គណៈ​ប៊ីស្សព
តើ​ខ្ញុំ​ត្រូវការ​អ្វីខ្លះ​ដើម្បី​យល់​អំពី​ទំហំ​នៃ​ការប្រើប្រាស់​ការណ៍អាសគ្រាម ?


« តើ​ខ្ញុំ​ត្រូវការ​អ្វីខ្លះ​ដើម្បី​យល់​អំពី​ទំហំ​នៃ​ការប្រើប្រាស់​ការណ៍អាសគ្រាម ? » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« តើ​ខ្ញុំ​ត្រូវការ​អ្វីខ្លះ​ដើម្បី​យល់ ? » ធនធាន​ការ​ប្រឹក្សា ។

ធនធាន​ការ​ប្រឹក្សា

តើ​ខ្ញុំ​ត្រូវការ​អ្វីខ្លះ​ដើម្បី​យល់​អំពី​ទំហំ​នៃ​ការប្រើប្រាស់​ការណ៍អាសគ្រាម ?

ការប្រើប្រាស់​ការណ៍អាសគ្រាម​មាន​កត្តា​ជាច្រើន ហើយ​ដំណើរការ​នៃ​ការ​ប្រែ​ចិត្ត​នឹង​ខុសគ្នា​សម្រាប់​សមាជិក​ម្នាក់ៗ ។ ចូរស្ដាប់​សមាជិក​បង្ហាញ​ពីអារម្មណ៍​របស់​ពួកគេ​នាពេល​នេះ រួមទាំង​អាកប្បកិរិយា​របស់ពួកគេ​ផងដែរ ( តើពួកគេ​ត្រូវបាន​គេ​រកឃើញ ឬ​តើ​ពួកគេ​កំពុង​ព្យាយាម​ផ្លាស់ប្ដូរ ? ) ទំហំ​នៃ​ការ​ប្រើប្រាស់ និង​អ្វី​ដែល​ពួកគេ​មាន​បំណង​ប្រាថ្នា​ដើម្បី​ឆ្ពោះ​ទៅមុខ​ទៀត ។

សូម​ចាប់ផ្ដើម​ដោយ​ការ​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​ដឹងគុណ​ចំពោះ​បុគ្គល​ម្នាក់ៗ​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឆ្ពោះទៅ​មុខ​ដើម្បី​ស្វែងរក​ជំនួយ ។ សូម​ព្យាយាមជួយ​ពួកគេ​ឲ្យ​យ​ល់​ដឹង​ថា​មាន​ក្ដីសង្ឃឹម ។ ពួកគេ​អាច​ដោះស្រាយ​ស្ថានភាព​នេះ​បាន ហើយ​ឆ្ពោះ​ទៅមុខ​ក្នុង​នាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អះអាង​នឹង​ពួកគេ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ​ក្នុង​នាមជា​បុត្រា​បុត្រី​របស់ព្រះ ។ ស្មារតី​រឹងមាំ​ដឹង​ថា​ពួកគេជា​នរណា​ពិត អាច​នាំ​ឲ្យ​ពួកគេ​គេច​ផុត​ពី​ការ​ខ្មាសអៀន ហើយ​ប្រើស្ថានភាព​នេះ​សម្រាប់​ការ​រីកចម្រើន និង​ការ​ផ្លាស់ប្ដូរ​ផ្ទាល់ខ្លួន​គេ ។

ប៊ីស្សព​មាន​ទំនុកចិត្ត​ដ៏​ពិសិដ្ឋ​ដើម្បី​ជួយ​សមាជិក​នៅក្នុង​ដំណើរការ​នៃ​ការ​ប្រែចិត្ត​របស់ពួកគេ ។ ក្នុងនាមជា​ចៅក្រម​នៃ​អ៊ីស្រាអែល ពួកគេ​ធ្វើកិច្ចការ​នៅក្រោម​ការ​បំផុសគំនិត​ដើម្បី​ជួយ​សមាជិក​ឲ្យ​យល់​ថា វាគឺជា​ការ​ទទួល​ខុសត្រូវ និង​ឯកសិទ្ធិ​របស់​សមាជិក​ផ្ទាល់​ក្នុង​ការ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​ទទួលបាន​ចម្លើយ​ចាំបាច់​ដើម្បី​យក​ឈ្នះលើ​ឧបសគ្គ​របស់​ពួកគេ ។

ថ្នាក់ដឹកនាំ​គួរ​តែ​ផ្ដោត​ទៅលើ​ការ​ពង្រឹង​ដល់​ភាព​ជា​សិស្ស​ និង​សេចក្ដី​ជំនឿ​របស់​សមាជិក ដោយ​ការ​បង្រៀន « ​ក្នុង​នាមជា​ថ្នាក់ដឹកនាំ​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​គាំទ្រ​ដល់បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង​រ​បស់​ព្រះ » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ [ ឆ្នាំ ២០២០ ] ២.០ ) ។ ( សូមមើល « តើ​មាន​គោលលទ្ធិ​អ្វីខ្លះ​ជួយ​ឲ្យ​បុគ្គល​ម្នាក់ៗ​យក​ឈ្នះលើ​បញ្ហា​ការណ៍អាសគ្រាម​បាន ? » )

ការ​វាយ​តម្លៃ​លើ​ការជាប់​ពាក់ព័ន្ធ

ទោះបី​ជា​ការ​ប្រែចិត្ត​ពី​ការប្រើប្រាស់​ការណ៍អាសគ្រាម​ពុំ​តម្រូវ​ឲ្យ​មាន​ការ​ដាក់វិន័យ​សាសនាចក្រ​ជា​ផ្លូវការ​ក្ដី ក៏សូម​ចងចាំ​ថា « សាសនាចក្រ​ផ្ដន្ទាទោស​ចំពោះ​ការណ៍អាសគ្រាម​នៅ​គ្រប់​ទម្រង់ ។ ការប្រើប្រាស់​ការណ៍​អាសគ្រាម​គ្រប់​ប្រភេទ បំផ្លាញ​ដល់​ជីវិត​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ និង​សង្គម ។ វា​ក៏​បណ្ដេញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ផងដែរ » ( ក្បួនខ្នាត​ទូទៅ ៣៨.៦.១៣ ) ។ គោលបំណង​របស់​អ្នក​គឺ​ដើម្បី​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​បទពិសោធន៍ « ការ​ផ្លាស់ប្ដូរ​ដ៏ធំ​ក្នុង​ដួងចិត្ត » ( សូមមើល អាលម៉ា ៥:១២–១៤ ) ហើយ​ឱបក្រសោប​យក​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​ពួកគេ​ឲ្យកាន់តែ​ពេញលេញ ជាពិសេស​អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ភាព​ជា​សិស្ស​របស់​ពួកគេ​នឹង​រីកចម្រើន នៅពេល​ពួកគេ​មក​ស្គាល់​ព្រះចេស្ដា​របស់ទ្រង់នៅក្នុង​ជីវិត​របស់​ពួកគេ​តាមរយៈ​ដំណើរការ​មួយ​នៃ​ការ​ផ្លាស់ប្ដូរ ដែល​តម្រូវ​ឲ្យ​មាន​ការណែនាំ និង​ព្រះចេស្ដា​ធ្វើឲ្យ​កើតឡើង​របស់​ទ្រង់ ។

នៅពេល​អ្នក​លើក​ទឹកចិត្ត​បុគ្គលម្នាក់ៗឲ្យ​យល់​ថា ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​របស់​ពួកគេ​ជា​អ្វីមួយ​ដែល​លើស​ពី​សញ្ញា​នៃ​ភាព​ទន់​ខ្សោយ​ខាង​សីលធម៌ នោះ​ពួកគេ​អាច​កំណត់ពី​ធនធាន​បន្ថែម​នានា​ដែល​ពួកគេ​ត្រូវការ បើសិនជា​មាន ។ ឧទាហរណ៍ ការប្រើប្រាស់​ការណ៍អាសគ្រាម​ជាធម្មតា មាន​កត្តា​រួម​ចំណែកជាច្រើន ( ដូចជា ខាងជីវសាស្ត្រ ខាង​ចិត្តសាស្ត្រ ខាង​សង្គម និង​ខាង​វិញ្ញាណ ) ។ ធនធាន​ចាំបាច់នានា នឹង​អាស្រ័យ​ទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​ឥរិយាបទ​របស់​បុគ្គលនោះ និង​របៀប​ដែលគាត់ ឬនាង​ប្រឈម​មុខ​នឹង​បញ្ហានោះ ។

សូម​ធ្វើ​ការ​ពិចារណា​គំនិត​ដូចខាង​ក្រោម នៅពេល​អ្នក​ព្យាយាម​ជួយ​សមាជិក និង​ស្វាមីភរិយា​របស់ពួកគេ​ឲ្យ​យល់​អំពី​ទំហំ​នៃ​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​នៅក្នុង​ការណ៍អាសគ្រាម និង​ឥទ្ធិពល​របស់​វា​នៅក្នុង​ជីវិត​របស់ពួកគេ ។

ការ​ទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន

សូម​ព្យាយាម​ជួយ​សមាជិក​ទទួល​យក​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​ក្នុង​ការសម្រេច​ចិត្ត ការជ្រើសរើស និង​ការ​ផ្លាស់ប្ដូរ​នានា​ដែល​មាន​នៅ​ខាង​មុខ​ពួកគេ ។ មិន​ត្រូវ​មើល​រំលង​ការពិត​ដែលថា ការ​សម្រេចចិត្ត​អំពី​អនាគត​គឺ​ជា​ការទទួលខុសត្រូវ​របស់​បុគ្គល​ដែល​មាន​បញ្ហានោះ និង​ស្វាមី ឬ​ភរិយា​របស់ពួកគេ ។ តួនាទី​របស់​អ្នក​គឺ​ត្រូវ​ជួយ និង​គាំទ្រ​ពួកគេ នៅ​ពេល​ពួកគេ​ស្វែងរក​វិវរណៈ ។

វិសាលគម​ការណ៍អាសគ្រាម

នៅពេល​អ្នក​សួរ​សំណួរ​បំផុសគំនិត អ្នក​នឹង​អាច​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ជាប់ទាក់ទង ( បុគ្គលម្នាក់ៗ ឪពុក​ម្ដាយ​នៅក្នុងករណី​យុវវ័យ និង​ស្វាមីភរិយា ) ឲ្យ​ដឹង​បើសិនជា​អស់​អ្នក​ដែល​ប្រើ​ការណ៍អាសគ្រាម​គឺជា​អ្នកប្រើប្រាស់​ម្ដងម្កាល អ្នក​ប្រើប្រាស់​ខ្លាំង ឬ​អ្នកប្រើប្រាស់​ដែល​អត់​មិន​បាន ។ ការ​យល់ដឹង​អំពី​រឿងនេះ​អាច​ជួយ​អ្នក​ឲ្យ​ជួយ​ពួកគេ​ឆ្លងកាត់​ដំណើរការ​នៃ​ការ​ប្រែចិត្ត ក៏ដូចជា​នៅក្នុង​ការដឹង​អំពី​របៀប​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​ស្វាមី ឬ​ភរិយា ឬ​ឪពុកម្ដាយ​ផងដែរ ។ សូម​សួរ​សំណួរ​អំពី​លក្ខណៈ​ដែល​ការណ៍អាសគ្រាម​ត្រូវ​បាន​ប្រើប្រាស់​ផងដែរ—ការណ៍អាសគ្រាម​អាច​មាន​ភាពខុសគ្នា​តាម​កម្រិត​របស់​វា​ផ្សេងៗគ្នា ហើយ​វា​ក៏​អាច​ជាប់ទាក់ទង​ទៅ​នឹង​ឥរិយាបទ​ដទៃទៀត​ផងដែរ ។

សូម​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ការ​ហៅបុគ្គល​ណាម្នាក់​ថា​ញៀន បុគ្គល​ភាគ​ច្រើន​ដែល​ប្រើ​សម្ភារ​ការណ៍អាសគ្រាម មិនគួរ​គិត​ថា​ញៀន​នោះទេ ជាពិសេស​មនុស្ស​វ័យ​ជំទង់ ។ ការដាក់ស្លាក​ខ្លួន​ឯង​ថា​ញៀន​ការណ៍អាសគ្រាម អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ទន់ខ្សោយ​នៅក្នុង​ការខិតខំ​ផ្លាស់ប្ដូរ​របស់ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រធាន​បទ​នេះ សូមមើល ដាល្លិន អេក អូក « Recovering from the Trap of Pornography » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៨ ។

ការ​ប្រើប្រាស់​ការណ៍អាសគ្រាម ជាញឹកញាប់​វា​លើស​ពី​ការគ្រាន់តែ​មានភាព​ទន់ខ្សោយ​ខាង​សីលធម៌

ការ​ជាប់ពាក់ព័ន្ធ​​របស់​បុគ្គល​ម្នាក់​នៅក្នុង​ការណ៍អាសគ្រាម ជាញឹកញាប់​វា​មានភាព​ស្មុគស្មាញ ហើយ​វា​សំខាន់​ដើម្បី​ទទួល​ស្គាល់​ថា ការ​មើល​ការណ៍អាសគ្រាម​គឺ​ហួសពី​ការ​គ្រាន់តែ​មានសន្ទុះ​ចិត្ត​ខាង​ផ្លូវភេទ​តាម​ធម្មតា​ទៅ​ទៀត ។ នៅក្នុង​ករណី​ភាគច្រើនបំផុត ការប្រើប្រាស់​ការណ៍អាសគ្រាម​ត្រូវ​បាន​ចងភ្ជាប់​ទៅនឹង​បញ្ហា​ខាង​ជីវសាស្ត្រ ខាង​ចិត្តសាស្ត្រ ខាង​សង្គម និង​ខាង​វិញ្ញាណ ដែល​ជាក់លាក់​ចំពោះ​បុគ្គលម្នាក់ៗ ។

បញ្ហា​ដែល​មាន​ជាប់ទាក់ទង​នឹង​ចំនុច​ទាំងបួន ឬ​ចំនុច​ណាមួយ​នៃ​ចំនុច​ទាំងនេះ អាច​នឹង​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​ចុះ​ទន់ខ្សោយ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​បញ្ឈប់​ការប្រើប្រាស់​ការណ៍អាសគ្រាម ។ នៅពេល​ពួកគេ​ព្យាយាម​យល់​អំពី​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​ការណ៍អាសគ្រាម​របស់ពួកគេ នោះ​ពួកគេ​អាច​នឹង​ចាប់ផ្ដើម​ស្គាល់​ពី​ឥទ្ធិពល​ដទៃទៀត​ដែល​ជះឥទ្ធិពល​មក​លើ​ពួកគេ ។ ទោះជា​កម្លាំង​ខាង​វិញ្ញាណ​សំខាន់​ក្ដី ​ក៏​ជាញឹកញាប់ វា​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​ដោះស្រាយ​បញ្ហា​ខាង​ជីវសាស្ត្រ ខាង​ចិត្តសាស្ត្រ និង​ខាង​សង្គម​ក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។ សូម​លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗ​ឲ្យ​រុករក​ចំនុច​ទាំងនេះ និង​ឥទ្ធិពល​ដែល​អាច​មាន​របស់វា ។ ការធ្វើ​ដូចនេះ​អាច​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ទៅរក​ភាពជោគជ័យ​កាន់តែ​ខ្លាំង​ក្នុង​ការ​បញ្ឈប់​ការប្រើប្រាស់​ការណ៍អាសគ្រាម ។

កត្តា​បួនយ៉ាង​ដើម្បី​ពិចារណា

ចំនុច​បួនយ៉ាងអាច​ជួយ​សមាជិក​ឲ្យ​វាយតម្លៃ​ពី​ជម្រៅ​ដែល​ពួកគេ​ជាប់ទាក់ទង​នឹង​ការណ៍អាសគ្រាម​គឺ ៖ ភាពញឹកញាប់ រយៈពេល ភាព​ធ្ងន់ធ្ងរ និង​ការប្រថុយប្រថាន ។ ការយល់ដឹង​អំពី​ចំនុច​ទាំងបួននេះ​អាច​ជួយ​អ្នក បុគ្គល​ទាំងនោះ និង​អស់អ្នក​ដែល​ជិតស្និទ្ធ​នឹង​ពួកគេ​ឲ្យ​ទទួលស្គាល់​ពី​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​របស់ពួកគេ ។

ភាពញឹកញាប់

ភាពញឹកញាប់​សំដៅ​ទៅលើ​ចំនួន​ដង​ដែល​បុគ្គល​នោះ​ចូលរួម​នៅក្នុង​ឥរិយាបទនោះ ។ ការ​មើល​ការណ៍អាសគ្រាម​យូរៗ​ម្ដង បង្ហាញ​ថា​វា​ជាបញ្ហា​មធ្យម តែ​ទង្វើ​នេះ​នៅតែ​ជា​រឿងមិន​សមរម្យ​យ៉ាង​ច្បាស់​ដដែល ។ កាលណា​បុគ្គលនោះ​មើល​ការណ៍អាសគ្រាម​កាន់តែញឹក​ញាប់ប៉ុណ្ណា បញ្ហា​នោះ​នឹង​មាន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។

រយៈពេល

រយៈពេល​ គឺសំដៅ​ទៅលើ​ពេលវេលា​យូរ​ប៉ុណ្ណា​ហើយ​ដែល​បុគ្គល​នោះ​មាន​ឥរិយាបទនោះ ។ បើ​បុគ្គល​ម្នាក់ៗ​មិនអាច​ឈប់មើល​ការណ៍អាសគ្រាម​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ វា​នឹង​ទំនងជា​ពិបាក​ខ្លាំង​សម្រាប់គាត់ ឬនាង​ដើម្បី​យកឈ្នះ​លើ​ឥរិយាបទ​នោះ ជាង​ការណ៍​ដែល​គាត់ ឬនាង​ទើបតែ​បាន​ប្រើប្រាស់​ការណ៍អាសគ្រាម​ក្នុង​រយៈពេល​ខ្លី ។

ភាព​ធ្ងន់ធ្ងរ

ភាព​ធ្ងន់ធ្ងរ​សំដៅ​ទៅលើ​លក្ខណៈ​ដែល​ការ​មើល​សម្ភារនោះ ។ ខណៈ​ដែល​រូបភាព និង​មាតិកានៃ​ការណ៍អាសគ្រាម​ទាំងអស់​គឺជា​រឿង​មិន​ត្រឹមត្រូវ នោះ​ប្រភេទ​នៃ​សម្ភារ​មួយចំនួន គឺ​កាន់តែ​ធ្វើ​ឲ្យមាន​ភាព​ខូចខាតខ្លាំង​ឡើង ។ នៅពេល​អ្នក​ដឹង​អំពី​បញ្ហា​របស់​សមាជិក វា​សំខាន់​ដើម្បី​កត់ចំណាំ​អំពី​ប្រភេទ​នៃ​ការណ៍អាសគ្រាម​ដែល​គាត់ ឬនាង​កំពុង​មើល​នោះ ។

ឧទាហរណ៍ ប្រព័ន្ធផ្សព្វផ្សាយ​ដែល​បង្ហាញ​ពី​សកម្មភាព​ផ្លូវភេទ​គឺ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​រស់រវើក​ជាង​រូបថត​នៃ​បុគ្គល​ដែល​ស្លៀកពាក់​បន្ដិចបន្ដួច ឬ​គ្មានសម្លៀកបំពាក់​សោះ ។ សម្ភារ​អាសគ្រាម​មួយចំនួន​គឺ​មានភាពហឹង្សា ឬ​ជាប់ទាក់ទង​នឹង​កុមារ​តូចៗ ។ បើ​អ្នក​បានដឹង​ពី​ការមើល ការទិញ ឬ​ការ​ចែកចាយ​នៃ​ការណ៍អាសគ្រាម​កុមារ សូមទាក់ទង​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។ មាន បណ្ដាញ​ជំនួយ ​សម្រាប់​ប៊ីស្សព​របស់អ្នក​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​នេះ ។

ការ​ប្រថុយប្រថាន

ទំនោរ ឬ​ឥរិយាបទ​ប្រថុយប្រថាន ជាប់ទាក់ទង​ទៅនឹង​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម គឺជា​ចំនុច​មួយ​ទៀត​ដែល​ប្រាប់​ថា បញ្ហា​នេះ​អាច​នឹង​ធ្ងន់ធ្ងរ​ប៉ុណ្ណា ។ កាលណា​បុគ្គល​នោះកាន់តែចង់​ប្រថុយប្រថាន​ក្នុងការ​មើល​ការណ៍អាសគ្រាម នោះ​ជាទូទៅ​វា​នឹង​កាន់តែ​ពិបាក​សម្រាប់​គាត់ ឬនាង​ក្នុង​ការ​បញ្ឈប់​ការប្រើប្រាស់​វា ។ សកម្មភាព​ប្រថុយប្រថាន​អាច​រួមមាន​ទាំង​ការ​ខកខាន​ទៅរៀន ទៅធ្វើការ ឬ​ការតាំងចិត្ត​ដទៃទៀត ការពាក់ព័ន្ធ​​នឹង​រឿង​ខុសច្បាប់ លាក់កំបាំង ឬ​ឥរិយាបទ​មិន​ទៀងត្រង់ ឬ​សកម្មភាព​ស្រដៀងគ្នា​នោះ ។ ឥរិយាបទ​ប្រថុយប្រថាន​ដែលមាន​ចំពោះ​មជ្ឈិមវ័យ​អាច​នឹងនាំ​ទៅរក​ការ​បាត់បង់​ការងារ ការលែងលះគ្នា ការ​បែកបាក់​គ្រួសារ ឬ​សកម្មភាព​ឧក្រិដ្ឋកម្ម ។