គណៈ​ប៊ីស្សព
ឪពុក​ម្តាយ​ឥត​ខាន់ស្លា


« ឪពុក​ម្តាយ​ឥត​ខាន់ស្លា » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ឪពុក​ម្តាយ​ឥត​ខាន់ស្លា » ធនធាន​ការ​ប្រឹក្សា ។

ឪពុក​ម្តាយ​ឥត​ខាន់ស្លា

ឪពុក​ម្តាយ​ឥត​ខាន់ស្លា អាច​នឹង​ជួប​ការលំបាក​ជាពិសេស ។ អ្នក​អាច​នឹង​បានដឹង​ពី​ស្ថានភាពនេះ​នៅ​ពេល​ដំណាក់កាល​មាន​ផ្ទៃពោះ ហើយ​ឪពុក​ម្តាយ​ឥត​ខាន់ស្លា​អាច​នឹង​មាន​កង្វល់ និង​កម្រិត​នៃ​ការ​យល់ដឹង​ផ្សេងៗ​អំពី​ផលវិបាក​ដែល​ពួកគេ​កំពុង​ជួបប្រទះ ។ ពួកគេ​ប្រឈម​មុខ​នឹង​ការ​សម្រេចចិត្ត​អំពី​អនាគត​របស់​កូន ក៏ដូចជា​អនាគត​របស់​ខ្លួន​ឯង​ផងដែរ ។ មនុស្ស​មួយចំនួន​នឹង​រៀបការ ឯ​អ្នកដទៃ​ទៀត​នឹង​ឲ្យ​កូន​ទៅ​គេ​ចិញ្ចឹម ហើយ​ខ្លះទៀត​នឹង​សម្រេច​ចិត្ត​ធ្វើជា​ម្ដាយ ឬ​ឪពុក​ទោល ។ សូម​ឈោងទៅ​ជួយ​ដោយ​ក្ដីស្រឡាញ់​ដើម្បី​លួងលោមចិត្ត លើក​ទឹកចិត្ត និង​មើល​ថែ​ដល់​ម្ដាយ ឬ​ឪពុក​ឥត​ខាន់ស្លា ។ សូម​បង្ហាញ​បំណងប្រាថ្នា​របស់​អ្នក​ថា​ចង់ជួយ ហើយ​អរគុណ​ដល់​បុគ្គល​នោះ​ចំពោះ​ការ​ស្ម័គ្រចិត្ត​របស់គាត់​ចង់​ឲ្យ​អ្នក​ចូលរួម ។

សេវាកម្ម​គ្រួសារ​ផ្ដល់​ការ​ពិគ្រោះ​យោបល់​ដោយ​ឥតគិតថ្លៃ​សម្រាប់​ឪពុក​ម្តាយ​ឥត​ខាន់ស្លា ហើយក៏​អាច​ផ្ដល់​ព័ត៌មាន​អំពី​អាពាហ៍ពិពាហ៍ ការឲ្យ​កូន​ទៅ​គេ​ចិញ្ចឹម ឬ​ការចិញ្ចឹម​កូន​តែ​ម្នាក់ឯង​ផងដែរ ។ សូម​លើក​ទឹកចិត្ត​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​នោះ​ឲ្យ​ជួប​នឹង​ប៊ីស្សព​របស់គាត់ ឬនាង ដែលអាច​ភ្ជាប់​ទំនាក់ទំនង​គាត់ ឬនាង​ទៅកាន់​សេវាកម្ម​គ្រួសារ​បាន ។ បើ​ពុំ​មាន​សេវាកម្ម​គ្រួសារទេ នោះ​ប៊ីស្សព​អាច​ចូល​ទៅកាន់​ធនធាន​ប្រឹក្សា​បន្ថែមទៀត ។

ព្យាយាម​យល់

នៅពេល​អ្នក​និយាយ​ជាមួយ​នឹង​ឪពុក​ម្តាយ​ឥត​ខាន់ស្លា សូម​ប្រាកដ​ថា​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គសង្គ្រោះនឹង​ធ្វើ​ដែរ ។ ដោយ​សារ​ស្ថានភាព​ទាំងឡាយ​មានភាព​ខុសគ្នា ហើយ​ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ​មាន​ផ្សេងៗគ្នា សូម​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​ដើម្បី​សួរ​សំណួរ​ទាំងនេះ​ដោយ​សន្ដានចិត្ត​ល្អ និង​យក​ចិត្ត​ទុកដាក់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​កង្វល់ និង​តម្រូវការ​របស់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​នោះ​បាន​កាន់តែ​ប្រសើរ​ឡើង ។

  • តើ​អ្វីជា​កង្វល់ ឬ​ការ​ព្រួយបារម្ភ​ធំ​បំផុត​របស់អ្នក​ក្នុង​ពេលនេះ ?

  • តើ​ផែនការ​នា​ពេល​អនាគត​របស់​អ្នក​មាន​អ្វី​ខ្លះ ?

  • តើ​ផែនការ​នា​ពេល​អនាគត​របស់​កូនអ្នក​មាន​អ្វី​ខ្លះ ?

  • តើ​ទំនាក់ទំនង​បច្ចុប្បន្ន​របស់អ្នក​ជាមួយ​នឹង​ឪពុក ឬម្តាយ​របស់​កូន​នេះ​យ៉ាងណាដែរ ?

  • តើ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​នឹង​តាយាយ និង​សមាជិក​គ្រួសារ​សាច់ញាតិ​ដទៃទៀត​នៃ​កូនរបស់អ្នក​យ៉ាងណាដែរ ?

បើ​អ្នក​បានដឹង​ជាមុន​ថា ស្ថានភាព​នេះ​គឺជា​លទ្ធផល​នៃ​ការរំលោភ​បំពាន ឬ​ការរំលោភ​សេពសន្ថវៈ សូម​ទាក់ទង​ទៅកាន់​អជ្ញាធរ​ស៊ីវិល ។ មាន បណ្ដាញ​ជំនួយ ដើម្បី​ឲ្យ​ប៊ីស្សព​របស់អ្នក​ទូរសព្ទ​ទៅ នៅពេល​ដោះ​ស្រាយ​នឹង​បញ្ហា​នេះ ។

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា ក្នុងពេល​គាត់ ឬ​នាង​​ធ្វើការ​សម្រេចចិត្ត​អំពី​អនាគត សូមពិចារណា​ប្រើ​គំនិតយោបល់​មួយចំនួន​ដូច​ខាងក្រោម ។

សូម​ជួយ​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​ឲ្យ​ស្វែងរក​ក្ដីសង្ឃឹម និង​ការ​ព្យាបាល​តាមរយៈ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់ ។

  • ជួយ​គាត់ ឬ​នាង​ឲ្យ​យល់​ថា ការ​ប្រោសលោះ និង​កម្លាំង​កើត​មាន​មកពី​ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ជួយ​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​ឲ្យ​ឃើញ​ពី​អត្តសញ្ញាណ​របស់គាត់ ឬ​នាង ក្នុង​នាមជា​កូន​របស់​ព្រះវរបិតាមាតា​សួគ៌ ហើយ​ទទួល​ស្គាល់​ភាព​ខ្លាំង ទេពកោសល្យ និង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​គាត់ ឬនាង ។

  • ជួយ​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​គាត់ ឬ​នាង ហើយ​ដឹង​ថា​ព្រះ​គឺជា​ដៃគូ​ម្នាក់​ដែល​គាត់ ឬ​នាង​អាច​ពិភាក្សា​អំពី​ដំណើរ​នៅ​លើ​ផែនដី​របស់​កូន​នេះ​ ។

សូម​លើក​ទឹកចិត្ត​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​ឲ្យ​ជួប​នឹង​ប៊ីស្សព ។

បើ​សមរម្យ សូម​អញ្ជើញ​ឪពុក ឬ​ម្ដាយ​ដែល​នឹង​មាន​កូន​នោះ​ឲ្យ​មើល​ពរ​របស់​លោក​អយ្យកោ​របស់គាត់​ឬ​នាង​ឡើងវិញ​ដើម្បី​ទទួល​បាន​ការដឹកនាំ និង​ការលួងលោម​ចិត្ត ។

សូមជួយ​គាត់ ឬ​នាង​ឲ្យ​ស្គាល់ និង​ពិចារណា​អំពី​ជម្រើស​នានា​ដូចជា ការចិញ្ចឹម​កូន​តែ​ម្នាក់ឯង ការឲ្យ​កូន​ទៅ​គេ​ចិញ្ចឹម ឬ​ការរៀប​អាពាហ៍ពិពាហ៍ បើសមគួរ ។

  • ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ និង​មិត្តភក្ដិ​មិន​គួរ​លើកទឹកចិត្ត ឬ​ដាក់សម្ពាធ​ទៅលើ​ឪពុក ឬ​ម្ដាយ​ដែល​នឹង​មាន​កូននោះ​ឲ្យ​ជ្រើសរើស​ទុកកូន ឬ​ឲ្យ​កូន​នោះ​ទៅ​គេចិញ្ចឹម​នោះ​ទេ ។

  • លើក​ទឹកចិត្ត​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​ឲ្យ​សរសេរ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ជម្រើស​នីមួយៗ ហើយ​វាយតម្លៃ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ថ្លឹងថ្លែង​អំពី​ផលវិបាក​នៃ​ជម្រើសនីមួយៗ ជាពិសេស​ចំពោះ​កូន ។

  • ឲ្យ​ដំបូន្មាន​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​ស្វែងរក​ការ​ប្រឹក្សា​មកពី​អស់​អ្នក​ដែល​អាច​ជួយ​គាត់​បាន ដើម្បី​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​អំពី​ជម្រើស​ទាំងនេះ ។

  • លើក​ទឹកចិត្ត​ដល់​ម្តាយនៅលីវ​មាន​ផ្ទៃពោះ​ឲ្យ​ស្វែងរក​ពរជ័យ​នៃ​បព្វជិតភាព ។

  • ជួយ​សមាជិក​នេះ​ឲ្យ​យល់​ដឹង​ថា គាត់ ឬ​នាង​អាច​ទទួល​បាន​ការ​បំផុសគំនិត ចំណាប់អារម្មណ៍ និង​ការ​ណែនាំ​ផ្ទាល់ខ្លួន​មកពី​ព្រះ ។

គាំទ្រ​ដល់​គ្រួសារ

បទពិសោធន៍​របស់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា ក៏មាន​ឥទ្ធិពល​លើ​ជីវិត​របស់​សមាជិក​គ្រួសារ​គាត់​ផងដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​ទៅលើ​គ្រួសារ ហើយ​លើកទឹកចិត្ត​ដល់​គ្រួសារ​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​ទាំងនោះ ។

សូម​លើក​ទឹកចិត្ត​ដល់ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​វួដទាំងអស់​ឲ្យ​បម្រើ​ឪពុក​ម្ដាយ​ដែល​នឹង​មាន​កូននោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​យ៉ាង​សកម្ម ។

សូម​លើក​ទឹកចិត្ត​គ្រួសារ​ឲ្យ​ប្រឹក្សា​ជាមួយគ្នា​អំពី​ការសម្រេចចិត្ត និង​គោរព​ដល់​ការ​សម្រេច​ចិត្ត​របស់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​នោះ ។

សមាជិក​គ្រួសារ​មួយចំនួន​អាច​មិន​យល់ស្រប​នឹង​ការ​សម្រេច​ចិត្ត​របស់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​នោះ ។ សូម​លើក​ទឹកចិត្ត​គ្រួសារ​ឲ្យ​ពិភាក្សា​អំពី​ឥទ្ធិពល​នៃ​ការសម្រេចចិត្ត​នេះ​ទៅលើ​សមាជិក​គ្រួសារ​ដែល​ជួយ​ពួកគេ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ បើចាំបាច់ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សូម​ពិចារណាធ្វើការ​សួរ​ដល់​ថ្នាក់ដឹកនាំវួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃទៀត​ដើម្បីបន្ដ​ផ្ដល់​ការគាំទ្រ ការណែនាំ និង​ជំនួយ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

សូម​កំណត់​ពី​បុគ្គល​ដែល​ជា​ទីទុកចិត្ត​ម្នាក់​ដើម្បី​ឲ្យ​ធ្វើជា​អ្នកណែនាំ​ដល់​ឪពុក ឬ​ម្តាយ​ឥត​ខាន់ស្លា​នោះ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ទាំងពីរនាក់​ឲ្យ​ជួប​គ្នា​ជាញឹកញាប់ ។

  • អ្នកណែនាំ​គួរ​តែ​ជា​នរណា​ម្នាក់​ដែល​បុគ្គល​នោះ​ចុះ​សម្រុង​ជាមួយ ហើយ​អាច​ជា​បង​ប្អូន​ប្រុស ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។

សូម​ស្វែងរក​ធនធាន​នានា​ក្នុង​មូលដ្ឋាន​ដែល​មាន​សេវា​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

  • ធនធាន​នានា​អាច​រួម​មាន​អ្នក​ផ្ដល់​ប្រឹក្សា​ដែល​មានវិជ្ជាជីវៈ កម្មវិធី និង​មជ្ឈមណ្ឌលនានា ព្រមទាំង​ភ្នាក់ងារ​ដទៃទៀត ។

បើ​ឪពុក​ម្តាយ​ឥត​ខាន់ស្លា​កំពុង​ពិចារណា​ធ្វើការ​ចិញ្ចឹម​បីបាច់​កូន សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន ឬ​ចូលរួម​នៅក្នុង​ថ្នាក់ ការពង្រឹង​ក្រុមគ្រួសារ ថ្នាក់ ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍ និង ទំនាក់​ទំនង​ក្រុម​គ្រួសារ ឬ​អាន​ឯកសារ​ដែលជាប់ទាក់ទង​នានា បើ​ពុំមានថ្នាក់រៀន​នោះទេ ។