២០១៥
ការសម្រេច​ចិត្ត​ដ៏​មាន​ជ័យជំនះ​មួយ
ខែ តុលា ឆ្នាំ ២០១៥


ការសម្រេច​ចិត្ត​ដ៏​មាន​ជ័យជំនះ​

នេះ​គឺ​ជា​ឱកាស​របស់​គាត់​ដើម្បី​លេង​ឲ្យ​ក្រុម​ដែល​ឈ្នះ—តើ​ហេតុអ្វី​គាត់​និយាយ​ថា​អត់​លេង​ទៅ​វិញ ?

« ចូរ​ឲ្យ​នឹកចាំ​ពី​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ » ( ម៉ូសាយ ១៣:១៦ ) ។

រូបភាព
Product Shot from October 2015 Liahona

ម៉ារ៉ាន់ដា ប្រញាប់​រត់​ទៅ​ទ្វារ​មុខ ដោយ​មាន​អំណរគុណ​ថា​ផ្ទះ​របស់​នាង​ត្រជាក់​ជាង​កម្តៅ​នៃ​អាកាសធាតុ​រដូវ​ប្រាំង​នៅ​ខាង​ក្រៅ​ផ្ទះ ។ នាង​បែក​ញើស​ជោក​ដោយសារ​ការលេង​បាល់​ឱប​នា​រដូវកាល​នោះ ហើយ​ជ្រួលច្របល់​ដោយសារ​តែ​ក្រុម​បាល់ Teal Turbos បាន​ចាញ់​ការប្រកួត ។ ម្តង​ទៀត ។

ម្តាយ​បាន​កាន់​ទឹក​មួយដប និង ប្រអប់​ក្រូច​ដែល​សល់​ពី​ការប្រកួត​នោះ​ចូល​ទៅ​ក្នុង​បន្ទប់ ។ « ការប្រកួត​របស់កូន​បាន​ល្អណាស់ ។ ធ្វើ​ជា​អ្នក​ចាំ​ទី​នោះ ជា​ការមួយ​លំបាក​ណាស់ » ។

ម៉ារ៉ាន់ដា បាន លេង​បាន​ល្អ—នាង​បាន​ចាប់​បាល់​កុំ​ឲ្យ​ស៊ុត​ចូល​ទី ជាច្រើន​គ្រាប់​ហើយ​បាន​ទាត់​បាល់​កាន់តែ​ខ្លាំង​ជាង​មុន ។ ប៉ុន្តែ​ក្មេង​ស្រី​ដទៃ​ទៀត ភាគច្រើន​នៅ​ក្នុង​ក្រុម​របស់​នាង មិន​ធ្លាប់​លេង​បាល់​ឱប​ពីមុន​ឡើយ ហើយ​ថ្ងៃ​នេះ​គេ​បាន​ប្រកាស​ជា​ផ្លូវការ ៖ ថា​ពួកគេ​បាន​ចាញ់​គ្រប់​ការប្រកួត​ទាំងអស់​ក្នុង​រដូវកាល​នេះ ។

« តើ​ម៉ាក់​ដឹង​ទេ យូរៗ​ម្តង កូន គ្រាន់តែ​ប្រាថ្នា​ថា​កូន​អាច​នៅ​ក្នុង​ក្រុម​មួយ​ដែល​ឈ្នះ ? » ទឹក​ភ្នែក​ពីរបី​តំណក់​បាន​ស្រក់​ពី​ភ្នែក​របស់​ម៉ារ៉ាន់ដា ហើយ​ហូរ​ធ្លាក់​មក​លើ​អាវ​យឺត​ឆ្នូត​បៃតង​ខៀវ​របស់​នាង ។ ខណៈដែល​នាង​ធ្មេច​ភ្នែក​នោះ ទូរសព្ទ​បាន​រោទិ៍​ឡើង ។

ម្តាយ​បាន​លើក​ទូរសព្ទ​ហើយ​មួយ​សន្ទុះ​ក្រោយ​មក​បាន​និយាយ​ថា « គេ​ទូរសព្ទ​មក​រក​កូន » ។

« សួស្ដី ម៉ារ៉ាន់ដា ? នេះ​គឺ​ថម ជា​គ្រូ​បង្វឹក​សម្រាប់​ក្រុម Chili Kickers ។ ខ្ញុំ បាន មើល ការប្រកួត​របស់​ប្អូន​ថ្ងៃ​នេះ ។ ប្អូន​មើល​ទៅ​ដូច​ជា​អស្ចារ្យ​ណាស់​នៅ​ក្នុង​ការប្រកួត​នោះ » ។

បេះដូង របស់ ម៉ារ៉ាន់ដា បាន​ចាប់ផ្តើម លោត ញាប់ ជាង មុន ។ ក្រុម Chili Kickers គឺ​ជា​ក្រុម​បាល់​ឱប​ដ៏​ល្អ​បំផុត​នៅ ក្នុង​សហព័ន្ធ !

« ក្រុម​របស់​យើង​នឹង​ត្រូវ​ទៅ​ប្រកួត​ជើង​ឯក​ប្រចាំ​តំបន់​នៅ​ខែ​ក្រោយ ។ ប្អូន​លេង​បាន​ល្អ​ណាស់​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​ប្អូន​មក​លេង​ជាមួយ​យើង​ដោយ​ធ្វើ​ជា​អ្នក​ចាំទី​បម្រុង » ។

ម៉ារ៉ាន់ដា​រំភើប​យ៉ាង​ខ្លាំង ។ នេះ​ជា​ឱកាស​របស់​នាង​ដើម្បី​លេង​ជាមួយ​ក្រុម​ដែល​ឈ្នះ !

« ខ្ញុំ​ចង់​ទៅ​លេង ! » ម៉ារ៉ាន់ដា បាន​និយាយ ។ ពួកគេ​បាន​និយាយ​ពីរបី​នាទី​អំពី​ការណ៍​លម្អិត​ពីមុន​នាង​ដាក់​ទូរសព្ទ​ចុះ ហើយ​បាន​រត់​ទៅ​បន្ទប់​មួយ​ទៀត ដើម្បី​ប្រាប់​ម្តាយ ។ ទាំង​ម្តាយ​ទាំង​កូន​ចាប់ផ្តើម​សរសេរ​កាលបរិច្ឆេទ​នៃ​ការអនុវត្ត និង ការប្រកួត​នៅ​ក្នុង​កាលវិភាគ​គ្រួសារ ។

ភ្លាម​នោះ ម្តាយ​បាន​ឈប់​សរសេរ ប៊ិច​របស់​គាត់​បាន​រេ​លើ​ប្រឡោះ​បួន​ជ្រុង​នៃ​ប្រតិទិន​នោះ ។

« អូ៎ ។ ម៉ារ៉ាន់ដា​ការប្រកួត​នោះ​នៅ​ថ្ងៃ​អាទិត្យ​ទាំងអស់ ។ មើល​នែ៎ » ។ គាត់​បាន​ចង្អុល​ទៅ​កាលវិភាគ​ប្រកួត ហើយ​បែរ​ឲ្យ​ម៉ារ៉ាន់ដា​ដោយ​ទឹកមុខ​ស្រងូតស្រងាត់ ។ « តើ​កូន​គិត​ថា​យើង​គួរតែ​ធ្វើ​ដូម្តេច ? »

ម៉ារ៉ាន់ដា​ចាប់ផ្តើម​បាក់ទឹក​ចិត្ត នាង​បាន​ខាំមាត់​នៅពេល​នាង​បាន​គិត​ពី​ការសម្រេច​ចិត្ត​របស់​ខ្លួន ។ ម្តាយ​អាច​នឹង​ឲ្យ​នាង​លេង បើសិន​នាង​សុំ ប៉ុន្តែ​នៅពេល​នាង​បាន​គិត​អំពី​ការលេង​នៅ​ថ្ងៃ​អាទិត្យ—ជាពិសេស​ការខកខាន​មិន​បាន​ទៅ​ព្រះវិហារ​នោះ—នាង​មាន​អារម្មណ៍​ធុញ​ថប់​ណាស់ ។ នាង​បាន​ដឹង​ថា ថ្ងៃ​អាទិត្យ​គឺ​សម្រាប់​ទៅ​ព្រះវិហារ ហើយ​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌ ហើយ​នាង​ពិត​ជា​មិន​អាច​ធ្វើ​កិច្ចការ​ទាំង​នោះ​ឡើយ បើនាង​លេង​បាល់​ឱប​នោះ ។

ម៉ារ៉ាន់ដា បាន​និយាយ​ថា « ខ្ញុំ​គិត​ថា​ខ្ញុំ​គួរតែ​ទូរសព្ទ​ទៅ​ប្រាប់​គាត់​វិញ​ថា ខ្ញុំ​មិន​អាច​លេង​បាន​ទេ » ។ នាង​ព្យាយាម​មិន​យំ​ឡើយ ។ ទោះបី​នាង​ដឹង​ថា​វា​គឺ​ជា​ជម្រើស​ល្អ​ក៏​ដោយ វា​ពិបាក​ដើម្បី​បោះបង់​ចោល​នូវ​អ្វី​ដែល​នាង​ចង់​បាន​ខ្លាំង​បំផុត ។

« ហើយ​កូន​ដឹង​ថា​ម៉ាក់​គិត​អ្វី ? » ម៉ាក់​របស់​នាង​បាន​និយាយ​ដោយ​ឱប​នាង​យ៉ាង​ខ្លាំង ។ « ម៉ាក់​គិត​ថា​កូន​គឺ​ជា​ក្មេង​អស្ចារ្យ » ។

នៅពេល​ម៉ារ៉ាន់ដា​អង្គុយ​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា​នា​ថ្ងៃ​អាទិត្យ​នោះ នាង​បាន​គិត​អំពី​ការសម្រេច​ចិត្ត​ដ៏​ល្អ​ដែល​នាង​បាន​ធ្វើ ។ គ្រូបង្វឹក​នោះ​មាន​ការភ្ញាក់ផ្អើល នៅពេល​ម៉ារ៉ាន់ដា បាន​ទូរសព្ទ ហើយ​និយាយ​ថា​នាង​មិន​អាច​លេង​បាល់​ឱប​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ។ គាត់​បាន​ព្យាយាម​ធ្វើ​ឲ្យ​នាង​ផ្លាស់ប្តូរ​ចិត្ត ប៉ុន្តែ​នាង​មិន​បាន​ផ្លាស់ប្តូរ​ការសម្រេច​ចិត្ត​របស់​នាង​ឡើយ ។ ឥឡូវ នៅពេល​នាង​បាន​ស្តាប់​ចម្រៀង និង មេរៀន​ថ្នាក់​កុមារ នោះ​ម៉ារ៉ាន់ដា​បាន​ញញឹម ។ អារម្មណ៍​ដ៏​សុខសាន្ត​នៅ​ក្នុង​ដួងចិត្ត​របស់​នាង​បាន​ប្រាប់​នាង​ថា នាង​កំពុង​នៅ​កន្លែង​ត្រឹមត្រូវ​ហើយ ។ នាង​បានធ្វើ​ការសម្រេច​មួយ​ដ៏​ជោគជ័យ​លើ​អ្វីៗ​ទាំងអស់ ។

រចនា​រូប​ភាព​ដោយ ប្រាដ ធា