២០១៩
អ្នក​មិន​ឯកោ​ទេ—ចូរ​ទុកចិត្ត​ខ្ញុំ​ចុះ
ខែ ធ្នូ ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

អ្នក​មិន​ឯកោ​ទេ—ចូរ​ទុកចិត្ត​ខ្ញុំ​ចុះ

រូបភាព
Christmasy window

រូបថត​ស្ត្រី​មក​ពី GETTY IMAGES

ពេល​ខ្ញុំ​បាន​ឈាន​ដល់​វ័យ​យុវមជ្ឈិមវ័យ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​យល់​ពី​ភាព​ឯកោ ។ ខ្ញុំ​រើរ​ផ្ទះ​ច្រើន​ដង​ខណៈ​ពេល​កំពុង​ពេញវ័យ ដូច្នេះ​ខ្ញុំ​មាន​បទពិសោធន៍​ច្រើន​នៃ​ការធ្វើ​កិច្ចការ​លំបាកៗ​ដើម្បី​រាប់អាន​មិត្តភក្តិ ។ ហើយ​ពេល​ខ្ញុំ​រៀបការ​ជាមួយ​បុរស​ដ៏​ល្អ​បំផុត​ដែល​នៅ​ជិត​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំពុំ​មាន​អារម្មណ៍​ឯកោ​ទៀតទេ មែនទេ ?

នោះ​គឺ​ខុស​ហើយ ។

ភាពឯកោ​នៅក្នុង​ភាព​មជ្ឈិមវ័យ​គឺ​ចៀសមិន​បាន​ទេ ទោះបី​វា​កើត​តែ​មួយ​រយៈពេល​ខ្លី​ក្តី ។ យើង​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​មមាញឹក ។ យើង​កំពុង​ទទួល​យក​តួនាទី​ថ្មី ៖ ជា​សិស្ស ស្វាមី ឬ​ភរិយា និយោជិត ឬ​ឪពុកម្តាយ ។ យើង​កំពុង​ផ្តូរ​ទៅ​រស់នៅ​ឆ្ងាយ​ពីផ្ទះ និង​គ្រួសារ ។ យើង​កំពុង​ដោះស្រាយ​នូវ​ការសម្រេច​ចិត្ត​ដ៏​ធំ—គឺ​ការសម្រចិត្ត—នៅ​ដាច់​ឆ្ងាយ​ពី​គេ ។ បន្ថែមលើ​នោះ​ទៀត យើង​នៅ​តែ​ងាយ​នឹង​ធ្លាក់​ទៅក្នុង​ការសាកល្បង​នៃ​ជីវិត​ប្រចាំ​ថ្ងៃ និង​ជួនកាល​ជា​ការសាកល្បង​ដ៏​ធំ ។ អ្វីៗ​ទាំង​អស់​នេះ​អាច​បង្ក​ធ្វើ​ឲ្យ​មាន​ភាព​ឯកោ ដែល​វា​ជា​អារម្មណ៍​មួយ​មាន​អត្រា​ខ្ពស់​បំផុត​ក្នុង​ចំណោម​យុវមជ្ឈិម​យើង​សព្វ​ថ្ងៃនេះ ។ សំណាង​ណាស់ មាន​របៀប​ដើម្បី​ទប់ទល់​នឹង​ភាព​ឯកោ​នេះ ហើយ​វគ្គ​នេះ​នឹង​និយាយ​ពីរឿង​នោះ ។

នៅ​ទំព័រ​ទី ៤៤ ស្សែឡា ចែកចាយ​ពី​របៀប​ដែល​ការចូលរួម​ព្រះវិហារ​បាន​ជួយ​នាង​យក​ឈ្នះ​លើ​ភាព​ឯកោ ។ នៅ​ទំព័រ​ទី ៤៨ មីនឌី បង្រៀន​យើង​ពី​របៀប​ដែល យើង​អាច​រក​ឃើញ និង​ផ្តល់​តម្លៃ​ដល់​មិត្តភាព ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។ ហើយ​នៅក្នុង​អត្ថបទ​ដែលមាន​តែ​ឌីជីថល​នោះ ប៊ែលឡា​គូស​បញ្ជាក់​ពី​ឥទ្ធិពល​នៃ​មិត្តភាព​ល្អ​ដែល​អាច​មាន​លើ​ពួក​យើង ហើយ​ខ្ញុំ​ផ្តល់​យោបល់​គន្លឹះ​ពីរ​សម្រាប់​អ្នក​ដែល​មាន​ភាព​ឯកោ ខណៈ​ដែល​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទីស្រឡាញ់ អំឡុង​ពេល​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់ ។

មាន​វិធី​ច្រើន​ដើម្បី​យក​ឈ្នះ​លើ​ភាព​ឯកោ—មិន​ថា ជា​ការដើរ​លេង និង​រាប់អាន​មិត្តភក្តិ​ថ្មី ការ​បង្កើត​ទំនាក់ទំនង​ស្មោះត្រង់​រៀងរាល់​ថ្ងៃ ឬ​ការបង្កើត​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ព្រះអង្គសង្គ្រោះ ។ ពេល​យើង​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ជាមួយ​យើង​ជានិច្ច ពេល​យើង​ដឹង​ពិតប្រាកដ​ថា យើង​ពុំ​ឯកោ នោះ​យើង​នឹង​មាន​កម្លាំងលើស​ពី​សមត្ថភាព​ខ្លួន​បាន ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ ហើយ​ផ្តល់​ពរ​ដល់​ជីវិត​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង ។

ពី​អ្នក​ដែល​ជឿជាក់​លើ​អ្នក

អាឡិចសាន់ដ្រា ផាលមើរ