ឆ្នាំ ២០១០-២០១៩
ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត
ខែ តុលា ២០១៧


ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត

នៅពេល​យើង​សិក្សា​ចេញ​ពី​សៀវភៅ​ល្អៗ​បំផុត នោះ​យើង​ការពារ​ខ្លួន​ទប់ទល់​នឹង​ចង្កូម​ដ៏​កាច​សាហាវ​នៃ​អស់​អ្នក​​ដែល​ព្យាយាម​ស៊ី​បំផ្លាញ​ឫស​គល់​ខាង​វិញ្ញាណ​របស់​យើង ។

ពេលព្រឹក​ព្រលឹម​មួយ ខ្ញុំ​បាន​ឃើញ​ដង្កូវ​មេអំបៅ​ដែល​ឃ្លាន និងពូកែ​លាក់កំបាំង​ខ្លួន​នៅលើ​គុម្ព​ផ្កា​កូលាប ។ ដោយ​មើល​ទង​ខ្ចី​មួយ​ចំនួន​ដែល​គ្មាន​ស្លឹក វា​បង្ហាញ​យ៉ាង​ច្បាស់​សូម្បី​ដល់​អ្នក​មិន​សូវ​សង្កេត​ហ្មត់ចត់​ថា ដង្កូវ​មេអំបៅ​​បាន​ស៊ី​ទងផ្កាកូលាប​នោះ​រហូត​ដល់​ត្រួយដោយ​ប្រើ​ចង្កូមដ៏​កាច​សាហាវ​របស់​វា ។ ដោយការប្រៀបធៀប ខ្ញុំ​ទ្រាំ​ពុំ​គិត​មិន​បាន​ថា មនុស្ស​ដូច​ដង្កូវ​មេអំបៅ​នេះ​មួយចំនួន មាន​នៅ​ទូទាំង​ពិភពលោក ហើយ​ពួកគេ​មួយ​ចំនួន​ពូកែ​លាក់​កំបាំង​ខ្លួន ដែល​យើង​អាច​ឲ្យ​ពួកគេ​ចូល​មក​ក្នុង​ជីវិត​យើង ហើយ​ពីមុន​យើង​ដឹង​រឿង​នោះ នោះ​ពួកវា​បាន​ស៊ី​ឫសគល់​ខាង​វិញ្ញាណ​យើង និង​សមាជិក​គ្រួសារ ព្រមទាំង​មិត្តភក្តិ​របស់​យើង ។

យើង​រស់នៅក្នុង​ជំនាន់​មួយ​ដែលមាន​ព័ត៌មាន​ខុសឆ្គង​យ៉ាង​ច្រើន​អំពី​ជំនឿ​របស់​យើង ។ នៅក្នុង​គ្រាបែប​នេះ បរាជ័យ​ក្នុងការ​បង្ការ និង​ពង្រឹង​ឫស​គល់​ខាង​វិញ្ញាណ​របស់​យើង​គឺ​ជាការអញ្ជើញ​ដល់​អស់​អ្នក​ដែល​ព្យាយាម​បំផ្លាញ​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ និង​លើ​សាសនាចក្រ​ដែលបាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់​ឲ្យ​ស៊ី​បំផ្លាញ​យើង ។ នៅ​ជំនាន់​ក្នុង​ព្រះគម្ពីរ​មរមន ស៊ីអែសរ៉ុម​គឺជាបុគ្គល​ម្នាក់​ដែលព្យាយាម​បំផ្លាញ​សេចក្តីជំនឿ​របស់​ពួក​អ្នក​ជឿ ។

ទង្វើ និង​ពាក្យ​សម្តី​របស់​វា​គឺជា « អន្ទាក់​មួយ​នៃ​មារ​សត្រូវ ដែល​វា … បាន​ដាក់​ដើម្បី​ចាប់​ប្រជាជន [ នេះ ] ប្រយោជន៍​វា​អាច​នាំ [ ពួកគេ ] ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ត្រួតត្រា​របស់​វា ដើម្បី​វា​អាច​ចង​រុំ [ ពួកគេ ] នៅ​ក្នុង​ច្រវាក់​ទាំង​ឡាយ​របស់​វា » (អាលម៉ា ១២:៦) ។ អន្ទាក់​ទាំង​នោះ​នៅ​មាន​ដល់​សព្វ​ថ្ងៃ​នេះ ហើយលើកលែងតែ​យើង​មាន​ការប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ ហើយ​ស្ថាបនា​គ្រឹះ​ដ៏​មាំ​មួយលើ​ព្រះប្រោស​លោះ​របស់​យើង ( សូមមើល ហេលេមិន ៥:១២បើ​មិន​ដូច្នោះ​ទេ យើង​អាច​ឃើញ​ថា ខ្លួន​យើង​ត្រូវបាន​ចង​ដោយ​ច្រវ៉ាក់​របស់​សាតាំង ហើយ​ត្រូវបាន​ដឹកនាំ​ទៅ​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ផ្លូវ​ដែល​ហាមឃាត់​ ដូច​បាន​ថ្លែង​នៅក្នុង​ព្រះគម្ពីរមរមន ( សូមមើល នីហ្វៃទី ១ ៨:២៨) ។

សាវក​ប៉ុល​បាន​ថ្លែង​ការព្រមាន​នៅ​ជំនាន់​លោក​ដែល​វា​ក៏​អនុវត្ត​ចំពោះ​ជំនាន់​យើង​ដែរ​ថា ៖ « ដ្បិត​ខ្ញុំ​ដឹង​ថា … ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​នឹង​កើត​មាន​មនុស្ស​ដែល​នឹង​អធិប្បាយ​សេចក្តី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ » (កិច្ចការ ២០:២៩–៣០) ។

ការព្រមាន​របស់​លោក និង​ពួក​ព្យាការី ព្រមទាំង​ពួក​សាវក​យើង​រំឭក​យើង​ថា យើង​ត្រូវ​តែធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​ខ្លួន​យើង​ខាង​វិញ្ញាណ​ទប់ទល់​នឹង​ពាក្យ​សម្តី​នៃ​ការប្រឆាំង និងការ​បោក​បញ្ឆោត​ទាំង​នោះ ។ កាល​ខ្ញុំ​បាន​ទៅ​លេងវួដ និង​ស្តេក​របស់​សាសនាចក្រ ខ្ញុំ​ត្រូវបាន​លើកស្ទួយ​ដោយ​សារ​អ្វី​ដែល​ខ្ញុំ​ឃើញ ឮ និង​ទទួល​អារម្មណ៍​ពេល​ពួកបរិសុទ្ធឆ្លើយ​តបប្រកប​ដោយ​វិជ្ជមាន និង​ស្មោះត្រង់​ចំពោះ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​អ្នក​បម្រើ​ទ្រង់ ។

ការរីកចម្រើននៃ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​គំរូ​មួយនៃ​​ការពង្រឹង​ខ្លួន​ពួកគេ​ខាង​វិញ្ញាណ​របស់​សមាជិក​ ដោយ​ការស្តាប់​តាម​ការអញ្ជើញ​របស់​ព្យាការី ។ ការពង្រឹង​បន្ថែម​ទៀតគឺ​ការឃើញ​ថា មាន​ការកើន​ឡើន​នូវ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ជា​ក្រុមគ្រួសារ ពេល​ពួកគេ​ប្រមូលផ្តុំ​ជីដូនជីតា​ពួកគេ​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ឫសគល់​ខាង​វិញ្ញាណ​របស់​យើង​កាន់តែ​រឹងមាំ ពេល​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​​ដោយ​ស្មោះសរ​ក្លាយ​ជាបន្ទាយ​ការពារ​នៃ​ជំនឿ​របស់​យើង ហើយ​ពេល​យើង​ប្រែចិត្ត​រៀងរាល់​ថ្ងៃ ស្វែងរក​ភាព​ជាដៃគូ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​បុគ្គលិក​លក្ខណៈ​ទ្រង់ ហើយ​ព្យាយាម​ប្រែក្លាយ​ដូច​ទ្រង់ ( សូមមើល នីហ្វៃទី ៣ ២៧:២៧) ។

ព្រះអង្គ​សង្គ្រោះ​យើងព្រះយេស៊ូវគ្រីស្ទ​គឺ​ជាពន្លឺ​នៃ​ពិភព​លោក ហើយ​ទ្រង់​ហៅ​យើង​ឲ្យ​ដើរ​តាម​ទ្រង់ ។ យើង​ត្រូវតែ​រំពឹងលើ​ទ្រង់​គ្រប់​ពេលវេលា ហើយ​ជាពិសេសពេល​មាន​គ្រា​ដ៏​លំបាក ពេល​ព្យុះ​កំណាច​នៃ​ការសង្ស័យ និង​ភាពពុំប្រាកដប្រជា ដូច​ជា​អ័ព្ទក្រាស់​កើត​មាន​ឡើង​ជាដើម ។ ប្រសិនបើ​ចង្អុល​ដៃ​មក​ពី « ត្រើយ​ម្ខាង​ទន្លេ​ [ ដែល ] មាន​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ [ ចង្អុល​ឡើង ] (នីហ្វៃទី ១ ៨:២៦) បង្ហាញ​ជា​ការដឹកនាំ​អ្នក​នៅក្នុងឥរិយាបថ​ចំអកឡកឡឺយ បន្ទាបតម្លៃ និងបក់ដៃ​ហៅ​អ្នក ខ្ញុំ​សូម​ឲ្យ​អ្នក​ងាក​ចេញ​ភ្លាម ដើម្បី​កុំ​ឲ្យ​អ្នកត្រូវបាន​បញ្ចុះបញ្ចូល​ដោយ​ឧបាយកលប៉ិនប្រសប់ និងវៀចវេ ដើម្បី​បំបែក​អ្នក​ចេញ​ពី​សេចក្តីពិត និង​ពរជ័យ​មក​ពី​សេចក្តីពិត ។

ប៉ុន្តែ​ចំណុច​នេះ​តែ​ឯង​ពុំ​គ្រប់​គ្រាន់​ឡើយ​នៅក្នុង​ជំនាន់នេះ ខណៈដែល​រឿង​ផ្ទុយ​ជា​ច្រើន​ត្រូវបាន​និយាយ សរសេរ និង​បង្ហាញ ។ អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន​យើង​ថា « លុះត្រា​តែ​យើង​ចុះ​ប្រឡូក​ទាំងស្រុង​នៅក្នុង​ការរស់នៅ​តាម​ដំណឹង​ល្អ—គឺរស់នៅ​តាម​ដំណឹង​ល្អ​ដោយអស់​ពី ‹ ចិត្ត ពលំ គំនិត និង​កម្លាំង ›—បើ​ពុំ​នោះ​សោត​ទេ អ្នក​ពុំ​អាច​បង្កើត​ពន្លឺ​ខាង​វិញ្ញាណ​គ្រប់គ្រាន់ ដើម្បី​រុញ​ច្រាន​ភាពអន្ធកាលនោះ​ចេញ​បាន​ឡើយ » ( «Out of Darkness into His Marvelous Light» Liahona ខែ កក្កដា ឆ្នាំ ២០០២ ទំព័រ ៧៨ ) ។ ប្រាកដ​ណាស់ បំណង​ប្រាថ្នា​យើង​ក្នុងការ​ធ្វើតាម​ព្រះគ្រីស្ទ ដែល​ជា​ពន្លឺ​លោកិយ ( សូមមើល យ៉ូហាន ៨:១២) គឺ​មាន​ន័យ​ថា យើង​ត្រូវ​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ ។ យើង​ត្រូវបាន​ពង្រឹង ធ្វើឲ្យ​រឹងប៉ឹង និង​ការពារ​ខាង​វិញ្ញាណ ពេល​យើង​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះ ។

ដរាប​ណា​ពន្លឺ​នោះ​កាន់តែភ្លឺ​ខ្លាំង​ឡើង​ក្នុង​ជីវិត​យើង ដរាប​នោះការសង្ស័យ​នឹង​មាន​កាន់តែ​តិច។ ប៉ុន្តែ​ទោះបីមាន​​ពន្លឺដ៏ភ្លឺ​ចិញ្ចែងចិញ្ចាចហ៊ុមព័ទ្ធក្តី គង់តែយើងនៅ​តែ​ជួប​មនុស្ស និង​ពាក្យ​សម្តី​ដែល​បង្ហាញ​ភាពខុសឆ្គង​អំពី​ជំនឿ​យើង ហើយ​សាកល្បង​ជំនឿ​យើង​ដែរ ។ សាវក​យ៉ាកុប​បាន​កត់ត្រា​ថា « ការ​ល្បង​លមើល​សេចក្តី​ជំនឿ [ របស់​យើង ] នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន » (យ៉ាកុប ១:៣) ។ ជាមួយ​នឹង​ការយល់​ដឹង​នេះ អែលឌើរ អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « ពួកសិស្ស​ដែលអត់​ធ្មត់ … នឹង​ពុំ​ភ្ញាក់ផ្អើល ហើយ​ក៏​ពុំត្រូវបាន​បំផ្លាញ​ឡើយ ពេល​សាសនាចក្រ​ត្រូវបានបង្ហាញថា​ខុសឆ្គង​នោះ ( «Patienceការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ] គេហទំព័រ speeches.byu.edu ) ។

សំណួរ​អំពី​ប្រវត្តិ​សាសនាចក្រ និង​ជំនឿ​របស់​យើងពិត​ជា​កើត​មាន​ឡើង ។ វា​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​សម្រាប់​យើង​ក្នុងការ​ស្វែងរក​ចម្លើយ​ត្រឹមត្រូវ ។ ការរុករក​ទស្សន និង​គំនិត​ពី​ពួកអ្នក​ដែល​មានតំរិះ​តិចតួច ឬ​ពួកអ្នកដែល​វង្វេង​ចេញ​ពីសាសនាចក្រ​នឹងពុំ​ទទួល​បាន​អ្វី​សោះ​ឡើយ ។ ការទូន្មាន​ដ៏​ល្អ​បំផុត​ដែ​ល​សាវក​យ៉ាកុបផ្តល់​ឲ្យ​នោះ​គឺ ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » (យ៉ាកុប ១:៥) ។

ការទូលសូម​ពី​ព្រះ​គឺ​ត្រូវបាន​ដឹកនាំ​ដោយ​ការសិក្សា​ដោយ​យក​ចិត្ត​ទុកដាក់ ដ្បិត​យើង​នៅ​ក្រោ​ម​ការបង្គាប់​ក្នុង​ព្រះគម្ពីរ​ឲ្យ​ស្វែងរក « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ហើយ​ចូរ​ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » (គ. និង ស. ៨៨:១១៨) ។ មាន​សៀវភៅអស្ចារ្យ​​បែប​នេះ​ច្រើន​សន្ធឹក​ ដែល​បាន​សរសេរ​ឡើង​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ទទួល​ការបំផុស​គំនិត​ពី​ស្ថានសួគ៌ ហើយ​ដែលត្រូវ​បាន​ទទួលស្គាល់ មាន​សុវត្ថិភាព និង​ប្រវត្តិសាសនាចក្រដែលអាចទុកចិត្តបាន ព្រមទាំងអ្នក​ប្រាជ្ញាវិទូ​ខាងគោលលទ្ធិ ។ ជាមួយ​នឹង​ប្រសាសន៍​នោះ គ្មាន​សៀវភៅ​ណា​មួយ​អស្ចារ្យ​ហួស​ពី​ព្រះបន្ទូល​នៃ​ព្រះ​ដែលបាន​​បើក​បង្ហាញ​នៅក្នុង​ព្រះគម្ពីរ​ដែល​បាន​ទទួលសិទ្ធិ​ជាផ្លូវការ​នោះ​ទេ ។ ​ចេញ​ពី​គម្ពីរ​ស្តើងដែល​មាន​ការយល់ដឹង​ខាង​វិញ្ញាណ​ដ៏ខ្លាំងក្លា​នោះ យើង​រៀន​សេចក្តីពិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​ពន្លឺ​កើន​ឡើង ។

ប្រធាន ថូម៉ាស់ អេស ម៉នសុន បាន​អង្វរករ​យើង​ឲ្យ « សិក្សា និង​អធិស្ឋាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន » ( «The Power of the Book of Mormon»Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៧ ) ។

ជាច្រើនឆ្នាំ​កន្លង​ទៅ កាល​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម ហ្វីជី ស៊ូវ៉ា អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​​មាន​បទពិសោធន៍​មួយ​ដែល​បាន​ពង្រឹង​ពួកគេ​អំពី​អំណាច​នៃ​ការប្រែចិត្ត​ជឿ​របស់​ព្រះគម្ពីរ​មរមន ។ នៅ​ថ្ងៃ​ដ៏​មាន​អាកាស​ធាតុ​ក្តៅ និង​មាន​សំណើម មាន​អែលឌើរ​ពីរ​នាក់​មក​ដល់​ផ្ទះ​មួយ​នៅក្នុង​ទីប្រជុំជន​តូច​មួយ​នៅឡាបាសា ។

បុរស​ចំណាស់​ម្នាក់​បាន​បើក​ទ្វារ​ផ្ទះ ពេល​ពួកគេ​បាន​គោះទ្វារ ហើយ​គាត់​បាន​ស្តាប់ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​នៃ​ព្រះគម្ពីរ​មរមន ។ ពួកគេ​បាន​ជូន​ព្រះគម្ពីរ​នោះ​មួយ​ក្បាល​ឲ្យ​គាត់ ហើយ​អញ្ជើញ​គាត់​ឲ្យ​អាន និង​អធិស្ឋានឲ្យ​ដឹង​ដូចជា​ពួកគេ​បាន​ដឹង​ដែរ ថា​ព្រះគម្ពីរ​នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ ។ គាត់​ឆ្លើយ​យ៉ាង​ខ្លី​ថា ៖ « ថ្ងៃ​ស្អែក​ខ្ញុំ​ត្រឡប់​ទៅ​នេសាទ​ត្រី​វិញ​ហើយ ។ ខ្ញុំ​នឹង​អាន​វា​អំឡុងពេល​ខ្ញុំ​នៅ​សមុទ្រ ហើយ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ អ្នក​អាច​មក​ជួប​ខ្ញុំ​ម្តង​ទៀត » ។

អំឡុងពេលគាត់​មិន​នៅ ការប្តូរតំបន់​បាន​ធ្វើ​ឡើង ហើយ​ពីរបី​សប្តាហ៍​ក្រោយ​​មក ដៃគូ​ថ្មី​របស់​អែលឌើរ​នោះ​បាន​ត្រឡប់​មក​ជួប​អ្នក​នេសាទ​ត្រី​នោះ​វិញ ។ ប៉ុន្តែ​លើក​នេះ គាត់​បាន​អាន​ព្រះគម្ពីរ​មរមន​ចប់ គាត់​បាន​ទទួល​ការបញ្ជាក់​អំពី​សេចក្តីពិត​នៃ​គម្ពីរ​នេះ ហើយ​អន្ទះសារ​ចង់​រៀន​បន្ថែម​ទៀត ។

បុរស​ម្នាក់នេះ​បាន​ប្រែចិត្ត​ជឿ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ជា​សាក្សី​អំពី​សេចក្តីពិត​នៃ​ព្រះបន្ទូល​ដ៏​មាន​តម្លៃ​នៅ​ក្នុង​គ្រប់​ទំព័រ​អំពី​ព្រឹត្តិការណ៍​ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​យូរយារ​ណាស់​មកហើយ និង​ត្រូវបាន​រក្សា​ទុក​សម្រាប់​ជំនាន់​យើង​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ពរជ័យ​ដូចគ្នា​នោះ​ក៏​មាន​សម្រាប់​ពួក​យើង​ម្នាក់ៗ​ផងដែរ ។

គេហដ្ឋាន​គឺ​ជា​កន្លែងដ៏​ល្អបំផុត​សម្រាប់ក្រុមគ្រួសារសិក្សា និង​ចែកចាយ​ការយល់ដឹង​ដ៏​មាន​តម្លៃពីព្រះ​គម្ពីរ និង​ពាក្យសម្ដី​របស់​ពួកព្យាការី​ និង​ប្រើប្រាស់​សម្ភារ​នានា​របស់​សាសនាចក្រ​នៅគេហទំព័រ LDS.org ។ នៅក្នុងគេហទំព័រនោះ​អ្នក​នឹង​រកឃើញ​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹក​អំពី​ប្រធានបទ​ដំណឹង​ល្អ​ដូចជា ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង ។ នៅពេល​យើង​សិក្សា​ចេញ​ពី​សៀវភៅ​ល្អៗ​បំផុត នោះ​យើង​ការពារ​ខ្លួន​ទប់ទល់​នឹង​ចង្កូម​ដ៏​កាច​សាហាវ​នៃ​អស់​អ្នក​​ដែល​ព្យាយាម​ស៊ី​បំផ្លាញ​ឫស​គល់​ខាង​វិញ្ញាណ​របស់​យើង ។

នៅតែ​មាន​សំណួរ​មួយ​ចំនួន​ដែល​ពុំ​ទាន់​ទទួល​ចម្លើយ​នៅ​ឡើយ ទោះបី​ជា​យើង​អធិស្ឋាន សិក្សា និង​ពិចារណា​យ៉ាងអស់ពីសមត្ថភាពរបស់យើង​ក្តី ប៉ុន្តែ​យើង​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​សំណួរ​ទាំង​នោះ​បំផ្លាញ​អណ្តាត​ភ្លើង​នៃ​សេចក្តីជំនឿ​ដែល​លូតលាស់​នៅក្នុង​ខ្លួន​យើង ។ សំណួរ​បែប​នេះ​គឺ​ជា​ការអញ្ជើញ​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​យើង ហើយ​ពុំ​គួរ​ជា​ចន្លុះ​ដើម្បី​ចម្លងយើងពីមួយគ្រាទៅ​មួយគ្រា ដោយមាន​មន្ទិល​សង្ស័យ​ឡើយ ។ ការគ្មាន​ចម្លើយ​ជាក់លាក់​ចំពោះ​គ្រប់​សំណួរ​ដែល​មាន​គឺ​ជា​ភាព​ចាំបាច់​នៃ​សាសនា ដ្បិត​នេះ​គឺ​ជា​គោលបំណង​មួយ​នៃ​សេចក្តីជំនឿ ។ ទាក់ទង​នឹង​រឿង​នេះ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​យើង​ថា ៖ « ពេល​គ្រាទាំង​នោះ​មក​ដល់ ហើយ​បញ្ហា​នានា​បង្ហាញ​ជា​រូបរាង​ឡើង នោះ​ដំណោះ​ស្រាយ​មិន​បាន​កើត​ឡើង​ភ្លាមៗ​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ​រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់» (« Lord, I Believe» Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។

យើង​ឃើញ​អំណរ​នៃ​មនុស្ស​ជាច្រើន​ដែល​នៅ​ជុំវិញ​យើង​ដែល​ឈរ​យ៉ាង​រឹងប៉ឹង តាមរយៈ​ការបន្ត​បីបាច់​ឫស​គល់​ខាង​វិញ្ញាណ​របស់​ពួកគេ ។ សេចក្តីជំនឿ និង​ការគោរពប្រតិបត្តិ​របស់​ពួកគេ​គឺ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សេចក្តីសង្ឃឹម​ដ៏​អស្ចារ្យ​ដល់​ពួកគេ​លើ​ព្រះអង្គសង្គ្រោះ ហើយ​ចេញ​ពី​ការណ៍​នោះ​នាំ​ឲ្យ​មាន​សុភមង្គល​ដ៏​មហិមា ។ ពួកគេ​ពុំ​ដឹង​រឿង​គ្រប់​យ៉ាង​បានល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​បង់​ថ្លៃ​ក្នុងការ​ដឹង​គ្រប់គ្រាន់​ល្មម​ដើម្បី​មាន​ភាពសុខសាន្ត និង​រស់នៅ​ដោយ​អត់​ធ្មត់​ពេល​ពួកគេ​ស្វែងរក​ចង់​ដឹង​បន្ថែម​ទៀត ។ មួយ​បន្ទាត់​ម្តងៗ នោះ​សេចក្តីជំនឿ​របស់​ពួកគេ​ផ្តោត​ទៅលើ​ព្រះគ្រីស្ទ ហើយ​ពួកគេ​ឈរ​យ៉ាង​រឹងមាំ​ក្នុង​នាម​ជា​ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ ។

សូម​ឲ្យ​យើង​ម្នាក់ៗ​រស់​នៅ​ក្នុង​របៀប​មួយ ដើម្បី​កុំ​ឲ្យ​ចង្កូម​ដ៏​កាច​សាហាវ​របស់​ដង្កូវ​មេអំបៅ​ដែល​លាក់​កំបាំង​ខ្លួន​មាន​កន្លែង​ជ្រក​កោន​ក្នុងពេល​នេះ និង​រហូត​តទៅ នៅក្នុង​ជីវិត​យើង ដើម្បី​យើង​នឹង​បន្ត « មាន​ចិត្ត​រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ គឺ​រហូត​ដល់​ចុង​បំផុត » (អាលម៉ា ២៧:២៧ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។