២០១៥
ការអធិស្ឋាន​របស់​ខ្ញុំ​ទៅ​កាន់​កោះ​រ៉ូតូម៉ា
ខែ តុលា ឆ្នាំ ២០១៥


ការអធិស្ឋាន​របស់​ខ្ញុំ​ទៅ​កាន់​កោះ​រ៉ូតូម៉ា

ចន ខេ ម៉ៅរ៉ នូវ សោស្ស វេលស៍ ប្រទេស អូស្ត្រាលី

( អ្នក​និពន្ធ​បាន​ស្លាប់​ទៅ​ហើយ ) ។

រូបភាព
illustration of a ship at sea

រូបភាព លំអរ ដោយ អេលែន ហ្គាន

« ទូក វ៉េស្ទើរឡែន បាន​ចាកចេញ​កាល​ពី​ម្សិលមិញ » បងស្រីថ្លៃ​ខ្ញុំ​បាន​ប្រាប់ នៅពេល​គាត់​បាន​មក​ទទួល​យើង​នៅ​ព្រលាន​យន្តហោះ​ណាឌី​នៅ​ក្នុង​ប្រទេស ហ្វីជី ។

ខ្ញុំ​សោកស្តាយ ហើយ​ខកបំណង នៅពេល​បាន​ឮដំណឹង​នោះ ។ ទូក អិម វី វ៉េស្ទើរឡែន គឺ​ជា​ទូក​ដែល​នឹង​ត្រូវ​ដឹក​យើង​ទៅ​មើល​បងប្រុស​របស់​ខ្ញុំ​នៅ លើ​កោះ​រ៉ូតូម៉ា ។ រ៉ូតូម៉ា​មាន​ចម្ងាយ​ប្រហែល ៦០០ គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​នៃ​កោះ​វីទី លេវូ ដែល​ជា​កោះ​ធំ​ជាង​គេ​បំផុត​នៃ​ប្រទេស​ហ្វីជី ។ បើសិន​អ្នក​ខក​ជើង​ទូក នោះ អ្នក​ត្រូវតែ​រង់ចាំ​ជា​ច្រើន​ថ្ងៃ ឬ​ជា​ច្រើន​សប្តាហ៍​ដើម្បី​ជើង​ក្រោយ​ទៀត ។

កាល​ពី​មួយ​ឆ្នាំ​មុន​ខ្ញុំ​បាន​ទៅ​កោះ​រ៉ូតូម៉ា ដើម្បី​ជួយ​បង​ប្រុស​របស់​ខ្ញុំ ជួសជុស​ផ្ទះ​របស់​លោក​យាយ​យើង ហើយ​ខ្ញុំ​បាន​ចាកចេញ​ពី​គាត់​មក​ដោយ​សារតែ​ពុំ​ចុះសម្រុង​គ្នា​នឹង​ការងារ​ដែល​ទាក់ទង​នឹង​រឿង​នោះ ។ ឥឡូវ​នេះ​ខ្ញុំ​ចង់​ជួប​មុខ​គាត់​ផ្ទាល់ ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​មាន​ការសោកស្តាយ​ប៉ុណ្ណា​ចំពោះ​រឿង​នោះ ។

មួយ​សប្តាហ៍​ពីមុន អាកាថា​ជា​ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​ជិះ​យន្តហោះ​ពី​អូស្ត្រាលី​ទៅ ប្រទេស​ហ្វីជី ក្មួយស្រី​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​ទូក វ៉េស្ទើរឡែន នឹង​ចេញ​ទៅ​កោះ រ៉ូតូម៉ា​មួយ​ថ្ងៃ​មុន​ថ្ងៃ​កំណត់​ដែល​យើង​ទៅដល់ ។ ភ្លាម​នោះ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​ទូក ហើយ​សូម​អង្វរ​ពួកគេ​ឲ្យ​ពន្យា​ពេល​ធ្វើ​ដំណើរ​ពីរ​ថ្ងៃ ។

ពួកគេ​ឆ្លើយ​ថា « ទេ យើង​មិន​អាច​ធ្វើ​បាន​ទេ ទោះបី​ជា​យើង​ចង់​ធ្វើ​បែប​នេះ​ក៏​ដោយ » ។ « ក្រុមប្រឹក្សា​នៅ​កោះ​រ៉ូតូម៉ា បាន​រៀបចំ​អាហារ​ដ៏​ច្រើន​សម្រាប់​ការស្វាគមន៍ ហើយ​ទូក​នោះ​ត្រូវតែ​ចេញ​ដំណើរ​តាម​ការគ្រោង​ទុក » ។

មាន​គំនិត​មួយ​បាន​ផុស​ក្នុង​ដួងចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​បាន​សម្រេច​ថា​អធិស្ឋាន និង តម​អាហារ ។

ខ្ញុំ​បានអធិស្ឋានថា « ឱ ព្រះវរបិតាសួគ៌ អើយ ទូលបង្គំ​ចង់​ទៅ​ឲ្យ​ទាន់​ទូក​ដើម្បី ធ្វើ​ដំណើរ​ទៅ កោះ រ៉ូតូម៉ា​នោះ​ណាស់ ។ ទូលបង្គំ​ជឿ​ថា​ពួកគេ​មិន​អាច​ពន្យា​ការចេញ​ដំណើរ​មួយ​ថ្ងៃ ឬ ពីរ​ថ្ងៃ​ទេ ប៉ុន្តែ​ទ្រង់​មាន​អំណាច​ដើម្បី​ធ្វើ​ការណ៍​នេះបាន ។ តើ​ព្រះអង្គ​អាច​គ្រាន់តែ​ដក​យក​ខ្ចៅ មួយ​នៅ​កន្លែង​ណា​ក៏​បាន​នៅ​លើ​ទូក ដើម្បី​ឲ្យ​ពួកគេ​អាច​ពន្យា​ពេល​ធ្វើ​ដំណើរ​នេះ ? ទូលបង្គំ​ត្រូវតែ​ទៅ​កោះ រ៉ូតូម៉ា ហើយ​ផ្សះផ្សារ​ជាមួយ​បងប្រុស​របស់​ទូលបង្គំ » ។

បន្ទាប់​ពី​យើង​បាន​ឮ​ដំណឹង​ដ៏​ខកចិត្ត​នេះ នោះ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កំពង់ផែ​ម្ខាង​ទៀត​នៃ​កោះ​នោះ ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​បាន​ដឹង​ថា ម៉ាស៊ីន​ទូក​បាន​ខូច ហើយ​ពុំ​ទាន់​បាន​ចេញ​ដំណើរ​នៅ​ឡើយ ។ ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ស្ថានភាព​នោះ​គឺ​ថា​ម៉ាស៊ីន​ទាំង​មូល—គឺ​មិនមែន​តែ​ខ្ចៅ​មួយ​ឡើយ—ត្រូវតែ​រើរ​ចេញ​ដើម្បី ជួសជុល​ម៉ាស៊ីន​ធ្លាយ​ប្រេង​នោះ ។

នៅពេល​ទូក​បាន​ចេញ​ដំណើរ​មួយ​សប្តាហ៍​ក្រោយ​មក នោះ ខ្ញុំ​បាន​នៅ​លើ​ទូក​នោះ ។ នៅពេល​ខ្ញុំ​បាន​ទៅ​ដល់​កោះ រ៉ូតូម៉ា ខ្ញុំ​បាន​ឱប​បងប្រុស​របស់​ខ្ញុំ ហើយ​សុំទោស ហើយ​យើង​បាន​ស្តារ​ទំនាក់ទំនង​របស់​យើង​ឡើង​វិញ ។ វា​ពិតជា​ថ្ងៃ​ដែល​រីករាយ​យ៉ាង​ខ្លាំង ។

ខ្ញុំ​នឹង​មានអំណរគុណ​ជានិច្ច​ចំពោះ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​នេះ និង ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ វា​គឺ​ជា​ទីបន្ទាល់​ថា​អព្ភូតហេតុ​នៅ​តែ​កើត​មាន​សព្វថ្ងៃ​នេះ ថា​ព្រះវរបិតា​មាន​ព្រះជន្ម​រស់ ហើយ​ឆ្លើយ​តប​ចំពោះ ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​យើង ថា​ការអធិស្ឋាន និង ការតមអាហារ​ជា​ចំណង​រួម​គ្នា ហើយ​ថា​ដំណឹង​ល្អ​ពិត—ទោះបី​ជា​នៅ ក្នុង​ភូមិ​តូច​មួយ​នៅ ផ្នែក​ដ៏​តូច​មួយ​នៃ​កោះ រ៉ូតូម៉ា​ក្តី ។