គណៈ​ប៊ីស្សព
តើ​គោលលទ្ធិ​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​យកឈ្នះ​លើ​បញ្ហា​ការណ៍អាសគ្រាម ?


« តើ​គោលលទ្ធិ​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​យកឈ្នះ​លើ​បញ្ហា​ការណ៍អាសគ្រាម ? » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« តើ​គោលលទ្ធិ​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​យកឈ្នះ​លើ​បញ្ហា​ការណ៍អាសគ្រាម ? » ធនធាន​ការ​ប្រឹក្សា ។

ធនធាន​ការ​ប្រឹក្សា

តើ​គោលលទ្ធិ​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​យកឈ្នះ​លើ​បញ្ហា​ការណ៍អាសគ្រាម ?

ការទទួលខុសត្រូវ​មួយ​របស់​អ្នក​ក្នុងនាមជា​សមាជិក​សាសនាចក្រ គឺ​ត្រូវ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ​ដ៏បរិសុទ្ធ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ការ​បង្រៀន​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ គឺថា​មនុស្ស​ទាំងអស់​គ្រប់​ទិស​ទី​ត្រូវ​តែ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ទទួល​បុណ្យ​ជ្រមុជទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ សូមមើល​សុន្ទរកថា​ទាំងនេះ ដែល​មាន​នៅវគ្គ « Addressing Pornography » នៅលើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ៖

« អំណាច​នៃ​ការ​បង្រៀន​គោលលទ្ធិ »

« គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ »

« ការ​ផ្ដោត​ទៅលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ »

« ធ្វើតាម​គោលលទ្ធិ និង ដំណឹងល្អ​របស់​ព្រះគ្រីស្ទ »

បុគ្គល​ម្នាក់ៗ​ទទួលខុសត្រូវ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាមួយ​នឹង​ការណ៍អាសគ្រាម ។ ពួកគេ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ពួកគេ​ចាំបាច់​ត្រូវ​តែ​ធ្វើការផ្លាស់ប្ដូរ​ ។ នៅពេល​អ្នក​ចូលរួម​នៅក្នុង​ការ​ពិភាក្សា​ដ៏បំផុសគំនិត​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗនោះ សូម​ដឹកនាំ​ពួកគេ​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​ទាក់ទង​ទៅនឹង​ដំណោះស្រាយ​នានា ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ភាព​ខ្លួនទីពឹងខ្លួន​ខាង​វិញ្ញាណ​តាមរយៈ​ការ​ខិតខំ​ស្វែងយល់ និង​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ការសិក្សា និងការ​អធិស្ឋាន​មានសារៈសំខាន់​នៅក្នុង​ដំណើរការ​នេះ ។

បុគ្គលម្នាក់ៗ​ក៏​មាន​ការ​ទទួលខុសត្រូវ​ក្នុងការ​យល់ដឹង និង​ដោះស្រាយ​ចំពោះ​ការ​ឈឺចាប់​ដែល​បណ្ដាល​មកពី​ការ​ប្រើ​ការណ៍អាសគ្រាម​របស់ពួកគេទៅ​លើ​អ្នកដទៃ ។ នៅពេល​អ្នក​ធ្វើ​ការ​ជាមួយ​ពួកគេ សូម​ណែនាំ​ពួកគេ​ឲ្យ​ទទួល​យក​ការ​ទទួលខុសត្រូវ​របស់ពួកគេ ហើយធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ទៅបាន​ដើម្បី​ស្ដារអ្វីៗ​ឡើងវិញ ។

ការយក​ឈ្នះលើ​ការណ៍អាសគ្រាម​អាច​នឹង​ជាការ​លំបាក ។ បុគ្គល​ម្នាក់ៗ​គួរ​តែ​រៀន​ស្គាល់ និង​លើក​ឡើងនូវ​កត្តា​ពិសេសៗ​ដែល​មានឥទ្ធិពល​ទៅលើ​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​របស់​ពួកគេ ។ វាសំខាន់​ដើម្បី​កត់សម្គាល់​ថា​ដំណោះស្រាយ​ខាង​វិញ្ញាណ ថ្វីដ្បិត​តែ​វា​សំខាន់ និង​មានប្រយោជន៍​នៅក្នុងការ​យកឈ្នះលើ​ការណ៍អាសគ្រាម​ពិត​មែន ក៏​ជាញឹកញាប់​វា​គ្រាន់តែ​ជាផ្នែក​មួយ​នៃ​ដំណោះស្រាយ​ទាំង​ស្រុង​ប៉ុណ្ណោះ ។ បុគ្គល​ម្នាក់ៗ​គួរ​តែ​ពិចារណា​អំពី​ការរុករក​មើល​បញ្ហា​ខាង​ជីវសាស្ត្រ ខាង​ចិត្តសាស្ត្រ និង​ខាង​សង្គម ដែល​ជាញឹកញាប់​វា​បង្ក​ឲ្យ​មាន​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម ។

បង្រៀន​គោលលទ្ធិ

នៅពេល​អ្នក​បង្រៀន​ដល់​អ្នក​ដែល​កំពុង​មាន​បញ្ហា​នឹង​ការណ៍អាសគ្រាម សូម​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​កំណត់​ថា​តើ​គោលលទ្ធិ​ណាមួយ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ដោះស្រាយ​ឥទ្ធិពល ដែល​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​ពួកគេ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​បង្រៀន ៖ « ការយល់ដឹងពី​គោលលទ្ធិ​ពិត​នឹង​ផ្លាស់ប្ដូរ​អាកប្បកិរយា និង​ឥរិយាបថ ។ ការសិក្សា​អំពី​គោលលទ្ធិ​នៃ​ដំណឹងល្អ នឹង​អភិវឌ្ឍ​ឥរិយាបថ​បាន​រហ័ស​ជាង​ការសិក្សា​អំពី​ឥរិយាបថ ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ទៅ​ទៀត ។ ការជាប់ចិត្ត​នឹង​ឥរិយាបទ​ដែល​មិន​ស័ក្ដិសម អាច​នាំ​ឲ្យ​មាន​ឥរិយាបទ​ដែល​មិន​ស័ក្ដិសម ។ នោះ​ហើយ​ជា​មូលហេតុ ដែល​យើង​សង្កត់ធ្ងន់​ជា​ខ្លាំង​ទៅ​លើ​ការសិក្សា​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ » (« Little Children » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ) ។

គោលលទ្ធិ​គ្រឹះ​ដែល​បាន​បង្រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន គឺ​ជា​ការណែនាំ​ដ៏​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​ត្រូវ​ផ្ដោតលើ​គោលលទ្ធិ​មួយ​ណា ( សូមមើល « គោលលទ្ធិ​គ្រឹះ​នានា » ) ។ សូម​បង្រៀន​គោលលទ្ធិ​តាមរយៈ​ការ​ប្រើប្រាស់​ធនធាន​ដំណឹងល្អ​ដូចជា ព្រះគម្ពីរ និង​សុន្ទរកថា​សន្និសីទ​ទូទៅ​នានា ។

សូម​ផ្ដល់​ការងារ​បម្រើ​ដោយ​សេចក្ដីសប្បុរស​នៅពេល​អ្នក​បង្រៀន ហើយ​ផ្ដោត​ទៅ​លើ​ការជួយ​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រុករក​មើល​របៀប​ដើម្បី​រីកចម្រើន​តាមរយៈ​បញ្ហា​របស់ពួកគេ​ជាមួយ​នឹង​ការណ៍អាសគ្រាម ។ សូម​ពិចារណា​សួរ​នូវសំណួរ​បំផុសគំនិត​អំពី​ការ​រីកចម្រើន​របស់​ពួកគេ ការរីកចម្រើន​ទៅលើ​ការ​យល់ដឹង​អំពី​ខ្លួនពួកគេ​ខាង​ជីវសាស្ត្រ ខាង​ចិត្តសាស្ត្រ ខាង​សង្គម និង​ខាង​វិញ្ញាណ និង​ការ​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​របស់ពួកគេ ។ សូម​ដឹកនាំ​បុគ្គលម្នាក់ៗ​ឲ្យយល់ដឹង​អំពី​របៀប​ដែល​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ​អាច​ផ្លាស់ប្រែពួកគេ ហើយ​កែទម្រង់​ពួកគេ​ឲ្យទៅ​ជា​មនុស្ស​ដែល​ពួកគេ​គួរតែ​ប្រែក្លាយ ។

សូម​ផ្ដោត​ការ​បង្រៀន​របស់អ្នក​ទៅលើការ​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​យល់​អំពី​ការ​ប្រែចិត្ត និង​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ វា​ក៏​អាច​ជា​ប្រយោជន៍​ផងដែរ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​ស្វែងរក​ព័ត៌មាន​អំពី​សុខភាព​ផ្លូវភេទ ការ​បង្ហាញ​អារម្មណ៍​ខាង​ផ្លូវភេទ​ត្រឹមត្រូវ និង​តួនាទី​នៃភេទ​មាន​នៅក្នុង​រង្វង់​ដែនកំណត់​ដែល​ព្រះបាន​បង្កើត​ឡើង ។

ឧទាហរណ៍​អំពីការ​បង្រៀន​ខាង​គោលលទ្ធិ

ឧទាហរណ៍​ដូច​ខាងក្រោម​លើកឡើង​ពី​បញ្ហា​ជាទូទៅ​ដែល​បុគ្គល​ម្នាក់ៗ​ដែល​ពុះពារ​នឹង​ការណ៍អាសគ្រាម​បានជួប ហើយ​ផ្ដល់​គោលលទ្ធិ​ដែល​អាច​ជួយ​ក្នុង​បញ្ហា​ទាំងនេះ​បាន ។ សូម​អធិស្ឋាន​ជាមួយ​បុគ្គលម្នាក់ៗ​ដើម្បី​ជួយ​គាត់ ឬនាង​ឲ្យ​ស្គាល់​គោលលទ្ធិ​ជាក់លាក់​ដែល​ត្រូវ​ការ​ចាំបាច់​បំផុត​ក្នុងពេល​ឥឡូវនេះ ។

ភាពឯកោ និងការ​នៅដាច់ពីគេ

បុគ្គល​ដែល​មាន​បញ្ហា​នឹង​ការណ៍អាសគ្រាម ជាញឹកញាប់​មាន​អារម្មណ៍​ឯកោ និង​នៅដាច់ពី​គេ ។ ពួកគេ​អាច​នឹង​ខ្វះ​ទំនាក់ទំនង​សង្គម​ជាមួយ​អ្នកដទៃ ។ ការ​យល់ដឹង​អំពីគោលលទ្ធិ​នៃ​ក្រុមព្រះ អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​មានអារម្មណ៍​សេចក្ដីស្រឡាញ់​មកពី និង​ភ្ជាប់​ទៅនឹង​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ព្យាយាម​បង្រៀន​អំពី​លក្ខណៈ​ជាព្រះ និង​តួនាទី​របស់​សមាជិក​មួយអង្គៗ​នៃ​ក្រុមព្រះ ។

ការខ្មាសអៀន និង​ការលាក់ពួន

អារម្មណ៍​ខ្មាសអៀន ជាញឹកញាប់​នាំ​ឲ្យ​បុគ្គល​ម្នាក់ៗ​លាក់​ឥរិយាបទ​របស់​ពួកគេ ។ ការខ្មាសអៀន​ធ្វើ​ឲ្យ​បុគ្គលម្នាក់ៗ​មានអារម្មណ៍​ថា ពួកគេ​ជា​មនុស្ស​អាក្រក់ ហើយ​ពុំ​ស័ក្ដិសម​ដើម្បី​ទទួល​ការ​អភ័យទោសទេ ។ ម៉្យាងវិញទៀត ទោសកំហុស​ក៏នាំ​ឲ្យ​បុគ្គល​ម្នាក់ៗ​ទទួល​ស្គាល់​កំហុស និង​ស្វែងរក​ការ​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ​ផងដែរ ។ ការ​យល់ដឹង​ពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ជួយ​យើង​ឲ្យ​ប្រើ​អំណាច​នៃ​សិទ្ធិជ្រើសរើស និង​ការទទួលខុសត្រូវ ។ ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់ទ្រង់​លុបបំបាត់​ចោល​នូវ​ភាព​ខ្មាសអៀន ហើយ​ជួយ​យើង​ឲ្យប្រែចិត្ត រីកចម្រើន និង​ផ្លាស់ប្ដូរ ។

ការភាន់​ច្រឡំ​អំពី​តួនាទី​នៃ​ជីវិត​ផ្លូវភេទ

ជំនឿ​ខុស​ឆ្គង ឬ​មិន​ត្រឹមត្រូវ​អំពី​​តួនាទី​នៃ​នៃ​ការ​បង្ហាញ​អារម្មណ៍​ខាង​ផ្លូវភេទ អាច​នឹង​បង្ហាញ​ឡើង​តាមរយៈ​ការប្រើប្រាស់​ការណ៍អាសគ្រាម ។ ផែនការ​នៃ​សេចក្តី​សង្គ្រោះ​បញ្ជាក់​អំ​ពី​សារៈសំខាន់​នៃតួនាទី​នៃ​ការ​បង្ហាញ​អារម្មណ៍​ខាងផ្លូវភេទ និង​គោលបំណង​របស់​វា​នៅក្នុង​ការ​បង្កើត​ក្រុមគ្រួសារ និង​ទំនាក់ទំនង​ក្នុងចំណង​អាពាហ៍ពិពាហ៍​ដោយ​ក្ដីស្រឡាញ់ ។ សូម​បង្រៀន​ថា ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​គោលលទ្ធិ​ដទៃទៀត​ជួយ​ដាក់​គុណតម្លៃ​នៅ​លើ​តម្លៃ​នៃ​ព្រលឹង​មួយ ជាជាង​ការបង្ខូច និង​ការបដិសេធ​ដ៏​គ្រោះថ្នាក់ ដែល​វា​មាន​នៅក្នុង​ការណ៍​អាសគ្រាម ។

នៅពេល​អ្នកស្ដាប់​បុគ្គល​ម្នាក់ៗ​ពិភាក្សា​អំពី​ឧបសគ្គ​នានា​ដែល​ពួកគេ​ប្រឈម នោះ​អ្នក​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​កំណត់​ថាតើ​គោលលទ្ធិ​មួយ​ណា​ដែល​ល្អ​បំផុត​ដើម្បី​បំពេញ​តម្រូវការ​របស់ពួកគេ ។ ឧទាហរណ៍​ទាំងនេះ​គឺ​គ្រាន់តែ​ជា​របៀប​មួយចំនួន​ដើម្បី​ប្រើ​ការបង្រៀន​គោលលទ្ធិ​ប៉ុណ្ណោះ ។

លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗ​ឲ្យ​អនុវត្ត​គោលលទ្ធិ​ដំណឹងល្អ

សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ព្យាយាម​យល់​គោលលទ្ធិ​ដែលទាក់ទង​ទៅនឹង​តម្រូវការ​ពិសេស​របស់​ពួកគេ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បំផុសគំនិត​បុគ្គល​ម្នាក់ៗ​ឲ្យ​ដឹង​ពី​​របៀប​ជាក់លាក់​ដើម្បី​អនុវត្ត​សេចក្ដីពិត​នៅក្នុង​ជីវិត​របស់ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេឲ្យ​តាំងចិត្ត​រស់នៅ​ស្រប​ទៅតាម​ការ​បំផុស​គំនិត​ដែល​ពួកគេ​បានទទួល បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ និង​ការ​បង្រៀន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​គឺជា​ដំណើរ​ការពេញ​មួយ​ជីវិត​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ព្យាយាម​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គោលគំនិត​ដូច​ខាងក្រោម​នេះ គឺ​ជា​គោលលទ្ធិ​បន្ថែម​ដែល​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ដែល​មានបញ្ហា​នឹង​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​បាន ។

ការទទួលខុសត្រូវ

យើងម្នាក់ៗ​គឺជា​បុត្រ​របស់​ព្រះ ។ ដោយសារ​តែ​អត្តសញ្ញាណ​ដ៏ទេវភាព​នោះ​ហើយ ទើប​យើង​មាន​អំណោយទាន​ដូចជា សិទ្ធិជ្រើសរើស និង​ការទទួលខុសត្រូវ ដូចជា​ទំនួលខុសត្រូវ​លើ​ការធ្វើ​ខុសឆ្គង ។

ការទទួលខុសត្រូវ​ចំពោះ​ខ្លួន​ឯង អ្នកដទៃ និង​ព្រះ គឺជា​គន្លឹះ​ទៅកាន់​ការ​រីកចម្រើន ។ សូម​បង្រៀន​បុគ្គល​ម្នាក់ៗ​អំពី​គ្រោះថ្នាក់​នៃ​ការណ៍អាសគ្រាម ហើយ​នឹង​របៀប​ដែល​វា​បំពាន​បទដ្ឋាន​របស់​ព្រះ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ​មិនអាច​ឆ្ពោះទៅមុខ​ដោយមិន​ធ្វើជា​ម្ចាស់ការ​លើឥរិយាបទ​ដែល​មាន​គ្រោះថ្នាក់ និង​ពុំ​ត្រឹមត្រូវ​បានទេ ។

សម្រាប់​ប៊ីស្សព និង​ប្រធាន​សាខា ៖ ការណ៍នេះ​រួមបញ្ចូល​ទាំង​ការ​សារភាព​ផងដែរ ។ ពេល​ខ្លះ​អ្នក​អាច​នឹង​ត្រូវ​ជួប​ប្រជុំ​ជាច្រើនដង​ពីមុន​អ្នក​ដែល​ប្រើ​ការណ៍អាសគ្រាម​ទាំងនោះ បង្ហាញ​ពី​ទង្វើ​មិន​ត្រឹមត្រូវ​យ៉ាង​ពេញលេញ ។ នៅពេល​អ្នក​ជួប​នឹង​ពួកគេ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ទំនាក់ទំនង​រវាង​ភាព​យុត្តិធម៌ និង​ក្ដីមេត្តាករុណា និង​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​ជាប់ទាក់ទង​នឹង​ការសារភាព និង​ការ​ទទួល​ខុសត្រូវ ។ សូម​ប្រើ​អារម្មណ៍ ក្ដីស្រឡាញ់ និង​ភាព​កក់ក្ដៅ​ដើម្បី​បំផុសគំនិត និង​លើកទឹកចិត្ត ។ សូម​ប្រយ័ត្ន​ប្រយែង​ដើម្បី​ចៀសវាង​ពី​ភាព​ខ្មាសអៀន ឬ​ការ​បង្ខិតបង្ខំ ។ ក្រុមប្រឹក្សា​សមាជិកភាព​​មិនគួរ​ធ្វើ​ការ​ដាក់​វិន័យ ឬ​គំរាម​គំហែង​ដល់​សមាជិក​ដែល​កំពុង​មានបញ្ហា​ការណ៍អាសគ្រាម​ទេ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ [ ឆ្នាំ ២០២០ ] ៣២.៨.២ ) ។

ការ​អធិស្ឋាន និងការ​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់

ការ​អធិស្ឋាន និងការ​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ គឺ​សំខាន់​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំនៅក្នុង​ដួងចិត្ត ។ សូម​បង្រៀន​បុគ្គល​ម្នាក់ៗ​ឲ្យ​អធិស្ឋាន​ជាពិសេស ទូលសូម​ការ​អភ័យទោស ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ ។ បុគ្គល​ម្នាក់ៗ​ក៏អាច​ទទួល​បាន​កម្លាំង​តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ​មរមន​ជា​ប្រចាំ​ថ្ងៃផងដែរ ( សូមមើល រ័សុល អិម ណិលសុន « Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សុន្ទរកថា​សន្និសីទទូទៅ និង​អត្ថបទ​ទស្សនាវដ្ដី​សាសនាចក្រ​ដែល​និយាយ​អំពី​ការណ៍អាសគ្រាម និង​គោលដៅ​ខាង​វិញ្ញាណ​ជាទៀងទាត់ ។

សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​ជឿ​ថា​ពួកគេ​អាច​ផ្លាស់ប្ដូរ​បាន ។ សូម​ព្យាយាម​មានភាព​វិជ្ជមាន និង​ប្រាកដនិយម​ជាមួយ​ពួកគេ នៅពេល​អ្នក​រំឭក​អំពី​គោលការណ៍​នានា​នៃ​សេចក្ដីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ ។ សូម​បង្រៀន​ពួកគេ​ថា បំណងប្រាថ្នា​ដ៏តូចបំផុត​ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​នៃ​ការ​ផ្លាស់ប្ដូរ អាច​នាំ​ទៅរក​ការ​រីកចម្រើន​បាន ( សូមមើល អាលម៉ា ៣២:២៧–២៨ ) ។ នៅពេល​បុគ្គល​ម្នាក់ៗ​បីបាច់​សេចក្ដីជំនឿ​របស់ពួកគេ ហើយអនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ពួកគេ​អាច​ចម្រើន​សេចក្ដីជំនឿ​របស់ពួកគេ​ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ដ៏ធំ​មួយ ។

ដំណើរការ ពុំ​មែនជា​ព្រឹត្តិការណ៍ទេ

ការប្រែចិត្ត​គឺជា​ដំណើរការ​​មួយប្រកប​ដោយអំណរ ដែល​ត្រូវការ​ពេលវេលា ( សូមមើល ឌែល ជី រ៉េនឡាន់ « Repentance: A Joyful Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១–២៤; ស្ទីវិន ដបុលយូ អូវិន « Repentance Is Always Positive​ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៨–៥០ )។ គឺ​ដូចជា​ការបង្កើត​ទម្លាប់អាក្រក់​ត្រូវ​ការពេលវេលា នោះ​ការ​អភិវឌ្ឍ​ឥរិយាបថ​ល្អ​ដូចជា​ព្រះគ្រីស្ទ​ក៏ត្រូវការ​ពេលវេលា​ផងដែរ ។ ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន​ជាទៀងទាត់ និង​ការ​អភិវឌ្ឍ​សេចក្ដីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ជាជំនួយ​ទៅលើ​ដំណើរការនេះ ។

វា​ពុំ​តម្រូវ​នោះទេ ទាំង​ពុំពិតប្រាកដ​ផងដែរដែល​ថា​បុគ្គល​ម្នាក់ៗ​នឹង​ឆ្ពោះទៅមុខ​ដោយល្អឥតខ្ចោះ ឬ​ថា​គាត់​នឹង​មាន​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​នៅក្នុង​ដួង​ចិត្ត​ភ្លាមៗ​នោះ ។ ប៉ុន្តែ​គាត់ ឬនាង​ត្រូវ​តែ​ឆ្ពោះ​ទៅមុខ​ដោយបំណងពិត​ដើម្បី​ស្វែងរក​ការ​អភ័យទោស ទម្លាក់ចោល​ទង្វើ​ប្រកប​ដោយ​អំពើបាប ហើយ​ធ្វើ​ការ​រីកចម្រើន​សន្សឹមៗ ។ បន្ថែមពី​លើ​នោះ មនុស្ស​ដែល​មើល​ការណ៍អាសគ្រាម​ត្រូវ​តែ​ទទួល​ស្គាល់ និង​ទទួល​ខុសត្រូវ​ផងដែរ​ចំពោះ​ឥរិយាបថ​ដែល​បណ្ដាល​ឲ្យ​មាន​ការឈឺចាប់ និង​ការ​បាត់​បង់​ទំនុក​ចិត្ត​ដែលគាត់​បង្កើត​ឲ្យ​មាន​នៅ​ក្នុង​ទំនាក់ទំនង​របស់​គាត់ ឬនាង ។ ការណ៍​នេះ​អាច​រួមមានទាំង​ការ​ស្ដារនូវ​អ្វីៗ​ទាំងអស់​ឡើងវិញ ហើយ​គួរតែ​រាប់បញ្ចូល​ទាំង​ការ​មានភាព​ស្មោះត្រង់​ចំពោះ​ស្វាមី ឬ​ភរិយា​ផងដែរ បើ​បុគ្គល​នោះ​បាន​រៀបការ​រួចហើយ ។

សូមថ្លែង​ទីបន្ទាល់​ជាញឹកញាប់​អំពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សមត្ថភាព​របស់ទ្រង់​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ផ្លាស់ប្ដូរ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​មកនូវ​អំណរ ( សូមមើល ម៉ូសាយ ៤:២–៣ ) ។