ឆ្នាំ ២០១០-២០១៩
ការសម្រេចិត្ត​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច
តុលា 2013


ការ​សម្រេច​ចិត្ត​សម្រាប់​ភាពអស់​កល្ប​ជានិច្ច

ការប្រើ​សេរីភាព​ដោយ​ឈ្លាស​វៃ ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន គឺ​សំខាន់​ចំពោះ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​អ្នក នា​ពេល​នេះ និង​អស់កល្ប​ជានិច្ច ។

បងប្អូន​ប្រុសស្រី រាល់​ថ្ងៃ​ជា​ថ្ងៃ​នៃ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​យើង​ថា « ការសម្រេច​ចិត្ត​កំណត់​ជោគ​វាសនា » ។1 ការ​ប្រើ​សេរីភាព​ដោយ​ឈ្លាស​វៃ ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន គឺ​សំខាន់​ចំពោះ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​អ្នក នា​ពេល​នេះ និង​អស់កល្ប​ជានិច្ច ។ អ្នក​ពុំ​ក្មេង​ពេក​ដើម្បី​រៀន ក៏​ពុំ​ចាស់​ពេក​ដើម្បី​ផ្លាស់​ប្ដូរ​នោះទ ។ ការចង់​រៀន និង​ផ្លាស់ប្ដូរ​កើត​មក​ពី​ការ​មាន​បំណង​ដ៏​ទេវភាព​ដើម្បី​មាន​ការ​រីក​ចម្រើន​ដ៏​អស់កល្ប ។2 រាល់​ថ្ងៃ​នាំ​មក​នូវ​ឱកាស​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ភាពអស់​កល្ប ។

យើង​ជា​តួអង្គ​អស់​កល្ប--កូនចៅ​វិញ្ញាណ​នៃ​ព្រះបិតា​មាតា​សួគ៌ ។ គម្ពី​ប៊ីប​កត់ត្រា​ថា « ទ្រង់​ក៏​បង្កើត​មនុស្ស​​ឲ្យ​ដូច​រូប​អង្គ​ទ្រង់  … ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី » ។3 ថ្មីៗ​នេះ ខ្ញុំ​បាន​ស្ដាប់​ចម្រៀង​កុមារ​គួរ​ឲ្យ​ស្រឡាញ់​ត្រង់​កន្លែង​បន្ទរ​នៃ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។4 ខ្ញុំ​ងឿង​ឆ្ងល់​ថា « ហេតុ​អ្វី​ក៏​ខ្ញុំ​ពុំ​ដែល​ស្ដាប់​ឮ​បទ​នេះ ច្រៀង​ដោយ​ម្ដាយ ឬ​ឪពុក​ស្មោះត្រង់​ជា​ញឹកញាប់​ដូច្នេះ ? តើ​យើង​ទាំង​អស់​គ្នា ពុំ​មែន​ជា​កូន​ព្រះ​ទេឬ​អី ? តាមពិត គ្មាន​នរណា​ម្នាក់​ក្នុង​ពួក​យើង​អាច ឈប់​ធ្វើ​ជា​កូន​ព្រះ​នោះ​ទេ !

នាម​ជាកូន​ព្រះ យើង​គួរ​ស្រឡាញ់​ទ្រង់​ដោយ​អស់ពី​ចិត្ត និង​ព្រលឹង ច្រើន​ជាង​យើង​ស្រឡាញ់​ឪពុក​ម្ដាយ​លើ​ផែនដី​យើង​ទៅ​ទៀត ។5 យើង​គួរ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ដូច​ជា​បងប្អូន​ប្រុស​ស្រី​យើង ។ គ្មាន​បទបញ្ញត្តិ​ណា​អស្ចារ្យ​ជាង​នេះ​ទេ ។6 ហើយ​យើង​គួរ​ឲ្យ​តម្លៃ​ដល់​ជីវិត​មនុស្ស​ជានិច្ច តាម​វ័យ​នីមួយៗ ។

គម្ពីរ​បង្រៀន​ថា រូបកាយ និង​វិញ្ញាណ​ គឺ​ជា​ព្រលឹង​មនុស្ស ។7 ដោយ​ហេតុនោះ នោះ​យើង​ម្នាក់ៗ​អាច​អរគុណ​ព្រះ​សម្រាប់​អំណោយ​ដ៏​ពុំ​អាច​កាត់​ថ្លៃ​បាន​របស់​ទ្រង់ ចំពោះ​រូប​កាយ និង​វិញ្ញាណ​អ្នក ។

រូបកាយ​មនុស្ស

តាម​អាជីព​ខ្ញុំ​អស់​ជាច្រើន​ឆ្នាំ ជា​វេជ្ជបណ្ឌិត វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គោរព​យ៉ាង​ខ្លាំង​ដល់​រូបកាយ​មនុស្ស ។ ដែល​បាន​បង្កើត​ដោយ​ព្រះ ជា​អំណោយ​មួយ​ដល់​អ្នក វា​ពិតជា​អស្ចារ្យ​ណាស់ ! ចូរ​គិត​ពី​ភ្នែក​អ្នក ដែល​អាច​មើល​ឃើញ ត្រចៀក​ស្ដាប់​ឮ ម្រាម​ដៃ​ប៉ះដឹង​នូវ​អ្វីៗ​អស្ចារ្យ​នៅ​ជុំវិញ​អ្នក ។ ខួរ​ក្បាល​អ្នក អាច​ឲ្យ​អ្នក​រៀន គិត និង​រកហេតុ​ផល ។ បេះដូង​អ្នក លោត​ជា​ចង្វាក់​ទាំង​ថ្ងៃ​ទាំង​យប់​មិន​ចេះ​នឿយ​ហត់ អ្នក​ស្ទើរ​តែ​ពុំ​ចាប់​អារម្មណ៍​ផង ។8

រូបកាយ​អ្នក​ការពារ​ខ្លួន​វា ។ ការឈឺ​ចាប់ កើត​មាន​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ថា មាន​អ្វី​ខុស​ប្លែក​ហើយ ត្រូវ​យកចិត្ត​ទុក​ដាក់ ។ ជំងឺ​ឆ្លង រាត​ត្បាត​ជា​ញឹកញាប់ ហើយ​ពេល​វា​មាន នោះ​បដិបក្ខ​ប្រាណ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បង្កើន​ភាព​ស៊ាំ​របស់​អ្នក​នឹង​ការ​ឆ្លង​ពេល​ក្រោយ ។

រូបកាយ​អ្នក​ជួសជុល​ខ្លួន​ឯង ។ ស្នាម​កាត់ និង​ជាំ​បាន​ជា​សះស្បើយ ។ ឆ្អឹង​បាក់ អាច​រឹងមាំ​ឡើងវិញ ។ ខ្ញុំ​បាន​ប្រាប់​តែ​ឧទាហរណ៍​តូច​មួយ​នៃ​គុណសម្បត្តិ​ដែល​ព្រះ​ប្រទាន​ឲ្យ​យ៉ាង​អស្ចារ្យ​នៃ​រូបកាយ​អ្នក​ប៉ុណ្ណោះ ។

ទោះជា​យ៉ាង​ណា វា​ហាក់​ដូចជា​គ្រប់​គ្រួសារ បើ​មិន​គ្រប់គ្នា ក៏​មាន​ស្ថានភាព​រូបកាយ​ខ្លះ ត្រូវការ​នូវការ​មើល​ថែ​យ៉ាង​ពិសេស​ដែរ ។9 គំរូ​សម្រាប់​តស៊ូ​នឹង​ឧបសគ្គ​ដូច្នោះ បាន​ផ្ដល់​ឲ្យ​ដោយ​ព្រះ ។ ទ្រង់​មាន​បន្ទូល​ថា « យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាព​ទន់​ខ្សោយ​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសារ  … ត្បិត​បើ​សិន​ជា​ពួកគេ​បន្ទាប​ខ្លួន  … ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។10

ពួក​វិញ្ញាណ​ពិសេស ជា​ញឹកញាប់​មាន​រូបកាយ​មិន​ល្អ​ទេ ។11 អំណោយ​ទាន​នៃ​រូបកាយ​មួយ​ដូច្នេះ ជា​ធម្មតា អាច​ពង្រឹង​ដល់​គ្រួសារ ដូចជា​ឪពុក​ម្ដាយ និង​បងប្អូន ដែល​ស្ម័គ្រ​ស្ថាបនា​ជីវិត​ពួកគេ​នៅ​ជុំវិញ​កុមារ​ដែល​កើត​ដោយ​មាន​តម្រូវ​ការ​ពិសេស​នោះ ។

ដំណើរ​អាយុ​ទៅ​វ័យ​ចំណាស់​ក៏​ជា​អំណោយ​ទាន​មួយ​ពី​ព្រះ​ដែរ ក៏ដូចជា​សេចក្ដី​ស្លាប់ ។ ទីបញ្ចប់​នៃ​ការស្លាប់​ខាង​រូបកាយ​អ្នក គឺ​សំខាន់​ចំពោះ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះ ។12 ហេតុអ្វី ? ដោយសារ​ការ​ស្លាប់​ នឹង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​អ្នក​ត្រឡប់​ទៅ​ដំណាក់​ទ្រង់​វិញ ។13 ចេញពី​ទស្សនៈ​ដ៏​អស់កល្ប ការ​ស្លាប់ គឺ​ជាការ​ទៅ​មុន​អាយុ​កាល​សម្រាប់​អ្នក​ដែល​ពុំ​ត្រៀម​ខ្លួន​ដើម្បី​ជួប​ព្រះ​តែ​ប៉ុណ្ណោះ ។

ដោយ​រូបកាយ​អ្នក​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​ដ៏អស់កល្ប​របស់​ព្រះ វា​អស្ចារ្យ​ដែល​សាវក​ប៉ុល​បាន​ពិពណ៌នា​ថា​ជា « ព្រះវិហារ​នៃ​ព្រះ » ។14 រាល់​ពេល​អ្នក​មើល​ក្នុង​កញ្ចក់ អ្នក​ឃើញ​រូបកាយ​អ្នក​ជា​ព្រះវិហារ​របស់​អ្នក ។ សេចក្ដី​ពិត​នោះ -- រំឭក​ដោយ​ដឹងគុណ​រាល់​ថ្ងៃ -- អាច​ជា​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​សម្រេច​ចិត្ត​អ្នក អំពី​របៀប​ដែល​អ្នក​នឹង​មើល​ថែ​ដល់​រូបកាយ និង​របៀប​ដែល​អ្នក​ប្រើប្រាស់​វា ។ ហើយ​ការ​សម្រេច​ចិត្ត​ទាំងនោះ នឹង​កំណត់​ជោគវាសនា​អ្នក ។ តើ​វាអាច​ទៅ​រួច​ដោយ​របៀប​ណា ? ដោយ​សារ​រូបកាយ​អ្នក​ជា​ព្រះវិហារ​សម្រាប់​វិញ្ញាណ​អ្នក ។ ហើយ​របៀប​ដែលអ្នក​ប្រើ​រូបកាយ​អ្នក ជះឥទ្ធិពល​ដល់​វិញ្ញាណ​អ្នក ។ ការសម្រេច​ចិត្ត​មួយ​ចំនួន ដែល​នឹង​កំណត់​ជោគ​វាសនា​អស់កល្ប​របស់​អ្នក រួម​មាន ៖

  • • តើអ្នក​នឹង​សម្រេច​ជ្រើសរើស ថែរក្សា និង​ប្រើប្រាស់​រូបកាយ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​លក្ខណៈ​ខាង​វិញ្ញាណ​មួយ​ណា ដែល​អ្នក​នឹង​ជ្រើសរើស​យក​មក​អភិវឌ្ឍន៍ ?

វិញ្ញាណ​មនុស្ស

វិញ្ញាណ​អ្នក​ គឺ​ជា​អង្គ​អស់កល្ប​មួយ ។ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ព្យាការី អ័ប្រាហាំ​ថា ៖ « អ្នក​ត្រូវ​បាន​រើស​តាំង​ពី​មុន​អ្នក​ចាប់​កំណើត​មក​ម្ល៉េះ » ។15 ព្រះអម្ចាស់​មាន​បន្ទូល​អ្វី​មួយ​ស្រដៀង​គ្នា​អំពី​យេរេមា16 និង​អ្នក​ដទៃ​ជា​ច្រើន​ទៀត ។17 ទ្រង់​ក៏​បាន​មាន​បន្ទូល​អំពី​អ្នក​ដែរ ។18

ព្រះបិតា​សួគ៌​អ្នក ស្គាល់​អ្នក​ជាយូរ​មក​ហើយ ។ អ្នក​ជា​បុត្រា ឬ​បុត្រី​ទ្រង់ ដែល​ត្រូវ​បាន​រើស​តាំង​ដោយ​ទ្រង់​ឲ្យ​មក​ផែនដី នៅ​ក្នុង​ជំនាន់​អស្ចារ្យ​នេះ ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្នុង​កិច្ចការ​មហិមា​របស់​ទ្រង់​លើ​ផែនដី ។19 អ្នក​ត្រូវ​បាន​រើសតាំង ពុំមែន សម្រាប់​អត្តចរិក​ខាង​រូបកាយ​ទេ ប៉ុន្តែ​សម្រាប់​លក្ខណៈ​ខាង​វិញ្ញាណ​អ្នក ដូចជា ភាព​ក្លាហាន ភាព​អង់អាច សុចរិតភាព​ក្នុង​ដួងចិត្ត ស្រេកឃ្លាន​រក​សេចក្ដី​ពិត ស្រេក​ឃ្លាន​រក​ប្រាជ្ញា និង​មានបំណង​ដើម្បី​បម្រើ​អ្នក​ដទៃ ។

អ្នក​បាន​អភិវឌ្ឍ​លក្ខណៈ​ទាំងនេះ​មួយ​ចំនួន​កាល​ពី​មុន​ជីវិត​នេះ ។ លក្ខណៈ​ផ្សេងទៀត អ្នក​អាច​អភិវឌ្ឍ​វា​នៅ​លើ​ផែនដី20 នៅ​ពេល​អ្នក​ស្វែងរក​ដោយ​ខ្ជាប់ខ្ជួន ។21

លក្ខណៈ​ខាង​វិញ្ញាណ​ដ៏សំខាន់​មួយ គឺ​ការ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្លួន​ឯង -- កម្លាំង​ដើម្បី​ដាក់​ហេតុផល​ពី​លើ​ចំណង់ ។ ការ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្លួន​ឯង ស្ថាបនា​នូវ​មនសិកា​រឹងមាំ​មួយ ។ ហើយ​មនសិកា​អ្នក កំណត់​ចម្លើយ​ខាង​សីលធម៌​អ្នក នៅ​ក្នុង​ស្ថានភាព​លំបាក ការ​ល្បួង និង​ការសាកល្បង ។ ការ​តម​អាហារ​ជួយ​វិញ្ញាណ​អ្នក​ឲ្យ​អភិវឌ្ឍ​គ្រប​លើ​ចំណង់​ខាង​រាងកាយ​អ្នក ។ ការ​តមអាហារ​ក៏​បង្កើន​ឲ្យ​មាន​ជំនួយ​ពី​ស្ថានសួគ៌​ផងដែរ ដោយ​សារ​វា​ពង្រឹង​ការ​អធិស្ឋាន​អ្នក ។ ហេតុអ្វី​ត្រូវការ​ ការ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្លួន​ឯង? ព្រះ​បាន​ដាំ​ក្នុង​ខ្លួន​យើង​នូវ​បំណង​មុតមាំ​មួយ សម្រាប់​ការ​ចិញ្ចឹម​បីបាច់ និង​ក្ដីស្រឡាញ់ ដែល​សំខាន់​សម្រាប់​គ្រួសារ​មនុស្ស​បន្ដ​មាន ។22 នៅ​ពេល​យើង​ធ្វើ​ជា​ចៅហ្វាយ​លើ​ចំណង់​យើង ក្នុង​រង្វង់​ច្បាប់​របស់ព្រះ នោះ​យើង​អាច​រីករាយ​នឹង​ជីវិត​យូរ​អង្វែង ក្ដី​ស្រឡាញ់​កាន់តែ​ច្រើន និង​ក្ដី​អំណរ​ទាំងស្រុង ។23

វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ការល្បួង​ធ្វើ​ឲ្យ​វង្វេង​ចេញ​ពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ​ភាគ​ច្រើន​កើត​មកពី​ការ​ប្រើ​ខុស​នូវ​ចំណង់​ដែល​ព្រះប្រទាន​ឲ្យ​ដ៏​សំខាន់​ទាំង​ឡាយ​នោះ ។ ការ​គ្រប់គ្រង​ចំណង​យើង ពុំ​ងាយ​ស្រួល​ជានិច្ច​ទេ ។ គ្មាន​គ្នា​យើង​ណា​ម្នាក់​ គ្រប់គ្រង​វា​បាន​ល្អ​ឥតខ្ចោះ​ទេ ។ 24កំហុស​កើត​មាន ។ ការខុស​ឆ្គង​កើត​ឡើង ។ ប្រព្រឹត្ត​អំពើ​បាប ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ទៅ ? យើង​អាច​រៀន​ពី​កំហុស​ទាំងនោះ ។ ហើយ​យើង​អាច​ប្រែចិត្ត​ដោយពិត ។25

យើង​អាច​ផ្លាស់​ប្ដូរ​ឥរិយាបទ​យើង ។ បំណង​យើង​អាច​ផ្លាស់ប្ដូរ ។ ដោយ​របៀប​ណា​ទៅ ? មាន​ផ្លូវ​តែ​មួយ​គត់ ។ ការ​ផ្លាស់​ប្ដូរ​ពិត -- គឺ​ផ្លាស់​ជា​និរន្តរ៍ -- អាច​កើត​មាន​តែ​តាមរយៈ​ការ​ព្យាបាល ការ​សម្អាត និង​អាច​ធ្វើ​បាន​តាម​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។26 ទ្រង់​ស្រឡាញ់​អ្នក -- គឺ​អ្នក​រាល់​គ្នា​ម្នាក់ៗ ! !27 ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​មាន​អំណាច​ទ្រង់ នៅ​ពេល​អ្នក​រក្សា​បញ្ញត្តិ​ទ្រង់​ដោយ​ចំណង់ ដោយ​ឧស្សាហ៍ និង​ដោយ​ត្រឹមត្រូវ ។ វា​គឺ​សាមញ្ញ ហើយ​ច្បាស់ ។ ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ដំណឹង​ល្អ​នៃ​ការ​ផ្លាស់ប្ដូរ ! !28

វិញ្ញាណ​មនុស្ស​រឹងមាំ​ម្នាក់ ដោយ​មាន​ការ​គ្រប់គ្រង​លើ​ចំណង​ខាង​សាច់ឈាម គឺ​ជា​ចៅហ្វាយ​លើ​អារម្មណ៍ តណ្ហា និង​ពុំ​ធ្វើ​ជា​ទាសករ​វា​ទេ ។ សេរីភាព​ប្រភេទ​នោះ ​សំខាន់​ចំពោះ​វិញ្ញាណ​ដូច​ជា​អ៊ុកស៊ីហ្សែន សំខាន់​ចំពោះ​រូបកាយ​ដែរ ! សេរីភាព​ពី​ទាសករ​លើ​ខ្លួន​ឯង គឺ​ជា​សេរីភាព​ពិត !29

យើង​មាន « សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ​ក៏​រើស​យក​ការ​ជាប់​ឃុំ​ឃាំង និង​ការ​ស្លាប់ » ។30 នៅពេល​យើង​រើស​ផ្លូវ​ខ្ពស់​ទៅ​កាន់​សេរីភាព និង​ជីវិត​អស់កល្ប ផ្លូវ​នោះ​រួមមាន​ទាំង​អាពាហ៍ពិពាហ៍​ផងដែរ ។31 ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប្រកាស​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវ​បាន​តែងតាំ​ងឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​កូន​ចៅ​របស់​ទ្រង់ » ។ យើង​ក៏​បាន​ដឹង​ថា « ភេទ​ប្រុស​ស្រី គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ នៅ​ក្នុង​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់​កល្ប​ជានិច្ច » ។32

អាពាហ៍ពិពាហ៍​រវាង​បុរស និងស្ត្រី គឺ​ជា​គ្រឹះ​នៃ​គោលលទ្ធិ​របស់​ព្រះអម្ចាស់ ហើយ​សំខាន់​ចំពោះ​ផែនការ​អស់កល្ប​របស់​ព្រះ ។ អាពាហ៍ពិពាហ៍ រវាង​បុរស និង​ស្ត្រី គឺ​ជា​គំរូ​របស់​ព្រះ សម្រាប់​ភាព​ពេញលេញ​នៃ​ជីវិត​លើ​ផែនដី និង​ស្ថានសួគ៌ ។ គំរូ​អាពាហ៍ពិពាហ៍​របស់​ព្រះ ពុំ​អាច​បំពាន យល់​ខុស ឬ​ប្រព្រឹត្ត​ខុស​បាន​ឡើយ ។33 មិន​បានឡើយ បើ​អ្នក​ចង់​បាន​ក្ដី​អំណរ​ពិត ។ គំរូ​អាពាហ៍ពិពាហ៍​របស់​ព្រះ ការពារ​អំណាច​នៃ​ការបង្កើត​ជីវិត​ដ៏​ពិសិដ្ឋ និង​ជា​ក្ដី​អំណរ​នៃ​ភាព​ស្និតស្នាល​ក្នុង​អាពាហ៍ពិពាហ៍​ពិត ។34 យើង​ដឹង​ថា អ័ដាម និង​អេវ៉ា ត្រូវ​បាន​រៀបការ​ឲ្យ​ដោយ​ព្រះ មុន​ពេល​ពួកគាត់​មាន​បទពិសោន៍​ក្ដី​អំណរ​នៃ​ការ​វេញ​ធ្លុង​គ្នា​ជា​ប្ដី និង​ប្រពន្ធ ។35

នៅ​ជំនាន់​យើង រដ្ឋា​ភិបាល​ស៊ីវិល បាន​ចាប់​អារម្មណ៍​ជា​ពិសេស​លើ​ការ​ការពារ​អាពាហ៍ពិពាហ៍ ដោយ​សារ​ស្ថាបន​គ្រួសារ​រឹងមាំ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​ផ្ដល់​ឲ្យ​មាន​ជំនាន់​ក្រោយ​ល្អ មាន​សុខុមាលភាព មាន​ការ​អប់រំ និង​ភាព​រីច​ចម្រើន ។36 ប៉ុន្តែ​រដ្ឋា​ភិបាល​ស៊ីវិល ត្រូវ​រង​ឥទ្ធិពល​ដ៏​ធ្ងន់ធ្ងរ​ពី​ទំនោរ​សង្គម និង​ទស្សនៈ​វិជ្ជា​ខាង​លោកិយ នៅ​ពេល​ពួកគេ​តាក់តែង សរសេរ​ឡើង​វិញ ឬ​ដាក់​បង្គាប់​ច្បាប់ ។ មិន​ថា​ច្បាប់​ស៊ីវិល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាងណា​ទេ គោលលទ្ធិ​នៃ​ព្រះ ស្ដី​អំពី​អាពាហ៍ពិពាហ៍ និង​សីលធម៌ ពុំ​អាច​ផ្លាស់ប្ដូរ​បានឡើយ ។37 ចូរចាំ​ថា ៖ អំពើ​បាប ទោះ​ជា​ស្រប​ច្បាប់​មនុស្ស​ក្ដី គឺ​នៅ​តែ​ជា​អំពើ​បាប​ក្នុង​ព្រះនេត្រ​របស់​ព្រះ​ដដែល​ហ្នឹង !

នៅ​ពេល​យើង​ធ្វើ​តាម​សណ្ដាន​ចិត្ត និង​ក្ដី​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ​យើង នោះ​យើង​ឲ្យ​តម្លៃ​ដល់​សិទ្ធិ និង​អារម្មណ៍​កូនចៅ​ទាំងអស់​របស់​ព្រះ យើង​មិន​អាច​ផ្លាស់​ប្ដូរ​គោលលទ្ធិ​ទ្រង់​បាន​ទេ ។ វា​ពុំ​មែន​ជា​គោលលទ្ធិ​របស់​យើង ដើម្បី​ផ្លាស់ប្ដូរ​ទេ ។ គោលលទ្ធិ​ទ្រង់ គឺ​ជា​គោលលទ្ធិ​របស់​យើង​ដើម្បី​សិក្សា យល់​ដឹង និង​លើក​កម្ពស់ ។

មាគ៌ា​នៃ​ជីវិត​របស់​ព្រះសង្គ្រោះ ​ល្អ​ប្រពៃ​ណាស់ ។ មាគ៌ា​ទ្រង់​រួមមាន ព្រហ្មរីភាព​មុន​ពេល​រៀបការ ហើយ​ភក្ដីភាព​ទាំង​ស្រុង​ក្នុង​អាពាហ៍ពិពាហ៍ ។38 មាគ៌ា​របស់​ព្រះអម្ចាស់ គឺ​ជា​មាគ៌ា​តែ​មួយគត់​សម្រាប់​យើង​មាន​បទពិសោធន៍​សុភមង្គល​យូរ​អង្វែង ។ មាគ៌ា​ទ្រង់ នាំ​ឲ្យ​មាន​ការលួង​លោម​ដែល​គាំទ្រ​ព្រលឹង​យើង និង​បន្ដ​មាន​ភាព​សុខសាន្ដ​ក្នុង​គេហដ្ឋាន​យើង ។ ហើយ​ដែល​ល្អ​បំផុត​នោះ មាគ៌ា​ទ្រង់​នាំ​យើង​ទៅ​ដំណាក់​ទ្រង់ និង​ព្រះបិតាសួគ៌​យើង ទៅ​រក​ជីវិត​អស់កល្ប និង​ភាព​តម្កើង​ឡើង ។39 នេះ​គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​កិច្ចការ និង​សិរីល្អ​របស់​ព្រះ ។40

បងប្អូន​ប្រុសស្រី​ រាល់​ថ្ងៃ​ជា​ថ្ងៃ​នៃ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​ការ​សម្រេច​ចិត្ត​យើង​កំណត់​ជោគ​វាសនា​យើង ។ ថ្ងៃ​មួយ យើង​ម្នាក់ៗ នឹង​ឈរ​ចំពោះ​ព្រះអម្ចាស់​ក្នុង​ការជំនុំ​ជំរះ ។41 យើង​ម្នាក់ៗ នឹង​មាន​ការ​សម្ភាសន៍​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។42 យើង​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ការសម្រេច​ចិត្ត​នានា ដែល​យើង​ធ្វើ​ចំពោះ​រូបកាយ​យើង លក្ខណៈ​ខាង​វិញ្ញាណ​យើង និង​របៀប​ដែល​យើង​គោរព​ដល់​គំរូ​អាពាហ៍ពិពាហ៍​របស់​ព្រះ និង​គ្រួសារ ។ ដើម្បី​ឲ្យ​យើង​អាច​ជ្រើសរើស​ដោយ​ឈ្លាស​វៃក្នុង​ការ​សម្រេច​ចិត្ត​រាល់​ថ្ងៃ​ដល់​អស់​កល្ប នេះ​ជា​ការអធិស្ឋាន​ដ៏​ស្មោះ​របស់​ខ្ញុំ ក្នុង​ព្រះនាម​ពិសិដ្ឋ នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ថូម៉ាស  អេស ម៉នសុន « Decisions Determine Destiny » ( ការប្រជុំ​ពិសេស​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី 6  ខែ វិច្ឆិកា ឆ្នាំ 2005 ) ទំព័រ 3 speeches.byu.edu ។

  2. គំនិត​អំពី​ការ​រីកចម្រើន​ដ៏​អស់​កល្ប ត្រូវ​បាន​ចាប់​យក​យ៉ាង​ល្អ​ដោយ W.  W. Phelps នៅ​ក្នុង​អត្ថបទ​គាត់​ក្នុង​ទំនុកដំកើង « If You Could Hie to Kolob » ( ទំនុក​ដំកើង លេខ 284 ) ។ វគ្គ​ទី 4 ចែង​ថា ៖ « គ្មាន​ទីបញ្ចប់​ចំពោះ​គុណធម៌ / គ្មាន​ទីបញ្ចប់​ចំពោះ​ចិត្ត / គ្មាន​ទីបញ្ចប់​ចំពោះ​ប្រាជ្ញា / គ្មាន​ទីបញ្ចប់​ចំពោះ​ពន្លឺ / គ្មាន​ទីបញ្ចប់​ចំពោះ​ការ​រួបរួម​គ្នា / គ្មាន​ទីបញ្ចប់​ចំពោះ​យុវវ័យ / គ្មាន​ទីបញ្ចប់​ចំពោះ​បព្វជិតភាព / គ្មាន​ទីបញ្ចប់​ចំពោះ​សេចក្ដី​ពិត » ។ វគ្គ​ទី 5 សរុប​ថា ៖ « គ្មាន​ទីបញ្ចប់​ចំពោះ​សិរីល្អ / គ្មាន​ទីបញ្ចប់​ចំពោះ​ក្ដី​ស្រឡាញ់ / គ្មាន​ទីបញ្ចប់​ចំពោះ​តួអង្គ / គ្មាន​ក្ដី​ស្លាប់​នៅ​ស្ថាន​លើ​ឡើយ » ។

  3. លោកុប្បត្តិ 1:27 សូមមើល​ផងដែរ កូល៉ុស 3:10អាលម៉ា 18:34អេធើរ 3:15ម៉ូសេ 6:9 ។

  4. « ខ្ញុំ​ជា​កូន​របស់​ព្រះ » ទំនុក​ដំកើង ទំព័រ 58 ។

  5. សូមមើល ម៉ាថាយ 10:37 ។

  6. សូមមើល ម៉ាកុស 12:30–31 ។

  7. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 88:15 ។

  8. យន្តការ​ផ្សេងៗ​ដែល​ព្រះ​ប្រទាន​ឲ្យ ក៏​ធ្វើ​ការ​ក្នុង​រូបកាយ​អ្នក​ដែរ ។ សារធាតុ​ដូចជា សូដ្យូម ម៉ូតាស្យូម និង​កាល់ស្សូម ព្រមទាំង​សារធាតុ​ដូចជា ទឹក ស្ករ និង​ប្រ៉ូតេអ៊ីន គឺ​សំខាន់​ដើម្បី​រស់រាន​មាន​ជីវិត ។ រូបកាយ​ទាក់ទង​នឹង​ឧស្ម័ន​ដូចជា អ៊ុកស៊ីហ្សែន និង​កាបូនិច ។ វា​បង្កើត​អ័ម៉ូន ដូចជា​អាំងសូលីន អាទ្រេន​ណាលីន និង​ស្សាយរ៉ូស្សីន ។ កម្រិត​នៃ​សារធាតុ​នីមួយៗ​ទាំង​នេះ និង​សារធាតុ​ជាច្រើន​ផ្សេងទៀត នៅក្នុង​រូបកាយ គឺ​ធ្វើ​ឲ្យ​មាន​លំនឹង​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ដែន​កំណត់​ជាក់លាក់ ។ ទំនាក់ទំនង​ក្រពេញ​នៃ​រូបកាយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ ។ ឧទាហរណ៍ ក្រពេញ​ភីធូថេរី នៅ​បាត​ខួរក្បាល បង្កើត​អ័ម៉ូន​ដើម្បី​ភ្ញោច​ស្រទាប់ ខនិច​នៃ​ក្រពេញ​អាទ្រេណល ដើម្បី​បង្កើត​ជា​អ័ម៉ូន អាទ្រេណល ខទីសូល ។ ការ​ឡើង​កម្រិត​នៃ​អ័ម៉ូន​ខទីសូល ធ្វើ​ឲ្យ​មាន​ការ​ទប់​កុំ​ឲ្យ​ចេញ​អ័ម៉ូន​ដែល​ភ្ញោច​ឲ្យ​ចេញ​ភីធូថេរី អ័ម៉ូន ហើយ​វា​ថ្វើ​យ៉ាង​នេះ​សារចុះ​សារឡើង ។ សីតុណ្ហភាព​រាងកាយ​អ្នក គឺ​ត្រូវ​រក្សា​នៅ​កម្រិត​ធម្មតា 98.6˚F ( ហ្វារិនហៃ ) ឬ 37˚C ទោះ​ជា​អ្នក​នៅ​តំបន់​ខ្សែ​អេក្វាទ័រ ឬ​នៅ​ប៉ូល​ខាង​ជើង​ក្ដី ។

  9. ស្ថានភាព​ខ្លះ គឺ​ជា​ភស្ដុតាង​យ៉ាង​ងាយ ខ្លះទៀត​គឺ​កំបាំង ។ ខ្លះ​អាស្រ័យ​លើ​ហ្សែន ខ្លះ​ទៀត​មិន​ទេ ។ មនុស្ស​ខ្លះ ទំនង​ជា​ងាយ​ទទួល​ជំងឺ​មហារីក អ្នក​ខ្លះទៀត​មាន​ប្រតិកម្ម​នឹង​អ្វីៗ​ផ្សេង ជាដើម ។ យើង​ម្នាក់ៗ​អាច​ដឹង​ផ្នែក​ទន់ខ្សោយ​របស់​ខ្លួន ហើយ​រៀន​ដោយរាប​សារ​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​បង្រៀន ដើម្បី​ឲ្យ​ភាព​ទន់ខ្សោយ​នោះ អាច​បាន​ខ្លាំង​ពូកែ ។

  10. អេធើរ 12:27 ។

  11. ស្ថានភាព​ខ្លះ នឹង​មិន​ត្រូវបាន​កែតម្រូវ​ពេញ​លេញ​ទេ ទាល់​តែ​ដល់​ការរស់​ឡើងវិញ នៅពេល​ដែល « អ្វីៗ​ទាំង​អស់ នឹង​បាន​សាង​ទៅ​ជា​រូបរាង​ដ៏​ត្រឹមត្រូវ និង​ល្អ​ឥតខ្ចោះ​ឡើង​វិញ » ( អាលម៉ា 40:23 ) ។

  12. សូមមើល អាលម៉ា 42:8 ។

  13. ទំនុកតម្កើង​បាន​សរសេរ​ថា « ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះយេហូវ៉ា ជា​ការ​វិសេស​ដល់​ព្រះ​នេត្រ​ទ្រង់ » ( ទំនុកតម្កើង 116:15 ) ការ​ស្លាប់​មាន​តម្លៃ​ ពីព្រោះ​វា​គឺ​ជា « ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ » សម្រាប់​ពួក​បរិសុទ្ធ​នៅ​ជាមួយ​ព្រះអម្ចាស់ ។

  14.  កូរិនថូស​ទី 1 3:16 សូម​មើល​ផងដែរ 6:19 ។

  15. អ័ប្រាហាំ 3:23 ។

  16. សូមមើល យេរេមា 1:5 ។

  17. សូមមើល អាលម៉ា 13:2–3 ។

  18. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 138:55–56 ។

  19. សូមមើល អាលម៉ា 13:2–3គោលលទ្ធិ និង​សេចក្ដី​សញ្ញា 138:38–57 ។

  20. លក្ខណៈ​នៃ « សេចក្តី​ជំនឿ គុណធម៌ ដំរិះ សេចក្តី​អត់​សង្កត់ សេចក្តី​អត់​ធន់ សេចក្តី​រាប់​អាន​គ្នា​ជា​បងប្អូន សេចក្តី​កោត​ខ្លាច​ដល់​ព្រះ សេចក្តី​សប្បុរស សេចក្តី​ទាប​រាបសា [ និង ] សេចក្តី​ឧស្សាហ៍​ចុះ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា 4:6 ) គឺ​នៅ​ក្នុង​ចំណោម​​អំណោយ​ទាន​ខាង​វិញ្ញាណ​នានា​ដែល​យើង​អាច​អភិវឌ្ឍ ហើយ​ត្រូវ​បាន​ផ្តល់​ឲ្យ ។ អំណរគុណ​គឺ​ជា​បុគ្គលិកលក្ខណៈ​ខាង​វិញ្ញាណ​មួយ​ទៀត​ដែល​អាច​អភិវឌ្ឍ ។ អំណរគុណ​បង្កើត​ឲ្យ​មាន​អារម្មណ៍ និង លទ្ធផល ។ ហើយ​នៅពេល​យើង​មាន​វិញ្ញាណ​ដែល​បាន « កើត​មក​ពី​ព្រះ » នោះ​អ្នក​អាច​មាន​អំណរគុណ​ទទួល​រូប​អង្គ​ទ្រង់​ដាក់​នៅ​លើ​មុខ​របស់​អ្នក ( សូមមើល អាលម៉ា 5:14 ) ។

  21. សូមមើល  កូរិនថូស​ទី 1 12:1–31; 14:1–12មរ៉ូណៃ 10:8–19គោលលទ្ធិ និង សេចក្តី​សញ្ញា 46:10–29 ។

  22. មនុស្ស​ខ្លះ​ត្រូវ​បាន​ល្បួង​ឲ្យ​ហូប​ច្រើន ។ « ជំងឺ​ធាត់​បាន​រាតត្បាត​នៅផ្នែក​នានា​នៃ​សាកល​លោក មាន​មនុស្ស​យ៉ាង​ហោច​ណាស់ 2.8 លាន​នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​​ដែល​បណ្តាល​មក​ពី​ការ​លើស​ទំនង់ ( « 10 ចំណុច​ពិត​ស្តី​ពី​ជំងឺ​ធាត់ » អង្គការ​សុខភាព​ពិភពលោក ចុះ​ខែ មិនា ឆ្នាំ 2013 www.who.int/features/factfiles/obesity/en ) ។ មាន​មនុស្ស​ខ្លះទៀត​ត្រូវ​បាន​ល្បួង​ឲ្យ​ហូប​តិច ។ ជំងឺ​មិន​ឃ្លាន​អាហារ និង ជំងឺ​ហូប​អាហារ​ច្រើន​បាន​បំផ្លាច​ជីវិត​មនុស្ស​ អាពាហ៍​ពិពាហ៍ និង​ គ្រួសារ​ជា​ច្រើន ។ ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ល្បួង​ដោយ​តណ្ហា​ផ្លូវ​ភេទ​ ដែល​ហាម​ឃាត់​ដោយ​អង្គ​បង្កបង្កើត​របស់​យើង ។ សេចក្តី​បញ្ជាក់​នេះ​មាន​នៅ​ក្នុង ក្បួន​ខ្នាត​ភាគ 2 ៖ ការ​គ្រប់​គ្រង​សាសនា​ចក្រ​ដែល​បាន​ថ្លែង​ថា ៖ « ច្បាប់​ព្រហ្មចារីយភាព​របស់​ព្រះអម្ចាស់ គឺ​ជា​បម្រាម​ចំពោះ​ទំនាក់​ទំនង​ខាង​ផ្លូវភេទ នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់ ហើយ​ជា​ភក្តីភាព​នៅ​ក្នុង​អាពាហ៍ពិពាហ៍។  អំពើ​កំផិត អំពើ​បាប​ខាង​កាមគុណ ទំនាក់​ទំនង​ផ្លូវ​ភេទ​ដូច​គ្នា និង​ការប្រព្រឹត្ត​មិន​បរិសុទ្ធ ផ្ទុយ​ពី​លក្ខណ​ធម្មជាតិ ហើយ​មិន​ស្អាតស្អំ​ដទៃ​ទៀត​ទាំង​អស់ គឺ​ជា​អំពើ​បាប » ។ ក៏​នៅ​ដកស្រង់​មក​ពី​ក្បួនខ្នាត​ថា ៖ ការប្រព្រឹត្ត​ការរួមភេទ​ដូច​គ្នា ល្មើស​នឹង​បទបញ្ញ​តិ្តរបស់​ព្រះ គឺ​ជា​ការផ្ទុយ​នឹង​គោល​បំណង​នៃ​ភេទ​របស់​មនុស្ស​ជាតិ ហើយ​បង្អាក់​មនុស្ស​ពី​ការ​ទទួល​ពរជ័យ​ទាំងឡាយ ដែល​អាច​ត្រូវ​បាន​ស្ថាបនា​នៅ​ក្នុង​ជីវិត​គ្រួសារ និង​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ការសង្រ្គោះ​នៃ​ដំណឹង​ល្អ ។  ខណៈ​ដែល​ជំទាស់​នឹង​ការប្រព្រឹត្ត​ការរួមភេទ​ដូច​គ្នា សាសនាចក្រ​ឈោង​ទៅ​ជួយ​ដោយ​ការយល់​ចិត្ត និង​ការគោរព​ចំពោះ​បុគ្គល​ម្នាក់ៗ ដែល​ស្រឡាញ់​អ្នក​ទាំង​ឡាយ​ដែល​មាន​ភេទ​ដូច​គ្នា » ( [ ឆ្នាំ 2010 ] 21.4.5,21.4, 6 ) ។

  23. សូមមើល  កូរិនថូស​ទី 1 6:9–20យ៉ាកុប 1:25–27គោលលទ្ធិ និង សេចក្តី​សញ្ញា 130:20–21 ។ ហើយ​យើង​គួរ​តែ​ចងចាំជា​និច្ច​ថា « មាន​មនុស្ស​លោក​ដើម្បី​ឲ្យ​ពួកគេ​មាន​សេចក្តី​អំណរ » (  នីហ្វៃទី 2 2:25 ) ។

  24. ជីវិត​រមែង​ស្លាប់​គឺ​ជា​ពេល​នៃ​ការ​សាកល្បង ដូចដែល​បាន​ពន្យល់​នៅ​ក្នុង​ព្រះគម្ពីរ ៖ « យើង​នឹង​សាកល្បង​ពួកគេ​មើល បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ( អ័ប្រាហាំ 3:25 ) ។

  25. សូមមើល ម៉ូសាយ 4:10អាលម៉ា 39:9ហេលេមិន 15:7ក្បួន​ខ្នាត​ភាគ 2 មាន​រួម​នូវ​សារលិខិត​នេះថា ៖ « Homosexual behavior can be forgiven through sincere repentance » ( 21.4.6 ) ។

  26. តាមរយៈ​ដង្វាយ​ធួន​នៃ​​ព្រះ​យេស៊ូវ​គ្រីស្ទ និង តាមរយៈ​ការគោរព​ប្រតិបត្តិ​ដល់​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ នោះ​មនុស្ស​លោក​ទាំង​អស់​អាច​បាន​សង្គ្រោះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 138:4 មាត្រា​នៃ​សេចក្តីជំនឿ​1:3 ) ។

  27. សូមមើល អេធើរ 12:33–34មរ៉ូណៃ 8:17 ។

  28. សូមមើល ម៉ូសាយ 5:2អាលម៉ា 5:12–14 ។

  29. សូមមើល រ៉ូម 8:13–17កាឡាទី 5:13–25គោលលទ្ធិ និង​សេចក្ដីសញ្ញា 88:86 ។

  30.  នីហ្វៃ​ទី 2 2:27 ។

  31. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 131:1–4 ។

  32. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  33. សូមមើល ម៉ាថាយ 19:4–6ម៉ូសាយ 29:26–27ហេលេមិន 5:2 ។

  34. មនុស្ស​ម្នាក់​បាន​កើត​មក​ជាមួយ​នឹង​អត្តសញ្ញាណ​ពិសេស​មួយ ក្រូម៉ូស និង ឌីអិនអេ ( អាស៊ីតដេអ៊ុកស៊ីរីបូនុយខ្លេអិច ) ។ ឌីអិនអេ គឺ​ជា​ម៉ូលេគុល​ដែល​ចម្លងការ​ណែនាំ​កូត​ស្សែន​នោះ ដែល​ប្រើ​នៅ​ក្នុង​ការ​លូតលាស់ និង មុខងារ​នៃ​កោសិកា​រស់ ។ ឌីអិនអេ របស់​មនុស្ស​ម្នាក់ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល ឌីអិនអេ មួយ​មក​ពី​ខាង​ឪពុក និង ឌីអិនអេ មួយ​មក​ពី​ខាង​ម្តាយ​រួម​គ្នា ទើប​បង្កើត​បាន ឌីអិនអេ នៃ​រូប​កាយ​ថ្មី​មួយ​ទៀត — គឺ​ជា​ទំនាក់​ទំនង​រវាង​ឪពុក ម្តាយ និង កូន ។

  35. សូមមើល លោកុប្បត្តិ 2:24–253:20–214:1–2, 25 ។

  36. វេជ្ជ. ប៉ាទ្រិច  អែហ្វ ហ្គាហ្គាន បាន​សរសេរ​ថា « ការសាង​របាំង​ដែល​ចៀស​មិន​រួច នៃ​ជោគវាសនា​របស់​សេដ្ឋកិច្ច អាស្រ័យ​លើ​ឪពុក​ម្តាយ​ដែល​បាន​អាពាហ៍​ពិពាហ៍ — ជា​ពិសេស កូន​អ្នក​មាន​នៃ​គ្រួសារ​ដែល​ថ្វាយ​បង្គំ​រាល់​សប្តាហ៍  ។ គ្រប់​អាពាហ៍​ពិពាហ៍​បង្កើត​ផ្ទះ​ថ្មី​មួយ ជា​អង្គភាព​ដែល​មាន​សេដ្ឋកិច្ច​ឯករាជ្យ ដែល​បង្កើត​ជា ប្រាក់​ចំណូល ចំណាយ សន្សំ និង វិនិយោគទុន » ( “The Family GDP: How Marriage and Fertility Drive the Economy,” The Family in America, vol. 24, no. 2 [ Spring 2010 ]: 136 ។ 136 ) ។

  37. សូមមើល និក្ខមនំ 20:14លេវីវិន័យ 18:22; 20:13ចោទិយកថា 5:18ម៉ាថាយ 5:27–28ម៉ាកុស 10:19លូកា 18:20រ៉ូម 1:26–2713:9ម៉ូសាយ 13:22 នីហ្វៃទី 3 12:27–28គោលលទ្ធិ និង សេចក្តី​សញ្ញា 42:24; 59:6 ។

  38. សូមមើល ហ្គដុន  ប៊ី ហ៊ីងឃ្លី This Thing Was Not Done in a Corner,” Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 49 ។

  39. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 14:7 ។

  40. សូមមើល ម៉ូសេ 1:39 ។

  41. សូមមើល  នីហ្វៃ​ទី 2 9:41, 46ម៉ូសាយ 16:10 ។

  42. យើង​នឹង​ត្រូវ​បាន​កាត់​ទោស ទៅ​តាម​ទង្វើ និង បំណង​ប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 137:9 សូមមើល​ផងដែរ ហេព្រើ 4:12អាលម៉ា 18:32គោលលទ្ធិ និង សេចក្តី​សញ្ញា 6:1688:109 ) ។