ឆ្នាំ ២០១០-២០១៩
ការទទួលបាន​ទីបន្ទាល់​នៃ​ពន្លឺ និង សេចក្ដីពិត
១០ 2014


ការទទួលបាន​ទីបន្ទាល់​នៃ​ពន្លឺ និង សេចក្ដីពិត

ទីបន្ទាល់​នៃ​ពន្លឺ និង​សេចក្ដីពិត​ផ្ទាល់ខ្លួន​របស់​បងប្អូន​នឹង​ពុំ​គ្រាន់តែ​ប្រទានពរ​ដល់​បងប្អូន និង​ពូជពង្ស​បងប្អូន​នោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​នៅ​ជាមួយ​បងប្អូន​រហូតដល់​អស់កល្បផងដែរ​។

ក្នុងនាមជា​អ្នក​បើកយន្តហោះ ខ្ញុំ​បាន​មាន​បទពិសោធន៍​បើក​រយៈពេល​ច្រើន​ម៉ោង​ឆ្លងកាត់​ទ្វីប និង​មហាសមុទ្រ​ក្នុង​ស្បៃអន្ធកាល​នា​ពេល​រាត្រី ។​​​​​​ ពេល​សម្លឹង​ទៅ​វេហា​អាកាស​ពេល​រាត្រី​តាម​បង្អួច​នៃ​ការ​ប៊ីន​អ្នក​បើក​យន្តហោះ ជា​ពិសេស​កាឡាក់ស៊ី មីលគី វេយ៍ តែង​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញើច​ចំពោះ​ភាពមហាសាល និង​ស៊ីជម្រៅ​នៃ​ការបង្កើត​របស់​ព្រះ—គឺ​អ្វី​ដែល​ព្រះគម្ពីរ​ពិពណ៌នា​ថា​ជា «ពិភពលោក​ដ៏​ច្រើន​ឥត​គណនា» ។1

ជិត​មួយ​សតវត្ស​ហើយ​ដែល​តារាវិទូ​ភាគច្រើន​សន្មត់​ថា កាឡាក់ស៊ី មីលគី វេយ៍ គឺ​ជា​កាឡាស៊ី​តែ​មួយ​ក្នុង​ពិភពចក្រវាឡ ។2 ពួកគេ​សន្មត់​ថា​អ្វី​ផ្សេង​ក្រៅ​កាឡាក់ស៊ី​យើង​នេះ គឺ​ជា​ធាតុ​ឥតរូបរាង​ច្រើន​សន្ធឹក ជា​លំហ​គ្មាន​ទី​បញ្ចប់—ទទេស្អាត ត្រជាក់ គ្មាន​តារា ពន្លឺ និង​ជីវិត​ឡើយ ។

ពេល​កែវយឺត​កាន់តែ​វិវឌ្ឍន៍​ទៅ—រួមទាំង​កែវយឺត​ដែល​អាច​មើល​ទៅ​ក្នុង​លំហ​បាន—នោះ​តារាវិទូ​ចាប់ផ្ដើម​ដឹង​ពី​សេចក្ដីពិត​ដ៏​អស្ចារ្យ ស្ទើរតែ​មិន​អាច​យល់​បាន​ថា ៖ ពិភពចក្រវាឡ​នេះ​គឺ​មហាសាល​ជាង​អ្វី​ដែល​មនុស្ស​សន្មត់​ទៅ​ទៀត ហើយ​​ស្ថានសួគ៌​ពេញ​ទៅដោយ​​កាឡាក់ស៊ី​ច្រើន​ឥត​គណនា មិន​អាច​គិត​ស្មាន​ដល់​ថា​នៅ​សែន​ឆ្ងាយ​ពី​យើង កាឡាក់​ស៊ី​នីមួយៗ​មាន​តារា​រាប់រយ​កោដិ ។3

ក្នុង​រយៈពេល​ដ៏​ខ្លី ការយល់ដឹងរបស់​យើង​ពី​ចក្រវាឡបាន​​ផ្លាស់ប្ដូរ​ជារៀង​រហូត ។

សព្វ​ថ្ងៃ យើង​អាច​មើល​ឃើញ​កាឡាក់ស៊ី​ឆ្ងាយៗ​ទាំងនេះ​ខ្លះ ។4

យើង​ដឹង​ថា​ពួកវា​ស្ថិត​នៅ​ទី​នោះ ។

ពួកវា​ស្ថិត​នៅ​ទី​នោះ​យូរយារ​ណាស់​មក​ហើយ ។

ប៉ុន្តែ​មុន​ពេល​មនុស្ស​រកឃើញ​ឧបករណ៍​ទំនើប​ដើម្បី​មើល​ឃើញ​ពន្លឺ​នភាល័យ និង​កាឡាក់ស៊ី​ទាំងនេះ យើង​មិន​ជឿ​ថា​រឿង​ដូចនេះ​អាច​ទៅ​រួច​នោះ​ទេ ។

ភាពមហាសាល​នៃ​ចក្រវាឡ​ពុំ​ផ្លាស់ប្ដូរ​ឡើយ គឺ​សមត្ថភាព​យើង​ដើម្បី​មើល​ឃើញ ហើយ​យល់ដឹង​ពី​សេចក្ដីពិត​ទៅ​វិញ​ទេ​ដែល​ផ្លាស់ប្ដូរ​ជានិច្ច​នោះ ។ ដោយ​នូវ​ចំណេះដឹង​នោះ​ហើយ ទើប​មនុស្ស​ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​ទិដ្ឋភាព​ដ៏​រុងរឿង ដែល​យើង​គិត​ស្មានមិន​ដល់ ។

វា​ពិបាក​ដើម្បី​ជឿ​លើ​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ ។

ឧបមា​ថា​បងប្អូន​អាច​បង្វិល​ពេល​វេលា​ថយ​ក្រោយ ហើយ​សន្ទនា​ជាមួយ​មនុស្ស​ដែល​បាន​រស់​កាល​ពី​មួយ​ពាន់ ឬ​រាប់រយ​ឆ្នាំ​មុន ។ ស្រមៃ​ថា​បងប្អូន​ព្យាយាម​ប្រាប់​ពួកគាត់​ពី​បច្ចេកវិទ្យា​ទំនើប​មួយ​ចំនួន​ដែល​បងប្អូន និង​ខ្ញុំ​គិត​ថា​ជា​រឿង​ធម្មតា​សព្វថ្ងៃ​នេះ ។ ឧទាហរណ៍ តើ​ពួកគាត់​អាច​គិត​ដូចម្ដេច​បើ​យើង​ប្រាប់​ពី​រឿង​យន្តហោះ ចាំបូ ជែតស៍ ម៉ាស៊ីន​កំដៅ​ម្ហូប ឧបករណ៍​កាន់​នឹង​ដៃ​ដែល​មាន​បណ្ណាល័យ​ឌីជីថល​ដ៏​ធំ និង​វីដេអូ​ដែល​ចៅៗ​យើង​ចែកចាយ​ជាមួយ​មនុស្ស​រាប់លាន​នាក់​ទូទាំង​ពិភពលោក​នោះ ?

អ្នក​ខ្លះ​អាច​ជឿ​យើង ។ មនុស្ស​ភាគ​ច្រើន​អាច​ចំអក ទំទាស់ ឬ​ទំនង​ជា​ព្យាយាម​បញ្ឈប់ ឬ​ធ្វើ​ទុក្ខទោស​ដល់​យើង​ផង ។ អ្នក​ខ្លះ​អាច​លើក​ឡើង​ពី​ភាព​សម​ហេតុផល សេច​ក្ដី​សំអាង​​ និង​ដំណើរដើមទង​ដោយ​ដឹង​ថា​វា​នឹង​បង្ហាញ​ថា​យើង​គឺ​ជា​អ្នក​មាន​គំនិត​ខុសឆ្គង លីលា ឬ​គ្រោះថ្នាក់​ទៀត​ផង ។ ពួកគេ​អាច​ផ្ដន្ទាទោស​យើង​កុំ​ឲ្យ​នាំ​អ្នក​ដទៃ​ទៀត​ឲ្យ​វង្វេង ។

ប៉ុន្តែ​ប្រាកដណាស់ មនុស្ស​ទាំងនេះ​ពិត​ជា​យល់ខុស​ហើយ ។ ពួកគេ​អាច​មាន​ចិត្ត​ចង់​ជួយ ហើយ​ស្មោះត្រង់ ។ ពួកគេ​អាច​គិត​ការយល់ឃើញ​គេ​គឺ​ត្រឹមត្រូវ ។ តែ​គេ​ពុំ​អាច​មើល​ឃើញ​យ៉ាង​ជាក់ច្បាស់​ទេ ព្រោះ​គេ​ពុំ​ទាន់​ទទួល​បាន​ពន្លឺកាន់តែ​ពេញលេញ​នៃ​សេចក្ដី​ពិត​ ​នៅ​ឡើយ ។

ការសន្យា​នៃ​ពន្លឺ

វា​ហាក់ដូចជា​និស្ស័យ​មួយ​នៃ​មនុស្ស​ដើម្បី​សន្មត់​ថា​យើង​ធ្វើ​ត្រូវ​ទោះជា​ពេល​យើង​ធ្វើ​ខុស​ក៏​ដោយ ។ ហើយ​បើ​នោះ​ជា​ការពិត តើ​សេចក្ដី​សង្ឃឹម​បែប​ណា​ទៅ​ដែល​មាន​សម្រាប់​យើង ? តើ​យើង​កំណត់​ជោគ​វាសនា​ខ្លួន​ឲ្យ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នៃ​គំនិតឈ្លោះ​ប្រកែក​រស់​ដោយពុំ​ដឹង​ការ​ពិត ហើយ​គ្រាន់​តែ​ប្រមូល​គំនិត​នេះ​បន្តិច គំនិត​នោះ​បន្តិច​ដាក់​ចូល​គ្នា តាម​អ្វី​ដែល​អ្នក​ឃើញប្រចាំ​ថ្ងៃ​ឬ ​?

តើ​វា​ទៅ​រួច​ទេ​ដើម្បី​រក​ឲ្យ​ឃើញ​សេចក្ដី​ពិត?​​

គោលបំណង​នៃ​សុន្ទរកថា​ខ្ញុំ​គឺ​ដើម្បី​ប្រកាស​ពី​សារលិខិត​ដ៏​មាន​អំណរ​ថា​ព្រះ​ទ្រង់​​ផ្ទាល់—ជា​ព្រះអម្ចាស់​នៃ​ពួកពល​បរិវារ ដែល​ជ្រាប​ពី​សេចក្ដី​ពិត​គ្រប់យ៉ាង—បាន​ប្រទាន​ដល់​បុត្រាបុត្រី​ទ្រង់​នូវ​ការសន្យា​ដែល​គេ​អាច​ស្គាល់​សេចក្ដីពិត​ដោយ​ខ្លួនឯង​បាន ។​

សូម​ពិចារណា​ពី​សារៈសំខាន់​នៃ​ការសន្យា​នេះ​ថា ៖​​

ព្រះ​ដ៏​អស់កល្ប និង​មាន​គ្រប់​ព្រះចេស្ដា ជា​អង្គ​បង្កបង្កើត​នៃ​ពិភពចក្រក្រវាឡ​ដ៏​មហាសាល​នេះ នឹង​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដែល​ទៅ​រក​ទ្រង់​ដោយ​មាន​ចិត្ត​ស្មោះសរ និង​ស្មោះ​អស់​ពី​ចិត្ត ។​​​

ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​គេ​ក្នុង​សុបិន ទស្សនៈនិមិត្ត គំនិត និង​អារម្មណ៍ ។​​

ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​គេ​តាម​របៀប​ឥតខ្ចោះ ហើយ​ដែល​ពង្រីក​ដល់​បទពិសោធន៍​មនុស្ស​លោក ។​​ ទ្រង់​នឹង​ប្រទាន​ដល់​គេ​នូវ​ការណែនាំ និង​ចម្លើយ​ដ៏​ទេវភាព​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​គេ ។​​

ពិតណាស់ នឹង​មាន​អ្នក​ដែល​ចំអក ហើយ​ពោល​ថា​រឿង​ដូចនេះ​ពុំ​អាច​ទៅ​រួច​ឡើយ បើ​មាន​ព្រះ​មែន ទ្រង់​នឹង​មាន​រឿង​ប្រសើរ​ជាង​នេះ​ដើម្បី​ធ្វើ​ជាង​ការព្រះសណ្ដាប់ ហើយ​ឆ្លើយ​តប​រាល់​ការអធិស្ឋាន​របស់​មនុស្ស ។​​

តែ​ខ្ញុំ​សូម​ប្រាប់​បងប្អូន​ថា ៖​​ ព្រះ​ពិត​ជា​ខ្វាយខ្វល់​ពី​បងប្អូន ។​​ ទ្រង់​នឹង​ព្រះសណ្ដាប់ ហើយ​ឆ្លើយតប​រាល់​សំណួរបង​​ប្អូន ។​​ ចម្លើយ​ចំពោះ​ការអធិស្ឋាន​នឹង​ប្រទាន​ឲ្យ​ស្រប​តាម​វេលា​របស់​ទ្រង់ និង​តាម​ផ្លូវ​របស់​ទ្រង់ ដូច្នេះ​បងប្អូន​ត្រូវ​រៀន​ស្ដាប់​ព្រះសូរសៀង​ទ្រង់ ។​​ ព្រះ​មាន​ព្រះទ័យ​ឲ្យ​បងប្អូន​ស្វែងរក​មាគ៌ា​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ហើយ​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​មាគ៌ា​នោះ​ឯង ។5 ព្រះ​មាន​ព្រះទ័យ​ឲ្យ​បងប្អូន​រៀន​ពី​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដកពិសោធន៍​នៃ​ភាពសុខសាន្ត និង​សេចក្ដី​អំណរ​ដ៏​ជ្រាលជ្រៅ​ដែល​បាន​មក​ពី​ការដើរតាម​មាគ៌ា​នៃ​ភាពជាសិស្ស​របស់​ព្រះ ។​​

មិត្ត​ជា​ទី​ស្រឡាញ់ខ្ញុំ​អើយ នេះ​ជា​ការដកពិសោធន៍​ងាយយល់​ដ៏​ស្មើភាព​មួយ​ដោយ​មាន​ការអះអាង​ពី​ព្រះ ដែល​ចែង​ក្នុង​ព្រះគម្ពីរ​ពី​បុរាណ​មាន​សម្រាប់​គ្រប់​បុរស ស្ត្រី និង​កុមារ​ដែល​ចង់​សាកល្បង​វា ។​​

ទីមួយ បងប្អូន​ត្រូវ​ស្វែងយល់​ពី​ព្រះបន្ទូល​ព្រះ ។​​ នោះ​មាន​ន័យថា​ត្រូវ​អាន​ព្រះគម្ពីរ ហើយ​សិក្សា​ប្រសាសន៍​ពួកព្យាការីបុរាណ និង​សម័យ​ទំនើប​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ—ពុំ​មែន​ដោយ​ចេតនា​សង្ស័យ ឬ​ទិតៀន​ឡើយ តែ​ដោយ​បំណង​ស្មោះ​ក្នុង​ស្វែងរក​សេចក្ដីពិត ។​​ សូម​គិត​ពី​អ្វី​ដែល​មាន​ក្នុង​អារម្មណ៍ ហើយ​ត្រៀមខ្លួន​ទទួល​យក​សេចក្ដី​ពិត ។6 «បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ​ក្រៅ​ពី​ការចង់ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក​… ដល់​អ្នក​អាច​ទុក​កន្លែង​មួយ​សម្រាប់ [ព្រះបន្ទូលព្រះ] មួយ​ភាគ​ចុះ» ។7

ទី​ពីរ បងប្អូន​ត្រូវ​ពិចារណា រិះគិត ខិតខំជឿ​ដោយ​ពុំ​មាន​ការភិតភ័យ8 ហើយ​មាន​អំណរគុណ​ពី​សេចក្ដី​មេត្តា​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បុត្រាបុត្រី​ទ្រង់​ពី​ជំនាន់​អ័ដាម​ដល់​សព្វថ្ងៃ​ ដោយ​ប្រទាន​ពួកព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ ដើម្បី​ដឹកនាំ​សាសនាចក្រ​ទ្រង់ ហើយ​ជួយ​យើង​ឲ្យ​ស្វែងរក​មាគ៌ា​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។​​

ទីបី បងប្អូន​ត្រូវទូល​​សូម​ព្រះវរបិតាសួគ៌ ដោយ​នូវ​ព្រះនាម​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ទ្រង់​សម្ដែង​សេចក្ដីពិត​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដល់​បងប្អូន ។ សូម​សួរ​ដោយ​មាន​ចិត្ត​ស្មោះសរ និង​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។9

ក៏​មាន​ជំហានទីបួន ដែល​ប្រទានដល់​យើង​​ដោយ​ព្រះអង្គ​សង្គ្រោះ​ដែរ​គឺ ៖​​ «បើ​អ្នក​ណា​ចង់​ធ្វើតាម [​ព្រះហឫទ័យ​] ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ» ។10 អាច​និយាយ​បាន​ថា ពេល​បងប្អូន​ព្យាយាម​បង្ហាញ​ជំនឿ​លើ​សេចក្ដី​ពិត​នៃ​គោលការណ៍​ដំណឹងល្អ បងប្អូន​ត្រូវ​រស់តាម​វា​ជាមុន​សិន ។​​​​ សូម​ដាក់​គោលលទ្ធិ​នៃ​ដំណឹងល្អ និង​ការបង្រៀន​ទាំងឡាយ​ក្នុង​សាសនាចក្រ​ជា​ការសាកល្បង​ក្នុង​ជីវិតបង​ប្អូន ។​​ សូម​ធ្វើ​វា​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​កាន់ខ្ជាប់​សេចក្ដី​ជំនឿ​លើ​ព្រះ ។

បើ​បងប្អូន​ប្រព្រឹត្ត​តាម​ការណ៍​ទាំងនេះ បងប្អូន​នឹង​បាន​ការសន្យា​ពី​ព្រះ—ជា​អង្គ​ដែល​រក្សា​សន្យា11—ថា​ទ្រង់​នឹង​សម្ដែង​សេចក្ដីពិត​ដល់​បងប្អូន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​ពន្លឺ​បំភ្លឺ​​ផ្លូវ​​​​ឲ្យ​បងប្អូនដើរឆ្លងកាត់​ភាព​ងងឹត​ ហើយ​ឃើញ​នូវ​ទិដ្ឋភាពរុងរឿង​ដោយ​គិត​ស្មាន​មិន​ដល់​ដែល​ចក្ខុវិស័យ​នៃ​ជីវិត​រមែង​ស្លាប់​មិន​អាច​យល់​បាន ។

អ្នក​ខ្លះ​អាច​ពោល​ថា​ជំហាន​ទាំងនោះ​ពិបាក​ពេក ឬ​ថាវា​គ្មាន​តម្លៃ​ក្នុង​ការ​ប្រឹង​ប្រែង​នោះ​ទេ ។ តែ​ខ្ញុំ​សូម​ណែនាំ​ថា​ទីបន្ទាល់​ផ្ទាល់ខ្លួន​ពី​​ដំណឹងល្អ និង​​សាសនាចក្រនេះ ​គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​ដែល​បងប្អូន​អាច​មាន​ក្នុង​ជីវិត​នេះ ។ វា​ពុំ​គ្រាន់​តែ​ប្រទានពរ ហើយ​ដឹកនាំ​បងប្អូន​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​ជីវិត​បងប្អូន​រហូត​ដល់​ភាពអស់កល្បផងដែរ ។

កិច្ចការ​នៃ​ព្រះវិញ្ញាណ​អាច​យល់​បាន​តែ​តាម​រយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ

ពួក​អ្នក​វិទ្យាសាស្ត្រ​មិន​បាន​យល់​ពី​ទំហំ​នៃ​ចក្រវាឡឡើយ រហូត​ដល់​ឧបករណ៍​នានា​កាន់តែ​វិវឌ្ឍន៍​​ល្មមគ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ចំណេះ​កាន់តែ​ច្រើន ទើប​ពួកគេ​អាច​យល់​សេចក្ដី​ពិត​ពេញលេញ​កាន់តែ​ប្រសើរ ។

សាវក ប៉ុល បាន​បង្រៀន​គោលការណ៍​ស្រដៀង​គ្នា​មួយ​ស្ដីពី​ចំណេះដឹង​ខាង​វិញ្ញាណ ។ លោក​បាន​សរសរ​ទៅ​កាន់​ពួក​កូរិនថូស​ថា «មនុស្ស​ខាង​សាច់ឈាម​គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះវិញ្ញាណ​នៃ​ព្រះ​ទេ ពីព្រោះ​ជា​សេចក្ដី​ល្ងង់ល្ងើ​ដល់​គេ ៖ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំងនោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ» ។12

ម្យ៉ាង​ទៀត​បើ​បងប្អូន​ចង់​ស្គាល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ បងប្អូន​ត្រូវ​ប្រើ​របៀប​ដ៏​ត្រឹមត្រូវ ។ បងប្អូន​ពុំ​អាច​បង្កើន​ការយល់ពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដោយ​របៀប​ដែល​ពុំ​អាច​រកឃើញ​ភស្ដុតាង​បាន​នោះ​ទេ ។

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​ក្នុង​សម័យ​នេះ​ថា ៖ «អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ » ។13

បើ​យើង​កាន់តែ​បង្វែរ​ចិត្ត និង​គំនិត​យើង​ទៅ​រក​ទ្រង់ នោះ​ពន្លឺ​នៃ​សា្ថនសួគ៌​នឹង​បំភ្លឺ​ដល់​ព្រលឹង​យើង ។ ហើយរាល់​ពេល​ដែល​យើង​ស្វែងរក​ពន្លឺ​ដោយ​ពេញចិត្ត និង​ស្មោះត្រង់ នោះ​យើង​បង្ហាញ​ដល់​ព្រះ​ពី​ភាពរួចរាល់​ដើម្បី​ទទួលបាន​ពន្លឺ​បន្ថែមទៀត ។ បន្តិចម្ដងៗ រឿង​ដែល​ពី​មុន​ហាក់​ដូចជា​ស្រពិចស្រពិល ងងឹតស្លុង ដាច់សង្វែង នឹង​ប្រែជាភ្លឺ​ចំពោះ​​យើង ។

តាម​របៀប​ដូច​គ្នា​ដែរ បើ​យើង​ដក​ខ្លួន​ចេញ​ពី​ពន្លឺ​នៃ​ដំណឹងល្អ ពន្លឺ​ផ្ទាល់ខ្លួន​យើង​នឹង​ចាប់ផ្ដើម​ស្រអាប់—ពុំ​មែន​តែ​មួយ​ថ្ងៃ ឬ​មួយ​សប្ដាហ៍​នោះ​ទេ គឺ​បន្តិចម្ដង—រហូត​ដល់​យើង​ក្រឡេក​មើល​ក្រោយ ហើយ​ពុំ​អាច​យល់​ថា​ហេតុអ្វី​បាន​ជា​យើង​ជឿ​ថា​ដំណឹងល្អ​ពិតនោះ​ឡើយ ។ ចំណេះដឹង​​ពី​មុន​របស់យើង​អាច​មើល​ទៅ​ដូចជា​លីលា ព្រោះ​វា​ធ្លាប់​ច្បាស់លាស់​ម្ដង ហើយ​បែរ​ជា​ស្រអាប់ ស្រពិចស្រពិល និង​ដាច់សង្វែង​ទៅ​វិញ ។

នេះ​ជា​មូលហេតុ​ដែល ប៉ុល ម៉ឺងម៉ាត់​ក្នុង​សារលិខិត​លោក​ពី​ដំណឹងល្អ​ថា​ជា​សេចក្ដី​ចម្កួត​ដល់​អស់​អ្នក​ដែល​កំពុងតែ​វិនាស «តែ​ជា​ព្រះចេស្ដា​នៃ​ព្រះ​ដល់ [ជន​ដែល] កំពុង​បាន​សង្គ្រោះ​វិញ» ។14

គ្មាន​ការសាកល្បង​ខាង​ការវិនិច្ឆ័យ​ឡើយ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​កន្លែង​ឲ្យ​មនុស្ស​មាន​ទីបន្ទាល់​គ្រប់​ប្រភេទ ។ មាន​សមាជិក​ខ្លះ​មាន​ទីបន្ទាល់​ដែល​រឹងមាំ ហើយ​ជះ​រស្មី​ត្រ​ចះ​ត្រចង់​យ៉ាង​ខ្លាំង ។​​ សមាជិក​ខ្លះ​ទៀត​នៅ​តែ​ព្យាយាម​ស្គាល់​ដោយ​ខ្លួនឯង ។​​ សាសនាចក្រ​គឺ​ជា​គេហដ្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​មិន​ថា​ទីបន្ទាល់​គេ​រឹងមាំ ឬ​អត់​នោះ​ទេ ។​​ សាលាប្រជុំ​យើង​ពុំ​មាន​បិទ​ផ្លាក​ថា «ទីបន្ទាល់​បងប្អូន​ត្រូវតែ​រឹងមាំ​កម្រិត​នេះ​ទើប​អាច​ចូលរួម​បាន» នោះ​ទេ ។​​

សាសនាចក្រ​ពុំ​មែន​សម្រាប់​តែ​មនុស្ស​គ្រប់លក្ខណ៍​នោះ​ទេ តែ​គឺវា​​សម្រាប់​មនុស្ស​ទាំងអស់ « មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់» ​​។15 សាសនាចក្រ​គឺ​សម្រាប់​មនុស្ស​ដូចជា​បងប្អូន និង​ខ្ញុំ ។ សាសនាចក្រ​ជា​កន្លែង​នៃ​ការស្វាគមន៍ និង​ចិញ្ចឹមបីបាច់ មិនមែន​សម្រាប់​បែងចែក​បក្ខពួក ឬ​ទិតៀន​គ្នា​នោះ​ទេ ។​​ វា​ជា​កន្លែង​ដើម្បី​ឈោង​ទៅ​លើកទឹកចិត្ត លើកតម្កើង ហើយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ទន្ទឹម​នឹង​ពេល​យើង​ស្វែងរក​សេចក្ដីពិត​ដ៏​ទេវភាព​ផ្ទាល់ខ្លួននោះ ។​​

ទីបំផុត​យើង​គឺ​ជា​អ្នក​ដំណើរ​ស្វែងរក​ពន្លឺ​នៃ​ព្រះ​ពេល​យើង​ធ្វើ​ដំណើរ​ស្ថិត​នៅ​លើ​មាគ៌ា​នៃ​ភាពជាសិស្ស ។​​ យើង​ពុំ​ដាក់ទោស​អ្នក​ដទៃ​ចំពោះ​កម្រិត​ពន្លឺ​ដែល​គេ​អាច​មាន ឬ​គ្មាននោះ​ទេ តែ​យើង​ចិញ្ចឹម​បីបាច់ ហើយ​លើកទឹកចិត្ត​ឲ្យ​មាន​ពន្លឺ​ដរាប​វា​ភ្លឺ​ឡើង​ច្បាស់ ត្រចះត្រចង់ ហើយ​ពិតប្រាកដ ។​​

ការសន្យា​សម្រាប់​មនុស្ស​គ្រប់​រូប

សូម​ឲ្យ​យើង​ទទួលស្គាល់​ថា​ភាគច្រើន​ការទទួលបាន​​ទីបន្ទាល់​មួយ​ពុំ​មែន​ជា​កិច្ចការ​មួយ​នាទី មួយ​ម៉ោង ឬ​មួយ​ថ្ងៃ​នោះ​ទេ ។ វា​ពុំមែន​កិច្ចការ​ធ្វើ​ម្ដង​ហើយ​ចប់​នោះ​ឡើយ ។ ដំណើរការ​នៃ​ការស្វែងរក​ពន្លឺ​ខាង​វិញ្ញាណ​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ជីវិត ។

ទីបន្ទាល់​របស់​បងប្អូន​អំពី​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ និង​សាសនាចក្រ​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ​ ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​អាចកើតមានភ្លាមៗ​ដូចជា​បងប្អូន​ចង់​បាន​នោះទេ តែ​ខ្ញុំ​​សន្យា​នឹ​ងបងប្អូន​ថា ៖ បើ​បងប្អូន​ធ្វើ​ចំណែក​របស់​បងប្អូន វា​នឹង​កើត​មាន ។

ហើយ​វា​នឹង​មានភាព​រុងរឿង​ត្រចះត្រចង់ ។

ខ្ញុំ​សូម​ធ្វើ​សាក្សី​ដល់​បងប្អូន​ថា សេចក្តីពិត​ខាង​វិញ្ញាណ​នឹង​បំពេញ​ដួងចិត្ត ហើយ​នាំ​យក​ពន្លឺ​ទៅ​កាន់​វិញ្ញាណ​បងប្អូន ។ វា​នឹង​បើកសម្ដែង​ដល់​បងប្អូន​នូវ​បញ្ញា​ដ៏​សុទ្ធសាធ​ជាមួយ​នឹង​​សេចក្ដី​អំណរ​ធំធេង និង​សន្តិភាព​នៃ​ស្ថានសួគ៌ ។ ខ្ញុំ​បាន​ដកពិសោធន៍​ការណ៍​ដោយ​ផ្ទាល់​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ដូច​ការសន្យា​ក្នុង​ព្រះគម្ពីរ​ពី​បូរាណ នោះ​វត្តមាន​ដែល​មិន​អាច​ថ្លែង​បាន​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះ​នឹង​បណ្ដាល​ឲ្យ​បងប្អូន​ច្រៀង​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ16 ធ្វើ​ឲ្យ​បងប្អូន​សម្លឹង​ទៅ​ស្ថានសួគ៌ ស្រែក​សរសើរ​តម្កើង​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ជា​ទីជម្រក សេចក្ដី​សង្ឃឹម អាណាព្យាបាល និងព្រះបិតា​របស់​បងប្អូន ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា​បើ​បងប្អូន​ស្វែងរក បងប្អូន​នឹង​រក​ឃើញ ។17

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា រឿង​នេះ​ជា​ការពិត ។ បើ​បងប្អូន​ស្វែងរក​សេចក្ដីពិត​នៃ​ព្រះ ដែល​ពេល​នេះ​អាច​ស្រអាប់ ពុំ​មាន​ការចាប់អារម្មណ៍ និង​ដាច់​សង្វែង​នឹង​បើកសម្ដែង បញ្ជាក់​បន្តិចម្ដងៗ ហើយ​ចូល​ទៅ​ក្នុង​​ដួងចិត្ត​បងប្អូន​​ដោយ​ពន្លឺ​ព្រះគុណ​នៃ​ព្រះ ។ ទិដ្ឋភាព​ខាង​វិញ្ញាណ​ដ៏​រុងរឿង ដែល​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​មនុស្ស នឹង​ត្រូវ​បើកសម្ដែង​ដល់​បងប្អូន ។

វា​ជា​ទីបន្ទាល់​ខ្ញុំ​ថា ពន្លឺ​ខាង​វិញ្ញាណ​មាន​សម្រាប់​បុត្រាបុត្រី​ព្រះ​គ្រប់​រូប ។ វា​នឹង​បំភ្លឺ​គំនិត ផ្សះ​របួស​ដួងចិត្ត ហើយ​នាំ​សេចក្ដី​អំណរ​ដល់​ជីវិត​បងប្អូន ។ មិត្ត​ជា​ទី​ស្រឡាញ់ សូម​កុំ​ពន្យារ​ពេល​ព្យាយាម និង​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​ពី​កិច្ចការ​ដ៏​ទេវភាព​នៃ​ព្រះ​ឡើយ រួម​ទាំង​កិច្ចការ​នៃ​ពន្លឺ និង​សេចក្ដីពិតផងដែរ ។

ទីបន្ទាល់​នៃ​ពន្លឺ និង​សេចក្ដីពិត​​ផ្ទាល់ខ្លួន​របស់​បងប្អូន​​នឹង​ពុំ​គ្រាន់តែ​ប្រទានពរ​ដល់​បងប្អូន និង​ពូជពង្ស​បងប្អូន​នោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​នៅ​ជាមួយ​បងប្អូន​រហូត​ដល់​​អស់កល្ប​ក្នុង​ពិភព​ទាំងឡាយ​ដ៏​គ្មាន​ទី​បញ្ចប់ផងដែរ ។ ខ្ញុំ​សូម​អធិស្ឋាន​ពី​ការណ៍​នេះ ហើយ​បន្សល់​ទុក​ពរជ័យ​ខ្ញុំ​នឹង​បងប្អូន​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

  1. ម៉ូសេ 1:33

  2. សូម​មើល ម៉ាសៀស បារទូសៀក The Day We Found the Universe (ឆ្នាំ 2009) ទំព័រ xii ។ វា​តែងតែធ្វើ​ឲ្យ​ខ្ញុំភ្ញាក់ផ្អើល​ថា ​យើង​អាច​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​លើ​ការសន្និដ្ឋាន​របស់​យើង ។ ពេលខ្លះ ទំនុកចិត្ត​យើង​គឺ​ខ្លាំង​បំផុត​ដែល​យើង​សន្មត់​ថា​យើង​មាន​សេចក្ដីពិត​ទាំង​អស់ ។ ឧទាហរណ៍ ៖ «ស៊ីម៉ូន នូវខូម ជា​ព្រឹទ្ធបុរស​តារាវិទ្យា​ជនជាតិ​អាមេរិក​នៅ​ចុង​សតវត្ស​ទី​ដប់​ប្រាំបួន បាន​កត់សម្គាល់​ក្នុង​ការសម្រេចយក​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ 1887 ថា «អ្វី​ដែល​តារាវិទ្យា​ខ្វល់ខ្វាយ​នោះ​គឺ…យើង​បញ្ចេញ​លក្ខណៈ​យ៉ាង​រហ័ស​ពី​ដែនកំណត់​នៃ​ចំណេះដឹង​យើង ។ …លទ្ធផល​គឺ​ថា​កិច្ចការ​ដែល​ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៃ​ពួកតារារិទូ​នោះ​គឺ​មាន​ចំនួន​តិចជាង​របក​គំហើញ​នៃ​អ្វី​ដែល​ថ្មីៗ ជាង​ការបង្ហាញ​នៃ​អ្នក​មុន​ដែល​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ »(Bartusiak, xv)។

  3. វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​គិត​ពិចារណា​លើ ម៉ូសេ 1:33, 35 ក្នុង​ពន្លឺ​នៃ​របក​គំហើញ «ថ្មីៗ» ។ គម្ពីរ​ម៉ូសេ​ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ត្រូវ​បាន​បើកសម្ដែង​ទៅ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ខែ មិថុនា ឆ្នាំ 1830 ជិត​មួយ​សតវត្ស​ពី​មុន អ៊ែដវីន ហឹបបល បាន​ប្រកាស​ពី​របក​គំហើញ​របស់​លោក​ពី​កាឡាក់ស៊ី​ដែល​នៅ​ឆ្ងាយៗ ។

  4. សូម​មើល​ទុក​ជា​ឧទាហរណ៍ ពិពណ៌​គំនូរ​កេរដំណែល ហឹបបល នៅ​លើ​គេហទំព័រ heritage.stsci.edu/gallery/gallery.html ។

  5. សូម​មើល យ៉ូហាន 14:6 

  6. សូមមើល  នីហ្វៃទី 3 17:3 ។

  7. អាលម៉ា 32:27

  8. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 67:3 ។

  9. សូម​មើល មរ៉ូណៃ 10:3–5 

  10. យ៉ូហាន 7:17 សូមមើល​ផងដែរ ទំនុកដំកើង 25:14យ៉ូហាន 3:21

  11. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 82:10 

  12.  កូរិនថូស​ទី 1 2:14 

  13. គោលលទ្ធិ និង សេចក្តី​សញ្ញា 50:24

  14.  កូរិនថូស​ទី 1 1:18

  15. មរ៉ូណៃ 10:32 សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា 20:59

  16. សូម​មើល អាលម៉ា 5:26 ។

  17. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:63 ។