សន្និសីទទូទៅ
« មើល​ចុះ ! យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


« មើល​ចុះ ! យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ »

អព្ភូតហេតុ ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំងឡាយ​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ថ្ងៃនៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​ខ្ញុំ ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដើម្បី​ឈរ​ចំពោះ​មុខ​បងប្អូន​នៅ​ថ្ងៃ​នេះ ។ រួមគ្នា​នឹងអស់​អ្នក​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​នេះ​រួច ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​បងប្អូន​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្យាការី ​គឺ ប្រធាន រ័សុល អិម ណិលសុន ហើយ​ទ្រង់​ស្រឡាញ់​បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះវរបិតា​សួគ៌ ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​រំឭក​ដល់​ការមានព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ព្រះ​ដ៏​មាន​ព្រះចេស្តា ជា​ម្ចាស់​នៃ​មេត្រីភាព ។ ដង្វាយ​ធួន​ទ្រង់​បាន​បញ្ចប់​ដោយ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​ផ្តុំ​ក្នុង​ផ្នូរ​ជា​បណ្តោះ​អាសន្ន នោះ​គឺ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ ។ ទ្រង់​បាន​ប្រកាស​ថា « មើល​ចុះ យើង​ជា​ព្រះ ហើយ​យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំង​ឡាយ » ។

ព្យាការី​មរមន​សួរ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា « តើ​ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ ពី​ព្រោះ​ព្រះគ្រីស្ទ ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ហើយ​បាន​គង់​នៅ​ខាងស្ដាំ​នៃ​ព្រះ » ។ ទ្រង់​មាន​បន្ទូល​តប​ថា « ទេ រី​ឯ​ពួក​ទេវតា​ក៏​ពុំ​ឈប់​ធ្វើ​ការងារ​បម្រី​ដល់​កូន​ចៅ​មនុស្ស​ដែរ » ។

បន្ទាប់​ពី​ការឆ្កាង ទេវតា​មួយ​អង្គ​នៃ​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារ៉ា និង​ស្រ្តី​ពីរបី​នាក់​ទៀត ដែល​បាន​មក​ឯ​ផ្នូរ​ដើម្បី​លាប​ប្រេង​លើ​ព្រះសព​របស់​ព្រះយេស៊ូវ ។ ទេវតា​បាន​មាន​បន្ទូល ៖

« ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ?

« ទ្រង់​មិន​គង់​នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ហើយ » ។

ព្យាការី​អ័ប៊ីណាដៃ​នៅ​ក្នុង​ព្រះ​គម្ពីរមរមន​បាន​ប្រកាស​ពី​អព្ភូតហេតុ​ថា ៖

« ហើយ​បើសិន​ជា​ព្រះយេស៊ូវ​ពុំ​បាន​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ … នោះ​ក៏​ពុំ​អាច​មាន​ដំណើរ​រស់​ឡើង​វិញ​ដែរ ។

« ប៉ុន្តែ​មាន​ដំណើរ​រស់​ឡើង​វិញ ហេតុដូច្នេះ​ហើយ ផ្នូរ​គ្មាន​ជ័យជម្នះ​លើ​ឡើយ ហើយ​ទ្រនិច​នៃ​សេចក្តី​ស្លាប់​ត្រូវ​បាន​លេប​បាត់​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។

សកម្មភាព​ដ៏​អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​ឲ្យ​ពួក​សិស្ស​ជំនាន់​ដើម​ប្រកាស​ថា « ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ » ។

នៅ​ពេល​ដែល​ពួកសាវក​ជំនាន់​ដើម​បាន​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​បាន​ឮ​ទ្រង់​បង្រៀន​ដំណឹង​ល្អ ពួកគេ​បាន​ឃើញ​នូវ​អព្ភូតហេតុ​ជាច្រើន ។ ពួកគេ​បាន​ឃើញ​ថា « មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត ​មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទ័ល​ក្របាន​ឮ​ដំណឹង​ល្អ​ផង » ។១០

អព្ភូតហេតុ ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំងឡាយ​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ថ្ងៃនៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​ខ្ញុំ ។ អព្ភូតហេតុ​គឺ​ជា​សកម្មភាព​ដ៏​ទេវភាព ការបើក​សម្តែង និង​ជា​ការបង្ហាញ​ឲ្យ​ឃើញ​នៃ​ព្រះចេស្តា​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ និង​ជា​ការបញ្ជាក់​មួយ​ថា ទ្រង់​គឺ « នៅ​តែ​ដដែល ទោះពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​តទៅ » ។១១ ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​បង្កើត​សមុទ្រ អាច​ធ្វើ​ឲ្យ​សមុទ្រ​ស្ងប់ ព្រះអង្គ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ អាច​ជួយ​យើង​ឲ្យ​ផ្តោត​លើ​កិច្ចការ​ខាង​ព្រលឹង​វិញ្ញាណ​បាន ។ ព្រះអង្គ​ដែល​បាន​សម្អាត​មនុស្ស​ឃ្លង់ អាច​កែតម្រូវ​ភាពទន់ខ្សោយ​របស់​យើង​បាន ។ ព្រះអង្គ​ដែល​បាន​ព្យាបាល​មនុស្ស​ខ្វិន អាច​ហៅ​ឲ្យ​យើង​ក្រោក​ឡើង​ ដោយមាន​បន្ទូល​ថា « ​ចូរ​មក​តាម​ខ្ញុំ​ចុះ » ។ ១២

បងប្អូន​ជាច្រើន​នាក់​បាន​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ ច្រើន​ជាង​អ្វី​ដែល​បងប្អូន​ដឹង​ទៅ​ទៀត ។ អព្ភូតហេតុ​ទាំង​នោះ​អាច​មើល​ទៅ​តូចតាច បើ​សិន​ជា​ប្រៀបធៀប​ទៅ​ព្រះយេស៊ូវ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ។ ប៉ុន្តែ​ភាពអស្ចារ្យ​មិន​មែន​ជា​ធាតុ​ផ្សំ​នៃ​អព្ភូតហេតុ​នោះ​ទេ លើកលែង​តែ​វា​មក​ពី​ព្រះ ប៉ុណ្ណោះ ។ មនុស្ស​មួយ​ចំនួន​ឲ្យ​យោបល់​ថា អព្ភូតហេតុ​គឺ​គ្រាន់​តែ​ជា​ភាពចៃដន្យ ឬ​សំណាង​ល្អ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ព្យាការី​នីហ្វៃ​បាន​ថ្កោលទោស​អ្នក​ទាំងឡាយ​ដែល​បាន « មើល​ងាយ​អំណាច និង​អព្ភូតហេតុ​ទាំងឡាយ​នៃ​ព្រះ​ដែរ ហើយ​បង្រៀន​ដល់​ខ្លួនគេ​អំពី​ប្រាជ្ញា និង​ចំណេះវិជ្ជា​របស់​ពួក​គេ​វិញ ដើម្បី​ពួកគេ​អាច​បាន​កម្រៃ » ។១៣

អព្ភូតហេតុ​កើតឡើង​ដោយ​សារ​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ព្រះអង្គ ​គឺ « ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ » ។១៤ អព្ភូតហេតុ​គឺ​ជា​ផ្នែក​បន្ថែម​នៃ​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះ អព្ភូតហេតុ​គឺ​ជា​ខ្សែជីវិត​ពី​ស្ថានសួគ៌​មក​ផែនដី ។

កាល​ពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លង​ទៅ ស៊ីស្ទើរ រ៉ាសបាន និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ ហ្គូសិន រដ្ឋ​យូថាហ៍ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ទូទាំង​ពិភព​លោក Face to Face ដែល​បាន​ចាក់ផ្សាយ​ទៅ​កាន់​មនុស្ស​ជាង ៦០០,០០០ នាក់​នៅ​ក្នុង ១៦ ភាសា​ផ្សេង​គ្នា ។១៥ កម្មវិធី​នេះ​ផ្តោត​លើ​ព្រឹត្តិការណ៍​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​មាន​សំណួរ​ជាច្រើន​ដែល​បាន​ផ្ញើ​មក​ដោយ​យុវមជ្ឈិមវ័យ​នៅ​ទូទាំង​ពិភពលោក ។ ស៊ីស្ទើរ រ៉ាសបាន និង​ខ្ញុំបាន​ពិនិត្យ​មើល​សំណួរ​ទាំង​នោះ​ដោយ​ផ្ទាល់ សំណួរ​ទាំង​នោះ​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​យើង​ថ្លែង​ទី​បន្ទាល់​ពី យ៉ូសែប ស្ម៊ីធ ថា​ជា​ព្យាការី​របស់​ព្រះ ថ្លែង​ពី​អំណាច​នៃ​វិវរណៈ​នៅ​ក្នុង​ជីវិត​របស់​យើង ការស្តារ​ឡើងវិញ​ជា​បន្ដ​បន្ទាប់​នៃ​ដំណឹង​ល្អ​នៃព្រះយេស៊ូវគ្រីស្ទ និង​សេចក្តី​ពិត ព្រមទាំង​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ។ បងប្អូន​ជាច្រើន​ដែល​កំពុង​តែ​ស្តាប់​នៅ​ថ្ងៃ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ ។

ពី​ដំបូង ការចាក់ផ្សាយ​ត្រូវ​ធ្វើ​មក​ពី​ព្រៃពិសិដ្ឋ ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ ញូវយ៉ក ជា​ទី​កាល​ដែល​យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ទីបន្ទាល់​ថា « ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ​ដែល​មាន​រស្មី និង​សិរី​រុង​រឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឡើយ ឈរ​នៅ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា—នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ស្តាប់​ទ្រង់ !១៦ បងប្អូន ប្រុសស្រី នោះ​គឺ​ជា​អព្ភូតហេតុ​មួយ ។

រូបភាព
ក្រុងយេរូសាឡិម បាន​រៀបចំ​នៅ ហ្គូសិន រដ្ឋយូថាហ៍

ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​បាន​បង្ខំ​យើង​ឲ្យ​ផ្លាស់ប្តូរ​ទីកន្លែង​ការចាក់ផ្សាយ​មក ហ្គូសិន រដ្ឋ​យូថាហ៍ វិញ ជា​ទី​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ថត​រឿង​ឡើង​វិញ​ត្រង់​វគ្គ​ទីក្រុង​យេរូសាឡិម​ចាស់ ។ ស៊ីស្ទើរ រ៉ាសបាន និង​ខ្ញុំ​បាន​ស្ថិត​នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី ហ្គូសិន នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពេល​ដែល​យើង​បាន​ឃើញ​ផ្សែង​ហុយ​ចេញ​មក​ពី​ទិស​នៃ​ទីកន្លែង​ដែល​យើង​កំពុង​ទៅ​នោះ ។ ភ្លើង​ឆេះ​ព្រៃ​កំពុង​តែ​ឆេះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​នោះ ហើយ​យើង​បារម្ភ​ថា​ការចាក់ផ្សាយ​នេះ​អាច​មាន​ហានិភ័យ ។ ដូច​ក្តី​បារម្ភ​មែន នៅ​២០​នាទី មុន​ម៉ោង​៦:០០ ជា​ម៉ោង​សម្រាប់​ការចាក់ផ្សាយ​របស់​យើង ចរន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​នោះ​ទាំង​មូល​បាន​ដាច់ ។ ពុំ​មាន​ចរន្ត​អគ្គិសនី​ទេ ! ពុំ​មាន​ការចាក់ផ្សាយ​ទេ ។ មាន​ម៉ាស៊ីន​ភ្លើង​មួយ​ដែល​អ្នក​ខ្លះ​គិត​ថា​អាច​ឲ្យ​យើង​បញ្ឆេះ​ដើម្បី​មាន​ចរន្ត​អគ្គិសនី ប៉ុន្តែ​ចរន្ត​អគ្គិសនី​នោះ​ពុំ​អាច​ផ្តល់​ថាមពល​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ដល់​ឧបករណ៍​ដែល​យើង​ប្រើ​នោះ​ឡើយ ។

រូបភាព
ផ្សែង​ភ្លើង​ឆេះ

យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​កម្មវិធី​នោះ រួម​ទាំង​អ្នក​និទានកថា តន្ត្រីករ និង​អ្នកបច្ចេកទេស—ព្រមទាំង​យុវមជ្ឈិមវ័យ ២០ នាក់​មក​ពី​ក្រុមគ្រួសារ​របស់​ខ្ញុំ—បាន​ត្រៀម​ខ្លួន​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ។ ខ្ញុំ​បាន​ដើរ​ចេញ​ពី​ភាពសោកសៅ និង ភាពច្របូកច្របល់​របស់​ពួកគេ ហើយ​បាន​អង្វរ​ព្រះអម្ចាស់​សូម​អព្ភូតហេតុ​មួយ ។ ខ្ញុំ​បាន​អធិស្ឋាន​ថា « ឱព្រះវបិតាសួគ៌ ទូលបង្គំ​កម្រ​ទូល​សូម​អព្ភូតហេតុ​ណាស់ ប៉ុន្តែ​ឥឡូវ​នេះ ទូលបង្គំ​ទូលសូម​សម្រាប់​អព្ភូតហេតុ​មួយ ។ ការប្រជុំ​នេះ​ត្រូវ​តែ​កើត​ឡើង​សម្រាប់​យុវមជ្ឈិមវ័យ​របស់​យើង​នៅ​ជុំ​វិញ​ពិភព​លោក ។ យើង​ត្រូវការ​ចរន្ត​អគ្គិសសនី​ដើម្បី​ដំណើរការ​កម្មវិធី​បន្ត​ទៀត ប្រសិន​បើ​នោះ​គឺ​ជា​ព្រះទ័យ​របស់​ទ្រង់ » ។

នៅ​ម៉ោង ៦:០០​ប្រាំពីរ​នាទី ចរន្ត​អគ្គិសនី​ដែល​ដាច់​នោះ បាន​ត្រឡប់​មក​វិញ ។ អ្វីៗ​ទាំង​អស់​បាន​មាន​ដំណើរការ​ឡើង​វិញ តាំង​ពី​តន្ត្រី និង​មីក្រូហ្វូន ​វីដេអូ និង​ឧបករណ៍​ចាក់ផ្សាយ​ទាំង​អស់ ។ យើង​បាន​ចាប់​ផ្តើម​ធ្វើ​ការចាក់ផ្សាយ​ភ្លាម ។ យើង​បាន​ទទួល​អព្ភូតហេតុ​មួយ ។

រូបភាព
ការប្រគុំ​តន្រ្តី អំឡុង ព្រឹត្តិការណ៍ Face to Face

នៅ​ពេល​ដែល​ស៊ីស្ទើរ រ៉ាសបាន និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ល្ងាច​នោះ ប្រធាន និង​ស៊ីស្ទើរ ណិលសុន បាន​ផ្ញើ​សារ​មក​យើង​ថា « រ៉ន យើង​ចង់​ឲ្យ​ប្អូន​ដឹង​ថា គ្រាន់​តែ​យើង​បាន​ឮ​ថា​ចរន្ត​អគ្គិសនី​បាន​ដាច់ នោះ​យើង​បាន​អធិស្ឋាន​សូម​អព្ភូតហេតុ​ភ្លាម » ។

នៅ​ក្នុង​ព្រះគម្ពីរ​ថ្ងៃ​ចុងក្រោយ​បាន​ចែង​ថា « ដ្បិត​យើង​ជា​ព្រះអម្ចាស់ បាន​ដាក់​ព្រះហស្ត​របស់​យើង ដើម្បី​បញ្ចេញ​អំណាច​ពី​ស្ថានសួគ៌ អ្នករាល់គ្នា​មិន​អាច​មើល​ឃើញ​អំណាច​នោះ​នៅ​ពេល​នេះ​បាន​ឡើយ តែ​នៅ​បន្តិច​ទៀត ហើយ​អ្នករាល់​គ្នា​នឹង​មើល​ឃើញ​អំណាច​នោះ ហើយ​ស្គាល់​ថា យើង​ជា​ព្រះ ហើយ​ថា​យើង​នឹង​យាង​មក ហើយ​សោយរាជ្យ​នៅ​ជាមួយ​នឹង​រាស្ត្រ​យើង » ។១៧

នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង ។ ព្រះអម្ចាស់​បាន​ដាក់​ព្រះហស្ត​របស់​ទ្រង់ ហើយ​ចរន្ត​អគ្គិសនី​បាន​មាន​ឡើង​វិញ ។

អព្ភូតហេតុ ត្រូវ​បាន​ធ្វើ​តាម​រយៈ​អំណាច​នៃ​សេចក្ដីជំនឿ​ដូច​ជា ប្រធាន ណិលសុន បាន​បង្រៀន​យើង​ពេញ​ដោយ​ព្រះចេស្តា​នៅ​ក្នុង​សម័យប្រជុំ​ចុងក្រោយ ។ ព្យាការី​មរ៉ូណៃ បាន​ដាស់តឿន​ប្រជាជន​ថា « ព្រោះ​បើ​សិន​គ្មាន​សេចក្តី​ជំនឿ នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ទេ នោះ​ព្រះ​ទ្រង់​ពុំ​អាច​សម្តែង​អព្ភូតហេតុ​នៅក្នុង​ចំណោម​ពួក​គេ​ឡើយ ហេតុ​ដូច្នោះ​ហើយ​ទ្រង់​ពុំ​បង្ហាញ​រូប​អង្គ​ទ្រង់​សោះ លុះត្រា​តែក្រោយ​ពី​សេចក្តី​ជំនឿ​របស់​ពួក​គេ​សិន » ។

លោក​បាន​បន្ត​ថា ៖

« មើល​ចុះ គឺ​ដោយ​សេចក្តី​ជំនឿ​របស់​អាលម៉ា និង​អាមូលេក ដែល​បាន​ធ្វើ​ឲ្យ​គុក​រលំ​ចុះ​ទៅ​ដី ។

« មើល​ចុះ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​នីហ្វៃ និង​លីហៃ ដែល​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដល់​ពួក​សាសន៍​លេមិន ធ្វើ​ឲ្យ​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

« មើល​ចុះ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​អាំម៉ូន និង​ពួក​បង​ប្អូន​របស់​លោក ដែល​បាន​នាំ​មក​នូវ​អព្ភូតហេតុ​ដ៏​ធំ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន » ។…

« ហើយ​គ្មាន​ពេល​ណា​ទេ ដែល​អ្នក​ណា​ម្នាក់​នាំ​មក​នូវ​អព្ភូតហេតុ លុះ​ត្រា​ក្រោយ​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ​សិន ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ដំបូង​បំផុតជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ។១៨

ខ្ញុំ​អាច​បន្ថែម​តាម​បទគម្ពីរ​ទាំង​នោះ​ថា « វា​គឺ​ជា​សេចក្តី​ជំនឿ​ដ៏​ស្មោះត្រង់​របស់​អ្នក​សម្តែង​យុវមជ្ឈិមវ័យ អ្នកជំនាញ​ការចាក់ផ្សាយ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​សមាជិក សាវក​ម្នាក់ និង​ព្យាការី​នៃ​ព្រះ​ដែល​បាន​ស្វែងរក​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ ​ធ្វើ​ឲ្យ​មាន​ចរន្ត​អគ្គិសនី​ឡើង​វិញ​ទៅ​កាន់​កន្លែង​ថត​ពី​ចម្ងាយ​នៅ ហ្គូសិន រដ្ឋ​យូថាហ៍ » ។

អព្ភូតហេតុ​ទាំងឡាយ​អាច​កើត​មាន​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន ។ អព្ភូតហេតុ​មិន​តែងតែ​កើត​ឡើង​តាម​អ្វី​ដែល​យើង​សូម ឬ​តាម​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ ប៉ុន្តែ​ពេល​យើង​ដាក់​ទី​ទុក​ចិត្ត​នៅ​ក្នុង​ព្រះអម្ចាស់ ទ្រង់​នឹង​នៅ​ទីនោះ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ត្រូវ ។ ទ្រង់​នឹង​លៃលក​នូវ​អព្ភូតហេតុ​ដើម្បី​ឲ្យ​ត្រូវ​នឹង​អ្វី​ដែល​យើង​ត្រូវការ​នៅ​ពេល​នោះ ។

ព្រះអម្ចាស់​ធ្វើ​នូវ​អព្ភូតហេតុ​ដើម្បី​រំឭក​យើង​ពី​ព្រះចេស្តា​របស់​ទ្រង់ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ឥទ្ធិពល​ទ្រង់​ពី​ស្ថានសួគ៌​មកកាន់​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​បង្រៀន​អំពី​អ្វី​ដែល​មាន​តម្លៃ​បំផុត ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ឆ្នាំ ១៨៣១ ហើយ​ការសន្យា​នោះ​បន្ត​មក​ដល់​សព្វ​ថ្ងៃ « អ្នក​ណា​ដែល​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​យើង ដើម្បី​ឲ្យ​បាន​ជាស្បើយ ហើយ​ពុំ​បាន​កំណត់​ឲ្យ​ស្លាប់ នោះ​នឹង​ត្រូវ​បាន​ជា​ស្បើយ​ហើយ » ។១៩ មាន​នូវ​ក្រឹត្យវិន័យ​ជាច្រើន​ដែល​បាន​ធ្វើ​នៅ​ស្ថានសួគ៌ ហើយ​យើង​តែងតែ​ចុះចូល​នឹង​ក្រឹត្យវិន័យ​ទាំងនោះ ។

មាន​ពេល​ច្រើន​ដែល​យើង​សង្ឃឹម​ថា​មាន​អព្ភូតហេតុ​មួយ ដើម្បី​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ បង្វែរ​សកម្មភាព​អយុត្តិធម៌ចេញ ឬ​ដើម្បី​លួងលោម​ដួងចិត្ត​ដែល​ឈឺ​ចាប់ ឬ​ព្រលឹង​ដែល​ស្រងាក​ចិត្ត ។ ការមើល​ទៅ​បញ្ហា​ដោយ​ទស្សនវិស័យ​នៃ​ជីវិត​រមែង​ស្លាប់ នោះ​យើង​ចង់​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អន្តរាគមន៍ ដើម្បី​ជួសជុល​នូវ​អ្វី​ដែល​បាន​បាក់បែក ។ តាម​រយៈ​សេចក្តី​ជំនឿ អព្ភូតហេតុ​នឹង​កើត​ឡើង បើ​ទោះ​ជា​វា​មិន​កើត​តាម​ពេល​វេលា​របស់​យើង ឬ​ជាមួយ​នឹង​ដំណោះស្រាយ​ដែល​យើង​ចង់​បាន​នោះ​ក៏​ដោយ ។ តើ​នោះ​មាន​ន័យ​ថា​យើង​ពុំ​មាន​សេចក្តី​ជំនឿ​គ្រប់គ្រាន់ ឬ​ពុំ​ទទួល​បាន​នូវ​អន្តរាគមន៍​របស់​ទ្រង់​មែន​ដែរ​ទេ ? អត់​ទេ ។ យើង​គឺ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ ទ្រង់​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​សម្រាប់​យើង ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​បន្ត​លោះ​យើង​ពី​បន្ទុក និង​អំពើ​បាប នៅ​ពេល​យើង​ប្រែចិត្ត និង​ខិត​កាន់តែ​ជិត​ទ្រង់ ។

ព្រះអម្ចាស់​បាន​រំឭក​យើង​ថា « ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ » ។២០ ទ្រង់​ថ្លែង​ទៅ « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក »​២១—សម្រាក​ពី ការព្រួយបារម្ភ ការខកចិត្ត ការភ័យខ្លាច ការមិនស្តាប់បង្គាប់ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់ សម្រាប់​ក្តីសុបិន្ត​ដែល​បាត់បង់ ឬ​បាក់ទឹកចិត្ត ។ ភាពសុខសាន្ត​ក្នុង​ពេល ច្របូកច្របល់ ឬ​ទុក្ខព្រួយ​គឺ​ជា​អព្ភូតហេតុ​មួយ ។ សូម​ចងចាំ​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ ៖ « តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នោះ​ទេ​ឬ​អី ? តើ​អ្នក​អាច​មាន​សាក្សី​ឯ​ណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? »២២ អព្ភូតហេតុ​នោះ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​ឆ្លើយ​តប​ដោយ​ភាពសុខសាន្ត ។

ដូច​ដែល​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារ៉ា​នៅ​ក្នុង​សួនច្បារ ទាំង​ហៅ​នាង​ចំ​ឈ្មោះ នោះ​ទ្រង់​នឹង​ហៅ​យើង​ឲ្យ​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង ។ ម៉ារ៉ា ចង់​មក​បម្រើ​ទ្រង់ និង​យកចិត្ត​ទុកដាក់​ចំពោះ​ទ្រង់ ។ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​គឺ​មិនមែន​ជា​អ្វី​ដែល​នាង​បាន​រំពឹង​ទុក​នោះ​ទេ ប៉ុន្តែ​វា​គឺ​ស្រប​តាម​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ។

ហ្វូង​មនុស្ស​នៃ​អ្នក​មិន​ជឿ​បាន​សើច​ចំអក​ដាក់​ទ្រង់​នៅ​កាលវ៉ារី​ថា « នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក » ។២៣ ទ្រង់​អាច​ធ្វើ​នូវ​អព្ភូតហេតុ​ដូច្នេះ​បាន ។ ប៉ុន្តែ​ទ្រង់​បាន​ជ្រាប​ពី​ដើម​ដំបូង​ដល់ចុង​បំផុត ហើយ​ទ្រង់​ចង់​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ចំពោះ​ផែនការ​របស់​ព្រះបិតា​ទ្រង់ ។ យើង​ពុំគួរ​មិនយល់​ពី​គំរូ​នេះ​នោះ​ឡើយ ។

ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​យើង ​នៅ​ពេល​យើងមាន​ទុក្ខ​លំបាក​ថា « ចូរ​មើល​ស្នាម​ទាំងឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រមទាំង​ស្នាម​ដែកគោល​នៅ​ដៃ និងជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់​កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​អ្នក​រាល់គ្នា​នឹង​គ្រង​នគរ​ស្ថានសួគ៌​ទុក​ជា​មរតក » ។២៤ បងប្អូន​ប្រុស​ស្រី នោះ​ហើយ​គឺ​ជា​អព្ភូតហេតុ​ដែល​បាន​សន្យា​ចំពោះ​យើង​ ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ពេល​យើង​សាទរ​នឹង​អព្ភូតហេតុ​នៃ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យើង ក្នុង​នាម​ជា​សាវក​ម្នាក់​នៃ ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​សូម​អធិស្ឋាន​ដោយ​រាបសារ​ថា បងប្អូន​នឹង​ស្គាល់​នូវ​ព្រះចេស្តា​របស់​ព្រះប្រោសលោះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ថា​ការទូល​អង្វរ​របស់​បងប្អូន​ទៅ​កាន់​ព្រះវបិតា​សួគ៌​យើង នឹង​បាន​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រឡាញ់ និង​ការបេ្តជ្ញា​ចិត្ត​ដូច​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​នៅ​ពេញ​ការងារ​បម្រើ​របស់​ទ្រង់ ។ ខ្ញុំ​សូម​អធិស្ឋាន ថា បងប្អូន​អាច​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន និង​ស្មោះត្រង់​នៅ​គ្រប់​ការណ៍​ទាំង​អស់​ដែល​នឹង​កើត​ឡើង ។ ហើយ​ខ្ញុំ​សូម​ប្រសិទ្ធព​រ​ថា អព្ភូតហេតុ​នឹង​កើត​ឡើង​ចំពោះ​បងប្អូន ដូច​យើង​បាន​ជួប​នៅ ហ្គូសិន—ប្រសិន​បើ​វា​គឺ​ជា​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ សូម​ស្វែងរក​នូវ​ពរជ័យ​ទាំង​នេះ​ដែល​បាន​រៀបចំ​ពី​ស្ថានសួគ៌​នៅ​ក្នុង​ជីវិត​ នៅ​ពេល​បងប្អូន « ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ដែល​ធ្វើ​បន្ទាល់​អំពី​ទ្រង់​អាច​មក​សណ្ឋិត​នៅក្នុង​អ្នករហូត​តទៅ » ។២៥ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕