២០១៥
ការជាសះស្បើយ​ពី​អន្ទាក់​នៃ​ការណ៍​អាសគ្រាម
ខែ តុលា ឆ្នាំ ២០១៥


ការជាសះស្បើយ​ពី​អន្ទាក់​នៃ ការណ៍​អាសគ្រាម

យើង​ទាំងអស់​គ្នា​ត្រូវរៀន​ឆ្លើយ​តប​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ព័ត៌មាន​អំពី​ផ្លូវភេទ ។

រូបភាព
Silhouette of a man kneeling in prayer. Rays of light are around him.

ការ​ទៅ​រក​ព្រះអម្ចាស់​ដោយ​បន្ទាប​ខ្លួន ដឹកនាំ​បុគ្គល​ម្នាក់​ឲ្យ​ទទួល​យក​សេចក្តី​ពិត​ជាក់លាក់ ដែល​នៅពេលបាន​យល់​ច្បាស់​ ផ្តល់​ជា​កម្លាំង និង​កំចាត់​ចោល​ភាព​ខ្មាស់អៀនបាន ។

រចនា​រូបភាព​ដោយ DOMI8NIC/ISTOCK/THINKSTOCK

កាល​ពី​មួយ​ទស្សវត្សរ៍​មុន​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ទូទៅ​អំពី​ប្រធានបទ​នៃ​ការណ៍​អាសគ្រាម ។ ខ្ញុំ​បាន​បន្ថែម​ពាក្យ​សម្តី​របស់​ខ្ញុំ​លើ​ពាក្យ​សម្តី​របស់​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ដែល​បាន​ព្រមាន​ប្រឆាំង​នឹង​ការបំផ្លិចបំផ្លាញ​ខាង​វិញ្ញាណ​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការណ៍​អាសគ្រាម ។ ខ្ញុំ​បាន​ព្រមាន​ថា បុរស និង ក្មេងប្រុស​ជាច្រើន​បាន​កំពុង​ត្រូវ​របួស​ដោយសារ​អ្វី​មួយ​ដែល​ខ្ញុំ​ហៅ​ថា « អក្សរសាស្រ្ត​ផ្សព្វផ្សាយ​ខុស​សីលធម៌​នៃ​ទំនាក់ទំនង​ផ្លូវភេទ » ។ ការណ៍​អាសគ្រាម​ប្រើ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង—វា​បំផ្លាញ​ស្មារតី​ខាង​វិញ្ញាណ វា​ធ្វើ​ឲ្យ​សមត្ថភាព​ចុះ​ខ្សោយ​ដើម្បី​អនុវត្ត​អំណាច​បព្វជិតភាព ហើយ​វា​បង្ក​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ដ៏​មាន​តម្លៃ ។

ឥឡូវ​១០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ខ្ញុំ​មាន​អំណរគុណ​ដែល​មនុស្ស​ជា​ច្រើន​បាន​ស្តាប់ ហើយ​ធ្វើ​តាម​ការព្រមាន​របស់​ព្យាការី​បាន​ចៀសវាង ហើយ​បន្ត​ស្អាតស្អំ ព្រមទាំង​ពុំ​ប្រលាក់​នឹង​ការណ៍​អាសគ្រាម​ឡើយ ។ ខ្ញុំ​មាន​អំណរគុណ​ផងដែរ​ដែល​មនុស្ស​ជា​ច្រើន​បាន​ស្តាប់​តាម​ការអញ្ជើញ​របស់​ព្យាការី​ឲ្យ​ងាក​ចេញ​ពី​ការណ៍​អាសគ្រាម កែសម្រួល​ដួងចិត្ត និង ទំនាក់ទំនង​ដែល​ខូចបង់ ហើយ​ឆ្ពោះ​ទៅ​មុន​លើ​មាគ៌ា​នៃ​ភាព​ជា​សិស្ស ។ ប៉ុន្តែ​ខ្ញុំ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ថា មាន​មនុស្ស​ខ្លះ​ក្នុង​ចំណោម​ពួកយើង​បន្ត​ធ្លាក់​ធ្វើ​ជា​ចំណី​នៃ​ការណ៍​អាសគ្រាម ជាពិសេស​យុវជន​របស់​យើង ហើយសូម្បី​តែ​ចំនួន​យុវនារី​ក៏​មាន​ការកើនឡើង​ដែរ ។

មូលហេតុ​ចម្បង​នៃ​បញ្ហា​កើន​ឡើង​នៃ​ការណ៍​អាសគ្រាម​នេះ​គឺ​ថា​ពិភពលោក​បច្ចុប្បន្ន​នេះ ទាំង​ពាក្យ​សម្តី រូបភាព​ដែល​មាន​ផ្ទុក​ព័ត៌មាន​អំពី​ផ្លូវភេទ និង ឥទ្ធពល​របស់​វា​មាន​នៅ​គ្រប់​ទី​កន្លែង ៖ វា​អាច​មាន​នៅ​ក្នុង​ខ្សែភាព​យន្ត កម្មវិធី​ទូរទស្សន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សារ​ជា​អក្សរ ប្រព័ន្ធapp នៅក្នុង​ទូរសព្ទ ការផ្សព្វផ្សាយ សៀវភៅ​ផ្សេងៗ តន្ត្រី និង ការសន្ទនា​រាល់​ថ្ងៃ ។ ជាលទ្ធផល យើង​មិន​អាច​ចៀស​រួច​ដែល​ត្រូវ​ជួប​ប្រទះ​សារ​ផ្លូវ​ភេទ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ។

I. កម្រិតនានា​នៃ​ការពាក់ព័ន្ធ

ដើម្បី​ជួយ​យើង​ទប់ទល់​នឹង​ការរីកចម្រើន​នៃ​ការអាក្រក់​នេះ ខ្ញុំ​ចង់​បង្ហាញ​កម្រិត​នៃ​ការពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ជាមួយ​ការណ៍​អាសគ្រាម​មួយ​ចំនួន​ហើយ​ផ្តល់​យោបល់​ផ្សេងៗ​ដែល​យើង​គួរឆ្លើយតប​ចំពោះ​ការអាក្រក់​និមួយៗ​នោះ ។

កាល​ពី​សម័យ និង កាលៈទេសៈ​ដើម​ឡើយ ការទូន្មាន​របស់​យើង​អំពី​ការណ៍​អាសគ្រាម បាន​ផ្តោត​លើ​គោលការណ៍​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ចៀសវាង​ពី​ការចាប់ផ្តើម​ជួបប្រទះ ឬ ជាសះស្បើយ​ពី​ការញៀន ។ ខណៈ​ដែល​កិច្ចខិតខំ​ទាំងនោះ​នៅ​តែ​សំខាន់ នោះ​បទពិសោធន៍​កាលពី​អតីតកាល និង កាលៈទេសៈ​បច្ចុប្បន្ន បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការទូន្មាន​ដែល​បាន​ផ្តល់​ឲ្យ​ទៅលើ​កម្រិត​នានា​នៃ​ការណ៍​អាសគ្រាម​ដែល​ប្រើ​រវាង​ប្រត្តិកម្ម​នៃ​ការចៀសវាង និង ការញៀន ។ វា​មាន​ប្រយោជន៍​ដើម្បី​ផ្តោត​លើ​កម្រិត​ខុស​គ្នា​បួន​យ៉ាង​នៃ​ការពាក់ព័ន្ធ​ជាមួយ​ការណ៍​អាសគ្រាម ៖ (១) ប្រទះ​ភ្នែក​ដោយ​ចៃដន្យ (២) មើល​ម្តងម្កាល (៣) មាន​បំណង​មើល និង (៤) អន្ទះសា​ចង់​មើល ( ញៀន ) ។

  1. ប្រទះភ្នែក​ដោយ​ចៃដន្យ ខ្ញុំ​ជឿ​ថា​អ្នក​គ្រប់​គ្នា​ធ្លាប់​បាន​ប្រទះភ្នែក​ឃើញ​វា​ដោយ​ចៃដន្យ ។ វា​គ្មាន​បាប​ទេ​ដោយ​សារ​ការណ៍​នេះ​ឡើយ នៅពេល​យើង​ងាកចេញ​ពី​វា ហើយ​កុំ​តាម​មើល​វា​ទៀត ។ វា​គឺ​ដូច​ជា​កំហុស ដែល​ត្រូវស្វែងរក​ការកែតម្រូវ​ជា​ជាង​ការប្រែចិត្ត ។

  2. មើល​ម្តងម្តាល ការមើល​ការណ៍​អាសគ្រាម​បែប​នេះ​អាច​យូរៗ​ម្តង ឬ ក៏​ញឹកញាប់ ប៉ុន្តែ​ដោយ​ពុំ​បាន​តាំងចិត្ត​ឡើយ ហើយ​នោះ​គឺ​ជា​ការណ៍​អាក្រក់​របស់​ការណ៍​អាសគ្រាម ។

    ការណ៍​អាសគ្រាម​បញ្ឆេះ និង ជម្រុញ​ឲ្យ​មាន​កម្លាំង​អារម្មណ៍​ខាង​ផ្លវភេទ ។ អង្គ​បង្កបង្កើត​បាន​ប្រទាន​អារម្មណ៍​ទាំង​នេះ​ដល់​យើង​សម្រាប់​គោលបំណង​ដ៏​ឈ្លាសវៃ​របស់​ទ្រង់ ប៉ុន្តែ​ទ្រង់​ក៏​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដើម្បី​កំណត់​អារម្មណ៍​ទាំង​នោះ​ចំពោះ​បុរស និង ស្ត្រី​ដែល​បាន​រៀបការ​តែ​ប៉ុណ្ណោះ ។ ការណ៍​អាសគ្រាម​បន្ថយ​សារៈសំខាន់​នៃ​ការបង្ហាញ​ទំនាក់ទំនង​ផ្លូវ​ភេទ​សមរម្យ ហើយ​ជម្រុញ​ចិត្ត​ឲ្យ​បង្ហាញ​អារម្មណ៍​ផ្លូវភេទ​ក្រៅ​ចំណង​នៃ​អាពាហ៍ពិពាហ៍ ។ អស់​អ្នក​ដែល​មើល​ការណ៍​អាសគ្រាម​កំពុងតែ​មិន​គោរព​អំណាច​ដ៏​ខ្លាំងក្លា​ដែល​ថា ពួកគេ​អាច​បង្កើត​ជីវិត ឬ បំផ្លាញ​ជីវិត​ឡើយ ។ កុំ​ធ្វើ​ដូច្នោះ​ឡើយ !

    គ្រោះថ្នាក់​ដោយ​ការមើល​ការណ៍​អាសគ្រាម​ដោយ​ចេតនា​មិន​ថា​ជាការជាប់លាប់ ឬ​មិន​ញឹកញាប់​ក្តី តែវា​តែងតែ​ល្បួង​ឲ្យ​មាន​ការមើល​កាន់តែ​ញឹកញាប់ ដែល​ចៀស​មិន​រួច​ពី​ការកើន​ឡើង​នៃ​ការគិត​ជាប់​ជានិច្ច​អំពី​អារម្មណ៍ និង អាកប្បកិរិយ៉ា​ផ្លូវភេទ​ឡើយ ។ អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា រូបភាព​ផ្លូវភេទ​បង្កើត​សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល​ដែល​បង្កើត​អារម្មណ៍​ផ្លូវភេទ ក្រោយ​មក​ជម្រុញ​ឲ្យ​កាន់តែ​ផ្តោត​លើ​អាកប្បកិរិយា​ផ្លូវ​ភេទ ។ អាកប្បកិរិយា​អសីលធម៌​ខាង​ផ្លូវភេទ​គ្រប់​រូបភាព ឬ កម្រិត​ណា​ក៏​ដោយ បង្កើត​អារម្មណ៍​ខ្មាស់អៀន ដែល​យូរៗ​ទៅ​អាច​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ម្នាក់ ។

  3. មាន​បំណង​មើល ការមាន​បំណង​មើល​ការណ៍​អាសគ្រាម​ម្តងហើយ​ម្តង​ទៀត​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ទម្លាប់ « អាកប្បកិរិយា​ដែល​ធ្វើ​ជាប្រចាំ​រហូត​ដល់​មិន​អាច​គ្រប់គ្រង​បាន » ។ ការមើល​ជា​ទម្លាប់ នាំ​ឲ្យ​បុគ្គល​ម្នាក់​ជួបប្រទះ​នូវ​តម្រូវការ​មួយ​ដើម្បី​ភ្ញោច​បន្ថែម​ទៀត ឲ្យ​មាន​ប្រតិកម្ម​ដូច​គ្នា​ដើម្បី​មាន​ភាពត្រេកត្រអាល ។

  4. អន្ទះសា​ចង់​មើល ( ញៀន ) ។ អាកប្បកិរិយា​ញៀន របស់​មនុស្ស​ម្នាក់ នៅពេល​ដែល​បាន​ក្លាយ​ជា « មិន​ឯករាជ្យ » (ជា​ពាក្យ​ពេទ្យ​ដែល​បាន​ប្រើ ចំពោះ​ការប្រើប្រាស់​ថ្នាំ​ញៀន គ្រឿង​ស្រវឹង ការញៀន​នឹង​ល្បែង​ជាដើម ) ដែល​ជា « ការបង្ខំ​ដោយ​ការល្បួង » ដែល « វា​លុប​លើ​អ្វីៗ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ជីវិត » ។II

. សារៈសំខាន់​នៃ​ការយល់​ដឹង​ពី​កម្រិត​ទាំងនេះ

នៅពេល​យើង​ស្គាល់​ពី​កម្រិត​ខុសៗ​គ្នា​ទាំងនេះ នោះ​យើង​ក៏​ស្គាល់​ថា មិនមែន​មនុស្ស​គ្រប់​រូប​ដែល​មើល​ការណ៍​អាសគ្រាម​នឹង​ញៀន​នឹង​វា​នោះ​ទេ ។ ពិតណាស់ យុវជន និង យុវនារី​ភាគច្រើន​ដែល​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម​គឺ​មិនមែន​ជា​ការញៀន​ទេ ។ នោះ​គឺ​ជា​ភាព​ដាច់​ដោយ​ឡែក​មួយ​យ៉ាង​សំខាន់​ដែល​ត្រូវ​ធ្វើ—គឺ​មិនមែន​គ្រាន់តែ​សម្រាប់​ឪពុក​ម្តាយ ឬ ស្វាមី ភរិយា និង អ្នក​ដឹកនាំ ដែល​មាន​បំណង​ដើម្បី​ជួយ​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​អស់​អ្នក​ដែល​ពុះពារ​ជាមួយ​បញ្ហា​នេះ ។ នេះ​គឺ​ជា​ហេតុផល ។

ទីមួយ បើ​កម្រិត​នៃ​ការពាក់ព័ន្ធ​របស់​បុគ្គល​ម្នាក់​កាន់តែ​ជ្រៅ—ចាប់​ពី ការប្រទះភ្នែក​ដោយ​ចៃដន្យ មើល​ម្តងម្កាល ឬ មាន​បំណង​មើល និង អន្ទះសា​ចង់​មើល ( ញៀន )—នោះ​ក៏​កាន់តែ​មាន​ការលំបាក​ដើម្បី​ជាសះស្បើយ​ពី​វា​ផងដែរ ។ បើសិន​អាកប្បកិរិយា​នោះ​ខុស​ពី​ចំណាត់​ថ្នាក់​ដូច​ជាការញៀន នោះ​អ្នក​ប្រើប្រាស់​អាច​គិត​ថា​គាត់​បាត់បង់​សិទ្ធិ​ជ្រើសរើស និង សមត្ថភាព​ដើម្បី​យក​ឈ្នះ​បញ្ហា​នោះ ។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ការដោះស្រាយ​ដើម្បី​ជាសះស្បើយ និង ប្រែចិត្ត​កាន់តែ​ចុះ​ខ្សោយ ។ ម្យ៉ាង​វិញ​ទៀត ការយល់​ច្បាស់​ពី​ជម្រៅ​នៃ​បញ្ហា​មួយ—ដែល​វា​ប្រហែលជា​ជ្រួតជ្រាប ឬ ភ័យខ្លាច​ខ្លាំង—អាច​ផ្តល់​សេចក្តី​សង្ឃឹម និង បង្កើន​សមត្ថភាព​ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ដើម្បី​បញ្ឈប់ ហើយ​ប្រែចិត្ត ។

ទីពីរ រាល់​អាកប្បកិរិយា​ដែល​ពោរពេញ​ដោយ​អំពើ​បាប ការមាន​បំណង​មើល​ការណ៍​អាសគ្រាម​បណ្តេញ​ព្រះវិញ្ញាណ​ចេញ​ឆ្ងាយ ។ មនុស្ស​មួយ​ចំនួន​ដែល​ធ្លាប់​មាន​បទពិសោធន៍​បែប​នេះ នឹង​មាន​អារម្មណ៍​បំផុស​ឲ្យ​ប្រែចិត្ត ។ ទោះជា​យ៉ាង​ណា មនុស្ស​ដទៃ​ទៀត អាច​មាន​អារម្មណ៍​អៀនខ្មាស់ ហើយ​ព្យាយាម​លាក់បាំង​កំហុស​របស់​ខ្លួន​ដោយ​ការបោក​ប្រាស់ ។ ពួកគេ​ក៏​អាច​ចាប់ផ្តើម​មាន​អារម្មណ៍​ខ្មាស់ ដែល​អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ស្អប់​ខ្លួនឯង ។ បើសិន​ការណ៍​នេះ​កើត​ឡើង​មែន នោះ​អ្នក​មើល​ការណ៍​អាសគ្រាម​ចាប់​ផ្តើម​ជឿ​លើ​ការកុហក់​ដ៏​ធំ​របស់​សាតាំង ៖ ថា​នោះ​ជា​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ ឬ បន្ត​ធ្វើ​ដែល​នាំ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​អាក្រក់ មិន​សក្តិសម​នឹង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ និង មិន​អាច​ប្រែចិត្ត​បាន​ឡើយ ។ ការណ៍​នោះ​មិន​ពិត​នោះ​ទេ ។ យើង​មិន​ដែល​នៅ​ឆ្ងាយ​ពេក​ពី​ការឈោង​ជួយ​របស់​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់​ឡើយ ។

ទីបំផុត វា​សំខាន់​ដើម្បី​កុំ​កំណត់​ថា​ការមើល​ការណ៍​អាសគ្រាម​ដោយ​តាំងចិត្ត ឬ ជា​ទម្លាប់​គឺ​ជា​ការញៀន​ឡើយ ព្រោះ​នោះ​មិនមែន​ជា​ការពិពណ៌នា​ត្រឹមត្រូវ​ឡើយ​អំពី​កាលៈទេសៈ ឬ លក្ខណៈ​ពេញលេញ​នៃ​តម្រូវការ​នៃ​ការប្រែចិត្ត និង ការជាសះស្បើយ​ឡើយ ។ ការមានការយល់​ដឹង​កាន់តែ​ប្រសើរ​អំពី​ចំណុច​ណា​មួយ​ដែល​បុគ្គល​នោះ​នៅ​ក្នុង​ដំណើរការ​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការយល់​កាន់តែ​ប្រសើរ​អំពី​វិធានការ​ដែល​ចាំបាច់​ដើម្បី​ជាសះស្បើយ ។

III. ការគេចឲ្យ​ផុត​ពី​ការណ៍​អាសគ្រាម

ឥឡូវ​ចូរ​យើង​ពិចារណា​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​គេច​ឲ្យ​ផុត ហើយ​ជាសះស្បើយ​ពី​អន្ទាក់​នៃ​ការណ៍​អាសគ្រាម ។ ការណ៍​នេះ​មិន​គ្រាន់​តែផ្តល់​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែល​ពុះពារ​យក​ឈ្នះ​លើ​ការមើល​ការណ៍​អាសគ្រាម​នេះ​ឡើយ ប៉ុន្តែ​ក៏​មាន​ប្រយោជន៍​ដល់​ឪពុក​ម្តាយ និង អ្នក​ដឹកនាំ​ដែល​ជួយ​ពួកគេ​ផងដែរ ។ បុគ្គល​ម្នាក់ៗ​នឹង​កាន់តែ​មាន​ភាពជោគជ័យ​ទាំង​ការ​ចៀសវាង និង ជាសះស្បើយ​ពី​ការណ៍​អាសគ្រាម នៅពេល​ពួកគេ​ពិភាក្សា​ពី​ប្រធាន​បទ​ទាំងនេះ​ជាមួយ​ឪពុក​ម្តាយ និង អ្នក​ដឹកនាំ ។

ដោយ​មិន​គិត​ពី​កម្រិត​នៃ​ការពាក់ព័ន្ធ​ក្នុងការ​មាន​បំណង​មើល​ការណ៍​អាសគ្រាម វិធីសាស្ត្រ​ដើម្បី​ជាសះស្បើយ ភាពបរិសុទ្ធ និង ការប្រែចិត្ត​ធ្វើតាម និង តម្រូវ​ឲ្យ​មាន​គោលការណ៍​គ្រឹះ​ដូច​ជា ៖ ការបន្ទាប​ខ្លួន ភាពជាសិស្ស ការតាំងចិត្ត​ធ្វើ​តាម​ផែនការ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្លាស់ប្តូរ ទំនួល​ខុសត្រូវ និង ការគាំទ្រ ព្រមទាំង​ការស៊ូទ្រាំ​ក្នុង​សេចក្តី​ជំនឿ ។

រូបភាព
Silhouettes of a man and woman sitting with their backs together. They are reading scriptures.

ការ​ធ្វើ​តាម​​សេចក្តី​ពិត​ទាំងនេះ ក៏​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​ទទួល​យក​ដើម្បី​រស់នៅ​ដូចជា​សិស្ស​របស់​ព្រះ​អម្ចាស់ ព្រះ​យេស៊ូវ គ្រីស្ទ ហើយ​ការ​ធ្វើ​កិច្ចការអ្វីៗ​ដែលបន្សុទ្ធ និង​ពង្រឹងពួកគេឲ្យ​តទល់​នឹង​ការល្បួង​ទាំង​ឡាយ​នៅ​ថ្ងៃ​ខាងមុខ ។

រចនា​រូបភាព​ដោយ MAJIVECKA/ISTOCK/THINKSTOCK

ក. ការបន្ទាប​ខ្លួន

ដើម្បី​យក​ឈ្នះ​ដ៏​ពិត​លើ​ការណ៍​អាសគ្រាម និង អាកប្បកិរិយា​ដែល​ទាក់ទង​នឹង​វា នោះ​បុគ្គល​ម្នាក់ៗ​ត្រូវតែ​បង្កើន​ការបន្ទាប​ខ្លួន ( សូមមើល អេធើរ ១២:២៧ ) ។ សូម​ត្រឡប់​ទៅ​រក​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន នាំ​ឲ្យ​មនុស្ស​ម្នាក់​ទទួល​យក​ការពិត​ដែល​ច្បាស់លាស់ កាលណាបាន​យល់ដឹង​ពេញលេញ​ហើយ នោះ​វា​ផ្តល់​ជា​កម្លាំង និង បោះបង់​ចោល​ការខ្មាស់អៀន ។ សេចក្តីពិត​ទាំង​នេះ​រួមមាន ៖

  • យើង​ម្នាក់ៗ​គឺ​ជា​កូន​សំណព្វ​របស់​ព្រះវរបិតាសួគ៌ ។

  • ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់ និង ស្គាល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ។

  • ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​អនុវត្ត​ចំពោះ​កូនចៅ​ទាំងអស់​របស់​ព្រះ ។

  • តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​អាច​ត្រូវបាន​អភ័យទោស ហើយ​ទទួល​អំណាច​ដើម្បី​ផ្លាស់ប្តូរ ។

  • យើង​ម្នាក់ៗ​មាន​អំណោយ​ទាន​នៃ​សិទ្ធិ​ជ្រើសរើស​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អំណាច និង កម្លាំង​នៃ​ដង្វាយធួន ។

  • បុគ្គល​ម្នាក់ៗ​ដែល​ពុះពារ​ជាមួយ​ការណ៍​អាសគ្រាម អាច​ប្រើ​សេចក្តី​សង្ឃឹម​មក​ពី​សេចក្តី​ពិត​ដែល​មនុស្ស​ដទៃ​ទៀត​បាន​មាន​ជោគជ័យ​នៅ​ក្នុង​សង្គ្រាម​នេះ ។

  • ការណ៍​អាសគ្រាម​គឺ​ជា​អំពើ​អាក្រក់ ប៉ុន្តែ​ការពាក់ព័ន្ធ​នឹង​វា​មិន​ធ្វើ​ឲ្យ​មនុស្ស​នោះ​អាក្រក់​ឡើយ ។

  • បុគ្គល​ណា​ក៏​ដោយ អាច​គេច​ផុត​ពី​អន្ទាក់​នៃ​ការណ៍​អាសគ្រាម ហើយ​ជាសះស្បើយ​យ៉ាង​ពេញលេញ ប៉ុន្តែ​ការណ៍​នេះ​អាច​ធ្វើ​បាន​តែ​តាមរយៈ​ការប្រើ​អំណាច​នៃ​ដង្វាយធួន​ប៉ុណ្ណោះ ។

  • ការប្រែចិត្ត​ដ៏​ពិត​ពី​ការណ៍​អាសគ្រាម​តម្រូវ​ឲ្យ​ធ្វើ​លើស​ពី​ការគ្រាន់តែ​ឈប់​មើល​វា​ទៅ​ទៀត ។ ការប្រែចិត្ត​បែបនោះ​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​នៃ​ដួងចិត្ត​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។

ការទទួល​យក​សេចក្តី​ពិត​ទាំង​នេះ រៀបចំ​មនុស្ស​ម្នាក់​ខាង​វិញ្ញាណ​ឲ្យ​ធ្វើ​សកម្មភាព​លើ​សេចក្តី​ពិត​ទាំង​នោះ ដែល​នាំ​ឲ្យ​បើក​ទ្វារ​ដើម្បី​ទទួល​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ដែល​ចាំបាច់​ដើម្បី​ប្រែចិត្ត ហើយ​ជាសះស្បើយ ។

ខ. ភាព​ជា​សិស្ស

ការ​លើកដាក់​ខ្លួន​នូវ​សេចក្តីពិត​ទាំង​នេះ ក៏​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​តាំងចិត្ត​សារជា​ថ្មី​ដើម្បី​រស់នៅ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ការណ៍​ទាំងនោះ​ដែល​បរិសុទ្ធ និង ពង្រឹង​ពួកគេ​ដើម្បី​ទប់ទល់​នឹង​ការល្បួង​នៅ​ពេល​ខាង​មុខ ។ ការណ៍​នេះ​មាន​ន័យ​ថា ការតាំងចិត្ត​ចំពោះ​អាកប្បកិរិយា​សាសនា​ផ្ទាល់​ខ្លួន ៖ ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ និង ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ចូលរួម​ការប្រជុំ​នានា​របស់​សាសនាចក្រ បម្រើ តមអាហារ និង ( នៅពេល​មាន​ការអនុញ្ញាត​ពី​ប៊ីស្សព ) ទទួលទាន​សាក្រាម៉ង់ ហើយ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គ. ការតាំងចិត្ត​ចំពោះ​ផែនការ​ផ្ទាល់​ខ្លួន

សិស្ស​ដ៏​រាបទាប​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ងាយ​ទទួល​បាន​ដើម្បី​ទទួល​ស្គាល់​ជម្រៅ​នៃ​អារម្មណ៍ ស្ថានភាព​សង្គម និង បរិស្ថាន​ជុំ​វិញ​ខ្លួន ដែល​ជម្រុញ​ឲ្យ​មាន​ការល្បួង​ដើម្បី​មើល​ការណ៍​អាសគ្រាម ។ ដោយ​បាន​វិភាគ​ពី​កត្តា​ជម្រុញ​ទាំង​នោះ ពួកគេ​អាច​បង្កើន​ផែនការ​គេច​ខ្លួន​ផ្ទាល់​ខ្លួន​មួយ​ដើម្បី​ជួយ​ពួកគេ ៖

  • ទទួល​ស្គាល់​កត្តា​ជម្រុញ និង បំណង​ប្រាថ្នា​នានា​នៅពេល​វា​កើត​មាន​ឡើង ។

  • បង្កើត​សកម្មភាព​ជាក់លាក់​នានា​ដើម្បី​ជួយ​ពួកគេ​ដកថយ​ចេញ​ពី​ការល្បួង​នោះ ។

  • ដឹកនាំ​គំនិត កម្លាំង​សារជាថ្មី​ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់ ។

  • គូស​បង្ហាញ​សកម្មភាព​ជាក់លាក់​នានា​ប្រចាំ​ថ្ងៃ​ដើម្បី​ពង្រឹង​ការតាំងចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​រស់នៅ​ដោយ​សុចរិត ។

នៅពេល​បង្កើន​ផែនការ​ផ្ទាល់​ខ្លួន បុគ្គល​ម្នាក់ៗ​គួរតែ​ប្រើ​ធនធាន​ដ៏​ល្អ​ឥតខ្ចោះ​នានា​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​សាសនាចក្រ ។ ឧទាហរណ៍ គេហទំព័រ​របស់​សាសនាចក្រ OvercomingPornography.org មាន​ព័ត៌មាន​សម្រាប់​បុគ្គល​ម្នាក់ៗ ព្រមទាំង​សមាជិក​គ្រួសារ និង អ្នក​ដឹកនាំ​បព្វជិតភាព​ដែល​គាំទ្រ​ពួកគេ ។ លើស​ពី​នេះ​ទៅ​ទៀត កម្មវិធី​ជាសះស្បើយ​លើ​ការញៀន​របស់​សាសនាចក្រ​គឺ​មាន​សម្រាប់​សមាជិក​ទាំងអស់​គ្នា​ដែល​ពុះពារ​យកឈ្នះ​នឹង​អាកប្បកិរិយា​ញៀន ហើយ​នឹង​ជួយ​ដល់​សមាជិក​គ្រួសារ​របស់​ខ្លួន​ផងដែរ ។

ឃ. ទំនួលខុសត្រូវ និង ការគាំទ្រ

អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដ៏​រាបសារ​ដែល​ទទួល​ស្គាល់​ថា​ពួកគេ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ នឹង​ព្យាយាម​ស្វែងរក​ជំនួយ​ពី​ប៊ីស្សព​របស់​ខ្លួន ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់​ផងដែរ​ដោយ​អ្នក​ដឹកនាំ​បព្វជិតភាព និង អស់​អ្នក​ដែល​កាន់​កូនសោ​ចាំបាច់​ផ្សេង​ទៀត​អាច​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ។ ជាមួយ​នឹង​ការយល់​ព្រម​ពី​បុគ្គល​ដែល​ពាក់ព័ន្ធ ហើយ​បើសិន​ប៊ីស្សព​មាន​អារម្មណ៍​ថា​ត្រូវ​បាន​បំផុស​គំនិត​យ៉ាង​ខ្លាំង នោះ​ប៊ីស្សព​អាច​ហៅ​នរណា​មា្នក់​ឲ្យ​ធ្វើការ​ជាមួយ និង ជួយ​ពួកគេ ។ មិនថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ឡើយ ការទូន្មាន​មក​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) នៅ​តែ​អនុវត្ត ៖

« ទូល​អង្វរ​ជាមួយ​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ព្រលឹង​អ្នក ដែល​ទ្រង់​នឹង​យក​ការញៀន​ដែល​រុំ​ជាប់​នឹង​អ្នក​ចេញ ។ ហើយ​ចូរ​អ្នក​ក្លាហាន​ដើម្បី​ស្វែងរក​ការណែនាំ​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ពី​ប៊ីស្សព​របស់​អ្នក ហើយ​បើ​ចាំបាច់​សូម​ប្រឹក្សា​ជាមួយ​អ្នក​មាន​វិជ្ជាជីវៈ​ដែល​មាន​ការយក​ចិត្ត​ទុកដាក់ » ។

អាស្រ័យ​ទៅលើ​ទំហំ​នៃ​បញ្ហា នោះ​បុគ្គល​ម្នាក់ៗ​អាច​ត្រូវការ​ជំនួយ​ពី​អ្នក​ផ្តល់​ការប្រឹក្សា​ដែល​ទុក​ចិត្ត​បាន មាន​បទពិសោធន៍ ឬ មាន​វិជ្ជាជីវៈ ជា​អ្នក​ដែល​ពួកគេ​អាច​ងាក​ទៅរក​គ្រប់​ពេល ដើម្បី​ត្រូវ​បាន​ពង្រឹង​ក្នុង​ពេល​នៃ​ភាព​ទន់ខ្សោយ ហើយ​ជា​អ្នក​ដែល​អាច​ធ្វើ​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​ចំពោះ​ផែនការ​របស់​ពួកគេ ។

ង. ឆ្ពោះ​ទៅ​មុខ​ដោយ​ជំនឿ

មនុស្ស​ដែល​បាន​ប្រែចិត្ត ហើយ​ត្រូវបាន​ប្រទាន​ពរ​ដើម្បី​យក​ឈ្នះ​លើ​បំណង​ប្រាថ្នា​មើល​ការណ៍​អាសគ្រាម ត្រូវតែ​បន្ត​ការប្រុងប្រយត្ន័ ដោយសារ​មារសត្រូវ​នឹង​នៅ​តែ​បន្ត​ស្វែងរក​ដើម្បី​ធ្វើ​បាប​លើ​ភាពទន់ខ្សោយ​នៃ​ភាព​ជា​មនុស្ស​របស់​ពួកគេ ។ ការប្រទះភ្នែក​ដោយ​ចៃដន្យ​អាចនៅតែ​បន្ត​កើត​ឡើង​ទោះបី​ជា​មាន​កិច្ចខិតខំ​គ្រប់យ៉ាង​ដើម្បី​ចៀសវាង​វា​ក៏ដោយ ។ ក្នុង​មួយ​ជីវិត​របស់​ពួកគេ បុគ្គល​ម្នាក់ៗ​ត្រូវតែ​រៀន​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ផ្លូវ​ភេទ​របស់​ខ្លួន ដែល​ព្រះប្រទាន​ឲ្យ ហើយ​រក្សា​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​បាន​ជ្រះស្អាត ។

IV. សេចក្តី​អាណិតអាសូរ​សម្រាប់​មនុស្ស​ទាំងអស់

ឥឡូវ​នេះពាក្យ​មួយ​ម៉ាត់​ដែល​ទាក់ទង​នឹង​របៀប​ដែល​យើង​អាច​ប្រព្រឹត្តិ​ចំពោះ​អស់​អ្នក​ដែល​ជាប់​អន្ទាក់​នៃ​ការណ៍​អាសគ្រាម​នេះ ។ ពួក​យើង​ទាំងអស់​គ្នា​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អស់​អ្នក​ដែល​ពុះពារ​ជាមួយ​នឹង​ការណ៍​អាសគ្រាម​ត្រូវការ​សេចក្តី​អាណិតអាសូរ និង សេចក្តី​ស្រឡាញ់​របស់​យើង នៅពេល​ពួកគេ​ធ្វើ​តាម​គោលការណ៍​ដ៏​ចាំបាច់ និង ជំហាន​នៃ​ការជាសះស្បើយ​នានា ។ សូម​កុំ​ផ្តន្ទា​ទោស​ពួកគេឡើយ ។ ពួក​គេ​ទាំងនោះ​ពុំ​មែន​ជា​មនុស្ស​អាក្រក់ ឬ មនុស្ស​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ ពួកគេ​គឺ​ជា​បុត្រា និង បុត្រី​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ តាមរយៈ​ការប្រែចិត្ត​ត្រឹមត្រូវ និង ពេញលេញ នោះ​ពួកគេ​អាច​ប្រែជា​ស្អាតស្អំ បរិសុទ្ធ ហើយ​សក្តិសម​សម្រាប់​គ្រប់​សេចក្តី​សញ្ញា និង ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​សន្យា​ដោយ​ព្រះ ។

នៅពេល​ដល់​ឱកាស​រៀប​អាពាហ៍ពិពាហ៍ ខ្ញុំ​សូមលើក​ទឹក​ចិត្ត​ដល់​យុវនារី និង យុវជន​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​ដៃគូ ដើម្បី​ក្លាយ​ជា​គូកន​អស់​កល្ប​ជានិច្ច ត្រូវ​ជា​ម្នាក់​ដែល​ស្អាតស្អំ ហើយ​បរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ហើយ​សក្តិសម​ដើម្បី​ចូលទៅ​ព្រះវិហារ​បរិសុទ្ធ ។ បុគ្គល​ម្នាក់ៗ​ដែល​ប្រែចិត្ត​ជឿ​ពេញលេញ​ពី​ការណ៍​អាសគ្រាម​គឺ​សក្តិសម​ទទួល​ពរជ័យ​ទាំង​នេះ ។

V. សេចក្ដី​បញ្ចប់

ក្នុង​មួយ​ជីវិត​យើង​នេះ យើង​ទាំងអស់​គ្នា​នឹង​ប្រឈម​មុខចំពោះ​អ្វីៗ​ដែល​មាន​ទាក់ទង​នឹង​រឿង​ផ្លូវ​ភេទ ។ ដោយ​មាន​ការណែនាំ​ពី​ព្រះអង្គ​សង្គ្រោះ​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​យើង រួម​ទាំង​ការបញ្ជាក់​មក​ពី​សេចក្តី​សញ្ញា​នៃ​សាក្រាម៉ង់​ដែល​យើង​នឹង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយនឹង​យើង ជានិច្ច ( សូមមើល គ និង ស ២០:៧៧ ) នោះ យើង​នឹង​តែងតែ​ឆ្លើយតប​បាន​យ៉ាង​ត្រឹមត្រូវ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរតែ​ធ្វើ​ដើម្បី​រីករាយ​នឹង​ពរជ័យ​នានា​ពី​ទ្រង់​ជា​អង្គ​ដែល​យើង​ថ្វាយ​បង្គំ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​ទទួល​ភាពសុខសាន្ត​កាន់តែ​ពេញលេញ​ពី​ព្រះអង្គ​សង្គ្រោះ ហើយ​យើង​នឹង​បន្ត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ភាពលើក​តម្កើង​របស់​យើង ។

កំណត់​ចំណាំ

  1. សូមមើល ដាល្លិន អេក អូក « Pornography » Liahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៧–៩០ ។

  2. សូមមើល ដាល្លិន អេក អូក « Sins and Mistakes » Ensign ខែ តុលា ឆ្នាំ ១៩៩៦ ទំព័រ ៦២–៦៧ ។

  3. សូមមើល Donald L. Hilton Jr., M.D., « Pornography Addiction—a Supranormal Stimulus Considered in the Context of Neuroplasticity » Socioaffective Neuroscience and Psychology ភាគ​៣ ( ឆ្នាំ ២០១៣ ) socioaffectiveneuroscipsychol.net/index.php/snp/article/view/20767; see also “Porn Changes the Brain,” fightthenewdrug.org.

  4. Webster’s Encyclopedic Unabridged Dictionary of the English Language ( ឆ្នាំ ១៩៨៩ ) « habit » ។”

  5. American College of Physicians Complete Home Medical Guide ( ឆ្នាំ ១៩៩៩ ) ទំព័រ ៥៦៤ ។

  6. លើស​ពី​នេះ​ទៅ​ទៀត យុវវ័យ និង ឪពុក​ម្តាយ​របស់​ពួកគេ​គួរតែ​និយាយ​ត្រង់ៗ ប៉ុន្តែ​សមរម្យ​អំពី​ការបន្តពូជ​របស់​មនុស្ស ។ យុវវ័យ​ដែល​ឮ​អំពី​រឿង​ផ្លូវភេទ​របស់​មនុស្ស​មក​ពី​មិត្តភក្តិ​របស់​ខ្លួន​ជាជាង​ឪពុក​ម្តាយ​របស់​ពួកគេ​ច្រើនតែ​ព្យាយាម​ស្វែងរក​ព័ត៌មាន​នោះ​តាមរយៈ​ការណ៍​អាសគ្រាម ។

  7. ហ្គរដុន ប៊ី ហ៊ិងគ្លី « A Tragic Evil among Us » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៦២ ។

អាស្រ័យ​ទៅ​លើ​ជម្រៅ​នៃ​បញ្ហាបុគ្គល​ម្នាក់ៗ​អាច​ត្រូវការ​ជំនួយពី​បុគ្គល​ដែល​ទុកចិត្ត និង​មាន​បទពិសោធន៍ ឬ​អ្នក​ប្រឹក្សា​ដែល​មាន​អាជីព ។

រចនា​រូប​ថត​ដោយ អ៊ិនហ្គ្រាម PUBLISHING/ISTOCK/THINKSTOCK