ឆ្នាំ ២០១០-២០១៩
ការទទួលបាន​ការទុកព្រះទ័យ​ពី​ព្រះអម្ចាស់ និង ទំនុកចិត្ត​ពី​គ្រួសារ​អ្នក
ខែ តុលា ២០១៧


ការទទួលបាន​ការទុកព្រះទ័យ​ពី​ព្រះអម្ចាស់ និង ទំនុកចិត្ត​ពី​គ្រួសារ​អ្នក

បុគ្គល​ដែល​មាន « ចិត្តស្មោះ » គឺ​ជា​បុគ្គល​ដែល​គេ​ទុកចិត្ត—ព្រោះ​ទំនុកចិត្ត​ស្ថាបនា​នៅ​លើ​ភាពស្មោះត្រង់ ។

បងប្អូនប្រុស ប្រហែលជា​គ្មាន​ការសរសើរ​ល្អ​ជាង​នេះ​ទៀត ដែល​យើង​អាច​ទទួល​ពី​ព្រះអម្ចាស់​ជាង​ការដឹង​ថា ទ្រង់​ទុក​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​កាន់​បព្វជិតភាព​ដ៏​សក្ដិសម ព្រមទាំង​ជា​ស្វាមី និង ឪពុក​ដ៏​អស្ចារ្យ​នោះ​ទេ ។

រឿង​មួយ​ដ៏​ប្រាកដ​គឺ ៖ ការទទួលបាន​ការទុកព្រះទ័យ​ពី​ព្រះអម្ចាស់ គឺ​ជា​ពរជ័យ​មួយ​កើតឡើង​តាមរយៈ​ការខិតខំ​របស់​យើង ។ ការទុកព្រះទ័យ​គឺ​ជា​ពរជ័យ​មួយ​ផ្អែក​លើ​ការគោរពប្រតិបត្តិ​ដល់​ក្រឹត្យវិន័យ​របស់​ព្រះ ។ ការទទួលបាន​ការទុកព្រះទ័យ​ពី​ព្រះអម្ចាស់ កើតឡើង​ជា​លទ្ធផល​មក​ពី​ការមានចិត្ត​ស្មោះត្រង់​នឹង​ក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ​ក្នុង​ទឹក​នៃ​បុណ្យជ្រមុជ និង​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ពេល​យើង​រក្សា​ការសន្យា​យើង​ជាមួយ​ព្រះអម្ចាស់ នោះ​ទ្រង់​ទុក​ព្រះទ័យ​លើ​យើង​កាន់តែ​ខ្លាំង ។

ខ្ញុំ​ចូលចិត្ត​បទគម្ពីរ​ទាំង​សម័យ​បូរាណ និង​ទំនើប ដែល​ប្រើ​ឃ្លា​ថា « ចិត្តស្មោះ » នៅ​ពេល​ពិពណ៌នា​អំពី​លក្ខណៈសម្បត្តិ​បុគ្គល​សុចរិត​ម្នាក់ ។ ភាពស្មោះត្រង់ ឬ​ការខ្វះ​ភាពស្មោះត្រង់ គឺ​ជា​ធាតុ​សំខាន់​នៃ​លក្ខណៈសម្បត្តិ​របស់​បុគ្គល​ម្នាក់ ។ បុគ្គល​ដែល​មាន « ចិត្តស្មោះ » គឺ​ជា​បុគ្គល​ដែល​គេ​ទុកចិត្ត—ព្រោះ​ទំនុកចិត្ត​ស្ថាបនា​នៅ​លើ​ភាពស្មោះត្រង់ ។

ការធ្វើ​ជា​បុគ្គល​មាន​ភាពស្មោះត្រង់​មាន​ន័យ​ថា ចេតនា​ព្រមទាំង​ទង្វើ​របស់​បងប្អូន មាន​លក្ខណៈ​បរិសុទ្ធ និង​សុចរិត​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​បងប្អូន ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។ ក្នុង​រាល់​ការសម្រេចចិត្ត​របស់​យើង យើង​អាច​នឹង​ទទួល​បាន​ការទុកព្រះទ័យ​កាន់តែ​ខ្លាំង​ផង ឬ កាត់​បន្ថយ​ការទុកព្រះទ័យ​ពី​ព្រះ​ផង ។ គោលការណ៍​នេះ​អាច​បាន​បង្ហាញ​យ៉ាង​ច្បាស់ ក្នុង​ការទទួលខុសត្រូវ​ដែល​បាន​ចាត់តាំង​ពី​ព្រះ​ឲ្យ​ធ្វើ​ជា​ស្វាមី និង​ឪពុក ។

ក្នុង​នាម​ជា​ស្វាមី និង​ឪពុក យើង​បាន​ទទួល​ការទទួលខុសត្រូវ​ពី​ព្រះ​មក​ពី​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ​សម័យ​ទំនើប​ក្នុង​ឯកសារ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ ឯកសារ​នេះ​បង្រៀន​យើង​ថា (១) « ឪពុក​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្តីស្រឡាញ់ និង​សេចក្តីសុចរិត » (២) ឪពុក « មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្តីត្រូវការ​ក្នុង​ជីវិត » និង (៣) ឪពុក​ការពារ​ក្រុមគ្រួសារ​ខ្លួន ។

សម្រាប់​យើង ដើម្បី​ទទួល​បាន​ការទុក​ព្រះទ័យ​ពី​ព្រះ យើង​ចាំបាច់​ត្រូវ​បំពេញ​ការទទួលខុសត្រូវ​ទាំង​បី​នេះ​ដែល​បាន​ចាត់តាំង​ពី​ព្រះ ចំពោះ​គ្រួសារ​យើង​តាម​មាគ៌ា​ព្រះអម្ចាស់ ។ ការប្រកាស​អំពី​ក្រុម​គ្រួសារ​បាន​ថ្លែង​បន្ត​ថា តាម​មាគ៌ា​របស់​ព្រះអម្ចាស់ យើង​ត្រូវ​បំពេញ​ការទទួលខុសត្រូវ​ទាំងនេះ​ជាមួយ​ភរិយា​យើង « ជា​ដៃគូ​ស្មើ​គ្នា » ។ ចំពោះ​ខ្ញុំ សេចក្ដី​នេះ​មាន​ន័យ​ថា យើង​ពុំ​ឆ្ពោះ​ទៅ​មុខ​ដោយ​ធ្វើ​ការសម្រេចចិត្ត​សំខាន់​ណា​មួយ អំពី​ការទទួលខុសត្រូវ​ទាំង​បី​នេះ ដោយ​គ្មាន​សាមគ្គីភាព​ទាំងស្រុង​ពី​ភរិយា​យើង​ឡើយ ។

ជំហាន​ទី​មួយ​ក្នុង​ការខិតខំ​របស់​យើង ដើម្បី​ទទួល​បាន​ការទុកព្រះទ័យ​ព្រះអម្ចាស់ គឺ​ត្រូវ​មាន​ទំនុកចិត្ត​លើ​ទ្រង់ ។​ នីហ្វៃ​បាន​ធ្វើ​ជា​គំរូ​អំពី​ការតាំងចិត្ត​ប្រភេទ​នេះ កាល​លោក​អធិស្ឋាន​ថា « ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅ​លើ​ព្រះអង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅ​លើ​ព្រះអង្គ​ជា​រៀង​ដរាប » ។ ទូលបង្គំ​នឹង​មិន​ដាក់​ទី​ទុកចិត្ត​របស់​ទូលបង្គំ​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ » ។ នីហ្វៃ​បាន​តាំងចិត្ត​យ៉ាង​ពេញលេញ ក្នុង​ការធ្វើតាម​ព្រះបំណង​ព្រះអម្ចាស់ ។ បន្ថែម​ពី​លើ ការពោល​ពាក្យ​ថា លោក​នឹង « ធ្វើ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា » នីហ្វៃ​ពុំ​បាន​ងាករេ​នោះ​ទេ​ក្នុង​ការតាំងចិត្ត​ដើម្បី សម្រេច ការចាត់តាំង​របស់​លោក​ដែល​បង្ហាញ​នៅ​ក្នុង​សេចក្ដីថ្លែង​នេះ​ថា « ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ប្រាកដ​ដូច​ជា​យើង​នៅ​មាន​ជីវិត នោះ​យើង​នឹង​មិន​ចុះ​ទៅ​រក​ឪពុក​យើង​នៅ​ក្នុង​ទីរហោស្ថាន​ឡើយ ទាល់តែ​យើង​បាន​សម្រេច​នូវ​កិច្ចការ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​យើង​សិន » ។

ដោយសារតែ​នីហ្វៃ​ទុកចិត្ត​លើ​ព្រះ ទើប​ព្រះ​ទុកព្រះទ័យ​យ៉ាង​ខ្លាំង​លើ​នីហ្វៃ ។ ព្រះអម្ចាស់​បាន​ប្រទានពរ​លោក​ដោយ​ចាក់​ស្រោច​ព្រះវិញ្ញាណ​ទ្រង់​ដ៏​មហិមា ដល់​ភរិយា​លោក ជីវិត​គ្រួសារ​លោក និង​ជីវិត​ប្រជាជន​របស់​លោក ។ ដោយសារតែ​នីហ្វៃ​ទទួលខុសត្រូវ​ក្នុង​ក្ដីស្រឡាញ់ និង សុចរិតភាព ព្រមទាំង​ផ្គត់ផ្គង់ ហើយ​ការពារ​គ្រួសារ និង ប្រជាជន​របស់​លោក​ផង នោះ​លោក​កត់ត្រា​ថា « ពួកយើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល » ។

ដើម្បី​បង្ហាញ​អំពី​ទស្សនវិស័យ​របស់​ស្ត្រី​លើ​ប្រធានបទ​នេះ ខ្ញុំ​បាន​សុំ​ជំនួយ​ពី​កូនស្រី​ពីរ​នាក់​របស់​ខ្ញុំ​ដែល​បាន​រៀបការ​ហើយ ។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​សរសេរ​មួយ ឬ​ពីរ​ប្រយោគ អំពី​ទស្សន​របស់​ពួកគេ​ទៅ​លើ​សារៈសំខាន់​នៃ​ទំនុកចិត្ត ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ជីវិត​អាពាហ៍ពិពាហ៍ និង គ្រួសារ​របស់​ពួកគេ ។ នេះ​គឺ​ជា​គំនិត​របស់ ឡារ៉ា ហារីស និង គ្រីស្ទីណា ហានសិន ។

ឡារ៉ា សរសេរ​ថា « កត្តា​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ គឺ​ការដឹង​ថា ពេល​ដែល​ស្វាមី​ខ្ញុំ​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ គាត់​ធ្វើ​ជម្រើស​ដែល​បង្ហាញ​ការគោរព និង​ក្ដីស្រឡាញ់​ចំពោះ​ខ្ញុំ ។ ពេល​យើង​អាច​ទុកចិត្ត​គ្នា​តាម​វិធី​នេះ វា​នាំ​ឲ្យ​មាន​សន្តិភាព​ដល់​គេហដ្ឋាន​យើង ជា​កន្លែង​ដែល​យើង​រីករាយ​ក្នុង​ការចិញ្ចឹម​បីបាច់​គ្រួសារ​យើង​ទាំងអស់​គ្នា » ។

គ្រីស្ទីណា សរសេរ​ថា « ការមាន​ទំនុកចិត្ត​លើ​មនុស្ស​ម្នាក់ គឺ​ស្រដៀង​នឹង​ការមាន​ក្ដីជំនឿ​លើ​មនុស្ស​ម្នាក់​ដែរ ។ បើ​គ្មាន​ទំនុកចិត្ត និង​សេចក្ដីជំនឿ​ទេ នោះ​នឹង​មាន​ការភ័យខ្លាច និង​ការសង្ស័យ​ហើយ ។ សម្រាប់​ខ្ញុំ ពរជ័យ​ដ៏​មហិមា​មួយ​ដែល​កើត​ចេញ​ពី​សមត្ថភាព​ដែល​អាច​ទុកចិត្ត​ទាំងស្រុង​លើ​ស្វាមី​ខ្ញុំ គឺ​សន្តិភាព—ជា​សន្តិភាព​ក្នុង​ចិត្ត​ដែល​ដឹង​ថា គាត់​ពិត​ជា​ធ្វើ​អ្វី​ដែល​គាត់​ថា​នឹង​ធ្វើ ។ ទំនុកចិត្ត​នាំ​មក​នូវ​សន្តិភាព ក្ដីស្រឡាញ់ និង​ជា​បរិយាកាស​ដែល​សេចក្ដីស្រឡាញ់​អាច​ចម្រើន​ឡើង » ។

ឡារ៉ា និង គ្រីស្ទីណា មិន​ដែល​ដឹង​អំពី​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ពួកគេ​រៀងៗ​ខ្លួន​ពិចារណា​ចង់​បាន​ពរជ័យ​នៃ​សន្តិភាព​ក្នុង​គេហដ្ឋាន មក​ធ្វើ​ជា​លទ្ធផល​នៃ​ការមាន​ស្វាមី​ម្នាក់​ដែល​ពួកគេ​អាច​ទុកចិត្ត​បាន ។ ដូច​បាន​បង្ហាញ​ក្នុង​ឧទាហរណ៍​នៃ​កូនស្រី​របស់​ខ្ញុំ គោលការណ៍​នៃ​ទំនុកចិត្ត ដើរតួ​យ៉ាង​សំខាន់​ក្នុង​ភាពចម្រើន​លូតលាស់​នៃ​គេហដ្ឋាន​ដែល​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ ។

ខ្ញុំ​បាន​រីករាយ​នឹង​វប្បធម៌​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ​លូតលាស់​ក្នុង​គ្រួសារ​ខ្ញុំ​ដែរ កាល​ឪពុក​ខ្ញុំ​បាន​គោរព​បុព្វជិតភាព​របស់​គាត់ ហើយ​ទទួលបាន​ទំនុកចិត្ត​ពី​គ្រួសារ​ទាំងមូល ដោយសារតែ « ចិត្តស្មោះ​របស់​គាត់ » ។ ខ្ញុំ​សូម​ចែកចាយ​ជាមួយ​បងប្អូន​នូវ​បទពិសោធន៍​មួយ​កាល​ខ្ញុំ​នៅ​ជា​យុវវ័យ ដែល​បង្ហាញ​អំពី​ឥទ្ធិពល​វិជ្ជមាន​លើ​គ្រួសារ កាល​ឪពុក​ខ្ញុំ​យល់ ហើយ​រស់នៅ​តាម​គោលការណ៍​នៃ​ទំនុកចិត្ត​ស្ថាបនា​នៅ​លើ​ភាពស្មោះត្រង់ ។

កាល​ខ្ញុំ​នៅ​ក្មេង ឪពុក​ខ្ញុំ​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​ផលិត​គ្រឿង​ចក្រ​របស់​រោងចក្រ ។ អាជីវកម្ម​នេះ​បង្កើត​វិស្វកម្ម ផលិត ហើយ​បង្កើត​បណ្ដាញ​ផលិតផល​គ្រឿងចក្រ​ទូទាំង​ពិភពលោក ។

ពេល​ខ្ញុំ​រៀន​នៅ​អនុវិទ្យាល័យ ឪពុក​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ចេះ​របៀប​ធ្វើការ ។ គាត់​ក៏​ចង់​ឲ្យ​ខ្ញុំ​រៀន​អំពី​អាជីវកម្ម​នោះ​ដោយ​លម្អិត ។ ការងារ​ដំបូង​របស់​ខ្ញុំ​រួម​មាន ការថែរក្សា​ទីធ្លា និង លាប​ថ្នាំ​ជញ្ជាំង នៅ​ផ្នែក​ដែល​មនុស្ស​ទូទៅ​មិន​អាច​មើល​ឃើញ ។

ពេល​ខ្ញុំ​ចូល​រៀន​វិទ្យាល័យ ខ្ញុំ​ត្រូវបាន​ដំឡើង​តំណែង​ឲ្យ​ធ្វើការ​ជា​កម្មក​ក្នុង​ផ្នែក​រោងចក្រ ។ ខ្ញុំ​បាន​រៀន​មើល​ប្លង់ ហើយ​បញ្ជា​ម៉ាស៊ីន​ធ្វើ​ពី​ដែក​ថែប​ធ្ងន់ៗ ។ បន្ទាប់​ពី​បញ្ចប់​វិទ្យាល័យ ខ្ញុំ​បាន​ចូល​រៀន​សាកលវិទ្យាល័យ ហើយ​ចូល​បម្រើ​បេសកកម្ម ។ បន្ទាប់​ពី​ត្រឡប់​ពី​បេសកកម្ម​វិញ ខ្ញុំ​បាន​ចូល​ធ្វើការ​ភ្លាម​តែ​ម្ដង ។ ខ្ញុំ​ត្រូវ​រក​ប្រាក់​សម្រាប់​បង់​ថ្លៃ​សាលា​នៅ​ឆ្នាំ​ក្រោយ ។

ថ្ងៃ​មួយ ក្រោយ​ខ្ញុំ​ចប់​បេសកកម្ម​ភ្លាម ខ្ញុំ​បាន​ធ្វើការ​ក្នុង​រោងចក្រ​ជា​ពេល​ដែល​ឪពុក​ខ្ញុំ​បាន​ហៅ​ខ្ញុំ​ចូល​ក្នុង​ការិយាល័យ​គាត់ ហើយ​សួរ​ថាតើ​ខ្ញុំ​ចង់​រួម​ដំណើរ​អាជីវកម្ម​ជាមួយ​គាត់​ទៅ​ទីក្រុង ឡូស អាន់ជឺឡេស ។ នេះ​ជា​លើក​ទី​មួយ​ដែល​ឪពុក​ខ្ញុំ​ហៅ​ខ្ញុំ​ឲ្យ​រួម​ដំណើរ​អាជីវកម្ម​ជាមួយ​គាត់ ។ គាត់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ជួប​សាធារណជន ដើម្បី​ជួយ​តំណាង​ឲ្យ​ក្រុមហ៊ុន ។

ពីមុន​យើង​ចេញ​ដំណើរ គាត់​បាន​រៀបចំ​ខ្ញុំ​ជាមួយ​នឹង​សេចក្ដីលម្អិត​មួយ​ចំនួន អំពី​អតិថិជន​ថ្មី​ដ៏​មាន​សក្ដានុពល​នេះ ។ ទីមួយ អតិថិជន​នេះ​គឺ​ជា​អតិថិជន​មានសាជីវកម្ម​ច្រើន​ប្រទេស ។ ទីពីរ ពួកគេ​កំពុង​បង្កើន​បណ្ដាញ​ផលិតផល​របស់​ពួកគេ​ទូទាំង​ពិភពលោក ជាមួយ​នឹង​បច្ចេកវិទ្យា​គ្រឿង​ចក្រ​ថ្មី​ចុងក្រោយ​បំផុត ។ ទីបី ក្រុមហ៊ុន​យើង​មិន​ដែល​ផ្គត់ផ្គង់​សេវា​វិស្វកម្ម ឬ បច្ចេកទេស​ដល់​ពួកគេ​ពី​មុន​មក​ឡើយ ។ ចុង​ក្រោយ មន្ត្រី​កំពូល​របស់​សាជីវកម្ម​ដែល​ទទួល​បន្ទុក​ខាង​ទិញ​លក់ បាន​បង្កើត​ការប្រជុំ​នេះ​ឡើង ដើម្បី​ពិនិត្យ​ការដេញ​ថ្លៃ​លើ​គម្រោង​ថ្មី​មួយ ។ ការប្រជុំ​នេះ​ជា​និមិត្តរូប​នៃ​ឱកាស​ថ្មី និង​មាន​សក្ដានុពល​សម្រាប់​ក្រុមហ៊ុន​យើង ។

បន្ទាប់​ពី​បាន​ទៅ​ដល់​ទីក្រុង ឡូស អាន់ជឺឡេស ពួកយើង​បាន​ចូលរួម​ការប្រជុំ​នៅ​សណ្ឋាគារ ។ កិច្ចការ​ដំបូង​គឺ​ពិភាក្សា ហើយ​វិភាគ​លើ​វិធានការ​រៀបចំ​វិស្វកម្ម​នៃ​គម្រោង ។ ការពិភាក្សា​បន្ទាប់​ស្ដីពី​សេចក្ដីលម្អិត​នៃ​ប្រតិបត្តិការ រួម​មាន ភស្ដុភារ និង​កាលបរិច្ឆេទ​នៃ​ការដឹក​ជញ្ជូន ។ របៀបវារៈ​ចុងក្រោយ​ផ្ដោត​ទៅ​លើ​ការកំណត់​តម្លៃ និង​លក្ខខណ្ឌ ។ នេះ​គឺ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

មន្ត្រី​សាជីវកម្ម​រូប​នេះ​បាន​ពន្យល់​ថា ការដាក់ស្នើ​តម្លៃ​របស់​យើង​មាន​តម្លៃ​ថោក​ជាង​អ្នកដទៃ​ទៀត​ទាំងអស់​ដែល​បាន​ស្នើ​ដេញ​ថ្លៃ​គម្រោង​នេះ ។ ក្រោយ​មក​ទៀត គាត់​បាន​ប្រាប់​យើង​ពី​តម្លៃ​ថោក​ដែល​ថ្លៃ​ជាង​យើង​បន្តិច ។ រួច​គាត់​បាន​សួរ​ថាតើ​យើង​ចង់​ដក​យក​ការដាក់ស្នើ​របស់​យើង ហើយ​ស្នើ​ម្ដង​ទៀត​ឬ​ទេ ។ គាត់​ប្រាប់​ថា តម្លៃ​ថ្មី​របស់​យើង​នឹង​ត្រូវបាន​ដាក់​ឲ្យ​ថោក​ជាង​តម្លៃ​ខ្ពស់​បំផុត​បន្តិច​ក្នុង​ការដេញថ្លៃ​ក្រោយ​មក​ទៀត ។ រួច​គាត់​ពន្យល់​ថា យើង​នឹង​ចំណាយ​ប្រាក់​ពាក់​កណ្ដាល​ម្នាក់​ក្នង​ការដំឡើង​តម្លៃ​នេះ ។ គាត់​បាន​លើក​ហេតុផល​នេះ​ដោយ​និយាយ​ថា ភាគី​យើង​ទាំងពីរ​នឹង​ទទួល​បាន​ប្រយោជន៍ ។ ក្រុមហ៊ុន​ពួកយើង​នឹង​ទទួលបាន​ប្រយោជន៍ ព្រោះ​យើង​នឹង​ត្រូវបាន​ពិចារណា​ថា មាន​ប្រាក់​ច្រើន​ជាង​តម្លៃ​ដេញ​ថ្លៃ​ដែល​យើង​ដាក់​ពី​មុន ។ ក្រុមហ៊ុន​គាត់​នឹង​ទទួលបាន​ប្រយោជន៍ ព្រោះ​ពួកគេ​នឹង​នៅ​តែ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ដែល​ដេញ​ថ្លៃ​ថោក​ជាងគេ ។ ប្រាកដណាស់ គាត់​នឹង​ទទួល​បាន​ប្រយោជន៍​ដោយ​ទទួល​បាន​ចំណែក​ប្រាក់​ដែល​គាត់​បាន​ដោះ​ដូរ​ជាមួយ​យើង​វិញ ។

រួច​គាត់​បាន​ឲ្យ​លេខ​ប្រអប់​សំបុត្រ​មួយ ដែល​យើង​អាច​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​គាត់​វិញ ។ បន្ទាប់​ពី​បាន​ពន្យល់​ហើយ គាត់​សម្លឹង​ទៅ​ឪពុក​ខ្ញុំ រួច​សួរ​ថា « ដូច្នេះ យើង​អាច​ដោះដូរ​បាន​ទេ ? » ខ្ញុំ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ឪពុក​ខ្ញុំ​ក្រោក​ឈរ​ឡើង ចាប់ដៃ​គាត់ ហើយ​ប្រាប់​ថា យើង​សុំ​ពេល​គិត​មួយ​រយៈ​សិន ។

បន្ទាប់​ពី​ការប្រជុំ យើង​ចូល​ទៅ​ក្នុង​ឡាន ហើយ​ឪពុក​ខ្ញុំ​សួរ​ខ្ញុំ​ថា « តើ​កូន​គិត​ថា យើង​គួរ​ធ្វើ​ដូចម្ដេច ? »

ខ្ញុំ​បាន​ឆ្លើយ​ថា យើង​មិន​គួរ​ទទួល​យក​ការដោះដូរ​នេះ​ទេ ។

រួច​ឪពុក​ខ្ញុំ​សួរ​ថា « តើ​កូន​មិន​គិត​ថា យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​និយោជិត​ទាំងអស់ ក្នុង​ការរក្សា​បញ្ជី​នៃ​ការងារ​ត្រឹមត្រូវ​ទេ​ឬ ? »

កាល​ខ្ញុំ​កំពុង​គិត​អំពី​សំណួរ​គាត់ ហើយ​ពី​មុន​ខ្ញុំ​ឆ្លើយ គាត់​បាន​ឆ្លើយ​សំណួរ​នេះ​ដោយ​ខ្លួន​គាត់ ។ គាត់​ថា « ស្ដាប់​ណា រីគ កាល​ណា​កូន​ទទួល​យក​សំណូក ឬ​ធ្វើ​ឲ្យ​ខូច​ដល់​ភាពស្មោះត្រង់​របស់​កូន វា​ពិបាក​ណាស់​ដើម្បី​ស្ដារ​វា​មក​វិញ ។ កុំ​ធ្វើ​បែប​នេះ​ឲ្យ​សោះ សូម្បី​តែ​ម្ដង » ។

មូលហេតុ​ដែល​ខ្ញុំ​ចែកចាយ​បទពិសោធន៍​នេះ ព្រោះ​ខ្ញុំ​មិន​ភ្លេច​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​បង្រៀន ក្នុង​ដំណើរ​អាជីវកម្ម​ទីមួយ​ដែល​ខ្ញុំ​មាន​ជាមួយ​គាត់​ឡើយ ។ ខ្ញុំ​ចែកចាយ​បទពិសោធន៍​នេះ​ដើម្បី​បង្ហាញ​អំពី ឥទ្ធិពល​គ្មាន​ទីបញ្ចប់​ដែល​យើង​មាន​ក្នុង​នាម​ជា​ឪពុក ។ បងប្អូន​អាច​ស្រមៃ​ពី​ទំនុកចិត្ត​ដែល​ខ្ញុំ​មាន​ទៅ​លើ​ឪពុក​ខ្ញុំ ចំពោះ​ចិត្តស្មោះ​របស់​គាត់ ។ គាត់​បាន​រស់នៅ​ក្នុង​គោលការណ៍​នេះ​ក្នុង​ជីវិត​របស់​គាត់​ជាមួយ​ម្ដាយ​ខ្ញុំ កូនៗ និង​មនុស្ស​ដែល​គាត់​ប្រាស្រ័យ​ទាក់ទង ។

បងប្អូនប្រុស ខ្ញុំ​អធិស្ឋាន​ល្ងាច​នេះ សូម​ឲ្យ​យើង​ដាក់​ទំនុកចិត្ត​យើង​លើ​ព្រះអម្ចាស់​ជា​ដំបូង ដូច​នីហ្វៃ​បាន​ធ្វើ​ជា​គំរូ ហើយ​តាមរយៈ​ចិត្តស្មោះ​របស់​យើង យើង​នឹង​ទទួល​បាន​ការទុកព្រះទ័យ​ពី​ព្រះអម្ចាស់ ក៏​ដូចជា​ទំនុកចិត្ត​ពី​ភរិយា និង​កូនៗ​យើង​ដែរ ។ ពេល​យើង​យល់ ហើយ​អនុវត្ត​គោលការណ៍​ពិសិដ្ឋ​នៃ​ទំនុកចិត្ត​ស្ថាបនា​លើ​ភាពស្មោះត្រង់​នេះ យើង​នឹង​ស្មោះត្រង់​ចំពោះ​ក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​យើង​ដែរ ។ យើង​នឹង​ជោគជ័យ​ក្នុង​ការដឹកនាំ​គ្រួសារ​ដោយ​ក្ដីស្រឡាញ់ និង​សុចរិតភាព ការផ្គត់ផ្គង់​សេចក្ដីត្រូវការ​ចាំបាច់​ក្នុង​ជីវិត និង​ការការពារ​គ្រួសារ​ខ្លួន​ពី​សេចក្ដីអាក្រក់​នៃ​លោកិយ ។ ខ្ញុំ​សូម​ថ្លែង​សេចក្ដី​ទាំងនេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។