ឆ្នាំ ២០១០-២០១៩
សេចក្ដី​ត្រូវ​ការ​នៅ​ចំពោះយើង
ខែ តុលា ២០១៧


សេចក្ដី​ត្រូវ​ការ​នៅ​ចំពោះយើង

សេចក្ដីត្រូវការ​សំខាន់​បំផុត​មួយចំនួន​ដែល​យើង​អាច​បំពេញ​បាន គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ក្រុមគ្រួសារ​យើង ក្នុង​ចំណោម​មិត្តភក្តិ​យើង នៅក្នុង​វួដ​យើង និង​នៅ​ក្នុង​សហគមន៍​យើង ។

នៅ​ពេល​ថ្មីៗ​នេះ យើង​បាន​ឃើញ​គ្រោះ​ធម្មជាតិ​ដ៏​ធំ​មួយ​នៅប្រទេស​ម៉ិកស៊ិក សហរដ្ឋ​អាមេរិក ទ្វីប​អាស៊ី ការីប៊ៀន និង អាហ្វ្រិក ។ វា​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាន​បោះ​ជំហាន​ទៅ​ជួយ​ដល់​អ្នក​ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ឬ​កំពុង​ខ្វះខាត ហើយ​ដែល​កំពុង​រងទុក្ខនូវ​ការ​បាត់​បង់​ដោយ​អស់​ពី​សមត្ថភាព ។ ខ្ញុំ​រីករាយ​ដែល​មើល​ឃើញ​យុវនារី​នៅ រដ្ឋ​តិចសាស និង​រដ្ឋ ហ្លូរីដា ព្រមជាមួយ​នឹង​អ្នកដទៃ​ជា​ច្រើន​ទៀត បាន​ពាក់​អាវ​យឺត​ពណ៌លឿង​មាន​និមិត្ត​សញ្ញា​ដៃជំនួយ​ចេញ​ទៅ​ជួយ​រើ​ផ្ទះ​បាក់បែក​បន្ទាប់​ពី​ព្យុះ​កំណាច​ថ្មីៗ​នេះ ។​ មនុស្ស​រាប់​ពាន់​នាក់​ទៀត​រីករាយ​នឹង​ចេញ​ទៅ​កន្លែង​ដែល​ត្រូវការ​ជំនួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​នោះ​ផងដែរ ។ ចំណែក​អ្នក អ្នក​បាន​ផ្ដល់​នូវការ​បរិច្ចាគ​ដោយសប្បុរស​ដើម្បី​សម្រាល​ការ​រងទុក្ខ ។ សេចក្ដីសប្បុរស និង​ក្ដីមេត្តា​របស់​អ្នក កំពុង​មាន​ការ​បំផុសគំនិត និង​មានលក្ខណៈ​ដូច​ព្រះគ្រីស្ទ ។

រូបភាព
យុវនារី​ជាមួយ​ប្រធាន អាវរិង

នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រាប់​អំពី​ទិដ្ឋភាព​នៃ​ការ​បម្រើ​មួយ ដែល​ខ្ញុំ​មានអារម្មណ៍​ថា​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា —មិន​ថា​យើង​នៅ​កន្លែង​ណា​ទេ ។ សម្រាប់​យើង​ទាំងអស់​គ្នា​ដែល​បាន​មើល​ព័ត៌មាន អំពី​ព្រឹត្តិការណ៍​ថ្មី ហើយ​មានអារម្មណ៍​ថា​ជួយ​អីមិន​បាន ចម្លើយ​អាច​នឹង​ត្រឹមត្រូវ​ចំពោះ​យើង ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ៖ តែ​អ្នក​ណា​ដែល​បាន​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ » ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​អំពី​បទគម្ពីរ​នេះ​ថា៖ « ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្គ្រោះ កំពុង​តែ​ប្រាប់​យើង​ថា លើកលែង​តែ​យើង​បំភ្លេច​ខ្លួន​យើង នៅក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ នោះ​ជីវិត​របស់​យើង​ផ្ទាល់​មាន​នូវ​គោលបំណង​បន្តិចបន្តួច​ប៉ុណ្ណោះ ។ អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​សម្រាប់​តែ​ខ្លួនឯង យូរៗ​ទៅ​នឹង​ហួតហែង ហើយ​មាន​និមិត្តរូប​ជា ការបាត់​ជីវិត​របស់​ខ្លួន ស្រប​ពេល​ដែល​មនុស្ស​ដែល​បំភ្លេច​ខ្លួន​ពួកគេ ដើម្បី​បម្រើ​អ្នក​ដទៃ​នឹង​រីក​ចម្រើន ហើយ​លូតលាស់—​និង​ជា​ប្រយោជន៍​សម្រាប់​សង្គ្រោះ​ជីវិត​របស់​ពួកគេ​វិញ » ។

យើង​រស់នៅ​ក្នុង​វប្បធម៌​មួយ​ ដែល​យើង​ផ្ដោត​ទៅលើ​អេក្រង់​តូចៗ​នៅ​ក្នុង​ដៃ​របស់​យើង ​ជាង​យើង​ផ្ដោត​ទៅលើ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង ។ ​ជំនួស​ឲ្យ​ការ​ផ្ញើសារ និង​ការ​ធ្វីត យើង​មក​មើល​ចំមុខ​នរណា​ម្នាក់ ហើយ​ញញឹម​វិញ ឬ​មាន​ការ​សន្ទនា​ទល់​មុខ​គ្នា​វិញ ។ ជា​ញឹកញាប់ យើង​ខ្វល់​ខ្វាយ​នឹង​ចំនួន​របស់​អ្នក​follow យើង និង អ្នក Like យើង ​ជាជាង​ការ​ឱប​មិត្តម្នាក់ ហើយ​បង្ហាញ​សេចក្ដីស្រឡាញ់ ការ​ខ្វល់ខ្វាយ និង​ចំណាប់​អារម្មណ៍​ពិត ។ វា​អស្ចារ្យដែល​បច្ចេកវិទ្យា​ទំនើប​​អាច​ផ្សាយ​សារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ជួយ​យើង​ឲ្យ​ភ្ជាប់ទំនាក់ទំនង​នឹង​គ្រួសារ និងមិត្តភក្ដិ​ដែរ តែប្រសិន​បើ​យើង​មិន​ប្រុងប្រយ័ត្ន​អំពី​របៀប​ដែល​យើង​ប្រើ​ឧបករណ៍​ផ្ទាល់ខ្លួន​យើង​ទេ នោះ​យើង​ក៏​អាច​ចាប់​ផ្ដើម​គិត​តែ​ខ្លួន​ឯង ហើយ​ភ្លេច​ពី​សារៈសំខាន់​នៃ​ការ​រស់នៅ​តាម​ដំណឹងល្អ ដែល​ជា​ការ​បម្រើ​ហើយ ។

ខ្ញុំ​មាន​ក្ដីស្រឡាញ់ និង​ជំនឿ​ដ៏​ធំ​ចំពោះ​អស់​អ្នក​ដែល​ជា​យុវវ័យ និង​យុវមជ្ឈិមវ័យ ។ ខ្ញុំ​បាន​ឃើញ ហើយ​ដឹង​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​មួយ​នៅ​ក្នុង​ពិភពលោកនេះ ។ ខ្ញុំ​ជឿ​ថា សមាជិក​ភាគ​ច្រើន​គិត​ថា​ការ​បម្រើ​គឺ​ជា​បេះដូង​នៃ​សេចក្ដីសញ្ញា និងភាព​ជាសិស្ស​របស់​ពួកគេ ។ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ផងដែរ​ថា ពេល​ខ្លះ​វា​ងាយ​ស្រួល​នឹង​ភ្លេច​អំពី​ឱកាស​ដ៏​អស្ចារ្យ​បំផុត​មួយ​ចំនួន​ដើម្បី​បម្រើ​ដល់​អ្នកដទៃ ដោយសារ​តែ​យើង​ត្រូវ​បាន​រំខាន ឬ​ដោយសារ​យើងមាន​មហិច្ឆិតាខ្ពស់ចង់​ផ្លាស់ប្ដូរ​ពិភពលោក​ ហើយ​យើង​ពុំ​បាន​មើល​ឃើញ​តម្រូវការ​សំខាន់​បំផុត​មួយចំនួន ដែល​យើង​អាច​បំពេញ ដែល​វា​ស្ថិត​នៅក្នុង​រង្វង់​នៃ​ក្រុមគ្រួសារ​មិត្តភក្ដិ វួដ និង​សហគមន៍​យើង​ផ្ទាល់​ឡើយ ។ យើងរញ្ជួល​ចិត្ត​នៅ​ពេល​យើង​មើល​ឃើញ​ការ​រងទុក្ខ និង​តម្រូវ​ការ​ដ៏​ធំ​របស់​អ្នក​ដែល​នៅ​​ពិភពលោក​មួយ​ចំហៀង​ទៀត ប៉ុន្តែ​យើង​អាច​នឹង​មិន​ឃើញ​ថា​មាន​មនុស្ស​ដែល​ត្រូវការ​មិត្តភាព​របស់​យើង ដែល​អង្គុយ​នៅ​ជិត​នឹង​យើង​ក្នុង​ថ្នាក់​រៀន​ទេ ។

ស៊ីស្ទើរ លីនដា ខេ ប៊ើរតុន បានប្រាប់​រឿង​អំពី​ប្រធាន​សមាគមសង្គ្រោះ​ស្ដេក​ម្នាក់​ដែល​ធ្វើ​ការ​ជាមួយ​អ្នកដទៃ ប្រមូល​ភួយជួយ​ដល់​ជន​ខ្វះខាត​អំឡុង​ឆ្នាំ ១៩៩០ ។ « គាត់ និង​កូនស្រី​បាន​បើក​ឡានដែលមាន​ផ្ទុក​ភួយ​មក​ពី​ទីក្រុង​ឡុងពេញ​ឡាន​ទៅ​ដល់​កូសូវ៉ូ ។ ពេលធ្វើដំណើរមកផ្ទះវិញគាត់បានទទួលអារម្មណ៍ ខាងវិញ្ញាណដ៏ពិសេសមួយដែលដក់ជាប់នៅក្នុងដួងចិត្តរបស់គាត់ ។ អារម្មណ៍នោះគឺ ៖ « អ្វី​ដែល​អ្នក​បាន​ធ្វើ​គឺជា​រឿង​ដ៏​ល្អណាស់ ។ ឥឡូវចូរទៅផ្ទះវិញ ដើរឆ្លងផ្លូវ​ទៅបម្រើ​អ្នកជិត​ខាង​អ្នកចុះ ! »

តើ​វា​ល្អ​អី​ដែល​យើង​ទៅ​ធ្វើ​ការ​ដើម្បី​សង្គ្រោះ​ពិភពលោក តែ​យើង​មិន​បាន​គិត​ពី​តម្រូវការ​នៃ​អស់​អ្នក​ដែល​នៅ​ជិត​យើង​បំផុត និង​ជា​អ្នក​ដែល​យើង​ស្រឡាញ់​បំផុត​នោះ ? តើ​វា​មាន​តម្លៃអ្វី​ទៅ ក្នុង​ការ​ជួសជុល​ពិភពលោក តែមនុស្ស​ដែល​នៅ​ជុំវិញ​យើង​កំពុង​បែក​ខ្ញែក​គ្នា ហើយ​យើង​មិន​ទាំងដឹង​ផងនោះ ? ព្រះ​វរ​បិតា​សួគ៌​អាច​នឹង​ដាក់​អ្នក​ដែល​ត្រូវការ​យើង​ឲ្យ​នៅ​ជិត​យើង​បំផុត ដោយ​ដឹង​ថា​យើង​នឹង​ជា​អ្នក​ដែល​បំពេញ​តម្រូវការ​ពួកគេ​បាន​ល្អ​បំផុត ។

រូបភាព
សារ៉ា និង​ប្អូន​ស្រី​របស់​នាង​កំពុង​ដើរ

មនុស្ស​គ្រប់រូ​បអាច​រក​វិធី​ដើម្បី​ធ្វើ​ការ​បម្រើ​ដូចជា​ព្រះគ្រីស្ទ ។ ថ្មីៗ​នេះ ទីប្រឹក្សា​របស់​ខ្ញុំ ស៊ិស្ទើរ ខារ៉ុលអេហ្វ ម៉ាកខន់ឃី ​បាន​ប្រាប់​ខ្ញុំ​អំពី​ចៅ​ស្រី​អាយុ ១០ ឆ្នាំ​របស់​គាត់​ឈ្មោះ សារ៉ា ពេល​នាង​បាន​ដឹង​ថា​ម្ដាយ​នាង​ធ្លាក់​ខ្លួន​ឈឺ នោះ​នាង​បាន​សម្រេចចិត្ត​ខ្លួន​ឯង​ថា នឹង​នៅ​បម្រើ​ម្តាយខ្លួន ។ នាង​បាន​ពរ​ប្អូន​ស្រី ហើយ​ជួយ​ស្លៀក​ពាក់​ឲ្យ​ប្អូន ជួយ​ដុស​ធ្មេញ​ឲ្យ​ប្អូន ជួយ​ចងសក់ ហើយ​បញ្ចុក​អាហារ​ពេល​ព្រឹក​ដើម្បី​ឲ្យ​ម្ដាយ​នាង​អាច​បាន​សម្រាក ។ នាង​បាន​ធ្វើ​កិច្ចការ​បម្រើ​ដោយសាមញ្ញ​របស់​នាង​យ៉ាង​ស្ងាត់ស្ងៀម ដែល​ពុំ​មាននរណា​សុំ​ឲ្យ​ធ្វើ ដោយសារ​តែ​នាង​បាន​ឃើញ​ពី​តម្រូវការ ហើយ​មាន​បំណង​ចង់​ជួយ ។ សារ៉ា​ពុំ​ត្រឹមតែផ្តល់​ពរ​ដល់​ម្ដាយ​នាង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ប្រាកដ​ថា នាង​ក៏​មាន​អារម្មណ៍​អំណរ​ពេល​ដឹង​ថា​នាង​បាន​សម្រាល​បន្ទុក​របស់​មនុស្ស​ដែល​នាង​ស្រឡាញ់ ហើយ​បាន​ពង្រឹង​ទំនាក់ទំនង​របស់​នាង​ជាមួយ​នឹង​ប្អូន​ផងដែរ​នោះ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បាន​មានប្រសាសន៍​ថា « ការ​បម្រើ​អ្នកដទៃ​អាច​ចាប់​ផ្ដើម​ស្ទើរ​តែ​គ្រប់​វ័យ​ទាំងអស់ ។… វា​ពុំ​ចាំបាច់​ថា​មាន​ទំហំ​ច្រើននោះ​ទេ ហើយ​វា​​ថ្លៃថ្នូរ​បំផុត​ក្នុង​គ្រួសារ » ។

រូបភាព
សារ៉ា និង​ប្អូន​ស្រី​នាង​កំពុង​អាន​សៀវភៅ

តើ​កូនៗ​អ្នកដឹង​ថា​វា​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ឪពុក​ម្ដាយ និង​សមាជិក​គ្រួសារ​អ្នក នៅពេល​អ្នក​ស្វែងរក​វិធី​ដើម្បី​បម្រើ​នៅ​ក្នុងផ្ទះដែរ​ឬ​ទេ ? សម្រាប់​អ្នក​ដែល​ជា​យុវវ័យ ការ​ពង្រឹង និង​ការ​បម្រើ​សមាជិក​គ្រួសារ​អ្នក គួរ​តែ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក នៅពេល​អ្នក​ស្វែងរក​វិធី​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក ។ ការ​បង្ហាញ​នូវសណ្ដានចិត្តល្អ និង​ការ​ខ្វល់ខ្វាយ​អំពី​បងប្អូន​អ្នក និង​ឪពុក​ម្ដាយ​អ្នក ជួយ​បង្កើត​បរិយាកាសឲ្យ​មាន​សាមគ្គីភាពមួយ ហើយ​អញ្ជើញ​យាង​ព្រះវិញ្ញាណ​មក​ក្នុង​គេហដ្ឋាន ។ ការ​ផ្លាស់ប្ដូរ​ពិភពលោក ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ពង្រឹង​គ្រួសារ​របស់​អ្នក​ផ្ទាល់ ។

ផ្នែក​ផ្សេងទៀត​ដែល​ត្រូវ​ផ្ដោត​យកចិត្ត​ទុកដាក់​ចំពោះការ​បម្រើ​របស់​យើង អាច​ជា​នៅក្នុង​ក្រុមគ្រួសារ​វួដ​របស់​យើង ។ ជួនកាល កូនចៅ​របស់​យើង​នឹង​សួរ​សំណួរ​យើង​ថា « ហេតុអ្វី​ក៏​ខ្ញុំ​ត្រូវ​ទៅ​កម្មវិធី​ម្ញ៉ូតឆល ? ខ្ញុំ​ពុំ​ឃើញ​​បានប្រយោជន៍​​អ្វី​ផង » ។

បើ​ខ្ញុំ​មាន​គ្រា​ល្អ​មួយ នោះ​ខ្ញុំ​នឹង​តប​ថា « តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​គិត​ថា​កូន ទៅ​កម្មវិធី​ម្ញ៉ូតឆល​ដោយ​សារ​ចង់​បាន​អ្វី​មក​នោះ ? »

មិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ ខ្ញុំ​អាច​អះអាង​ថា គ្រប់​ទីកន្លែង​តែងតែ​មាន​អ្នក​ដែល​ឯកោ​មក​ចូលរួម​ក្នុង​ការ​ប្រជុំ​សាសនាចក្រ ជា​អ្នក​ដែល​មាន​បញ្ហា​ជាច្រើន ហើយ​ត្រូវ​ការ​មិត្ត ឬ​អ្នក​ដែល​មានអារម្មណ៍​ថា ពួកគេ​ពុំ​មាន​ចំណែក​នៅ​ទីនោះ ។ អ្នក​មាន​អ្វី​ដែល​សំខាន់​ដើម្បី​ចែកចាយ​ក្នុងគ្រប់​ការ​ប្រជុំ ឬ​សកម្មភាព ហើយ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​មើល​ទៅ​មិត្ត​ជុំវិញ​ខ្លួន​អ្នក រួច​ហើយ​ទៅ​បម្រើ​ដូចជា​ទ្រង់​នឹង​បម្រើ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « ហេតុផល​ដ៏​ចម្បង​មួយ​ដែល​ព្រះអម្ចាស់​មាន​ព្រះវិហារ​គឺ ដើម្បី​បង្កើត​សហគមន៍​នៃ​ពួកបរិសុទ្ធ​មួយ​ឡើង ដែល​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅក្នុង « ផ្លូវតូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ លោក​បាន​បន្ដ​ថា « សាសនា​នេះ​ពុំ​មែន​ខ្វល់ខ្វាយ​តែ ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ យើង​គឺ​ជា​ព្រះ​នេត្រ ព្រះហស្ត ព្រះសិរិសា ព្រះបាទា និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រូបកាយ​របស់​ព្រះគ្រីស្ទ »។

វា​គឺ​ជា​ការ​ពិត​ដែល​យើង​ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ​ប្រចាំសប្ដាហ៍ ដើម្បី​រួម​ចំណែក​ក្នុង​ពិធីបរិសុទ្ធ​នានា រៀន​អំពីគោលលទ្ធិ ហើយ​ទទួល​ការ​បំផុសគំនិត ប៉ុន្តែ​មូលហេតុ​ដ៏​សំខាន់​មួយទៀត​ក្នុង​ការ​ចូលរួម​គឺ​ថា ក្នុងនាមជា​គ្រួសារ​វួដ​មួយ និង​ក្នុងនាម​ជា​សិស្ស​នៃ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មើល​ថែ​គ្នា​ទៅវិញទៅមក លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​ស្វែងរក​វិធី​ដើម្បីបម្រើ ហើយ​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ។ យើង​ពុំ​គ្រាន់​តែ​ជា​អ្នក​ទទួល និង​អ្នកយក​នូវ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ព្រះវិហារ​ប៉ុណ្ណោះ​នោះ​ទេ យើង​ចាំបាច់​ត្រូវ​ធ្វើ​ជា​អ្នក​ផ្ដល់​ឲ្យ និង​ជា​អ្នក​ផ្គត់ផ្គង់​ផងដែរ ។ យុវនារី និង​យុវជន ពេល​អ្នក​នៅ​កម្មវិធី​ម្ញ៉ូតឆល​លើក​ក្រោយ ជំនួស​ឲ្យ​ការ​លើក​ទូរសព្ទ​អ្នក​មក​មើល​ថា មិត្តភក្ដិ​អ្នក​កំពុង​ធ្វើ​អ្វី ចូរ​ឈប់ ហើយ​មើល​ជុំវិញ​ខ្លួន រួច​សួរ​ខ្លួន​ឯង​ថា « តើ​នរណា​ត្រូវការ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ? » អ្នក​អាច​ជា​មនុស្ស​សំខាន់​ដើម្បី​ឈោង​ទៅជួយ ហើយ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​មិត្ត​ម្នាក់ ឬ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​មិត្ត​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​ស្ងាត់ៗ​នោះ ។

ចូរទូល​សូម​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក​ឲ្យ​បង្ហាញ​អ្នក​អំពី​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​​របស់អ្នក ហើយបំផុសគំនិត​អ្នក​អំពី​របៀប​ល្អ​បំផុត​ដើម្បី​បម្រើ​ពួកគេ ។ សូម​ចងចាំ​ថា ព្រះអង្គសង្គ្រោះ​ជាញឹកញាប់ បម្រើ​មនុស្ស​ម្ដង​មួយៗ ។

រូបភាព
អ៊ីស្សាន និង​គ្រួសារ​របស់​គាត់

ចៅ​ប្រុស​របស់​យើង ឈ្មោះ អ៊ីស្សាន អាយុ ១៧ ឆ្នាំ ។ កាល​ពី​រដូវ​ក្ដៅ​នេះ ខ្ញុំ​ដក់​ជាប់​ក្នុង​ចិត្ត​ពេល​គាត់​ប្រាប់​ខ្ញុំថា គាត់​បាន​អធិស្ឋាន​រាល់​ថ្ងៃ ដើម្បី​មាន​ឱកាស​បម្រើ​នរណា​ម្នាក់ ដែល​បាន​បំផុសគំនិត​ដោយ​គំរូ​ម្ដាយ​របស់​គាត់ ។ នៅ​ពេល​យើង​ចំណាយ​ពេល​ជាមួយ​គ្រួសារ​គាត់ ខ្ញុំ​បាន​សង្កេត​ឃើញ​អំពី​របៀប​ដែល​អ៊ីស្សាន​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ប្រុសស្រី​របស់​គាត់​ដោយ​អត់ធ្មត់ ក្ដីស្រឡាញ់ និង​ចិត្ត​ល្អ និង​ជា​ជំនួយ​ដល់​ឪពុក​ម្ដាយគាត់ ហើយ​ស្វែងរក​វិធី​នានា​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ ខ្ញុំ​ស្ងើច​ចំពោះ​ការ​ញាណដឹងរបស់​គាត់​អំពី​មនុស្ស​នៅ​ជុំវិញ​គាត់ និង​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​បម្រើ​ដល់​ពួកគេ ។ គាត់​គឺ​ជា​គំរូ​មួយ​ចំពោះ​ខ្ញុំ ។ ការ​ធ្វើ​ដូចជា​អ៊ីស្សានធ្វើ—ជួយ​អញ្ជើញ​យាង​ព្រះអម្ចាស់​ឲ្យ​ជួយ​យើង​ស្វែងរក​វិធី​នានា​ដើម្បី​បម្រើ—នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បើក​ភ្នែក​របស់​យើង​ឲ្យ​មើល​ឃើញ​តម្រូវការ​នៅ​ជុំវិញ​ខ្លួន​យើង ដើម្បី​មើល​ឃើញ « មនុស្ស » ដែល​ត្រូវការ​យើង​នៅ​ថ្ងៃ​នោះ ហើយ​ដឹង​ពី​របៀប​បម្រើ​ពួកគេ ។

រូបភាព
រូបថត​របស់​អ៊ីស្សាន

បន្ថែម​ពី​លើ​ការ​បម្រើ​គ្រួសារ និង​សមាជិក​វួដ​របស់​អ្នក សូម​ស្វែងរក​ឱកាស​ដើម្បី​បម្រើ​ដល់​អ្នក​ជិត​ខាង និង​សហគមន៍​របស់​អ្នក ។ ជួនកាល យើង​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​បន្ទាប់​ពី​មាន​គ្រោះ​ធម្មជាតិ​ធំមួយកើត​ឡើង ​តាម​ហេតុ​ការណ៍​ប្រចាំ​ថ្ងៃ​ដែល​យើង​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​ឱកាស​លើក​តម្កើង ហើយ​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត​ក្នុង​តំបន់​របស់​យើង​នោះ ។ ថ្មីៗ​នេះ ខ្ញុំ​ត្រូវ​បាន​ណែនាំ​ពី​ប្រធាន​តំបន់​ម្នាក់ ដែល​កំពុង​បម្រើ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​បញ្ហា​ខាង​សាច់ឈាម​ជាច្រើន ដែល​វិធី​ល្អបំផុត​ជួយដល់​អ្នក​ដែលខ្វះខាត​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ពិភព​លោក គឺ​ការ​ថ្វាយ​ដង្វាយ​តមអាហារ​ដោយសប្បុរស បរិច្ចាគ​ដល់​មូលនិធិ​ជំនួយ​សប្បុរសធម៌​របស់​សាសនាចក្រ និង​ស្វែងរក​វិធី​ដើម្បី​បម្រើ​ដល់​អស់អ្នក​ដែល​នៅក្នុង​សហគមន៍​ដែល​អ្នក​រស់នៅ​ផ្ទាល់ ។ សូម​ស្រមៃ​មើល​ថា តើ​ពិភពលោក​នឹង​ទទួល​ពរ​ជ័យ​យ៉ាង​ណា បើ​មនុស្ស​គ្រប់​គ្នា​ធ្វើ​តាម​ដំបូន្មាន​នេះ !

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ ជាពិសេស​យុវវ័យ នៅពេល​អ្នក​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់​អ្នក នោះអ្នក​នឹង​បន្ដ​ទទួល​ពរ​ឲ្យ​មាន​បំណង​ប្រាថ្នា​ជួយ​សម្រាល​ការ​រងទុក្ខ ហើយ​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ពុំ​សូវ​មាន​សំណាង ។ សូម​ចងចាំ​ថា តម្រូវការ​ធំបំផុត​មួយ​ចំនួន​អាច​ជា​អ្នក​ដែល​នៅ​ចំពោះមុខ​អ្នក ។ សូម​ចាប់​ផ្ដើម​ការ​បម្រើ​របស់​អ្នក​នៅក្នុង​គេហដ្ឋាន​អ្នក​ផ្ទាល់ និង​ក្នុងគ្រួសារ​អ្នក​ផ្ទាល់ ។ ទាំង​នេះ​គឺ​ជា​ទំនាក់ទំនង​ដែល​អាច​នៅ​អស់កល្បជានិច្ច ។ ទោះ​ជា—ហើយ​ជាពិសេស​ប្រហែលជា—ស្ថានភាព​គ្រួសារ​អ្នក​មិន​សូវ​ល្អ​ឥតខ្ចោះ​ក្ដី ក៏​អ្នក​អាច​ស្វែងរក​វិធី​បម្រើ លើក​តម្កើង ហើយពង្រឹង​គ្នា​ផងដែរ ។ សូម​ចាប់​ផ្ដើម​ពី​រូបនាក់ សូមស្រឡាញ់​ពួកគេ​តាម​លក្ខណៈ​របស់​គេ ហើយ​រៀបចំ​សម្រាប់​គ្រួសារ​ដែល​អ្នក​ចង់​បាន​នៅ​ពេល​អនាគត ។

សូមអធិស្ឋាន​សុំជំនួយ​ដើម្បី​ស្គាល់​អ្នកទាំងឡាយ​ដែល​នៅ​ក្នុង​គ្រួសារ​វួដ​របស់​អ្នក ដែល​ត្រូវការ​ក្ដីស្រឡាញ់ និង​ការ​លើក​ទឹកចិត្ត ។ ជំនួស​ឲ្យ​ការ​ចូលរួម​ក្នុង​ព្រះវិហារ​ទាំង​មាន​សំណួរ​ថា « តើ​ខ្ញុំនឹង​ទទួល​បាន​អ្វី​មក​ពី​ការ​ប្រជុំនេះ ? » ចូរ​សួរ​ថា « តើ​នរណា​ត្រូវការ​ខ្ញុំនៅថ្ងៃ​នេះ ? » តើ​ខ្ញុំ​ត្រូវ​បរិច្ចាគ​អ្វីខ្លះ ?

នៅពេល​អ្នក​ផ្តល់​ពរ​ដល់​ក្រុមគ្រួសារ និង​សមាជិក​វួដ​របស់​អ្នក​ផ្ទាល់ សូម​ស្វែងរក​វិធី​នានា​ដើម្បី​ផ្តល់​ពរ​ដល់​អ្នក​ទាំងឡាយ​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​អ្នកផងដែរ ។ ទោះ​ជា​អ្នក​មាន​ពេល​បម្រើ​ច្រើន ឬ​មាន​ត្រឹមតែ​ពីរ​បី​ម៉ោង​ក្នុង​មួយ​ខែ​ក្ដី ការ​ខិតខំ​របស់​អ្នក​នឹង​ផ្តល់​​ពរ​ដល់​ជីវិត​ជាច្រើន ហើយ​ក៏​នឹង​ផ្តល់​ពរ​ដល់​អ្នក​តាម​វិធី​នានា​ដែល​អ្នក​មិន​អាច​នឹក​ស្រមៃ​ដល់​ដែរ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖ « ព្រះ​ស្គាល់​យើង ហើយ​ទ្រង់​មើល​ថែ​យើង ។ ប៉ុន្ដែ​ជា​ធម្មតា​ទ្រង់​ធ្វើ​ដូច​នោះ​តាមរយៈ​មនុស្ស​ផ្សេង​ទៀត​ដែល​បំពេញ​តម្រូវការ​របស់​យើង » ។ សូម​ឲ្យ​យើង​ទទួល​ស្គាល់​ឯកសិទ្ធិ និង​ពរជ័យ​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​របស់​ព្រះវរបិតាសួគ៌ នៅពេល​យើង​បំពេញ​តម្រូវការ​របស់​កូនចៅ​ទ្រង់ នេះ​ជាការ​អធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕