២០១៩
អ្នក​ពុំ​ចង់​ក្លាយ​ជា​តារា​ចំអក​គេ​ឡើយ
ខែ ធ្នូ ឆ្នាំ ២០១៩


អ្នក​ពុំ​ចង់​ក្លាយ​ជា តារា​ចំអក​គេ​ឡើយ

ការចំអកឡកឡឺយ​គឺ​ជា​រឿង​មាន​ប្រជាប្រិយភាព—លើកលែង​តែនៅ​ក្នុង​ព្រះនេត្រ​ព្រះអម្ចាស់ ។

រូបភាព
young man with guitar

រចនា​រូបថត​ដោយ ដេវីឌ ស្តូឃឺ

តើ​អ្នក​អាច​ប្រាប់​ពី​ទីសម្គាល់​មួយ​ចំនួន​អំពី​ថ្ងៃ​ចុងក្រោយ​បាន​ដែរ​ឬ​ទេ ? មាន​ទីសម្គាល់​ដ៏​ល្បីល្បាញ​មួយ​ចំនួន ៖ ការស្តារឡើងវិញ ការចេញមក​នៃ​ព្រះគម្ពីរ​មរមន គ្រោះ​មហន្តរាយ​ផ្សេងៗ ការផ្សព្វផ្សាយ​ដំណឹងល្អ អំពើទុច្ចរិត​ទូទៅ ។ មែនហើយ នេះ​គឺ​ជា​ទីសម្គាល់​ជាក់លាក់​មួយ​ដែល​អ្នក​ពុំ​ធ្លាប់​គិត​ដល់ ៖ ការចំអកឡកឡឺយ ។

អ្នក​សរសេរ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ពីរ​នាក់​លើក​ឡើង​ថា នឹង​មាន​អ្នក​ចំអក​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល ពេត្រុសទី​២ ៣:៣; យូដាស ១:១៨ ) ។ នោះ​នឹង​មាន​មនុស្ស​ដែល​ចំអក និង​មើលងាយ​ព្រះយេស៊ូវគ្រីស្ទ ការបង្រៀន​របស់​ទ្រង់ និង​អ្នកដើរតាម​ទ្រង់ ។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នកដើរ​តាម​ទ្រង់ យើង​ត្រូវបាន​ប្រាប់​ឲ្យ​ស៊ូទ្រាំ និង​អត់ធ្មត់ ( សូមមើល ពេត្រុសទី​២ ៣:១១–១៥ ) ទន្ទឹង​រង់ចាំ​ការយាង​មក​របស់​ទ្រង់ និង​ការបំពេញ​ការសន្យា​ទ្រង់ នៅជាប់​នឹង​សេចក្តីមេត្តាករុណា​ទ្រង់ និង​មាន​ចិត្ត​អាណិតអាសូរ​មនុស្ស​ដទៃ ( សូមមើល យូដាស ១:២២ ) ។

ប្រាកដ​ណាស់ ការចំអក​ពុំ​មែន​ជា​រឿង​ថ្មីទេ ប៉ុន្តែ​វា​ហាក់ដូចជា​ត្រូវបាន​សាយភាយ ។ ហើយទោះបី​អ្នក​ពុំ​ធ្លាប់​ចំអក​ដល់​អ្វី​ដែល​ជា​របស់​ព្រះ​ក្តី ជីវិត​បែប​ចំអក​ពុំមែន​ជា​អ្វី​មួយ​សម្រាប់​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​តាម​ឡើយ ។

ចំអក​ទៀត​ឬ ? អត់ទេ សូម​អរគុណ ។

ការចំអក​មានន័យ​ថា មើលងាយ សើច​ចំអក ឬ​ពោលពាក្យ​ឡកឡឺយ ។ ជួនកាល​វា​រួម​មាន​ការធ្វើ​ត្រាប់​តាម ដូចជា​ធ្វើ​ត្រាប់​ចំអក​ដាក់​នរណា​ម្នាក់ និង​ការប្រើ​សំឡេង​បែប​កំប្លែង ឬ​ការធ្វើ​កាយវិការ ឬ​ធ្វើ​រូបភាព​បំផ្លើស​ជាដើម ។ យើង​ទាំងអស់​គ្នា​ធ្លាប់​ឃើញ​វា ។ វា​មាន​នៅ​គ្រប់​ទីកន្លែង ។ មនុស្ស​ហាក់​ដូចជា​ចូលចិត្ត​វា ។

ប៉ុន្តែ​ព្រះអម្ចាស់​ពុំ​ចូលចិត្ត​វា​ទេ ។

នៅក្នុង​ខគម្ពីរ​គ្មាន​កន្លែង​ណា​ដែល​អនុញ្ញាត​ឲ្យ​មាន​ការចំអក​ឡកឡឺយ​ឡើយ ។ ប្រាកដ​ណាស់ វា​នឹង​ត្រូវ​បាន​ថ្កោលទោស​ជា​ប្រាកដ ។ ឧទាហរណ៍ អាលម៉ា​ជា​កូន​បាន​បង្រៀន​ថា ៖

« តើ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចំអកឡកឡឺយ​ដល់​បង​ប្អូន​ខ្លួន​ដែរ​ឬទេ … ?

វេទនា​ដល់​ជន​បែប​នេះ ដ្បិត … ជន​នោះ​ត្រូវ​តែ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេ គេ​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ ! » ( អាលម៉ា ៥:៣០–៣១ ) ។

ការចំអកឡកឡឺយ​គឺ​ជា​សញ្ញា​មួយ​ដ៏​សំខាន់​នៃ​អំពើ​បាប​ផ្នែក​ខាង​អំនួត ។ ហើយ​អារម្មណ៍​ចម្បង​នៅ​កប់នឹង​ការចំអកឡកឡឺយ​នោះ​គឺ​ជា​ជម្លោះ​—ការមើលងាយ​មនុស្ស​ដទៃ—នោះ​គឺ​ជា​ការមើលងាយ មនុស្ស មិន​គ្រាន់តែ​មិន​យល់ស្រប​នឹង​អ្វី​ដែល​ពួកគេ​និយាយ ឬ​ធ្វើ​នោះ​ទេ ។

នេះ​ពុំមែន​ជា​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឡើយ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « សូម​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់រូប គោរព​បងប្អូន​ខ្លួន​ដូចជា​ខ្លួន​ឯង​ផ្ទាល់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:២៤ ) ។ យើង​ទាំងអស់​គ្នា​គឺ​មាន​តម្លៃ​ស្មើ​គ្នា ។ អាលម៉ា​បាន​សួរ​ថា « តើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រឹង​ស្មាន​ថា ខ្លួន​គ្រាន់បើ​ជាង​អ្នក​ឯ​ទៀត​ឬ [ ? ] » ( អាលម៉ា ៥:៥៤ ) ។ ការគិត​បែប​នោះ​នាំ​ទៅ​រក​ការចំអកឡកឡឺយ ។ ការ​ចំអកឡកឡឺយ​ដាក់​គេ​គឺជា​របៀប​មួយ​ដែល​មនុស្ស​ព្យាយាម​លើក​ខ្លួន​ឯងលើស​ពី​មនុស្ស​ដទៃ ។

លើស​ពីនោះទៀតមនុស្ស​ដែល​ចំអក​ឡកឡឺយ​ឲ្យ​គេ​ព្យាយាម​នាំ​មនុស្ស​ដទៃ​ឲ្យ​ចូលរួម​នឹង​ពួកគេ ។ រូបភាព​មួយ​មក​ពី​សុបិន​របស់​លីហៃ​បង្ហាញ​ចំណុច​នេះ​យ៉ាង​ច្បាស់ ។ មនុស្ស​នៅក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​កំពុង​តែ « ហើយ​ពួក​គេ​កំពុង​តែ​នៅ​ក្នុង​អាកប្បកិរិយា​ចំអក​ឡកឡឺយ ហើយ​ចង្អុល​ដៃ » ( នីហ្វៃទី​១ ៨:២៧ ) ។ ការចង្អុល​ដៃ​ធ្វើ​ឲ្យ​មាន​ការបែងចែក​មនុស្ស​ដោយ​និយាយ​ថា « អ្នក​បាន​ល្អ​ជាង​បើ​នៅខាង​យើង ឬ​អ្នក​នឹង​ខ្មាសគេ ហើយ​គេ​នឹង​សើច​ចំអក​ដាក់​អ្នក » ។ ដូច​ជា​សេចក្តីវេទនា​ដែរ ការចំអកឡកឡឺយ​ចូលចិត្ត​ឲ្យ​មាន​គេ​ចូលរួម​នឹង​ខ្លួន ។ នោះ​គឺជា​ផ្នែក​មួយ​ដោយសារ​វា​ពិតប្រាកដ ជារឿយៗ​មនុស្ស​ឆ្មើងឆ្មៃ​ក៏​គ្មាន​ភាពសុខសាន្ត​ច្រើន​ដែរ ។

ចូរ​មាន​ចិត្ត​សុភាព​រាបសា ។ ចូរ​កុំ​ចំអក​ឡកឡឺយ ។

ជាមួយ​នឹង​ការចំអកឡកឡឺយ នោះ​វា​អាច​ជា​ការល្បួង​ឲ្យ​ចូលរួម ។ មើលទៅ​វា​ហាក់​ដូចជា​មាន​ភាព​រីករាយ មែនទេ ? មនុស្ស​គ្រប់​គ្នា​ធ្វើ​រឿង​នេះ ជាពិសេស​នៅលើ​អ៊ិនធើរណែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ យើង​ថែមទាំង​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​មនុស្ស​ដទៃ​ធ្វើ—ដើម្បី​ប្រើ​អាវុធ​របស់​លោកិ៍យ​ផ្ទាល់​ទាស់​នឹង​វា ដើម្បី​វាយ​បក​ទៅ​អ្នក​ចង្អុល​ដៃ​នៅក្នុង​អគារធំ ហើយ​ទូលាយ​នោះ ដើម្បី​មើល​ថា តើ​ពួកគេ​ភ្លក់​រសជាតិ​នៃ​ការចំអកឡកឡឺយ​របស់​ពួកគេ​ដូចម្តេច ។

ប៉ុន្តែ​នោះ​ពុំ​មែនជា​របៀប​របស់​ព្រះអម្ចាស់​ទេ ។

« ចូរ​កុំ​ជេរប្រមាថ​ពួក​អ្នក​ណា​ដែល​ជេរប្រមាថ​ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩ ) ។

« ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ » ( ម៉ាថាយ ៥:៤៤ ) ។

នោះ​គឺជា​បទដ្ឋាន​ដែល​ខ្ពស់​ជាង​បទដ្ឋាន​លោកិយ ដែល​ទំនង​ជា​និយាយ​ថា « ចូរ​ចំអក​ឡកឡឺយ​មនុស្ស​គ្រប់​គ្នា និង​អ្វី​គ្រប់​យ៉ាង​ដែល​ខុស​ពី​អ្នក​តាម​របៀប​ណា​ក៏​បាន » ។​

វា​អាច​ពិបាក​នឹង​ស៊ូទ្រាំ​ចំពោះ​ការចំអកឡកឡឺយ​របស់​មនុស្ស​ដទៃ ហើយ​ពុំ​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការចំអកឡកឡឺយ ដោយសារ​វប្បធម៌​យើង​នឹង​ធ្វើ​ឲ្យ​យើង​ជឿ​ថា ការឆ្លាត​ជាង ការចំអកឡកឡឺយ​ដ៏​គួរ​ឲ្យ​ឈឺចាប់​បំផុត ឈ្នះ​លើ​ការប្រកួតប្រជែង​នៃ​ការផ្តោតចិត្ត​ទុកដាក់ និង​ការគោរព​របស់​មនុស្ស ។ ប៉ុន្ដែ​នោះ​ពុំមែន​ជា​រឿង​ត្រឹមត្រូវ​ទេ ។ ព្រះអម្ចាស់​បាន​បង្រៀន​យើង—និង​បាន​បង្ហាញ​យើង—ថា សេចក្ដី​ស្រឡាញ់ ភាពរាបសា ការអត់ធ្មត់ និង​ការអត់ធន់​គឺ​ជា​របៀប​របស់​ទ្រង់ ។

ប្រសិនបើ​យើង​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ពុំ​ចំអក​ឡកឡឺយ​បងប្អូន​ប្រុសស្រី​យើង​ទេ ដោយសារ​ចិត្ត​យើង​នឹង​ ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់ ( សូមមើល មរ៉ូណៃ ៧:៤៧–៤៨ ) ។