គណៈ​ប៊ីស្សព
ការធ្វើ​អត្តឃាត


« ការធ្វើ​អត្តឃាត » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការធ្វើ​អត្តឃាត » ធនធាន​ការ​ប្រឹក្សា ។

ការធ្វើ​អត្តឃាត

សូម​ចូល​ទៅមើល​វគ្គ « ការធ្វើ​អត្តឃាត » នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ស្វែងរក​បណ្ដាញជំនួយ​ដែល​ឥតគិតថ្លៃ​មកពី​ជុំវិញ​ពិភពលោក និង​ធនធាន​នានា​សម្រាប់​ជួយ​បុគ្គល​ម្នាក់ៗ​ដែល​មានបញ្ហា​នឹង​វិបត្តិ​ជាប់ទាក់ទង​នឹង​​ការធ្វើ​អត្តឃាត ។

អត្តឃាត​កម្ម​គឺជា​បញ្ហា​សុខភាព​ជាសាធារណៈ​ទូទាំងសកល​មួយ ដែល​ជាញឹកញាប់​វា​អាច​នឹង​បង្ការ​បាន ។ មនុស្ស​ភាគ​ច្រើន​ដែល​មានគំនិត​ធ្វើ​អត្តឃាត​ខ្លួនឯង​ពុំ​ចង់​ស្លាប់​នោះទេ ពួកគេ​គ្រាន់​តែ​ចង់​បាន​ការធូរស្បើយ​ពី​ការ​ឈឺចាប់​ផ្នែក​រូបកាយ ផ្នែក​ស្មារតី ផ្នែក​សតិអារម្មណ៍ ឬ​ផ្នែក​វិញ្ញាណ ដែល​ពួកគេ​កំពុង​ឆ្លង​កាត់​តែប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា ពួកគេ​អាច​នឹង​ឈាន​ចូល​ដល់​​វិបត្តិ​នៅ​ចំណុច​មួយ ដែលពួកគេ​បាត់បង់​សេចក្តីសង្ឃឹម ហើយ​មិន​អាច​រកឃើញ​ដំណោះស្រាយ​មួយ​ចំពោះ​ការ​ឈឺចាប់​របស់ពួកគេ នៅពេល​ដែល​ពួកគេ​ជឿ​ថា​ពួកគេ​គឺជា​បន្ទុក​ចំពោះ​អ្នកដទៃ នៅពេល​ពួកគេ​ប្រែជា​ពុំខ្វល់ ឬ​លែង​ខ្លាចស្លាប់ និង​ការឈឺចាប់ ឬ​នៅពេល​ពួកគេ​មិនអាច​រកឃើញ​ហេតុផល​ដើម្បី​រស់នៅ ។

ហានិភ័យ​នៃ​​ការធ្វើ​អត្តឃាត អាច​នឹង​កាត់បន្ថយ​នៅពេល​សមាជិកគ្រួសារ មិត្តភក្ដិ សមាជិក​វួដ និង​អ្នកមាន​វិជ្ជាជីវៈ​សុខភាព​ផ្លូវចិត្ត ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​កំពុង​មានបញ្ហា​ទាំងនេះ ។ មនុស្ស​គ្រប់រូប​គួរ​ដឹង​អំពី​កត្តា​ហានិភ័យ និង​សញ្ញា​ព្រមាន​អំពី​ការធ្វើ​អត្តឃាត បន្ទាប់មក​ឈោងទៅ​ស្វែងរក​ជំនួយ​សម្រាប់​មនុស្ស​ដែល​គិត​ចង់​ធ្វើអត្តឃាត ។ ការនិយាយ​ជាមួយ​នឹង​នរណាម្នាក់​អំពី​អត្តឃាត​កម្ម កាត់​បន្ថយ​លទ្ធភាព​ដែល​បុគ្គលនោះ​នឹង​ធ្វើ​តាម​អារម្មណ៍​​ចង់ធ្វើ​អត្តឃាត ។

មនុស្ស​គ្រប់រូប​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ស្ថានភាព​នីមួយៗ កាល​ដែល​បុគ្គល​ម្នាក់​ថ្លែង ឬ​បញ្ជាក់​ថា គាត់​គិត​អំពី​ការធ្វើ​អត្តឃាត ឬ​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ថ្លែង ឬ​បញ្ជាក់ថា មាន​បុគ្គល​ម្នាក់​ស្ថិត​នៅក្នុងភាព​ប្រថុយប្រថាន​ចង់ធ្វើ​អត្តឃាត ។ មនុស្ស​គ្រប់រូប​គួរ​ឈោងទៅជួយ​ដោយ​ក្ដីស្រឡាញ់​ដើម្បី​លួងលោម លើកទឹកចិត្ត ហើយ​មើលថែ​ដល់អស់​អ្នក​ដែល​កំពុង​ពុះពារ​នឹង​បញ្ហានេះ ព្រមទាំង​សមាជិក​គ្រួសាររបស់​ពួកគេ​ផងដែរ ។

គួរឲ្យសោកស្ដាយ មិនថា​យើង​ខិតខំ​យ៉ាងណា​ទេ អត្តឃាត​កម្មពុំ​តែងតែ​បង្ការ​បាន​ជានិច្ចកាល​នោះទេ ។ នៅពេល​វា​កើតឡើង វា​បន្សល់​ទុក​នូវ​ការ​ខូចចិត្ត ចលាចល​ខាង​សតិអារម្មណ៍​យ៉ាងខ្លាំង ព្រមទាំង​សំណួរ​ដែល​គ្មាន​ចម្លើយ​ចំពោះ​សមាជិកគ្រួសារ និង​មនុស្ស​ជាទីស្រឡាញ់ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ថ្នាក់ដឹកនាំ និង​សមាជិក​វួដ​គួរ​តែ​ព្យាយាម​ដើម្បី​ពង្រឹង និង​គាំទ្រ​ដល់គ្រួសារ ព្រមទាំង​មនុស្ស​ជាទីស្រឡាញ់ ។

អែលឌើរ ឌែល ជី រ៉េនឡាន់ បាន​មានប្រសាសន៍​ថា « ជំនឿខាង​សាសនា​ពីបុរាណថា ការធ្វើអត្តឃាត​គឺជា​អំពើបាប ហើយ​ថា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើអត្តឃាត គឺ​ត្រូវ​បោះបង់ចោល​ទៅក្នុង​ស្ថាននរក​ជារៀងរហូត…[ គឺជា ] ជំនឿ​ខុសឆ្គង​ទាំងស្រុង » ( ឌែល ជី រ៉េនឡាន់ « Understanding Suicide » [ វីដេអូ ] ) ។

អែលឌើរ អិម រ័សុល បាឡឺដ បាន​ផ្ដល់​នូវ​ប្រសាសន៍​លួងលោម​ចិត្ត​ទាំងនេះ​ថា ៖

« ជាក់ស្ដែងណាស់ យើង​មិនដឹង​អំពី​ស្ថានភាព​ទាំងស្រុង​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើអត្តឃាត​ទាំងអស់​នោះទេ ។ មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ទ្រង់​ជ្រាប់​ដឹង​ព័ត៌មាន​លម្អិត​ទាំងអស់ ហើយ​ទ្រង់​គឺ​ជា​អង្គ​ដែល​នឹង​កាត់​សេចក្តី​ពី​ទង្វើ​របស់​យើង​នៅលើ​ផែនដី​នេះ ។

« នៅពេល​ទ្រង់​ជំនុំជម្រះ​ពួកយើង នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​នឹង​លើក​យក​អ្វីៗ​ទាំងអស់​មក​ព្រះតំរិះ ៖ ហ្សែន និង​លក្ខណៈ​នៃ​ធាតុ​គីមី​របស់​យើង ស្ថានភាព​ផ្លូវចិត្ត​របស់​យើង សមត្ថភាព​នៃ​បញ្ញា​របស់​យើង ការបង្រៀន​ដែល​យើង​បាន​ទទួល ប្រពៃណី​នៃ​ជីដូនជីតា​របស់​យើង និង​សុខភាព​របស់​យើង​ជាដើម » ( « Suicide: Some Things We Know, and Some We Do Not » Ensign ខែ តុលា ឆ្នាំ ១៩៨៧ ទំព័រ ៨ ) ។

ព្យាយាម​យល់

នៅពេល​អ្នកនិយាយ​ជាមួយ​នឹងបុគ្គល​ម្នាក់ៗ សូមប្រាកដ​ថា​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គសង្គ្រោះនឹង​ធ្វើ​ដែរ ។ បទពិសោធន៍ និង​ស្ថានភាពនៃ​ជីវិត​គឺ​មាន​ខុសៗ​គ្នា​សម្រាប់​មនុស្ស​គ្រប់រូប ។ បើ​អ្នក​មាន​អារម្មណ៍​ថា​សមាជិក​ស្ថិតក្នុង​ហានិភ័យ​ប៉ុនប៉ង​ធ្វើ​អត្តឃាត សូម​ពិចារណា​សួរ​នូវសំណួរ​ទាំងនេះ​ប្រកប​ដោយការ​អធិស្ឋាន​ដើម្បី​ជួយ​អ្នកឲ្យ​យល់​អំពី​កង្វល់ និង​តម្រូវការ​របស់ពួកគេ​ឲ្យបាន​កាន់តែ​ច្បាស់ ៖

  • តើអ្នក​អាច​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​អារម្មណ៍ និង​បទពិសោធន៍​របស់អ្នក​នាពេល​នេះ​បានឬទេ ?

  • តើ​អ្នក​ធ្លាប់​បាន​ធ្វើ​រោគវិនិច្ឆ័យ​អំពី​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ដែរ​ឬទេ ? តើ​អ្នក​ធ្វើតាម​ការ​ព្យាបាល​តាម​បទបញ្ជា​សម្រាប់​ស្ថានភាពនេះ​ដែរឬទេ ?

  • តើ​អ្នក​មាន​សង្ឃឹម​ថា ស្ថានភាព​ទាំងឡាយ​នឹង​បាន​ប្រសើរឡើង​នៅក្នុង​ជីវិត​របស់អ្នក​ដែរឬទេ ?

  • តើ​អ្នកមាន​ហេតុផល​អ្វីខ្លះ​ដើម្បី​រស់នៅ ?

  • តើ​ធនធាន​អ្វីខ្លះ​បានជួយ​អ្នក​ឲ្យ​គ្រប់គ្រង​រឿង​ក្នុង​អតីតកាល​បាន ?

  • តើ​អ្នក​មានបាន​ព្យាយាម​ធ្វើបាប​ខ្លួនឯង​ពីមុន​ដែរឬទេ ? ចុះ​បច្ចុប្បន្ននេះ ?

  • តើ​អ្នក​កំពុង​គិត​អំពី​ការ​ធ្វើអត្តឃាត​ឬទេ​ឥឡូវនេះ ?

  • តើអ្នក​មាន​ផែនការ​ចង់​ធ្វើ​អត្តឃាត​ឬទេ ? តើអ្នក​មានគិត​អំពី​ពេលវេលា ទីតាំង ឬ​វិធីដែរ​ឬទេ ?

  • តើគ្រួសារ​អ្នក មិត្តភក្ដិ ឬ​អ្នកដទៃ​បានដឹង​អំពីគំនិត​របស់​អ្នកដែរ​ឬទេ ?

  • តើ​អ្នកបើកចិត្ត​ប៉ុណ្ណា​ដែរ​ដើម្បី​ទទួល​ជំនួយ​ក្នុងពេល​នេះ ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ព្យាយាម​ជួយ​ដល់​បុគ្គល​នេះ សូម​ធ្វើ​ការ​ពិចារណា​ពីយោបល់​ដូច​ខាងក្រោម ។

សូម​ជួយសមាជិក​ឲ្យស្វែងរក​សង្ឃឹម និង​ការ​ព្យាបាល​តាមរយៈ​ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ជួយ​បុគ្គលនេះ​ឲ្យយល់​អំពី​ព្រះចេស្ដា​ដែលអាច​ធ្វើអ្វីៗ​ឲ្យកើតឡើង និង​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ជួយ​បុគ្គលនេះ​ឲ្យ​យល់​ថា គាត់​គឺជា​កូន​របស់ព្រះ និង​មានតម្លៃ​ដ៏​មហិមា ។

  • ជួយ​បុគ្គលនេះ​ឲ្យ​ដឹង​ថា​ព្រះស្រឡាញ់​នាង ឬ​គាត់ មិន​ថា​មាន​អ្វី​កើតឡើង​នោះទេ ។

  • ជួយ​សមាជិកនេះ​ឲ្យយល់​ថា ការ​ព្យាបាល​អាច​នឹង​ពុំ​មែនជា​មធ្យោបាយ​ដើម្បី​ជា​សះស្បើយ​ពី​ជំងឺ​ផ្លូវចិត្ត​នៅក្នុង​ជីវិត​នេះ​ជានិច្ចកាល​នោះទេ ។ សូមមើល​ធនធាន​នៅលើ សុខភាព​ផ្លូវ​ចិត្ត សម្រាប់​ព័ត៌មាន​បន្ថែម ។

  • ពិចារណា​ធ្វើ​ការ​ជួប​ជាទៀងទាត់​ជាមួយ​នឹង​បុគ្គលនោះ និង​គ្រួសារ​គាត់បន្ថែម​ពីលើ​ការ​ជួប​ជាទៀងទាត់​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

  • ភ្ជាប់​ទំនាក់ទំនង​ឲ្យបុគ្គលនោះ​សិក្សា​ធនធាន​សាសនាចក្រ​ដទៃទៀត ដូចជាវគ្គ « អត្តឃាត​កម្ម » និង « សុខភាព​ផ្លូវ​ចិត្ត » នៅលើ​គេហទំព័រ ChurchofJesusChrist.org ដែល​គាត់ ឬនាង​អាច​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​បាន ។

  • សូម​ប្រាកដ​ថា​បុគ្គល​នោះ​ស្គាល់​លេខ​ទូរសព្ទ​បន្ទាន់​ដែល​ជួយ​ក្នុង​ករណី​ធ្វើអត្តឃាត និង​អាច​ទទួលបាន​ជំនួយ​ក្នុង​ពេលអាសន្ន ។

សូម​ពិគ្រោះ​ជាមួយ​នឹង​ធនធាន​មានវិជ្ជាជីវៈ ។

  • បើ​អ្នក​បារម្ភ​អំពី​សុវត្ថិភាព​របស់​នរណា​ម្នាក់ ឬ​ជឿ​ថា​បុគ្គលនោះ​អាច​នឹង​ប៉ង​ធ្វើអត្តឃាត សូម​ទាក់ទង​ទៅកាន់​សេវា​វេជ្ជសាស្ត្រ​បន្ទាន់​ក្នុង​មូលដ្ឋាន ឬ​ការិយាល័យ​សេវាកម្ម​គ្រួសារ​របស់អ្នក ( នៅ​កន្លែង​ដែល​មាន ) ។ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ ក៏អាច​ទាក់ទង​ទៅ​បណ្ដាញ​ជំនួយ​របស់សាសនាចក្រ​សម្រាប់​ជំនួយ​ជាមួយ​នឹង​បញ្ហានេះ​ផងដែរ ។

  • ធនធាន​ទាំងនេះ​អាច​ជួយ​អ្នកឲ្យ​ស្គាល់​អ្នកមាន​វិជ្ជាជីវៈ​ក្នុង​មូលដ្ឋាន ឬ​អង្គការ​ដែល​អាច​ជួយ​ដល់​បុគ្គល​នោះ​បាន ។

សូម​ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​សម្រាប់​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់គាត់ ។

  • លើក​ទឹកចិត្ត​បុគ្គល​នោះ​ឲ្យ​ប្រើ​ធនធាន​ដែល​បាន​ផ្ដល់​អនុសាសន៍​ដោយ​សេវាកម្ម​គ្រួសារ ឬ​សេវា​វេជ្ជសាស្ត្រ​បន្ទាន់ ។ អ្នក​អាច​ជួយ​គាត់​ឲ្យ​ដាក់កាលវិភាគ​ប្រឹក្សា ឬ​ទៅ​កាន់​បន្ទប់​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​ដែលជិត​បំផុត ។

  • ដោយមាន​ការ​អនុញ្ញាត​មក​ពី​បុគ្គលនោះ សូម​ជូនដំណឹង​ដល់​សមាជិកគ្រួសារ​អំពី​ស្ថានភាពនេះ​តាម​ការគួរ ។ ចូរ​សុំពួកគេ​ឲ្យ​ស្វែងរក​ការ​ដឹកនាំ​មក​ពី​អ្នក​មានវិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត​អំពី​របៀប​ដាក់ផែនការ​សម្រាប់​សុវត្ថិភាព​របស់បុគ្គល​នោះ ។ ការណ៍​នេះ​អាច​រាប់បញ្ចូលទាំង​ការ​ដាក់កំហិត​លទ្ធភាព​របស់​បុគ្គលនោះ​ឲ្យ​មាន​របស់​ដែលអាចមាន​គ្រោះថ្នាក់ ។

  • តាមសមរម្យ សូមបន្ដ​ទំនាក់ទំនង​ជា​ទៀងទាត់​ជាមួយ​នឹង​អ្នកមាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ឬ​សមាជិក​គ្រួសារ​អំឡុង​ពេល​ព្យាបាល ។

  • បើ​បុគ្គល​នោះ​បដិសេធ​មិនទទួល​ជំនួយ ហើយ​មាន​ផែនការ​ប៉ង​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួនឯង សូម​ទំនាក់ទំនង​ភ្លាម​ទៅកាន់​ធនធាន​សង្គ្រោះបន្ទាន់​ក្នុងមូលដ្ឋាន ( ដូចជា​អាជ្ញាធរ​ស៊ីវិល ) និង​សមាជិក​គ្រួសារ​ដើម្បី​កំដរ​បុគ្គល​នោះ​ទៅកាន់​សេវា​សង្គ្រោះ​បន្ទាន់ ។

គាំទ្រ​ដល់​គ្រួសារ

បុគ្គល​ម្នាក់​ដែល​មាន​ហានិភ័យ​ក្នុង​ការប៉ង​ធ្វើ​អត្តឃាត​ជះ​ឥទ្ធិពល​ទៅលើ​ជីវិត​របស់សមាជិក​គ្រួសារ​របស់​គាត់​ឬនាង ។ ឪពុក​ម្ដាយ ស្វាមីភរិយា និង​សមាជិក​គ្រួសារ​ដទៃទៀត ជាធម្មតា​មាន​បញ្ហា​ក្នុងការដឹង​ពី​របៀប​ជួយ​ដល់​មនុស្ស​ជាទីស្រឡាញ់​ក្នុង​វិបត្តិ​នេះ ។ ជាញឹកញាប់ ពួកគេ​មាន​អារម្មណ៍​សន្ធប់ ហើយអាច​នឹង​មើល​មិនឃើញ​ពី​សញ្ញា​ព្រមាន​នានា ។ នៅពេល​អ្នក​ព្យាយាម​ជួយ​ដល់សមាជិក​គ្រួសារ សូម​ធ្វើ​ការ​ពិចារណា​ពី​យោបល់​ដូច​ខាងក្រោម ។

សូម​រក្សា​ការ​សម្ងាត់​អំពី​ស្ថានភាព​នេះ លុះត្រា​តែ​មាន​ការគំរាម​គំហែង​ហៀបនឹង​កើតឡើង ស្ថានភាព​ជាប់​ទាក់ទង​នឹង​កុមារ​ជា​អនីតិជន ឬ​បុគ្គលនោះ ឬ​គ្រួសារ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​អ្នក​និយាយ​ទៅកាន់​អ្នកដទៃទៀត ។

សូម​កំណត់អំពី​ឥទ្ធិពល​នៃ​ស្ថានភាព​របស់សមាជិកនេះ​ទៅលើ​គ្រួសារ​របស់​គាត់ ឬនាង ហើយជួយ​សមាជិក​គ្រួសារ​ឲ្យស្គាល់​ធនធាន​ដែល​ពួកគេ​ត្រូវការ​សម្រាប់​ការគាំទ្រ និង​ការណែនាំ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • លើកទឹកចិត្ត​គ្រួសារ​ឲ្យ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​តម្រូវការ​របស់បុគ្គល​នេះ និង​អំពី​របៀប​ដើម្បី​ប្រើ​ធនធនា​ដែលមាន​ដើម្បី​ជួយ​គាត់ ឬនាង និង​ខ្លួន​ពួកគេផ្ទាល់ ។

  • បើ​គ្រួសារ​ចង់​ធ្វើ​ដូច្នោះ សូមទៅ​ជួប​ពួកគេ ( ឬ​ផ្ដល់​អនុសាសន៍​ថ្នាក់ដឹកនាំ​ដទៃទៀត​ឲ្យ​ជួប​នឹង​ពួកគេ​តាម​ការគួរ ) ដើម្បី​បង្កើត​ផែនការល្អ​មួយ​ដើម្បី​បំពេញ​តម្រូវការ​របស់ពួកគេ រួមទាំង ផែនការ​សុវត្ថិភាព ហើយ​គាំទ្រ​ដល់​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​ដើម្បី​ទទួល​ការ​មើលថែ​មានវិជ្ជាជីវៈ និង​ការ​មើល​ថែ​ខាង​វិញ្ញាណ​ដែល​ចាំបាច់ ។

សូម​ពិចារណា​អំពី​ជំនួយ​មានវិជ្ជាជីវៈ​ផ្ទាល់ខ្លួន ឬ​ការ​ប្រឹក្សា​សម្រាប់​សមាជិក​គ្រួសារ ។

  • លើក​ទឹកចិត្ត​ស្វាមី ឬ​ភរិយា ឪពុកម្ដាយ និង​សមាជិកគ្រួសារ​ដទៃទៀត​ឲ្យ​ចូលរួម​នៅក្នុង​ការ​ប្រឹក្សា​ជាមួយ​នឹង​បុគ្គល​នោះ​ផងដែរ បើ​អ្នក​មានវិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត​កំណត់ថា ការ​ចូលរួមនេះ​គឺ​អាចធ្វើ​ទៅបាន ហើយ​សមរម្យ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សូម​ធ្វើ​ការ​ពិចារណា​យោបល់​ដូច​ខាងក្រោម នៅពេល​អ្នក​ព្យាយាម​ប្រើ​ធនធានវួដ និង​ស្ដេក​ដើម្បី​ជួយ​ដល់​បុគ្គលនោះ និង​គ្រួសារ​របស់​គាត់ ។ សូមចងចាំ​ដើម្បី​រក្សា​ភាព​សម្ងាត់​អំពី​ស្ថានភាព​នេះ លុះតា្រ​តែ​បុគ្គលនោះ ឬ​គ្រួសាររបស់​គាត់​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​អ្នក​និយាយ​ជាមួយនឹង​អ្នកដទៃទៀត ។

ចូរ​សុំ​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃទៀតឲ្យ​បន្ដ​ផ្ដល់​ការគាំទ្រ ការណែនាំ និង​ជំនួយ​ដល់​បុគ្គល​នោះ ។

សូម​អធិស្ឋាន​កំណត់ពី​បុគ្គល​ដែល​ជាទីទុកចិត្ត​ម្នាក់​ដែល​គាត់អាច​ធ្វើ​ការតាមដាន​ជាមួយ​នឹង​បុគ្គល​នោះ​ជា​ទៀងទាត់ ហើយ​អញ្ជើញ​បុគ្គល​នោះ​ឲ្យធ្វើ​ដូច្នោះ ។

  • បុគ្គល​ដែលត្រូវបាន​ជ្រើសរើស​គួរតែ​ជា​មនុស្ស​ម្នាក់​ដែល​បុគ្គល​នោះ​មាន​អារម្មណ៍​ល្អ​ជាមួយ ។

  • បុគ្គល​នោះ​គួរតែ​យកចិត្តទុកដាក់ និង​មានស្ថានភាព​សតិអារម្មណ៍​នឹងនរ ហើយអាច​ជា​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ម្នាក់ ។

សូម​ពិចារណា​ធ្វើការ​រៀបចំ​ការ​បំពាក់បំប៉ន​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​វួដ ឬ​ស្ដេក​អំពី​ការ​បង្ការ​​ការធ្វើ​អត្តឃាត ។

  • ប្រើ​សម្ភារ​មកពី​ធនធាន​ប្រឹក្សា ឬ​មកពី​វគ្គ « ការធ្វើ​អត្តឃាត » នៅលើ​គេហទំព័រ suicide.ChurchofJesusChrist.org ។

  • ពិចារណា​អញ្ជើញ​អ្នកមានវិជ្ជាជីវៈ​មកពី​កម្មវិធី​ធនធាន​សហគមន៍​ដែល​នៅជិត​អ្នក​ឲ្យ​ជួយ ។ សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែលមាន ) ឬ​សេវា​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​ក្នុងមូលដ្ឋាន អាច​ជួយ​ប្រាប់​អំពី​ធនធាន​ដូច្នេះ​បាន ។