ឆ្នាំ ២០១០-២០១៩
ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូច​ជា​ទ្រង់​បាន​ស្រឡាញ់​ពួកយើង
ខែ តុលា ២០១៧


ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូច​ជា​ទ្រង់​បាន​ស្រឡាញ់​ពួកយើង

តាមរយៈ​ការបម្រើ និង​ការអភ័យទោស​ឲ្យ​អ្នកដទៃ​ដោយ​សេចក្តីស្រឡាញ់​ពិតប្រាកដ នោះ​យើង​អាច​បាន​ជាសះស្បើយ និង​ទទួល​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ផ្ទាល់​ខ្លួន​យើង ។

អំឡុងពេល​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​បញ្ញត្តិ​ថ្មី​មួយ​ដល់​ពួកសាវក​របស់​ទ្រង់​ដោយ​មាន​បន្ទូលថា ៖

« ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្តិ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ។

គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

ពួក​សាវក​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​ប្រទាន​នូវ​បញ្ញត្តិ​ថ្មី​មួយ ដើម្បី​ធ្វើ​អ្វី​មួយ​កាន់តែ​ច្រើន កាន់តែ​ប្រសើរ​ឡើង កាន់តែ​ដូច​ព្រះ​ឡើង ។ បញ្ញត្តិ និង​ការអញ្ជើញ​ថ្មីនេះ​ត្រូវបាន​សង្ខេប​នៅក្នុង​ឃ្លា​គន្លឹះ​មួយ​ថា « ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ។

សេចក្តីស្រឡាញ់​គឺ​ជា​ទង្វើ សេចក្តីស្រឡាញ់​គឺ​ជា​ការបម្រើ

« សេចក្តី​ស្រឡាញ់​គឺ​ជា​អារម្មណ៍​នៃភក្តីភាព ការខ្វាយខ្វល់ និង​សេចក្តីស្មោះស្ម័គ្រ ។ តម្រាប់​ដ៏​ធំ​បំផុត​អំពី​សេចក្ដីស្រឡាញ់ ដែល​ព្រះ​មាន​ដល់​ពួក​កូន​ចៅ​ទ្រង់ គឺ​មាន​នៅ​ក្នុង​ដង្វាយ​ធួន​ដ៏​និរន្ត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ។ យ៉ូហាន​បាន​កត់ត្រា​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។ « សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​ទូទៅ​គឺ​ជា​លក្ខណៈ​មួយ​នៃ​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

ជាច្រើន​ឆ្នាំកន្លង​ទៅ ពេល​ចៅ​ប្រុស​ច្បង​របស់​យើង ហូសេ អាយុ​បួន​ឆ្នាំ​កំពុង​លេង​ជាមួយ​ភរិយា​ខ្ញុំ ។ អំឡុងពេល​ដែល​ពួកគេ​កំពុង​សើច និង​សប្បាយ​ជាមួយ​គ្នា​នោះ ចៅ​ប្រុសរបស់​យើង​បាន​សួរ​ថា « លោកយាយ តើ​លោក​យាយ​ស្រឡាញ់​ចៅ​ដែរ​ឬ​ទេ ? »

គាត់​បាន​ឆ្លើយ​ប្រាប់​ចៅ​វិញ​ថា « ច៎ាស ហូសេ យាយ​ពិតជា​ស្រឡាញ់​ចៅ​ណាស់ » ។

បន្ទាប់​មក​​ចៅ​ប្រុស​យើង​បាន​សួរ​​សំណួរ​មួយ​ផ្សេង​ទៀត ៖ « តើ​លោក​យាយ​ដឹង​ថា លោកយាយ​ស្រឡាញ់​ចៅ​ដោយ​របៀប​ណា ? »

គាត់​បាន​ពន្យល់​ប្រាប់​ចៅ​ប្រុស​យើង​អំពី​អារម្មណ៍​គាត់ ហើយ​ក៏​បាន​ប្រាប់​ចៅប្រុស​យើង​​អំពី​គ្រប់​កិច្ចការ​ដែល​គាត់​បាន​ធ្វើ និង​ឆន្ទៈ​ក្នុងការ​ធ្វើ​កិច្ចការ​នោះ​ដល់ចៅប្រុស​យើង ។

ក្រោយ​មក​ភរិយា​ខ្ញុំ​បាន​សួរ​​សំណួរ​ដដែរ​នោះ​ទៅ​ហូសេ​វិញ​ រួម​ទាំង​សំណួរ​ដែល​ចាក់ទំលុះ​ដួងចិត្ត​នេះ​ថា ៖ « តើ​ចៅ​ដឹង​ថា ចៅ​ស្រឡាញ់យាយ​ដោយ​របៀប​ណា ? »

ចៅ​ប្រុស​យើង​បាន​ឆ្លើយ​ទាំង​ពុំ​ដឹង​ខ្លួន និង​ស្មោះត្រង់​ថា « ចៅ​ស្រឡាញ់​លោក​យាយ ដោយសារចៅមាន​អារម្មណ៍​នេះ​នៅក្នុង​ដួងចិត្ត​របស់​ចៅ » ។ ឥរិយាបថ​នៃ​សេចក្តីស្រឡាញ់​របស់ហូសេ​ចំពោះ​ជីដូន​គាត់​នា​ថ្ងៃ​នោះ និង​ការ​បង្ហាញ​សេចក្តីស្រឡាញ់​នោះជាប់ជា​និច្ច គឺ​ជា​ការរួម​ផ្សំ​គ្នា​នៃ​ទង្វើ ព្រមទាំង​អារម្មណ៍​ដ៏​ជ្រាលជ្រៅ ។

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « ហើយ​មើលចុះ យើង​សុំ​ប្រាប់​អ្នក​នូវ​ការណ៍​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

នៅក្នុង​ពិភពលោក​សព្វថ្ងៃ ដែល​មាន​ការរងទុក្ខ​ជាច្រើន​ដោយសារ​តែ​កាលៈទេសៈ​ផ្សេងៗ នោះ​កាផ្ញើសារ​ដែល​មាន​សារ​រូបអាម៉ូជី (emoji) ឬ​ការបិទ​នូវ​រូបភាព​ស្រស់ស្អាត​មួយ​ដោយ​មាន​ពាក្យ​ថា « ខ្ញុំ​ស្រឡាញ់​អ្នក » គឺ​ជា​រឿង​មួយ​ដ៏​ល្អ និង​មាន​គុណតម្លៃ ។ ប៉ុន្តែ​អ្វី​ដែល​ពួកយើង​ជា​ច្រើន​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ទុក​ឧបករណ៍​ចល័ត​របស់​យើង​មួយ​អន្លើរ ហើយ​ជួយ​អ្នក​ដទៃ​ដែល​មាន​តម្រូវការ​ខ្លាំង​ដោយ​អស់​ពី​កម្លាំង​ពលំ​របស់​យើង ។ សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ការបម្រើ គឺដូចជា​សេចក្តីជំនឿ​ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ។

សេចក្តីស្រឡាញ់​គឺ​ជាការអភ័យទោស

សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធនៃ​ព្រះគ្រីស្ទ ដែល​ជា​សេចក្តីសប្បុរស​នោះ ពុំ​មែន​គ្រាន់តែ​ជំរុញចិត្ត​យើង​ឲ្យ​អនុវត្ត និង​ផ្តល់​ការបម្រើ​នោះ​ទេ វា​ថែមទាំង​មាន​អនុភាព​ក្នុងការអភ័យទោស ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្តី ។ ខ្ញុំ​សូម​ចែក​ចាយបទពិសោធន៍​មួយ​ជាមួយ​បងប្អូន ដែលវា​បាន​ជះ​ឥទ្ធិពល និង​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ ។ ថេត និង​ស្សារ៉ុន ជា​ឪពុកម្តាយ​របស់ ឃូភើរ ដែល​មាន​វត្តមាន​នៅ​ទីនេះ​នា​ថ្ងៃ​នេះ បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​ខ្ញុំ​ចែកចាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ដល់​គ្រួសារ​ពួកគេ​កាល​ពី​ជាង​ប្រាំបួន​ឆ្នាំ​កន្លង​ទៅ ។ ខ្ញុំ​នឹង​ប្រាប់​អំពី​បទពិសោធន៍​នេះ​ចេញ​ពី​ទស្សនវិស័យ​របស់​ថេត​ដែល​ជា​ឪពុក​របស់ ឃូភើរ ៖

នៅ​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០០៨ គឺ​ជា​ថ្ងៃ​​ចូលរៀន​ដំបូង​ ហើយ​បងៗ​ប្រុស​របស់​ឃូភើរទាំង​បី​គឺ អៃវ៉ាន ហ្គារេត និង​ឡូហ្គេន កំពុង​នៅ​ចំណត​ឡាន​ក្រុង​រង់ចាំ​ឡើង​ជិះ​ឡាន ។ ឃូភើរដែល​មាន​អាយុ​បួន​ឆ្នាំ បានជិះ​កង់​របស់​គាត់ ភរិយា​ខ្ញុំ ស្សារ៉ុន បាន​ដើរ ។

ភរិយា​ខ្ញុំបាន​ឆ្លង​ថ្នល់ ហើយ​លើកដៃ​ធ្វើ​ជា​សញ្ញា​ឲ្យ​ឃូភើរឆ្លង​ថ្នល់​មកដែរ ។ នៅពេល​ដំណាល​គ្នា​នោះ មានឡាន​មួយ​បាន​បើក​មក​យឺតៗ​បត់​ឆ្វេង ហើយ​បានបើក​កិន​ពី​លើ​ឃូភើរ ។

ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ​ពី​អ្នក​ជិតខាង​ម្នាក់ ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឃូភើរត្រូវ​ឡាន​បុក ។ ខ្ញុំ​បាន​បើក​ឡាន​យ៉ាង​លឿន​ទៅ​ចំណត​ឡាន​ក្រុង​ដើម្បី​ទៅមើល​គាត់ ។ ឃូភើរកំពុង​ដេក​នៅលើ​ស្មៅ​ ដោយ​ពិបាក​ដកដង្ហើម ប៉ុន្តែ​មើល​ទៅ​ដូចជា​គ្មាន​របួស​ដែល​អាច​មើល​ឃើញ​ឡើយ ។

ខ្ញុំ​បាន​លុត​ជង្គង់​ចុះក្បែរ​ឃូភើរហើយ​បាន​និយាយ​ពាក្យ​លើក​ទឹកចិត្ត​មួយ​ចំនួន​ដូចជា « វា​នឹង​មិន​អីទេ ។ សូម​ចាំ​បន្តិច » ។ នៅ​គ្រានោះ​អ្នក​ដឹកនាំ​ក្រុម​សង្ឃជាន់ខ្ពស់​របស់​ខ្ញុំ ណាថាន បាន​ទៅដល់​ទីនោះជាមួយ​ភរិយា​គាត់ ។ ភរិយាគាត់ផ្តល់​យោបល់​ថា យើង​ត្រូវ​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព ។ យើង​បាន​ដាក់​ដៃ​ពួក​យើង​លើ​ក្បាល​របស់​ឃូភើរ ។ ខ្ញុំ​ពុំ​បាន​ចាំ​ពាក្យពេចន៍​ដែល​បាន​បន្លឺ​ឡើង​នៅក្នុង​ប្រសិទ្ធពរ​នោះទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ច្បាស់​​អំពី​វត្តមាន​​របស់​អ្នកដទៃ​ទៀត​ដែល​នៅ​ជុំ​វិញ​ពួកយើង ហើយ​នៅ​គ្រា​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ដឹង​ថា ឃូភើរនឹង​ស្លាប់ ។

ឃូភើរត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ប្រាកដ​ណាស់​គាត់​បាន​ស្លាប់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​កំពុង​តែ​ប្រាប់​ខ្ញុំ​ថា ការទទួលខុសត្រូវ​នៅលើ​ផែនដី​របស់​ខ្ញុំ​បាន​ចប់​ហើយ ហើយ​ថា ឥឡូវនេះ​ឃូភើរនៅក្នុង​ការឃុំគ្រង​ថែ​របស់​ទ្រង់ ។

យើង​អាច​ចំណាយ​ពេល​មួយ​ចំនួន​ជាមួយ ឃូភើរនៅ​មន្ទីរពេទ្យ ។ អ្នកធ្វើការ​នៅទីនោះ​បាន​រៀបចំ​គាត់ ដើម្បី​ឲ្យ​យើង​អាច​ឱប​គាត់ ហើយ​ពោលពាក្យ​លា​គ្នា ហើយ​ទុក​ឲ្យ​យើង​ចំណាយ​ពេល​បាន​ច្រើន​ជាមួយ​គាត់ បី​ត្រកង​គាត់​តាម​ចិត្ត​យើង​ប្រាថ្នា ។

នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ភរិយាខ្ញុំ​​ដែល​កើត​ទុក្ខ​ក្រៀម​ក្រំ និង​រូប​ខ្ញុំ​បាន​សម្លឹង​មុខ​គ្នា ហើយ​បាន​ចាប់ផ្តើម​និយាយ​អំពីអ្នក​ដែល​បានបើក​ឡាន​នោះ ។ យើង​ពុំ​ស្គាល់​គាត់​ឡើយ ទោះជា​យ៉ាង​ណា​ក្តី​គាត់​រស់នៅ​រំលង​យើង​មួយ​ផ្លូវ​ពី​ផ្ទះ​យើង ហើយ​នៅក្នុង​តំបន់​នៃ​វួដ​របស់យើង ។

នៅ​ថ្ងៃ​បន្ទាប់​មក​គឺ​ជា​ថ្ងៃ​ដ៏​សែន​លំបាក​សម្រាប់​ពួកយើង ដោយសារ​យើង​ពិតជា​កើត​ទុក្ខក្រៀម​ក្រំ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​អធិស្ឋាន​ដោយ​ស្មោះអស់​ពី​ចិត្ត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​អធិស្ឋាន ។ ខ្ញុំបានទូលសូមឲ្យ​ព្រះវរបិតាសួគ៌ នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គសង្គ្រោះ​ខ្ញុំ ឲ្យ​ដកយក​សេចក្តីទុក្ខ​ក្រៀម​ក្រំដ៏​ខ្លាំង​ក្លា​នោះ​ចេញ​ពី​ខ្ញុំ ។ ទ្រង់​បាន​ធ្វើ​បែប​នោះ​មែន ។

ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ ទីប្រឹក្សា​មួយ​រូប​ក្នុង​គណៈប្រធាន​ស្តេក​យើង​ បាន​រៀបចំ​ឲ្យ​ពួកយើង​ជួប​ជាមួយ​នឹង​យុវជន​នោះ—គឺ​អ្នក​បើក​ឡាន​នោះ—និង​ឪពុក​ម្តាយ​របស់​គាត់​នៅ​ផ្ទះ​របស់​ទីប្រឹក្សា​នោះ ។ ស្សារ៉ុន និង​ខ្ញុំ​បាន​រង់ចាំ​យុវជន និង​ឪពុកម្តាយ​របស់​គាត់​មក ។ នៅពេល​យើង​បើក​ទ្វារ យើង​បាន​ជួប​គ្នា​ជា​លើក​ដំបូង ។ ប៊ីស្សព​របស់​ខ្ញុំ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « សូម​ទៅ​រក​គាត់​ទៅ » ។ ស្សារ៉ុន និង​ខ្ញុំ​បាន​ឱប​គាត់​​ទាំង​អស់​គ្នា​យ៉ាង​ណែន ។ យើង​បាន​យំជាមួយ​គ្នា​​ហាក់ដូចជា​អស់​ពេល​យ៉ាង​យូរ ។ យើង​បាន​ប្រាប់​គាត់​ថា យើង​បាន​ដឹងថា អ្វី​ដែល​បាន​កើត​ឡើង​គឺពិតជា​រឿង​ចៃដន្យ ។

វា​គឺជា​អព្ភូតហេតុ​ចំពោះ​ស្សារ៉ុន និង​ខ្ញុំ ដែល​យើង​ទាំងពីរនាក់​មាន​អារម្មណ៍​បែប​នោះ ហើយ​យើង​នៅតែ​មាន​អារម្មណ៍​ដដែល​នោះ ។ តាមរយៈព្រះគុណ​នៃ​ព្រះ យើង​អាច​ជ្រើស​យក​ផ្លូវត្រឹមត្រូវ ជា​ផ្លូវ​ជាក់ស្តែង ជា​ផ្លូវ​តែ​មួយគត់ ហើយ​ស្រឡាញ់​យុវជន​រូប​នោះ ។

យើង​ប្រែ​ជា​ស្និទ្ធស្នាល​ជាមួយ​គាត់ និង​គ្រួសារ​គាត់​អស់​ជាច្រើន​ឆ្នាំ ។ គាត់​បាន​ចែកចាយ​ឱកាស​សំខាន់ៗ​ដ៏​មាន​តម្លៃ​បំផុត​​របស់​គាត់​ជាមួយ​ពួកយើង ។ យើង​ថែម​ទាំង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គាត់ ពេល​គាត់​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម ។

បងប្អូន​ប្រុស​ស្រី ថេត​បាន​ដឹង​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​ពួកយើង ។ គាត់​ដឹង​ថា ការដែល​អាច​អភ័យទោស និង​ការសម្រាល​បន្ទុក​របស់​គាត់​តាម​របៀប​នោះ គឺ​ជា​បទពិសោធន៍​ដ៏អស្ចារ្យ​មួយនៃ​ការអភ័យទោស ។ បទពិសោធន៍​ដ៏​ផ្អែមល្ហែម​នេះ​កើត​មក​ពី​ការធ្វើ​តាម​គំរូ​នៃ​​អង្គដ៏គំរូ​​អស្ចារ្យ​បំផុត​របស់​យើង ។ នៅក្នុង​ព្រះគម្ពីរ​មរមន អាលម៉ា​បាន​ប្រកាស​អំពី​ព្រះអង្គសង្គ្រោះ​ថា ៖ « ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រងការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ​ក៏​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ​ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើក​ដាក់​មក​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ » ។

បងប្អូន​ប្រុសស្រី ឱ​នេះ​ជា​រឿង​ដ៏អស្ចារ្យ​អ្វី​ម៉្លេះ​អំពី​សេចក្តីស្រឡាញ់ និង​ការអភ័យទោស​ដ៏ពិត​ប្រាកដ ។ ដូចគ្នា​នេះ​ផងដែរ យើង​អាច​មាន​អំណរ និង​សុភមង្គល នៅពេល​យើង​បម្រើ និង​អភ័យទោស​ឲ្យ​អ្នកដទៃ ។ ហ្គចជី ចៅ​ប្រុស​ម្នាក់ទៀត​របស់​យើង​តែងតែ​និយាយ​ថា « តើ​យើង​ជា​ក្រុមគ្រួសារ​បែប​ណា ? » ហើយ​គាត់​ឆ្លើយ​ថា « យើង​គឺ​ជា​គ្រួសារ​ដ៏​រីករាយ ! »

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ទូន្មាន​យើង ដោយ​មាន​ប្រសាសន៍​ថា « ចូរ​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង ហើយ​ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការ​មាន​ចិត្ត​ល្អ មានសេចក្តី​ស្រឡាញ់ និង​មាន​សេចក្តី​សប្បុរស » ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ពួកយើង ហើយ​មាន​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​អនុវត្ត ពេល​យើងស្រឡាញ់​​គ្នា​ដូច​ពួក​ទ្រង់​បាន​ស្រឡាញ់​ពួកយើង ។ ហើយ​ខ្ញុំ​ដឹង​ថា តាមរយៈ​ការបម្រើ និង​ការអភ័យទោស​ឲ្យ​អ្នកដទៃ​ដោយ​សេចក្តីស្រឡាញ់​ពិតប្រាកដ នោះ​យើង​អាច​បាន​ជាសះស្បើយ និង​ទទួល​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ផ្ទាល់​ខ្លួន​យើង ។ ហើយ​ខ្ញុំសូមប្រកាសអំពី​ការណ៍​នេះក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។