គណៈ​ប៊ីស្សព
ការត្រឡប់​ទៅ​ការ​បម្រើ​វិញ


« ការត្រឡប់​ទៅ​ការ​បម្រើ​វិញ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការត្រឡប់​ទៅ​ការ​បម្រើ​វិញ » ធនធាន​ការ​ប្រឹក្សា ។

ការត្រឡប់​ទៅ​ការ​បម្រើ​វិញ

អ្នក​ផ្សព្វផ្សាយសាសនា​ដែល​មក​ផ្ទះ​វិញ​មុន​ពេល​កំណត់ អាច​នឹង​មាន​បំណង​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​បម្រើ​វិញ ឬ​ស្វែងរក​ឱកាស​ផ្សេងទៀត​ដើម្បី​បម្រើ ។ នៅក្នុង​ករណី​ទាំងនេះ សូម​ធ្វើ​ការ​ពិចារណា​នូវ​ជម្រើស​ដូច​ខាងក្រោម ៖

១. ការ​ដាក់​ឲ្យ​ត្រឡប់​ទៅ​កាន់​បេសកកម្ម​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​វិញ ។

វា​សំខាន់​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​ពិចារណា​ដោយ​យកចិត្ត​ទុកដាក់​អំពី​មូលហេតុ​ដែល​គាត់ ឬ​នាង​ត្រូវ​ដោះលែង​មុន​ពេល​កំណត់ និង​បញ្ហា​ដែល​ទំនង​ជា​អាច​នឹង​កើត​ឡើង​ម្ដង​ទៀត បើ​សិន​ជា​ត្រូវ​បាន​ដាក់​ឲ្យ​ត្រឡប់​ទៅកាន់​បេសកកម្ម​វិញនោះ ។ ជារឿយៗ នៅពេល​អ្នក​ផ្សព្វផ្សាយសាសនា​ត្រឡប់មក​ផ្ទះវិញ​មុនពេល​កំណត់ នោះ​សម្ពាធ​អារម្មណ៍​ក្នុង​បេសកកម្ម​ត្រូវ​បាន​កាត់បន្ថយ ហើយ​ស្ថានភាព​ខាង​វេជ្ជសាស្ត្រ ឬ​សុខភាព​ផ្លូវចិត្ត​របស់ពួកគេ​មានភាព​ល្អ​ប្រសើរ​ឡើង ។ សូម​ចងចាំ​ថា តម្រូវការ និង​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​សម្ពាធ​អារម្មណ៍​ក្នុង​បេសកកម្ម ជាញឹកញាប់​ធ្វើ​ឲ្យ​ស្ថានភាព​ទាំងនេះ​មាន​ភាព​ធ្ងន់ធ្ងរ ។

ដូច​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា « សុខភាព​រាងកាយ និង​ផ្លូវចិត្ត​ល្អ គឺ​សំខាន់​ខ្លាំង​ណាស់ ។ … មិន​ថា​អ្នក​ផ្សព្វផ្សាយសាសនា​មានជំងឺ ឬ​ការធ្លាក់ចុះ​ខាង​រាងកាយ ឬ​ខាង​ផ្លូវចិត្ត​អ្វី​នោះ​ទេ នៅពេល​ណា​គាត់​ចូល​មក​ក្នុង​តំបន់​បេសកកម្ម នោះ​មាន​តែធ្វើ​ឲ្យ​គាត់​ស្ថិត​ក្រោម​សម្ពាធ​ការងារ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ។… យើង​ត្រូវការ​អ្នក​ផ្សព្វផ្សាយសាសនា ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​មាន​សមត្ថភាព​នៅក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ។… ពួកគេ​ត្រូវ​តែ​មាន​សុខភាព​ល្អ និង​កម្លាំង​មាំមួន ទាំង​ខាង​រាងកាយ និង​ផ្លូវចិត្ត ដ្បិត​កិច្ចការ​នេះ​គឺ​តម្រូវ​ឲ្យ​ធ្វើការ​ច្រើន ត្រូវ​ធ្វើការ​យូរម៉ោង ហើយ​សម្ពាធ​អាច​នឹង​មាន​ធ្ងន់ធ្ងរ » ( « Missionary Service » First Worldwide Leadership Training Meeting ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០៣ ទំព័រ ១៧–១៨ ) ។ បុគ្គល​នោះ​ចាំបាច់​ត្រូវ​ប្រាកដ​ថា គាត់ ឬ​នាង​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នៅពេល​ត្រឡប់​ទៅកាន់​តំបន់​បេសកកម្ម​វិញ ។ ការ​ដាក់​ឲ្យ​ត្រឡប់​ទៅ​កាន់​បេសកកម្ម​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​វិញ តម្រូវ​ឲ្យ​ប្រធាន​ស្ដេក​ផ្ញើ​នូវ​អ្វីៗ​ដូច​ខាង​ក្រោម​នេះ​ទៅកាន់​ការិយាល័យ​អ្នក​ផ្សព្វផ្សាយសាសនា ៖

  • សំបុត្រ​មួយ​ច្បាប់​មកពី​ប្រធាន​ស្ដេក ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ដាក់​ឲ្យ​ត្រឡប់​ទៅ​បេសកកម្ម​វិញ និង​ការ​បញ្ជាក់​ថា អ្នក​ផ្សព្វផ្សាយសាសនា​រូប​នេះ​មានភាព​ស័ក្ដិសម​ដើម្បី​បម្រើ ថា​រាល់​បញ្ហា​ដែល​ជាប់​ទាក់ទង​នឹង​ការ​ដោះលែង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ហើយ​ថា​គាត់​បាន​សម្ភាស​អ្នក​ផ្សព្វផ្សាយសាសនា​រូប​នេះ រួចហើយ​ទាំងគាត់ និង​អ្នក​ផ្សព្វផ្សាយសាសនា​មានអារម្មណ៍​ថា គាត់ ឬ​នាង​អាច​ធ្វើ​កិច្ចការ​ដោយ​មាន​ប្រសិទ្ធភាព​នៅក្នុង​តំបន់​បេសកកម្ម ។

  • សំបុត្រ​មួយ​ច្បាប់​មកពី​អ្នក​ផ្សព្វផ្សាយសាសនា ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់ ឬ​នាង​អំពី​ការ​ត្រឡប់ទៅកាន់​ការ​បម្រើ​ជាអ្នក​ផ្សព្វផ្សាយសាសនា​វិញ ។

  • សំបុត្រ​មួយច្បាប់​មកពី​អ្នក​មាន​វិជ្ជាជីវៈ​ធ្វើការ​ព្យាបាល សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​ត្រឡប់ទៅ​ផ្ទះវិញ​ដោយ​ព្រោះតែ​បញ្ហា​សុខភាព​ខាង​វេជ្ជសាស្ត្រ ឬ​សុខភាព​ផ្លូវចិត្ត ដែល​មាន​ពិពណ៌នា​អំពី​ស្ថានភាព​បញ្ហា ការបាន​ព្យាបាល​រួចហើយ ការបាន​ធ្វើតាម​ការ​ព្យាបាល ការ​ប្រើថ្នាំ​ជា​ប្រចាំ ឬ​ការ​ព្យាបាល​ដទៃទៀត ដែល​អាច​តម្រូវ​ឲ្យ​មាន​នៅក្នុង​តំបន់​បេសកកម្ម និង​ការ​វាយតម្លៃ​អំពី​សមត្ថភាព​របស់​អ្នក​ផ្សព្វផ្សាយសាសនា​ដើម្បី​ធ្វើការ​នៅ​ក្រោម​ភាព​តឹងរឹង​នៃ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជា​ដៃគូ ។

  • ទម្រង់​បែបបទ​ខាង​វេជ្ជសាស្ត្រ និង​ទន្ដសាស្ដ្រ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព នឹង​តម្រូវ​ឲ្យ​មាន ប្រសិនបើ​អ្នក​ផ្សព្វផ្សាយសាសនា​នោះ​ត្រូវ​បាន​ដោះលែង​លើស​ពី​មួយ​ឆ្នាំឡើង​ទៅ ។

២. បេសកកម្ម​ផ្នែក​សេវាកម្ម ( ប.ស. ) ។

ឱកាស​ដើម្បី​បម្រើ​នៅក្នុង​សមត្ថភាព​ផ្សេងៗ​ជាច្រើន និង​សម្រាប់​រយៈពេល​ខុសៗគ្នា អាច​ត្រូវ​បាន​ធ្វើ​ការ​ពិចារណា ។ សូម​យោង​ទៅ​គេហទំព័រ ChurchofJesusChrist.org/service-missionary សម្រាប់​ព័ត៌មាន​បន្ថែម ។

៣. ការ​ហៅបម្រើ​ផ្សេងៗ

នៅ​តំបន់ណា​ដែល​ឱកាស​ផ្សព្វផ្សាយសាសនា​ផ្នែក​សេវាកម្ម ពុំមាន​ទេ​នោះ ឬ​នៅពេល​ដែល​ការចាត់តាំង​មួយ​ពុំ​សម​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​រូប​នេះ សូម​ពិចារណា​ផ្ដល់​ការ​ហៅបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វួដ ឬ​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ប្រាប់​ពី​ឱកាស​ស្ម័គ្រចិត្ត​នៅ​ក្នុង​តំបន់​តាម​ការគួរ ។