គណៈ​ប៊ីស្សព
អ្នក​ផ្សព្វផ្សាយសាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះវិញ​មុន​ពេល​កំណត់


« អ្នក​ផ្សព្វផ្សាយសាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះវិញ​មុន​ពេល​កំណត់ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« អ្នក​ផ្សព្វផ្សាយសាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះវិញ​មុន​ពេល​កំណត់ » ធនធាន​ការ​ប្រឹក្សា ។

អ្នក​ផ្សព្វផ្សាយសាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះវិញ​មុន​ពេល​កំណត់

អ្នក​ផ្សព្វផ្សាយសាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះវិញ​មុន​ពេល​កំណត់ ឬ​បញ្ចប់​បេសកកម្ម​របស់ពួកគេ​មុនពេល​កំណត់ អាច​ជួប​នឹង​ការលំបាក​ប្លែកៗ ។ នៅពេល​ពួកគេ​បាន​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម​របស់​ពួកគេ ហើយ​បានចេញ​ទៅ​បម្រើ នោះ​ពួកគេ​ទំនងជា​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​ដ៏មហិមា ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ នៅពេល​ពួកគេ​ត្រឡប់មក​ផ្ទះវិញ​មុនពេល​កំណត់​មិនថា​ដោយ​មូលហេតុអ្វី​នោះ​ទេ ( ឧទាហរណ៍ បញ្ហា​សុខភាព​ខាង​រាងកាយ ឬ​ផ្លូវ​ចិត្ត ឬ​អំពើរំលង ) នោះ​ពួកគេ​អាចមាន​អារម្មណ៍​ខកចិត្ត ខ្មាសអៀន ឬ​បាក់ទឹកចិត្ត ។ ពួកគេ​អាច​ងឿង​ឆ្ងល់​ពី​ការបំផុសគំនិត​ដែល​​បានដឹកនាំ​ពួកគេ​ឲ្យ​បម្រើ​បេសកកម្ម ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់​ទាំង​នេះ អាច​បារម្ភ​ពី​ទស្សនៈ​របស់​មនុស្ស​ដទៃ​ដែល​មាន​មក​លើ​ពួកគេ ឬ​សូម្បី​តែ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ​ផងដែរ ។ ពួកគេ​អាច​មាន​អារម្មណ៍​ថា ពួកគេបាន​បរាជ័យ ឬ​ពុំ​ស័ក្ដិសម ហើយ​អាច​វិនិច្ឆ័យ​ខ្លួន​ពួកគេ​ដោយ​ភាពអវិជ្ជមាន ។ ពួកគេ​អាច​នឹង​មានអារម្មណ៍​បាត់បង់ ឬ​អាចនឹង​ឆ្លងកាត់​ដំណាក់កាល​នៃ​ទុក្ខសោក​ផ្សេងៗ​ផងដែរ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់ ត្រូវការ​កិច្ចខិតខំ​រួម​គ្នា​របស់​គ្រួសារ មិត្តភក្ដិ ថ្នាក់ដឹកនាំ និង​សមាជិក​វួដ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នេះ ។ សូម​ឈោងទៅជួយ​ដោយ​ក្ដីស្រឡាញ់​ដើម្បី​លួងលោម​ចិត្ត លើក​ទឹកចិត្ត ហើយ​មើល​ថែ​ចំពោះ​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ និងគ្រួសារ​របស់ពួកគេ។ សូម​លើកទឹកចិត្ត​អ្នក​ផ្សព្វផ្សាយសាសនា​នោះ គ្រួសារ​របស់គាត់ ឬនាង និង​សមាជិក​វួដ​ឲ្យ​ហៅ​គាត់ ឬនាងថា « អ្នកត្រឡប់​មកពី​បេសកកម្ម​វិញ » ហើយ​ពុំ​មែនថាជា « អ្នកត្រឡប់​មក​មុន​ពេល​កំណត់ » ឬ « អ្នកផ្សព្វផ្សាយសាសនា​ដោះលែង​មុនពេល​កំណត់ » ឡើយ ។ ជម្រើស​ពាក្យនេះ អាច​ជួយ​កាត់បន្ថយ​ស្លាកស្នាម​ដែល​ទាក់​ទង​ទៅនឹង​ការ​ដោះលែង​មុនពេល​កំណត់​បាន ។

ព្យាយាម​យល់

នៅពេល​អ្នក​និយាយ​ជាមួយ​នឹងបុគ្គល​ម្នាក់ៗ សូមប្រាកដ​ថា​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះនឹង​ធ្វើ​ដែរ ។ ដោយសារ​តែ​ស្ថានភាព​នានា​មាន​ភាព​ខុសគ្នា ហើយ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ​មានភាព​ផ្សេងៗគ្នា នោះ​សូម​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​សំណួរ​ទាំងនេះ ដើម្បី​ជួយ​អ្នកឲ្យ​យល់​អំពី​កង្វល់​របស់អ្នក​ផ្សព្វផ្សាយសាសនា​​នោះ​ឲ្យបាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​សេចក្ដីត្រូវការ​របស់​គាត់ ឬនាង ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​អំពី​បេសកកម្ម​របស់​អ្នក ?

  • តើ​អ្នក​ទទួល​បាន​ពរជ័យ​អ្វីខ្លះមកពី​ការ​បម្រើ​របស់អ្នក ?

  • តើ​អ្វីជា​កង្វល់ ឬ​ការ​ព្រួយបារម្ភ​ធំបំផុត​របស់អ្នក​ក្នុង​ពេលនេះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​អំពី​ការ​ដោះលែង​របស់អ្នក ?

  • តើ​គ្រួសារ​របស់អ្នក​ឆ្លើយតប​ទៅនឹង​ការ​ដោះលែង​របស់អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​មាន​ផែនការ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​ត្រឡប់​មក​ផ្ទះវិញ​នេះ ?

  • តើ​អ្នក​បាន​ទទួល​ធនធាន​គាំទ្រ​អ្វីខ្លះ ?

  • តើ​មេរៀន​ទាំងឡាយ​ដែល​អ្នកបាន​រៀន​នៅក្នុង​បេសកកម្ម​អាច​ពង្រឹង​អ្នក​នៅក្នុង​អំឡុង​គ្រា​ផ្លាស់ប្ដូរ​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​នឹង​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច​ដែរ​ក្នុង​ពេលនេះ ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​អ្នកត្រឡប់​មក​ពី​បេសកកម្ម​វិញ​ជាមួយ​នឹង​ស្ថានភាព​របស់ នាង ឬគាត់ សូមពិចារណា​អំពី​យោបល់​មួយចំនួន​ទាំងនេះ ៖

បើ​វាជា​ជំនួយ សូម​ជួប​នឹង​អ្នក​ត្រឡប់​មកពី​បេសកកម្ម​វិញ​ជាទៀងទាត់​ដើម្បី​ជួយ​គាត់ ឬនាង​ឲ្យ​ទទួល​បាន​សេចក្ដីសង្ឃឹម និង​ការ​ព្យាបាល ។

  • ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​យល់ពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះក្នុង​ការ​ជួយនាង ឬ​គាត់​ឲ្យ​ឆ្លងកាត់​បញ្ហា​នានា ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦; ម៉ូសាយ ២៤:១៣–១៥ ) ។

  • ជួយ​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​មើល​ឃើញ​អត្តសញ្ញាណ និង​តម្លៃ​របស់គាត់ ឬនាង​ក្នុងនាមជា​កូន​របស់ព្រះ ហើយ​ទទួលស្គាល់​កម្លាំង ទេពកោសល្យ សមត្ថភាព និង​អំណោយទាន​ខាង​វិញ្ញាណ​របស់គាត់ ឬនាង​ម្នាក់ៗ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០–១១; កិច្ចការ ១៧:២៨–២៩ ) ។

  • លើកទឹកចិត្ត​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ស្វែងរក​ការប្រសិទ្ធពរ​បព្វជិតភាព ។

  • បើ​អ្នក​ផ្សព្វផ្សាយសាសនា​បានត្រឡប់មក​ផ្ទះវិញ ដោយសារ​តែ​ស្ថានភាព​សុខភាពខាង​រាងកាយ ឬ​សុខភាព​ផ្លូវចិត្ត នោះ​សូម​ជួយនាង ឬ​គាត់ឲ្យ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​ភ្លាមៗ ។

សូម​ជួយ​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​យល់​ថា ព្រះអម្ចាស់​ឲ្យ​តម្លៃ និង​ទទួល​យក​ការបម្រើ​ដែលគាត់ ឬនាង​បាន​ផ្ដល់​ឲ្យ​ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់ រួមទាំង​ការណ៍​ដែល​គាត់ ឬនាង​បាន​ទទួល​យក​ការ​ហៅបម្រើ​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤៩ ) ។

  • បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ការ​បម្រើ​ដែល​បុគ្គលនោះ​បាន​ធ្វើ​ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់ ។

  • បើ​ការដោះលែង​របស់​អ្នក​ត្រឡប់មក​ពី​ផ្សព្វផ្សាយសាសនា​វិញ គឺ​ដោយសារ​តែ​បញ្ហា​សុខភាពខាង​រាងកាយ ឬ​សុខភាព​ផ្លូវចិត្ត នោះ​ប៊ីស្សព​អាច​នឹង​ឲ្យនាង ឬ​គាត់​រាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​ស្ដេក ។

  • ស្វែង​រក​វិធី​ដើម្បី​ជួយគាត់ ឬនាង​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​មកកាន់​វួដ ហើយ​ចែកចាយ​បទពិសោធន៍​អំពី​បេសកកម្ម ។ បើសមរម្យ ចូរ​សុំ​ឲ្យ​អ្នក​ផ្សព្វផ្សាយសាសនា​នោះ ប្រសិនបើ​គាត់ ឬនាង​ចង់​ផ្ដល់ការ​អធិស្ឋាន ចែកចាយ​ទីបន្ទាល់​របស់គាត់ ឬនាង ឬ​និយាយ​នៅក្នុង​ព្រះវិហារ ។

  • ជួយ​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យយល់​ថានាង ឬ គាត់នឹង​មានឱកាស​បម្រើ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ជាច្រើនទៀត ទោះជានាង ឬ​គាត់​ពុំពាក់​ស្លាក​ឈ្មោះ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​តទៅ​ទៀត​ក្ដី ។

សូម​គូសបញ្ជាក់​អំពី​អាទិភាព​ចម្បង​របស់អ្នក​ត្រឡប់មក​ពី​ផ្សព្វផ្សាយសាសនា​វិញ គឺ​ការ​ព្យាបាល ហើយ​ការ​សម្រេច​ចិត្ត​ទាក់ទង​ទៅនឹង​ការ​ត្រឡប់ទៅ​បម្រើជា​អ្នកផ្សព្វផ្សាយ​សាសនា​វិញ គួរតែ​ធ្វើឡើង​នៅ​ពេលក្រោយ ។

  • សូម​កុំ​ដាក់​សម្ពាធ​លើ​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​ត្រឡប់​ទៅកាន់​តំបន់​បេសកកម្ម​វិញ​ឡើយ ។ ការ​សម្រេច​ចិត្ត​នេះ​អាច​កើត​មានឡើង ​បន្ទាប់ពី​គាត់​បាន​ជា​សះស្បើយ​ទាំងស្រុង​ពី​បញ្ហានានា​ដែល​នាំ​ឲ្យ​គាត់ ឬនាង​ត្រឡប់​មក​ផ្ទះវិញ​ប៉ុណ្ណោះ ។

  • សម្រាប់​អស់​អ្នក​ដែល​សម្រេច​ចិត្ត​ត្រឡប់​ទៅកាន់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វិញ ឬ​ស្វែងរក​ឱកាស​ផ្សេងទៀត​ដើម្បី​បម្រើ សូមមើល​អត្ថបទ « ការត្រឡប់​ទៅ​ការ​បម្រើ​វិញ » ។

សូម​លើក​ទឹកចិត្ត​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​បន្ដ​ទំនាក់ទំនង​ជាមួយនឹង​ប្រធាន​បេសកកម្ម និង​ភរិយា​របស់លោក នៅពេល​នាង ឬគាត់​ឆ្លងកាត់​ពេលវេលា​ផ្លាស់ប្ដូរ​នេះ ។

បើ​អ្នក​ផ្សព្វផ្សាយសាសនា​ពុំ​ត្រឡប់ទៅ​ការ​បម្រើ​ពេញម៉ោង​វិញទេ សូម​ព្យាយាម​បន្ដ​ការគាំទ្រ និង​មើល​ថែ ។ នៅពេល​អ្នក​ត្រឡប់មក​ពីបេសកកម្ម​ចាប់ផ្ដើម​ដាក់គោលដៅ​សម្រាប់​អនាគត​របស់គាត់ ឬនាង សូមប្រឹក្សា​អំពី​រឿង​ដូច​ខាងក្រោម​នេះ ៖

  • ការអប់រំ

  • ការងារ

  • ទំនាក់ទំនង ( ការដើរលេងជាគូ )

  • ឱកាស​ការបម្រើ

  • ការចូលរៀន​ថ្នាក់​វិទ្យាស្ថាន

  • ការទៅ​ព្រះវិហារបរិសុទ្ធ និង​ភាព​ស័ក្ដិសម

សម្រាប់​ប៊ីស្សព ៖ បើ​អ្នក​ផ្សព្វផ្សាយសាសនា​ផ្លាស់​ទីលំនៅ ឬ​ប្ដូរ​វួដ​ភ្លាមៗ​បន្ទាប់​ពី​ត្រឡប់​មក​វិញ សូម​ទាក់ទង​ទៅ​ប៊ីស្សព​ថ្មី​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ ហើយ​ប្រាកដ​ថា គាត់​បាន​ដឹង​អំពី​ស្ថានភាព​របស់​អ្នកត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នោះ ។

  • បើ​អ្នក​ផ្សព្វផ្សាយសាសនា​បាន​ត្រឡប់​មកផ្ទះ​វិញ​ដោយសារ​តែ​បញ្ហា​ភាព​ស័ក្ដិសម សូម​ជួយនាង ឬ​គាត់​ជាមួយនឹង​ដំណើរការ​នៃ​ការ​ប្រែចិត្ត ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ [ ឆ្នាំ ២០២០ ] ជំពូក ៣២ ) ។

  • បើ​ការដោះលែង​អ្នក​ត្រឡប់មក​ពី​ផ្សព្វផ្សាយសាសនា​វិញ គឺ​ដោយសារ​តែ​បញ្ហា​សុខភាព​​ខាង​រាងកាយ ឬ​សុខភាព​ផ្លូវចិត្ត នោះ​ប៊ីស្សព​អាច​នឹងពិចារណា​ឲ្យ​គាត់ ឬនាង​រាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​ស្ដេក ។

គាំទ្រ​ដល់​គ្រួសារ

បទពិសោធន៍​របស់​អ្នកផ្សព្វផ្សាយសាសនា​ដែលបាន​ត្រឡប់​មក​ផ្ទះវិញ​មុនពេលកំណត់​​ក៏​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​សមាជិក​គ្រួសារ​គាត់ ឬនាង​ផងដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​របស់វា​ទៅលើ​សមាជិក​គ្រួសារ ហើយ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនោះ ។

សូម​ប្រឹក្សា​ជាមួយ និង​ជួយ​សមាជិក​គ្រួសារ​ដែល​មាន​បញ្ហា កង្វល់ ឬ​សំណួរ​ផ្ទាល់ខ្លួន ដែល​វា​កើត​ចេញមកពី​ការត្រឡប់​មកផ្ទះ​វិញ​មុន​ពេល​កំណត់​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នេះ ។

  • សូម​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ព្យាបាល នាំ​ភាព​សុខសាន្ដ និង​លួងលោម​ចិត្ត​ពួកគេ និង​អ្នក​ដែលបាន​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​វិញ ។

សូម​លើក​ទឹកចិត្ត​គ្រួសារ​នេះ​ឲ្យ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​តម្រូវការ​របស់​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយសាសនា និង​ធនធាន​ដែល​មាន​ដើម្បី​ជួយដល់នាង ឬ​គាត់ ។

  • ជួយ​សមាជិក​គ្រួសារ​ឲ្យផ្ដោត​ទៅលើ​កង្វល់​របស់ពួកគេ​អំពី​អ្នកផ្សព្វផ្សាយ​សាសនា និង​ការ​ព្យាបាល​របស់គាត់ ឬនាង ជាជាង​ផ្តោត​ទៅលើ​របៀប​ដែល​អ្នកដទៃ​អាច​នឹង​មើល​ទៅលើ​ស្ថានភាព​នោះ ។

  • ជួយ​ឪពុក​ម្ដាយ​របស់​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​យល់​ថា ការ​ត្រឡប់​មកវិញ​មុន​កំណត់​របស់​កូនប្រុស ឬស្រី​របស់ពួកគេ ពុំ​មានន័យ​ថា​ពួកគេ​បានធ្វើ​អ្វីមួយ​ខុស​ក្នុង​នាម​ជា​ឪពុកម្ដាយ​នោះទេ ។

  • ជួយ​ឪពុក​ម្ដាយ​ឲ្យយល់​ថា ពួកគេ​ពុំចាំបាច់​ដាក់ទោស ឬ​បន្ទោស​ខ្លួនគេ ឬ​អ្នកដទៃទៀត​ចំពោះ​ការ​ត្រឡប់​មកវិញ​មុនកំណត់​របស់អ្នក​ផ្សព្វផ្សាយសាសនា​ឡើយ ។

សូម​កុំ​លើក​ទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ឲ្យ​ដាក់សម្ពាធ​ទៅលើ​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​ត្រឡប់​ទៅ​កាន់​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វិញ មុន​ពេល​ដែលនាង ឬ​គាត់​បាន​ត្រៀមខ្លួន​រួច​នោះ​ឡើយ ឬ​បើ​អ្នក​ផ្សព្វផ្សាយសាសនា​នោះ​ពុំ​មាន​បំណង​ចង់​ត្រឡប់​ទៅវិញ​ទេ​នោះ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សូម​ពិចារណា​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​វួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃ​ទៀត​ដើម្បី​បន្ដ​ផ្ដល់​ការគាំទ្រ ការណែនាំ និង​ជំនួយ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

ថ្នាក់ដឹកនាំ​អាច​នឹង​ពិចារណា​ធ្វើការ​ពិភាក្សា​អំពី​ស្ថានភាព​របស់​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​វិញ​នៅក្នុង​ក្រុមប្រឹក្សា​វួដ​ដើម្បី​ស្គាល់​ធនធាន និង​ឱកាស​ដើម្បី​ជួយ​ដល់​គាត់ ឬនាង ។

  • ស្វែងរក​វិធី​នានា​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​សាសនាចក្រ​បម្រើ​យ៉ាងសកម្ម និង​គាំទ្រ​ដល់​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​វិញ និង​គ្រួសារនាង ឬ​គាត់​អំឡុងគ្រា​ដ៏​សំខាន់​នេះ ។

សូម​លើកទឹកចិត្ត​អ្នក​ផ្សព្វផ្សាយសាសនា​ឲ្យ​ប្រាប់​ពី​បុគ្គល​ដែល​គេ​ទុកចិត្ត​ឲ្យធ្វើ​ជា​អ្នក​ណែនាំ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជួបគ្នា​ជា​ទៀងទាត់ ។

  • អ្នកណែនាំ​អាចជា​បង​ប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​របស់​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​នោះ ។

  • ពិចារណា​ធ្វើការ​ជ្រើសរើស​យក​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​ម្នាក់ទៀត​ដែល​មាន​បទពិសោធន៍​ស្រដៀង​គ្នា ដែល​បាន​រកឃើញ​សេចក្ដីសង្ឃឹម និង​កម្លាំង​តាម​រយៈ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

សូម​ផ្ដល់​ការហៅ និង​ឱកាស​នានា​ដើម្បី​បម្រើ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​នេះ និង​ឲ្យ​គាត់​ឡើង​និយាយ​តាមរបៀប​សមរម្យ នៅពេល​គាត់​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើដូច្នោះ​បាន ។

តាម​សមរម្យ សូម​ពិចារណា​អំពី​ជំនួយ​បន្ថែម​ទៀត​មកពី​ធនធាន​សាសនាចក្រ និង​ធនធាន​សហគមន៍​ដែល​សមស្រប​ទៅតាម​គោលការណ៍​ដំណឹងល្អ ។

  • នៅ​តំបន់​ខ្លះ សេវាកម្ម​គ្រួសារ​មានផ្ដល់​សេវា​ពិគ្រោះយោបល់​សម្រាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​វគ្គ​ប្រឹក្សា​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​មុន​ពេល​កំណត់ ។

  • បើ​ពុំ​មាន​សេវាកម្ម​គ្រួសារ​ទេ សូម​ពិចារណា​អំពី​ធនធាន​បន្ថែម​ទៀត​នៅក្នុង​សហគមន៍ ។