២០១៥
ស្វែងរក​ជំនួយ
ខែ តុលា ឆ្នាំ ២០១៥


ស្វែងរក​ជំនួយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

វា​ជា​យប់​រំលង​អាធ្រាត​ទៅ​ហើយ ប៉ុន្តែ ថេត បាន​ដឹង​ថា វា​គឺ​ជា​ម៉ោង​ដែល​ត្រូវ​និយាយ ។

« ព្រះវរបិតាសួគ៌ ឥឡូវ​ខ្ញុំ​អធិស្ឋាន សូម​ដឹកនាំ ហើយ​ការពារ​ខ្ញុំ រាល់​ថ្ងៃ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៩ ) ។

រូបភាព
Product Shot from October 2015 Liahona

ថេត​ភ្ញាក់​ដឹងខ្លួន​ពាក់កណ្តាល​អាធាត្រ​ដោយ ព្យាយាម​មិន​យំ ។ គាត់​បាន​អធិស្ឋាន​សុំ​ជំនួយ ប៉ុន្តែ​ហាក់បី​ដូច​ជា​មាន​ពពក​ខ្មៅ​ក្រាស់​គ្របដណ្តប់​លើ​គាត់ ដែល​បាត់បាំង​ព្រះវិញ្ញាណ ។

គាត់​បារម្ភ​ថា « តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ភ្លេច​កម្មវិធី​ទូរទស្សន៍​ដ៏​អាក្រក់​នោះ​បាន​ដូច្នេះ ? »

ពីរបី​ថ្ងៃ​មុន គាត់​បាន​បញ្ចប់​កិច្ចការ​សាលា​របស់​ខ្លួន​មុន​ម៉ោង ហើយ​បាន​បើក​ទូរទស្សន៍ ។ ប៉ុន្តែ​គាត់​ពុំ​បាន​គិត​ថា​នឹង​ឃើញ​អ្វី​ដូច នោះ នៅលើ​អេក្រង់​ទូរទស្សន៍​ឡើយ ។ ថេត​បាន​រន្ធត់​ចិត្ត​ថា​គាត់​ភ្លេច​បិទ​ទូរទស្សន៍​ភ្លាម​តាម​ដែល​គាត់​គួរ​បិទ​នោះ​ទេ ។

វា​ជា​ការណ៍​ចៃដន្យ​មួយ ។ គាត់​គ្មាន​បំណង​ចង់​មើល​ឆុតឆាក​បែប​នោះ​ឡើយ ប៉ុន្តែ​ឥឡួវ​នេះ​គាត់​មិន​អាច​ភ្លេច​វា​ឡើយ ។ ពេល​ខ្លះ​វា​បាន​លោត​មក​ក្នុង​ខួរក្បាល​គាត់​នៅពេល​កំពុង​រៀន កំពុង​បរិភោគ—សូម្បី​តែ​នៅ​អំឡុង​ពេល​ប្រជុំ​នៅ​ព្រះវិហារ​ក្តី ។ គាត់​សប្បាយ​ចិត្ត​ដែល​ម្តាយ និង ឪពុក​មិន​ដឹង​ពី​ការគិត​របស់​គាត់​នៅអំឡុង​ពេល​ទាំង​នោះ ។ ឪពុក​ម្ដាយ​របស់​ថេត បាន​បង្រៀន​គាត់​ថា​មិន​ត្រូវ​មើល​រូបភាព​របស់​មនុស្ស​ដែល​មិន​ស្លៀក​សម្លៀកបំពាក់​ឡើយ ។ គាត់​បានដឹង​ថា​ឪពុក​ម្តាយ​គាត់​ក៏​រំពឹង​ផងដែរ​ថា​គាត់​នឹង​ចៀសវាង​ពី​ការមើល​កម្មវិធី​ទូរទស្សន៍ ខ្សែ​ភាពយន្ត​ដែល​ហិង្សា និង វីដេអូ​ហ្គេម​ឡើយ ។

ថេត និយាយ​ងុំៗ​ដាក់​ខ្លួន​ឯង​ថា « ឥឡូវ​ខ្ញុំ​ដឹង​ពី​មូលហេតុ​ហើយ » ។

ថេត​បាន​ចុះ​ពី​លើ​គ្រែ​ហើយ​បាន​លុត​ជង្គង់​ចុះ​ម្តង​ទៀត ។ តើ​គាត់​អាច​ធ្វើ​អ្វី​ខ្លះ ?

« ព្រះវរបិតាសួគ៌​អើយ » ថេត​បាន​ខ្សឹប ។ « សូម​ជួយ​កូន​ឲ្យ​ឈប់​គិត​ពី​អ្វី​ដែល​កូន​បាន​ឃើញ » ។ គាត់​បាន​យក​ដៃ​ជូត​ទឹក​ភ្នែក​ដែល​ដក់​ក្នុង​ភ្នែក​ខ្លួន ហើយ​ស្តាប់ ។ បេះដូង​របស់​គាត់​បាន​លោត​ញាប់​ជាង​មុន ។ គាត់​បាន​គិត​ថា​គាត់​ទទួល​អារម្មណ៍​ពី ការបំផុស​គំនិត​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​នោះ​មិនមែន​ជា​ចម្លើយ​ដែល​គាត់​ចង់​បាន​ឡើយ ។

គាត់​ត្រូវតែ​ប្រាប់​ឪពុក​ម្តាយ​គាត់ ។

« ហេតុអ្វី ? » ថេត​មាន​ការងឿង​ឆ្ងល់ ។ គាត់​មាន​អារម្មណ៍​ថា​ដូច​ជា​កូនក្មេង​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ឪពុក​ម្តាយ​ខ្លួននៅ​ពាក់​កណ្តាល​អាធ្រាត្រ ។ ហើយ ប្រាប់ ពួកគេ​ឬ ? គាត់​មាន​អារម្មណ៍​ខ្មាស់អៀន និង​ឈឺ​ជា​ថ្មី​ម្តង​ទៀត ។

បន្ទាប់​មក​គំនិត​ដ៏​ច្បាស់​មួយ​បាន​ចូល​មក​ក្នុង​គំនិត​គាត់ ៖ ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ឲ្យ​គាត់​រីករាយ ។ ព្រះវរបិតាសួគ៌ មាន​ព្រះទ័យ​ចង់​ឲ្យ​គាត់​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ម្តង​ទៀត ដើម្បី គិត​ពី​រឿង​ល្អៗ ហើយ​ស្មោះត្រង់​ជាមួយ​គ្រួសារ​របស់​គាត់ ។ ទ្រង់​ចង់​ឲ្យ​ថេត​ក្លាយ​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់​ដ៏​សក្តិសម នៅពេល​គាត់​ឈាន​ដល់​អាយុ ១២ ឆ្នាំ​នៅ​ពីរបី​ខែ​ទៀត ។ ថេត បាន​ដឹង​ថា​បើសិន​គាត់​កាន់​ខ្ជាប់​អ្វី​ដែល​គាត់​បាន​ឃើញ ហើយ​ទុក​វា​ឲ្យ​ជា​រឿង​សម្ងាត់ នោះ​គាត់​នឹង​បន្ត​មិន​រីករាយ​អំពី​វា ។

ថេត​បាន​ដឹង​ថា​គាត់​ត្រូវការ​ជំនួយ—ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​គាត់​ពី​កន្លែង​ដែល​អាច​ទទួល​បាន​ជំនួយ ។

ថេត​បាន​មើល​ម៉ោង​លើ​នាឡិកា​ដែល​ចាំង​ព្រាកៗ​នៅ​ជិត​គ្រែ​របស់​ខ្លួន ។ វា​ម៉ោង​ជិត ១:០០ ​ព្រឹក​ទៅ​ហើយ ។ គាត់​បាន​ក្រោក​ឡើង​ហើយ​ដើរ​នៅក្នុង​ផ្ទះ​ដែល​ងងឹត​សំដៅ​ទៅរក​បន្ទប់​របស់​ឪពុក​ម្តាយ​គាត់ ។ ដោយ​ភិតភ័យ​ជា​ខ្លាំង នោះ​គាត់​បាន​គោះ​ទ្វារ​បន្ទប់​របស់​ឪពុក​ម្តាយ​គាត់ ។

« ម៉ាក់ ? ប៉ា ? »

សំឡេង​របស់​ម៉ាក់​ដែល​នៅ​ងងុយ​ដេក​នៅ ឡើយ​បាន​ស្រែក​ថា « ថេត តើ​ជា​កូន​ឬ ? »

« មាន​រឿង​អ្វី​ហ្នឹង​កូន ? » ឪពុក​បាន​សួរ ។

ថេត​បាន​ពោល ថា « បាទ មែនហើយ » ។ « តើ​យើង​អាច​និយាយ​គ្នា​បាន​ទេ ? ហើយ​តើ​ខ្ញុំ​អាច​ទទួល​ការប្រសិទ្ធពរ​មួយ​បាន​ទេ ? »

ឪពុក​បាន​ចុច​កុងតាក់​អំពូល​ភ្លើង​នៅ​ក្បែរ​គ្រែ​គាត់ ហើយ​ឲ្យ​ថេត​ចូល​មក​ក្នុង​បន្ទប់ ។ ដ្បិត​វា​ជា​លើក​ទីមួយ​ហើយ ដែល​ថេត​បាន​ទទួល​អារម្មណ៍​នៃ​ភាពកក់ក្តៅ សេចក្តី​សង្ឃឹម និង ពន្លឺ ។

រចនា​រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន