ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤ ៖ ផ្ទាំង​លង្ហិន


ជំពូក​ទី ៤

ផ្ទាំង​លង្ហិន

រូបភាព
លីហៃ​និយាយ​ទៅ​កាន់​នីហ្វៃ

លីហៃ​បាន​ប្រាប់​នីហ្វៃ​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​លោក និង​បងៗ​របស់​លោក​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ។ ពួកគេ​ត្រូវ​ទៅ​យក​ផ្ទាំង​លង្ហិន​មក​ពី​បុរស​ម្នាក់​ឈ្មោះ​ឡាបាន់ ។

រូបភាព
ផ្ទាំង​លង្ហិន

ផ្ទាំង​លង្ហិន​គឺ​ជា​បញ្ជី​ប្រវត្តិ​ដ៏​សំខាន់ ។ ផ្ទាំង​នោះ​ប្រាប់​អំពី​អយ្យកោ​របស់​លីហៃ ហើយ​មាន​នូវ​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​បើក​សម្តែង​តាម​រយៈពួកព្យាការី ។

រូបភាព
លេមិន និង លេមយួល

លេមិន និង លេមយួល​ពុំ​ចង់​ត្រឡប់​ទៅ​យក​ផ្ទាំង​លង្ហិន​ឡើយ ។ ពួកគេ​បាន​និយាយ​ថា វា​គឺ​ជា​ការលំបាក​ខ្លាំង​ណាស់ ។ ពួកគេ​គ្មាន​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ឡើយ ។

រូបភាព
លីហៃ​និយាយ​ទៅ​កាន់​នីហ្វៃ

នីហ្វៃ​ចង់​គោរព​តាម​ព្រះអម្ចាស់ ។ លោក​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ជួយ​លោក និង​បងៗ​របស់​លោក​ឲ្យ​ត្រឡប់​ទៅ​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់​វិញ ។

រូបភាព
លេមិន, លេមយួល, សាំ និង នីហ្វៃ

លេមិន, លេមយួល, សាំ និង នីហ្វៃ បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ដើម្បី​យក​ផ្ទាំង​លង្ហិន ។

រូបភាព
លីហៃ​និយាយ​ទៅ​កាន់​ឡាបាន់

លេមិន​បាន​ទៅ​ជួប​ឡាបាន់ ហើយ​សូម​ផ្ទាំង​នោះ​ពី​គាត់ ។

រូបភាព
លេមិន​រត់

ឡាបាន់​បាន​ខឹង ហើយ​ពុំ​ឲ្យ​ផ្ទាំង​លង្ហិន​ទៅ​លេមិន​ឡើយ ។ ឡាបាន់​ចង់​សម្លាប់​លេមិន ប៉ុន្តែ​លេមិន​បាន​រត់​គេច​រួច ។

រូបភាព
លេមិន​និយាយ​ទៅ​កាន់​បងប្អូន

លេមិន​បាន​ប្រាប់​បងប្អូន​របស់​គាត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។ គាត់​ភ័យ ហើយ​ចង់​បោះបង់​កិច្ចការ​នោះ​ចោល ហើយ​ត្រឡប់​ទៅ​រក​ឪពុក​របស់​ពួកគេ​នៅ​ក្នុង​ទីរហោស្ថាន​វិញ ។

រូបភាព
នីហ្វៃ​និយាយ​ទៅ​កាន់​បងៗ

នីហ្វៃ​បាន​និយាយ​ថា ពួកគេ​ពុំ​អាច​ត្រឡប់​ទៅវិញ​ដោយ​គ្មាន​ផ្ទាំង​លង្ហិន​ឡើយ ។ លោក​បាន​ប្រាប់​បងៗ​របស់​លោក​ឲ្យ​មាន​សេចក្តី​ជំនឿ​បន្ថែម​ទៀត​លើ​ព្រះអម្ចាស់ ហើយ​ពួកគេ​នឹង​យក​បាន​ផ្ទាំង​លង្ហិន​នោះ ។

រូបភាព
ការប្រមូល​មាស

នីហ្វៃ និង​បងៗ​របស់​លោក​បាន​ទៅ​ផ្ទះ​ចាស់​របស់​ពួកគេ​នៅក្នុង​ទីក្រុង​យេរូសាឡិម ហើយ​បាន​ប្រមូល​មាស និង​ប្រាក់​របស់​ពួកគេ​ដើម្បី​ប្តូរ​យក​ផ្ទាំង​នោះ ។

រូបភាព
ការបង្ហាញ​មាស​ដល់​ឡាបាន់

ពួកគេ​បាន​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដល់​ឡាបាន់ ហើយសូម​ប្តូរ​ទ្រព្យ​ទាំង​នោះ​យក​ផ្ទាំង​លង្ហិន​វិញ ។ ពេល​ឡាបាន់​បាន​ឃើញ​មាស និង​ប្រាក់​របស់​ពួកគេ នោះ​គាត់​ចង់​បាន​វា​សម្រាប់​ខ្លួន​គាត់ ហើយ​បាន​បណ្តេញ​ពួកគេ​ចេញ ។

រូបភាព
ឡាបាន់​ចង្អុល

ឡាបាន់​បាន​ប្រាប់​មនុស្ស​របស់​គាត់​ឲ្យ​សម្លាប់​ពួក​កូនៗ​របស់​លីហៃ ។ នីហ្វៃ និង​បងៗ​របស់​លោក​បាន​រត់​គេច ហើយ​លាក់​ខ្លួន​នៅក្នុង​រូង​ថ្ម ។ ឡាបាន់​បាន​យក​មាស និង​ប្រាក់​របស់​ពួកគេ ។

រូបភាព
លេមិន និង​លេមយួល​វាយ​នីហ្វៃ និង​សាំ

លេមិន និង​លេមយួល​ខឹង​នឹង​នីហ្វៃ ។ ពួកគេ​បាន​វាយ​នីហ្វៃ និង​សាំ​ដោយ​រំពាត់ ។

រូបភាព
ទេវតា​បង្ហាញ​ព្រះកាយ

ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​មក ហើយ​ប្រាប់​លេមិន និង​លេមយួល​ឲ្យ​ឈប់ ។ ទ្រង់​មាន​បន្ទូល​ថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ​ឲ្យ​យក​ផ្ទាំង​លង្ហិន​បាន ។ ទ្រង់​ក៏​បាន​ថ្លែង​ថា នីហ្វៃ​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​លើ​បងៗ​របស់​លោក ។

រូបភាព
នីហ្វៃ​និយាយ​ទៅ​កាន់​បងៗ

នីហ្វៃ​បាន​ប្រាប់​បងៗ​របស់​លោក​ឲ្យ​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ហើយ​កុំ​ឲ្យ​ខ្លាច​ឡាបាន់ និង​មនុស្ស​របស់​គាត់​ឡើយ ។ នីហ្វៃ​បាន​លើក​ទឹកចិត្ត​បងៗ​របស់​គាត់​ឲ្យ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ។

រូបភាព
នីហ្វៃ និង​បងៗ​របស់​គាត់​លាក់​ខ្លួន

នា​រាត្រី​នោះ បងៗ​របស់​នីហ្វៃ​លាក់​ខ្លួន​នៅ​ខាង​ក្រៅ​កំផែង​ទីក្រុង ខណៈ​ដែល​នីហ្វៃ​ដើរ​លបៗ​ចូល​ទៅ​ក្នុង​ទីក្រុង ។ គាត់​បាន​ដើរ​សំដៅ​ទៅ​រក​ផ្ទះ​ឡាបាន់ ។

រូបភាព
ឡាបាន់​ស្រវឹង​ស្រា

ពេល​នីហ្វៃ​បាន​ទៅ​ជិត​ដល់​ផ្ទះ​ឡាបាន់ នោះ​លោក​បាន​ឃើញ​បុរស​ស្រវឹង​ស្រា​ម្នាក់​កំពុង​ដេក​នៅលើ​ដី ។ បុរស​នោះ​គឺ​ជា​ឡាបាន់ ។

រូបភាព
នីហ្វៃ​យក​ដាវ​របស់​ឡាបាន់

នីហ្វៃ​បាន​ឃើញ​ដាវ​របស់​ឡាបាន់ ហើយ​បាន​រើស​វា​ឡើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​នីហ្វៃ​ឲ្យ​សម្លាប់​ឡាបាន់ ប៉ុន្តែ​នីហ្វៃ​ពុំ​ចង់​សម្លាប់​គាត់​ឡើយ ។

រូបភាព
នីហ្វៃ​សម្លាប់​ឡាបាន់

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​នីហ្វៃ​ម្តង​ទៀត​ឲ្យ​សម្លាប់​ឡាបាន់ ដើម្បី​ឲ្យ​នីហ្វៃ​អាច​យក​ផ្ទាំង​លង្ហិន​នោះ​បាន ។ គ្រួសារ​របស់​លីហៃ​ត្រូវការ​ផ្ទាំង​នោះ​ដើម្បី​ឲ្យ​ពួកគេ​អាច​រៀន​ដំណឹង​ល្អ ។

រូបភាព
នីហ្វៃ​ស្លៀក​សម្លៀកបំពាក់​របស់​ឡាបាន់

នីហ្វៃ​បាន​គោរព​ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​បាន​សម្លាប់​ឡាបាន់ ។ បន្ទាប់​មក នីហ្វៃ​បាន​ស្លៀក​សម្លៀកបំពាក់ និង​គ្រឿង​ការពារ​ខ្លួន​របស់​ឡាបាន់ ។

រូបភាព
នីហ្វៃ​ក្លែង​ធ្វើ​ជា​ឡាបាន់

នីហ្វៃ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឡាបាន់ ហើយ​បាន​ជួប​សូរាំ​ជា​អ្នក​បម្រើ​របស់​ឡាបាន់ ។ នីហ្វៃ​មាន​ភិនភាគ និង​សំឡេង​ដូច​ឡាបាន់ ។

រូបភាព
នីហ្វៃ និង សូរាំ

លោក​បាន​ប្រាប់​សូរាំ​ឲ្យ​យក​ផ្ទាំង​លង្ហិន ។ សូរាំ​បា​ន​គិត​ថា នីហ្វៃ​គឺ​ជា​ឡាបាន់ ដូច្នេះ​គាត់​បាន​ឲ្យ​ផ្ទាំង​នោះ​ទៅ​លោក ។ នីហ្វៃ​បាន​ប្រាប់​សូរាំ​ឲ្យ​ដើរ​តាម​លោក ។

រូបភាព
នីហ្វៃ និង សូរាំ

លេមិន លេមយួល និង សាំ បាន​ឃើញ​នីហ្វៃ​កំពុង​ដើរ​សំដៅ​មក ហើយ​មាន​ការភ័យ​ខ្លាច ពួកគេ​បាន​គិត​ថា លោក​គឺ​ជា​ឡាបាន់ ។ ពួកគេ​បាន​ចាប់ផ្តើម​រត់​គេច​ចេញ ប៉ុន្តែ​បាន​ឈប់​នៅពេល​នីហ្វៃ​បាន​ហៅ​ពួកគេ ។

រូបភាព
នីហ្វៃ និង សូរាំ

ក្រោយ​មក សូរាំ​បាន​ដឹង​ថា​នោះ​គឺជានីហ្វៃ​ពុំមែន​ជា​ឡាបាន់​ឡើយ ហើយគាត់​បាន​ព្យាយាម​រត់​គេច ។ នីហ្វៃ​បាន​ចាប់​សូរាំ​ជាប់ ហើយ​សន្យា​ថា​មិន​ធ្វើ​បាប​គាត់​ឡើយ ប្រសិនបើ​គាត់​នឹង​ទៅ​ទីរហោស្ថាន​ជាមួយ​នឹង​នីហ្វៃ ។

រូបភាព
សូរាំ និង​បងប្អូន​ប្រុស

សូរាំ​បាន​យល់​ព្រម ។ នីហ្វៃ និង​បងៗ​របស់​លោក​បាន​យក​សូរាំ និង​ផ្ទាំងលង្ហិន​នោះ ហើយ​ត្រឡប់​ទៅ​រក​លីហៃ និង​សារ៉ាយ​វិញ ។

រូបភាព
លីហៃ និង​សារ៉ាយ​មាន​ចិត្ត​រីករាយ

ពួកគេ​បាន​ប្រគល់​ផ្ទាំង​លង្ហិន​ជូន​លីហៃ ។ លីហៃ និង​សារ៉ាយ​មាន​ចិត្ត​រីករាយ​ដែល​កូនៗ​របស់​ពួកគាត់​មាន​សុវត្ថិភាព ។ ពួកគេ​ទាំងអស់​គ្នា​បាន​រីករាយ ហើយ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ ។

រូបភាព
លីហៃ​អាន​ឲ្យ​កូនៗ​ស្តាប់

លីហៃ​បាន​អាន​ផ្ទាំង​លង្ហិន​នោះ ។ ផ្ទាំង​ទាំង​នោះ​បាន​ប្រាប់​អំពី​អ័ដាម និង​អេវ៉ា និង​ការបង្ក​បង្កើត​នៃ​ពិភពលោក ។ ផ្ទាំង​ទាំង​នោះ​មាន​នូវ​ប្រសាសន៍​របស់​ពួកព្យាការី​ជា​ច្រើន ។

រូបភាព
លីហៃ និង នីហ្វៃ

លីហៃ និង​នីហ្វៃ​មាន​ចិត្ត​រីករាយ ដោយសារ​ពួក​លោក​បាន​គោរព​ធ្វើតាម​ព្រះអម្ចាស់ ហើយ​អាច​យក​បាន​ផ្ទាំង​លង្ហិន​នោះ ។

រូបភាព
លីហៃ​ខ្ចប់​ផ្ទាំង

គ្រួសារ​របស់លីហៃ​ខ្ចប់​ផ្ទាំង​លង្ហិន​នោះ​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ពួកគេ ដើម្បី​ពួកគេ​អាច​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​បាន​កត់ត្រា​នៅលើ​ផ្ទាំង​នោះ ។​