អំពី​របៀប​ដែល​ពួកគេ​បង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​គេខាង​សតិអារម្មណ៍ ខាង​រូបកាយ ខាង​មនោសញ្ចេតនា ខាង​ផ្លូវភេទ ឬ​ខាង​នយោបាយ​ផងដែរ ។ សូម​កុំ​សន្មតថា​បុគ្គល​ម្នាក់​បំពាន​ក្រឹត្យវិន័យ​នៃ​ច្បាប់​ព្រហ្មចារី​ភាព ដោយសារ​តែ​ពួកគេ​ប្រើ​ស្លាក​អត្តសញ្ញាណ​ភេទ​នោះ​ឡើយ ។

អែលឌើរ អិម រ័សុល បាឡឺដ បាន​ថ្លែង​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ជឿ​ថា ‹ ការ​ជាប់ទាក់ទង​នឹង​ការ​ប្រតិព័ទ្ធភេទ​ដូចគ្នា​គឺ​ជាភាព​ពិត​ដ៏​ស្មុគស្មាញ​មួយ​ចំពោះ​មនុស្ស​ជា​ច្រើន › ។ ការ​ប្រតិព័ទ្ធ​តែ​ម្យ៉ាង​គឺ​ពុំ​មែន​ជា​អំពើ​បាប​ទេ ប៉ុន្ដែ​ការ​មាន​សកម្មភាព​គឺ​ជា​អំពើបាប ។ ទោះជា​បុគ្គល​ម្នាក់ៗ​ពុំ​ជ្រើសរើស​ដើម្បីមាន​ការ​ប្រតិព័ទ្ធ​ប្រភេទ​នេះ​ក្ដី ក៏​ពួកគេ​អាច​ជ្រើសរើស​របៀប​ដើម្បី​ឆ្លើយ​តប​នឹង​អារម្មណ៍​នេះ​បាន​ដែរ ។ ដោយ​ក្ដីស្រឡាញ់ និង​ការ​យល់យោគ សាសនាចក្រ​ឈោង​ទៅ​ជួយ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ រួមទាំង [ អ្នក​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ​] ផងដែរ » ( « Be Still, and Know That I Am God » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

មនុស្ស​ដែល​មាន​​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា តែ​តាំង​ចិត្ត​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់ព្រះ អាច​ទទួល​បាន​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។

រឿង​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បន្ទាប់ពី​បុគ្គល​ម្នាក់​បង្ហាញ​អារម្មណ៍​​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា នោះ​អ្នក​ត្រូវ​ស្ដាប់ ហើយ​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ ។

គោលការណ៍​ជាច្រើន​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា នឹង​អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​មាន​បទពិសោធន៍​ការ​មិន​ពេញចិត្ត​នឹងភេទ ឬ​កំណត់​អត្តសញ្ញាណ​ថា​ជា បុគ្គល​ប្តូរភេទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការ​មិន​ពេញចិត្ត​នឹង​ភេទ គឺ​មានភាព​ខុសគ្នា​ខ្លាំង​ណាស់ ។ អ្នក​ដែល​មាន​បទពិសោធន៍​ការ​មិន​ពេញចិត្ត​នឹង​ភេទ អាចមាន ឬ​មិន​អាច​មាន​ការ​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ហើយ​ភាគច្រើន​មនុស្ស​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គ្មានបំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ​ភេទ​របស់​ពួកគេ​ឡើយ ។

សម្រាប់​ការ​បង្រៀន​របស់​សាសនាចក្រ​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា សំណួរ​ដែល​ត្រូវបាន​គេ​សួរ​ជា​ញឹកញាប់ និង​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដទៃទៀត​ចំពោះ​ថ្នាក់ដឹកនាំ គ្រូបង្រៀន ឪពុក​ម្ដាយ និង​បុគ្គល​ម្នាក់ៗ សូមមើល Life Help section និង ប្រធានបទ​ដំណឹង​ល្អ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ព្យាយាម​យល់

អស់​អ្នក​ដែល​មានអារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា អាច​នឹង​មាន​អារម្មណ៍​ខ្មាស់អៀន ឬ​មិន​ស័ក្ដិសម ទោះជា​ពួកគេ​ពុំ​ធ្លាប់ធ្វើ​ទង្វើ​តាម​អារម្មណ៍​ទាំងនោះ​ក្ដី ។ ពួកគេ​អាច​នឹង​ខ្លាច​អ្នក​បដិសេធ​ពួកគេ ដោយសារ​តែ​អារម្មណ៍​ទាំងនេះ ហើយ​ពួកគេ​អាច​មិន​ដឹង​អំពី​របៀប​ដើម្បី​ផ្សះផ្សារ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយ​នឹង​គោលការណ៍​នៃ​ដំណឹងល្អ ។

នៅពេល​អ្នក​ប្រឹក្សា​នឹង​បុគ្គល​ម្នាក់ៗ​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា សូម​ទទួល​ស្គាល់​សេចក្ដី​ជំនឿ និង​ភាព​ក្លាហាន​របស់ពួកគេ​នៅក្នុងការ​ពិភាក្សា​ពីអារម្មណ៍​ទាំងនេះ​ជាមួយ​នឹង​អ្នក ។ សូម​បញ្ជាក់​ប្រាប់​ពួកគេ​ថា ព្រះ​ស្រឡាញ់​ពួកគេ ។ សូម​សារភាព​ថា អ្នក​អាច​នឹង​មិន​ដឹង​ពេញលេញ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​តែ​ឆ្លងកាត់ ។ សូម​ឲ្យ​ពួកគេ​ដឹង​ថា​អ្នក​ស្រឡាញ់​ពួកគេ ហើយ​ចង់​យល់​ដឹង​ពី​ពួកគេ ។ សូម​បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ ។

សូម​ពិចារណា​អំពី​សំណួរ​ខាងក្រោម​នេះ​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​យល់ដឹង​អំពី​ស្ថានភាព​នោះបាន​កាន់តែ​ល្អ​ប្រសើរ ។ សូម​ព្យាយាម​ដើម្បី​ផ្ដល់​ការ​មើល​ថែ ហើយ​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​ពី​ការសាកសួរ​ជាក់ស្តែង​ខ្លាំង​ពេក ៖

  • សូម​អ្នក​ប្រាប់​ខ្ញុំ​បន្ថែម​អំពី​បទពិសោធន៍​របស់​អ្នក​បានទេ ?

  • តើ​អារម្មណ៍​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេចខ្លះ ? តើ​អារម្មណ៍​ទាំងនេះ​ជះឥទ្ធិពល​លើ​ជីវិត​របស់​មិត្តភក្ដិ និង​គ្រួសារ​អ្នកយ៉ាង​ដូចម្ដេចខ្លះ ?

  • តើ​ខ្ញុំ​អាច​ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ចង់​ឲ្យ​យើង​ជួប​ជា​ទៀងទាត់​ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ​ដែរឬទេ ?

  • ស្លាក​មាន​អត្ថន័យ​ផ្សេងៗគ្នា​សម្រាប់​មនុស្ស​ខុសៗគ្នា ។ តើ​ពាក្យ ខ្ទើយប្រុស ( ឬ ខ្ទើយស្រី ខ្ទើយទាំងពីរភេទ ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ជាដើម ) មានន័យ​យ៉ាងណា​ចំពោះ​អ្នក ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នកប្រឹក្សា​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗ​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា នោះ​អ្នក​ពុំ​ចាំបាច់​យល់​ដឹង​ឥតខ្ចោះ​អំពី​រឿង​នេះ​នោះទេ ។ បំណង​ប្រាថ្នា​របស់អ្នក​ដើម្បី​យល់ដឹង និង​ជួយ នឹង​ធ្វើ​ឲ្យ​អ្នក​សម​នឹង​ទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ នៅពេល​អ្នក​ស្រឡាញ់ ហើយស្ដាប់ ។

សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួលស្គាល់​ថា អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា អាច​នឹង​ជា​ទិដ្ឋភាព​មួយ​នៃ​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ពួកគេ ប៉ុន្តែ​អារម្មណ៍​ទាំងនោះ​ពុំ​អាច​ផ្លាស់ប្ដូរ​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច និង​ដ៏​ទេវភាព​របស់ពួកគេ​ក្នុង​នាម​ជា​កូន​របស់ព្រះ​បានឡើយ ។

  • ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​ស្គាល់​កម្លាំង ទេពកោសល្យ និង​សមត្ថភាព​របស់ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ព្យាយាម​ស្គាល់​គោលបំណង​របស់​ព្រះ ហើយ​ដឹង​ពី​ការដឹកនាំ​ជាក់លាក់ និង​ដោយផ្ទាល់​អំពី​ផ្លូវ​របស់ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • បើ​បុគ្គលនោះ​ជាប់ទាក់ទង​នៅក្នុង​ការប្រព្រឹត្ត​ខាង​ផ្លូវ​ភេទ​ជាមួយ​ភេទ​ដូចគ្នា សូម​បង្រៀន​អំពី​ការប្រែចិត្ត និង​ការអភ័យទោស តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ផ្ដល់​ការ​ប្រឹក្សា និង​ការគាំទ្រ​ជាទៀងទាត់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នោះ​មាន​អារម្មណ៍​ឯកោ​នៅលើ​ដំណើរនេះ ។

  • ចៀសវាង​កុំ​សន្យា​អំពី​ការ​កាត់បន្ថយ ឬ​ការលុបបំបាត់​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ជា​ការ​ដោះដូរ​ចំពោះ​ភាព​ស្មោះត្រង់ឡើយ ។

  • អាពាហ៍ពិពាហ៍​ពុំ​គួរ​ត្រូវ​បាន​ផ្ដល់ជា​អនុសាសន៍​ធ្វើជា​របៀប​មួយ​ដើម្បី​លុបបំបាត់ ឬ​កាត់បន្ថយ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ឡើយ ។

សូម​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ផ្ដោត​ទៅលើ​ការ​បង្កើត ឬ​ការ​រក្សា​លំនាំ​ជីវិត​រស់នៅ​ដែល​មាន​សុខភាព​ល្អ ។

  • ទទួល​ស្គាល់​កម្លាំង​ខាង​វិញ្ញាណ​ដែល​អាច​កើត​មាន ឬ​មាន​រួច​ហើយ ដែល​ជាការ​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ​ចំពោះ​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។

  • ជួយ​បុគ្គល​នោះ​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើការ​ចែកចាយ​ដ៏​មាន​អត្ថន័យ​ទៅកាន់គ្រួសារ និង​វួដ​របស់គាត់ តាមរយៈ​ការហៅ​បម្រើ និង​ឱកាស​​បម្រើ​ដទៃទៀត ។

សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​នេះ​ឲ្យ​បង្កើត​ទំនាក់ទំនង​ល្អ ពុំមែន​ខាង​ផ្លូវភេទ​ដែល​មាន​ភេទដូចគ្នា​ជាមួយ​នឹង​មនុស្ស​ជាទីទុកចិត្ត ។ សូម​ជួយ​បុគ្គល​នោះ​ឲ្យ ៖

  • ស្វែងរក​អ្នកណែនាំ ឬ​មិត្ត​ជាទីទុកចិត្ត​ម្នាក់​ដើម្បី​ជួប​ជា​ទៀងទាត់​ដើម្បី​ពិភាក្សា​អំពី​គោលដៅ និង​ការរីកចម្រើន ។

  • បង្ហាញ​អារម្មណ៍​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ទៅកាន់​បុគ្គល​ជាទី​ទុកចិត្ត​នោះ ។ ការបើក​បង្ហាញ​អារម្មណ៍​ទាំងនេះ​ដោយ​ការគិតគូរ​ពុំ​គ្រាន់តែ​ជា​ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការការពារ​ដ៏ល្អបំផុត​ចំពោះបុគ្គល​មួយ​ចំនួន​កុំ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​បំផ្លាញ​ខ្លួន​ឯង ។

  • សូម​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​សមាជិក​គ្រួសារ មិត្តភក្ដិ អ្នកជិតខាង និង​សហការី​ជាទី​ទុកចិត្ត ។

បុគ្គល​មួយចំនួន​ដែល​មានអារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា អាច​បាន​ប្រព្រឹត្ត​ទង្វើ​តាម​អារម្មណ៍​ទាំងនេះ ហើយ​ល្មើស​នឹង​ច្បាប់​ព្រហ្មចារីភាព ៖

  • បើ​បុគ្គលនោះ​មានបញ្ហា​នឹង​ការណ៍អាសគ្រាម ការ​សម្រេច​កាម​ដោយ​ខ្លួនឯង ឬ​ការប្រព្រឹត្តិ​ខាង​ផ្លូវភេទ​ដទៃទៀត ដែល​មិន​សមស្រប​ទៅតាម​ច្បាប់​ព្រហ្មចារីភាព សូមគាំទ្រ​ដល់​ការខិតខំ​របស់ពួកគេ​ក្នុង​ការ​យកឈ្នះលើ​បញ្ហា​ទាំងនេះ ។ សូម​យោងទៅ​វគ្គ « Addressing Pornography » នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ជំនួយ​ជាមួយ​នឹង​បញ្ហា​ការណ៍អាសគ្រាម ។

  • ប្រាប់​អំពី​ស្ថានភាព​ទូទៅ​បំផុត​ដែលនាំ​ទៅរក​ឥរិយាបថ​ប្រកប​ដោយ​អំពើបាប ។

  • យល់​ពី​អារម្មណ៍​នៅ​ពីក្រោយ​ស្ថានភាព​ទាំងនេះ ( ដូចជា​ភាពឯកោ ឬ​ការ​បដិសេធ ) ។

  • ជួយ​បុគ្គលនោះ​ឲ្យ​បង្កើត​ការឆ្លើយតប​ផ្សេងៗ ។

មនុស្ស​មួយចំនួន​ដែល​មានអារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា អាច​នឹង​ស្វែងរក​ការណែនាំ​មកពី​អ្នកប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ ។ ការ​ព្យាបាល​អាច​ពង្រឹង​ដល់​លំនាំ​ល្អនៃ​ជីវិត ។ សូម​ពិចារណា​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

  • ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​សម្រាប់​មនុស្ស​ដើម្បី​មើល​ឃើញ​ពី​ភាពពិត​របស់​ខ្លួន​ឯង ។ ការស្វែងរក​គំនិតយោបល់​មកពី​អ្នកផ្ដល់​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​ដែល​សមស្រប​ទៅតាម​គោលការណ៍​ដំណឹងល្អ អាច​ជួយ​នៅក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​ជីវិត រួមទាំង​លំនាំ​នៃ​ការ​ធ្លាក់​ទឹកចិត្ត និង​អារម្មណ៍​អន្ទះ​អន្ទែង ឥរិយាបថ​ដែល​មិន​អាចគ្រប់គ្រង ឥទ្ធិពល​នៃ​ការ​រំលោភបំពាន និង​បញ្ហា​ខាង​សតិអារម្មណ៍​ដទៃទៀត ។ ដូចជា​អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បាន​កត់សម្គាល់ ជំនួយ​ដែល​មាន​វិជ្ជាជីវៈ​អាច​សំខាន់​ដូចជា​ជំនួយ​ខាង​វិញ្ញាណ​ផងដែរ​នៅពេល​ខ្លះ ( សូមមើល « Like A Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤១ ) ។

  • ការស្វែងរក​គំនិតយោបល់​មកពី​អ្នកផ្ដល់​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ គឺជា​សញ្ញា​នៃ​ភាព​ខ្លាំង និង​ការបន្ទាប​ខ្លួន ។ បើ​បុគ្គល​ម្នាក់​ជ្រើសរើស​ស្វែងរក​ជំនួយ​ដូច្នេះ នោះ​អ្នកដទៃ​ទៀត​គួរតែ​គោរព​ដល់​សិទ្ធិ​របស់គាត់​ដើម្បី​កំណត់​នូវលទ្ធផល​ដែល​ចង់បាន ។ សាសនាចក្រ​ផ្ដល់​អនុសាសន៍​មធ្យោបាយ​នានា​ដែល​គោរព​ដល់ « ការតាំងចិត្ត​ផ្ទាល់ខ្លួន​របស់​អតិថិជន » ។

  • ក្នុង​ន័យ​ផ្សេងទៀត បុគ្គល​ម្នាក់នោះ​មានសិទ្ធិ​ដើម្បី​កំណត់​ពី​លទ្ធផល​ដែល​ចង់បាន ហើយ​អ្នកព្យាបាល និង​អ្នកផ្ដល់​ការប្រឹក្សា​គួរតែ​គោរព​ដល់​ការ​ចង់បាន​របស់​គាត់ ។ សម្រាប់​មនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ឬ​កំណត់​អត្តសញ្ញាណ​ថា​ជា​មនុស្ស​ខ្ទើយ នោះ​ការ​ប្រឹក្សា​អាច​នឹង​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​មានជីវិត​ខាង​ភេទដែល​កាន់តែ​ល្អ និង​កាន់តែ​ពេញលេញ ។ ទោះជាយ៉ាងណា មនុស្ស​គ្រប់រូប​ពុំ​សុទ្ធតែ​ត្រូវការ​ការប្រឹក្សា និងការ​ព្យាបាល​នោះទេ ។

  • ខណៈ​ដែល​ការ​ផ្លាស់ប្ដូរ​នៅក្នុងជីវិត​ភេទ​អាច​កើត​មាន ហើយ​វា​ច្បាស់​ជា​កើត​មានឡើង​សម្រាប់​មនុស្ស​មួយចំនួន នោះ​វា​ពុំ​ត្រឹមត្រូវ​តាម​សីលធម៌​ទេ ដែល​ត្រូវ​ផ្ដោតលើ​ការ​ព្យាបាល​តាម​វិជ្ជាជីវៈ​ ទៅតាម​ការសន្មត​មួយ​​ថា​ការផ្លាស់ប្ដូរ​ភេទ​នឹង​កើតឡើង ឬ​ត្រូវ​តែ​កើត​មាន​នោះ ។

    សូម​ទាក់ទង​ទៅកាន់​សេវាកម្មគ្រួសារ​សម្រាប់​ព័ត៌មាន ឬ​ការ​ពិគ្រោះយោបល់ បើ​មាន​សេវាកម្ម​នេះ ។

គាំទ្រ​ដល់​គ្រួសារ

ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ជះឥទ្ធិពល​លើ​សមាជិក​គ្រួសារ​ក៏ដូចជា​បុគ្គល​ម្នាក់ៗ​ផងដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​មក​លើ​គ្រួសារ​របស់​បុគ្គល​នោះ ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ ។

  • គាំទ្រ​ដល់​សមាជិក​គ្រួសារ រួមទាំង​ស្វាមី ឬ​ភរិយា នៅពេល​ដែល​ពួកគេ​ព្យាយាម​សម្រួល​អារម្មណ៍​ដែល​មាន ដូចជា​ការ​រន្ធត់ ការឈឺចាប់ កំហឹង ការក្បត់ និង​កំហុស ។

  • ជួយ​ឪពុក​ម្ដាយ ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​ដទៃទៀត​កុំ​ឲ្យ​បន្ទោស​ខ្លួន​ឯង ឬ​អ្នកដទៃ ដើម្បី​ពួកគេ​អាច​ផ្ដោត​ទៅលើ​ការ​ចិញ្ចឹមបីបាច់​ទំនាក់ទំនង​គ្រួសារ​បានកាន់តែ​ប្រសើរ​ឡើង ។

  • លើក​ទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ឲ្យ ស្រឡាញ់ សមាជិក​គ្រួសារ​នេះ ហើយ​ទទួល​យក​បុគ្គល​​នេះ ។

  • លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​ស្វែង​រក​ជំនួយ​ និង​ការ​ប្រឹក្សាដែល​មានវិជ្ជាជីវៈ បើ​ចាំបាច់ ។

  • លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​ស្វែងរក​ព័ត៌មាន​មកពី​ធនធាន​សាសនាចក្រ ដូចជា ប្រធានបទ​ដំណឹង​ល្អLife Help section នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សូម​ពិចារណាធ្វើការ​សួរ​ដល់​ថ្នាក់ដឹកនាំវួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃទៀត​ដើម្បីបន្ដ​ផ្ដល់​ការគាំទ្រ ការណែនាំ និង​ជំនួយ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃ ។

សូមកំណត់​ពី​របៀប​ដែល​អាច​ផ្ដល់​ការងារ​បម្រើ​បាន​ល្អបំផុត​ចំពោះ​អស់​អ្នក​ដែល​មាន​​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។

  • បង្កើត​បរិយាកាស និង​វប្បធម៌​មួយ​ដើម្បី​ឲ្យ​បុគ្គល​ទាំងអស់​មាន​អារម្មណ៍​ស្វាគមន៍ និង​ត្រូវបាន​គេ​ស្រឡាញ់ ។

  • ពិចារណា​ពិភាក្សា​អំពី​បញ្ហា​នៅ​ក្នុង​ក្រុមប្រឹក្សា​វួដ ឬ​នៅក្នុង​មេរៀន​អាទិត្យ​ទីប្រាំ ។ ប្រើ​សម្ភារៈ​ចេញ​មកពី Life Help section នៅលើ​គេហទំព័រ ChurchofJesusChrist.org និង « ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » នៅលើ​ប្រធានបទ​ដំណឹង​ល្អ​ដើម្បី​រៀបចំ​មេរៀន ឬ​ការ​ពិភាក្សា ។

  • ទប់ទល់​នឹង​ផ្នត់​គំនិត និង​ទេវកថា​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។ បើ​មនុស្ស​នៅក្នុង​វួដ ឬ​សាខា​របស់អ្នក​ពុំ​មាន​ការ​យល់ដឹង​ក្នុង​ដំណឹងល្អ​អំពី​រឿង​នេះ សូម​យោង​វា​ទៅកាន់ Life Help section នៅលើ​គេហទំព័រ ChurchofJesusChrist.org និង « ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » នៅក្នុង​ប្រធានបទ​ដំណឹង​ល្អ ។

  • សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យយល់​ថា ការនៅជិត​នឹង​អ្នក​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ពុំ​មានន័យ​ថា​ពួកគេ​នឹង​មាន​អារម្មណ៍​ប្រតិព័ទ្ធភេទ​ដូចគ្នា​ផងដែរ​នោះទេ ហើយ​ថា​បទពិសោធន៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​នេះ ក៏​ពុំ​បង្កើន​ហានិភ័យ​នៃ​ការចង់​រួមភេទ​ជាមួយ​កុមារ​នោះដែរ ។

សូម​ស្គាល់​អ្នកផ្ដល់​ការប្រឹក្សា​ក្នុង​មូលដ្ឋាន និង​ធនធាន​តាម​អនឡាញ​ដែល​មាន​សេវា​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

សូម​ពិចារណា​ធ្វើការ​ទាក់ទង​ទៅ​សេវាកម្ម​គ្រួសារ បើមាន ដើម្បី​ស្គាល់​អំពី​ធនធាន​នានា ។