ភាពខ្លួនទីពឹងខ្លួន
២ ៖ រៀន


« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ៖ រៀន » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ៖ រៀន »

រៀន

ម៉ោង​ជា​អតិបរមា ៖ ៧០ នាទី

១. ហេតុអ្វីមនុស្សទិញ ?

មើល ៖

« Why Do People Buy ? » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​វីដេអូ​នេះ​អំពី​មូលហេតុ​ដែល​មនុស្ស​ទិញ ?

២. រៀន​អំពី​របៀប​បំពេញ និង​ស្វែងរក​តម្រូវការ​របស់​អតិថិជន

អាន ៖

ម្ចាស់​អាជីវកម្ម​ជោគជ័យ​ព្យាយាម​យល់ និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ។ ការយល់​អំពី​តម្រូវការ​អតិថិជន​គឺជា​ដំណើរ​បន្ត​បន្ទាប់​មក ដែល​តម្រូវ​ឲ្យ​មាន​ការខិតខំ ពេលវេលា និង​ការព្យាយាម​តស៊ូ​យ៉ាង​ខ្លាំង ។ តម្រូវការ​នៃ​អតិថិជន​របស់​អ្នក​នឹង​ផ្លាស់ប្តូរ​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ដូច្នេះ​អ្នក​ត្រូវតែ​បន្ត​កែតម្រូវ​អាជីវកម្ម​របស់​អ្នក​ដើម្បី​បំពេញ​តម្រូវការ​ទាំង​នោះ ។ នេះ​គឺជា​ការពិត មិន​ថា​អ្នក​កំពុង​ពិចារណា​អំពី​ឱកាស​អាជីវកម្ម​ថ្មី ឬ​គ្រប់គ្រងអាជីវកម្ម​ដែល​មាន​នោះ​ទេ ។ វគ្គ​នេះ​នឹង​ជួយ​អ្នកឲ្យ​រៀន​អំពី​របៀប​ស្វែងរក​តម្រូវការ​ផ្សេងៗ​ដែល​អតិថិជន​របស់​អ្នក​អាច​មាន ។

រូបភាព
បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ប្រើប្រាស់​កុំព្យូទ័រ​យូរដៃ

អាន ៖

ដើម្បីទទួល​បាន​ឱកាស​អាជីវកម្ម​ដែល​សម្រេច​បាន នោះ​អ្នក​ត្រូវ​បំពេញ​តម្រូវការ ឬ​ដោះស្រាយ​បញ្ហា​ដែល​មនុស្ស​មាន​ឆន្ទៈ​ដើម្បី​បង់​ថ្លៃ ។ ដើម្បី​កំណត់​ថា តើ​មនុស្ស​មាន​ឆន្ទៈ​បង់​ថ្លៃ​សម្រាប់​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក នោះ​អ្នក​ត្រូវ​និយាយ​ជាមួយ​ពួកគេ​អំពី​វា ។ តាមរយៈ​ការនិយាយ​ជាមួយ​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន នោះ​អ្នក​ដឹង​អំពី​តម្រូវការ​សម្រាប់​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក ហើយ​ឃើញថា តើ​វា​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ការលក់ ដែល​អ្នក​ត្រូវការ​សម្រាប់​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​ជោគជ័យ​ឬ​ទេ ។ មិតិ​កែលម្អ​របស់​អតិថិជន​ក៏​អាច​ជួយ​កែតម្រូវ​គំនិត​នៃ​អាជីវកម្ម​របស់​អ្នក​ផងដែរ ។

សូម​ចាប់ផ្តើម​សាកល្បង​គំនិត​អាជីវកម្ម​របស់​អ្នក​ជាមួយ​អតិថិជន​ដំបូង—ពីមុន​អ្នក​វិនិយោគ​ពេលវេលា ឬ​ប្រាក់​ច្រើន—ដើម្បី​ដឹង​ថា តើ​មាន​ទីផ្សារ​សម្រាប់​វា​ដែរ​ឬ​អត់ ។ ម្ចាស់​អាជីវកម្ម​ភាគច្រើន​ត្រូវ​កែសម្រួល និង​កែតម្រូវ​គំនិត និង​ព័ត៌មាន​លម្អិត​របស់​ពួកគេ​ ដែល​បង្កប់​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ​ជាច្រើន​ដង ពីមុន​ពួកគេ​រកឃើញ​ការផ្តល់​ជូន​ត្រឹមត្រូវ ដែល​ផ្តល់​សក្តានុពល​ដើម្បី​ទទួល​ជោគជ័យ ។

ប្រសិនបើ​មនុស្ស​គ្មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក ហើយ​គ្មាន​ឆន្ទៈ​បង់ថ្លៃ​ឲ្យ​វា ទោះបី​បន្ទាប់​ពី​អ្នក​កែតម្រូវ​វាហើយ​ក្តី ក៏​អ្នក​ត្រូវ​ចាប់ផ្តើម​លើ​គំនិត​ថ្មី​មួយ​ផ្សេង​ទៀត​ដែរ ។ សូម​កុំ​បន្ត​វិនិយោគ​លើ​គំនិត​ដែល​គ្មាន​សក្តានុពល​ខ្លាំងទៅ​រក​ជោគជ័យ​ឡើយ ។

លើស​ពី​ការនិយាយ​ជាមួយ​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន ដើម្បី​វាយតម្លៃ​គំនិត​អាជីវកម្ម​របស់​អ្នក នោះ​អ្នក​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​ផ្សេង​ទៀត ។ ព្រះអម្ចាស់​បាន​ទូន្មាន​ថា « សិក្សា​ក្នុង​គំនិត​របស់​អ្នក » ( គ.&និង ស. ៩:៨ ) ។ ប្រសិនបើ​មនុស្ស​មាន​ឆន្ទៈ​បង់​ថ្លៃ​សម្រាប់​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក នោះ​វា​គឺ​ជា​ការចាប់ផ្តើម​ដ៏​ល្អ ប៉ុន្តែ​អ្នក​ត្រូវ​បន្ត​សាកល្បង និង​កែតម្រូវ​គំនិត​របស់​អ្នក ។ សូម​សិក្សា​អ្វីៗ​ដែល​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​កំពុង​ធ្វើ ។ សូម​ស្រាវជ្រាវ​ព័ត៌មាន​តាម​អ៊ិនធើរណែត និង​អាន​ការចេញ​ផ្សាយ​នានា​ពី​ផ្នែក​ឧស្សាហកម្ម ។ សូម​និយាយ​ជាមួយ​អ្នកជំនាញ ដែល​ដឹង​អំពី​ប្រភេទ​អាជីវកម្ម​ដែល​អ្ន​កកំពុង​ពិចារណា​នោះ ។ កិច្ចខិតខំ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​បរិយាកាស​អាជីវកម្ម និង​ពិចារណា​ពី​ភាព​ប្រថុយប្រថាន និង​ឱកាស​ដែល​អាច​មាន ។ កិច្ចខិតខំ​នេះ​ក៏នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ និង​កែតម្រូវ​គំនិត​អាជីវកម្ម​របស់​អ្នក​ដោយ​ផ្អែក​លើ​សេចក្តីពិត ចំណេះដឹង និង​ទន្និន័យ​ផងដែរ ។

៣. ការសង្កេត និង​ការទាញ​យក​ប្រយោជន៍​ពី​ការផ្លាស់ប្តូរ

អាន ៖

ការផ្លាស់ប្តូរ​ទាំងអស់​គឺ​នៅ​ជុំ​វិញ​យើង ហើយ​បើក​ផ្លូវដល់​យើង​ជានិច្ច​ ។ មនុស្ស​ជាច្រើន​ខ្លាច​ការផ្លាស់ប្តូរ ។ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ជោគជ័យ​ស្វាគមន៍​ការផ្លាស់ប្តូរ ដោយសារ​វា​ធ្វើ​ឲ្យ​ពួកគេ​ដោះស្រាយ​តម្រូវការ​ដែល​ពុំបាន​បំពេញ និង​បញ្ហា​នានា ។ ពួកគេ​សង្កេត​មើល និង​រៀបចំ​ទុកជាមុនជានិច្ច​សម្រាប់​ការផ្លាស់ប្តូរ និង​និន្នាការ​នានា ។ ពួកគេ​ធ្វើ​សកម្មភាព​តាម​ឱកាស​ទាំង​នេះ​យ៉ាង​លឿន ។

ការផ្លាស់ប្តូរ​មួយ​ចំនួន​ដែល​ម្ចាស់​អាជីវកម្ម​ខ្វល់ខ្វយ​នោះ​រួមមាន ៖

  • ការ​ផ្លាស់ប្ដូរ​ផ្នែក​ភូមិសាស្ត្រ ។ វា​គឺជាការផ្លាស់ប្តូរ​នៅក្នុង​ប្រជាជន​ដោយ​ផ្អែក​ទៅលើ​ភេទ អាយុ ពូជសាសន៍ ជាតិពន្ធ សាសនា ភាសា ប្រាក់ចំណូល ការអប់រំ និង​កត្តា​ដទៃ​ទៀត ។

  • ការផ្លាស់ប្តូរ​ខាង​បទបញ្ជា ឬ​តម្រូវការ​មក​ពី​រដ្ឋាភិបាល ។ ចំណុច​ទាំង​នេះ​ជា​លទ្ធផល​មក​ពី​ច្បាប់ បទបញ្ជា ឬ​ការបង្គាប់​មក​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​អំណាច​ដទៃ​ទៀត ។

  • ការ​ផ្លាស់ប្ដូរ​ផ្នែក​បច្ចេកវិទ្យា ។ ទាំង​នេះ​គឺជា​ការផ្លាស់ប្តូរ ឬ​ការច្នៃប្រឌិត​ដែល​កែលម្អ​ប្រសិទ្ធភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ឬ​សម្រេច​ឲ្យ​បាន​អត្ថប្រយោជន៍​ផ្សេង​ទៀត ។

  • ការ​ផ្លាស់ប្ដូរ​ផ្នែក​វប្បធម៌ ។ ទាំង​នេះ​គឺជា​ការផ្លាស់ប្តូរ​ខាង​តម្លៃ ទំនៀម​ទម្លាប់ និង​ជំនឿ​ជា​ក្រុម​ដែល​ជះឥទ្ធិពល​ដល់​អាកប្បកិរិយា ។

៤. ការរកឃើញ​ចំណង់ចំណូលចិត្ត និង​ការឈាន​ទៅ​ប្រើប្រាស់​បទពិសោធន៍​របស់​ខ្ញុំ

អាន ៖

យើងទាំងអស់​គ្នា​ត្រូវបាន​ប្រទាន​អំណោយទាន​មក​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ( សូមមើល គ.&និង ស. ៤៦:១១ ) ។ ជារឿយៗ ម្ចាស់​អាជីវកម្ម​ជោគជ័យ​តោង​យក​អាជីវកម្ម​ដែល​ស្រប​ទៅ​តាម​អំណោយទាន ទេពកោសល្យ ចំណង់ចំណូលចិត្ត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ជាទូទៅ ចំណាប់​អារម្មណ៍​ចម្បង​របស់​ពួកគេ​ពុំមែនទៅលើ​ប្រាក់​នោះ​ទេ ផ្ទុយ​ទៅវិញ វា​គឺ​ជាការដោះស្រាយ​បញ្ហា ឬ​បំពេញ​តម្រូវការ​ដែល​ពួកគេ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង ។ ជារឿយៗ ម្ចាស់​អាជីវកម្ម​ទាំង​នេះ​ចំណាយ​ពេលវេលា​ទំនេរ​របស់​ពួកគេ​ដើម្បី​គិត​អំពី​អាជីវកម្ម​របស់​ខ្លួន ដោយសារ​ពួកគេ​ខ្វល់​យ៉ាង​ខ្លាំង​អំពី​ការផ្លាស់ប្តូរ​វិជ្ជមាន ។ ស្មារតី​នៃ​គោលបំណង​នេះ​ផ្តល់​ការតាំងចិត្ត​ចំពោះ​គុណភាព និង​ភាពល្អ​ប្រពៃ​ជាមួយ​អាជីវកម្ម​—​ហើយ​ព្យាយាម​តស៊ូ និង​ជំរុញ​ចិត្ត​អំឡុងគ្រា​លំបាក​នានា ។

ជារឿយៗ ម្ចាស់​អាជីវកម្ម​ជោគជ័យ​មាន​បទពិសោធន៍​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​នៃ​អាជីវកម្ម​របស់​ពួកគេ ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​ដែល​ទាក់ទង ឬ​ប្រើប្រាស់​សេវាកម្ម ឬ​ផលិតផល​នៃ​ឧស្សហកម្ម​នោះ ។ ជារឿយៗ បទពិសោធន៍​នេះ​ផ្តល់​ចំណេះដឹង​អំពី​ការប្រកួតប្រជែង គុណតម្លៃ​នៃ​ទំនាក់ទំនង និង​ការដឹង​អំពី​បញ្ហា​របស់​អតិថិជន និង​តម្រូវការ​ដែល​ពុំ​បាន​បំពេញ​ដល់​ម្ចាស់​អាជីវកម្ម ។

មើល ៖

« Unmet Needs » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

៥. តើ​ឱកាស​អាជីវកម្ម​របស់​ខ្ញុំ​មាន​អត្ថប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​ដែរ​ឬ​ទេ ?

អាន ៖

អាជីវកម្ម​ទាំងអស់​មាន​ដៃគូ​ប្រកួតប្រជែង ដូច្នេះ​អាជីវកម្ម​របស់​អ្នក​ត្រូវ​តែ​មាន​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ និង​រក្សា​អតិថិជន ។ ដើម្បី​មាន​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​មួយ អាជីវកម្ម​របស់​អ្នក​ត្រូវតែ​ខុស​ប្លែក ឬ​ប្រសើរ​ជាង​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក ។ ជារឿយៗ អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​ផ្តល់​ជា​រនាំង​មួយ​ដើម្បី​ចូល ដែល​ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​ប្រជែង​ពិបាក​ថត​ចម្លង​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក ។

មើល ៖

« Competitive Advantage » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​វីដេអូ​នេះ​អំពី​របៀប​ដើម្បី​រកមើល​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​ដែល​អ្នក​អាច​មាន ?

អាន ៖

ម្ចាស់​អាជីវកម្ម​ដូចតទៅនេះ បាន​បង្កើត​អាជីវកម្ម​របស់​ពួកគេ​ជុំវិញ​អត្ថប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​ចំនួន​បី​ផ្សេងៗ​គ្នា ។

រូបភាព
ឧទាហរណ៍​បី​អំពី​អត្ថប្រយោជន៍​នៃ​ការប្រកួត​ប្រជែង

ពិភាក្សា ៖

តើ​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​បែប​ណា​ដែល​អ្នក​បាន​សង្កេត​ឃើញ​នៅក្នុង​អាជីវកម្ម​ក្នុងមូលដ្ឋាន​នោះ ?