២០១៩
ការផ្តល់​ការងារ​បម្រើ​ដល់​កុមារ និង​យុវវ័យ
ខែ ធ្នូ ឆ្នាំ ២០១៩


ការផ្តល់​ការងារ​បម្រើ​ដល់ កុមារ និង​យុវវ័យ

មជ្ឈិមវ័យ​ទាំងអស់ ទោះមាន​ការហៅ​បម្រើ​អ្វី​ក៏​ដោយ អាច​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កុមារ និង​យុវវ័យ​នៅក្នុង​វួដ​របស់​ពួកគេ ។

រូបភាព
father and daughters

ព្រះវរបិតា​សួគ៌​ពោរពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង​បាន​ប្រទាន​ទេពកោសល្យ អំណោយទាន ចំណូល​ចិត្ត និង​ចំណាប់​អារម្មណ៍​ពិសេស​ដល់​យើង ។ ទេពកោសល្យ​ទាំង​នេះ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង ពេល​យើង​ព្យាយាម​ប្រែជា « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ក្នុងការ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ( ម៉ូសេ ៧:១៨ ) ។ ការណ៍​នេះ​រួម​ទាំង​កិច្ចខិតខំ​ផ្តល់​ការងារ​បម្រើ​របស់​យើង​ដល់​កុមារ និង​យុវវ័យ ។

ទោះបី​អ្នក​ជា​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា ថ្នាក់​ដឹកនាំយុវវ័យ ឬ​បងប្អូន​ប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ ឬ​អ្នក​គ្រាន់តែ​មាន​ទំនាក់ទំនង​សាមញ្ញ​ជាមួយ​កុមារ និង​យុវវ័យ​នៅ​ព្រះវិហារ​នោះទេ អ្នក​មាន​សមត្ថភាព​ដើម្បី​បំផុសគំនិត លើក​ទឹកចិត្ត លើក​ស្ទួយ​ចិត្ត និង​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ប្រែ​ក្លាយ​ជា​អ្វី​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ឲ្យ​ពួកគេ​ប្រែក្លាយ ។

ការលើក​ទឹកចិត្ត និង​ការផ្តល់​ការងារ​បម្រើ​របស់​អ្នក​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ដោយ​សាសនាចក្រ និង​កិច្ចខិតខំ​ដែល​ផ្តោត​លើ​គេហដ្ឋាន ចូរ​ចាំ​ថា ឪពុក​ម្ដាយ​មាន​តួនាទី​ពិសិដ្ឋ ចម្បង​សម្រាប់​ដឹកនាំ និង​គាំទ្រ​ដល់​ការរីកចម្រើន​របស់​កូនៗ​ពួកគេ ។ រឿង​នោះ​វា​ពិត​ផងដែរ ថ្វីបើ​ឪពុកម្តាយ​ពុំមែន​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ​ពួកគេ​ពុំ​សកម្ម​នៅក្នុង​សាសនាចក្រ ។ ដូច្នេះ តើ​ការគាំទ្រ​សាសនាចក្រ​នោះ​អាច​មាន​សភាព​បែប​ណា ហើយ​តើ​ពួកយើង​ម្នាក់ៗ​អាច​រួម​ចំណែក​ដូចម្តេច ?

យោបល់​ទាំង​បួននេះ​អាច​ជួយ​បាន ៖

១. សូម​រៀន​ស្គាល់​កុមារ និង​យុវវ័យ ។

វា​ពិបាក​ណាស់​ដើម្បី​គាំទ្រ​មនុស្ស​ដទៃ លុះត្រា​តែ​អ្នកដឹង​ពី​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​សិន ។ តើ​អ្នក​ស្គាល់​កុមារ និង​យុវវ័យ​នៅ​ជុំវិញ​អ្នក​ច្បាស់​លាស់ ដើម្បី​ដឹង​ពី​គោលដៅ​ដែល​ពួកគេ​កំពុង​ឆ្ពោះ​ទៅរក ជំនួយ​ដែល​ពួកគេ​ត្រូវការ ឬ​បញ្ហា​ដែល​ពួកគេ​មាន​ដែរ​ឬ​ទេ ? ហើយ​ម្យ៉ាង​វិញ​ទៀត តើ​អ្នក​ដឹង​ពី​ភាព​ខ្លាំង និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ដើម្បី​អ្នក​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទាក់ទង​គ្នា ពេល​មាន​ឱកាស​មួយ​កើត​ឡើង​ដើម្បី​ឲ្យ​ពួកគេ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ដែរ​ឬទេ ?

ឧទាហរណ៍ ជេស៊ីកា អូខេមប៉ូ មកពី​ប្រទេស​ហ្គាតេម៉ាឡា​បាន​ផ្តល់​ការជួយ​មើល​ដាវីដ​កូន​ប្រុស​របស់​មិត្តភក្តិ​គាត់​ឈ្មោះ​លីសបែត​ ពេលលីបែត​បាន​បម្រើ​នៅ​ការ​បោះជំរំ​របស់​ក្រុម​យុវនារី ។ ជេស៊ីកា​បាន​សួរ​ប្រសិនបើ​មាន​អ្វី មួយ​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​ដាវីឌ​អំឡុង​គ្រា​នោះ ហើយ​លីបែត​បា​ន​និយាយ​ថា ដាវីឌ​ពុំ​ធ្លាប់​រៀន​ជិះ​កង់​ទេ ។ ជេស៊ីការ​បាន​អញ្ជើញ​កូន​ប្រុស​នាង​ឲ្យ​ជួយ ហើយ​ពួកគេ​បាន​បង្រៀន​ដាវីឌ​ជិះកង់ ។ ពួកគេ​ក៏​ដឹង​ថា ដាវីឌ​កំពុង​លេង​កីឡា​វាយ​កូន​បាល់​នៅ​ក្រុម​របស់​វួដ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត ដូច្នេះ​ពួកគេ​បាន​ចំណាយ​ពេល​ពេញ​មួយថ្ងៃ​ដើម្បី​ជួយ​ដាវីឌ​រៀបចំខ្លួន ។ ដាវីឌ​ពុំ​អាច​លេង​វាយ​កូនបាល់​បាន​ល្អ​តែ​មួយ​ថ្ងៃ​នោះ​ទេ តែ​គាត់​បាន​និយាយ​ថា « ពួកគេ​បាន​បង្ហាញ​ដល់​ខ្ញុំ​ថា ពួកគេ​ពិត​ជា​ខ្វាយខ្វល់​នឹង​ខ្ញុំ » ។ គាត់​ក៏​បាន​និយាយ​ផងដែរ​ថា « ខ្ញុំ​នៅ​តែ​មាន​វីដេអូ​នៅ​លើ​ទូរសព្ទ​ខ្ញុំ ពេល​ខ្ញុំ​បាន​រៀន​ជិះ​កង់ » ។

យោបល់​ផ្សេង​ទៀត

  • សូម​ប្រាកដ​ថា អ្នក​ត្រូវ​មាន​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ​ដើម្បី​មាន​ទំនាក់ទំនង​ជាមួយ​កូនៗ​របស់​ពួកគេ​នៅ​ក្រៅ​ថ្នាក់រៀន ឬ​សកម្មភាព​នានា​នៅ​ក្រៅ​សាសនាចក្រ ។ សូម​ចៀសវាង​ពី​ស្ថានភាព​ដែល​នៅ​តែ​ម្នាក់​ឯង​ជាមួយ​កុមារ និង​យុវវ័យ ។ ការ​មាន​វត្តមាន​ពី​ឪពុក​ម្តាយ​ម្នាក់​របស់​កុមារ​ពេល​អ្នក​គាំទ្រ​កូន​របស់​ពួកគេ​គឺ​ជា​គំនិត​ល្អ​ណាស់ ។ ការមើល​ថែ​ក៏​គួរតែ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការវាស់​វែង​ដោយ​សុវត្ថិភាព ។

  • ស្វាគមន៍​កុមារ និង​យុវវ័យ និង​ឪពុក​ម្តាយ​ពួកគេ​នៅ​ព្រះវិហារ ។ រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ហើយ​សួរ​ពួកគេ​អំពី​សកម្មភាព​ពួកគេ​ក្នុង​សប្តាហ៍ ។

  • សូម​សួរ​អ្នក​ដែល​អ្នក​ផ្តល់​ការងារ​បម្រើ និង​ក្រុមគ្រួសារ​ពួកគេ​អំពី​រឿង​ដែល​ពួកគេ​រំភើប​បំផុត បារម្ភ​បំផុត ឬ​ចាប់​អារម្មណ៍​បំផុត ។ ដឹង​ពី​កិច្ចការ​នានា​ដែល​ពួកគេ​កំពុង​រៀបចំធ្វើ ។ បន្ទាប់​មក និយាយ​ជាមួយ​ពួកគេ ហើយ​ក៏​អធិស្ឋាន​ទូល​សូម​ឲ្យ​ដឹង ប្រសិនបើ​មាន​អ្វី​ដែល​អ្នក​ធ្វើ​បាន​ដើម្បី​គាំទ្រ​ពួកគេ ។

២. ចែកចាយ​ទេពកោសល្យ​របស់​អ្នក ហើយ​រកមើល​ទំនាក់ទំនង​ដែល​អាច​ទាក់ទង​នឹង​មនុស្ស​ដទៃ ។

អ្នក​បាន​ចំណាយ​ពេល​ក្នុង​ជីវិត​នេះ​ដើម្បី​អភិវឌ្ឍ​ជំនាញ និង​ទេពកោសល្យ ។ អ្នក​មាន​បទពិសោធន៍​ពិសេស​ដែល​ផ្តល់​ការយល់​ដឹង​ដល់​អ្នក និង​ចំណេះដឹង​អំពី​ប្រធាន​បទ​ផ្សេងៗ ។ តើ​អ្នក​អាច​ចែកចាយ​ទេពកោសល្យ និង​ប្រាជ្ញា​របស់​អ្នក​ជាមួយ​កុមារ និង​យុវវ័យ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​បង្កើត​ផែនការ​ពួកគេ​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ឱកាស​ដែល​នឹង​ជួយ​ពួកគេ​ជាមួយ​នឹង​បំណង​ប្រាថ្នា​ដើម្បី​រីក​ចម្រើន​របស់​ពួកគេ​បាន​ដែរ​ឬទេ ?

ឧទាហរណ៍ អូឡាលេខាន បាបា​ធូនដេ មក​ពី​ទីក្រុង អូសាន់ ប្រទេស​នីហ្សេរីយ៉ា ធ្វើការ​ផ្នែក​ច្បាប់ ។ ស្តេក​របស់​គាត់​គឺ​ជា​ស្តេក​ដែល​បាន​ចូលរួម​ក្នុង​ការសាកល្បង​ដំបូង​សម្រាប់​កម្មវិធី​កុមារ និង​យុវវ័យ ។ ពេល​គាត់​បាន​ឮ​ថា វា​បាន​បំផុសគំនិត​យុវជន​ម្នាក់​ក្នុង​វួដ​គាត់​ឲ្យ​ក្លាយ​ជា​មេធាវី អូឡាលេខាន បាន​ទៅ​ជួយ​គាត់​ដើម្បី​ផ្តល់​ការគាំទ្រ ។ អូឡាលេខាន​កំពុង​ជួយ​គាត់​ឲ្យ​រៀន​ពីអ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​រៀបចំ​គាត់​ឲ្យ​ចូល​រៀន​សាលា​ច្បាប់ ។

ម៉ារៀ វ៉ាស្សឈិនកូ មក​ពី ទីក្រុង​គីអីវ ប្រទេស​អ៊ុយក្រែន បាន​សម្គាល់​ឃើញ​ពី​ឥទ្ធិពល​របស់​ស្ត្រី​ម្នាក់ ដែល​បាន​ដឹង​ពី​សមត្ថភាព​ផ្នែក​តន្ត្រី​របស់​កូន​ប្រុស​អាយុ ១៣ ឆ្នាំ​របស់​គាត់ ។ ស្ត្រី​នោះ​បាន​អញ្ជើញ​គាត់​ឲ្យ​ទៅ​លេង​ព្យាណូ​សម្រាប់​ការប្រារព្ធ​ពិធី​វប្បធម៌ ពីមុន​ការឧទ្ធិសឆ្លង​ព្រះវិហារ​បរិសុទ្ធ គីអីវ អ៊ុយក្រែន ។ គាត់​បាន​គិត​យ៉ាងហ្មត់ចត់ពី​ការ​ឈប់លេង​តន្ត្រី​នៅ​គ្រា​នោះ ប៉ុន្តែ​គាត់​បាន​យល់​ព្រម​ទទួល​យក​ការអញ្ជើញ​របស់​នាង ។

ម៉ារៀ​បាន​និយាយ​ថា « នេះ​គឺជា​ការសម្រេច​ចិត្ត​មួយ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ជីវិត​កូន​ប្រុស​ខ្ញុំ ។ ការប្រគំតន្ត្រី​នោះគឺ​អស្ចារ្យ​ណាស់ ! បន្ទាប់​មក យើង​បាន​ប្រាប់​កូន​ប្រុស​យើង​ថា ឥឡូវ​គាត់​អាច​ឈប់​លេង​តន្ត្រី​បាន​ហើយ ប៉ុន្តែ​គាត់​បាន​តប​ថា គាត់​ពុំ​ឈប់​លេង​ទេ ។ គាត់​បាន​បញ្ចប់​ការសិក្សា​ពី​សាលា​តន្ត្រី​ជាមួយ​នឹង​ចំណាត់​ថ្នាក់​ល្អ អាច​លេង​ឧបករណ៍​តន្ត្រី​ជា​ច្រើន បាន​ចាប់ផ្តើម​និពន្ធ​បទភ្លេង និង​ចម្រៀង ហើយ​បាន​បង្កើត​ក្រុម​តន្ត្រី ។ ពេល​គាត់​ទៅ​បម្រើ​បេសកកម្ម គាត់​បាន​រៀបចំ​សកម្មភាព​តន្ត្រី លេង​ព្យាណូ​នៅ​ក្នុង​ពិធី​ប្រជុំ​សាក្រាម៉ង់ ដឹកនាំ​ក្រុម​ចម្រៀង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​បង្រៀន​សាសនាគន់ការី​ឲ្យ​លេង​ហ្គីតា និង​ព្យាណូ ។ យើង​នឹង​មាន​អំណរគុណ​ជានិច្ច​ដល់​បង​ស្រី​ដែល​បាន​ជួយ​កូន​របស់​យើង​ឲ្យ​អភិវឌ្ឍ​ទេពកោសល្យ​របស់​គាត់ » ។ បងស្រី​ដ៏​មាន​ឥទ្ធិពល​នោះ​បាន​ធ្វើ​ឲ្យ​ការផ្លាស់ប្តូរ​សាមញ្ញ​មួយ តាមរយៈ​ការដឹង​ពី​ជំនាញ​របស់​យុវជន​នោះ ហើយ​អញ្ជើញ​គាត់​ឲ្យ​ប្រើ​វា​ដើម្បី​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ ។

រូបភាព
young man playing piano

យោបល់​ផ្សេង​ទៀត

  • ផ្តល់​ការបង្រៀន​កុមារ និង​យុវវ័យ​នូវ​ជំនាញ​របស់​អ្នក​ក្នុង​សកម្មភាព​របស់​ពួកគេ ឬ​ឲ្យ​ពួកគេ​ចែកចាយ​ទេពកោសល្យ​ជាមួយ​សមាគម​សង្គ្រោះ ឬ​កូរ៉ុម​អែលឌើរ ។

  • មើល​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក​ដើម្បី​គិត​ពី​ទេពកោសល្យ និង​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​អ្នក ដែល​អ្នក​គាំទ្រ​មនុស្ស​ដទៃ​ក្នុង​ការអភិវឌ្ឍ​របស់​ពួកគេ—សូម្បី​តែ​អំណោយ​ដែល​មនុស្ស​ដទៃ​មើល​ពុំ​ឃើញ​ក្តី ដូចជា​ការ​ធ្វើ​ជា​អ្នក​ដែល​ពូកែ​ស្តាប់ ។

  • បង្កើត​បញ្ជី​មួយ​នៃកម្លាំង​របស់​បុគ្គល​ម្នាក់ៗ—ភាព​ខ្លាំង​របស់​អ្នក និង​មនុស្ស​ដទៃ—ដូច្នេះ​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រ​មនុស្ស​ដទៃ ដែល​អាច​ទទួល​ប្រយោជន៍ពី​ចំណេះ​ដឹង​របស់​មនុស្ស​ម្នាក់​ទៀត ។ ការណ៍​នេះ​អាច​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​ក្រុមគ្រួសារ ក្រុមប្រឹក្សា​វួដ និង​ថ្នាក់ ព្រមទាំង​គណៈប្រធាន​កូរ៉ុម​របស់​យុវវ័យ​ដែល​ត្រូវ​ធ្វើ​រួម​គ្នា ។

៣. សូម​ចាប់​អារម្មណ៍ និង​ផ្តល់​ការលើក​ទឹកចិត្ត ។

សូម​ចាំ​ពេល​កុមារ ឬ​យុវវ័យ​មាន​ព្រឹត្តិការណ៍​អ្វី​ធំដុំ​កើត​ឡើង បន្ទាប់​មក​តាម​ដាន​ពី​រឿងនោះ ។ សូម​ផ្ញើ​សារ​ខ្លី​នៃ​ការលើក​ទឹកចិត្ត ។ សួរ​ពួកគេ​ពីផែនការ​ពួកគេ​នៅ​សប្តាហ៍​នោះ ។ សូម​មាន​ចិត្ត​រំភើប​នឹង​ការរីកចម្រើន​របស់​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ឆ្ពោះ​ទៅមុខ​ទោះបី​ជា​មាន​ការបាក់ទឹកចិត្ត​ក្តី ។ អ្នក​ពុំ​ចាំបាច់​ត្រូវ​ដឹង​រឿង​លម្អិត​ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា អ្នក​គាំទ្រ​ពួកគេ​នោះ​ទេ ។

មាន​គ្រា​មួយ ពេល​ខ្ញុំ​ព្យាយាម​បង្កើត​ទម្លាប់​មួយ​ដើម្បី​ចូល​ដេក​ពី​ព្រលប់ សមាជិក​វួដ​ម្នាក់​បាន​ឮ​ខ្ញុំ​និយាយ​នៅ​ថ្ងៃ​អាទិត្យ​មួយ អំពី​ក្តីសង្ឃឹម​របស់​ខ្ញុំ​ដើម្បី​ដេក​បាន​កាន់តែ​ច្រើន​នៅ​សប្តាហ៍​នោះ ។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​រឿង​នោះ​កើត​ឡើង ។ ខ្ញុំ​បាន​តាំងចិត្ត​ចូល​ដេក​តាម​ម៉ោង​ដែល​ខ្ញុំ​ចង់ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​យប់​នៅ​ក្នុង​អាទិត្យ​នោះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​នឹង​សួរ​អ្នក​អំពី​រឿង​នេះ​នៅ​សប្តាហ៍​ក្រោយ » ។ ខ្ញុំ​ជឿ​ថា គាត់​នឹង​សួរ ដូច្នេះ​ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​នោះ ។

ប្រាកណាស់ នៅ​សប្តាហ៍​បន្ទាប់ពេល​នៅ​ព្រះវិហារ គាត់​បាន​សួរ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​បាន​បំពេញ​គោលដៅ​របស់​ខ្ញុំ ( ខ្ញុំ​បាន​ធ្វើ​វា​មែន ! ) ហើយ​គាត់​បាន​សួរ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​ទៀត​នៅ​សប្តាហ៍​បន្ទាប់​ទៀត ។ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​តាមដាន​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​វា​ទៀត ។ នៅ​សប្តាហ៍​បន្ទាប់​ទៀត គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បំពេញ​គោលដៅ​របស់​ខ្ញុំ​ពីរដង​នៅ​សប្តាហ៍​នោះ ។ ហើយ​នៅ​សប្តាហ៍​បន្ទាប់​ទៀត​ផងដែរ ? គាត់​បាន​តាំងចិត្ត​ខ្ញុំ​ឲ្យ​ចូលដេក​តាម​ម៉ោង​ដែល​ខ្ញុំ​ចង់​ឲ្យ​បាន​បី​យប់ ។ គាត់​បន្ត​លើក​ទឹកចិត្ត​ខ្ញុំ​រៀងរាល់​សប្តាហ៍ រហូត​ដល់​ផែនការ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ទម្លាប់​ពិតប្រាកដ ។

ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ប្រាប់​រឿង​នោះ​ដល់​មិត្តភក្តិ​ផ្សេង​ទៀត​នៅ​ព្រះវិហារ ដោយសារ​ខ្ញុំ​ពុំ​បាន​ធ្វើ​តាម​ទម្លាប់​ល្អ​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ជា​ថ្មី​ម្តង​ទៀត ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ខុសត្រូវ​នឹង​រឿង​នោះ » ។ ដូច្នេះ​គាត់​បាន​តាមដាន​ខ្ញុំ​រៀងរាល់​សប្តាហ៍ រហូត​ដល់​ខ្ញុំ​បង្កើត​ទម្លាប់​ល្អ​នៃ​ការដេក​ជាថ្មី​ម្តង​ទៀត ។ អស់​ពេល​ជា​ច្រើន​ឆ្នាំ គ្រួសារ និង​មិត្តភក្តិ​ជិតស្និទ្ធបាន​ជួយ​ខ្ញុំ​ជាមួយ​គោលដៅ​ដើម្បី​ដេក​បាន​គ្រប់​គ្រាន់ ប៉ុន្តែ​មាន​ពីរ​ដង​ដែល​វា​មាន​ឥទ្ធពល​ខ្លាំង​បំផុត​ពេល​សមាជិក​វួដ—ជាអ្នក​ដែល​ខ្ញុំ​ពុំ​សូវ​ស្និទ្ធស្នាល—បាន​ជួយ​ខ្ញុំ​ដាក់ និង​រក្សា​គោលដៅ ហើយ​បន្ទាប់​មក​តាមដានជាមួយ​ខ្ញុំ​ក្នុង​របៀប​មួយ​ដោយ​ការលើក​ទឹកចិត្ត ។

យោបល់​ផ្សេង​ទៀត

  • ប្រសិនបើ​បុគ្គល​ម្នាក់​កំពុង​ចែកចាយ​ជំនាញ​របស់​ពួកគេ​អំឡុងពេល​សម្តែង ឬ​ល្បែង​កម្សាន្ត សូម​ចូលរួម ហើយ​ស្រែក​សរសើរ​ដល់​ពួកគេ ។

  • សូម​កត់សម្គាល់​ពី​ការរីកចម្រើន​នៅក្នុង​មនុស្ស​ដទៃ ហើយ​សរសើរ​ពួកគេ​ចំពោះ​កិច្ចខិតខំ​ពួកគេ ដូចជា​ជាមួយ​នឹង​ការឡើង​និយាយ ឬ​មេរៀន​សកម្មភាព​ដែល​ពួកគេ​បាន​ជួយ​ដាក់​ផែនការ គម្រោង​បម្រើ​ដែល​ពួកគេ​បាន​ចូលរួម ឬ​ការសម្រេច​បាន​របស់​ពួកគេ​នៅ​សាលា​រៀន​ដែល​អ្នក​បាន​ស្តាប់​ឮ ។ ពាក្យ​សម្តី​របស់​អ្នក​អាច​ផ្តល់​ការអញ្ជើញ​ដ៏​សំខាន់​ដល់​ពួកគេ ឲ្យ​បន្ត​តាម​ចាប់​យក​គោលដៅ​របស់​ពួកគេ​នៅ​ពេលវេលា​ដ៏​លំបាក​នានា ។

  • ប្រសិនបើ​អ្នក​ដាក់​ផែនការ​សកម្មភាព​គ្រួសារ ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​រៀន​ជំនាញ​ថ្មី សូម​គិត​ពី​ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ចូលរួម ជាពិសេស​ប្រសិនបើ​វា​ទាក់ទង​នឹង​គោលដៅ​របស់​ពួកគេ ។

៤. ធ្វើ​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ

លើស​ពី​អ្វីៗ​ទាំងអស់ សូម​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ជ្រាប​ពី​ភាព​ខ្លាំង​របស់​អ្នក និង​តម្រូវការ​របស់​មនុស្ស​ដទៃ ។ ពួកគេ​ស្គាល់​សមត្ថភាព​របស់​អ្នក ដើម្បី​ផ្តល់​ពរ​ដល់​កុមារ និង​យុវវ័យ​នៅក្នុង​ជីវិត​អ្នក ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​របៀប​ដែល​អ្នក​អាច​គាំទ្រ និង​ផ្តល់​ពរ​ដល់​បុគ្គល​ទាំង​នោះ ។ បន្ទាប់​មក ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក​ក្នុង​កិច្ចការ​តូចតាច និង​ងាយ ដើម្បី​នាំ​ឲ្យ​កើត​មាន​អព្ភូតហេតុ ( សូមមើល អាលម៉ា ៣៧:៦ ) ។

ការហៅ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ( ម៉ូសេ ៧:១៨ ) អញ្ជើញ​យើង—ទាំងចាស់​ទាំង​ក្មេង—ឲ្យ​មាន​ភាព​សាមគ្គី​គ្នា​ក្នុង​កិច្ចខិតខំ​ពួកយើង ដើម្បី​ប្រែ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ និង​ដើរ​តាម​ក្នុង​មាគ៌ា​របស់​ទ្រង់ ។ ពេល​យើង​ផ្តល់​ការងារ​បម្រើ​ដល់​កុមារ និង​យុវវ័យ ហើយ​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន នោះ​យើង​អាច​រកឃើញ​ថា យើង​បាន​ទទួល​មកវិញ​នូវ​ភាព​រីកចម្រើន​ផងដែរ ។

យោបល់​ផ្សេង​ទៀត

  • សូម​រស់នៅ​ដោយ​ស័ក្ដិសម​ដើម្បី​ទទួល​បាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ។

  • សូម​ឆ្លៀត​ពេល​ប្រចាំ​សប្តាហ៍​ដើម្បី​ពិចារណា​ពី​របៀប​គាំទ្រ​ដល់​ការរីកចម្រើន​នៃ​កូនៗ​របស់​អ្នក ឬ​កុមារ និង​យុវវ័យ​នៅក្នុង​គ្រួសារ​អ្នក វួដ ឬ​សហគមន៍​របស់​អ្នក ។

  • សូម​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​ក្នុងការ​ខិតខំអភិវឌ្ឍ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សូម​រៀន និង​រក្សា​ការរីកចម្រើន​តាមរយៈ​ភាព​បរាជ័យ ដោយ​ការស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក ពេល​អ្នក​រីកចម្រើន ។