ឆ្នាំ ២០១០-២០១៩
បំណងប្រាថ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ
ខែ តុលា ២០១៧


បំណងប្រាថ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ

បង្វែរ​ព្រលឹង​បងប្អូន​ឆ្ពោះ​ទៅ​រក​បំណងប្រាថ្នា​នោះ ។ ចាប់ផ្ដើម​ដំណើរ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ពេល​បងប្អូន​ធ្វើ​ដូចនេះ ជីវិត​បងប្អូន​នឹង​កាន់តែ​ប្រសើរ កាន់តែ​រីករាយ និងកាន់តែ​មាន​ការប្ដេជ្ញាចិត្ត ។

ថ្មី​នេះ នៅពេល​ខ្ញុំ​បាន​ជួប​ប្រធាន ថូម៉ាស់ អេស ម៉នសុន លោក​បាន​បង្ហាញ​​ទឹក​មុខ​ដែល​ពោរពេញ​ដោយ​ភាពម៉ឹងម៉ាត់​ និង​មាន​សុភមង្គល​ដ៏​អស្ចារ្យ បង្ហាញ​ពី​ក្តីស្រឡាញ់​ដ៏​ធំធេ​ង​ដែល​លោក​មាន​ចំពោះ​ព្រះអម្ចាស់ ហើយ​ថា​លោក​ដឹង​ថា​ព្រះអម្ចាស់​ស្រឡាញ់​លោក ។ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា ប្រធាន ម៉នសុន មានអំណរគុណណាស់​ចំពោះ​សេចក្ដីស្រឡាញ់ ការ​អធិស្ឋាន និង​ការ​លះបង់​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ និង​ដំណឹង​ល្អ​ដ៏​មហិមា​របស់​ទ្រង់ ។

បប់ប៊ី សុនខ​ដ៏​អស្ចារ្យ

ជិត​មួយ​សតវត្សរ៍​កន្លង​ទៅ គ្រួសារ​មួយ​ក្រុម​មក​ពី អ័រហ្គិន បាន​ដើរលេង​វិស្សមកាល​នៅ អ៊ិនឌីអាណា—ចម្ងាយ ៣,២០០ គ.ម —ដែល​ពេល​នោះ​ពួកគេ​បាន​បាត់​ឆ្កែ​របស់​ពួកគេ​ឈ្មោះ បប់ប៊ី ។ គ្រួសារ​ដែល​មាន​ក្តីបារម្ភ​នោះ​បាន​ស្វែងរក​ឆ្កែ​របស់​ពួកគេ​គ្រប់​ទីកន្លែង ប៉ុន្តែ​រក​មិន​ឃើញ​សោះ ។ ពួកគេ​រក បប់ប៊ី មិន​ឃើញ​ទេ ។

ពួកគេ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ខូចចិត្ត ពួកគេ​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅៗ​ពី​សត្វ​ចិញ្ចឹម​ដែល​ពួកគេ​ស្រឡាញ់​ថ្នាក់ថ្នម ។

ប្រាំមួយ​ខែ​ក្រោយ​មក គ្រួសារ​នោះ​បាន​ភ្ញាក់ផ្អើល​ដោយ​ឃើញ បប់ប៊ី នៅ​ខាង​មុខ​ទ្វារ​ចូល​ផ្ទះ​នៅ អ័រហ្គិន ។ « ដោយ​មានរាងកាយ​កខ្វក់ ស្គមស្គាំង ស្បែក​ដណ្ដប់​ឆ្អឹង—[ វា ] បាន​ដើរ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ … ដោយ​ខ្លួន​វា » ។ រឿង​របស់ បប់ប៊ី ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជា​ច្រើន​ទូទាំង​សហរដ្ឋ​អាមេរិក ហើយ​វា​ត្រូវបាន​ស្គាល់​ថា បប់ប៊ី សុនខ​ដ៏​អស្ចារ្យ ។

បប់ប៊ី មិន​មែន​ជា​សត្វ​មួយ​ក្បាល​គត់​ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ទាល់​គំនិត ដែល​មាន​ញាណ​ចងចាំ​ទិសដៅ និង រយៈចម្ងាយ​ទៅ​ផ្ទះ​វិញ​នោះ​ទេ ។ ហ្វូង​មេអំបៅ​ហើរ​ផ្លាស់​ទី​ចម្ងាយ ៤,៨០០ គ.ម រាល់​ឆ្នាំ​ទៅ​រក​អាកាសធាតុ​ដែល​ស្រួល​រស់នៅ​ជាង ។ អណ្ដើក​សមុទ្រ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ពី ឥណ្ឌូណេស៊ី ទៅ​ឆ្នេរ កាលីហ្វូញ៉ា ។ ត្រី​បាឡែន ហាំប៉ាក ​ហែល​ពី​ទឹក​ត្រជាក់​ប៉ូល​ខាង​ជើង និង​ខាង​ត្បូង ឆ្ពោះ​ទៅ​តំបន់​អេក្ខាទ័រ ហើយ​ត្រឡប់​មក​វិញ ។ ប្រហែល​មាន​រឿង​អស្ចារ្យ​ជាង​នេះ​ទៀត សត្វ​ស្លាប​នៅ​តំបន់​អាកទិច ហើរ​ក្រឡឹង​ទៅ​តំបន់​អង់តាកទិច ហើយ​ហើរ​ត្រឡប់​មក​វិញ​ចម្ងាយ ៩៧,០០០ គ.ម ។

ពេល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​អំពី​ដំណើរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ ពួកគេ​ចោទ​សំណួរ​ដូចជា « តើ​ពួកវា​ដឹង​ពី​ទីកន្លែង​ត្រូវ​ទៅ​តាម​របៀប​ណា ? » និង « តើ​ពូជពង្ស​ជំនាន់​ក្រោយ​របស់​វា រៀន​ពី​ដំណើរ​នេះ​តាម​របៀប​ណា ? »

ពេល​ខ្ញុំ​អាន​អំពី​សភាវគតិ​ដ៏​អស្ចារ្យ​នេះ​របស់​សត្វ ខ្ញុំ​មិន​យល់​សោះ ថែម​ទាំង​ឆ្ងល់​ថា « តើ​វា​ទៅ​រួច​ឬ​ទេ ដែល​មនុស្ស​លោក​មាន​បំណងប្រាថ្នា​ស្រដៀង​គ្នា​នេះ​ដែរ—ជា​ប្រព័ន្ធ​ដឹកនាំ​ផ្នែក​ខាង​ក្នុង—ដែល​នាំ​មនុស្ស​លោក​ត្រឡប់​ទៅ ផ្ទះ​សួគ៌ា របស់​ពួកគេ​វិញ​នោះ ? »

ខ្ញុំ​ជឿ​ថា បុរស ស្ត្រី កុមារ​ម្នាក់ៗ មាន​នូវ​បំណងប្រាថ្នា​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​វិញ​នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​ពួកគេ ។ យើង​មាន​បំណងប្រាថ្នា​ជ្រាលជ្រៅ​ដើម្បី​សម្រេច​បាន​ហួស​ពី​វាំងនន ហើយ​ឱបក្រសោប​ព្រះមាតាបិតា​សួគ៌ ដែល​យើង​ធ្លាប់​ស្គាល់ ហើយ​ស្រឡាញ់ ។

មនុស្ស​ខ្លះ​អាច​នឹង​រារាំង​ចិត្ត​មិន​ឲ្យ​គិត​អំពី​បំណងប្រាថ្នា​នេះ ហើយ​រម្ងាប់​អារម្មណ៍​នេះ​មិន​ឲ្យ​មាន​ខ្លាំង ។ ប៉ុន្តែ​ជន​ទាំងឡាយ​ដែល​បដិសេធ​បំណងប្រាថ្នា​​ដែល​ពួកគេ​មាននេះ អាច​ចាប់ផ្ដើម​ដំណើរជីវិត​ដ៏​អស្ចារ្យ​មួយ—ជា​ការផ្លាស់ទី​គួរ​ឲ្យ​ស្ញើច​ទៅ​រក​បរិយាកាស​នៅ​ឯ​ស្ថានសួគ៌ ។

ព្រះ​ដង្ហោយ​ហៅ​បងប្អូន

សារលិខិត​ដ៏​បំផុសគំនិត​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថ្លែង​ថា ព្រះ​ជា​ព្រះវរបិតា​របស់​យើង ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​អំពី​យើង ហើយ​មាន​មធ្យោបាយ​មួយ​ដើម្បី​ត្រឡប់​ទៅ​ទ្រង់​វិញ ។

ព្រះ​ដង្ហោយ​ហៅ​បងប្អូន ។

ព្រះ​ជ្រាប​រាល់​គំនិត ទុក្ខព្រួយ និង​ក្ដីសង្ឃឹម​ដ៏​ធំ​បំផុត​របស់​បងប្អូន ។ ព្រះ​ជ្រាប​ពី​ពេល​ជា​ច្រើន​ដែល​បងប្អូន​បាន​ស្វែងរក​ទ្រង់ ។ មាន​ពេល​ជា​ច្រើន​ដែល​បងប្អូន​មាន​នូវ​អំណរ​ដែល​គ្មាន​ដែន​កំណត់ ។ មាន​ពេល​ជា​ច្រើន​ដែល​បងប្អូន​បាន​យំ​តែ​ម្នាក់​ឯង ។ មាន​ពេល​ជា​ច្រើន​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​គ្មាន​ជំនួយ ច្របូកច្របល់ ឬ​ខឹង​សម្បារ ។

ប៉ុន្តែ​ទោះ​បងប្អូន​មាន​ប្រវត្តិ​ដូចម្ដេច​ក្ដី—បើ​បងប្អូន​ស្ទាក់ស្ទើរ បរាជ័យ ល្វីងជូរចត់ ត្រូវគេ​ក្បត់ ឬ​វាយដំ—សូម​ដឹង​ថា បងប្អូន​មិន​ឯកោ​ទេ ។ ព្រះ​នៅ​តែ​ដង្ហោយ​ហៅ​បងប្អូន ។

ព្រះអង្គសង្គ្រោះ​ឈោង​ព្រះហស្ត​ទៅ​ជួយ​បងប្អូន ។ គឺ​ដូចជា​ទ្រង់​បាន​ធ្វើ​ចំពោះ​អ្នក​នេសាទ​ដែល​បាន​ឈរ​នៅ​ឆ្នេរ​សមុទ្រ​កាលីឡេ​យូរ​លង់​មក​ហើយ នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​បងប្អូន​ដោយ​ក្ដីស្រឡាញ់​ឥត​ទីបញ្ចប់​ថា « ចូរ​មក​តាម​ខ្ញុំ » ។

បើ​បងប្អូន​ស្ដាប់​ឮ​ទ្រង់ ទ្រង់​មាន​បន្ទូល​ឃ្លា​នេះ​នៅ​ថ្ងៃ​នេះ ។

ពេល​បងប្អូន​ដើរ​លើ​មាគ៌ា​នៃ​ភាពជាសិស្ស—ពេល​បងប្អូន​ឆ្ពោះ​ទៅ​រក​ព្រះវរបិតាសួគ៌—នោះ​មាន​អ្វី​មួយ​ក្នុង​ខ្លួន​បងប្អូន ដែល​នឹង​បញ្ជាក់​ដល់​បងប្អូន​ថា បងប្អូន​បាន​ឮ​ការដង្ហោយហៅ​របស់​ព្រះអង្គសង្គ្រោះ ហើយ​តម្រង់​ដួងចិត្ត​បងប្អូន​ទៅ​រក​ការដង្ហោយហៅ​នោះ ។ វា​នឹង​ប្រាប់​បងប្អូន​ថា បងប្អូន​កំពុង​ដើរ​លើ​មាគ៌ា​សុចរិត ហើយ​ថា​បងប្អូន​កំពុង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

តាំង​ពី​ដំបូង​មក ព្យាការី​របស់​ព្រះ​បាន​លើកទឹកចិត្ត​មនុស្ស​នៅ​ជំនាន់​គាត់​ឲ្យ « ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង … កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ … [ ហើយ ] បែរ​មក​ឯ [ ទ្រង់ ] វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង » ។

បទគម្ពីរ​បង្រៀន​អំពី​មូលហេតុ​ជា​ច្រើន​ដែល​យើង​គួរតែ​ធ្វើ​កិច្ចការ​នេះ ។

ថ្ងៃ​នេះ ខ្ញុំ​លើក​មូលហេតុ​ចំនួន​ពីរ ដែល​យើង​គួរតែ​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ ។

ទី​មួយ ៖ ជីវិត​របស់​បងប្អូន​នឹង​កាន់តែ​ប្រសើរ ។

ទី​ពីរ ៖ ព្រះ​នឹង​ប្រើ​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មនុស្សដទៃ​កាន់តែ​ប្រសើរ ។

ជីវិត​របស់​បងប្អូន​នឹង​កាន់តែ​ប្រសើរ

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ចាប់ផ្ដើម ឬ​បន្ត​ដំណើរ​ដ៏​អស្ចារ្យ​ដែល​នាំ​យើង​ទៅ​រក​ព្រះ នោះ​ជីវិត​យើង​នឹង​កាន់តែ​ប្រសើរ ។

ការណ៍​នេះ​ពុំ​មាន​ន័យ​ថា ជីវិត​យើង​នឹង​រួច​ផុត​ពី​ទុក្ខព្រួយ​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​ស្គាល់​អ្នក​ដើរតាម​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ ដែល​រងទុក្ខ​សោកនាដកម្ម និង ភាពអយុត្តិធម៌—ក្នង​ចំណោម​នោះ ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់​បាន​រងទុក្ខ​ជាង​នរណាៗ​ទាំងអស់ ។ គឺ​ដូចជា​ព្រះ​ធ្វើ​ឲ្យ « ថ្ងៃ​រះ​ឡើង​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ » នោះ​ទ្រង់​ក៏​នឹង​ទុក​ឲ្យ​ទុក្ខលំបាក​មក​សាកល្បង​ដល់​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ដែរ ។ តាម​ពិត​ទៅ ពេល​ខ្លះ​ជីវិត​យើង​ហាក់ដូចជា​កាន់តែ​លំបាក ព្រោះ យើង​កំពុង​ព្យាយាម​រស់នៅ​តាម​ក្ដីជំនឿ​យើង ។

ទេ ការដើរតាម​ព្រះអង្គសង្គ្រោះ​នឹង​មិន​ដក​យក​ការសាកល្បង​ទាំងអស់​របស់​បងប្អូន​ឡើយ ។ យ៉ាងណាក៏ដោយ ការដើរតាម​ទ្រង់​នឹង​ដក​យក​រនាំង​ដែល​រារាំង​បងប្អូន​ពី​ជំនួយ ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ប្រទាន​ដល់​បងប្អូន ។ ព្រះ​នឹង​គង់​ជាមួយ​បងប្អូន ។ ទ្រង់​នឹង​ដឹកនាំ​ទង្វើ​របស់​បងប្អូន ។ ទ្រង់​នឹង​យាង​នៅ​ក្បែរ​បងប្អូន ថែមទាំង​បី​ត្រកង​បងប្អូន​នៅ​ពេល​ចាំបាច់​បំផុត ។

បងប្អូន​នឹង​ដកពិសោធន៍​ផលផ្លែ​ដ៏​អស្ចារ្យ​នៃ​ព្រះវិញ្ញាណ​គឺ ៖ « សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស [ និង ] ស្មោះត្រង់ » ។

ផលផ្លែ​ខាង​វិញ្ញាណ​ទាំងនេះ​មិន​មែន​ជា​លទ្ធផល​នៃ​ភាពរីកចម្រើន​ខាង​សាច់ឈាម ភាពជោគជ័យ ឬ សំណាងល្អ​នោះ​ទេ ។ វា​កើតឡើង​ពី​ការដើរតាម​ព្រះអង្គសង្គ្រោះ ហើយ​វា​អាច​ជា​ភាពមុតមាំ​មិន​ងាករេ​នៅ​កណ្ដាល​ការសាកល្បង​នានា ។

ភាពក្ដៅរាលរោល និង​ភាពស្មុគស្មាញ​ក្នុង​ជីវិត​រមែងស្លាប់ អាច​នឹង​គំរាមកំហែង ហើយ​បំភ័យ ប៉ុន្តែ​អ្នក​ដែល​ដាក់​ចិត្ត​លើ​ព្រះ​នឹង​ពេញ​ដោយ​ភាពសុខសាន្តរបស់​ទ្រង់ ។ អំណរ​ពួកគេ​នឹង​មិន​សាបសូន្យ​ឡើយ ។ ពួកគេ​នឹង​មិន​ត្រូវ​គេ​បោះបង់ ឬ​បំភ្លេច​ចោល​ឡើយ ។

បទគម្ពីរ​បង្រៀន​ថា « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។

អ្នក​ដែល​ស្ដាប់​តាម​បំណងប្រាថ្នា​ក្នុង​ចិត្ត ហើយ​ស្វែងរក​ព្រះ អ្នក​ដែល​អធិស្ឋាន ជឿ ហើយ​ដើរ​លើ​មាគ៌ា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀប​ចំ—សូម្បីតែ​ពេល​ខ្លះ​ជំពប់ជើង​ដួល​ក្ដី—ក៏​នឹង​ទទួល​ការអះអាង​លួងលោម​មួយ​ថា « គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា សម្រាប់​សេចក្ដីល្អ​ដល់ [ ពួកគេ ] » ដែរ ។

ដ្បិត​ព្រះ « ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ប្រទាន​កម្លាំង​ឲ្យ​ដល់​អ្នក​ដែល​គ្មាន​កម្លាំង​សោះ » ។

« ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន » ។

ហើយ​ព្រះអម្ចាស់​នៅក្នុ​ងសេចក្តីល្អ​របស់​ទ្រង់​បាន​សួរ​ថា ៖

តើ​បងប្អូន​ចង់​ដកពិសោធន៍​អំណរ​ដ៏​មិន​ចេះ​ចប់​ទេ ?

តើ​បងប្អូន​មាន​បំណងប្រាថ្នា​ក្នុង​ចិត្តចង់បាន​ភាពសុខសាន្ត​ដែល​មាន​លើស​ពី​ការយល់ដឹង​ឬ​ទេ ?១០

បន្ទាប់​មក បង្វែរ​ព្រលឹង​បងប្អូន​ឆ្ពោះ​ទៅ​រក​បំណងប្រាថ្នា​នោះ ។

ចាប់ផ្ដើម​ដំណើរ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ពេល​បងប្អូន​ធ្វើ​ដូចនេះ ជីវិត​បងប្អូន​នឹង​កាន់តែ​ប្រសើរ កាន់តែ​រីករាយ និងកាន់តែ​មាន​ការប្ដេជ្ញាចិត្ត ។

ព្រះ​នឹង​ប្រើប្រាស់​បងប្អូន ។

ក្នុង​ដំណើរ​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​វិញ បងប្អូន​នឹង​ដឹង​ថា ដំណើរ​នេះ​មិន​គ្រាន់តែ​ផ្ដោត​ទៅ​លើ​ជីវិត​ផ្ទាល់ខ្លួន​ទេ ។ ទេ មាគ៌ា​នេះ​ប្រាកដ​ជា​ដឹកនាំ​បងប្អូន​ឲ្យ​ក្លាយ​ជា​ពរជ័យ​ដល់​ជីវិត​នៃ​កូនចៅ​ដទៃ​ទៀត​របស់​ព្រះ—គឺ​ជា​បងប្អូន​ប្រុសស្រី​របស់​បងប្អូន ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​ដំណើរ​នេះ​គឺ​ថា ពេល​បងប្អូន​បម្រើ​ព្រះ ពេល​បងប្អូន​ខ្វាយខ្វល់ ហើយ​ជួយ​មនុស្ស​ជុំវិញ​ខ្លួន នោះ​បងប្អូន​នឹង​ឃើញ​ភាពរីកចម្រើន​ដ៏​ធំ​ក្នុង​ជីវិត​បងប្អូន​ផ្ទាល់ តាម​របៀប​ដែល​បងប្អូន​នឹកស្មាន​ពុំ​ដល់ ។

បងប្អូន​អាច​នឹង​មិន​គិត​ថា​ខ្លួន​ឯង​មាន​ប្រយោជន៍ បងប្អូន​អាច​នឹង​មិន​គិត​ថា​ខ្លួន​ឯង​ជា​ពរជ័យ​ដល់​ជីវិត​នរណាម្នាក់ ។ ជា​ញឹកញាប់ ពេល​យើង​មើល​មក​ខ្លួន​យើង យើង​ឃើញ​ថា យើង​មាន​ដែនកំណត់ និង​ភាពខ្វះខាត ។ យើង​អាច​គិត​ថា យើង​ត្រូវ​មាន « ច្រើនជាង​នេះ » ដើម្បី​ឲ្យ​ព្រះ​ប្រើ​យើង—ឆ្លាត​ជាង​នេះ មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​នេះ មាន​អំណាច​ខ្លាំង​ជាង​នេះ មាន​ទេពកោសល្យ​ច្រើន​ជាង​នេះ មាន​ព្រះវិញ្ញាណ​ច្រើន​ជាង​នេះ ។ ពរជ័យ​កើត​មាន​មិន​ច្រើន​ទេ​តាម​រយៈ​សមត្ថភាព ប៉ុន្តែ​តាមរយៈ​ជម្រើស​របស់​បងប្អូន​វិញទេ​តើ ។ ចំណែក​ឯ​ព្រះ​នៃ​ចក្រវាឡ​នឹង​ធ្វើការ​នៅ​ក្នុង​បងប្អូន និង​តាមរយៈ​បងប្អូន ដោយ​ពង្រីក​ការខិតខំ​ដ៏​រាបសា​របស់​បងប្អូន​សម្រាប់​ព្រះបំណង​ទ្រង់ ។

កិច្ចការ​ទ្រង់​តែងតែ​បាន​ឈរ​នៅ​លើ​គោលការណ៍​សំខាន់​នេះ​គឺ ៖ « ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ។១១

នៅ​ពេលសាវក​ប៉ុល​សរសេរ​សំបុត្រ​ទៅ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស លោក​បាន​សង្កេត​ឃើញ​ថា ពួកគេ​មិន​ច្រើន​ទេ ដែល​ត្រូវបាន​ចាត់ទុក​ថា មាន​ភាពវៃឆ្លាត​ស្របតាម​បទដ្ឋាន​លោកិយ​នោះ ។ ប៉ុន្តែ​ការណ៍​នោះ​មិន​មែន​ជា​បញ្ហា​ទេ ព្រោះ « ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស » ។១២

ប្រវត្តិ​នៃ​កិច្ចការ​របស់​ព្រះ ត្រូវបាន​បំពេញ​ដោយ​មនុស្ស​ដែល​ចាត់ទុក​ខ្លួន​ឯង​ថា នៅ​មាន​ភាពខ្វះខាត ។ ប៉ុន្តែ​ពួកគេ​បាន​បម្រើ​ដោយ​រាបសា ដោយ​ពឹងផ្អែក​លើ​ព្រះគុណ​នៃ​ព្រះ ហើយ​ទទួល​បន្ទូល​សន្យា​ពី​ទ្រង់​ថា « ដៃ​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​ពាហុ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ខែល​របស់​ពួក​គេ … ហើយ​ពួកគេ​នឹង​ច្បាំង​យ៉ាង​ក្លាហាន​ជំនួស​យើង ហើយ … យើង [ នឹង ] ក្សា​ពួក​គេ​ទុក​ឲ្យ​បាន​គង់​វង្ស ។១៣

រដូវក្ដៅ​កន្លង​ទៅ គ្រួសារ​យើង​បាន​មាន​ឱកាស​ដ៏​រីករាយ​មួយ ទៅ​ទស្សនា​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ។ ជា​រឿង​អស្ចារ្យ​ដែល​ពួកយើង​បាន​ស្រមៃ​ថា​យើង​រស់នៅ​ក្នុង​ជំនាន់​នោះ ។ បុគ្គល​ដែល​ខ្ញុំ​បាន​អាន​ច្រើន—មាន​ដូចជា ម៉ាទិន ហារីស, អូលីវើរ ខៅឌើរី និង ថូម៉ាស ប៊ី ម៉ាស—បាន​ប្រែ​ដូចជា​មនុស្ស​ពិត​ចំពោះ​ខ្ញុំ​កាល​ពួក​យើង​បាន​ដើរ​លើ​កន្លែង​ដែល​ពួកគាត់​បាន​ដើរ ហើយ​បាន​គិត​អំពី​ពលិកម្ម​ដែល​ពួកគាត់​បាន​ធ្វើ​ដើម្បី​ស្ថាបនា​នគរ​ព្រះ ។

ពួកគាត់​មាន​និស្ស័យ​ល្អ​ឯក​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគាត់​អាច​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​បាន ។ ប៉ុន្តែ​ពួកគេ​ក៏​ជា​មនុស្ស​មាន​ភាពទន់ខ្សោយ ហើយ​អាច​នឹង​ដួល—ដូច​បងប្អូន និង​រូបខ្ញុំ​ដែរ ។ ពួកគាត់​ខ្លះ​មិន​បាន​ចុះសម្រុង​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​ដើរ​ចេញ​ពី​សាសនាចក្រ ។ ក្រោយ​មក ពួកគាត់​ទាំង​នោះ​បាន​ផ្លាស់ប្ដូរ​គំនិត បន្ទាបខ្លួន ហើយ​បាន​មក​ចូលរួម​សាសនាចក្រ​សារជាថ្មីវិញ ។

យើង​មាន​ទំនោរ​វិនិច្ឆ័យ​ដល់​បងប្អូន​ប្រុស​ទាំងនេះ និង​សមាជិក​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​ដូច​ពួកគាត់ ។ យើង​អាច​និយាយ​ថា « ខ្ញុំ​នឹង​មិន​បោះបង់​ព្យាការី យ៉ូសែប ឡើយ » ។

ទោះជា​ការណ៍​នោះ​អាច​នឹង​ពិត ក៏​យើង​ដឹង​មិន​ច្បាស់​អំពី​កាលៈទេសៈ​ទាំងនោះ​នៅ​ពេល​នោះ​ដែរ ។ ទេ ពួកគាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ជំរុញ​ចិត្ត​ណាស់​ពេល​ដឹង​ថា​ព្រះ​នៅតែ​អាច​ប្រើ​ពួកគាត់​បាន ។ ទ្រង់​ជ្រាប​ពី​ភាពខ្លាំង និង ភាពទន់ខ្សោយ​របស់​ពួកគេ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ពួកគេ​នូវ​ឱកាស​ដ៏​ល្អ ដើម្បី​រួម​ចំណែក​មួយ​ផ្នែក​តូច​ក្នុង​ការស្ដារឡើងវិញ ។

វា​ជា​រឿង​គួរ​ឲ្យ​ជំរុញចិត្ត​ណាស់​ពេល​ដឹង​ថា ទោះជា យើង មិន​ល្អ​ឥតខ្ចោះ​ក្ដី បើ​យើង​បង្វែរ​ចិត្ត​យើង​ទៅ​រក​ព្រះ នោះ​ទ្រង់​នឹង​មាន​ព្រះទ័យ​សប្បុរស ហើយ​ខ្វល់ខ្វាយ ហើយ​ប្រើ​យើង​សម្រាប់​ព្រះបំណង​ទ្រង់ ។

អ្នក​ដែល​ស្រឡាញ់ ហើយ​បម្រើ​ព្រះ និង​មនុស្ស​ជុំវិញខ្លួន ហើយ​រួមចំណែក​យ៉ាង​រាបសា និង​សកម្ម​ក្នុង​កិច្ចការ​ទ្រង់ នឹង​ឃើញ​ការណ៍​អស្ចារ្យ​ជា​ច្រើន​កើតឡើង​ក្នុង​ជីវិត​ពួកគេ និង​ជីវិត​មនុស្ស​ដែល​គេ​ស្រឡាញ់ ។

ឱកាស​ដែល​ហាក់ដូចជា​គ្មាន​ពីមុន ឥឡូវ​នឹង​មាន​ហើយ ។

ទេវតា​នឹង​យាង​ទៅ​ពី​មុខ​គេ ហើយ​រៀបចំ​ផ្លូវ ។

ទោះជា​គោលជំហ​ររបស់​បងប្អូន​ក្នុង​សហគមន៍ ឬ​ក្នុង​សាសនាចក្រ​ដូចម្ដេច​ក្ដី ព្រះ​នឹង​ប្រើ​បងប្អូន​បើ​បងប្អូន​មាន​ឆន្ទៈ ។ ទ្រង់​នឹង​ពង្រីក​បំណងប្រាថ្នា​សុចរិត​របស់​បងប្អូន ហើយ​បង្វែរ​ទង្វើ​ដោយ​ការអាណិតអាសូរ​ដែល​បងប្អូន​បាន​ធ្វើ ទៅ​ជា​ការច្រូតកាត់​សេចក្ដីល្អ​ដ៏​បរិបូរ​មួយ ។

យើង​មិន​អាច​ទៅ​ដល់​ទី​នោះ​បាន​ដោយ​គ្មាន​ការផ្ដោត​អារម្មណ៍​បាន​ឡើយ ។

យើង​ម្នាក់ៗ​គឺ​ជា « អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់ »១៤ នៅ​ផែនដី​នេះ ។ យើង​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ណាស់ ។ ប៉ុន្តែ​ការណ៍​នោះ​ពុំ​មាន​ន័យ​ថា យើង​ត្រូវ​មាន​អារម្មណ៍​វង្វេង ឬ​ឯកោ​ឡើយ ។

ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង បាន​ប្រទាន​ឲ្យ​យើង​នូវ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ការបំផុស​យ៉ាង​ជ្រាលជ្រៅ​មួយ​ពី​ស្ថានសួគ៌ ជំរុញ​យើង​ឲ្យ​បង្វែរ​ក្រសែ​ភ្នែក និង​ដួងចិត្ត​យើង​ទៅ​ទ្រង់ ពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ​នៅ​ផ្ទះ​សេឡេស្ទាល ។

ការធ្វើ​ដូចនេះ​តម្រូវ​ឲ្យ​មាន​ការខិតខំ ។ បងប្អូន​ពុំ​អាច​ទៅ​ទីនោះ​បាន​ដោយ​គ្មាន​ការខិតខំ​ស្វែងយល់​ពី​ទ្រង់ ការយល់ដឹង​ពី​ការណែនាំ​ទ្រង់ ការអនុវត្ត​ដោយ​ស្មោះ​តាម​ការយល់ដឹង​នោះ និង ការឈាន​ទៅ​មុខ​បាន​ទេ ។

ទេ ជីវិត​មិន​មែន​ជា​រថយន្ត​បើក​ដោយ​ខ្លួន​ឯង​ឡើយ ។ វា​មិន​មែន​ជា​យន្តហោះ​ដែល​ហោះ​ដោយ​ខ្លួន​ឯង​ឡើយ ។

បងប្អូន​ពុំ​អាច​គ្រាន់តែ​អណ្ដែត​លើ​ក្បូន​ជីវិត ហើយ​ទុកចិត្ត​ថា​ចរន្ត​ទឹក​នឹង​នាំ​បងប្អូន​ទៅ​កាន់​ទី​ដែល​បងប្អូន​សង្ឃឹម​ចង់​ទៅ​នៅ​ថ្ងៃ​ណា​មួយ​បាន​នោះ​ទេ ។ ភាពជាសិស្ស​តម្រូវ​ឲ្យ​យើង​មាន​ឆន្ទៈ​ពុះពារ​ឧបសគ្គ​នៅ​ពេល​ដែល​ចាំបាច់ ។

គ្មាន​នរណា​ទទួល​ខុសត្រូវ​លើ​ដំណើរ​ជីវិត​របស់​បងប្អូន​ឡើយ ។ ព្រះអង្គសង្គ្រោះ​នឹង​ជួយ​បងប្អូន ហើយ​រៀបចំ​ផ្លូវ​ពី​មុន​បងប្អូន ប៉ុន្តែ​ការតាំងចិត្ត​ដើម្បី​ធ្វើតាម​ទ្រង់ ហើយ​គោរព​ព្រះបញ្ញត្តិត្រូវតែ​ចេញ​ពី​ខ្លួន​បងប្អូន ។ វា​គឺ​ជា​ការទទួលខុសត្រូវ និង​ឯកសិទ្ធិ​បងប្អូន​តែ​ម្នាក់​គត់ ។

នេះ​គឺ​ជា​ការផ្សងព្រេង​ដ៏​ធំ​របស់​បងប្អូន ។

សូម​ស្ដាប់​ការដង្ហោយ​ហៅ​របស់​ព្រះអង្គសង្គ្រោះ ។

សូម​ដើរតាម​ទ្រង់ ។

ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​ជួយ​បងប្អូន​ក្នុង​ការតាំងចិត្ត​នេះ​ក្នុង​ការបម្រើ​ព្រះ និង​មនុស្ស​ជុំវិញ​ខ្លួន ។ គោលបំណង​នៃ​សាសនាចក្រ​នេះ គឺ​ដើម្បី​លើកទឹកចិត្ត បង្រៀន ស្អាង និង​បំផុសគំនិត ។ សាសនាចក្រ​នេះ​ផ្ដល់​ឱកាស​ឲ្យ​បងប្អូន​អនុវត្ត​ការអាណិតអាសូរ ជួយ​មនុស្ស​ដទៃ ព្រមទាំង​រំឭក ហើយ​រក្សា​ក្ដីសញ្ញា​ពិសិដ្ឋ ។ សាសនាចក្រ​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ប្រទានពរ​ដល់ជីវិត​របស់​បងប្អូន ហើយ​ពង្រឹង​គេហដ្ឋាន សហគមន៍ និង​ប្រទេសជាតិ​របស់​បងប្អូន ។

ចូរ​មក​ចូលរួម​ជាមួយ​យើង ហើយ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ថ្វាយ​ទេពកោសល្យ​របស់​បងប្អូន​ដល់​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ឈោង​ទៅ​ជួយ លើកទឹកចិត្ត ព្យាបាល ហើយ​គាំទ្រ​ដល់​អ្នក​ដែល​មាន​បំណងប្រាថ្នា​ដើម្បី​ស្ដាប់​ការដង្ហោយហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ស្ថានសួគ៌​យើង​វិញ ។ ចូរ​យើង​ចូលរួម​ទាំងអស់​គ្នា ក្នុង​ដំណើរ​ត្រឡប់​ទៅ​កាន់​បរិយាកាស​នៅ​ឯ​ស្ថានសួគ៌​ដ៏​រុងរឿង​វិញ ។

ដំណឹងល្អ​គឺ​ជា​សារលិខិត​ដ៏​រុងរឿង​អំពី​ក្ដីសង្ឃឹម សុភមង្គល និង​អំណរ ។ វា​គឺ​ជា​មាគ៌ា​នាំ​ទៅ​ផ្ទះ​យើង​វិញ ។

ពេល​យើង​ឱបក្រសោប​យក​ដំណឹងល្អ​ក្នុង​ក្ដីជំនឿ និង​ទង្វើ​រាល់​ថ្ងៃ និង​រាល់​ពេល នោះ​យើង​នឹង​កាន់តែ​ខិត​ជិត​ព្រះ​របស់​យើង ។ ជីវិត​យើង​នឹង​កាន់តែ​ប្រសើរ​ឡើង ហើយ​ព្រះអម្ចាស់​នឹង​ប្រើ​យើង​ក្នុង​របៀប​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ជុំវិញ​ខ្លួន ហើយ​នាំ​មក​នូវ​គោលបំណង​អស់កល្ប​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះ ហើយ​សូម​បន្សល់​ទុក​នូវ ការប្រសិទ្ធពរ របស់​ខ្ញុំ​នៅក្នុង ព្រះនាម​ដ៏​ពិសិដ្ឋ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។