២០១៩
ភាព​ឯកោ និង​អំណរគុណ​នៅ​បុណ្យ​គ្រីស្ទម៉ាស់
ខែ ធ្នូ ឆ្នាំ ២០១៩


ភាព​ឯកោ និង​អំណរគុណ​នៅ​បុណ្យ​គ្រីស្ទម៉ាស់

រូបភាព
man looking at phone

រចនា​រូបភាព​ដោយ ដារីយ៉ា ឃើផាច

សម្រាប់​ខ្ញុំ​អំឡុងពេល​កំពុង​ពេញវ័យ បុណ្យគ្រីស្ទម៉ាស់​គឺ​ជា​ពេលវេលា​ដ៏អស្ចារ្យ​បំផុត​នៃ​ឆ្នាំ—ពុំមែន​គ្រាន់តែ​ដោយសារ​អំណោយ​នោះទេ ប៉ុន្តែ​វា​ក៏​ដោយសារ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ពេល​មួយ​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដែល​សំខាន់​ខ្លាំង​បំផុត​ក្នុង​ជីវិត​ខ្ញុំ​គឺ​គ្រួសារ​ខ្ញុំ ។​

គ្រួសារ​មាន​ន័យ​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ ហើយ​អស់​ពេល​ជាច្រើន​ឆ្នាំ ប្រពៃណី​បុណ្យគ្រីស្ទម៉ាស់​គឺ​ជា​ការរៀបចំ​ដ៏​អស្ចារ្យ​មួយ​នៃ​ភាព​រីករាយ​របស់​ក្រុមគ្រួសារ ដែល​នៅ​តែ​បន្ត​ឲ្យ​មាន​អនុស្សាវរីយ៍​ដ៏​រីករាយ​សម្រាប់​ខ្ញុំ ។

ប៉ុន្ដែ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ​មុន​នេះ​គឺ​វា​ខុស​ពី​មុន ។ ខ្ញុំ​មាន​ការងារ​មួយ​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ចាក​ឆ្ងាយ​ពី​ផ្ទះ​នៅ​បុណ្យគ្រីស្ទម៉ាស់ ។ មក​ដល់​ដំណាក់កាល​នេះ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ខកខាន​បុណ្យគ្រីស្ទម៉ាស់​ជាមួយ​គ្រួសារ​ខ្ញុំ​តែ​ពីរ​ដង​គត់—ទាំងពីរ​លើក​នោះ​គឺ​ពេល​ខ្ញុំ​បម្រើ​បេសកកម្ម ។ ពីមុន​ខ្ញុំ​ចាកចេញ​ទៅ​ធ្វើ​កិច្ចការ​របស់​ខ្ញុំ ខ្ញុំ​បាន​កើត​ទុក្ខ និង​នឹក​ផ្ទះ​រួច​ទៅ​ហើយ ។ ពេញ​មួយ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​បាន​គិត​ថា « ឱ វា​អត់​ប្រយោជន៍​ណាស់ ! » គ្មាន​អ្វី​ដែល​អាច​មាន​តម្លៃ​ដូច​នេះ​ឡើយ !

ខ្ញុំ​បាន​សម្រេច​ចិត្ត​មើល​រឿង​តាម​ទូរទស្សន៍​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់​ខ្ញុំ ។ នៅក្នុង​រឿង​នោះ តួអង្គ​ម្នាក់​បាន​បង្ហាញ​ពី​សារៈសំខាន់​ដើម្បី​ថ្លែង​អំណរគុណ ។ វា​ពុំ​មែន​ជា​ចំណុច​សំខាន់​នៃ​រឿង​នោះ​ទេ ហើយ​វា​ក៏​ពុំ​មែន​ជា​ឈុត​រឿង​ដ៏​ពិសេស​អ្វី​ដែរ ប៉ុន្តែ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្តជាង​នោះ​ទេ ។

នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ដែល​ភ្លេច​លុត​ជង្គង់​ចុះ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ដើម្បី​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​អំណោយទាន​នៃ​រាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​ទេ ។ នៅ​គ្រប់​ឆ្នាំ​ដែល​ខ្ញុំ​សាទរ​ដល់​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​គ្រាន់តែ​ផ្តោត​ចិត្ត​លើ​តែ​គ្រួសារ​ខ្ញុំ អំណោយ និង​ល្បែង​កម្សាន្ត​ខ្ញុំ​ប៉ុណ្ណោះ ។​ ទោះបី​ជា​ឪពុកម្តាយ​ខ្ញុំ និង​យាយតា​របស់​ខ្ញុំ​ខិតខំ​បង្រៀន​ខ្ញុំ​ក្តី ខ្ញុំ​ពុំ​ដែល​មាន​អំណរគុណ​ពិតប្រាកដ ពី​សារៈសំខាន់​ដ៏​ធំ​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​បុណ្យ​គ្រីស្ទម៉ាស់​ទេ ។ យើង​បាន​អាន​រឿង​អំពី​ការប្រសូត​របស់​ទ្រង់​ក្នុង​ព្រះគម្ពីរ​ក្នុងនាម​ជា​គ្រួសារ​មួយ ប៉ុន្តែ​ខ្ញុំ​ពុំ​ធ្លាប់​បាន​គិតច្រើន​ពី​សារៈសំខាន់​នៃ​ការប្រសូត​របស់​ទ្រង់​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ទេ ។

ខ្ញុំ​បាន​យំ​ពេល​ខ្ញុំ​អធិស្ឋាន​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ទ្រង់​ចំពោះ​ការបូជា ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​យាង​មក​ផែនដី និង​ព្រះជន្ម​ដ៏​អស្ចារ្យ​នៃ​ការបូជា និង​សេចក្តីសប្បុរស​របស់​ព្រះរាជបុត្រា​ទ្រង់ ។ ការពិត​ដែល​ខ្ញុំ​នៅ​ឯកោ និង​នៅ​ឆ្ងាយ​ពី​គ្រួសារ​ខ្ញុំ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នៅតែ​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ តែ​វា​បាន​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ ដែល​ខ្ញុំ​ពុំ​ធ្លាប់​បាន​រៀន ខណៈ​នៅ​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ ៖ ព្រះអង្គ​សង្គ្រោះ​គឺ​ជាមូលហេតុ​ដែល​ខ្ញុំ​អាច​មាន​ក្រុមគ្រួសារ !

ខ្ញុំ​មាន​អំណរគុណ​ថា ការនៅ​ឯកោ​នៅ​បុណ្យ​គ្រីស្ទម៉ាស់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​បាន​ប្រសើរ​បន្តិច​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​អំណោយ​ដ៏​និរន្តរ៍​នៃ​រាជបុត្រា​ទ្រង់ ។