« មើលចុះ ! យើងជាព្រះនៃអព្ភូតហេតុទាំងឡាយ »
អព្ភូតហេតុ ទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយកើតមាននៅក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនៅក្នុងជីវិតរបស់បងប្អូន និងជីវិតខ្ញុំ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ នេះជាឯកសិទ្ធិដ៏អស្ចារ្យដើម្បីឈរចំពោះមុខបងប្អូននៅថ្ងៃនេះ ។ រួមគ្នានឹងអស់អ្នកដែលបានថ្លែងក្នុងសន្និសីទនេះរួច ខ្ញុំសូមថ្លែងទីបន្ទាល់ទៅបងប្អូនថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ទ្រង់ដឹកនាំសាសនាចក្រទ្រង់មានបន្ទូលទៅកាន់ព្យាការី គឺ ប្រធាន រ័សុល អិម ណិលសុន ហើយទ្រង់ស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ។
នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនេះ យើងរំឭកដល់ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ១ព្រះដ៏មានព្រះចេស្តា ជាម្ចាស់នៃមេត្រីភាព ។២ ដង្វាយធួនទ្រង់បានបញ្ចប់ដោយការមានព្រះជន្មរស់ឡើងវិញ រយៈពេលបីថ្ងៃបន្ទាប់ពីផ្តុំក្នុងផ្នូរជាបណ្តោះអាសន្ន នោះគឺជាអព្ភូតហេតុដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ ទ្រង់បានប្រកាសថា « មើលចុះ យើងជាព្រះ ហើយយើងជាព្រះនៃអព្ភូតហេតុទាំងឡាយ » ។៣
ព្យាការីមរមនសួរនៅក្នុងព្រះគម្ពីរមរមនថា « តើឈប់មានអព្ភូតហេតុហើយឬនៅ ពីព្រោះព្រះគ្រីស្ទ ទ្រង់បានយាងឡើងទៅឯស្ថានសួគ៌ ហើយបានគង់នៅខាងស្ដាំនៃព្រះ » ។៤ ទ្រង់មានបន្ទូលតបថា « ទេ រីឯពួកទេវតាក៏ពុំឈប់ធ្វើការងារបម្រីដល់កូនចៅមនុស្សដែរ » ។៥
បន្ទាប់ពីការឆ្កាង ទេវតាមួយអង្គនៃព្រះអម្ចាស់បានបង្ហាញព្រះកាយដល់ម៉ារ៉ា និងស្រ្តីពីរបីនាក់ទៀត ដែលបានមកឯផ្នូរដើម្បីលាបប្រេងលើព្រះសពរបស់ព្រះយេស៊ូវ ។ ទេវតាបានមានបន្ទូល ៖
« ហេតុអ្វីបានជាមករកព្រះអង្គដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ?៦
« ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ » ។៧
ព្យាការីអ័ប៊ីណាដៃនៅក្នុងព្រះគម្ពីរមរមនបានប្រកាសពីអព្ភូតហេតុថា ៖
« ហើយបើសិនជាព្រះយេស៊ូវពុំបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញទេ … នោះក៏ពុំអាចមានដំណើររស់ឡើងវិញដែរ ។
« ប៉ុន្តែមានដំណើររស់ឡើងវិញ ហេតុដូច្នេះហើយ ផ្នូរគ្មានជ័យជម្នះលើឡើយ ហើយទ្រនិចនៃសេចក្តីស្លាប់ត្រូវបានលេបបាត់នៅក្នុងព្រះគ្រីស្ទ » ។៨
សកម្មភាពដ៏អព្ភូតហេតុរបស់ព្រះយេស៊ូវគ្រីស្ទបាននាំឲ្យពួកសិស្សជំនាន់ដើមប្រកាសថា « ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ » ។៩
នៅពេលដែលពួកសាវកជំនាន់ដើមបានដើរតាមព្រះយេស៊ូវគ្រីស្ទ និងបានឮទ្រង់បង្រៀនដំណឹងល្អ ពួកគេបានឃើញនូវអព្ភូតហេតុជាច្រើន ។ ពួកគេបានឃើញថា « មនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទ័លក្របានឮដំណឹងល្អផង » ។១០
អព្ភូតហេតុ ទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយកើតមាននៅក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនៅក្នុងជីវិតរបស់បងប្អូន និងជីវិតខ្ញុំ ។ អព្ភូតហេតុគឺជាសកម្មភាពដ៏ទេវភាព ការបើកសម្តែង និងជាការបង្ហាញឲ្យឃើញនៃព្រះចេស្តាដ៏គ្មានដែនកំណត់របស់ព្រះ និងជាការបញ្ជាក់មួយថា ទ្រង់គឺ « នៅតែដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ » ។១១ ព្រះយេស៊ូវគ្រីស្ទ ដែលបានបង្កើតសមុទ្រ អាចធ្វើឲ្យសមុទ្រស្ងប់ ព្រះអង្គដែលបានធ្វើឲ្យមនុស្សខ្វាក់អាចមើលឃើញ អាចជួយយើងឲ្យផ្តោតលើកិច្ចការខាងព្រលឹងវិញ្ញាណបាន ។ ព្រះអង្គដែលបានសម្អាតមនុស្សឃ្លង់ អាចកែតម្រូវភាពទន់ខ្សោយរបស់យើងបាន ។ ព្រះអង្គដែលបានព្យាបាលមនុស្សខ្វិន អាចហៅឲ្យយើងក្រោកឡើង ដោយមានបន្ទូលថា « ចូរមកតាមខ្ញុំចុះ » ។ ១២
បងប្អូនជាច្រើននាក់បានធ្វើជាសាក្សីនៃអព្ភូតហេតុ ច្រើនជាងអ្វីដែលបងប្អូនដឹងទៅទៀត ។ អព្ភូតហេតុទាំងនោះអាចមើលទៅតូចតាច បើសិនជាប្រៀបធៀបទៅព្រះយេស៊ូវ ដែលបានធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ ។ ប៉ុន្តែភាពអស្ចារ្យមិនមែនជាធាតុផ្សំនៃអព្ភូតហេតុនោះទេ លើកលែងតែវាមកពីព្រះ ប៉ុណ្ណោះ ។ មនុស្សមួយចំនួនឲ្យយោបល់ថា អព្ភូតហេតុគឺគ្រាន់តែជាភាពចៃដន្យ ឬសំណាងល្អប៉ុណ្ណោះ ។ ប៉ុន្តែព្យាការីនីហ្វៃបានថ្កោលទោសអ្នកទាំងឡាយដែលបាន « មើលងាយអំណាច និងអព្ភូតហេតុទាំងឡាយនៃព្រះដែរ ហើយបង្រៀនដល់ខ្លួនគេអំពីប្រាជ្ញា និងចំណេះវិជ្ជារបស់ពួកគេវិញ ដើម្បីពួកគេអាចបានកម្រៃ » ។១៣
អព្ភូតហេតុកើតឡើងដោយសារព្រះចេស្តាដ៏ទេវភាពរបស់ព្រះអង្គ គឺ « ជាអ្នកពូកែនឹងសង្គ្រោះ » ។១៤ អព្ភូតហេតុគឺជាផ្នែកបន្ថែមនៃផែនការដ៏អស់កល្បរបស់ព្រះ អព្ភូតហេតុគឺជាខ្សែជីវិតពីស្ថានសួគ៌មកផែនដី ។
កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ស៊ីស្ទើរ រ៉ាសបាន និងខ្ញុំបានធ្វើដំណើរទៅ ហ្គូសិន រដ្ឋយូថាហ៍ ដើម្បីចូលរួមព្រឹត្តិការណ៍ទូទាំងពិភពលោក Face to Face ដែលបានចាក់ផ្សាយទៅកាន់មនុស្សជាង ៦០០,០០០ នាក់នៅក្នុង ១៦ ភាសាផ្សេងគ្នា ។១៥ កម្មវិធីនេះផ្តោតលើព្រឹត្តិការណ៍នៃការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយមានសំណួរជាច្រើនដែលបានផ្ញើមកដោយយុវមជ្ឈិមវ័យនៅទូទាំងពិភពលោក ។ ស៊ីស្ទើរ រ៉ាសបាន និងខ្ញុំបានពិនិត្យមើលសំណួរទាំងនោះដោយផ្ទាល់ សំណួរទាំងនោះបានផ្តល់ឱកាសឲ្យពួកយើងថ្លែងទីបន្ទាល់ពី យ៉ូសែប ស្ម៊ីធ ថាជាព្យាការីរបស់ព្រះ ថ្លែងពីអំណាចនៃវិវរណៈនៅក្នុងជីវិតរបស់យើង ការស្តារឡើងវិញជាបន្ដបន្ទាប់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងសេចក្តីពិត ព្រមទាំងព្រះបញ្ញត្តិទាំងឡាយដែលយើងឲ្យតម្លៃយ៉ាងខ្លាំង ។ បងប្អូនជាច្រើនដែលកំពុងតែស្តាប់នៅថ្ងៃនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ។
ពីដំបូង ការចាក់ផ្សាយត្រូវធ្វើមកពីព្រៃពិសិដ្ឋ ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋ ញូវយ៉ក ជាទីកាលដែលយ៉ូសែប ស្ម៊ីធ បានថ្លែងទីបន្ទាល់ថា « ខ្ញុំបានឃើញតួអង្គពីរដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា—នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ស្តាប់ទ្រង់ !”១៦ បងប្អូន ប្រុសស្រី នោះគឺជាអព្ភូតហេតុមួយ ។
ជំងឺរាតត្បាតទូទាំងពិភពលោកបានបង្ខំយើងឲ្យផ្លាស់ប្តូរទីកន្លែងការចាក់ផ្សាយមក ហ្គូសិន រដ្ឋយូថាហ៍ វិញ ជាទីដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានថតរឿងឡើងវិញត្រង់វគ្គទីក្រុងយេរូសាឡិមចាស់ ។ ស៊ីស្ទើរ រ៉ាសបាន និងខ្ញុំបានស្ថិតនៅចម្ងាយពីរបីគីឡូម៉ែត្រពី ហ្គូសិន នៅល្ងាចថ្ងៃអាទិត្យនោះ ពេលដែលយើងបានឃើញផ្សែងហុយចេញមកពីទិសនៃទីកន្លែងដែលយើងកំពុងទៅនោះ ។ ភ្លើងឆេះព្រៃកំពុងតែឆេះយ៉ាងខ្លាំងនៅក្នុងតំបន់នោះ ហើយយើងបារម្ភថាការចាក់ផ្សាយនេះអាចមានហានិភ័យ ។ ដូចក្តីបារម្ភមែន នៅ២០នាទី មុនម៉ោង៦:០០ ជាម៉ោងសម្រាប់ការចាក់ផ្សាយរបស់យើង ចរន្តអគ្គិសនីនៅក្នុងតំបន់នោះទាំងមូលបានដាច់ ។ ពុំមានចរន្តអគ្គិសនីទេ ! ពុំមានការចាក់ផ្សាយទេ ។ មានម៉ាស៊ីនភ្លើងមួយដែលអ្នកខ្លះគិតថាអាចឲ្យយើងបញ្ឆេះដើម្បីមានចរន្តអគ្គិសនី ប៉ុន្តែចរន្តអគ្គិសនីនោះពុំអាចផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់ឧបករណ៍ដែលយើងប្រើនោះឡើយ ។
យើងទាំងអស់គ្នានៅក្នុងកម្មវិធីនោះ រួមទាំងអ្នកនិទានកថា តន្ត្រីករ និងអ្នកបច្ចេកទេស—ព្រមទាំងយុវមជ្ឈិមវ័យ ២០ នាក់មកពីក្រុមគ្រួសាររបស់ខ្ញុំ—បានត្រៀមខ្លួនចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍នោះ ។ ខ្ញុំបានដើរចេញពីភាពសោកសៅ និង ភាពច្របូកច្របល់របស់ពួកគេ ហើយបានអង្វរព្រះអម្ចាស់សូមអព្ភូតហេតុមួយ ។ ខ្ញុំបានអធិស្ឋានថា « ឱព្រះវបិតាសួគ៌ ទូលបង្គំកម្រទូលសូមអព្ភូតហេតុណាស់ ប៉ុន្តែឥឡូវនេះ ទូលបង្គំទូលសូមសម្រាប់អព្ភូតហេតុមួយ ។ ការប្រជុំនេះត្រូវតែកើតឡើងសម្រាប់យុវមជ្ឈិមវ័យរបស់យើងនៅជុំវិញពិភពលោក ។ យើងត្រូវការចរន្តអគ្គិសសនីដើម្បីដំណើរការកម្មវិធីបន្តទៀត ប្រសិនបើនោះគឺជាព្រះទ័យរបស់ទ្រង់ » ។
នៅម៉ោង ៦:០០ប្រាំពីរនាទី ចរន្តអគ្គិសនីដែលដាច់នោះ បានត្រឡប់មកវិញ ។ អ្វីៗទាំងអស់បានមានដំណើរការឡើងវិញ តាំងពីតន្ត្រី និងមីក្រូហ្វូន វីដេអូ និងឧបករណ៍ចាក់ផ្សាយទាំងអស់ ។ យើងបានចាប់ផ្តើមធ្វើការចាក់ផ្សាយភ្លាម ។ យើងបានទទួលអព្ភូតហេតុមួយ ។
នៅពេលដែលស៊ីស្ទើរ រ៉ាសបាន និងខ្ញុំបានធ្វើដំណើរតាមរថយន្តត្រឡប់មកផ្ទះវិញនៅល្ងាចនោះ ប្រធាន និងស៊ីស្ទើរ ណិលសុន បានផ្ញើសារមកយើងថា « រ៉ន យើងចង់ឲ្យប្អូនដឹងថា គ្រាន់តែយើងបានឮថាចរន្តអគ្គិសនីបានដាច់ នោះយើងបានអធិស្ឋានសូមអព្ភូតហេតុភ្លាម » ។
នៅក្នុងព្រះគម្ពីរថ្ងៃចុងក្រោយបានចែងថា « ដ្បិតយើងជាព្រះអម្ចាស់ បានដាក់ព្រះហស្តរបស់យើង ដើម្បីបញ្ចេញអំណាចពីស្ថានសួគ៌ អ្នករាល់គ្នាមិនអាចមើលឃើញអំណាចនោះនៅពេលនេះបានឡើយ តែនៅបន្តិចទៀត ហើយអ្នករាល់គ្នានឹងមើលឃើញអំណាចនោះ ហើយស្គាល់ថា យើងជាព្រះ ហើយថាយើងនឹងយាងមក ហើយសោយរាជ្យនៅជាមួយនឹងរាស្ត្រយើង » ។១៧
នោះជាអ្វីដែលបានកើតឡើង ។ ព្រះអម្ចាស់បានដាក់ព្រះហស្តរបស់ទ្រង់ ហើយចរន្តអគ្គិសនីបានមានឡើងវិញ ។
អព្ភូតហេតុ ត្រូវបានធ្វើតាមរយៈអំណាចនៃសេចក្ដីជំនឿដូចជា ប្រធាន ណិលសុន បានបង្រៀនយើងពេញដោយព្រះចេស្តានៅក្នុងសម័យប្រជុំចុងក្រោយ ។ ព្យាការីមរ៉ូណៃ បានដាស់តឿនប្រជាជនថា « ព្រោះបើសិនគ្មានសេចក្តីជំនឿ នៅក្នុងចំណោមកូនចៅមនុស្សទេ នោះព្រះទ្រង់ពុំអាចសម្តែងអព្ភូតហេតុនៅក្នុងចំណោមពួកគេឡើយ ហេតុដូច្នោះហើយទ្រង់ពុំបង្ហាញរូបអង្គទ្រង់សោះ លុះត្រាតែក្រោយពីសេចក្តីជំនឿរបស់ពួកគេសិន » ។
លោកបានបន្តថា ៖
« មើលចុះ គឺដោយសេចក្តីជំនឿរបស់អាលម៉ា និងអាមូលេក ដែលបានធ្វើឲ្យគុករលំចុះទៅដី ។
« មើលចុះ គឺដោយសេចក្ដីជំនឿរបស់នីហ្វៃ និងលីហៃ ដែលបាននាំឲ្យមានការផ្លាស់ប្ដូរដល់ពួកសាសន៍លេមិន ធ្វើឲ្យពួកគេបានទទួលបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ។
« មើលចុះ គឺដោយសេចក្ដីជំនឿរបស់អាំម៉ូន និងពួកបងប្អូនរបស់លោក ដែលបាននាំមកនូវអព្ភូតហេតុដ៏ធំនៅក្នុងចំណោមពួកសាសន៍លេមិន » ។…
« ហើយគ្មានពេលណាទេ ដែលអ្នកណាម្នាក់នាំមកនូវអព្ភូតហេតុ លុះត្រាក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន ហេតុដូច្នោះហើយ ពួកគេដំបូងបំផុតជឿដល់ព្រះរាជបុត្រានៃព្រះ » ។១៨
ខ្ញុំអាចបន្ថែមតាមបទគម្ពីរទាំងនោះថា « វាគឺជាសេចក្តីជំនឿដ៏ស្មោះត្រង់របស់អ្នកសម្តែងយុវមជ្ឈិមវ័យ អ្នកជំនាញការចាក់ផ្សាយ ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិក សាវកម្នាក់ និងព្យាការីនៃព្រះដែលបានស្វែងរកអព្ភូតហេតុដ៏អស្ចារ្យនេះ ធ្វើឲ្យមានចរន្តអគ្គិសនីឡើងវិញទៅកាន់កន្លែងថតពីចម្ងាយនៅ ហ្គូសិន រដ្ឋយូថាហ៍ » ។
អព្ភូតហេតុទាំងឡាយអាចកើតមានជាចម្លើយចំពោះការអធិស្ឋាន ។ អព្ភូតហេតុមិនតែងតែកើតឡើងតាមអ្វីដែលយើងសូម ឬតាមអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែពេលយើងដាក់ទីទុកចិត្តនៅក្នុងព្រះអម្ចាស់ ទ្រង់នឹងនៅទីនោះ ហើយទ្រង់នឹងធ្វើឲ្យត្រូវ ។ ទ្រង់នឹងលៃលកនូវអព្ភូតហេតុដើម្បីឲ្យត្រូវនឹងអ្វីដែលយើងត្រូវការនៅពេលនោះ ។
ព្រះអម្ចាស់ធ្វើនូវអព្ភូតហេតុដើម្បីរំឭកយើងពីព្រះចេស្តារបស់ទ្រង់ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ឥទ្ធិពលទ្រង់ពីស្ថានសួគ៌មកកាន់បទពិសោធន៍ជីវិតរមែងស្លាប់របស់យើង និងព្រះទ័យរបស់ទ្រង់ដើម្បីបង្រៀនអំពីអ្វីដែលមានតម្លៃបំផុត ។ ទ្រង់បានមានព្រះបន្ទូលទៅកាន់ពួកបរិសុទ្ធនៅឆ្នាំ ១៨៣១ ហើយការសន្យានោះបន្តមកដល់សព្វថ្ងៃ « អ្នកណាដែលមានសេចក្តីជំនឿជឿដល់យើង ដើម្បីឲ្យបានជាស្បើយ ហើយពុំបានកំណត់ឲ្យស្លាប់ នោះនឹងត្រូវបានជាស្បើយហើយ » ។១៩ មាននូវក្រឹត្យវិន័យជាច្រើនដែលបានធ្វើនៅស្ថានសួគ៌ ហើយយើងតែងតែចុះចូលនឹងក្រឹត្យវិន័យទាំងនោះ ។
មានពេលច្រើនដែលយើងសង្ឃឹមថាមានអព្ភូតហេតុមួយ ដើម្បីព្យាបាលមនុស្សជាទីស្រឡាញ់ម្នាក់ បង្វែរសកម្មភាពអយុត្តិធម៌ចេញ ឬដើម្បីលួងលោមដួងចិត្តដែលឈឺចាប់ ឬព្រលឹងដែលស្រងាកចិត្ត ។ ការមើលទៅបញ្ហាដោយទស្សនវិស័យនៃជីវិតរមែងស្លាប់ នោះយើងចង់ឲ្យព្រះអម្ចាស់ធ្វើអន្តរាគមន៍ ដើម្បីជួសជុលនូវអ្វីដែលបានបាក់បែក ។ តាមរយៈសេចក្តីជំនឿ អព្ភូតហេតុនឹងកើតឡើង បើទោះជាវាមិនកើតតាមពេលវេលារបស់យើង ឬជាមួយនឹងដំណោះស្រាយដែលយើងចង់បាននោះក៏ដោយ ។ តើនោះមានន័យថាយើងពុំមានសេចក្តីជំនឿគ្រប់គ្រាន់ ឬពុំទទួលបាននូវអន្តរាគមន៍របស់ទ្រង់មែនដែរទេ ? អត់ទេ ។ យើងគឺជាបុត្រជាទីស្រឡាញ់របស់ព្រះអម្ចាស់ ។ ទ្រង់បានប្រទានព្រះជន្មទ្រង់សម្រាប់យើង ហើយដង្វាយធួនរបស់ទ្រង់បន្តលោះយើងពីបន្ទុក និងអំពើបាប នៅពេលយើងប្រែចិត្ត និងខិតកាន់តែជិតទ្រង់ ។
ព្រះអម្ចាស់បានរំឭកយើងថា « ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ » ។២០ ទ្រង់ថ្លែងទៅ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក »២១—សម្រាកពី ការព្រួយបារម្ភ ការខកចិត្ត ការភ័យខ្លាច ការមិនស្តាប់បង្គាប់ ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រឡាញ់ សម្រាប់ក្តីសុបិន្តដែលបាត់បង់ ឬបាក់ទឹកចិត្ត ។ ភាពសុខសាន្តក្នុងពេល ច្របូកច្របល់ ឬទុក្ខព្រួយគឺជាអព្ភូតហេតុមួយ ។ សូមចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ៖ « តើយើងពុំបាននិយាយដោយភាពសុខសាន្តដល់គំនិតរបស់អ្នកអំពីការណ៍នោះទេឬអី ? តើអ្នកអាចមានសាក្សីឯណាដែលអស្ចារ្យជាងសាក្សីមកពីព្រះ ? »២២ អព្ភូតហេតុនោះគឺថា ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះយេហូវ៉ាដ៏មហិមា ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត នឹងឆ្លើយតបដោយភាពសុខសាន្ត ។
ដូចដែលទ្រង់បានបង្ហាញព្រះកាយដល់ម៉ារ៉ានៅក្នុងសួនច្បារ ទាំងហៅនាងចំឈ្មោះ នោះទ្រង់នឹងហៅយើងឲ្យអនុវត្តសេចក្តីជំនឿរបស់យើង ។ ម៉ារ៉ា ចង់មកបម្រើទ្រង់ និងយកចិត្តទុកដាក់ចំពោះទ្រង់ ។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គគឺមិនមែនជាអ្វីដែលនាងបានរំពឹងទុកនោះទេ ប៉ុន្តែវាគឺស្របតាមផែនការនៃសុភមង្គលដ៏មហិមា ។
ហ្វូងមនុស្សនៃអ្នកមិនជឿបានសើចចំអកដាក់ទ្រង់នៅកាលវ៉ារីថា « នោះឲ្យចុះពីឈើឆ្កាងមក » ។២៣ ទ្រង់អាចធ្វើនូវអព្ភូតហេតុដូច្នេះបាន ។ ប៉ុន្តែទ្រង់បានជ្រាបពីដើមដំបូងដល់ចុងបំផុត ហើយទ្រង់ចង់មានព្រះទ័យស្មោះត្រង់ចំពោះផែនការរបស់ព្រះបិតាទ្រង់ ។ យើងពុំគួរមិនយល់ពីគំរូនេះនោះឡើយ ។
ព្រះអង្គបានមានបន្ទូលមកកាន់យើង នៅពេលយើងមានទុក្ខលំបាកថា « ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក » ។២៤ បងប្អូនប្រុសស្រី នោះហើយគឺជាអព្ភូតហេតុដែលបានសន្យាចំពោះយើង ។
នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនេះ ពេលយើងសាទរនឹងអព្ភូតហេតុនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យើង ក្នុងនាមជាសាវកម្នាក់នៃ ព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមអធិស្ឋានដោយរាបសារថា បងប្អូននឹងស្គាល់នូវព្រះចេស្តារបស់ព្រះប្រោសលោះនៅក្នុងជីវិតរបស់បងប្អូន ថាការទូលអង្វររបស់បងប្អូនទៅកាន់ព្រះវបិតាសួគ៌យើង នឹងបានឆ្លើយតបដោយសេចក្តីស្រឡាញ់ និងការបេ្តជ្ញាចិត្តដូចដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញនៅពេញការងារបម្រើរបស់ទ្រង់ ។ ខ្ញុំសូមអធិស្ឋាន ថា បងប្អូនអាចឈរយ៉ាងខ្ជាប់ខ្ជួន និងស្មោះត្រង់នៅគ្រប់ការណ៍ទាំងអស់ដែលនឹងកើតឡើង ។ ហើយខ្ញុំសូមប្រសិទ្ធពរថា អព្ភូតហេតុនឹងកើតឡើងចំពោះបងប្អូន ដូចយើងបានជួបនៅ ហ្គូសិន—ប្រសិនបើវាគឺជាព្រះទ័យរបស់ព្រះអម្ចាស់ ។ សូមស្វែងរកនូវពរជ័យទាំងនេះដែលបានរៀបចំពីស្ថានសួគ៌នៅក្នុងជីវិត នៅពេលបងប្អូន « ស្វែងរកព្រះយេស៊ូវគ្រីស្ទដែលពួកព្យាការី និងពួកសាវកបានសរសេរមកនេះ សូមឲ្យព្រះគុណនៃព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធផង ដែលធ្វើបន្ទាល់អំពីទ្រង់អាចមកសណ្ឋិតនៅក្នុងអ្នករហូតតទៅ » ។២៥ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕