ឆ្នាំ ២០១០-២០១៩
ការប្រែចិត្ត​ជា​បទពិសោធន៍​វិជ្ជមាន​ជានិច្ច
ខែ តុលា ២០១៧


ការប្រែចិត្ត​ជា​បទពិសោធន៍​វិជ្ជមាន​ជានិច្ច

ខណៈ​ដែល​យើង​ឈាន​ជើង​ទៅ​លើ​មាគ៌ា​នៃ​ការប្រែចិត្ត នោះ​យើង​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​យើង​ហើយ ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ទៅ​ទស្សនា​ការប្រកួត​បាល់​ឱប​នៅ​សាកលវិទ្យាល័យ​មួយ ។ លោក​ទៅ​ទីនោះ​ដើម្បី​ប្រកាស​ថា ពហុកីឡាដ្ឋាន​នេះ​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​គ្រូ​បង្វឹក​យូរ​ឆ្នាំ ជា​បុគ្គល​គេ​ស្រឡាញ់​ច្រើន​ដែល​ហៀប​នឹង​ចូល​និវត្តន៍ ។ ក្រុម​កីឡាករ​ពិត​ជា​ចង់​ឈ្នះ​ការប្រកួត ដើម្បី​ផ្ដល់​កិត្តិយស​ដល់​គ្រូ​បង្វឹក​របស់​ខ្លួន ។ ប្រធាន ហ៊ីងគ្លី ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​ទៅ​បន្ទប់​ប្ដូរ​សម្លៀកបំពាក់ ហើយ​ថ្លែង​ពាក្យ​លើកទឹកចិត្ត ។ ដោយ​បាន​ទទួល​ការ​បំផុស​គំនិត​មក​ពី​ប្រសាសន៍​របស់​លោក ក្រុម​នោះ​បាន​បន្ត​ដើម្បី យក​ឈ្នះ​នៅ​ថ្ងៃ​នោះ ហើយ​បញ្ចប់​រដូវកាល​នោះ​ជាមួយ​នឹងកំណត់ត្រា​ជ័យជម្នះ ។

ថ្ងៃ​នេះ ខ្ញុំ​ថ្លែង​ទៅ​កាន់​បុគ្គល​ដែល​អាច​បារម្ភ​ថា ពួកគេ​គ្មាន​ជ័យ​ជម្នះ​ក្នុង​ជីវិត ។ ប្រាកដណាស់ ការពិត​គឺ​ថា « គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ » ។ ទោះ​ជា​អាច​មាន​ក្រុម​កីឡាករ​ប្រកួត​មិន​ដែល​ចាញ់​ក្នុង​រដូវកាល​ក្ដី ជីវិត​យើង​មិន​ដូច​ជា​ក្រុមកីឡាករ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​បាន​សម្រេច​ដង្វាយធួន​ដ៏​ឥតខ្ចោះ​មួយ ហើយ​ប្រទាន​ឲ្យ​យើង​នូវ​អំណោយ​នៃ​ការប្រែចិត្ត—ជា​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ភាពចែងចាំង​នៃ​ក្ដីសង្ឃឹម​ដ៏​ឥតខ្ចោះ និង​ជីវិត​ដ៏​ជោគជ័យ ។

ការប្រែចិត្ត​នំា​មក​នូវ​សុភមង្គល

ជា​ញឹកញាប់​យើង​គិត​ថា ការប្រែចិត្ត​គឺ​ជា​កិច្ចការ​មួយ​ដ៏​ស្មុគស្មាញ និង​សៅហ្មង ។ ប៉ុន្តែ​ផែនការ​របស់​ព្រះ​គឺ​ជា​ផែនការ​នៃ​សុភមង្គល មិន​មែន​ជា​ផែនការ​នៃ​ភាពស្មុគស្មាញ​នោះ​ទេ ។ ការប្រែចិត្ត​គឺ​ជា​កិច្ចការ​ដ៏​លើកតម្កើង និង​ដ៏​ថ្កុំថ្កើង ។ អំពើបាប​នាំ​មក​នូវ​អពមង្គល ។ ការប្រែចិត្ត​គឺ​ជា​ផ្លូវ​គេច​ពី​អំពើបាប ! អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ពន្យល់​ដូចនេះ ៖ « បើ​គ្មាន​ការប្រែចិត្ត​ទេ នោះ​គ្មាន​ភាពរីកចម្រើន ឬ ការកែលម្អ​ដ៏​ពិត​ក្នុង​ជីវិត​ឡើយ ។ … មាន​តែ​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ ទើប​យើង​ទទួល​បាន​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដីសង្គ្រោះ ។ ការប្រែចិត្ត … នាំ​យើង​ទៅរក​សេរីភាព ទំនុកចិត្ត និង​សេចក្ដីសុខសាន្ដ » ។ ខ្ញុំ​ថ្លែង​ទៅ​កាន់​បងប្អូន​ទាំងអស់​គ្នា—ជា​ពិសេស​យុវវ័យ—ថា ការប្រែចិត្ត​ជា​បទពិសោធន៍​វិជ្ជមាន​ជានិច្ច ។

ពេល​យើង​និយាយ​អំពី​ការប្រែចិត្ត យើង​មិន​ត្រឹមតែ​និយាយ​អំពី​ការប្រឹងប្រែង​កែលម្អ​ខ្លួន​ប៉ុណ្ណោះ​ទេ ។ ការប្រែចិត្ត​ដ៏​ពិត​មាន​ន័យ​ជ្រៅ​ជាង​នោះ​ទៅ​ទៀត—វា​ត្រូវបាន​បំផុស​ដោយ​ក្ដីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​ទ្រង់​ក្នុង​ការអត់ទោស​ដល់​អំពើបាប​យើង ។ អែលឌើរ ឌេល ជី រេនឡាន់ បាន​បង្រៀន​ថា « បើ​គ្មាន​ព្រះអង្គប្រោសលោះ​ទេ … នោះ​ការប្រែចិត្ត​គ្រាន់តែ​ជា​ដំណើរ​កែប្រែ​ឥរិយាបថ​មួយ​ដ៏​ស្មុគស្មាញ​ប៉ុណ្ណោះ » ។ យើង​អាច​ព្យាយាម​កែប្រែ​ឥរិយាបថ​យើង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​មាន​តែ​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ ទើប​អាច​សម្អាត​ស្នាម​ប្រឡាក់ ហើយ​រែក​បន្ទុក​យើង​បាន ហើយ​ធ្វើ​ឲ្យ​យើង​អាច​ដើរតាម​មាគ៌ា​នៃ​ការគោរពប្រតិបត្តិ​ទាំង​មាន​ទំនុកចិត្ត និង​ភាពរឹងមាំ ។ អំណរ​នៃ​ការប្រែចិត្ត​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អំណរ​នៃ​ការគ្រាន់តែ​រស់នៅ​ក្នុង​ជីវិត​សុចរិត​ទៅ​ទៀត ។ វា​ជា​អំណរ​នៃ​ការអត់ទោស ការបាន​ស្អាត​ម្ដង​ទៀត និង​ការខិត​ទៅ​កាន់តែ​ជិត​ព្រះ ។ ពេល​អ្នក​មាន​បទពិសោធន៍​នៃ​អំណរ​នោះ គ្មាន​បទពិសោធន៍​ណា​ទៀត​អាច​ប្រៀបផ្ទឹម​បាន​ឡើយ ។

ការប្រែចិត្ត​ដ៏​ពិត​តម្រូវ​ឲ្យ​យើង​ដាក់​ការគោរពប្រតិបត្តិ​ជា​ការប្ដេជ្ញាចិត្ត​មួយ—ជា​ក្ដីសញ្ញា ដែល​ចាប់ផ្ដើម​នឹង​បុណ្យជ្រមុជទឹក ហើយ​រំឭក​វា​រាល់​សប្ដាហ៍​ក្នុង​ពិធីសាក្រាម៉ង់ ។ ក្នុង​ពិធីសាក្រាម៉ង់ យើង​ទទួល​ការសន្យា​ថា​យើង​នឹង​អាច « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ ពួក​យើង ] ជា​ដរាប » ជាមួយ​អំណរ និង​ភាពសុខសាន្ត​ដែល​បាន​មក​ពី​ការដែល​ទ្រង់​គង់​នឹង​យើង​ជានិច្ច ។ នេះ​គឺ​ជា​ផ្លែផ្កា​នៃ​ការប្រែចិត្ត ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ការប្រែចិត្តជឿ​ពេញ​ដោយ​អំណរ !

ការប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ការតស៊ូ

ខ្ញុំ​ចូលចិត្ត​រឿងប្រដូច​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ ។ មាន​ចំណុច​សំខាន់​អំពី​គ្រា​ដ៏​ចំាបាច់​មួយ ដែល​កូន​ប្រុស​ខ្ជះខ្ជាយ « ភ្ញាក់​ដឹង​ខ្លួន » ។ កាល​គាត់​អង្គុយ​ក្នុង​ទ្រុង​ជ្រូក​មាន​ចិត្ត​ចង់ « ចំអែត​ពោះ​ដោយ​សំបក​ដែល​ជ្រូក​ស៊ី » ទីបំផុត​គាត់​បាន​ភ្ញាក់ដឹងខ្លួនថា គាត់​មិន​ត្រឹមតែ​ខ្ជះខ្ជាយ​កេរមរតក​ឪពុក​គាត់​ទេ គាត់​ថែមទាំង​ខ្ជះខ្ជាយ​ជីវិត​ខ្លួន​ផង ។ ដោយ​មាន​ជំនឿ​ថា ឪពុក​គាត់​អាច​នឹង​ទទួល​គាត់​វិញ—យ៉ាងហោចណាស់ បើ​មិន​ទុក​ជា​កូន​​ក៏​ជា​បាវបម្រើ​ដែរ—នោះ​គាត់​បាន​សម្រេចចិត្ត​លះបង់​ចោល​អតីកាល​ដ៏​រឹងទទឹង​របស់​គាត់ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខ្ញុំ​តែង​ឆ្ងល់​អំពី​ការធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ដ៏​សែន​ឆ្ងាយ​របស់​កូន​ប្រុស​នោះ ។ តើ​មាន​ពេល​ដែល​គាត់​ស្ទាក់ស្ទើរ ហើយ​ឆ្ងល់​ថា « តើ​ឪពុក​ខ្ញុំ​នឹង​ទទួល​ខ្ញុំ​យ៉ាង​ដូចម្ដេច​ទៅ ? » ដែរ​ឬ​ទេ ? ប្រហែល​គាត់​បាន​ដើរ​ត្រឡប់​ក្រោយ​ពីរ​បី​ជំហាន​សំដៅ​ទៅ​ទ្រុង​ជ្រូក​វិញ ។ សូម​ស្រមៃ​មើលថា តើ​រឿង​នឹង​ប្រែជា​ខុស​គ្នា​ដូចម្ដេច បើ​គាត់​ចុះចាញ់ ។ ប៉ុន្តែ​ក្ដីជំនឿ​ធ្វើ​ឲ្យ​គាត់​បន្ត​ទៅ​មុខ ហើយ​ក្ដីជំនឿ​ធ្វើ​ឲ្យ​ឪពុក​គាត់​បន្ត​ទន្ទឹង​មើល​ផ្លូវ​ដោយ​អត់ធ្មត់ ដរាប​ទីបំផុត ៖

« លុះ​ឪពុក​ឃើញ​ពី​ចម្ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​គាត់ ។

ទើប​គាត់​និយាយ​ថា លោក​ឪពុក​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​និង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ ។

តែ​ឪពុក​ប្រាប់​ទៅ​ពួកបាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​​យកចិញ្ចៀន និង​ស្បែកជើង​មក​ឲ្យ​ផង ៖ …

ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ » ។

ការប្រែចិត្ត​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា

បងប្អូន​ប្រុសស្រី យើង​គឺ​ជា​កូន​ខ្ជះខ្ជាយ ។ យើង​ត្រូវតែ « ភ្ញាក់​ដឹង​ខ្លួន »—ជា​ធម្មតា​ច្រើន​ជាង​ម្ដង—ហើយ​ជ្រើសរើស​មាគ៌ា​ដែល​នាំ​ទៅ​ផ្ទះ​វិញ ។ វា​ជា​ជម្រើស​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​ពេញ​មួយ​ជីវិត ។

យើង​តែង​ភ្ជាប់​ការប្រែចិត្ត​ជាមួយ​នឹង​អំពើបាប​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មាន « ការផ្លាស់ប្ដូរ​យ៉ាង​ធំ » ។ ប៉ុន្តែ​ការប្រែចិត្ត​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា—ជា​បុគ្គល​ដែល​ដើរ​ចុះ​ឡើង​តាម « ផ្លូវ​ហាម​ឃាត់​ទាំងឡាយ ហើយ​វង្វេង​បាត់​អស់​ទៅ » និង​បុគ្គល​ដែល « បាន​ចូល​តាម​ផ្លូវ​តូច និង​ចង្អៀត » ហើយ​ឥឡូវ​នេះ​ត្រូវ « ខិតខំ​ជឿន​ទៅ​មុខ » ។ ការប្រែចិត្ត​ដាក់​យើង​នៅ​លើ​មាគ៌ា​ត្រឹមត្រូវ​ផង ហើយ​ក៏​រក្សា​យើង​នៅ​លើ​មាគ៌ា​ត្រឹមត្រូវ​ដែរ ។ វា​គឺ​សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្ដើម​ជឿ អ្នក​ដែល​បាន​ជឿ​អស់​មួយ​ជីវិត និង​អ្នក​ដែល​ត្រូវ​ចាប់ផ្ដើម​ជឿ​សារជាថ្មី ។ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ដូចនេះ ៖ « យើង​ភាគ​ច្រើន​យល់​ច្បាស់​ថា ដង្វាយធួន​គឺ​សម្រាប់​មនុស្ស​មាន​បាប ។ យ៉ាងណាក៏ដោយ ខ្ញុំ​ពុំ​ប្រាកដ​ទេ​ថា យើង​ដឹង ហើយ​យល់​ថា​ដង្វាយធួន​ក៏​សម្រាប់​ពួកបរិសុទ្ធ​ដែរ—សម្រាប់​បុរស និង​ស្ត្រី​ដែល​គោរពប្រតិបត្តិ សក្ដិសម ហើយ​… ខិតខំ​ធ្វើ​កាន់តែ​ល្អ » ។១០

ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ចំ​ពេល​អ្នក​ផ្សព្វផ្សាយសាសនា​ថ្មី​មួយ​ក្រុម​ទើប​មក​ដល់ ។ ខ្ញុំ​មាន​ចិត្ត​រំភើប​ពេល​ខ្ញុំ​មើល​ទៅ​ពួកគេ ហើយ​សង្កេត​ឃើញ​ពន្លឺ​ក្នុង​កែវ​ភ្នែក​ពួកគេ ។ ពួកគេ​ពេញ​ដោយ​អំណរ រីករាយ ហើយ​រំភើប ។ រំពេច​នោះ​ខ្ញុំ​មាន​គំនិត​មួយ​ថា « ពួកគេ​មាន​ក្ដីំជំនឿ​ដែល​ដកពិសោធន៍​ចំពោះ​ការប្រែចិត្ត ។ នេះ​ជា​មូលហេតុដែល​ពួកគេ​ពេញ​ដោយ​អំណរ និង ក្ដីសង្ឃឹម » ។

ខ្ញុំ​មិន​គិត​ថា ពួកគេ​ទាំងអស់​មាន​អំពើ​រំលង​ធ្ងន់ធ្ងរ​កាល​ពី​មុន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​ដឹង​ពី​របៀប​ប្រែចិត្ត ពួកគេ​បាន​រៀន​ថា ការប្រែចិត្ត​គឺ​ជា​បទពិសោធន៍​វិជ្ជមាន ហើយ​ពួកគេ​រួចរាល់ និង​ក្លាហាន​ដើម្បី​ចែកចាយ​សារលិខិត​ពេញ​ដោយ​អំណរ​នេះ​ដល់​ពិភពលោក ។

នេះ​គឺ​ជា​អ្វី​ដែល​កើតឡើង​នៅ​ពេល​យើង​ទទួល​អារម្មណ៍​អំណរ​នៃ​ការប្រែចិត្ត ។ សូម​ពិចារណា​គំរូ​របស់​អេណុស ។ លោក​បាន « ភ្ញាក់​ដឹង​ខ្លួន » ហើយ​បន្ទាប់​ពី « ទោស​របស់​លោក​បាន​បំបាត់​ចោល​ទៅ » ដួងចិត្ត​លោក​ស្រាប់តែ​គិត​ដល់​សុខុមាលភាព​មនុស្សដទៃ ។ អេណុស​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​អញ្ជើញ​មនុស្ស​ឲ្យ​ប្រែចិត្ត ហើយ « បាន​អរ​រីករាយ​ក្នុង​កិច្ចការ​នេះ លើ​កិច្ចការ​ណាៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ » ។១១ ការប្រែចិត្ត​បង្វែរ​ដួងចិត្ត​យើង​ទៅ​គិត​ដល់​មនុស្ស​ជុំវិញ​ខ្លួន ព្រោះ​យើង​ដឹង​ថា អំណរ​ដែល​យើង​មាន មនុស្ស​គ្រប់​គ្នា​ក៏​សម​នឹង​ទទួល​ដែរ ។

ការប្រែចិត្ត​គឺ​ជា​ទង្វើ​ពេញ​មួយ​ជីវិត

ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ធំ​ឡើង​ក្នុង​គ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​សូវ​សកម្ម ។ កាល​គាត់​នៅ​ជា​យុវមជ្ឈិមវ័យ គាត់​ក៏ « ភ្ញាក់​ដឹង​ខ្លួន » ហើយ​សម្រេច​ចិត្ត​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម​ដែរ ។

គាត់​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​ល្អ​បំផុត ។ នៅ​ថ្ងៃ​ចុងក្រោយ​របស់​គាត់​ពី​មុន​ត្រឡប់​មក​ផ្ទះ​វិញ ប្រធាន​បេសកកម្ម​បាន​សម្ភាស ហើយ​ឲ្យ​គាត់​ថ្លែង​ទីបន្ទាល់​របស់​គាត់ ។ គាត់​បាន​ធ្វើ​ដូចនោះ រួច​បន្ទាប់​ពី​បាន​ឱប​ប្រធាន​បេសកកម្ម​ទាំង​យំ​ផង នោះ​ប្រធាន​មាន​ប្រសាសន៍​ថា « អែលឌើរ បើ​អស់​ពេល​ច្រើន​ខែ អែលឌើរ​មិន​បន្ត​ធ្វើ​កិច្ចការ​ដែល​បាន​ស្ថាបនា​ទីបន្ទាល់​នៅ​គ្រា​ដំបូង​ទេ​នោះ អែលឌើរ​អាច​នឹង​ភ្លេច ឬ​បដិសេធ​ចោល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ទើបតែ​បាន​ថ្លែង​នេះ​ជា​មិន​ខាន » ។

ក្រោយ​មក មិត្ត​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ​ចាប់តាំង​ពី​គាត់​បាន​ត្រឡប់​ពី​បេសកកម្ម​វិញ ។ ការ​ត្រូវបាន « ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ » ឥត​ឈប់ឈរ​បាន​ឲ្យ​គាត់​បន្ត « នៅ​ក្នុង​ផ្លូវ​ត្រូវ » ។១២

ប្អូនៗ​ដែល​កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង និង​ប្អូនៗ​ដែល​ត្រឡប់​ពី​បេសកកម្ម​វិញ សូម​កត់ចំណាំ ! វា​មិន​គ្រប់គ្រាន់​ទេ​ដែល​គ្រាន់តែ​ស្ថាបនា​ទីបន្ទាល់​នោះ អ្នក​ត្រូវ​រក្សា ហើយ​ពង្រឹង​វា ។ អ្នក​ផ្សព្វផ្សាយសាសនា​ដឹង​ហើយ​ថា បើ​អ្នក​ឈប់​ធាក់​កង់ កង់​នឹង​ដួល ហើយ​បើ​អ្នក​ឈប់​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​អ្នក វា​នឹង​ទន់ខ្សោយ ។ គោលការណ៍​ដូចគ្នា​នេះ អនុវត្ត​ចំពោះ​ការប្រែចិត្ត—វា​គឺ​ជា​ទង្វើ​ពេញ​មួយ​ជីវិត មិន​មែន​តែ​ម្ដង​ក្នុង​មួយ​ជីវិត​ឡើយ ។

ចំពោះ​អ្នក​ដែល​ស្វែងរក​ការអត់ទោស—យុវវ័យ យុវមជ្ឈិមវ័យ​នៅ​លីវ ឪពុក​ម្ដាយ លោកតាលោកយាយ សូម្បី​តែ​លោកតាលោកយាយទួត—ខ្ញុំ​អញ្ជើញ​បងប្អូន​ឲ្យ​ប្រែចិត្ត ។ នេះ​ជា​ពេល​ដែល​ត្រូវ​ចាប់ផ្ដើម ។ សូម​កុំ​ពន្យារ​ពេល​នៃ​ការប្រែចិត្ត ។១៣

ពេល​អ្នក​បាន​សម្រេចចិត្ត​ដូចនោះ​ហើយ សូម​បន្ត​ដើរតាម​មាគ៌ា​នោះ ។ ព្រះវរបិតា​យើង​កំពុង​ទន្ទឹង​មើល​ផ្លូវ ចាំ​ទទួល​បងប្អូន ។ ទ្រង់​លូក​ព្រះហស្ត « អស់​ទាំង​ថ្ងៃ​ » ទៅ​រក​បងប្អូន ។១៤ រង្វាន់​គឺ​សម​ទៅ​នឹង​កិច្ចខិតខំ ។

ចូរ​ចាំ​ប្រសាសន៍​របស់​នីហ្វៃ​ដូចនេះ ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះហើយ បើ​សិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។១៥

ពេល​ខ្លះ ដំណើរជីវិត​នេះ​ហាក់ដូចជា​យូរ—បន្ទាប់​ពី​ចប់​សព្វគ្រប់ វា​គឺ​ជា​ដំណើរជីវិត​ឆ្ពោះ​ទៅ​រក​ជីវិត​អស់កល្ប ។ ប៉ុន្តែ​វា​អាច​ជា​ដំណើរជីវិត​ដ៏​រីករាយ បើ​យើង​តស៊ូ​ដោយ​មាន​ក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​សង្ឃឹម​លើ​ដង្វាយធួន​ទ្រង់​នោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ខណៈ​ដែល​យើង​ឈាន​ជើង​ទៅ​លើ​មាគ៌ា​នៃ​ការប្រែចិត្ត នោះ​យើង​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​យើង​ហើយ ។ ព្រះចេស្ដា​នោះ​នឹង​ពង្រឹង​យើង ពង្រីក​ទស្សនវិស័យ​យើង ហើយ​ពង្រឹង​ការតាំងចិត្ត​ឲ្យ​បន្ត​ឆ្ពោះ​ទៅ​មុខ មួយ​ជំហាន​ម្ដងៗ រហូត​ដល់​ទិវា​ដ៏​រុងរឿង ជា​ពេល​យើង​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​យើង​វិញ ហើយ​ឮ​ព្រះវរបិតាសួគ៌​មាន​បន្ទូល​ថា « ប្រពៃ​ហើយ » ។១៦ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។