គណៈ​ប៊ីស្សព
គាំទ្រ​ដល់​ស្វាមី​ភរិយា​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម


« គាំទ្រ​ដល់​ស្វាមី​ភរិយា​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« គាំទ្រ​ដល់​ស្វាមី​ភរិយា​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម » ធនធាន​ការ​ប្រឹក្សា ។

គាំទ្រ​ដល់​ស្វាមី​ភរិយា​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម

ការប្រើប្រាស់​ការណ៍អាសគ្រាម ជាញឹកញាប់​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ស្វាមី ឬ​ភរិយា​នៃ​អ្នកប្រើប្រាស់​នោះ ។ ស្វាមី ឬ​ភរិយា​អាច​មាន​អារម្មណ៍​ថា​ខឹង អស់សង្ឃឹម និង​ត្រូវ​អ្នក​ប្រើប្រាស់នោះ​ក្បត់ ។ បន្ថែមពី​លើនោះ អារម្មណ៍​នៃការភ័យ តក់ស្លុត ឈឺចាប់​ខ្លាំង ទុក្ខព្រួយ និង​សោកសៅ ក៏ដូចជា​កំហឹង ឬ​ការធ្លាក់​ទឹកចិត្ត​គឺ​ជា​រឿងទូទៅ ។ ជាញឹកញាប់ ស្វាមីភរិយា​មាន​អារម្មណ៍​ខ្មាសអៀន​ខ្លាំង ហើយ​មាន​ចម្ងល់​អំពី​តម្លៃ​ផ្ទាល់ខ្លួន​គេ ។ ស្វាមីភរិយា​មួយចំនួន​ថែម​ទាំង​អាច​នឹង​មាន​រោគសញ្ញា​ខាង​រាងកាយ ដូចជា​ជំងឺ ការឈឺ​បេះដូង ឬ​ដើមទ្រូង​ដែល​ពុំ​អាច​ពន្យល់បាន ឈឺក្បាល ឬ​ពុំ​អាច​ដេកលក់​ជាដើម ។

ពួកគេ​ក៏​អាច​មានអារម្មណ៍​ថា​ព្រះ​បោះបង់​ពួកគេ ហើយ​ងឿង​ឆ្ងល់​ថា​ទ្រង់​អាច​ទុក​ឲ្យ​រឿងនេះ​កើត​ឡើង​ចំពោះ​គេ​ដោយ​របៀបណា ។ មិនមែន​ស្វាមី​ភរិយា​គ្រប់រូប​នឹង​មាន​ប្រតិកម្ម និង​ឆ្លើយតប​តាម​របៀប​ដូចគ្នា​នេះ​នោះទេ ។ បញ្ហា​អាពាហ៍ពិពាហ៍​ដទៃទៀត ឬ​ភាពញឹកញាប់ ឬ​រយៈពេល​នៃ​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម អាច​នឹង​មានឥទ្ធិពល​ទៅលើ​ប្រតិកម្ម​របស់ពួកគេ និង​ទំហំនៃ​ការ​ឆ្លើយ​តប​របស់ពួកគេ ។

ស្វាមីភរិយា​អាច​នឹង​ស្ទាក់ស្ទើរ​ដើម្បី​ប្រាប់​នរណា​ម្នាក់​អំពី​អារម្មណ៍ និង​បញ្ហា​ខាងវិញ្ញាណ​របស់ពួកគេ ហើយពេល​ខ្លះ​ជ្រើសរើស​រងទុក្ខ​ដោយស្ងាត់ៗ​ជាជាង​ឈោង​ទៅរក​ជំនួយ ឬ​ការ​គាំទ្រ ។ នៅពេល​ពួកគេ​ស្វែង​រកជំនួយ ជាញឹកញាប់​ស្វាមីភរិយា​ទាំងនោះ​ត្រូវការ​នរណា​ម្នាក់​ឲ្យ​ស្ដាប់ពួកគេ​ដោយយកចិត្ត​ទុកដាក់ ហើយផ្ដល់​ការ​គាំទ្រ និង​ក្ដីមេត្តាករុណា ។ ជាញឹកញាប់ ស្វាមីភរិយា​អាច​នឹង​ស្មាន​ដោយ​មិនត្រឹមត្រូវ​ថាបញ្ហា​នោះ គឺជា​កំហុស​របស់ពួកគេ ដូច្នេះ​ពួកគេ​អាច​ត្រូវការ​ជំនួយ​ដើម្បីយល់​ថា ពួកគេ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ឥរិយាបទ​របស់​អ្នកប្រើប្រាស់​ឡើយ ។

ព្យាយាម​យល់

ការ​ជួយស្វាមី ឬ​ភរិយា​របស់​បុគ្គល​ដែល​ប្រើ​ប្រាស់​ការណ៍​អាសគ្រាមឲ្យ​មាន​អារម្មណ៍​ថា អ្នក​ស្ដាប់ និង​យល់ពី​ពួកគេ អាចជា​រឿង​សំខាន់​ដូចជា​ការ​ប្រឹក្សា​ឯទៀត​ដែល​អ្នក​អាច​ផ្ដល់ឲ្យ​ដែរ ។​ ការ​ស្ដាប់​ដោយ​ក្ដីអាណិត​អាសូរ នឹង​ផ្ញើ​ជាសារលិខិត​ដ៏​មាន​អានុភាព​ចំពោះស្វាមី ឬ​ភរិយានោះ​ថា មានគេ​ស្រឡាញ់ គាំទ្រ និង​យកចិត្តទុកដាក់​ដល់​គាត់ ឬនាង ។ សូម​ព្យាយាម​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។ សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​ក្នុង​ការសួរ​នូវ​សំណួរ​ទាំងនេះ​ដើម្បី​ជួយ​អ្នកឲ្យ​យល់​ពី​ស្ថានភាព​របស់​ស្វាមី ឬ​ភរិយា​នោះ​បាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​តម្រូវការ​របស់​គាត់ ឬនាង ។ សូម​មាន​ឆន្ទៈ​ដើម្បី​ចំណាយពេល​ស្ដាប់​ស្វាមី ឬ​ភរិយា​នោះ​ពេល​គាត់​បង្ហាញ​ពីភាព​ភ័យខ្លាច ការសង្ស័យ និង​កង្វល់ ។

ស្វាមី ឬ​ភរិយា​ម្នាក់​អាច​នឹង​មានអារម្មណ៍​កក់ក្ដៅ​ជាង​ដើម្បី​និយាយ​អំពី​ស្ថានភាព​នេះ បើ​គាត់ ឬនាង​មាន​មិត្តម្នាក់ ឪពុក ឬ​ម្ដាយ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជាទីទុកចិត្ត​មាន​វត្តមាន​នោះ ។ សូម​ប្រាកដ​ថា​ស្វាមី ឬ​ភរិយា​ដឹង​ថា​គាត់ ឬនាង​អាច​ឲ្យមនុស្ស​គាំទ្រ​ម្នាក់​មាន​វត្តមាន​ជាមួយ​បាន ។ សូម​ពិចារណាសួរ​នូវសំណួរ​ដូច​ខាង​ក្រោមនេះ​ដោយ​យកចិត្ត​ទុកដាក់ និង​ក្ដីស្រឡាញ់ ៖

  • តើ​ស្ថានភាព​បច្ចុប្បន្ន​នេះយ៉ាងម៉េច​ដែរ ហើយ​តើ​អ្នកកំពុង​ឆ្លងកាត់​អ្វីខ្លះ ?

  • តើ​អ្វីខ្លះជា​រឿង​រកាំរកុះចិត្ត​បំផុត​អំពី​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​របស់​ស្វាមី ឬ​ភរិយា​របស់អ្នក ?

  • តើមាន​អ្វី​ដែល​ជាកង្វល់​ខ្លាំង​បំផុត​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​នាពេល​ឥឡូវនេះ ?

  • តើ​ការណ៍អាសគ្រាម​ជះឥទ្ធិពល​លើ​អ្នក និង​គ្រួសារ​អ្នកយ៉ាង​ដូចម្ដេច​ដែរ ( បញ្ហា​គ្រួសារ បញ្ហា​សុខភាព ជាដើម ) ?

  • តើ​បច្ចុប្បន្ននេះ​អ្នក​ងាក​ទៅរក​ប្រភព​គាំទ្រ​អ្វីខ្លះ ?

  • តើ​ស្វាមី ឬ​ភរិយា​របស់អ្នក​បើកចិត្ត និង​ស្មោះត្រង់​យ៉ាងណាដែរ ទាក់ទង​នឹង​បញ្ហា​ជាមួយ​នឹងការណ៍អាសគ្រាម​នេះ ?

  • តើ​អ្នក​បើកចិត្ត ឬ​មាន​ឆន្ទៈ​ខ្លាំង​ប៉ុណ្ណា​ដែរ នៅក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់អ្នក ?

  • តើ​មាន​អ្វីខ្លះទៀត​ដែល​ខ្ញុំ​គួរ​តែ​ដឹង​អំពី​ស្ថានភាព​នេះ ?

  • តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យស៊ូទ្រាំ​នឹង​ការ​សាកល្បងនេះ​ដោយ​របៀប​ណា ?

បើ​អ្នក​បានដឹង​ពី​ការរំលោភបំពាន អំពើហឹង្សា​ក្នុង​ផ្ទះ ឬ​ការ​មើល ការទិញ ឬ​ការ​ចែកចាយ​នៃ​ការណ៍អាសគ្រាម​កុមារ សូមទាក់ទង​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។ ប៊ីស្សព​មាន បណ្តាញ​ជំនួយ បន្ថែម ដែល​ពួកគាត់​អាច​ទូរសព្ទ​ទៅ​នៅ​ក្នុងស្ថានភាព​ទាំងនេះ ។

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នកជួយ​ស្វាមី ឬ​ភរិយានោះ សូមពិចារណា​ប្រើ​នូវ​យោបល់​មួយចំនួន​ដូច​ខាងក្រោម​នេះ ។

សូម​សង្កត់ធ្ងន់​លើ​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ប្រទាននូវ​ការព្យាបាល​ផ្ទាល់​ខ្លួន​ដល់​ស្វាមី ឬ​​ភរិយា​របស់​អ្នក​ដែល​មាន​បញ្ហា​នឹង​ការណ៍អាសគ្រាម​នោះ ( សូមមើល អាលម៉ា ៧:១១ និង ម៉ាថាយ ១១:២៨–៣០ ) ។

  • អញ្ជើញ​ស្វាមីភរិយា​ឲ្យសិក្សា​អំពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​បម្រើ​ដល់​អស់​អ្នក​ដែល​ឆ្លងកាត់​រឿង​អាក្រក់​នានា និង​របៀប​ដែល​ទ្រង់​អាចជួយ​ព្យាបាល​ពួកគេ ។

  • ជួយ​ស្វាមី ឬ​ភរិយា​ឲ្យយល់ និង​មានសេចក្ដី​ជំនឿ​ទៅលើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ជាពិសេស​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

  • លើក​ទឹកចិត្ត​ស្វាមី ឬ​ភរិយា​ឲ្យ​ស្វែងរក​ការប្រសិទ្ធពរ​បព្វជិតភាព ។

សូម​ផ្ដល់​ការ​គាំទ្រ​ដើម្បី​ជួយ​គាត់​ឲ្យ​គ្រប់គ្រង​អារម្មណ៍​ឈឺចាប់ ។

  • បង្ហាញ​សេចក្តី​ស្រឡាញ់ និងការខ្វល់ខ្វាយ​របស់​អ្នក​ចំពោះ​គាត់ ឬនាង​ម្នាក់ៗ ព្រម​ទាំង​ស្វាមី ឬ​ភរិយា និង​កូនៗ​របស់​គាត់ ឬនាង​ផងដែរ ។

  • ជួយ​ស្វាមី ឬ​ភរិយា​ឲ្យយល់​ថា ការសម្រេច​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម ពុំ​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​ព្រះ​ទតមើល​មកលើ​ស្វាមី ឬ​ភរិយា​ម្នាក់ៗ​នោះឡើយ ។

  • បញ្ជាក់​ឲ្យ​ច្បាស់​ថាគាត់​ពុំទទួលខុសត្រូវ​ចំពោះ​ការប្រើប្រាស់​ការណ៍​អាសគ្រាម ឬ​ឥរិយាបថ​អាក្រក់របស់​ស្វាមី​ឬ​ភរិយា​គាត់​ទេ ហើយ​គាត់ពុំ​ត្រូវបាន​រំពឹង​ឲ្យ​ស៊ូទ្រាំ​នឹង​ឥរិយាបថ​រំលោភ​បំពាន​នេះ​ឡើយ ។ បើ​អ្នក​បានដឹង​អំពីការ​រំលោភ​បំពាន​ណាមួយ សូម​ទាក់ទង​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។

  • រំឭក​ដល់ស្វាមី ឬ​ភរិយា​អំពី​តម្លៃ និង​គុណតម្លៃ​របស់​គាត់ ឬនាង ។

  • លើក​ទឹកចិត្ត​ស្វាមី​ឬ​ភរិយាឲ្យ​ជួប​នឹង​ប៊ីស្សព បើ​គាត់ ឬនាង​ពុំទាន់​បានធ្វើ​នៅឡើយ​នោះ ។

សូម​អញ្ជើញ​ស្វាមី ឬ​ភរិយា​ឲ្យ​មើលធនធាន​សម្រាប់​គូស្វាមីភរិយា និង​គ្រួសារ​អំពី « AddressingPornography » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សូម​ជួយ​ស្វាមី ឬ​ភរិយា​ឲ្យ​យល់​ថា គាត់ ឬនាង​អាច​ទទួល​បាន​ការបំផុស​គំនិត​ផ្ទាល់​ខ្លួន ដើម្បី​ដឹង​ពី​របៀប​កំណត់​ព្រំដែន​ច្បាស់លាស់​នៅក្នុង​ទំនាក់ទំនង​នេះ និង នៅក្នុង​​គេហដ្ឋាន ។

  • អញ្ជើញ​គាត់​ឲ្យ​សិក្សា « គោលការណ៍ ៨ ៖ រឹងមាំ និង​ខ្ជាប់ខ្ជួន » នៅក្នុង Support Guide: Help for Spouses and Family of Those in Recovery ( មាននៅក្នុងវគ្គ « Addiction Recovery » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ដើម្បី​ជួយ​គាត់ ឬនាង​ឲ្យ​យល់​អំពី​របៀប​ដើម្បី​កំណត់ព្រំដែន​ដែល​អាច​ជួយ​ស្ដារ​របៀប​រៀបរយ​នៅក្នុង​ជីវិត និង​គេហដ្ឋាន​បាន ។

  • សូម​ជួយ​ស្វាមី ឬ​ភរិយា​ឲ្យយល់​ថា គាត់ ឬនាង​មាន​សិទ្ធិ​ដើម្បី​មាន​ភាពទៀងត្រង់​ទាំងស្រុង គ្មាន​ការណ៍អាសគ្រាម​ក្នុង​គេហដ្ឋាន ហើយ​មានឥរិយាបទ​ជាច្រើនទៀត ដែលជួយ​ធ្វើ​ឲ្យ​មានភាព​សុខសាន្ដ និង​សាមគ្គីភាព ។

  • ជួយ​គាត់ ឬនាង​ឲ្យយល់​ថា គាត់ ឬនាង​អាច​សម្រេចចិត្ត និង​ពិភាក្សា​ជាមួយ​ស្វាមី ឬ​ភរិយា​របស់គាត់ ឬនាង​ថា តើ​គាត់ ឬនាងចង់​ដឹង​អំពី​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​នោះខ្លាំងប៉ុណ្ណា ( ដូចជា​លក្ខណៈ​ រយៈពេល និង​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហានេះ ) ។ ការ​បើក​បង្ហាញ​យ៉ាង​ពេញលេញ​អាច​នាំ​ទៅ​រក​ដំណើរការ​នៃ​ការ​ព្យាបាល ។

សូម​ជួយ​ស្វាមី ឬ​ភរិយា​ឲ្យ​រក​មិត្ត ឬ​សមាជិក​គ្រួសារ​ជាទីទុកចិត្ត​ម្នាក់ ដែលអាច​ផ្ដល់​ការ​គាំទ្រ​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ពេល​ជាទៀងទាត់ នៅពេល​គាត់ ឬនាង​ព្យាយាម​ស្វែងរក​ភាព​សុខសាន្ដ និង​ស្ថេរភាព​ក្នុង​ជីវិត​របស់គាត់ ឬនាង ។

  • នៅពេល​សមរម្យ សូម​លើក​ទឹកចិត្ត​ស្វាមី ឬ​ភរិយា​ឲ្យនិយាយ​ជាមួយ​នឹង​អ្នកដទៃ​ដែល​នឹង​មិន​បង្អាប់​ដល់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម ឬ​ជំរុញ​ឲ្យ​ស្វាមី ឬ​ភរិយា​ធ្វើ​ការ​វិនិច្ឆ័យភ្លាមៗ ឬ​ធ្វើការ​សម្រេច​ចិត្ត​ដ៏​អាក្រក់ ។

  • នៅកន្លែង​ណា​ដែល​មាន ជាញឹកញាប់ ការ​ប្រជុំ​គាំទ្រ​ដល់​ស្វាមី ឬ​ភរិយា និងគ្រួសារ​ជា​កន្លែង​ដ៏ល្អ​មួយ​ដើម្បី​មាន​អារម្មណ៍ថា​ត្រូវបាន​គេ​គាំទ្រ បាន​ស្ដាប់ឮ និង​មាន​សុពលភាព ហើយ​ស្វែងរក​កម្លាំង​នៅក្នុង​ព្រះគ្រីស្ទ​តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

សូម​ជួយ​គាត់ ឬនាង​ឲ្យយល់​ថា ការ​អភ័យទោស​ឲ្យ​ស្វាមី ឬ​ភរិយា​គឺជា​ដំណើរការ​មួយ ហើយ​ថា​គាត់ ឬនាង​អាច​ទទួល​បាន​ការ​បំផុសគំនិត​ផ្ទាល់ខ្លួន​ដើម្បី​ដឹងពី​របៀប និង​ពេលណា​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​នេះ ។

  • លើក​ទឹកចិត្ត​ដល់ស្វាមី ឬ​ភរិយា​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​ដំណើរ​ការ​នៃ​ការ​ព្យាបាល​ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​ពួកគេ ដែល​អាច​នឹង​ចំណាយពេល​ច្រើន ហើយ​នឹង​ឯករាជ្យ​ពី​ការព្យាបាល​របស់​អ្នក​ប្រើប្រាស់ ។ ចូរ​កុំ​ព្យាយាម​ប្រញាប់ប្រញាល់ ឬ​គ្រប់គ្រង​ដំណើរការ​ឡើយ ។ សូម​អនុញ្ញាត​ឲ្យ​គាត់ ឬនាង​សម្រួល​អារម្មណ៍​ដោយ​ខ្លួនឯង និង​ដោះស្រាយ​បញ្ហា​នានា​ដែល​ទាក់ទង​ទៅនឹង​ស្ថានភាព​ពីមុន​ការ​ពិភាក្សា​អំពីការ​អភ័យទោស ។

  • រំឭក​ដល់​ស្វាមី ឬ​ភរិយា​ថា ជានិច្ចកាល​ការផ្ដល់​ការអភ័យទោស​ពុំ​មានន័យ​ថា​ផ្ដល់​ទំនុកចិត្ត​នោះទេ ។ ការទុកចិត្ត​អាច​នឹង​កើត​មានឡើង​នៅពេល​ក្រោយ ឬ​ពុំ​មានសោះ ដែល​វាអាស្រ័យ​ទៅលើ​ការជ្រើសរើស និង​ឥរិយាបទ​នាពេល​អនាគត ។ ទំនុកចិត្ត​នឹង​ស្ថាបនាឡើងវិញ នៅពេល​អ្នកប្រើប្រាស់​ការណ៍អាសគ្រាម​ធ្វើការ​ព្យាបាលខ្លួនឯង ហើយស្វាមី ឬ​ភរិយា​នឹងមើល​ឃើញ​ពី​ភាព​ព្យាយាម និង​ការ​តាំង​ចិត្ត​ដើម្បីផ្លាស់ប្ដូរ​របស់​អ្នកប្រើប្រាស់​នោះ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​គួរតែ​ប្រុងប្រយ័ត្ន​មិនត្រូវ​សន្និដ្ឋាន​ថា ទំនាក់ទំនង​រួម​ប្រតិព័ទ្ធ​ពី​អតីតកាល​របស់​ស្វាមីភរិយា​នេះ ជាហេតុ​ដែល​នាំឲ្យ​ស្វាមី ឬ​ភរិយា​ជាប់ទាក់ទង​នឹង​ការណ៍អាសគ្រាម​នេះ​ឡើយ ។ ទោះជាយ៉ាងណា​ក៏ដោយ ការប្រើប្រាស់​ការណ៍អាសគ្រាម​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​រួមប្រតិព័ទ្ធ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​គួរតែ​ចៀសវាង​ពី​ការ​ផ្ដល់​ការ​ប្រឹក្សាអំពី​បញ្ហា​រួមប្រតិព័ទ្ធ ហើយ​នៅពេលណា​ត្រូវការ​ជំនួយ​រឿងនោះ សូម​ប្រឹក្សា​ជាមួយនឹង​សេវាកម្មគ្រួសារ ឬ​អ្នកជំនាញ​គាំទ្រ​ខាង​សង្គម និង​ខាង​សតិ​អារម្មណ៍​ដទៃទៀត ហើយ​ណែនាំ​គូស្វាមីភរិយា​ទៅកាន់​អ្នក​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ។​

គាំទ្រ​ដល់​គ្រួសារ

ចូរ​កំណត់​អំពី​ឥទ្ធិពល​នេះ​ទៅលើ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ហើយ​ដោះស្រាយ​រាល់បញ្ហា​នានា ។

បើ​ដៃគូ​អាពាហ៍ពិពាហ៍​ត្រូវ​ការ​ជំនួយ​បន្ថែម សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទទួល​ជំនួយ​ដែល​ពួកគេ​ត្រូវការ​រៀងៗ​ខ្លួន ​ព្រម​ជាមួយ​នឹង​ជំនួយ​ក្នុងនាមជា​ដៃគូ​អាពាហ៍ពិពាហ៍ ។

បើ​មានកូនៗ​ក្នុងគ្រួសារ​ដឹង​អំពី​បញ្ហានេះ សូមជួយ​ឪពុក​ម្ដាយ​របស់ពួកគេ​ឲ្យដឹង​ថា វាជា​ទំនួលខុសត្រូវ​របស់ពួកគេ​ដើម្បី​ណែនាំ និង​ថែទាំ​ដល់​កូនៗ ហើយ​ជួយ​កូនៗ​តាម​ចាំបាច់ ។

សូមព្យាយាម​ជួយ​ដល់អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម​នៅក្នុង​ដំណើរការ​នៃ​ការ​ព្យាបាល​ខាង​វិញ្ញាណ​របស់​គាត់ឬនាង ។ ធនធាន​អំពី ការញៀន និង​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​វគ្គ « Addressing Pornography » នៅលើ​គេហទំព័រ ChurchofJesusChrist.org និងគេហទំព័រ កម្មវិធី​ព្យាបាល​ការ​ញៀន អាចនឹងមាន​ប្រយោជន៍ នៅពេល​អ្នក​ជួយ​បុគ្គល​ដែល​មាន​បញ្ហា​នឹង​ការណ៍អាសគ្រាម​នោះ​ឲ្យ​យល់ដឹង​អំពី​ការ​ទទួលខុសត្រូវ​របស់គាត់ ឬនាង​ដើម្បី​ដោះស្រាយ​ឥរិយាបថ​នោះ ។

សូម​លើកទឹកចិត្ត​ដល់​បុគ្គល​​ដែល​ប្រើប្រាស់​ការណ៍​អាសគ្រាម​នោះ ឲ្យ​មាន​ទំនួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​គាំទ្រ​ដល់​ស្វាមី ឬ​ភរិយា​របស់​ខ្លួន ។ សូមមើល​ធនធាន​អំពី​ការប្រើប្រាស់​ការណ៍អាសគ្រាម​សម្រាប់​ព័ត៌មាន​បន្ថែម ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

បន្ទាប់ពី​ទទួល​បាន​ការ​អនុញ្ញាត​ពីភាគី​ទាំងពី​ខាង​ស្វាមីឬភរិយា​ និង​បុគ្គល​ដែល​ប្រើប្រាស់​ការណ៍អាសគ្រាម​ឲ្យ​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃ​ហើយ សូមពិចារណា​ធ្វើ​ការ​សម្របសម្រួល​នឹង​ថ្នាក់ដឹកនាំ​វួដ ឬ​មនុស្ស​ជាទីទុកចិត្ត​ដទៃទៀត​ឲ្យផ្ដល់​ការ​គាំទ្រ ការណែនាំ និង​ជំនួយ​ជា​បន្ដ​បន្ទាប់ ។

សូម​កំណត់ពី​មនុស្ស​ជាទីទុកចិត្ត​ម្នាក់​ដែលអាច​នឹង​គាំទ្រ​ដល់​ស្វាមី ឬ​ភរិយា​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម​នោះ ។ ជាពិសេស អ្នកគាំទ្រ​នេះ​ធ្លាប់​មានជោគជ័យ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ស្រដៀងគ្នានេះ ប៉ុន្តែ​រាល់បុគ្គល​ដែល​ចាស់ទុំ​ខាង​វិញ្ញាណ​គ្រប់រូប​ដែលមានចិត្ត​មេត្តាករុណា អាច​ផ្ដល់​នូវ​ការ​គាំទ្រ​ដោយការ​យកចិត្តទុកដាក់​បាន ។

សូម​អញ្ជើញ​ស្វាមី ឬ​ភរិយា​ឲ្យ​ចូលរួម​ក្នុង​ក្រុម​មូលដ្ឋាន​ដែល​គាំទ្រ​ដល់​គូស្វាមី​ភរិយា និង​សមាជិក​គ្រួសារ​របស់​ពួកគេ ។

  • សូមមើល​គេហទំព័រ កម្មវិធី​ព្យាបាល​ការ​ញៀន ( វគ្គ « Addiction Recovery » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​ការប្រជុំ​ក្រុម​គាំទ្រ​ដល់​គូស្វាមី​ភរិយា​ក្នុង​មូលដ្ឋាន ដែល​ធ្វើឡើង​ដោយ​ការជួប​ទល់មុខ​ផ្ទាល់ ឬ​ការប្រជុំ​តាម​រយៈ​ទូរសព្ទ ។

  • បើ​គ្មាន​ការ​ប្រជុំ​ដូចនេះទេ សូមពិចារណា​ធ្វើការ​ទាក់ទង​ទៅប៊ីស្សព​ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ប្រជុំ​មួយ​ចាប់​ផ្ដើម​មានឡើង ឬ​ប្រើ​ក្រុម​គាំទ្រ​ក្នុង​សហគមន៍ ។

សូម​គិត​ពី​ការបញ្ជូន​ស្វាមី ឬ​ភរិយា​ដែល​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម​ទៅ​កាន់​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ជួយ ឬ​ផ្តល់​ការប្រឹក្សា ។ សូម​ស្វែងរក​ធនធាន​នានា​ក្នុង​មូលដ្ឋាន​ដែល​មាន​សេវា​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។