គណៈ​ប៊ីស្សព
ជម្លោះ​អាពាហ៍ពិពាហ៍


« ជម្លោះ​អាពាហ៍ពិពាហ៍ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ជម្លោះ​អាពាហ៍ពិពាហ៍ » ធនធាន​ការ​ប្រឹក្សា ។

ជម្លោះ​អាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​មានជោគជ័យ ត្រូវ​សង់ឡើង​នៅលើ​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ស្របតាម​ការ​បង្រៀន​ទាំងឡាយ​របស់ទ្រង់ ។

ដូចជា​នៅក្នុង​ប្រភេទ​នៃ​ទំនាក់ទំនង​នានា នោះ​ចំណង​អាពាហ៍ពិពាហ៍​ក៏​នឹង​មាន​ជម្លោះ​ដែរ ។ ប៉ុន្តែ​ពេលខ្លះ គូស្វាមីភរិយា​ប្រឈម​មុខ​នឹង​ជម្លោះ​តាម​របៀប​ដែល​កាត់បន្ថយ​ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​របស់ពួកគេ ហើយ​វា​បំផ្លាញ​ដៃគូ​ទាំង​ពីរនាក់ ។ ក្នុង​នាមជា​ថ្នាក់ដឹកនាំ អ្នក​គួរ​តែ​គាំទ្រ​ដល់​កិច្ចខិតខំ​ផ្ទាល់ខ្លួន​របស់​គូស្វាមីភរិយា​ដើម្បី​ដោះស្រាយ​ជម្លោះ ជាជាង​ព្យាយាម​ដោះស្រាយវា​ដោយ​ខ្លួន​ឯង ។ សូម​លើក​ទឹកចិត្ត​ឲ្យមាន​ការទទួលខុសត្រូវ និង​ភាព​ស្មោះត្រង់​ ដើម្បីឲ្យ​គូស្វាមីភរិយា​អាច​ទទួល​បាន​ការ​ណែនាំ និង​ការ​ញែកដឹង​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។

ព្យាយាម​យល់

ការ​ជួយដៃគូម្នាក់ៗ​នៅក្នុង​អាពាហ៍ពិពាហ៍​ឲ្យមាន​អារម្មណ៍​ថា អ្នក​ស្ដាប់ និង​យល់​ពី​ពួកគេ អាចជា​រឿង​សំខាន់​ដូចជា​ការ​ប្រឹក្សា​ឯទៀត​ដែល​អ្នក​អាច​ផ្ដល់ឲ្យ​ដែរ ។​ នៅពេល​អ្នកនិយាយ​ជាមួយ​នឹង​គូស្វាមីភរិយា សូមប្រាកដ​ថា​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។ សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​ស្វាមី ឬ​ភរិយា​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ​ដោយ​សន្ដាន​ចិត្តល្អ និង​យកចិត្ត​ទុកដាក់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​នេះ​កាន់តែ​ច្បាស់ និង​ដឹង​ពី​តម្រូវការ​នានា ។ សូម​គ្រាន់តែ​មាន​ឆន្ទៈ​ចំណាយ​ពេល​ដើម្បី​ស្ដាប់​ទៅ​បាន​ហើយ ។

  • តើ​អ្នក​កំពុង​ឆ្លងកាត់​អ្វីខ្លះ​នា​ពេលនេះ ?

  • តើ​មាន​អ្វី​ដែល​ជាកង្វល់​ខ្លាំង​បំផុត​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​ចំពោះ​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​របស់​អ្នក?

  • តើ​អ្នក​បើកចំហ ឬ​មាន​ឆន្ទៈ​នៅក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់អ្នក​ខ្លាំង​ប៉ុណ្ណា​ដែរ ?

  • តើ​អ្នក​ជាប្រភេទមនុស្ស និង​ស្វាមី ឬ​ភរិយា​ដែល​អ្នក​ចង់​ធ្វើ​ដែរ​ឬទេ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កែលម្អ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​អ្នក ?

  • តើ​អ្នក​អាច​ចូលរួម​ចំណែកដើម្បី​ដោះស្រាយ​ជម្លោះ​នៅក្នុង​ទំនាក់ទំនង​របស់អ្នក​ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​ដំណឹងល្អ​អ្វី​ខ្លះ ដែល​អាច​ផ្ដល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ?

  • តើ​អ្នក​មានឆន្ទៈ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ ?

  • តើ​អ្នក​ត្រូវ​ការ​អ្វីខ្លះ​ដើម្បី​អភ័យទោស ឬ​ទទួលបានការ​អភ័យទោស​នៅក្នុង​ទំនាក់ទំនង​របស់អ្នក ?

  • តើ​អ្នក​មាន​ប្រភព​គាំទ្រ និង​ធនធាន​ដទៃទៀត​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ងាក​ទៅរក​ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​អាច​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះគុណ​របស់ទ្រង់ ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​ដល់​គូស្វាមីភរិយា សូមប្រាកដ​ថា​ពួកគេ​យល់​ពី​ការទទួលខុសត្រូវ​របស់ពួកគេ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់ពួកគេ ។ សូម​បង្ហាញ​សេចក្ដីស្រឡាញ់ និងការខ្វល់ខ្វាយ​ចំពោះ​គូស្វាមីភរិយា​ដោយ​ត្រឹមត្រូវ នៅពេល​អ្នក​ពិចារណា​អំពី​យោបល់​មួយ​ចំនួន​ដូច​ខាងក្រោម ។

សូម​គូសបញ្ជាក់​អំពី​ការទទួលខុសត្រូវ​នីមួយៗ ដែល​ដៃគូ​ម្នាក់ៗ​ត្រូវ​មាន​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ ។ គូស្វាមីភរិយា​ដែល​វាយតម្លៃ​ដោយ​ស្មោះត្រង់​អំពី​ឥរិយាបទ​ផ្ទាល់ខ្លួន​របស់ពួកគេ ហើយ​ដែល​បោះជំហាន​ដ៏​ចាំបាច់​ភ្លាមៗ​ដើម្បី​ប្រែចិត្ត និង​កែលម្អ អាច​ទទួលបាន​ការ​ព្យាបាល​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់ពួកគេ ។

  • សូមជួយ​ទាំង​ស្វាមី និង​ភរិយា​ឲ្យ​ទទួលស្គាល់​ថា គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្ដូរ​នរណា​ម្នាក់​ទៀត​បានទេ ប៉ុន្តែ​ដោយ​សេចក្ដីជំនឿ ការខិតខំ និង​ជំនួយមក​ពី​ព្រះ នោះ​មនុស្ស​ម្នាក់ៗ​អាច​ទទួល​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ផ្ទាល់ខ្លួន​របស់ពួកគេ ។

    សូម​លើក​ទឹកចិត្ត​ទាំង​ស្វាមី និង​ភរិយា​ឲ្យ​ចៀសវាង​ពី​ការទាមទារ​តាម​របៀប​ផ្ទាល់ខ្លួន​របស់​ពួកគេ និយាយអំពី​សីលធម៌​យ៉ាងខ្លាំង ឬ​ការ​ស្វែងរក​ភស្ដុតាង ។

    សូម​ជួយ​ទាំង​ស្វាមី និង​ភរិយា​ឲ្យ​ពិចារណា​អំពី​អារម្មណ៍​របស់​ដៃគូ​ខ្លួន​នៅក្នុង​ទំនាក់ទំនង​នេះ ហើយ​ព្យាយាម​មាន​ក្ដីអាណិត​អាសូរ​ដល់​គ្នា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​របស់ពួកគេ​ជាមួយ​គ្នា ។

សូម​ជួយ​គូស្វាមីភរិយា​ឲ្យ​ពិចារណា​អំពី​រឿង​ដែល​ពួកគេ​នៅតែ​ខឹង​នឹង​ដៃគូ​របស់​គេ​នៅឡើយ ដែល​ពួកគេ​ត្រូវ​អភ័យទោស​ឲ្យ ។

ត្រូវ​ប្រាកដ​ថា​ទាំង​ស្វាមី និង​ភរិយា​មាន​អារម្មណ៍​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​អាពាហ៍ពិពាហ៍​ដោយ​បើក​ចំហ ។ ពេលខ្លះ​ជាជាង​ការជជែក​វែកញែក​ដោយ​ផ្ទាល់ នោះ​ស្វាមី ឬ​ភរិយា​អាច​មិន​ចង់​និយាយ​ពី​រឿង​អ្វីមួយ ដោយសារ​តែ​គាត់ ឬនាង​មិនមាន​អារម្មណ៍​សុវត្ថិភាព​ខាង​រូបកាយ ឬ​ខាង​សតិអារម្មណ៍​ ។

  • សូម​ជួយ​ទាំង​ស្វាមី និង​ភរិយា​ឲ្យ​យល់​ថា គាត់ ឬ​នាងអាច​ទទួល​បាន​ការ​បំផុសគំនិត​ដើម្បី​ដាក់​ព្រំដែន​ច្បាស់លាស់​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ និង​នៅក្នុង​គេហដ្ឋាន ។

  • សូម​ប្រាប់​ឲ្យ​ច្បាស់​ថា ទាំង​ស្វាមី និង​ភរិយា​មានការ​ទទួលខុសត្រូវ​ចំពោះ​ឥរិយាបទ​ផ្ទាល់ខ្លួន​របស់គាត់ ឬនាង ហើយ​ថា​គាត់ ឬ​នាង​មិនគួរ​ស៊ូទ្រាំ​នឹង​ឥរិយាបទ​រំលោភបំពាន​នោះទេ ។

  • បើ​អ្នក​បានដឹង​អំពី​ការរំលោភ​បំពាន​ណាមួយ សូមទាក់ទង​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។ បណ្តាញ​ជំនួយ គឺ​មាន​សម្រាប់​ប៊ីស្សព​ផងដែរ ។ សូម​យោង​ទៅលើធនធាន ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនរងគ្រោះ ) និងធនធាន ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនល្មើស )

បើ​ដៃគូ​អាពាហ៍ពិពាហ៍​ត្រូវការ​ជំនួយ​បន្ថែម សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យទទួល​បាន​ជំនួយ​ដែល​មានវិជ្ជាជីវៈ​ជាមួយគ្នា នៅពេលណា​ដែលអាច​ធ្វើទៅបាន ដើម្បី​ការពាររាល់​ការ​យល់ខុស​រវាង​គ្នា ហើយ​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​ទៀងត្រង់​ទាំងស្រុង ។

គាំទ្រ​គូស្វាមីភរិយា និង​គ្រួសារ

ជម្លោះ​អាពាហ៍ពិពាហ៍​ជះឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​ទាំងអស់ ។ សូម​កំណត់​អំពី​ឥទ្ធិពល​នៃ​ជម្លោះ​នេះ​ទៅលើ​សមាជិក​គ្រួសារ​ដទៃទៀត ហើយ​ដោះស្រាយ​បញ្ហា​ដែល​ជាប់​ទាក់ទង​ដែល​ជា​លទ្ធផល​មកពី​ជម្លោះ​នេះ ។

សូម​គាំទ្រ​លំនាំ​ទំនាក់ទំនង​ល្អ ( សូមមើល « Communicating with Love » ការពង្រឹង​អាពាហ៍ពិពាហ៍ ៖ ធនធាន​ណែនាំ​សម្រាប់​គូស្វាមីភរិយា [ ឆ្នាំ ២០០៦ ] ទំព័រ ៤, ៧ ) ។

  • ជួយ​គូស្វាមីភរិយា​ឲ្យ​ទទួលស្គាល់ និង​ផ្លាស់ប្ដូរ​លំនាំ​នៃ​ទំនាក់ទំនង​អវិជ្ជមាន និង​បំផ្លិចបំផ្លាញ ដូចជា​ការ​រិះគន់ ឬ​ការប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ដោយ​មិន​គោរព ។

  • លើកទឹកចិត្ត​គូស្វាមីភរិយា​ឲ្យ​អភ័យទោស​ឲ្យបានឆាប់ ហើយ​ស្វែងរក​ការអភ័យទោស​ពី​គ្នា​ទៅវិញ​ទៅមក ។

  • ជួយ​គូស្វាមីភរិយា​ឲ្យប្រើពាក្យ « ខ្ញុំ » ជាជាង​ពាក្យ « អ្នក » ។ ឧទាហរណ៍ « ខ្ញុំ​មាន​អារម្មណ៍​ថា​ពុំ​មាន​ទំនុកចិត្ត ហើយ​គ្មាន​ក្ដីស្រឡាញ់ នៅពេល​ខ្ញុំ​មិន​ឮ​អ្វី​មកពី​អ្នក » ជំនួស​ឲ្យពាក្យ « អ្នក​មិន​ស្រឡាញ់​ខ្ញុំ » ។ ឬ « ខ្ញុំ​មានអារម្មណ៍​​ថា ខ្ញុំ​មិន​អាច​ធ្វើបាន​តាម​ការ​រំពឹងទុក​របស់អ្នក​រហូត » ជំនួស​ឲ្យ​ពាក្យ « អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ថា ខ្ញុំ​មិនអាច​ធ្វើ​អ្វីៗត្រូវ​ទាល់តែ​សោះ » ។

សូម​ប្រឹក្សា​ដល់​ស្វាមី និង​ភរិយា​ឲ្យ​ប្រព្រឹត្ត​ចំពោះគ្នា​ទៅវិញ​ទៅមក​ក្នុង​នាម​ជា​ដៃគូ​ស្មើគ្នា ។

  • លើក​ទឹកចិត្ត​គូស្វាមីភរិយា​ឲ្យស្មោះត្រង់ បើកចំហ និង​គោរព​គ្នា​ទៅវិញ​ទៅមក ។

  • លើក​ទឹកចិត្ត​គូស្វាមីភរិយា​ឲ្យចែកចាយ និង​ផ្ដល់​លទ្ធភាព​ឲ្យ​ទទួលបាន​ព័ត៌មាន​សំខាន់ និង​ជាប់ទាក់ទង ។

  • លើក​ទឹកចិត្ត​គូស្វាមីភរិយា​ឲ្យធ្វើការ​សម្រេចចិត្ត​ជា​ឯកច្ឆន្ទ​ក្នុង​នាម​ជា​គូស្វាមីភរិយា ។

  • លើក​ទឹកចិត្ត​គូ​ស្វាមីភរិយា​ឲ្យ​ចៀសវាង​ពី​ការអនុវត្ត​តាម​វប្បធម៌ ឬ​តាម​ប្រវត្តិសាស្ត្រ ដែល​ស្វាមី ឬ​ភរិយា​គ្រប់គ្រង​លើ​ដៃគូ​ម្នាក់​ទៀត ឬ​ប្រព្រឹត្ត​ចំពោះ​ដៃគូ​ខ្លួន​តាម​របៀប​មួយ​ដែល​បង្ហាញ​ថា​ដៃគូ​អាពាហ៍ពិពាហ៍​ខ្លួន​មិន​សូវ​សំខាន់ ។ ការ​អនុវត្ត​ទាំងនេះ​គឺ​ផ្ទុយទៅ​នឹង​គោលការណ៍​ដំណឹងល្អ ហើយ​គូស្វាមីភរិយា​គួរ​តែ​ជំនួស​វា​ដោយ​គំរូ​នៃ​ឥរិយាបទ​ត្រឹមត្រូវ​វិញ ។

សូម​ជួយ​គូស្វាមីភរិយា​ឲ្យ​វាយតម្លៃ​លំនាំ​នៃ​សេចក្ដីជំនឿ​របស់ពួកគេ ព្រំដែន​គ្រួសារ និង​ការ​អនុវត្ត​ដទៃទៀត ។

  • ពិភាក្សា​អំពី​ការ​ចូលរួម​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​របស់​គ្រួសារ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ប្រចាំ​សប្ដាហ៍ ការអធិស្ឋាន​ជា​គ្រួសារ និង​ផ្ទាល់ខ្លួន ព្រមទាំង​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​ទទួលទាន​អាហារ​ជាគ្រួសារ ។

  • ពិភាក្សា​អំពី​របៀប​ដែល​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឧបករណ៍​អេឡិចត្រូនិច​របស់​គូស្វាមីភរិយា អាច​ជះឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​របស់ពួកគេ ។

  • ប្រឹក្សា​ជាមួយ​នឹង​គូស្វាមីភរិយា​ដើម្បី​កំណត់ព្រំដែន​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច ។ លើក​ទឹកចិត្ត​ដៃគូ​ទាំងពីរ​ឲ្យចែកចាយ​លេខសម្ងាត់ រក្សា​តម្លាភាព​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ចៀសវាង​កុំ​ឲ្យ​មាន​បទពិសោធន៍​ប្រើប្រាស់​អ៊ីនធឺណិត​លាក់កំបាំង​ណាមួយ​ឡើយ ។

  • លើក​ទឹកចិត្ត​ទាំង​ស្វាមី និង​ភរិយា​ឲ្យ​ចៀសវាង​ពីការទាក់ទង​ជាមួយ​អ្នកដទៃទៀត​តាម​របៀប​ដែល​អាច​នឹង​ក្បត់​ទំនុកចិត្ត​ដ៏ពិសិដ្ឋ​របស់​ដៃគូ​របស់គាត់ ឬនាង ឬ​មាន​បង្ហាញ​ពីភាព​មិនត្រឹមត្រូវ ។

បើ​មាន​កូនៗ​នៅ​ក្នុង​គ្រួសារ នោះ​ពួកគេ​អាច​មានអារម្មណ៍​​តានតឹង និង​អន្ទះសា​អំពី​ទំនាក់ទំនង​របស់​ឪពុកម្ដាយ​របស់ពួកគេ ។ ជួយ​ពួកគេ​ជាមួយ​នឹង​បញ្ហា​ដែល​ពួកគេ​អាច​នឹង​ប្រឈម​មុខ ។

  • ជួយ​គូស្វាមីភរិយា​ឲ្យ​យល់​អំពី​ឥទ្ធិពល​ដែល​ការ​មិន​ចុះសម្រុង​ដោយ​ការទាស់ទែង និង​ជម្លោះ​នេះ​មាន​ទៅលើ​កូនៗ​របស់ពួកគេ ។

  • លើក​ទឹកចិត្ត​គូស្វាមីភរិយា​ឲ្យ​ប្រាប់​ដល់​កូនៗ​របស់ពួកគេ​ទទួល​ស្គាល់​ដោយ​ត្រឹមត្រូវ​អំពី​ជម្លោះ​អាពាហ៍ពិពាហ៍​ណាមួយ ការណ៍នេះ​នឹង​ជួយ​ធានា​ថា​កូនៗ​របស់ពួកគេ​មិន​ទុក​ចោល​ឲ្យ​ប្រឈមមុខ​នឹង​ឥទ្ធិពល​នៃ​ជម្លោះ​ដោយ​ខ្លួន​ឯង​នោះឡើយ ។

  • អញ្ជើញ​គូស្វាមីភរិយា​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​កូនៗ​របស់ពួកគេ​ម្នាក់ៗ តាម​អាយុ​ត្រឹមត្រូវ អំពី​អ្វី​ដែល​គូស្វាមីភរិយា​កំពុង​ធ្វើ​ដើម្បី​ដោះស្រាយ​ជម្លោះ ។

  • បើ​អ្នក​បាន​ដឹងអំពី​ការ​រំលោភបំពាន​លើ​កុមារ ឬ​អំពើហឹង្សា​ក្នុង​គ្រួសារ សូមទាក់ទង​ទៅកាន់​អាជ្ញាធរ​ស៊ីវិល​ជាបន្ទាន់ ។ ប៊ីស្សព​ក៏​មាន​បណ្ដាញ​ជំនួយ ដែល​គាត់​អាច​ទូរសព្ទ​សុំ​ជំនួយ​ចំពោះ​ស្ថានភាព​ទាំងនេះ​បាន​ដែរ ។

សូម​អញ្ជើញ​គូស្វាមីភរិយា​ឲ្យ​កំណត់​អំពី​ធនធាន​ដែល​មាន ដែល​អាច​ជួយ​ពួកគេ​កែលម្អ​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក និង​ជាមួយ​កូនៗ​របស់ពួកគេ ។

  • អញ្ជើញ​គូស្វាមីភរិយា​ធ្វើ​បញ្ជី​ទេពកោសល្យ ជំនាញ ទំនាក់​ទំនង ធនធាន សមាជិក​គ្រួសារ និង​ធនធាន​ដទៃទៀត​ដែល​គូស្វាមី​ភរិយា​អាច​ទាញ​យក​មក​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ជម្លោះ​ក្នុង​អាពាហ៍ពិពាហ៍​បាន​ ។

  • ប្រឹក្សា​ជាមួយ​គូស្វាមីភរិយា​ដើម្បី​ចៀសវាង​ពីការ​ស្វែងរក​ធនធាន ឬ​មនុស្ស​ដែល​នៅតែ​ម្ខាង​នៃ​ជម្លោះ ឬ​ការ​ទាស់ទែង​ជាក់លាក់​មួយ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

បន្ទាប់ពី​ទទួល​បាន​ការ​អនុញ្ញាត​របស់​គូស្វាមីភរិយា​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​ជាមួយ​អ្នកដទៃទៀត សូមពិចារណា​សួរ​ថ្នាក់ដឹកនាំ​វួដ ឬ​មនុស្ស​ជាទីទុកចិត្ត​ដទៃទៀត​ឲ្យផ្ដល់​ការ​គាំទ្រ ការណែនាំ និង​ជំនួយ​ជា​បន្ដ​បន្ទាប់ ។

សូម​ពិចារណា​ធ្វើ​ការ​បង្កើត​ថ្នាក់បន្ថែម ក្រៅពី​ការ​ប្រជុំ​ក្នុង​សាសនាចក្រ ឬ​ការ​ឲ្យ​អ្នក​ណែនាំ​ទៅ​ជួប​នឹង​គូស្វាមីភរិយា​ដោយ​ប្រើ​វគ្គ​សិក្សា​អំពី ការពង្រឹង​អាពាហ៍ពិពាហ៍ និង ការពង្រឹង​ដល់​ក្រុមគ្រួសារ វគ្គ​សិក្សា និង​ឯកសារ​វគ្គ​សិក្សា​នានា ។

នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព សូម​កំណត់​ពី​ស្វាមី​ភរិយា​មួយ​គូ​ដែលជា​ទីទុកចិត្ត ដែល​អាច​នឹង​ជា​អ្នកណែនាំ​ដល់​​គូស្វាមីភរិយា​នេះ និង​ជួយ​គាំទ្រ​ដល់​ពួកគេ ។ ជាពិសេស នៅពេល​ដែល​គូស្វាមីភរិយា​ណែនាំ​នេះ​មាន​ភាពជោគជ័យ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ ប៉ុន្តែ​រាល់​គូស្វាមីភរិយា​ដែល​មានភាព​ចាស់ទុំ​ខាង​វិញ្ញាណ​គ្រប់រូប​ដែល​មាន​ចិត្ត​មេត្តាករុណា អាច​ផ្ដល់​នូវ​ការ​គាំទ្រ​ដោយ​ការ​យក​ចិត្ត​ទុកដាក់​បាន ។

សូម​ពិចារណា​នាំ​គូស្វាមីភរិយា​ទៅ​រក​ជំនួយ ឬ​ការ​ប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ ។ សូម​ស្វែងរក​ធនធាន​នានា​ក្នុង​មូលដ្ឋាន​ដែល​មាន​សេវា​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

  • សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែល​មាន ) អាច​ផ្ដល់​ការ​ពិគ្រោះ​សម្រាប់​ថ្នាក់ដឹកនាំ ហើយផ្ដល់​យោបល់​អំពី​ធនធាន​នៅក្នុង​សហគមន៍​របស់អ្នក ។