ការហៅ​ក្នុង​បេសកកម្ម
ការសម្រប​ខ្លួន​ទៅ​នឹង ការ​រស់​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា


ការប្រុងប្រៀប​ខ្លួន​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

ការសម្រប​ខ្លួន​ទៅ​នឹង ការ​រស់​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

រូបភាព
Elder missionaries

សូម​អបអរ​សាទរ ដោយ​ឃើញ​ថា​មាន​ភាព​សក្តិសម និង ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទទួលការហៅ​បម្រើ​ដល់​ព្រះអម្ចាស់ ។ គ្មាន​ពេល​ណាដែល​​រំភើបជាង​ពេល​ធ្វើ​ជា​​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ។ គណៈ​ប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា ៖ « គ្មាន​កិច្ចការ​ណា​មួយ ដែល​តម្រូវ​ឲ្យធ្វើ​ច្រើន​ជាង​កិច្ចការ​នេះទេ [ គឺ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ] ហើយ​ក៏​គ្មាន​កិច្ចការ​ណា ដែល​អាច​នាំ​មកនូវ​សេចក្តី​សោមនស្ស​ជាង​កិច្ចការ​នេះ​ដែរ ។ …អ្នក​ផ្សព្វ​ផ្សាយ​សាសនា​គ្រប់រូប មាន​តួនាទី​សំខាន់​មួយ​នៅក្នុង​ការ​ ‹ ជួយ​នាំ​មក​នូវ​ជីវិត​អមតៈ និង ជីវិតអស់​កល្បរបស់​មនុស្ស › ( សូមមើល ម៉ូសេ 1:39 ) » ( ប្រកាស​ដំណឹង​ល្អ​របស់​យើង [ ឆ្នាំ 2004 ]​ ទំព័រ v ) ឥឡូវ​នេះ វា​ជា​ឱកាស​របស់​អ្នក ដើម្បី​ចំណាយ​ពេល​វេលា​រយៈពេល 18–24 ខែ​ក្រោយ នៅក្នុងការបម្រើ​ពេញ​ម៉ោង​ថ្វាយ​ព្រះអម្ចាស់ ។

កិច្ច​ការ​អ្នក​ផ្សព្វផ្សាយសាសនា​តម្រូវ​ឲ្យ​ទុក​ចោល​មួយ​អន្លើ​នូវ​បែប​ផែន​ជីវិត​ដែលអ្នក​​ធ្លាប់​មាន និង ជំនាញ​នានា​ដែល​អ្នក​ទទួល​បាន ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ជោគ​ជ័យ​នៅ​ក្នុង​ពិភព​លោកថ្មី និង ពុំ​ដែល​ស្គាល់​នេះ ។ ការផ្លាស់​ប្តូរ​នេះ អាច​ក្លាយជា​ការ​រំភើប ព្រម​ទាំង​ជា​ការ​បារម្ភ​ផង​ដែរ ។ វា​ជា​រឿង​មួយ​ធម្មតា ដើម្បី​មាន​បទពិសោធន៍​ចំពោះ​អារម្មណ៍​ទាំង​ពីរ​នេះ ។

ការ​ផ្លាស់​ប្តូរ​នេះ អាច​ប្រៀប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​មួយ​របស់​បុគ្គល​ណា​ម្នាក់ ដែល​អ្នក​ជ្រមុជ​ទឹកឲ្យនៅ​ក្នុង​បេសកកម្ម​របស់​អ្នក ដែល​គាត់​បាន​ឆ្លង​កាត់​នោះ​ដែរ ។ ទាំង​សមាជិក​ថ្មី និង អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី​យល់​ថា ពួកគេ​ត្រូវ​តែ​លះចោល​នូវ​សុវត្ថិភាព​នៃ​បែប​ផែន​ជីវិតដែល​ពួក​គេ​មាន​ពីមុនដោយ​មិន​ប្រាកដ​ថា​នឹង​រំពឹង​លើ​អ្វី ឬ រស់​នៅ​ដោយ​របៀប​ណា​នៅ​ក្នុង​ជីវិត​ថ្មី​ដែល​ពួក​គេ​បាន​ជ្រើស​រើស​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទនោះ ។ នៅពេល​មនុស្សជួប​ប្រទះ​នឹងបរិយាកាស​ថ្មី​មួយ នោះ​ទម្លាប់ និង អាកប្បកិរិយា​ជា​ច្រើន ដែល​អាច​ឲ្យ​ពួកគេ​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​ល្អនោះ អាច​នឹង​ពុំ​មាន​បន្ត​ទៀត​ចំពោះ​ពួកគេឡើយ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់បាន​បង្ហាញ​ពីអារម្មណ៍​នេះ​តាម​របៀប​នេះ​ថា ៖ « សាសនាគន់​ការី​របស់​ខ្ញុំ​បាន​ទទួល​អារម្មណ៍ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ចង់ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​គាត់ក៏​មាន​ការ​ព្រួយ​បារម្ភ​ថាតើ​គាត់​អាច​ទទួល​ជោគជ័យ និង ត្រូវ​បានគេ​ទទួល​យក​ដែរ​ឬអត់នោះទេ ។ គាត់​មាន​អារម្មណ៍​មិន​សូវ​ស្និទ្ធស្នាល និង មិន​ប្រាកដ​ប្រជា​ពី​អ្វី​ដែលរំពឹង​ចង់បាន ។ ខ្ញុំ​បាន​ដឹង ខ្ញុំ​បាន​ស្គាល់​ពី​អារម្មណ៍​របស់​គាត់ ! ការក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ខ្ញុំមាន​អារម្មណ៍ស្រដៀង​គ្នា​នេះ​ដែរ ៖ ខ្ញុំ​មាន​អារម្មណ៍​ទាំង​រំភើប និង ព្រួយ​បារម្ភ ហើយនៅពេល​ដំបូងខ្ញុំ​មាន​អារម្មណ៍ថា​ពុំ​មាន​សមត្ថភាពនោះទេ ។ ព្រះវិញ្ញាណបាន​រំឭក​ខ្ញុំ​ពី​បទ​ពិសោធន៍​នោះ ហើយ​បទ​ពិសោធន៍​នោះ​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​គាត់ និង របៀប​ដើម្បី​ជួយ​គាត់ » ។

ដូច​ជា​សមាជិក​ថ្មី​ដែល​បោះបង់​ចោល​នូវ​សេចក្តី​ជំនឿពីមុន មិត្តភក្តិពីមុន និង ទម្លាប់​ចាស់ៗ នោះ​វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនាថ្មី ដើម្បី​មាន​បទពិសោធន៍ពី​កម្រិត​មួយ​ចំនួន​នៃ​ភាព​តានតឹង​ខាង​ផ្លូវ​ចិត្ត ឬ អារម្មណ៍​ចម្លែក នៅពេល​ពួកគេ​ចាកចេញ​ពី​ក្រុម​គ្រួសារ មិត្តភក្តិ និង អ្វីៗ​មួយ​ចំនួន​ដែល​ពួកគេ​ធ្លាប់ធ្វើ ។ ការ​ចាកចេញ​ពី​បរិយាកាសជុំ​វិញ​ខ្លួន​ដែល​ធ្លាប់​ស្និទ្ធស្នាល ហើយ​ចូល​ទៅ​ក្នុង​ជីវិត​​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា—​ដែលប្លែក​ទាំង​អាហារ កាលវិភាគ ការ​ស្លៀក​ពាក់ ហើយ​ប្រហែល​ជា​​ប្លែក​ទាំង​ភាសា​—​នោះអាចជា​ការ​លំបាកសម្រាប់តែ​មួយ​រយៈ​ពេលប៉ុណ្ណោះ ។ ការ​សម្រប​ខ្លួន​ទៅ​នឹង​បែប​ផែន​ជីវិត​ថ្មី​នេះ ស្រដៀង​គ្នា​ទៅ​នឹង​បទ​ពិសោធន៍​ដែល​សមាជិក​ថ្មី​ម្នាក់ នៅ​ពេល​ដំបូង​យល់​​​ថា ជា​កា​លំបាក​ដើម្បីបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ រស់​នៅ​តាម​ច្បាប់​គតិបណ្ឌិត ឬ រក្សា​ថ្ងៃ​ឈប់​សម្រាកទុក​ជា​បរិសុទ្ធ សូម្បី​តែ​គាត់មាន​បំណង​ប្រាថ្នា​ដ៏​ស្មោះ​សរ ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ​ក៏​ដោយ ។

សូម​កុំ​ឲ្យ​ការណ៍​នេះធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ឡើយ ។ សូម​មាន​ភាពអត់​ធ្មត់ នៅពេលអ្នក​ទទួល​ពរជ័យ​ជា​ច្រើន​នៃ​ការ​បូជា​ជីវិត​របស់​អ្នកកាន់​តែ​ពេញ​លេញ​ចំពោះ​ព្រះ​អង្គ​សង្គ្រោះនោះ ។ សូម​ចាំ​ថា ព្រះវិញ្ញាណ​នឹង​គង់​នៅ​ជាមួយ​អ្នក នៅពេល​អ្នក​ធ្វើការ​ផ្លាស់​ប្តូរ​នេះ ហើយ​ទ្រង់​នឹង​ជួយ​អ្នកក្នុង​ការ​សម្រប​ខ្លួន​ទៅនឹង​ទំនួល​ខុស​ត្រូវថ្មីៗក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​របស់​អ្នក ។

សម្របខ្លួន​ទៅនឹងបទពិសោធន៍​ថ្មីៗ

ដូច​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ចូល​ទៅ​ក្នុងស្ថាន​ភាព​ថ្មីមួយ នោះ​ពួក​អ្នកផ្សព្វផ្សាយ​ឆ្លង​កាត់​ដំណាក់​កាល ឬ ជំហាន​បួន​យ៉ាង​នៅ​ក្នុង​ការ​សម្របអារម្មណ៍​របស់ពួកគេ នៅពេល​ពួកគេ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ជា​ថ្មី​ម្តង​ទៀត​នៅពេល​ពួកគេ​ចូល​ទៅក្នុង​តំបន់បេសកកម្ម ៖

1. ការ​គិត​ទុក​មុន

  • អ្នកប្រហែលជា​មាន​អារម្មណ៍រំភើប​ចំពោះបទពិសោធន៍​នេះ ( សូមមើល នីហ្វៃទី 1 3:7 ) ។

  • អ្នក​ប្រហែល​ជា​ទទួល​អារម្មណ៍ថា គោល​បំណង​ពិត និង ស្វាមីភក្តិ​ ​ចំពោះ​ព្រះវរបិតា​សួគ៌ត្រូវ​បាន​កើន​ឡើង ( សូមមើល នីហ្វៃទី3 5:13 ) ។

2. ជួប​ប្រទះ​នឹង​អ្វីៗ​ដែល​មិន​រំពឹងចង់​បាន

  • អ្នក​ប្រហែល​ជាចាប់​ផ្តើម​នឹក​ផ្ទះ ក្រុមគ្រួសារ និង មិត្តភក្តិ ហើយមាន​ចម្ងល់ចំពោះ​ការ​សម្រេច​ចិត្ត​ដើម្បី​បម្រើ​របស់​ខ្លួន​ឯង ( សូមមើល អាលម៉ា 26:27 ) ។

  • អ្នក​ប្រហែល​ជា​កត់សម្គាល់​ពី​ការលេច​ចេញ​នូវ​សញ្ញា​ខាង​រូបកាយ​ដែល​បណ្តាល​មកពី​ភាពតានតឹង​នៃ​ផ្លូវ​ចិត្ត ដូច​ជា​គេង​មិនលក់ ការ​ទទួល​ទាន​អាហារ​មាន​ការ​ប្រែប្រួល ឬ រសាប់​រសល់ក្នុង​ចិត្ត ។

  • ​ដោយ​មិន​ដឹង​ខ្លួន​ជាមុន អ្នក​ប្រហែល​ជា​យល់​ថា​ខ្លួន​ឯង​ចូលចិត្ត​រិះគន់ និង ខ្វះ​អំណត់​ជាមួយ​នឹង​ច្បាប់ និង ការ​រំពឹង​ទុក​​នានា ។

សម្រាប់​មនុស្ស​ជា​ច្រើន អារម្មណ៍​ទាំងនេះ​គឺ​ជារឿង​ធម្មតា ។ បើសិន​អ្នក​មាន​បញ្ហា​ណាមួយ ឬ បញ្ហា​ទាំង​អស់នេះ ចូរ​ដឹង​ថា​ការណ៍​នេះ​កើត​មាន​ឡើង​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនាថ្មោង​​ថ្មីជា​ច្រើន​អាចជួប​ប្រទះ ។ សូម​តាំង​ចិត្តក្លាហាន​ឡើង ដើម្បី​ដឹង​ថាអារម្មណ៍​ទាំង​នេះនឹង​រសាយ​បាត់​ទៅ ហើយ​អ្នក​នឹង​អាច​ធ្វើ​ការ​សម្រប​ខ្លួន​បាន ។

រូបភាព
Two sister missionaries stuying the scriptures

3. « ខ្ញុំ​អាច​ធ្វើបាន »

  • ជំនាញ​ទាំងឡាយ​នៃ​ការ​បង្រៀន និង ភាសា​របស់​អ្នក​ចាប់​ផ្តើម​មាន​ភាព​ល្អ​ប្រសើរឡើង ។

  • អ្នក​រៀន​ដើម្បី​មាន​ឆន្ទៈគោរព​តាម​ច្បាប់​បេសកកម្ម និង ការ​រំពឹង​ទុក​នានា ។

  • អ្នកបង្ហាញ​ថា​ខ្លួន​អ្នក​មាន​ភាពអត់ធ្មត់នៅពេល​អ្នក​រៀន « មួយ​សិក្ខាបទ​ម្តងៗ » ( សូមមើល អេសាយ 28:10 ម៉ូសាយ 4:27 ) ។

  • បើសិនជាអ្នក​មាន​នូវ​​សញ្ញា​ណា​មួយ ​ខាង​រូប​កាយ​ដែលបណ្តាលមកពី​ភាព​តាន​តឹងខាង​ផ្លូវចិត្ត នោះ​វា​ចាប់​ផ្តើមស្បើយ​ទៅ ។

4. ភាព​ខ្លួន​ទី​ពឹង​ខ្លួនខាង​​ផ្លូវ​ចិត្ត

  • អ្នក​ទទួល​អារម្មណ៍​ថា ​មាន​ភាព​ងាយ​ស្រួល​ចំពោះការ​ធ្វើ​តាម​ទម្លាប់​ប្រចាំថ្ងៃ ។

  • អ្នក​ស្គាល់​ពី​កម្លាំង និង ភាព​រីកចម្រើន​ផ្ទាល់​ខ្លួន​របស់អ្នក ។

  • អ្នក​ទទួល​ការ​យល់​ដឹង​មួយ​ពី​អ្វី​ដែល​មាន​ន័យ​ថា ទទួល​យក​ដំណើរ​ជីវិត​មួយ​ជំហាន​ម្តងៗ ( គ. និង ស. 98:12 ) ។

  • អ្នក​អភិវឌ្ឍនូវ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង បង្កើន​បំណង​ប្រាថ្នាដើម្បី​បម្រើបាន​កាន់​តែ​ប្រសើរ​ជាង​មុន ។

អ្វីៗ​ដែល​អ្នក​អាច​ធ្វើឥឡូវ​នេះ

  • សូមស្វែង​រក​របៀបផ្សេងៗ​ដើម្បីបម្រើ​មនុស្ស​ដទៃ ។ កិច្ច​ការ​អ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ជា​ការ​ហៅ​មួយដើម្បី​ទៅ​បម្រើ ។ សូម​អធិស្ឋាន​ទៅ​កាន់​ព្រះ​សុំ​ឱកាស​ផ្សេងៗ​ដើម្បី​បម្រើអស់​អ្នក​ដែលនៅ​ជុំ​វិញ​ខ្លួន​អ្នក នៅពេល​អ្នកមាន​អារម្មណ៍ថា ភ័យ​ព្រួយ ឬ បារម្ភ ។ សូម​កុំ​ផ្តោត​ចិត្ត​ទុកដាក់មើលពី​អារម្មណ៍ភ័យ​ព្រួយ​ដែលខ្លួន​​អ្នក​មានឡើយ តែ​ផ្ទុយ​ទៅ​វិញ​សូមផ្តោត​ចិត្ត​ទុក​ដាក់​បម្រើ​ដល់​អស់អ្នក​ដែល​ត្រូវការ​ពាក្យ​សម្តី​ផ្អែម​ល្ហែម ទង្វើ​នៃ​សេចក្តី​សប្បុរស ឬ មិត្តភាព ។​( សូមមើល ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ 168–69 ) ។

  • សូម​ផ្តោត​យក​ចិត្ត​ទុកដាក់លើ​ការ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌​របស់​អ្នក ។ សូម​ស្វែង​រក​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ​តាមរយៈ​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន ការ​សិក្សា​ព្រះ​គម្ពីរ ស្តាប់​តន្ត្រី​ដែល​លើក​តម្កើង អាន​ពរ​​​លោក​អយ្យកោរបស់​អ្នក និង តាម​របៀប​ផ្សេងៗ​ទៀត​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​បាន ។ សូម​សួរ​ខ្លួនឯងពី​អ្វី​ដែលទ្រង់​ចង់​ឲ្យ​អ្នក​រៀន​ខ្លាំង​បំផុត​ពី​បទពិសោធន៍​នៃ​បេសកកម្ម​របស់​អ្នក និង ពិចារណា​ពី​របៀបដែល​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការ​ចេះដឹង​នេះ ។

    រូបភាព
    Portrait of a happy, smiling, black missionary in his suit and tie and missionary name tag.
  • សូម​សួរ​អ្នក​ត្រឡប់​ពី​បេសកកម្មឲ្យ​ចែកចាយពី​ការ​ចងចាំរបស់​គាត់ នៃការ​​សម្រប​ខ្លួនដំបូង និង ផ្តល់ការ​ណែនាំ​ស្តីពី​របៀប​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរដែល​ងាយ​ស្រួល​ជាង ។

  • សូម​មើល​អត្ថបទ « Preparing Emotionally for Missionary Service » ដោយ រ៉ូប៊ើត ខេ. វ៉ាស្តាស ( នៅ​ក្នុង Ensign ខែ មិនា ឆ្នាំ 2011 ទំព័រ 22–26 មាន​នៅលើ​អ៊ីនធើរណែត​នៅគេ​ហទំព័រ LDS.org ) ។

  • សូម​អភិវឌ្ឍ​អាកប្បកិរិយា​នៃ​ការដឹង​គុណ ។ សូម​ផ្តោតចិត្ត​ទុកដាក់​ពីរ​បី​នាទី​រៀង​រាល់​ថ្ងៃទៅ​លើ​អ្វី​ដែល​ត្រឹមត្រូវ ល្អ និង វិជ្ជមានពី​ខ្លួនឯង និង ការ​ហៅ​ដែល​អ្នក​បាន​ទទួល ។ សូម​ថ្វាយ​ការ​អធិស្ឋាន​នៃ​ការ​ដឹង​គុណជា​រៀង​រាល់​ថ្ងៃ សម្រាប់​អ្វី​ៗ​ដែល​ជាក់​លាក់ ដែល​អ្នក​មាន​អំណរគុណ ដែលទាក់​ទង​នឹង​ការ​ហៅ​បម្រើ​បេសកកម្ម​របស់​អ្នក ។

  • សូម​មាន​ចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង ។ សូម​និយាយ​ជាមួយ​ខ្លួន​ឯង​នូវ​ពាក្យ​សម្តី​ដែល​លួង​លោម ផ្អែមល្ហែម ដែល​អ្នក​នឹង​ប្រើ​ជាមួយ​នរណា​ម្នាក់​ទៀត ។ មនុស្ស​គ្រប់​គ្នា​មាន​ការ​លំបាក ឬ ធ្វើ​ខុសនៅពេល​ណា​មួយ ។ សូម​យល់​ថា​ព្រះអម្ចាស់​យល់ពី​ការណ៍​នេះ ។ សូម​គិត​ស្រម៉ៃ​ថា​ទ្រង់​កំពុង​គង់​នៅ​ក្បែរ​អ្នក ស្តាប់ និង ផ្តល់​ការ​គាំទ្រ​ដល់​អ្នក ។ សូម​ចងចាំ​ថា គំនិត​នៃ​ភាព​គ្មាន​ប្រយោជន៍ ភាព​អស់សង្ឃឹម ឬ ការ​កាត់​ទោសយ៉ាង​ឃោរឃៅ គឺមិន​មែន​មក​ពីព្រះអម្ចាស់​ឡើយ ។

  • សូម​គិត​ពី​អ្វី​ដែលនឹង​កើត​ឡើង​ដោយ​មិន​បាន​គិត​ទុក​ជា​មុន ។ បទពិសោធន៍​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​មិន​ដូច​បទពិសោធន៍​របស់​នរណម្នាក់ទៀត​ឡើយ ។ អ្វីៗ​គ្រប់​យ៉ាង​នឹង​មិន​កើត​ឡើង​យ៉ាង​ជាក់​លាក់ទៅ​តាម​អ្វី​​ដែលអ្នក​បាន​គ្រោង​ទុក ឬ ទៅ​តាម​អ្វី​ដែល​អ្នក​បាន​គិត​នោះឡើយ ។ សូម​គិត​ពី​អ្វីៗ​ដែល​ផ្ទុយ​ទៅនឹង​អ្វី​ដែល​អ្នក​គិត​ថា ​វា​នឹង​ដំណើរ​ការ​ទៅ​បាន​យ៉ាង​រលូន ។​ការ​ពិនិត្យ​មើល​ពីការ​រំពឹង​ទុក​​របស់អ្នក នឹង​ជួយ​អ្នកឲ្យ​បើក​ដួង​ចិត្ត ហើយ​ទទួល​យក​ការ​ផ្លាស់ប្តូរ ។

សូម​ពិភាក្សា​ជាមួយ​ឪពុក​ម្តាយ ឬ អ្នក​ដឹក​នាំ​នានា

ការ​ពិភាក្សា​ជាមួយ​មនុស្ស​ដទៃទៀត​អំពី​ការ​សម្រប​ខ្លួនដែល​នឹង​កើត​ឡើង​នេះ ​អាច​ជួយ​អ្នក​បាន ។ សូម​ចំណាយ​ពេល​ពិភាក្សានូវ​ចំណុច​ខាង​ក្រោម​នេះ​ ជាមួយ​ឪពុក​ម្តាយ អ្នក​ដឹកនាំ​បព្វជិតភាព ឬ មិត្តភក្តិ​ដែល​ជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ៖

  • ហេតុ​អ្វី​បាន​ជា​អាកប្បកិរិយា​វិជ្ជមាន​មាន​សារៈសំខាន់ នៅពេលសម្រលខ្លួន​ទៅនឹង​ស្ថានភាព​ថ្មី ។

  • អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​នៃ​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរ ​​ដែលតម្រូវឲ្យមនុស្ស​ធ្វើអ្វីៗ​ដែលហួស​ពី​សម្ថតភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន ( សូមមើល និក្ខំមនំ 4:10–12 យេរេមា 1:6–9 អាលម៉ា 17:10–12; 26:27 អេធើរ 12:23–27 ម៉ូសេ 6:31–32) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ចូលគេង និង ក្រោក​ពីគេងឲ្យ​ទាន់​ម៉ោង បរិភោគ​អាហារដែល​មាន​ជីវជាតិ​ល្អ ហាត់​ប្រាណ​ជា​ទៀង​ទាត់ និង ការអធិស្ឋាន​ផ្ទាល់​ខ្លួន ( សូមមើល ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ viii ) ។

  • ហេតុអ្វី​បាន​ជា​ការ​ក្សាឲ្យ​អារម្មណ៍​មាន​ភាព​រីករាយ​ និង ការ​សើចសប្បាយ ចំពោះ​ខ្លួន​ឯង នៅពេល​ដែល​អ្នក​ធ្វើ​ខុស អាច​ជួយ​អ្នក​ឲ្យ​ធ្វើការ​សម្រប​ខ្លួនបាន​កាន់​តែ​ស្រួល​ជាង​មុន ។

  • តើ​អ្នក​អាច​រំឭក​ខ្លួន​អ្នក​ថា អារម្មណ៍ដំបូង​នៃ​ការភ័យ​ព្រួយ​នេះ​ នឹង​មិន​នៅជា​រៀង​រហូត​ដោយ​របៀប​ណា ។

  • តើ​អ្វី​ខ្លះ​ដែល​ឪពុក​ម្តាយ និង មិត្តភក្តិ​អាច​ធ្វើ​បាន​ ដើម្បីជួយ​អ្នក​ជាមួយ​ការ​សម្របខ្លួន​នៅ​ពេល​ដំបូង​នោះ ។

  • តើ​ការ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​អាច​ជួយ​យ៉ាង​ដូច​ម្តេច នៅពេលឆ្លង​កាត់​បទពិសោធន៍នៃ​ឧបសគ្គទាំង​នោះ ។

  • តើ​វិធី​សាស្ត្រ​អ្វី​ដែល​ល្អ​បំផុត​ដើម្បី​ឆ្លើយ​តប នៅពេល​គំនិត ឬ អារម្មណ៍​ស្មុគស្មាញ​នោះ មិន​ព្រមរសាយ​​បាត់ ។

សេចក្ដី​សង្ខេប

រយៈពេល​នៃ​ការ​សម្របខ្លួន​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ជា​រឿង​ធម្មតា​ទាំងស្រុង ជាទូទៅ​គឺ​មិន​អាច​ចៀស​បាន​ទេ ហើយ​ក៏មិន​មែន​ជា​សញ្ញាថា អ្នក​ខ្វះ​សេចក្តីជំនឿ ឬ ទីបន្ទាល់នោះឡើយ ។ សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មីថ្មោង​ស្ទើរ​តែ​ទាំងអស់ ត្រូវ​ការ​ពេលវេលា​ដើម្បីទទួល​បាន​នូវ​ជំនាញ​ចាំបាច់​នានា ដើម្បី​ទទួល​ជោគជ័យ ។ សូម​ចងចាំ​ពី​ឱវាទ​ដែល​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅពេល​ដែល​លំបាក​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោកថា ៖ « បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់ការណ៍​ទាំងនេះ នឹងផ្តល់​ការ​ពិសោធន៍ដល់​អ្នក ហើយ​នឹង​ទៅជា​ការ​ល្អ​ដល់​អ្នក​ទៅវិញ » ( គ. និង ស. 122:7 ) ។

នៅពេល​ដែលអ្នក​រៀប​ចំ​ចាកចេញ​ទៅបេសកកម្ម សូម​រៀប​ចំដើម្បី​ចាប់​យក​នូវ​ការ​ផ្លាស់ប្តូរ​ផង​ដែរ ។ ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនានឹង​ខុស​ពី​ជីវិត​ផ្សេងៗ​ទៀត​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ ប៉ុន្តែ​បើសិន​អ្នកមាន​អាកប្បកិរិយា​វិជ្ជមាន អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​អម្ចាស់ ហើយគិត​ទុក​ជា​មុន​នូវ​សេចក្តីត្រូវ​ការសម្រាប់​ភាព​អត់ធ្មត់​ជាមួយ​ខ្លួនឯង និង អ្នកដទៃទៀត នោះព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់ និង ប្រទាន​ពរ​ដល់​អ្នក ។ ទ្រង់​សន្យាថា « យើង​នឹង​ទៅពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្តាំដៃអ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់យើង​នៅព័ទ្ធជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. 84:88 ) ។