ឆ្នាំ ២០១០-២០១៩
ដួងចិត្ត​ស្ត្រី​មេម៉ាយ
ខែ តុលា ២០១៧


ដួងចិត្ត​ស្ត្រី​មេម៉ាយ

ចូរ​យើង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​មាន​ដួង​ចិត្ត​ស្ត្រី​មេម៉ាយ ដោយ​រីករាយ​យ៉ាង​ពិត​នៅ​ក្នុង​ពរជ័យ​ដែល​នឹង​បំពេញ « សេចក្ដី​ត្រូវ​ការ » ដែល​មាន ។

ខ្ញុំ​ធ្លាប់​មាន​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ការ​បម្រើ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ជាច្រើន​ឆ្នាំ ។ ជំនឿ ក្ដី​ស្រឡាញ់ និង​ពលិកម្ម​ដ៏​អស្ចារ្យ​នៃ​ពួក​បរិសុទ្ធ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​បំផុត​គំនិត មាន​អំណរគុណ និង​អំណរ ។ ដំណើរ​រឿង​ពួកគេ​ដូច​គ្នា​នឹង​បងប្អូន​ដែរ ។

ខ្ញុំ​បាន​ឃើញ​ថា ពួក​បរិសុទ្ធ ទាំង​នេះ​ដូច​គ្នា​នឹង​ស្ត្រី​មេម៉ាយ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ទត​មើល​កាល​ទ្រង់ « គង់ … ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស​ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូចមេ្តច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន ។

តែមានស្រ្តីមេម៉ាយក្រម្នាក់មកដាក់តែ២ស្លឹង ។ …

ទ្រង់​ក៏​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់អ្នករាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំងអស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៖

ដ្បិត​គេ … យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ​បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង » ។

ទោះ​ជា​ប្រាក់​ពីរ​ស្លឹង​របស់​គាត់​គឺជា​ប្រាក់​តិច​តួច​ក្ដី ប៉ុន្តែ​ចំពោះ​ព្រះអង្គ សង្គ្រោះ​ដង្វាយ​របស់​គាត់​មាន​តម្លៃ​ណាស់ ដោយសារ​គាត់​បាន​ថ្វាយ​អ្វីៗ​គ្រប់​យ៉ាង ។ នៅ​គ្រា​នោះ ព្រះអង្គសង្គ្រោះ​បាន​ស្គាល់ស្ត្រី​មេម៉ាយ​នោះ ពី​ព្រោះដង្វាយ​នោះ​បាន​ស្ដែង​ឲ្យ​ទ្រង់​ឃើញ​ពី​ដួងចិត្ត​គាត់ ។ គុណភាព និង​ជម្រៅ​នៃ​ក្ដី​ស្រឡាញ់ និង​ជំនឿ​ដែល​គាត់​មាន​ធ្វើ​ឲ្យ​គាត់​ដឹង​ថា « ការ​ចង់​បាន » គាត់​នឹង​ត្រូវ​បាន​ផ្ដល់​ឲ្យ ។

ខ្ញុំ​ធ្លាប់​ឃើញ​ដួងចិត្ត​ដូច​គ្នា​នេះ​ក្នុង​ពួក​បរិសុទ្ធ​នៅ​តំបន់​ប៉ាស៊ីភិច ។ ក្នុង​ភូមិ​តូច​មួយ​នៅ​លើ​កោះ​មួយ មាន​បុរស​ចំណាស់​ម្នាក់ និង​ភរិយា​បាន​ទទួល​យក​ការ​អញ្ជើញ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដើម្បី​ទូល​សួរ​ព្រះអម្ចាស់​ដោយ​ចិត្ត​ស្មោះ បើ​មេរៀន​ដែល​ពួកគេ​បង្រៀន​គឺជា​ការ​ពិត ។ ក្នុង​ដំណើរ​ការ​នេះ ពួក​គាត់​ក៏​បាន​ពិចារណា​នូវ​ផល​វិបាក​នៃ​ការ​តាំង​ចិត្ត​ដែល​ត្រូវ​ធ្វើ​ផងដែរ បើ​ចម្លើយ​នោះ​ដឹកនាំ​ពួកគាត់​ឲ្យ​ទទួល​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ពួកគាត់​បាន​អធិស្ឋាន តមអាហារ​ដើម្បី​ដឹង​សេចក្ដី​ពិត​ពេញ​លេញ​របស់​សាសនាចក្រ និង​ភាព​ត្រឹមត្រូវ​របស់​ព្រះ​គម្ពីរ​មរមន ។ ចម្លើយ​ដែល​ពួកគាត់​បាន​ទទួល​មាន​នូវ​ការ​បញ្ជាក់​ដ៏​ភាព​ផ្អែម​ល្ហែម​ថា « ពិត​ណាស់ ! វាគឺជាការពិត ! »

ដោយ​ទទួល​បាន​សាក្សី​នេះ ពួកគាត់​ទទួល​បុណ្យ​ជ្រមុជទឹក ។ ការ​ជ្រើស​រើស​នេះ​ពុំ​មែន​គ្មាន​ផល​អវិជ្ជមាន​នោះ​ទេ ។ ការ​សម្រេច​ចិត្ត និង​បុណ្យ​ជ្រមុជ​ទឹក​របស់ពួកគាត់​បាន​ផ្តល់​នូវផល​អវិជ្ជមាន​យ៉ាង​ខ្លាំង ។ ពួកគាត់​បាន​បាត់​បង់​ការងារ បាន​លះបង់​ឋានៈ​ក្នុង​សង្គម បាន​បញ្ចប់​មិត្តភាព​សំខាន់ៗ ហើយ​ការ​គាំទ្រ ក្ដី​ស្រឡាញ់ និង​ការ​គោរព​ពី​គ្រួសារ​បាន​បាត់​បង់ ។ ឥឡូវ​ពួកគាត់​បាន​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ ហើយ​ឃើញ​នូវ​ការ​សម្លឹង​មើល​ចម្លែកៗ​ពី​សំណាក់​មិត្ត និង​អ្នក​ជិត​ខាង​ដែល​ដើរ​កាត់​ពួកគាត់ ។

ក្នុង​ស្ថានភាព​ដ៏​លំបាក​ទាំងនេះ បងប្រុស​ដ៏​ល្អ​ម្នាក់​នេះ​មាន​គេ​សួរ​ថា គាត់​មាន​អារម្មណ៍​បែប​ណា​ពី​ការ​សម្រេច​ចិត្ត​ចូល​ក្នុង​សាសនាចក្រ ។ ចម្លើយ​ដ៏​សាមញ្ញ​ដោយ​មិន​ងាក​រេ​របស់​គាត់​គឺ « វា​គឺជា​ការ​ពិត មែន​ទេ ? ការ​ជ្រើស​រើស​របស់​យើង​ច្បាស់​លាស់​ណាស់ » ។

អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ពីរ​រូប​នេះ​ពិត​ជា​មាន​ដួងចិត្ត​ដូច​ស្ត្រី​មេម៉ាយ​នោះ​ណាស់ ។ ដូចជា​ស្ត្រី​មេម៉ាយ​នោះ​ដែរ ពួកគាត់ « ថ្វាយ » អ្វីៗ​ដែល​ពួកគាត់​អាច​ធ្វើ​បាន ជា​អ្វីៗ​ដែល​ពួកគាត់​« មាន » ។ ជា​លទ្ធផល​នៃ​ចិត្ត​ជឿ និង​ជំនឿ​អត់​ធ្មត់​របស់​ពួកគាត់​ក្នុង​គ្រា​លំបាក​ទាំងនោះ បន្ទុក​របស់​ពួកគាត់​បាន​ស្រាល​ឡើង ។ ពួកគាត់​បាន​ទទួល​ជំនួយ ហើយ​ហ៊ុមព័ទ្ធ​ដោយ​សមាជិក​សាសនាចក្រ​ដែល​ចាំ​បម្រើ​គាំទ្រ ហើយ​បាន​ពង្រឹង​ដោយ​ផ្ទាល់​តាមរយៈ​ការ​ហៅ​បម្រើ​របស់​ពួកគាត់​ក្នុង​សាសនាចក្រ ។

បន្ទាប់ពី​ថ្វាយ​អ្វី « ទាំងអស់ » ថ្ងៃ​ដ៏​ល្អ​បំផុត​បាន​មក​ដល់ កាល​ពួកគាត់​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​គ្រួសារ​ដ៏​អស់​កល្ប ។ ដូចអ្វី​ដែល​ទ្រង់​បាន​ធ្វើដល់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ក្រោម​ការ​ដឹកនាំ​របស់​អាលម៉ា​ដែរ « ព្រះ​អម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំង​ឡាយ​របស់​គេ​បាន​ដោយ​ងាយ ហើយ​ពួក​គេ​បាន​ធ្វើ​តាម​អស់​ទាំង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដោយ​ការ​រីករាយ និង​ដោយ​ការ​អត់ធន់ » ។ នេះ​គឺ​ជា​ដួងចិត្ត​នៃ​ស្ត្រី​មេម៉ាយ​ដែល​មាន​នៅ​ក្នុង​ស្វាមី​ភរិយា​ដ៏​ល្អ​នេះ ។

ខ្ញុំ​សូម​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​ទៀត​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ដួង​ចិត្ត​នៃ​ស្ត្រី​មេម៉ាយ ។ នៅ​សាម័រ យើង​ធ្វើ​ការ​នឹង​ក្រុម​ប្រឹក្សា​ភូមិ​ដើម្បី​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូល​ទៅ​ប្រកាស​ដំណឹងល្អ ។ ពីរ​បី​ឆ្នាំ​មុន ខ្ញុំបាន​ជួប​សន្ទនា​ជាមួយ​នឹង​ប្រធាន​ភូមិ​ម្នាក់​មក​ពី​ភូមិ​ដែល​បាន​ហាម​មិន​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូល​​យូរ​យា​មក​ហើយ ។ ការ​សន្ទនា​ខ្ញុំ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រធាន​ភូមិ​បាន​បើក​ភូមិ​នោះ​ទទួល​សាសនាចក្រ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​អ្នក​ដែល​ចង់​រៀន​អំពី​ដំណឹងល្អ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ ។

លុះ​ច្រើន​ឆ្នាំ​ក្រោយ​មក ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​នេះ ខ្ញុំ​ក៏​ចង់​​ដឹង​ថា មាន​អ្វី​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ប្រធាន​ភូមិ​នោះ​មាន​ចំណាត់​ការ​បែប​នេះ ។ ខ្ញុំ​សួរ​អំពី​រឿង​នេះ ហើយ​ប្រធាន​ភូមិ​ដែល​ខ្ញុំ​បាន​សន្ទនា​ជាមួយ​នោះ​បាន​តប​ថា « មនុស្ស​អាច​រស់​ក្នុង​ភាព​ងងឹត​តែ​មួយ​គ្រា​ទេ ប៉ុន្តែ​គ្រា​មួយ​នឹង​មក​ដល់ កាល​គាត់​ចង់​ចូល​មក​ក្នុង​ពន្លឺ » ។

នៅ​ក្នុង​ការ​បើក​ភូមិ​នោះ ប្រធាន​ភូមិ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ដួង​ចិត្ត​នៃ​ស្ត្រី​មេម៉ាយ—ជា​ដួង​ចិត្ត​ទន់​ភ្លន់ កាល​ពន្លឺ​កក់​ក្ដៅ​នៃ​សេចក្ដី​ពិត​បាន​បើក​សម្ដែង ។ ថ្នាក់​ដឹកនាំ​រូប​នេះ​បាន​យល់​ព្រម​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ទំនៀមទម្លាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ប្រឈម​នឹង​ការ​ជំទាស់​ជា​ច្រើន ហើយ​ឈរ​រឹង​មាំ​ដើម្បី​ឲ្យ​មនុស្ស​ដទៃ​ទៀត​មាន​ពរជ័យ ។ នេះ​គឺជា​ថ្នាក់​ដឹកនាំ​ម្នាក់​ដែល​មាន​ដួង​ចិត្ត​គិត​ទៅលើ​សុខុមាលភាព និង​សុភមង្គល​នៃ​ប្រជាជន​ខ្លួន ជា​ជាង​ការ​គិត​ទៅ​លើ​ទំនៀមទម្លាប់ វប្បធម៌ និង​អំណាច​ផ្ទាល់​ខ្លួន ។ គាត់​មិន​ខ្វល់​ពី​កង្វល់​ទាំង​នោះ ដោយ​សារ​អ្វី​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​យើង​ថា « កាល​យើង​ធ្វើ​តាម​គំរូ​ព្រះអង្គសង្គ្រោះ នោះ​គំរូ​យើង​នឹង​ក្លាយ​ជា​ពន្លឺ​មួយ​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ » ។

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ចែកចាយ​នឹង​បងប្អូន​នូវ​បទពិសោធន៍​មួយ​ទៀត​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​តំបន់​ប៉ាស៊ីភិច​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ខាង​វិញ្ញាណ​ក្នុង​ព្រលឹង​ខ្ញុំ ។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​គឺជា​ទីប្រឹក្សា​វ័យ​ក្មេង​ម្នាក់​របស់​ប៊ីស្សព​ក្នុង​វួដ​ថ្មី​មួយ​នៅ​សាម័រ​អាមេរិកាំង ។ យើង​មាន​សមាជិក ៩៩ នាក់​ដែល​ជា​អ្នក​ចម្ការ កម្មករ​រោង​ចក្រ​អាហារ​កំប៉ុង មន្ត្រីរាជការ និង​ក្រុម​គ្រួសារ​ពួកគេ ។ នៅ​ឆ្នាំ ១៩៧៧ កាល​គណៈប្រធាន​ទីមួយ​បាន​ប្រកាស​ថា នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​សង់​ឡើង​ក្នុង​ប្រទេស​សាម័រ ពួក​យើង​មាន​អំណរ ហើយ​ដឹង​គុណ​ជា​ខ្លាំង ។ នៅ​សម័យ​នោះ​ដំណើរ​ចេញ​ពី​សាម័រ​អាមេរិកាំង​ទៅ​ព្រះវិហារ​បរិសុទ្ធ​គឺ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ហាវៃ ឬ​នូវែលសេឡង់ ។ វា​គឺជា​ការ​ធ្វើ​ដំណើរ​ដ៏​ថ្លៃ​មួយ​ដែល​ហួស​ពី​សមត្ថភាព​របស់​សមាជិក​ស្មោះ​ត្រង់​ជាច្រើន ។

នៅ​គ្រា​នោះ សមាជិក​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​បរិច្ចាគ​ទៅ​មូលនិធិ​សាងសង់​អគារ​ដើម្បី​ជួយ​ដល់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ស្មារតី​នេះ គណៈប៊ីស្សព​របស់​យើង​បាន​សុំ​ឲ្យ​សមាជិក​វួដ​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ផ្ដល់​បាន​ដោយ​ការ​អធិស្ឋាន ។ កាលបរិច្ឆេទ​បាន​ដាក់​រួច​ជា​ស្រេច​ដើម្បី​ក្រុម​គ្រួសារ​ប្រមូល​ដង្វាយ​របស់​ពួកគេ ។ ក្រោយ​មក កាល​ដង្វាយ​ទាំង​នេះ​បាន​បើក​ជា​ឯកជន គណៈប៊ីស្សព​យើង​មាន​ចិត្ត​រាបសា ហើយ​បាន​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​ជំនឿ និង​ចិត្ត​សប្បុរស​របស់​សមាជិក​ក្នុង​វួដ​យើង ។

ដោយ​ស្គាល់​គ្រួសារ​មួយៗ និង​ស្ថានភាព​ពួកគេ ខ្ញុំ​មាន​ការ​កោត​សរសើរ ការ​គោរព និង​មាន​ចិត្ត​រាបសា​យ៉ាង​ខ្លាំង ។ ទាំង​នេះ​គឺជា​ប្រាក់​របស់​ស្ត្រី​មេម៉ាយ​នា​សម័យ​ទំនើប​ដែល​បាន​ផ្ដល់​ចេញ​ពី​ចិត្ត​មក​ពី​អ្វី​ដែល​ពួកគេ​ « មាន » ជាមួយ​នឹង​អំណរ​ក្នុង​ពរជ័យ​ដែល​បាន​សន្យា​អំពី​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​នៅ​ប្រទេស​សាម័រ ។ ក្រុម​គ្រួសារ​ទាំងនេះ​បាន​ថ្វាយ​អ្វី​ដែល​ពួកគេ​មាន​ចំពោះ​ព្រះអម្ចាស់ ដោយ​ជំនឿ​ជឿ​ថា ពួកគេ​នឹង​ពុំ​ទុក​ចោល​ឲ្យ​ខ្វះខាត​ឡើយ ។ អំណោយ​របស់​ពួកគេ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដួង​ចិត្ត​ស្ត្រី​មេម៉ាយ​ក្នុង​ចិត្ត​ពួកគេ ។ អស់​អ្នក​ដែល​បាន​ផ្ដល់​គឺ​ធ្វើ​ឡើង​ចេញ​ពី​ចិត្ត និង​ដោយ​អំណរ​ដោយសារ​មាន​ដួង​ចិត្ត​របស់​ស្ត្រីមេម៉ាយ​ក្នុង​ចិត្ត ពួកគេ​អាច​មើល​ឃើញ​ដោយ​ភ្នែក​នៃ​ជំនឿ​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​មា​នសម្រាប់​ក្រុម​គ្រួសារ​ពួកគេ និង​មនុស្ស​ទាំងអស់​នៅ​ប្រទេស​សាម័រ និង​សាម័រ​អាមេរិកាំង​សម្រាប់​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត ។ ខ្ញុំ​ដឹង​ថា ដង្វាយ​ដ៏​បរិសុទ្ធ​របស់​ពួកគេ ដែល​ជា​ប្រាក់​ស្ត្រី​មេម៉ាយ​ត្រូវ​បាន​ព្រះអម្ចាស់​ស្គាល់ ហើយ​ទទួល​យក ។

ដួង​ចិត្ត​ស្ត្រី​មេម៉ាយ​ដែល​ថ្វាយ​ប្រាក់​ពីរ​ស្លឹង​គឺជា​ដួង​ចិត្ត​ដែល​នឹង​ថ្វាយ​អ្វីៗ​ទាំង​អស់​ដោយ​ធ្វើ​ការ​លះបង់ ស៊ូទ្រាំ​ការ​លំបាក ការ​បៀត​បៀន និង​ការ​បដិសេធ និង​ដោយ​ការ​ទ្រ​បន្ទុក​គ្រប់​យ៉ាង ។ ដួង​ចិត្ត​ស្ត្រី​មេម៉ាយ​គឺជា​ដួង​ចិត្ត​ដែល​ដឹង ទទួល​អារម្មណ៍ ហើយ​ស្គាល់​ពន្លឺ​នៃ​សេចក្ដី​ពិត​ ហើយ​នឹង​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឱប​ក្រសោប​សេចក្ដី​ពិត​នោះ ។ វា​ក៏​ជួយ​មនុស្ស​ដទៃ​ឲ្យ​ឃើញ​ពន្លឺ​ដូច​គ្នា​នេះ ហើយ​មក​រក​​សុភមង្គល និង​អំណរ​ដ៏​អស់​កល្បដែរ ។ ជា​ចុង​ក្រោយ ដួង​ចិត្ត​ស្ត្រី​មេម៉ាយ​ត្រូវ​បាន​កំណត់​ដោយ​ឆន្ទៈ​ថ្វាយ​អ្វីៗ​ទាំងអស់​ដើម្បី​ស្ថាបនា​នគរ​ព្រះ​នៅ​លើ​ផែនដី ។

ចូរ​យើង​ចូល​រួម​នឹងពួក​បរិសុទ្ធ​ទូទាំង​ពិភពលោក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​មាន​ដួង​ចិត្ត​ស្ត្រី​មេម៉ាយ ដោយ​រីករាយ​យ៉ាង​ពិត​នៅ​ក្នុង​ពរជ័យ​ដែល​នឹង​បំពេញ « សេចក្ដី​ត្រូវ​ការ » ដែល​មាន ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​យើង​ម្នាក់ៗ​ទូល​អង្វរ​ដើម្បី​មាន​ដួង​ចិត្ត​ទ្រ​ទ្រង់​បន្ទុក​យើង ធ្វើ​ពលិកម្ម​ដែល​ចាំបាច់ ហើយ​មាន​ឆន្ទៈ​ធ្វើ ហើយថ្វាយ ។ ខ្ញុំ​សន្យា​ថា ព្រះអម្ចាស់​នឹង​ពុំ​ទុក​បងប្អូន​ចោល​ដោយ​គ្មាន​អ្វីសោះ​នោះ​ទេ ។ ដួង​ចិត្ត​ស្ត្រី​មេម៉ាយ​ត្រូវ​ពោរពេញ​ដោយ​អំណរ​គុណ​ថា ព្រះអង្គសង្គ្រោះ​គឺជា​« មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ » ដើម្បី​យើង​ពុំ​ចាំ​បាច់​ភ្លក់​នូវ « ពែង​ល្វីង » ។ មិន​ថា​យើង​មាន​ភាព​ទន់​ខ្សោយ និង​ការ​បរាជ័យ និង​ដោយ​សារ​តែ​វា​ក្ដីក៏​ទ្រង់​បន្ត​លាត​ព្រះហស្ដ​ទ្រង់​ដែល​មាន​ស្លាក​ស្នាម​ដោយ​សារ​យើង ។ ទ្រង់​នឹង​លើក​យើង​ឡើង បើ​យើង​មាន​ឆន្ទៈ​ចូល​មក​ក្នុង​ពន្លឺ​នៃ​ដំណឹងល្អ​ទ្រង់ ឱប​ក្រសោប​ទ្រង់ ហើយ​ឲ្យ​ទ្រង់​បំពេញ « តម្រូវការ » របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​យើង​អាច​ចែកចាយ​ក្នុង​នាម​ជា​ពួក​សិស្ស និង​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​ប្រធាន​ថូម៉ាស អេស ម៉នសុន ជា​ព្យាការី​នៃ​ព្រះ​នៅ​លើ​ផែនដី ។ ព្រះគម្ពីរមរមន​គឺជា​សក្ខីបទ​មួយ​ទៀត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពិភពលោក ហើយ​ខ្ញុំ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​អាន ហើយ​ស្វែង​យល់​សារលិខិត​ក្នុង​នោះ​ដោយ​ខ្លួន​ឯង ។ អស់​អ្នក​ដែល​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​មក​រក​ទ្រង់​នឹង​រក​ឃើញ​ភាព​សុខសាន្ត ក្ដីស្រឡាញ់ និង​ពន្លឺ ។ ព្រះយេស៊ូវគ្រីស្ទ គឺជា​អង្គ​គំរូ និង ព្រះប្រោសលោះ​យើង ។ មាន​តែ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​អព្ភូតហេតុ​នៃ​ដង្វាយធួន​ដ៏​និរន្ដរបស់​ទ្រង់​ប៉ុណ្ណោះ ទើប​យើង​អាច​មាន​ជីវិត​អស់​កល្ប ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​អំ​ពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។