ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ២០ ៖ អាលម៉ា និង នីហូរ


ជំពូកទី ២០

អាលម៉ា និង នីហូរ

រូបភាព
អាលម៉ា​ជា​កូន​ជាមួយ​នឹង​មនុស្ស​ដទៃ

ពីមុន​ស្តេច​ម៉ូសាយ​សុគត​ទៅ ពួកសាសន៍​នីហ្វៃ​បាន​ជ្រើសរើស​ចៅក្រម​ដើម្បី​ដឹកនាំ​ពួកគេ ។ អាលម៉ា​ជា​កូន​បាន​ក្លាយ​ជា​មេ​ចៅក្រម​ទីមួយ ។ លោក​ក៏​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​ផង​ដែរ ។

រូបភាព
នីហូរ​កំពុង​បង្រៀន​សេចក្តីកុហក

បុរស​ម្នាក់​មាន​មាឌ​ធំ​រឹងមាំ​ឈ្មោះ​នីហូរ បាន​ចាប់ផ្តើម​បង្រៀន​សេចក្តីកុហក ។ គាត់​បាន​និយាយ​ថា មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​សង្គ្រោះ ទោះបី​ពួកគេ​ល្អ ឬ​អាក្រក់​ក្តី ។ មនុស្ស​ជាច្រើន​បាន​ជឿ​តាម​នីហូរ ។

រូបភាព
គេឌាន និង នីហូរ

នីហូរ​បាន​ផ្សាយ​ទាស់​នឹង​សាសនាចក្រ​របស់​ព្រះ ប៉ុន្តែ​បុរស​សុចរិត​ម្នាក់​ឈ្មោះ​គេឌាន​បាន​ការពារ​រឿង​នោះ ។ នីហូរ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​គេឌាន ប៉ុន្តែ​គេឌាន​បាន​និយាយ​ដោយ​ព្រះបន្ទូល​នៃ​ព្រះ ។

រូបភាព
នីហូរ​សម្លាប់​គេឌាន

នីហូរ​បាន​ខឹង​សម្បារ ហើយ​បាន​ដក​ដាវ​របស់​គាត់​សម្លាប់​គេឌាន ។

រូបភាព
គេ​ចាប់​នីហូរ​យក​ទៅ​ឲ្យ​អាលម៉ា

នីហូរ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ឲ្យ​អាលម៉ា​ដើម្បី​កាត់​ទោស ។ នីហូរ​បាន​ការពារ​ខ្លួន​គាត់​យ៉ាង​ក្លាហាន ។

រូបភាព
អាលម៉ា និង នីហូរ

ប៉ុន្តែ​អាលម៉ា​បាន​និយាយ​ថា នីហូរ​មាន​ទោស ដោយសារ​គាត់​បាន​បង្រៀន​ប្រជាជន​ឲ្យ​ក្លាយ​ជា​ទុច្ចរិត ហើយ​បាន​សម្លាប់​គេឌាន ។

រូបភាព
អាលម៉ា

អាលម៉ា​បាន​និយាយ​ថា នីហូរ​ត្រូវ​តែ​ទទួល​ទោស​ដោយសារ​តែ​ការសម្លាប់​គេឌាន ។ យោង​ទៅ​តាម​ច្បាប់ នីហូរ​ត្រូវ​ស្លាប់ ។

រូបភាព
នីហូរ​ត្រូវ​យក​ទៅ​សម្លាប់

នីហូរ​ត្រូវ​បាន​យក​ទៅ​ក្បែរ​កូន​ភ្នំ​មួយ ហើយ​សម្លាប់​ចោល ។ ពីមុន​គាត់​ស្លាប់ គាត់​បាន​និយាយ​ថា អ្វីៗ​គ្រប់​យ៉ាង​ដែល​គាត់​បាន​បង្រៀន​គឺ​ខុស​ឆ្គង ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​តែ​ជឿ​លើ​ការបង្រៀន​ដ៏​ទុច្ចរិត​របស់​នីហូរ ។

រូបភាព
មនុស្ស​ត្រូវបាន​គេ​ចំអក

មនុស្ស​ទាំង​នេះ​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ហើយ​ពុំ​គោរព​តាម​បទបញ្ញត្តិ​ព្រះ​ឡើយ ។ ពួកគេ​សើច​ចំអក​ដាក់​សមាជិក​សាសនាចក្រ ហើយ​ឈ្លោះ​ប្រកែក និង​វាយ​ពួកគេ ។

រូបភាព
គូ​ស្វាមី​ភរិយា​ត្រូវ​បាន​គេ​សើចចំអក

ពួក​ប្រជាជន​សុចរិត​បាន​បន្ត​គោរព​តាម​បទបញ្ញត្តិ ហើយ​ពុំ​រអ៊ូរទាំ​ឡើយ ទោះបី​ជា​នៅពេល​ដែល​អ្នកដើរ​តាម​នីហូរ​ធ្វើ​បាប​ពួកគេ​ក្តី ។

រូបភាព
មនុស្ស​ចែក​រំលែក

សមាជិក​សាសនាចក្រ​បាន​ចែក​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​មាន​ជាមួយ​អ្នក​ទ័លក្រ ហើយ​ពួកគេ​មើល​ថែ​អ្នក​ឈឺ ។ ពួកគេ​បាន​គោរព​ព្រះបញ្ញត្តិ ហើយ​ព្រះ​បាន​ប្រទានពរ​ពួកគេ ។