២០១៩
នរណា​ក៏​បាន លើកលែង​តែ​គាត់​ម្នាក់​នោះ !
ខែ ធ្នូ ឆ្នាំ ២០១៩


នរណា​ក៏​បាន លើកលែង​តែ​គាត់​ម្នាក់​នោះ !

រូបភាព
women standing in snow

រចនា​រូបភាព​ដោយ ហ្វីល i2i អ៊ីលូស្ត្រេសិន

ពេល​ខ្ញុំ​ឮ​ពី​កម្មវិធី​បុណ្យគ្រីស្ទម៉ាស់​របស់​សាសនាចក្រ​អំពី « បំភ្លឺ​ពិភពលោក » និង​ថ្ងៃ​នៃ​ការបម្រើ​ទូទាំង​ពិភពលោក ខ្ញុំ​បាន​គិត​ថា « នោះ​ជា​គំនិត​ល្អ​អ្វី​ម៉្លេះ ។ ខ្ញុំ​នឹង​ធ្វើ​វា » ។

ពីរ​ថ្ងៃ​ពីមុន​ថ្ងៃ​នៃ​ការបម្រើ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ទី ១ ខែ ធ្នូ គំនិត​មួយ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ​ពី​បុគ្គល​ដែល​ខ្ញុំ​ត្រូវ​ជួយ ។ រំពេច​នោះ ខ្ញុំ​បាន​គិត​ថា « នរណា​ក៏​បាន លើកលែង​តែ​គាត់​ម្នាក់​នោះ ! » បុគ្គល​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​យ៉ាង​ខ្លាំង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ តែ​កាលណា​ខ្ញុំ​គិត​ពី​ឈ្មោះគាត់ នោះ​ខ្ញុំ​កាន់តែ​ដឹង​ថា គំនិត​នោះ​គឺកើត​មក​ពី​ព្រះវិញ្ញាណ ។

ខ្ញុំ​បាន​ប្រាប់​ស្វាមី​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​គិត ហើយ​គាត់​បាន​និយាយ​ថា ការបម្រើ​បុរស​នោះ​គឺ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ខ្លាំង​ដើម្បី​ជួយ​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​កិច្ចការ​នោះ​តែ​ឯង​បាន​ទេ ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​កម្លាំង និង​បុគ្គល​ណា​ម្នាក់​ដើម្បី​ទៅ​ជាមួយ​ខ្ញុំ ។ ទីបំផុត ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ស៊ីស្ទើរ ហើយ​ពួកគេ​បាន​យល់​ព្រម​ទៅ​ជាមួយ​ខ្ញុំ ។

ថ្ងៃ​ទី ១ ខែ ធ្នូ បាន​មក​ដល់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​ពេល​ខ្ញុំ​បើក​ឡាន ។ យើង​បាន​អធិស្ឋាន​ជាមួយ​គ្នា​ពេល​យើង​ទៅ​ដល់​ផ្ទះ​នោះ ។ ខ្ញុំ​បាន​ដក​ដង្ហើម​ជ្រៅៗ​ពីរបី​ដង ហើយ​បាន​គោះទ្វារ ។ បុរស​នោះ​បាន​បើក​ទ្វារ តែ​គាត់​ហាក់​ដូចជា​ពុំ​ចាំ​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​សួរ​ប្រសិនបើ​គាត់​ស្គាល់​ខ្ញុំ ។ គាត់​បាន​គិត​ថា ខ្ញុំ​គ្រាន់តែ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ស៊ីស្ទើរ​ម្នាក់​ប៉ុណ្ណោះ ។ ពេល​ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ខ្លួន​ខ្ញុំ គាត់​មាន​ការភ្ញាក់ផ្អើល​ណាស់ ប៉ុន្តែ​គាត់​សប្បាយ​ចិត្ត ដែល​ខ្ញុំ​បាន​មក​លេង​គាត់ ។ គ្រា​ដ៏​ចម្លែក​មួយ​បាន​កើត​ឡើង ពេល​ខ្ញុំ​បាន​ប្រាប់​គាត់​ថា វា​គឺជា​ថ្ងៃ​នៃ​ការបម្រើ​ទូទាំង​ពិភពលោក ហើយ​យើង​ចង់​ជួយ​លោក​តាម​វិធី​ដែល​យើង​អាច​ជួយ​បាន ។

ខ្ញុំ​បាន​បែងចែក​ការងារ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​យើង​បាន​ទៅ​ធ្វើ​ការ​សម្អាត​ផ្ទះ​របស់​គាត់ ។ ពីរ​ម៉ោ​ង​បន្ទាប់​មក យើង​បាន​ចប់​ការសម្អាត ហើយ​ចាកចេញ​ទៅ ។ ខ្ញុំ​ពុំ​ដឹង​ទាល់តែ​សោះ​រហូត​ពេល​ខ្ញុំ​កំពុងបើកឡានថា ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុងតែ​សើច និង​រីករាយ ។ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ៖ ព្រះវរបិតាសួគ៌​បាន​ដកយក​ការឈឺចាប់ ភាពល្វីងជូរចត់ និង​ការកើត​ទុក្ខ​ទាំងអស់​ចេញ​ពី​ខ្ញុំ ។ វា​រលាយ​បាត់​អស់​ហើយ ! ហើយ​ខ្ញុំ​បាន​រួច​ផុត​ពី​ក្តីឈឺចាប់​ទាំងពួង​ដែល​ខ្ញុំ​បាន​មាន​អស់រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ខ្ញុំ​ឲ្យ​មាន​កម្លាំង​ដើម្បី​អភ័យទោស​ឲ្យ​បុគ្គល​នេះ​នៅ​ទីបំផុត ។ វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ចិត្ត​ខ្ញុំ​បាន​ទទួល​ភាព​ធូរស្បើយ ។

ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ខ្ញុំ​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ដើម្បី​ជួយ​បុរស​នេះ ។ ព្រះវរបិតាសួគ៌​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​មាន​បទពិសោធន៍​នេះ ដើម្បី​ខ្ញុំ​អាច​រីកចម្រើន ហើយ​ប្រែ​កាន់តែ​ដូច​បុគ្គល​ម្នាក់​ដែលគាប់នឹង​ព្រះទ័យ​របស់​ទ្រង់ ។