គណៈ​ប៊ីស្សព
ការងារ


« ការងារ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការងារ » ធនធាន​ការ​ប្រឹក្សា ។

ការងារ

ការងារល្អ​គឺ​ជា​របៀប​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់​ពួកគេ ក៏ដូចជា​ប្រើ​ជំនាញ​របស់ពួកគេ ហើយ​ស្វែងរក​ការ​បំពេញ​ចិត្ត​ផងដែរ ។ ខណៈ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ស្វែងរក​ការងារ អាច​នឹង​គ្មាន​ការងារ​ធ្វើ នោះ​មនុស្ស​ជាច្រើន​ទៀត​កំពុងតែ​ធ្វើការ ប៉ុន្តែ​អាច​នឹង​កំពុង​ស្វែងរក​ឱកាស​កាន់តែ​ល្អប្រសើរដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​ការងារ​របស់ពួកគេ ឬ​បង្កើន​ចំណូល​បន្ថែម ។

មិន​ថា​មនុស្ស​ស្វែងរក​ការងារ​ដោយសារ​មូលហេតុ​អ្វី​នោះទេ ការស្វែងរក​ការងារ​អាច​ជា​ការលំបាក ហើយ​នរណា​ដែល​កំពុង​ស្វែងរក​ការងារ​អាច​នឹង​មាន​តម្រូវការ​ផ្សេងៗគ្នា ។ តម្រូវការ​ទាំងនោះ​អាច​ជា​ផ្នែក​ហិវញ្ញវត្ថុ សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ ។ នៅពេល​អ្នក​ធ្វើការ​ជាមួយ​មនុស្ស​ដែល​កំពុង​ស្វែងរក​ការងារ ដំបូងឡើយ​ត្រូវ​ស្វែង​យល់​ពី​តម្រូវការ​ទាំងនោះ​ជាមុន​សិន បន្ទាប់មក​នាំ​ពួកគេ​ទៅកាន់​ធនធាន​នានា​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បង្កើត​នូវភាព​ជោគជ័យ​ជា​បន្ដបន្ទាប់ ។ សូម​បង្ហាញ​សេចក្ដីស្រឡាញ់​របស់អ្នក​ដល់​អស់​អ្នក​ដែលអ្នក​កំពុង​ធ្វើការ​ជាមួយ ហើយ​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម នៅពេល​ពួកគេ​ខិតខំ​នៅក្នុង​ដំណើរការ​នៃការ​ស្វែងរក​ការងារ ឬ​នៅពេល​ពួកគេ​ព្យាយាម​ចង់​ទទួល​ការអប់រំ​បន្ថែម ឬ​ចង់បាន​ឱកាស​ធ្វើអាជីវកម្ម​ផ្ទាល់ខ្លួន ។

ព្យាយាម​យល់

នៅពេល​នរណា​ម្នាក់​ស្វែងរក​ការងារ​ធ្វើ សូមប្រាកដ​ថា ជួយ​គាត់ ឬនាង​ឲ្យ​ដឹង​ថា​អ្នក​យល់​ពី​គាត់​ជាមុន​សិន ។ ការណ៍​នេះគឺ​ធ្វើឡើង​បាន​ល្អ​បំផុត​តាមរយៈ​ការ​សន្ទនា​ផ្ទាល់​ជាមួយ​បុគ្គល​នោះ ដើម្បី​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ល្អ ហើយ​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង​ដើម្បី​ចែកចាយ ។ សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​នូវសំណួរ​ដូច​ខាងក្រោម​ដោយ​សន្ដាន​ចិត្តល្អ និង​យកចិត្ត​ទុកដាក់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព និង​តម្រូវការ​ចាំបាច់​បាន​កាន់តែ​ល្អប្រសើរ ៖

  • ខ្ញុំដឹង​ថា​ការ​ស្វែងរក​ការងារ​អាច​ជា​ការលំបាក ។ តើ​អ្នក​សុខ​សប្បាយ​ជា​ទេ ? តើ​ខ្ញុំ​អាច​ជួយ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ស្ថានភាព​ការងារ​បច្ចុប្បន្ន​របស់​អ្នក​យ៉ាងណា​ដែរ ?

  • តើ​ឱកាស​អ្វីខ្លះ​ដែល​អ្នក​កំពុង​សម្លឹងរក ?

  • តើ​តំណែង ឬ​ការងារ​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​យល់​អំពី​តម្រូវការ​ការងារ​របស់​បុគ្គល​ម្នាក់ សូម​ពិចារណា​ធ្វើការ​ប្រើប្រាស់​យោបល់​មួយចំនួន​ដូច​ខាង​ក្រោម ។ នៅពេល​អ្នកនិយាយ​ជាមួយ​នឹងគាត់ ឬនាង សូម​ប្រាកដ​ថា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។ សម្រាប់​ការណែនាំ​អំពី​របៀប​ល្អបំផុត​ដើម្បី​ជួយ​បុគ្គល​ដែល​កំពុង​ស្វែង​រកការងារ សូម​ពិនិត្យ​មើល​អត្ថបទ « របៀប​ដើម្បី​ជួយ​នរណា​ម្នាក់​ស្វែងរក​ការងារ​មួយ » បន្ថែម​ពីលើ​មាតិកា​នៅ​ខាង​ក្រោម​នេះ ។

សូម​សួរ​ពី​មុន​អ្នក​ចែកចាយ​ព័ត៌មាន​អំពី​ការស្វែងរក​ការងារ​របស់​បុគ្គល​នោះ ។

  • ចូរ​គិត​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​បុគ្គល​ផ្សេងទៀត​ដែលអាច​នឹង​ជាជំនួយ​ខ្លាំងបំផុត​ទៅដល់​បុគ្គល​ដែល​កំពុង​ស្វែងរក​ការងារ​នេះ រួមមាន​ទាំង​សមាជិក​ក្នុង​វួដ និងស្ដេក ។

  • សូម​ពិចារណា​សួរ​បុគ្គល​នោះ​ថា « តើ​ខ្ញុំ​អាច​ចែកចាយ​ព័ត៌មាន​នេះ​ជាមួយ​នឹង​អ្នកដទៃ​ទៀត​ដែលអាច​នឹង​មាន​ទំនាក់ទំនង​ល្អ ហើយ​អាច​ផ្ដល់​ឱកាស​ការងារ​មួយ​បាន​ឬទេ ? »

សូម​ចែកចាយ​តែ​ព័ត៌មាន​ណា​ដែល​ត្រូវ​ទៅនឹង​ចំណាប់អារម្មណ៍​របស់​បុគ្គល​នោះ​ប៉ុណ្ណោះ ។

  • មនុស្ស​ភាគច្រើន​ប៉ង​ស្វែងរក​ការងារ ត្រឹមត្រូវ ពុំគ្រាន់តែ​ការងារ​ណា​ក៏បាន​នោះទេ ដូច្នេះ​សូមប្រាកដ​ថា​ចែកចាយ​តែ​ដំណឹង​រើស​ការងារ និង​អ្នកទំនាក់ទំនង​ដែល​ត្រូវ​ទៅនឹង​គោលដៅ​ការងារ​របស់​បុគ្គល​នោះ​ប៉ុណ្ណោះ ។ អ្នក​អាច​នឹង​មាន​បំណងល្អ​ទេ តែ​ការផ្ញើ​ដំណឹងរើស​ការងារ​គ្រប់​ប្រភេទ អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់នោះ​មាន​អារម្មណ៍​យល់​ខុស ។

  • សូម​ពិចារណា​ធ្វើជា​បញ្ជី​ទំនាក់ទំនង​មួយ​នៅក្នុង​វួដ ដែល​អាច​ផ្ដល់​ជា​ទំនាក់ទំនង​មានប្រយោជន៍​ចំពោះ​អ្នកស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ឧស្សាហកម្ម និង​មុខ​តំណែង​ផ្សេងៗ ។

ភ្ជាប់ទំនាក់ទំនង​ទៅនឹង​ធនធាន​អ្នកជំនាញ ។ មនុស្ស​ម្នាក់​ដែលកំពុង​ស្វែងរក​ការងារ ពុំ​រំពឹង​ឲ្យ​អ្នក​បង្ហាញ​ពួកគេ​អំពី​របៀប​ស្វែងរក​ការងារ​ ឬ​ធ្វើជា​អ្នក​បង្ហាត់​ការងារ​ដល់​ពួកគេ​នោះទេ ។ ជាញឹកញាប់ អ្នក​អាចនឹង​ជួយ​បាន​ល្អបំផុត​ដោយ​គ្រាន់តែ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ម្នាក់នោះ​ទៅនឹង​ធនធាន​នានា​មកពី​អ្នកជំនាញ​ស្វែងរក​ការងារ ។

  • ធនធាន​សហគមន៍ វីដេអូ​តាម​អនឡាញ គេហទំព័រ​ស្រាវជ្រាវ សៀវភៅ និង​អត្ថបទ​ថ្មីៗ ទាំងអស់​នេះ​គឺ​ជា​ធនធាន​ដ៏​ល្អ​សម្រាប់​ព័ត៌មាន​ស្វែងរក​ការងារ ។

  • បើ​បុគ្គល​ម្នាក់​ចង់​បាន​អ្នក​បង្ហាត់​ការងារ សូម​ជួយ​គាត់​ឲ្យ​ជួប​នឹង​អ្នកជំនាញ​ខាង​បច្ចេកទេស​ស្វែងរក​ការងារ ។ ការស្វែងរក​ការបង្ហាត់​ស្វែងរក​ការងារ​ដោយ​ឥត​គិតថ្លៃ​តាម​អ៊ីនធឺណិត ជាញឹកញាប់​នឹង​ជួយ​អ្នក​ឲ្យ​រកឃើញ​បាន​អ្នកជំនាញ​ដែល​ស្ម័គ្រចិត្ត​ជួយ ។

  • នៅក្នុង​តំបន់​ខ្លះ អ្នក​អាច​ភ្ជាប់​ទៅនឹង​ជំនួយ និង​ធនធាន​មកពី សេវា​ការងារ របស់​សាសនាចក្រ ។

  • បើ​បុគ្គលនេះ​កំពុង​ជួប​នឹង​បញ្ហា​ផ្លូវ​ចិត្ត ឬ​ការតានតឹង​ក្នុង​សតិអារម្មណ៍ ដោយសារ​តែ​ពិបាក​ស្វែងរក​ការងារ សូម​គិត​ភ្ជាប់​គាត់ ឬនាង​ទៅនឹង​អ្នកព្យាបាល​រោគចិត្ត ឬ ធនធាន​សុខភាព​ផ្លូវចិត្ត ដទៃទៀត ។

គាំទ្រ​ដល់​គ្រួសារ

បញ្ហា​ការងារ​អាច​ជះឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​ក៏​ដូចជា​បុគ្គល​នោះ​ផងដែរ ។ សមាជិក​គ្រួសារ​អាច​ត្រូវការ​ការគាំទ្រ​ខាង​សតិអារម្មណ៍ ខាង​វិញ្ញាណ និង​ខាង​ហិរញ្ញវត្ថុ ។ សូម​ចងចាំថា ត្រូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្ថានភាព​ផ្សេងៗគ្នា​ក្នុង​គ្រួសារ​នីមួយៗ ។ សូម​ដឹង​ជាមុន​អំពី​តម្រូវការ​សុខភាព​ផ្លូវចិត្ត​ដែល​អាច​មាន​ទាក់ទង​នឹង​បញ្ហា​ការងារ ហើយភ្ជាប់​អ្នកទាំងឡាយ​ដែល​កំពុង​មាន​តម្រូវការ​នោះ​ទៅនឹង​ធនធាន​ដែល​មាន​​វិជ្ជាជីវៈ ។

សូម​ប្រឹក្សា​ជាមួយ​នឹង​គ្រួសារ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ពួកគេ ហើយ​ពិភាក្សា​អំពី​ធនធាន​របស់ពួកគេ ។ សូម​ចងចាំ​ថា សមាជិក​ជាច្រើន​នឹង​ស្ទាក់ស្ទើរ ហើយ​មិន​ទំនងជា​សុំ​ជំនួយ​ហិរញ្ញវត្ថុទេ ទោះជា​ពួកគេ​ត្រូវការ​វា​ក្ដី ។ សូម​យកចិត្ត​ទុកដាក់​ក្នុង​រឿងនេះ ហើយ​ពិចារណា​អំពី​ការផ្ដល់​ជំនួយ​ជាជាង​ការរង់ចាំ​ឲ្យ​គេ​មក​សុំ ។ សូម​ពិចារណា​ដោយយោង​ទៅ​ធនធាន ហិរញ្ញវត្ថុ ជាជំនួយ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សមាជិក​សាសនាចក្រ​អាច​នឹង​ជាជំនួយ​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​កំពុងតែ​ស្វែងរក​ការងារ ។ សូម​ចងចាំ​ថា ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​មុន​ចែកចាយ​ព័ត៌មាន​អំពី​ការស្វែងរក​ការងារ​របស់​បុគ្គល​នោះ ។ សូម​ឲ្យ​សមាជិក​យោង​ទៅ​អត្ថបទ « របៀប​ដើម្បី​ជួយ​នរណា​ម្នាក់​ស្វែងរក​ការងារ​មួយ » ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​របៀប​ផ្ដល់​ការងារ​បម្រើ​ដល់​នរណា​ម្នាក់​ដែលកំពុង​ស្វែងរក​ការងារ ។

សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​មាន​ឧបសគ្គ​ការងារ ( ដូចជា​ខ្វះ​ការបំពាក់បំប៉ន បញ្ហាសង្គម ឬ​បញ្ហា​សតិអារម្មណ៍ ឬ​មាន​ការលំបាក​ខាង​ភាសា ) អ្នកអាច​នឹង​ចាំបាច់​ចូល​ទៅកាន់​ធនធាន​បន្ថែម ៖

សូម​ប្រាប់ និង​លើក​ទឹកចិត្ត​ឲ្យ​ប្រើប្រាស់​អង្គការ​សេវាកម្ម​អាជីព​ក្នុង​មូលដ្ឋាន និង​ធនធាន​នានា ។ ធនធាន​នានា​អាច​រួម​មាន ៖

  • ភ្នាក់ងារ​រដ្ឋាភិបាល និង​ឯកជន ។

  • មជ្ឈមណ្ឌល​សេវាកម្ម​អាជីព​វិទ្យាស្ថាន​អប់រំ ។

  • អង្គការ ( អង្គការ​ក្រៅ​រដ្ឋាភិបាល ) ។

  • ការហាត់​ធ្វើការ ការចុះកម្មសិក្សា និង​កម្មវិធី​បំពាក់បំប៉ន​ការងារ​នៅ​កន្លែង​ធ្វើការ ។