ឆ្នាំ ២០១០-២០១៩
ចូរ​កុំ​ខ្លាច​នឹង​ធ្វើ​ល្អ​ឡើយ
ខែ តុលា ២០១៧


ចូរ​កុំ​ខ្លាច​នឹង​ធ្វើ​ល្អ​ឡើយ

ព្រះអម្ចាស់​ប្រាប់​យើង​ថា ពេល​យើង​ឈរ​លើ​ថ្ម​ដា​របស់​ទ្រង់​ដោយ​សេចក្តីជំនឿ នោះ​ក្តី​សង្ស័យ​នឹង​សាប​សូន្យ​ទៅ ហើយ​បំណង​ប្រាថ្នា​ធ្វើ​ល្អ​នឹង​កើន​ឡើង​វិញ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​សូម​អធិស្ឋាន​ដោយ​រាបទាប​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​ពួកយើង​ពេល​ខ្ញុំ​និយាយ​នា​ថ្ងៃ​នេះ ។ ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរគុណ​ចំពោះ​ព្រះអម្ចាស់ ជា​ម្ចាស់​នៃ​សាសនាចក្រ​នេះ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការបំផុស​គំនិត​ដែល​យើង​បាន​ទទួល​ក្នុង​ការអធិស្ឋាន​ដោយ​ចិត្ត​ស្មោះ ទេសនកថា​ដ៏​បំផុស​គំនិត និង​ចម្រៀង​នៃ​ពួកទេវតា​នៅក្នុង​សន្និសីទ​នេះ ។

កាល​ពី​ខែ​មេសា ប្រធាន ថូម៉ាស អេស ម៉ន បាន​ផ្តល់​សារលិខិត​មួយ​ដែល​ជះ​ឥទ្ធិពល​លើ​ដួង​ចិត្ត​មនុស្ស​នៅ​ទូទាំង​ពិភពលោក​រួម​ទាំង​ខ្ញុំ​ផងដែរ ។ លោក​បាន​មាន​ប្រសាសន៍​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន ។ លោក​បាន​ជំរុញ​ឲ្យ​យើង​សិក្សា ពិចារណា និង​អនុវត្ត​ការបង្រៀន​ដែល​មាន​ក្នុង​នោះ ។ លោក​បាន​សន្យា​ថា ប្រសិនបើ​យើង​លះបង់​ពេលវេលា​រៀងរាល់​ថ្ងៃ​ដើម្បី​សិក្សា និង​ពិចារណា ហើយ​គោរព​បទបញ្ញត្តិ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន នោះ​យើង​នឹង​មាន​ទីបន្ទាល់ដ៏​ចាំបាច់​អំពី​សេចក្តីពិត​របស់​ព្រះគម្ពីរ​នេះ ហើយ​ទីបន្ទាល់​ដែល​យើង​ទទួល​បាន​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​នឹង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ដោយ​សុវត្ថិភាព​នៅក្នុង​គ្រា​លំបាក ។ ( សូមមើល «The Power of the Book of Mormon»Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៦–៨៧ ) ។

ដូច​បងប្អូន​ជាច្រើន​ដែរ ខ្ញុំ​បាន​ស្តាប់​ពាក្យ​ពេចន៍​របស់​ព្យាការី​ថា ជា​សំឡេង​នៃ​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ខ្ញុំ ។ ហើយ​ដូច​​បងប្អូន​ជាច្រើន​ដែរ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើតាម​ពាក្យ​ពេចន៍​ទាំង​នោះ ។ តាំង​ពី​ក្មេង​រហូត​ដល់​ឥឡូវនេះ ខ្ញុំ​មាន​អារម្មណ៍​នៃ​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ថា​ព្រះវរបិតា និង​ព្រះបុត្រា​បាន​បង្ហាញ​ព្រះកាយ និង​មាន​បន្ទូល​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ហើយ​ថា​ពួកសាវកពី​បុរាណ​បាន​មក​ជួប​ព្យាការី យ៉ូសែប ដើម្បី​ស្តារ​កូនសោ​បព្វជិតភាព​ដល់​សាសនាចក្រ​នៃ​ព្រះអម្ចាស់​ឡើង​វិញ ។

ជាមួយ​នឹង​ទីបន្ទាល់​នេះ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​ហើយ ។ ដោយសារ​ខ្ញុំ​បាន​ធ្វើ​រឿង​នេះ នោះ​ខ្ញុំអាច​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ថា ប្រសាសន៍​របស់​ប្រធាន​ម៉នសុន​គឺ​សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត ។ ប៉ុន្តែ​ដូច​បងប្អូន​ជាច្រើន​ដែរ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ការលើក​ទឹកចិត្ត​ពីព្យាការី និង​ការសន្យា​របស់​លោក​ចំពោះ​ខ្ញុំ​ឲ្យ​ខិតខំ​កាន់តែ​ខ្នះខ្នែង​ឡើង ។ បងប្អូន​ជា​ច្រើន​បាន​ធ្វើ​ដូច​ខ្ញុំ ៖ បាន​អធិស្ឋាន​ដោយ​បំណង​ដ៏​ខ្លាំងក្លា បាន​ប្តេជ្ញាចិត្ត​ពិចារណា​ព្រះគម្ពីរ​កាន់តែ​ច្រើន ហើយ​ព្យាយាម​កាន់តែ​ខ្លាំង​ក្នុងការ​បម្រើ​ព្រះអម្ចាស់ និង​អ្នកដទៃ​ទៀត​ជំនួស​ទ្រង់ ។

លទ្ធផល​ដ៏​ជា​ទីរីករាយ​សម្រាប់​ខ្ញុំ និង​បងប្អូន​ជា​ច្រើន គឺ​ជា​អ្វី​ដែល​ព្យាការី​បាន​សន្យា ។ ពួកយើង​ដែល​ទទួល​យក​ការទូន្មាន​ដ៏​បំផុស​គំនិត​របស់​លោក​ទៅ​ក្នុង​ដួងចិត្ត បាន​ស្តាប់​ឮ​ព្រះវិញ្ញាណ​កាន់តែ​ច្បាស់​ឡើង ។ យើង​បាន​រក​ឃើញ​អនុភាព​កាន់តែ​ប្រសើរ​ឡើង​ក្នុងការ​ទប់ទល់​នឹង​ការល្បួង ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តីជំនឿ​កាន់តែ​ខ្លាំង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ លើ​ដំណឹង​ល្អ​របស់​ទ្រង់ និង​លើ​សាសនាចក្រ​ដ៏​សកម្ម​របស់​ទ្រង់ ។

នៅក្នុង​ជំនាន់​នៃ​ការ​កើន​ឡើង​នូវ​ការរំជើបរំជួល​ក្នុង​ពិភពលោក អស់​អ្នក​ដែល​មាន​ទីបន្ទាល់​កើន​ឡើង បាន​បណ្តេញ​ក្តីសង្ស័យ និង​ការភ័យ​ខ្លាច​ចេញ ហើយ​បាន​នាំ​នូវ​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដល់​យើង​វិញ ។ ការស្តាប់​តាម​ការទូន្មាន​របស់​ប្រធាន ម៉នសុន មាន​ឥទ្ធិពល​ពីរ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​លើ​រូប​ខ្ញុំ ៖ ទីមួយ ព្រះវិញ្ញាណ​ដែល​លោក​បាន​សន្យា​បាន​បង្កើត​នូវ​ស្មារតី​នៃ​ភាពសុទិដ្ឋិនិយម​អំពី​អ្វី​ដែល​កើត​ឡើង​នា​ពេល​ខាង​មុខ ទោះបីជា​ការរំជើបរំជួល​ក្នុង​ពិភពលោក​នេះ​ហាក់​ដូចជា​កើន​ឡើង​ក្តី ។ ហើយ​ទី​ពីរ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ—និង​បងប្អូន—នូវ​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​កាន់តែ​ខ្លាំង​ឡើង ។ យើង​បាន​ទទួល​អារម្មណ៍​ខ្លាំង​ឡើង​ក្នុង​បំណង​ទៅ​ជួយ​សង្គ្រោះ​អ្នក​ដទៃ ។ បំណង​ប្រាថ្នា​នោះ​គឺ​ជា​គោលការណ៍​សំខាន់​នៅក្នុង​ការងារ​បម្រើ និង​ការបង្រៀន​របស់​ប្រធាន​ម៉នសុន ។

ព្រះអម្ចាស់​បាន​សន្យា​នូវ​សេចក្តីស្រឡាញ់​ដល់​អ្នក​ដទៃ ហើយ​លើក​ទឹកចិត្ត​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ពេល​ពួកលោក​មាន​កិច្ចការ​ដែល​ហាក់ដូចជា​លំបាក​ធ្វើ​នា​ពេល​ខាង​មុខ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា ភាព​ក្លាហាន​ដ៏​ចាំបាច់​កើត​ឡើង​ពី​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ទ្រង់​ដែល​ជា​ថ្មដា​របស់​ពួកគេ ៖

« ចូរ​កុំ​ខ្លាច​នឹង​ធ្វើ​ល្អ​ឡើយ ឱ​បុត្រា​របស់​យើង​អើយ ដ្បិត​ពូជ​អ្វី​ក៏​ដោយ​ដែល​អ្នករាល់គ្នា​ព្រោះចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង ហេតុដូច្នេះហើយ បើសិន​ជា​អ្នករាល់គ្នាព្រោះ​ចុះ​ពូជ​ល្អ នោះ​អ្នករាល់គ្នា​ក៏​នឹង​ច្រូត​បាន​ពូជ​ល្អ​ទុក​ជា​រង្វាន់​របស់​អ្នក​ដែរ ។

ហេតុដូច្នេះ​ហើយ កុំ​ឲ្យ​ខ្លាច ហ្វូងតូចអើយ ចូរ​ធ្វើ​ល្អ​ចុះ ចូរ​ឲ្យ​ផែនដី និង​ស្ថាន​នរក​រួម​គ្នា​ប្រឆាំង​នឹង​អ្នកចុះ ដ្បិត​បើសិន​ជា​អ្នករាល់គ្នា​បាន​សង់​នៅ​លើ​ថ្មដា​របស់​យើង នោះ​ពួកគេ​ពុំ​អាច​យក​ឈ្នះ​បាន​ឡើយ ។

មើល​ចុះ យើង​មិន​បាន​កាត់ទោស​អ្នក​ទេ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ ចូរ​ធ្វើ​ដោយ​ម៉ឺងម៉ាត់​នូវ​កិច្ច​ការ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក ។

ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ ។

ចូរ​មើល​ស្នាម​ទាំងឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រមទាំង​ស្នាម​ដែកគោល​នៅ​ដៃ និងជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់ កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​អ្នក​រាល់គ្នា​នឹង​​គ្រង​នគរ​ស្ថានសួគ៌​ទុក​ជា​មរតក » (គ. និង ស. ៦:៣៣–៣៧) ។

ព្រះអម្ចាស់​បាន​ប្រាប់​ថ្នាក់​ដឹកនាំ​ទ្រង់​ពី​ការស្តារ​ឡើង​វិញ ហើយ​ទ្រង់​ប្រាប់​យើង​ថា ពេល​យើង​ឈរ​លើ​ថ្ម​ដា​របស់​ទ្រង់​ដោយ​សេចក្តីជំនឿ នោះ​ក្តី​សង្ស័យ​នឹង​សាប​សូន្យ​ទៅ ហើយ​បំណង​ប្រាថ្នា​ធ្វើ​ល្អ​នឹង​កើន​ឡើង​វិញ ។ នៅពេល​យើង​ទទួលយក​ការអញ្ជើញ​របស់​ប្រធាន​ម៉នសុន​ឲ្យ​ដាំ​ក្នុង​ចិត្ត​យើង​នូវ​ទីបន្ទាល់​​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ទទួល​អនុភាព បំណង​ប្រាថ្នា និង​ភាពក្លាហាន​ដើម្បី​ទៅ​សង្គ្រោះ​អ្នក​ដទៃ​ដោយពុំ​ខ្វល់ខ្វាយ​ពី​តម្រូវការ​របស់​ខ្លួន​យើងឡើយ ។

ខ្ញុំ​បាន​ឃើញ​សេចក្តីជំនឿ និង​ភាពក្លាហាន​បែប​នោះ​ជាច្រើន​ដង កាល​ពួក​បរិសុទ្ធ​​ដែល​មាន​ជំនឿ​បាន​ប្រឈម​មុខ​​នឹង​ការលាកល្បង​ដ៏​គួរ​ឲ្យ​ខ្លាច ។ ឧទាហរណ៍​មួយ ខ្ញុំ​បាន​នៅរដ្ឋ​អៃដាហូ ពេល​ទំនប់​ទឹក តេតុន ដាម បាន​បាក់​នៅ​ថ្ងៃ​ ៥ ខែ មិថុនា ឆ្នាំ ១៩៧៦ ។ ទឹក​បាក់​ទំនប់​នោះ​បាន​ហូរ​​ធ្លាក់​ចុះ​មក ។ មនុស្ស​រាប់ពាន់​នាក់​បាន​រត់ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ។ មាន​ផ្ទះ និង​ហាង​ពាណិជ្ជកម្ម​រាប់ពាន់​កន្លែង​ត្រូវ​បាន​បំផ្លិចបំផ្លាញ ។ គួរ​ឲ្យ​រន្ធត់​ណាស់ ​មាន​មនុស្ស​តិច​ជាង ១៥ នាក់​បាន​ស្លាប់ ។

អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ទី​នោះ គឺ​ខ្ញុំ​បាន​ឃើញ​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឈរ​យ៉ាង​រឹងប៉ឹង​នៅលើ​ថ្ម​ដា​នៃ​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​ពួកគេ​ជឿជាក់​ថា ទ្រង់​ទត​មើល​ថែ​លើ​ពួកគេ នោះ​ពួកគេ​គ្មាន​ការភ័យ​ព្រួយ​ឡើយ ។ ពួកគេ​បំភ្លេច​ការសាកល្បង​ផ្ទាល់​ខ្លួន ដើម្បី​ទៅ​សង្គ្រោះ​អ្នកដទៃ ។ ហើយ​ពួកគេ​ធ្វើ​ដូច្នេះ​ដោយ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ ហើយ​ពុំ​ទាមទារ​ការតបស្នង​ឡើយ ។

ឧទាហរណ៍ នៅពេល​ទំនប់​ទឹក តេតុន ដាម បាន​បាក់ គូស្វាមី​ភរិយា​មួយ​គូ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​ធ្វើ​ដំណើរ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ជា​ច្រើន​គីឡូ​ម៉ែត្រ ។ ពេល​ពួកគេ​បាន​ស្តាប់​ឮ​ព័ត៌មាន​នេះ​តាម​វិទ្យុ​ភ្លាម នោះ​ពួកគេ​ប្រញាប់​ត្រឡប់​ទៅ​ទីក្រុង​រីកប៊ើហ្គ វិញ ។ ជាជាង​ទៅ​ផ្ទះ​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ឃើញ​ថា តើ​ផ្ទះ​ពួកគេ​ខូតខាត​ឬ​អត់​នោះ ពួកគេបាន​ទៅ​រក​ប៊ីស្សព​ពួកគេ​វិញ ។ ប៊ីស្សព​បាន​នៅក្នុង​អគារ​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ ។ ប៊ីស្សព​កំពុង​ជួយ​ដឹកនាំ​អ្នក​ស្ម័គ្រចិត្ត​រាប់ពាន់នាក់​ដែល​មក​ដល់​ទីនោះ​ដោយ​ជិះ​ឡាន​សាលា​ពណ៌​លឿង ។

គូស្វាមី​ភរិយា​នោះ​បាន​ដើរ​សំដៅ​ទៅរក​ប៊ីស្សប ហើយ​និយាយ​ថា « ពួកខ្ញុំ​ទើបតែ​ត្រឡប់​មក​វិញ ។ ប៊ីស្សព តើ​យើង​អាច​ជួយ​នៅ​ទីណា​បាន ? » ប៊ីស្សព​បាន​ឲ្យ​ឈ្មោះ​គ្រួសារ​ទៅ​ពួកគេ ។ គូស្វាមី​ភរិយា​នោះ​បាន​បន្ត​កាយ​ភក់ និង​បាច​ទឹក​ចេញ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ ។ ពួកគេ​បាន​ធ្វើ​ការតាំង​ពី​ព្រលឹម​ទល់​ព្រលប់​អស់​ជាច្រើន​ថ្ងៃ ។ ទីបំផុត​ពួកគេ​បាន​ឈប់​សម្រាក​ដើម្បី​ទៅ​មើល​ផ្ទះ​របស់​ពួកគេ ។ ផ្ទះ​របស់​ពួកគេ​បាន​លិចលង់​ក្នុង​ទឹក ដោយ​គ្មាន​សេស​សល់​អ្វី​ទុក​ឲ្យ​សម្អាត​ឡើយ ។ ដូច្នេះ​ជា​ថ្មី​ម្ដង​ទៀត​ពួកគេ​បាន​ត្រឡប់​ទៅ​រក​ប៊ីស្សព​ពួកគេ​វិញ​ភ្លាម ។ ពួកគេ​បាន​សួរ​ថា « ប៊ីស្សព តើ​លោក​មាន​នរណា​ម្នាក់​ដែល​ពួក​ខ្ញុំ​អាច​ជួយ​ដែរ​ឬ​ទេ ? »

អព្ភូតហេតុ​នៃ​ភាពក្លាហាន និង​សេចក្តីសប្បុរស​នោះ—ដែល​ជា​សេចក្តីស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ—បាន​បន្ត​កើត​ឡើង​អស់​ជា​ច្រើន​ឆ្នាំ និង​នៅ​ទូទាំង​ពិភពលោក ។ វា​បាន​កើត​ឡើង​នៅក្នុង​គ្រា​ដ៏​អាក្រក់​នៃ​ការបៀតបៀន និង​ការសាកល្បង​ក្នុង​គ្រា​ដែល​ព្យាការី យ៉ូសែប ស៊្មីធ នៅ​រដ្ឋ​មិសសួរី ។ វា​បាន​កើត​ឡើង​ពេល ព្រិកហាំ យ៉ង់ បាន​ដឹកនាំ​ការធ្វើ​ដំណើរ​ពី ណៅវ៉ូ ហើយ​ក្រោយ​មក​ទៀត​បាន​ហៅ​ពួកបរិសុទ្ធ​ឲ្យ​ទៅ​ទីវាល​ខ្សាច់​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​គ្នា​បង្កើត​ទីក្រុង​ស៊ីយ៉ូន​ថ្វាយ​ព្រះអម្ចាស់ ។

ប្រសិនបើ​អ្នក​អាន​កំណត់​ហេតុ​របស់​ពួក​អ្នកត្រួសត្រាយ​ទាំង​នោះ អ្នក​នឹង​ឃើញ​អព្ភូតហេតុ​នៃ​សេចក្តីជំនឿ​បណ្តេញ​ការសង្ស័យ និង​ការភ័យ​ខ្លាច ។ ហើយ​អ្នក​អាន​អំពី​ពួកបរិសុទ្ធ​ដែល​ទុក​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​មួយ​អន្លើរ ដើម្បី​ជួយ​នរណា​ម្នាក់​ទៀត​ដែល​ត្រូវការ​ជំនួយ ពីមុន​ត្រឡប់​ទៅរក​ចៀម ឬ​ចម្ការ​ដែល​ពុំ​ទាន់​ភ្ជួរ​រាស់​របស់​ខ្លួន ។

ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​ដូចគ្នា​នេះ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅក្នុង​ការបំផ្លិចបំផ្លាញ​ដែល​បណ្តាល​មក​ពី​ព្យុះ​កំណាច​ អ៊ីម៉ា នៅ ពឺតតូ រីកូ, សេន ថូម៉ាស់ និង​ហ្លូរីដា ជា​កន្លែង​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សហការ​នឹង​ព្រះវិហារ​ដទៃ​ទៀត ក្រុម​សហគមន៍​ក្នុង​មូលដ្ឋាន និង​អង្គការ​ជាតិ​ក្នុងការ​ចាប់ផ្តើម​សម្អាត ។

ដូចជា​មិត្តភក្តិ​របស់​ខ្ញុំ​នៅ រីកប៊ើហ្គ​ដែរ គូស្វាមី​ភរិយា​មួយ​គូ​នៅ ហ្លូរីដា ដែល​មិនមែន​ជា​សមាជិក បាន​ផ្តោត​លើ​ការ​ជួយ​ដល់​សហគមន៍ ជាជាង​ខ្វល់ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ។ ពេល​ពួកបរិសុទ្ធ​មួយ​ចំនួន​ដែល​ជា​អ្នក​ជិត​ខាង​ផ្តល់​ជំនួយ​កាត់​ដើមឈើ​ធំ​ពីរ​ដើម​ដែល​ពាំង​ផ្លូវ​ឡាន​របស់​ពួកគេ គូស្វាមី​ភរិយា​នោះ​បាន​ពន្យល់​ថា ពួកគេ​មាន​ការស្មុគស្មាញ​ណាស់ ហើយ​បាន​ទៅ​ជួយ​អ្នក​ដទៃ​ទៀត ដោយ​មាន​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ​នៅ​ឯ​ផ្ទះ​របស់​ពួកគេ ។ ក្រោយ​មក​ស្វាមី​គាត់​បាន​ចែកចាយ​ថា ពីមុន​សមាជិក​សាសនាចក្រ​យើង​បាន​មក​ជួយ គូស្វាមី​ភរិយា​នោះ​បាន​អធិស្ឋាន ។ ពួកគេ​បាន​ទទួល​ចម្លើយ​ថា នឹង​មាន​ជំនួយ​បញ្ចូន​មក ។ វា​បាន​កើត​ឡើង​នៅ​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការបញ្ជាក់​នោះ ។

ខ្ញុំ​បាន​ឮ​ព័ត៌មាន​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ចាប់ផ្តើម​ហៅ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ពាក់​អាវ​យឺត​ដៃជំនួយ​ពណ៌​លឿង​ថា « ពួកទេវតា​ពណ៌​លឿង » ។ ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ម្នាក់​បាន​បើក​ឡាន​គាត់​មក​ជួយ​បម្រើ ហើយ​បុរស​ម្នាក់​ដែល​ស្ត្រី​នោះ​ជួយ​បាន​រៀបរាប់​អំពី « បទពិសោធន៍​ខាង​វិញ្ញាណ » ដែល​បុរស​នោះ​បាន​មាន ពេល​ពួក​អ្នក​ពាក់​អាវ​ពណ៌​លឿង​បាន​រំកិល​ដើម​ឈើ​ចេញ​ពី​រាន​ហាល​ផ្ទះ​របស់​គាត់ ហើយ​គាត់​និយាយ​ថា ពួកគេ « បាន​ច្រៀង​ចម្រៀង​មួយ​បទ​ឲ្យ​ខ្ញុំ​ស្តាប់​ស្តីពី​ការធ្វើ​ជា​បុត្រ​របស់​ព្រះ » ។

មាន​អ្នក​រស់នៅ​រដ្ឋហ្លូរីដា ម្នាក់​ទៀត—ដែល​ពុំ​មែន​ជា​សមាជិក​យើង—បាន​ថ្លែង​ថា មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​មក​ផ្ទះ​របស់​គាត់ ពេល​គាត់​កំពុង​រៀបចំ​នៅក្នុង​រានហាល​ដែល​ខូចខាត​របស់​គាត់​ដោយ​មាន​អារម្មណ៍​ស្មុគស្មាញ​ជា​ខ្លាំង បែកញើស ហើយ​ហៀប​នឹង​យំ ។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​គាត់​បន្លឺ​ពាក្យ​ឡើង​ថា « វា​ពិតជា​អព្ភូតហេតុ » ។ ពួកគេ​ពុំ​គ្រាន់តែ​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម​ប៉ុណ្ណោះ​ទេ ពួកគេ​ថែម​ទាំង​មាន​នូវ​ការ​សើច​សប្បាយ និង​ស្នាម​ញញឹម​ដោយ​ពុំ​ចង់​ទទួល​ការតបស្នង​អ្វី​ឡើយ ។

នៅ​យប់​ជ្រៅ​នា​ថ្ងៃ​សៅរ៍​មួយ ខ្ញុំ​បាន​ឃើញ​ការឧស្សាហ៍​ព្យាយាម និង​ស្តាប់​ឮ​សំឡេង​សើច​សប្បាយ​នោះ ពេល​ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​ពួកបរិសុទ្ធ​មួយ​ក្រុម​នៅក្នុង​រដ្ឋហ្លូរីដា ។ ពួក​អ្នកស្ម័គ្រ​ចិត្ត​ទាំង​នោះ​បាន​ឈប់​ធ្វើ​ការ​បោស​សម្អាត​របស់​ពួកគេ​មួយ​សន្ទុះ ដោយ​ទុក​ពេល​ឲ្យ​ខ្ញុំ​ចាប់​ដៃ​ពួកគេ ។ ពួកគេ​បាន​និយាយ​ថា សមាជិក​ស្ដេក​របស់​ពួកគេ​ចំនួន ៦០ នាក់​នៅ​រដ្ឋ ចចចារ បាន​បង្កើត​គម្រោង​មួយ​ចូលរួម​ក្នុង​ការជួយ​សង្គ្រោះ​នៅ​រដ្ឋ​ហ្លូរីដា មុន​យប់​នោះ​មួយ​ថ្ងៃ ។

ពួកគេ​បាន​ចេញ​ទៅ ចចចារ នៅ​ម៉ោង ៤ ព្រឹក បើក​ឡាន​អស់​ជាច្រើន​ម៉ោង ធ្វើ​ការពេញ​តាំង​ពី​ព្រឹក​ទល់​យប់ ហើយ​មាន​ផែនការ​ធ្វើ​ការ​សម្អាត​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក ។

ពួកគេ​បាន​រៀបរាប់​ប្រាប់ខ្ញុំ​​ពី​រឿង​នេះ​ដោយ​ស្នាម​ញញឹម និង​ឥរិយាបថ​រីករាយ ។ ភាពតានតឹង​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ថា ពួកគេ​ចង់​ឈប់​ឲ្យ​មាន​ការអរគុណ ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រឡប់​ទៅ​ធ្វើការ​វិញ ។ ប្រធាន​ស្តេក​បាន​បញ្ឆេះ​រណារ​របស់​គាត់ ហើយ​បាន​កាត់​ដើម​ឈើ​ដែល​រលំ ហើយ​មាន​ប៊ីស្សព​ម្នាក់​បាន​រំកិល​មែក​ឈើ ពេល​យើង​ត្រឡប់​ចូល​ក្នុង​រថយន្ត​វិញ ដើម្បី​ទៅ​ក្រុម​សង្គ្រោះ​មួយ​ទៀត ។

នៅ​ព្រលឹម​នា​ព្រឹក​នោះ ពេល​យើង​បើក​ឡានចេញ​ទៅ​កន្លែង​មួយ​ទៀត មាន​បុរស​ម្នាក់​បាន​ដើរ​សំដៅ​មក​រក​ឡាន​យើង ដោះមួក​គាត់​ចេញ ហើយ​បាន​អរគុណ​យើង​សម្រាប់​ពួក​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ពុំ​មែនជា​សមាជិក​ក្នុង​សាសនាចក្រ​អ្នក​ទេ ។ ខ្ញុំ​សឹង​តែ​មិន​ជឿ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ពួក​យើង​ឡើយ ។ សូម​ព្រះ​ប្រទានពរ​ដល់​អ្នក » ។ មាន​អ្នក​ស្ម័គ្រ​ចិត្ត​អិល.ឌី.អេស.​ម្នាក់​ពាក់អាវ​ពណ៌លឿង​ដែល​ឈរ​នៅ​ក្បែរ​គាត់​បាន​ញញឹម ហើយ​ញាក់ស្មា ដោយ​បង្ហាញ​ថា​គាត់​ពុំ​ចង់​បាន​ការសរសើរ​អ្វី​ឡើយ ។

អំឡុងពេល​ដែល​អ្នកស្ម័គ្រ​ចិត្ត​មក​ពី រដ្ឋ​ចចចារ បាន​មក​ជួយ​បុរស​នេះ​ដែល​គាត់​សឹង​តែ​ពុំ​ចង់​ជឿ នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់រយ​នាក់ ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​នៅ​ក្នុង​តំបន់​នោះ​នៃ​រដ្ឋ​ហ្លូរីដា បាន​ចេញ​ដំណើរ​ទៅ​រាប់រយ​គីឡូ​ម៉ែត្រ​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​រដ្ឋ​ហ្លូរីដា ដែល​ពួកគេ​បាន​ឮ​ថា មាន​មនុស្ស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ។

ថ្ងៃ​នោះ ខ្ញុំ​បាន​ចាំ ហើយ​បាន​យល់​កាន់តែ​ច្បាស់​អំពី​ប្រសាសន៍​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែល​ថា ៖ « មនុស្ស​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ គឺ​មិន​ចង់បាន​ពរជ័យ​សម្រាប់​តែ​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ឲ្យ​ពរជ័យ​នោះ​មាន​ពេញ​ពិភព​លោក​ទាំង​មូល មាន​ចិត្ត​អន្ទះសារ​ផ្តល់​ពរ​ដល់​មនុស្ស​ជាតិ​ទាំង​មូល » (Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧ ] ទំព័រ ៤២៦ ) ។

យើង​ឃើញ​សេចក្តី​ស្រឡាញ់​បែប​នេះ​នៅក្នុង​ជីវិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គ្រប់​ទិសទី ។ រាល់​ពេល​ដែល​មាន​ព្រឹត្តិការណ៍​សោកដនាកម្ម​នៅ​លើ​ពិភពលោក​នេះ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បរិច្ចាគ និង​ស្ម័គ្រ​ចិត្ត​ជួយ​ក្នុង​កិច្ចការ​ជំនួយ​មនុស្សធម៌​របស់​សាសនាចក្រ ។ សំណើ​សុំ​អ្នក​ស្ម័គ្រចិត្ត​នេះ​គឺ​ពិត​ចាំបាច់​ណាស់ ។ ប្រាកដ​ណាស់ នៅក្នុង​កាលៈទេសៈ​មួយ​ចំនួន យើង​ត្រូវស្នើសុំ​ឲ្យ​អ្នក​ដែល​ស្ម័គ្រចិត្ត​រង់ចាំ​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ជួយ​សង្គ្រោះ រហូត​ដល់​អស់​អ្នក​ដែល​ដឹកនាំ​ការងារ​នេះ​បាន​រៀបចំ​ទទួល​ពួកគេ​សិន ។

បំណង​ប្រាថ្នា​ដើម្បី​ផ្តល់​ពរ គឺ​ជា​ផលផ្លែ​នៃ​មនុស្ស​ដែល​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដំណឹង​ល្អ​ទ្រង់ សាសនាចក្រ​ទ្រង់​ដែល​បាន​ស្តារ​ឡើង​វិញ និង​ព្យាការី​របស់​ទ្រង់ ។ នោះ​ជា​មូលហេតុ​ដែល​រាស្ត្រ​របស់​ទ្រង់​គ្មាន​ការសង្ស័យ និង​ការ​ភ័យ​ខ្លាច​ឡើយ ។ នោះ​ជា​មូលហេតុ​ដែល​ពួក​អ្នកផ្សព្វផ្សាយ​ស្ម័គ្រចិត្ត​បម្រើ​នៅ​គ្រប់​ច្រកល្ហក់​នៅលើ​ពិភពលោក ។ នោះ​ជា​មូលហេតុ​ដែល​ឪពុក​ម្តាយ​អធិស្ឋាន​ជាមួយ​កូនៗ​ពួកគេ​សម្រាប់​អ្នកដទៃ ។ នោះ​ជា​មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​សំណូមពរ​ដល់​ពួក​យុវវ័យ​របស់​ពួកគេ ឲ្យ​ទទួល​សំណើ​របស់​ប្រធាន​ម៉នសុន ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​ឲ្យ​បាន​ស៊ី​ជម្រៅ ។ ផលផ្លែ​នោះ​ពុំ​កើត​ឡើង​ដោយ​ការជំរុញ​ពី​ថ្នាក់​ដឹកនាំ​ឡើយ ប៉ុន្តែ​វា​កើត​ឡើង​ដោយ​ពួកយុវវ័យ និង​សមាជិក​អនុវត្ត​ដោយ​សេចក្តីជំនឿ ។ សេចក្តីជំនឿ​នោះ​នាំ​ឲ្យ​ឈាន​ទៅរក​សកម្មភាព​ដែល​តម្រូវ​ឲ្យ​លះបង់​ភាពអត្មានិយម នាំ​មក​នូវ​ការផ្លាស់ប្តូរ​ដួងចិត្ត​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។

ប៉ុន្តែ​ដួងចិត្ត​របស់​យើង​បន្ត​ផ្លាស់ប្តូរ​បាន លុះត្រា​តែ​យើង​បន្ត​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី ។ ប្រសិនបើ​យើង​ឈប់​ទ្រឹង​បន្ទាប់​ពី​យើង​បាន​ខិតខំ​តែ​ម្តង នោះ​ការផ្លាស់ប្តូរ​នឹង​សាបសូន្យ​ទៅ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះត្រង់​បាន​បង្កើន​សេចក្តីជំនឿ​ពួកគេ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ លើ​ព្រះគម្ពីរ​មរមន​ថា ជា​ព្រះបន្ទូល​របស់​ព្រះ និង​លើ​ការស្តារ​ឡើង​វិញ​នៃ​កូនសោ​បព្វជិតភាព​នៅក្នុង​សាសនាចក្រ​ដ៏ពិត​របស់​ទ្រង់ ។ ការ​កើនឡើង​នៃ​ទីបន្ទាល់​នោះ​បាន​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាពក្លាហាន ហើយ​ខ្វាយខ្វល់​ចំពោះ​កូនចៅ​ផ្សេង​ទៀត​របស់​ព្រះ ។ ប៉ុន្តែ​ឧបសគ្គ និង​ឱកាស​នានា​ដែល​នៅ​ខាង​មុខ​យើង​តម្រូវ​ឲ្យ​មាន​ការខ្នះខ្នែង​កាន់តែ​ខ្លាំង​ថែម​ទៀត ។

យើង​ពុំ​អាច​ទស្សនទាយ​អំពី​សេចក្តីលម្អិត​បាន​ឡើយ ប៉ុន្តែ​យើង​ដឹង​អំពី​រឿង​ដែល​នឹង​កើត​ឡើង​នា​ពេល​ខាងមុខ ។ យើង​ដឹង​ថា​នៅ​ថ្ងៃចុងក្រោយ ពិភពលោក​នឹង​ស្ថិត​ភាពរំជើបរំជួល ។ យើង​ដឹង​ថា នៅកណ្តាល​នៃ​ស្ថានភាព​ដ៏​អួរអាប់​ដែល​កើត​ឡើង ព្រះអម្ចាស់​នឹង​ដឹកនាំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ ឲ្យ​នាំ​យកដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​នឹង​គ្រប់​ទាំង​ប្រជាជន ។ ហើយ​យើង​ដឹង​ថា ពួកសិស្ស​ដ៏ពិត​របស់​ព្រះអម្ចាស់​នឹង​មាន​ភាព​សក្តិសម ហើយ​រៀបចំ​ខ្លួន​ទទួល​ទ្រង់ ពេល​ទ្រង់​យាង​មក​ម្តង​ទៀត ។ យើង​មិន​ត្រូវ​ខ្លាច​ឡើយ ។

ដូច្នេះ​ដរាប​ណា​យើង​បាន​ស្ថាបនា​សេចក្តីជំនឿ និង​ភាពក្លាហាន​ក្នុង​ចិត្ត​យើង នោះ​ព្រះអម្ចាស់​មាន​ការ​រំពឹងទុក​កាន់តែ​ច្រើន​ពីយើង​—និង​ពី​ជំនាន់​បន្ទាប់​ពី​ពួកយើង ។ ពួកគេ​ត្រូវតែ​រឹងប៉ឹង និង​ក្លាហាន​កាន់តែ​ខ្លាំង​ឡើង ដោយសារ​ពួកគេ​នឹង​ធ្វើ​កិច្ចការ​ដែល​កាន់តែ​អស្ចារ្យ ហើយ​លំបាក​ជាង​យើង​ទៅ​ទៀត ។ ហើយ​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ការប្រឆាំង​ដ៏​ច្រើន​មក​ពី​សត្រូវ​នៃ​ព្រលឹង​របស់​យើង ។

ផ្លូវ​ឆ្ពោះ​ទៅរកសុទិដ្ឋិនិយម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ នៅពេល​យើង​ឆ្ពោះ​ទៅមុខ​គឺ ៖ « ចូរ​មើល​មក​ឯ​យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » (គ. និង ស. ៦:៣៦) ។ ប្រធាន​ម៉នសុន​បាន​ប្រាប់​យើង​អំពី​របៀប​ធ្វើ​បែប​នោះ ។ យើង​ត្រូវ​ពិចារណា និង​អនុវត្ត​តាម​ព្រះ​គម្ពីរ​មរមន និង​ប្រសាសន៍​របស់​ព្យាការី ។ អធិស្ឋាន​ជា​និច្ច ។ ចូរ​មាន​ចិត្ត​ជឿ​ ។ បម្រើ​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ចិត្ត គំនិត កម្លាំង និង​ពលំ​របស់យើង ។ យើង​ត្រូវអធិស្ឋាន​ដោយ​អស់​ពីកម្លាំង​ចិត្ត​របស់យើង​ទូលសូម​អំណាយទាននៃ​សេចក្តីសប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៧–៤៨) ។ ហើយ​លើស​ពីអ្វីៗ​ទាំងអស់ យើង​ត្រូវ​មាន​ភាពទៀងទាត់ និង​ខ្ជាប់ខ្ជួន​ក្នុង​ការធ្វើតាម​ការទូន្មាន​របស់​ព្យាការី ។

នៅពេល​ផ្លូវ​នោះមាន​ការលំបាក យើង​អា​ច​ពឹង​លើ​ការសន្យា​របស់​ព្រះអម្ចាស់—ជា​ការសន្យា​ដែល​ប្រធាន ម៉នសុន​បាន​រំឭក​យើង នៅពេល​លោក​បាន​ដកស្រង់​ជារឿយៗ​នូវ​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ ៖ « ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទីនោះ​ដែរ ដ្បិត​យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់​យាង​ទៅ​ខាង​មុខ​អ្នក នៅពេល​អ្នក​ធ្វើ​កិច្ចការ​របស់ទ្រង់ ។ ជួនកាល​អ្នក​នឹង​ក្លាយ​ជា​ទេវតា​ដែល​ព្រះអម្ចាស់​បញ្ជូន​ឲ្យ​ទៅ​លើក​ស្ទួយ​អ្នក​ដទៃ ។ ជួនកាល​អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ម្នាក់ដែល​មាន​ទេវតា​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ដើម្បី​លើក​ស្ទួយ​អ្នក​ឡើង ។ ប៉ុន្តែ​អ្នក​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ក្នុង​ចិត្ត​អ្នក​ជានិច្ច ដូច​ដែល​អ្នក​បាន​ទទួល​ការ​សន្យា​នៅ​គ្រប់​ពិធីសាក្រាម៉ង់​ដែរ ។ អ្នកគ្រាន់តែ​​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

គ្រា​ដ៏​ល្អ​បំផុត​នឹង​កើត​មាន​ក្នុង​ពេល​ខាង​មុខ​សម្រាប់​នគរ​ព្រះ​លើ​ផែនដី​នេះ ។ ការជំទាស់​នឹង​ពង្រឹង​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដូច​វា​ធ្លាប់​មាន​តាំង​ពី​ជំនាន់​ព្យាការី យ៉ូសែប ស៊្មីធ មក​ម្ល៉េះ ។ សេចក្តីជំនឿ​ឈ្នះ​លើ​សេចក្តី​ភ័យ​ខ្លាច​ជានិច្ច ។ ការធ្វើការ​ជាមួយ​គ្នា​បង្កើត​ឲ្យ​មាន​សាមគ្គីភាព ។ ហើយ​ការអធិស្ឋាន​របស់​អ្នក​សម្រាប់​អស់​អ្នក​ដែល​ខ្វះខាត​ត្រូវបាន​ព្រះ​ដែល​មាន​ក្តីស្រឡាញ់​ស្ដាប់​ឮ និង​ឆ្លើយ​តប ។ ទ្រង់​នឹង​មិន​ដែល​ងោកងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះជា​ព្រះវរបិតា​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ទៅរក​ទ្រង់​វិញ ។ នេះ​ជា​សាសនាចក្រ​ពិត​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ទ្រង់​ស្គាល់​បងប្អូន ទ្រង់​ស្រឡាញ់​បងប្អូន ទ្រង់​មើល​ថែ​បងប្អូន ។ ទ្រង់​បាន​ធួន​សម្រាប់​អំពើ​បាប​របស់​បងប្អូន និង​របស់​ខ្ញុំ ព្រមទាំង​អំពើ​បាប​នៃ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ ការធ្វើ​តាម​ទ្រង់​នៅក្នុង​ជីវិត​បងប្អូន និង​ការបម្រើ​របស់​បងប្អូន​ដល់​អ្នក​ដទៃ គឺ​ជា​របៀប​តែ​មួយ​គត់ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ហើយ​បន្សល់​ទុក​នូវ​ពរជ័យ និង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។ ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះគ្រីស្ទ អាម៉ែន ។