ឆ្នាំ ២០១០-២០១៩
តាមរយៈ​ការតាក់តែង​ដ៏​ទេវភាព
ខែ តុលា ២០១៧


តាមរយៈ​ការតាក់តែង​ដ៏​ទេវភាព

ព្រះហស្ត​របស់​ព្រះអម្ចាស់​កំពុង​ដឹកនាំ​បងប្អូន ។ តាមរយៈ « ការតាក់តែង​ដ៏​ទេវភាព » ព្រះចេស្ដា​ទ្រង់​មាន​ក្នុង​រាល់​ទិដ្ឋភាព​នៃ​ជីវិត​បងប្អូន ក៏​ដូចជា​ក្នុង​ហេតុការណ៍​សំខាន់ៗ​ដែរ ។

បងប្អូន​ប្រុសស្រី ដោយសារ​ខ្ញុំ​ឈរ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ទូទៅ​ទូទាំង​ពិភពលោក​ដ៏​បំផុសគំនិត​នេះ ហើយ​ទទួល​អារម្មណ៍​នៃ​ភាពរឹងមាំ និង​ស្មារតី​របស់​បងប្អូន ខ្ញុំ​ត្រូវតែ​គិត​អំពី​ប្រសាសន៍​របស់​សាវក​ពេត្រុស​ថា « [ ព្រះអម្ចាស់​អើយ ] ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ » ។

នោះ​ពុំ​មែន​ជា​អ្វី​ដែល​អាលម៉ា​មាន​ប្រសាសន៍ បន្ទាប់​ពី​លោក​បាន​ប្រកាស​ដំណឹងល្អ​ដល់​ប្រជាជន​អាំម៉ូណៃហា​ទេ ។ អាលម៉ា​បាន​ចេញ​ពី​ទីក្រុង​នោះ​ដោយសារតែ​ភាពទុច្ចរិត​របស់​ប្រជាជន ។ មិន​យូរ​ប៉ុន្មាន ទេវតា​មួយ​អង្គ​បាន​យាង​មក​ជួប​អាលម៉ា ហើយ​ត្រាស់បង្គាប់​លោក​ឲ្យ « ត្រឡប់​ទៅ​ឯ​ទី​ក្រុង​អាំម៉ូណៃហា​វិញ ហើយ​ចូរ​ផ្សាយ​ប្រាប់​ប្រជាជន​នៅ​ក្នុង​ក្រុង​នោះ​ទៀត​ចុះ » ។

អាលម៉ា​បាន​ត្រឡប់​ទៅ « យ៉ាង​រួសរាន់ » ដោយ​ចូល​ទៅ​ក្នុង « ទី​ក្រុង​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត » ។

« ហើយ​នៅ​ពេល​ដែល​លោក​ចូល​ទៅ​ក្នុង​ទី​ក្រុង លោក​កំពុងតែ​ឃ្លាន​អាហារ ហើយ​លោក​ពោល​ទៅ​កាន់​បុរស​ម្នាក់​ថា ៖ សូម​លោក​ប្រទាន​អាហារ​ដល់​អ្នក​បម្រើ​ដ៏​រាបទាប​នៃ​ព្រះ​ផង​ចុះ?

« ហើយ​បុរស​នោះ​តប​មក​លោ​ក​ថា ៖ ខ្ញុំ​ជា​សាសន៍​នីហ្វៃ ហើយ​ខ្ញុំ​ដឹង​ថា លោក​ជា​ព្យាការី​ដ៏​បរិសុទ្ធ​មួយ​រូប​នៃ​ព្រះ ព្រោះ​លោក​ជា​បុរស​ដែល​ទេវតា​មួយ​បាន​ប្រាប់​ខ្ញុំ​នៅ​ក្នុង​ការ​និមិត្ត​ថា ៖ អ្នក​ត្រូវ​ទទួល​អ្នក​នោះ » ។

បុរស​នោះ​ឈ្មោះ​អាមូលេក ។

ឥឡូវ​នេះ តើ​អាលម៉ា​បាន​ជួប​អាមូលេក​ដោយ​ចៃដន្យ​ឬ ? ទេ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោក​បាន​ចូល​ទៅ​ក្នុង​ទីក្រុង តាម​ផ្លូវ​ដែល​នាំ​លោក​ទៅ​កាន់​បុរស​ស្មោះត្រង់​រូប​នេះ ដែល​នឹង​ក្លាយ​ជា​ដៃគូ​ផ្សព្វផ្សាយសាសនា​របស់​លោក ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ពន្យល់​ថា « គ្មាន​យើង​ណា​ម្នាក់​ធ្លាប់​ប្រើប្រាស់​ឱកាស​ដ៏​មាន​សក្ដានុពល​ដែល​បាន​ប្រទាន​ដល់​យើង​នេះ​ឲ្យ​បាន​ពេញលេញ​ទេ ។ បងប្អូន និង​ខ្ញុំ​អាច​ហៅ​ចំណុច​ប្រសព្វ​នេះ​ថា ‹ ភាពចៃដន្យ › ។ ពាក្យ​នេះ​អាច​យល់​បាន​សម្រាប់​ការប្រើប្រាស់​ខាង​សាច់ឈាម ប៉ុន្តែ ភាពចៃដន្យ មិន​មែន​ជា​ពាក្យ​សមរម្យ​ដើម្បី​ពិពណ៌នា​អំពី​កិច្ចការ​នៃ​ព្រះ​សព្វញ្ញុតញ្ញាណ​ឡើយ ។ ទ្រង់​មិន​ធ្វើ​កិច្ចការ​ទាំងឡាយ​ដោយ ‹ ភាពចៃដន្យ › ទេ ប៉ុន្តែ … ដោយ ‹ ការតាក់តែង​ដ៏​ទេវភាព​វិញ › » ។

ជីវិត​របស់​យើង​ប្រៀប​ដូច​ក្ដារ​អុក ហើយ​ព្រះអម្ចាស់​រុញ​យើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ—បើ​យើង​អើពើ​ទៅ​នឹង​ការបំផុសគំនិត​ខាង​វិញ្ញាណ ។ ពេល​យើង​មើល​ទៅ​អតីតកាល យើង​អាច​ឃើញ​ព្រះហស្ត​ទ្រង់​ក្នុង​ជីវិត​យើង ។

យើង​អាច​ឃើញ​អន្តរាគមន៍​សួគ៌ា​នៅ​ពេល​នីហ្វៃ​ត្រឡប់​ទៅ​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់​វិញ ។ លោក « ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ [ ថា​តើ​លោក ] នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ » ។ ភ្លាម​នោះ ឡាបាន់ បាន​ស្រវឹង​ជោគ​ដួល​សន្លប់​នៅ​មុខ​លោក ហើយ​នីហ្វៃ​បាន​ផ្ដាច់​ជីវិត​គាត់ យក​ផ្ទាំង​លង្ហិន ហើយ​ត្រឡប់​ទៅ​ជួប​បងៗ​របស់​លោក​វិញ ។ តើ​នោះ​ជា​ភាពចៃដន្យ​ដ៏​មាន​ភ័ព្វ​ដែល​លោក​បាន​ជួប​ឡាបាន់​ឬ ? ឬ​ក៏​តាមរយៈ « ការតាក់តែង​ដ៏​ទេវភាព » ?

ព្រឹត្តិការណ៍​សំខាន់ៗ​កើតឡើង​ក្នុង​ដំណឹងល្អ និង ក្នុង​សាសនាចក្រ ធ្វើ​ឲ្យ​នគរ​ព្រះ​លើ​ផែនដី​ចម្រើន​ទៅ​មុខ ។ វា​មិន​មែន​ដោយ​ចៃដន្យ​ទេ ប៉ុន្តែ​តាម​ផែនការ​របស់​ព្រះ ។ ទ្រង់​ដែល​បាន​បង្កើត​ពិភពលោក​នេះ អាច​ធ្វើ​ឲ្យ​សមុទ្រ​ស្ងប់​ដោយ​ព្រះបន្ទូល​ទ្រង់ ហើយ​អាច​ដឹកនាំ​អាលម៉ា អាមូលេក នីហ្វៃ និង ឡាបាន់ ទៅ​កន្លែង និង តាម​ពេល​វេលា​ត្រឹមត្រូវ ។

ដូចគ្នានេះដែរ ព្រឹត្តិការណ៍ និង​ការប្រាស្រ័យ​នានា​កើតឡើង​ក្នុង​ជីវិត​យើង​ម្នាក់ៗ ធ្វើ​ឲ្យ​នគរ​ព្រះ​លើ​ផែនដី​ចម្រើន​ទៅ​មុខ ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ជាទីស្រឡាញ់​មាន​ប្រសាសន៍​អំពី​គ្រា​មួយ​ដែល​ប្រធាន​ ថូម៉ាស់ អេស ម៉នសុន មាន​ប្រសាសន៍​ទៅ​លោក​ថា « មាន​ព្រះហស្ត​ដឹកនាំ​មួយ​លើស​ជាង​អ្វីទាំង​អស់ ។ ជា​ញឹកញាប់ កាល​ហេតុការណ៍​នានា​កើត​ឡើង វា​មិន​មែន​ដោយ​ចៃដន្យ​ទេ ។ ថ្ងៃ​មួយ ពេល​យើង​មើល​ទៅ​ព្រឹត្តិការណ៍​ដែល​ហាក់ដូចជា​ចៃដន្យ​ក្នុង​ជីវិត​យើង យើង​នឹង​ទទួលស្គាល់​ថា ព្រឹត្តិការណ៍​ទាំងនោះ​មិន​ដូចជា​ចៃដន្យ​ទៀត​ឡើយ » ។

ជា​ញឹកញាប់ អំពើ​ល្អ​របស់​យើង​មិន​សូវ​មាន​គេ​មើល​ឃើញ​នោះ​ទេ ។ ទោះជាយ៉ាងណាក្ដី អំពើ​ទាំងនោះ​ត្រូវបាន​កត់ត្រា​នៅ​ស្ថានសួគ៌ ។ ថ្ងៃ​មួយ យើង​នឹង​ឈរ​ជា​សាក្សី អំពី​ការលះបង់​អស់​ពី​ព្រលឹង​យើង​ទៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសុចរិត ។ គ្មាន​ការសាកល្បង និង ការភិតភ័យ​ណា​អាច​បញ្ឈប់​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​បាន​ឡើយ ។ ប្រាកដណាស់ តាមរយៈ « ការតាក់តែង​ដ៏​ទេវភាព នោះ​ព្រឹក​ឡើង​គង់​នឹង​មាន​សេចក្តីអំណរ​ឡើង​ដែរ » ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « យើង​បាន​មក​ឯ​លោកិយ​នេះ ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា » ។ បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ យើង​ក៏​ត្រូវ​ធ្វើតាម​ព្រះហឫទ័យ​ព្រះវរបិតា​ដែរ ។

ឆ្លងកាត់​បទពិសោធន៍​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​នឹង​រុញ​យើង​នៅ​លើ​ក្ដារ​អុក​ដើម្បី​ធ្វើ​កិច្ចការ​ទ្រង់ ។ តាមពិតទៅ ហេតុការណ៍​ដែល​ទំនង​ជា​រឿង​ចៃដន្យ ត្រូវបាន​ទត​ឃើញ​ជា​មុន​ដោយ​ព្រះវរបិតា ដែល​អាច​រាប់​អស់​ទាំង​សសៃសក់​របស់​បងប្អូន​ម្នាក់ៗ​បាន ។១០ ទោះជា​សត្វចាប​មួយ​ធ្លាក់​ទៅ​លើ​ដី ក៏​ព្រះវរបិតា​ទ្រង់​ជ្រាប​ដែរ ។១១ ព្រះចេស្ដា​របស់​ព្រះអម្ចាស់​មាន​ក្នុង​រាល់​ទិដ្ឋភាព​នៃ​ជីវិត​យើង ហេតុការណ៍​មិន​បាន​ព្រៀង​ទុក និង ឱកាស​នានា ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ស្អាង​គ្រួសារ​យើង និង មនុស្សដទៃ ពេល​យើង​ស្ថាបនា​នគរ​ព្រះ​លើ​ផែនដី ។ ចូរ​ចងចាំ​ពេល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​អ័ប្រាហាំ​ថា « យើង​ដឹង​ពី​ដើមដំបូង​មក​ចុង​បំផុត ហេតុដូច្នេះហើយ ព្រះហស្ត​យើង​នឹង​នៅ​លើ​អ្នក » ។១២

ព្រះអម្ចាស់​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្ដាយ​ជា​ទីស្រឡាញ់ ។ ក្នុង​បទដ្ឋាន​លោកិយ លោក​ទាំង​ពីរ​គ្រាន់តែ​ជា​មនុស្ស​សាមញ្ញធម្មតា ឪពុក​របស់​ខ្ញុំ​ជា​អ្នក​បើក​ឡាន​ដឹក​ទំនិញ​ដ៏ស្មោះស្ម័គ្រ ម្ដាយ​ខ្ញុំ​ជា​ស្ត្រី​មេផ្ទះ ។ ព្រះអម្ចាស់​បាន​ជួយ​ខ្ញុំ​មាន​ភរិយា​ជា​ទីស្រឡាញ់ មេឡានី ទ្រង់​បាន​បំផុសគំនិត​សហគ្រិន​ម្នាក់​ដែល​ក្លាយ​ជា​មិត្ត​ខ្ញុំ ឲ្យ​ផ្ដល់​ការងារ​មួយ​ឲ្យ​ខ្ញុំ​ធ្វើ ។ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​បេសកកម្ម ទាំង​កាល​នៅ​ក្មេង និង​ជា​ប្រធាន​បេសកកម្ម​ពេល​ចាស់​ឡើង ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​ក្នុង​កូរ៉ុម​ពួក​ចិតសិប​នាក់ ហើយ​ឥឡូវនេះ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​ជា​សាវក ។ ពេល​មើល​ត្រឡប់​ក្រោយ​វិញ ខ្ញុំ​ទទួលស្គាល់​ថា ខ្ញុំ​មិន​បាន​គ្រោង​ធ្វើ​កិច្ចការ​ទាំងនោះ​ទេ ប៉ុន្តែ​ព្រះអម្ចាស់​ជា​អ្នក​គ្រោង គឺ​ដូច​ជា​ទ្រង់​កំពុង​តែ​គ្រោង​កិច្ចការ​សំខាន់ៗ​សម្រាប់​ជីវិត​បងប្អូន និង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​ដែរ ។

តើ​បងប្អូន​គួរតែ​ស្វែងរក​អ្វី​ក្នុង​ជីវិត​បងប្អូន​ផ្ទាល់ ? តើ​អព្ភូតហេតុ​អ្វី​ខ្លះ​របស់​ព្រះ ដែល​រំឭក​បងប្អូន​ថា ទ្រង់​គង់​នៅ​ក្បែរ​មាន​បន្ទូល​ថា « យើង​នៅ​ទីនេះ​ហើយ » ? សូម​គិត​អំពី​គ្រា​ទាំងនោះ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សកម្មភាព​ក្នុង​ជីវិត​បងប្អូន—ម្ដង​ហើយ​ម្ដង​ទៀត ។ ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គ្រា​ទាំងនោះ ថា​ជា​គ្រា​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ការទុកព្រះទ័យ​លើ​បងប្អូន និង​លើ​ជម្រើស​របស់​បងប្អូន ។ ប៉ុន្តែ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​បងប្អូន​អាច​ដើរតាម​ទ្រង់​កាន់តែ​ប្រសើរ ជាង​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ទៅ​ទៀត ។ សូម​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការរួមចំណែក​របស់​ទ្រង់ ។ ជួនកាល យើង​ចាត់ទុក​ការផ្លាស់ប្ដូរ​ក្នុង​ផែនការ​របស់​យើង ថា​ជា​កំហុស​មួយ​ក្នុង​ដំណើរ​ជីវិត ។ សូម​គិត​អំពី​ការផ្លាស់ប្ដូរ​ទាំងនោះ​ឲ្យ​កាន់តែ​ល្អិតល្អន់​ថា​ជា​ការ « ធ្វើ​ការងារ​របស់​ព្រះអម្ចាស់ » ។១៣

ប៉ុន្មាន​ខែ​មុន ចៅស្រី​របស់​យើង​បាន​ចូលរួម​ក្រុម​យុវវ័យ ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​បី​បួន​កន្លែង ។ កាលវិភាគ​ចុងក្រោយ​បង្ហាញ​ថា នាង​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ដែល​បងប្រុស​នាង ដែល​ជា​ចៅ​ប្រុស​យើង​​កំពុង​បម្រើ​បេសកកម្ម ។ ចៅស្រី​យើង​គ្មាន​បំណង​នឹង​ជួប​បងប្រុស​នាង​ក្នុង​បេសកកម្ម​របស់​គាត់​ទេ ។ ទោះជាយ៉ាងណាក្ដី រថយន្ត​ក្រុង​បាន​បរ​ចូល​ទីក្រុង​ជា​កន្លែង​ដែល​បងប្រុស​នាង​កំពុង​បម្រើ គេ​ឃើញ​មាន​អ្នកផ្សព្វផ្សាយសាសនា​ពីរ​នាក់​កំពុង​ដើរ​តាម​ផ្លូវ ។ អ្នកផ្សព្វផ្សាយសាសនា​ម្នាក់​ជា​បងប្រុស​របស់​នាង ។

ក្រុម​យុវវ័យ​ក្នុង​រថយន្តក្រុង​បាន​មាន​ចិត្ត​ក្លៀវក្លា​ចង់​ឲ្យ​នាង​ទៅ​ជួប​បងប្រុស​នាង ដូច្នេះ​ក៏​បាន​សុំ​ឲ្យ​អ្នក​បើកបរ​ឈប់​រថយន្ត ។ មិន​ដល់​មួយ​នាទី​ផង បន្ទាប់​ពី​ពោល​ពាក្យ​ផ្អែមល្ហែម​ទាំង​ស្រក់​ទឹក​ភ្នែក បងប្រុស​នាង​បាន​ត្រឡប់​ទៅ​បំពេញ​ការងារ​ផ្សព្វផ្សាយសាសនា​វិញ ។ ក្រោយ​មក យើង​បាន​ដឹង​ថា បងប្រុស​នាង​បាន​ដើរ​លើ​ផ្លូវ​នោះ​មិន​បាន​ប្រាំ​នាទី​ផង ដោយ​ចេញ​ពី​ការណាត់ជួប​មួយ​តម្រង់​ទៅ​ឡាន​វិញ ។

រូបភាព
ការជួបគ្នា​របស់​ចៅ​អែលឌើរ រ៉ាស់បាន

ព្រះវរបិតាសួគ៌​អាច​ដាក់​យើង​ក្នុង​ស្ថានភាព​មួយ​ក្នុង​ព្រះបំណង​ជាក់លាក់ ។ ទ្រង់​បាន​ធ្វើ​ដូចនោះ​ក្នុង​ជីវិត​ខ្ញុំ ហើយ​ទ្រង់​កំពុង​ធ្វើ​ដូចនោះ​ក្នុង​ជីវិត​បងប្អូន ដូច​ទ្រង់​បាន​ធ្វើ​ក្នុង​ជីវិត​ចៅស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំផង​ដែរ ។

យើង​ម្នាក់ៗ​មាន​តម្លៃ ហើយ​ព្រះអម្ចាស់​ស្រឡាញ់​យើង ជា​អង្គ​ដែល​មាន​ព្រះទ័យ​ខ្វល់ខ្វាយ មាន​បន្ទូល​ខ្សឹប​ប្រាប់ និង​មើលថែ​យើង​តាមរបៀប​ផ្សេងៗ​គ្នា ។ ទ្រង់​មាន​បញ្ញាញាណ និង​ព្រះចេស្ដា​ដ៏​មិន​ចេះ​ចប់​ខ្លាំង​ជាង​មនុស្ស​ខាង​សាច់ឈាម ។ ទ្រង់​ជ្រាប​ពី​ឧបសគ្គ ជ័យជម្នះ និង​បំណង​ប្រាថ្នា​ដ៏​សុចរិត​នៃ​ដួងចិត្ត​យើង ។

ជាង​មួយ​ឆ្នាំ​មុន ពេល​ខ្ញុំ​កំពុង​ដើរ​ឆ្លង​កាត់​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ អ្នកផ្សព្វផ្សាយសាសនា​ម្នាក់​ជា​ស៊ីស្ទើរ បាន​មក​ឯ​ខ្ញុំ ហើយ​សួរ​ថា « តើ​អែលឌើរ​នៅ​ចាំ​ខ្ញុំ​ឬ​ទេ ? ខ្ញុំ​មក​ពី ហ្លូរីដា » ។ នាង​បាន​ប្រាប់​ថា​នាង​ឈ្មោះ ស៊ិស្ទើរ អែដា ឈីឡាន ។ មែនហើយ ខ្ញុំ​ចាំ​​ថា​បាន​ជួប​នាង និង​គ្រួសារ​នាង ។ ប្រធានស្តេក​របស់​នាង​បាន​ណែនាំ​ឲ្យ​យើង​ទៅ​សួរ​សុខទុក្ខ​គ្រួសារ​នាង ។ មែនហើយ យើង​បាន​ទៅ​ទីនោះ ព្រោះ​កូនស្រី​របស់​ពួកគេ អែដា ពុំ​ទាន់​បាន​ជ្រមុជទឹក​នៅ​ឡើយ​ទេ ។ បន្ទាប់ពី​យើង​បាន​ទៅ​សួរសុខទុក្ខ និង ការបង្រៀន ព្រមទាំង​ការរាប់អាន​ជាង​មួយ​ឆ្នាំ អែដា បាន​ជ្រមុជទឹក ។

រូបភាព
អែលឌើរ រ៉ាស់បាន ជាមួយ អែដា ឈីឡាន និង​ដៃគូ​របស់​នាង

បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​នាង​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ នាង​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​មក​ខ្ញុំ ។ នាង​សរសេរ​ថា « ខ្ញុំ​ដឹង​ដោយ​អស់​ពី​ចិត្ត​ថា ព្រះវរបិតាសួគ៌​ជ្រាប​ពី​យើង​ម្នាក់ៗ ហើយ​ទ្រង់​បន្ត​ដាក់​មនុស្ស​តាម​ផ្លូវ​របស់​យើង​សម្រាប់​ហេតុផល​មួយ ។ សូម​អរគុណ​ក្នុងការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ម្នាក់​របស់​ខ្ញុំ សម្រាប់​ការជួយ​ខ្ញុំ និង​ការស្វែងរក​ខ្ញុំ​កាល​ពី​ប្រាំ​ឆ្នាំ​មុន »។១៤ អែដា ក៏​បាន​ផ្ញើ​ប្រវត្តិ​ការប្រែចិត្តជឿ​ដោយ​តំណាល​អំពី « ភាពចៃដន្យ​ដ៏​ទេវភាព » ដែល​បាន​កើតឡើង​ក្នុង​ជីវិត​នាង ដែល​បាន​នាំ​ឲ្យ​ទទួល​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ បម្រើ​បេសកកម្ម​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ និង​ទើប​រៀប អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារបរិសុទ្ធ​កាល​ពី​ថ្មីៗ​នេះ ។១៥

តើ​វា​គ្រាន់តែ​ជា​ភាពចៃដន្យ​ឬ ដែល​ប្រធានស្តេក​បាន​នាំ​យើង​ទៅ​សួរសុខទុក្ខ​គ្រួសារ ឈីឡាន ឬ ដែល​ខ្ញុំ​បាន​ជួប​នាង​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ​នោះ ? ទីបន្ទាល់​របស់ អែដា បាន​កត់ត្រា​ថា ទាំងនេះ​សុទ្ធតែ​ជា​ចំណែក​នៃ « ការតាក់តែង​ដ៏​ទេវភាព » របស់​ព្រះ ។

ព្រះអម្ចាស់​សព្វព្រះទ័យ​គង់​ជាមួយ​យើង ។ វា​មិន​មែន​ជា​ភាពចៃដន្យ​ទេ ដែល​កាល​ណា​បងប្អូន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ទ្រង់ ហើយ​ធ្វើតាម​ការបំផុសគំនិត​លើក​ដំបូង ថា​បងប្អូន​ដឹង​ថា​ជា​ទ្រង់ ដូច​ទ្រង់​មាន​បន្ទូល​សន្យា​ថា « យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ។១៦

យើង​ទាំងអស់​គ្នា​មាន​ហេតុការណ៍​ស្រដៀងៗគ្នា​នេះ​កើតឡើង​ក្នុង​ជីវិត​យើង ។ យើង​អាច​នឹង​ជួប​នរណាម្នាក់​ដែល​ស្រដៀង ដូច​ធ្លាប់​ស្គាល់ ឬ​យើង​មាន​លក្ខណៈ​ដូច​នឹង​មនុស្ស​ប្លែក​មុខ​នោះ ។ ពេល​រឿង​នេះ​កើតឡើង ប្រហែលជា​ព្រះអម្ចាស់​កំពុង​រំឭក​បងប្អូន​ថា យើង​ទាំងអស់​គ្នាពិតជា​​បងប្អូងប្រុសស្រី​នឹង​គ្នា ។ យើង​ពិត​ជា​ជួប​ប្រទះ​បុព្វហេតុ​ដូចគ្នា​នេះ—ដែល យ៉ូសែប ស៊្មីធ បាន​ហៅ​ថា « បុព្វហេតុ​នៃ​ព្រះគ្រីស្ទ » ។១៧

ឥឡូវ តើ​សិទ្ធិជ្រើសរើស​របស់​យើង​ចុះ​សម្រុង​នឹង « ការតាក់តែង​ដ៏​ទេវភាព » យ៉ាង​ដូចម្ដេច ? យើង​មាន​ជម្រើស​នឹង​ដើរតាម ឬ​មិន​ដើរតាម​ព្រះអង្គសង្គ្រោះ​យើង និង​ថ្នាក់ដឹកនាំ​ជម្រើស​របស់​ទ្រង់ ។ លំនាំ​នេះ​ស្ដែង​ចេញ​យ៉ាង​ច្បាស់​ក្នុង​ព្រះគម្ពីរមរមន នៅ​ពេល​ប្រជាជន​នីហ្វៃ​បាន​បែរ​ចេញ​ពី​ព្រះអម្ចាស់ ។ មរមន​បាន​ទួញសោក​ថា ៖

« ហើយ​ពួកគេ​បាន​ឃើញ​ថា … ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ឈប់​រក្សា​គេ​ទៀត​ហើយ មែនហើយ ទ្រង់​បាន​ដកថយ​ចេញ​ពី​ពួកគេ ពី​ព្រោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ពុំ​គង់​នៅ​ក្នុង​ព្រះវិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ—

« ហេតុដូច្នេះហើយ ព្រះអម្ចាស់​ទ្រង់​បាន​ឈប់​ថែរក្សា​ពួកគេ ដោយ​ព្រះចេស្ដា​របស់​ទ្រង់​ដ៏​អស្ចារ្យ និង​ដ៏​ឥត​ប្រៀបផ្ទឹម​បាន ព្រោះ​ពួកគេ​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ឥត​ជំនឿ និង​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាច » ។១៨

ព្រះអម្ចាស់​មិន​ត្រាស់បង្គាប់​យើង ដោយសារតែ​យើង​មាន​ភាពខ្លាំង មាន​ភាពស្មោះត្រង់ ឬ​ចំណេះដឹង​នោះ​ទេ ។ សូម​គិត​អំពី​សុល ដែល​ព្រះអម្ចាស់​បាន​បញ្ឈប់​ដំណើរ​គាត់​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស ។ គាត់​បាន​ទៅ​តាម​ទិសដៅ​ខុស​ក្នុង​ជីវិត ហើយនៅ​តាម​ផ្លូវ​ខាង​សាច់ឈាម​គាត់​គ្មាន​កិច្ចការ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ឡើយ ។ ព្រះ​បាន​បង្ហាញ​ទិសដៅ​ជា​ថ្មី​ដល់​ប៉ុល ។ ក្រោយ​មក​គេ​ហៅ​គាត់​ថា ប៉ុល ការងារបម្រើ​ជា​សាវក​របស់​គាត់​បាន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ជ្រាប​រួច​មក​ហើយ ថា​គាត់​អាច​ធ្វើ ហើយ​ប្រែក្លាយ​ទៅ​ជា​បាន មិន​មែន​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ​កាល​នៅ​ឈ្មោះ​ជា​សុល​នោះ​ទេ ។ តាម​របៀប​ដូចគ្នា​នេះ​ដែរ ព្រះអម្ចាស់​ជ្រាប​ថា យើង​ម្នាក់ៗ​មាន​សមត្ថភាព​ធ្វើ​អ្វី​បាន ហើយ​អាចក្លាយ​ទៅ​ជា​អ្វី​នៅ​ថ្ងៃ​មុខ ។ តើ​សាវក​ប៉ុល​បាន​បង្រៀន​អ្វី​ខ្លះ ? « តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្តីល្អ​ដល់ពួក​អ្នក​ដែលស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក​តាម​ព្រះតម្រិះ​ទ្រង់ » ។១៩

ពេល​យើង​មាន​ភាពសុចរិត ឆន្ទៈ និង​សមត្ថភាព ពេល​យើង​ខិតខំ​ឲ្យ​មាន​ភាពសក្ដិសម និង គុណសម្បត្តិ នោះ​យើង​រីកចម្រើន​ទៅ​កម្រិត​ដែល​យើង​មិន​ដែល​គិត​ដល់ ហើយ​ក្លាយ​ជា​អ្នក​រួម​ចំណែក​ក្នុង « ការតាក់តែង​ដ៏​ទេវភាព » របស់​ព្រះវរបិតាសួគ៌ ។ យើង​ម្នាក់ៗ​មាន​ភាពជា​ព្រះ​នៅ​ជាមួយ​យើង ។ ពេល​យើង​ឃើញ​ព្រះ​ធ្វើការ​តាមរយៈ​យើង និង ជាមួយ​យើង សូម​ឲ្យ​យើង​ត្រូវបាន​លើកទឹកចិត្ត ក៏​មាន​អំណរគុណ​សម្រាប់​ការដឹកនាំ​នោះ​ដែរ ។ ពេល​ព្រះវរបិតាសួគ៌​មាន​ព្រះបន្ទូល​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង—ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស »២០ គឺ​ទ្រង់​កំពុង​មាន​បន្ទូល​អំពី​បុត្រាបុត្រី​ទ្រង់​ទាំងអស់—ជា​ពិសេស​គឺ​បងប្អូន​ទាំងអស់​គ្នា ។

ព្រះហស្ត​របស់​ព្រះអម្ចាស់​កំពុង​ដឹកនាំ​បងប្អូន ។ តាមរយៈ « ការតាក់តែង​ដ៏​ទេវភាព » ព្រះចេស្ដា​ទ្រង់​មាន​ក្នុង​រាល់​ទិដ្ឋភាព​នៃ​ជីវិត​បងប្អូន ក៏​ដូចជា​ក្នុង​ហេតុការណ៍​សំខាន់ៗ​ដែរ ។ មាន​សេចក្ដីថ្លែង​ក្នុង​គម្ពីរ​សុភាសិត​ថា « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។២១ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​នឹង​ប្រទានពរ គាំទ្រ ហើយ​នាំ​ភាពសុខសាន្ត​ដល់​បងប្អូន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។