២០១៩
ការប្រមាញ់​រក​សុភមង្គល
ខែ ធ្នូ ឆ្នាំ ២០១៩


ការប្រមាញ់​រក សុភមង្គល

ខ្ញុំ​បាន​រស់នៅ​តាម​ដំណឹងល្អ ។ ហេតុអ្វី​សុភមង្គល​នៅតែ​មិន​អាច​រក​បាន ?

រូបភាព
blocks

រូបថត​មក​ពី GETTY IMAGES

វា​កណ្តាល​អាធ្រាត ។ ខ្ញុំ​បាន​ភ្ញាក់​ឡើង​កាល​ការដេក​ពុំ​ស្កប់ស្កល់​របស់​ខ្ញុំ​ត្រូវ​បាន​រំខាន ។ ខ្ញុំ​អធិស្ឋាន​ថា « អូ៎ អត់​ទេ ។ មិន​មែន​ម្ដង​ទៀត​ទេ » ។

ប៉ុន្តែ​ការញ័រ​បាន​ចាប់ផ្តើម​មួយ​រំពេច ។ រាងកាយ​ខ្ញុំ​បាន​ញ័រ​យ៉ាង​ខ្លាំង​ដូចជា​ភាន់ភាំង និង​ចម្លែក ដូច​ជា​ទន់ខ្សោយ រាង​កាយ​ទាំងមូល​របស់​ខ្ញុំ​ចាប់ផ្តើម​កន្ត្រាក់ចុះ​ឡើង ដូច​ជា​ការប្រកាច់ ។ ដៃ និង​ជើង​ខ្ញុំ​ក្តៅ​រោលរាល​ដូច​គេ​ដុត​ដោយ​គ្មាន​មូលហេតុ ។ ភរិយា​ខ្ញុំ​បាន​ភ្ញាក់​ឡើង​ភ្លាម ហើយឱប​ខ្ញុំ​ជាប់ ដោយ​លួងលោម​ខ្ញុំ​ជាមួយ​នឹង​វត្តមាន​ដ៏​ស្ងៀមស្ងាត់​របស់​នាង ។

ខ្ញុំ​ពុំ​ដែល​ស្រមៃ​ថា​មាន​ភាព​រីករាយ​ឡើយ ទោះបី​ជា​មាន​គ្រា​មួយ​ដែល​ហាក់​ដូចជា​មាន​ភាព​រីករាយ​ក្តី ។

ប្រសិនបើ​ខ្ញុំ​មាន​សំណួរ​មួយ​នៅ​យប់​ងងឹត​នោះ—ជាជាង​មាន​ចម្ងល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​លើ​រាងកាយ​ខ្ញុំ ( ដែល​ខ្ញុំ​បាន​ដឹង​ពេល​នៅពេល​ក្រោយ )—សំណួរ​នោះ​គឺ​សួរ​ថា ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ពេល​ខ្ញុំ​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ ។

មាន​ឧបសគ្គ​ជា​ច្រើន​ដែល​អាច​កើត​ឡើង​ចំពោះ​សុភមង្គល ។ ភាពទុច្ចរិត​គឺជា​ឧបសគ្គ​ពិត​ប្រាកដ​មួយ​នៃ​ឧបសគ្គ​ទាំងនោះ ( សូមមើល អាលម៉ា ៤១:១០ ) ។ ប៉ុន្តែ​សូម្បី​តែ​ពួក​អ្នក​ស្មោះត្រង់​ក្តី ពួកគេ​អាច​មាន​អារម្មណ៍​ថា សុភមង្គល​ពិបាក​ចាប់​យក​បាន​ណាស់ ។

យើង​ទាំងអស់​គ្នា​មាន​គ្រា​នានា ពេល​យើង​ត្រូវ​ស្តាប់​ឮ​ថា គ្រា​ដ៏​សប្បាយ​ជាង​នឹង​កើត​មាន​ឡើង ។ ប្រហែលជា​អ្នក​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ក្នុងពេល​ឥឡូវ​នេះ ។ ប្រសិនបើ​ដូច្នេះ​មែន សូម​ទុក​ឲ្យ​ខ្ញុំ​និយាយ​ដោយភាព​ស្មោះ​ពី​ចិត្ត​ថា ថ្ងៃ​ដ៏​ប្រសើរ កំពុង កើត​មាន​ឡើង​លើ​ផ្លូវ​របស់​អ្នក​ហើយ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​មាន​ឆន្ទៈ​នៅ​ជាប់​ជាមួយ​ខ្ញុំ​យូរ​បន្តិច​ទៀត ពីមុន​បោះបង់​សេចក្តីថ្លែងការណ៍​ដែល​ថ្លែង​ជាទូទៅ​នេះ​ថា ឆ្កួត​លីលា ឬ​ល្ងិតល្ងង់ ។

ខ្ញុំ​ជឿ​យ៉ាង​ពិត​ប្រាកដ​ថា ទោះបី​អ្នក​កំពុង​ឆ្លង​កាត់​រឿង​អ្វី​ក៏​ដោយ អំណរ​ដ៏​មហិមា​នោះ​អាច​ក្លាយ​ជា​របស់​អ្នក​ដើម្បី​ទាមទារ​យក​បាន ។

សូម​ឲ្យ​ខ្ញុំ​ពន្យល់​ពី​មូលហេតុ​នេះ ។

តើ​សុភមង្គល​ជា​អ្វី ?

អញ្ចឹង តើ​សុភមង្គល​ជា អ្វី ? តើ​វា​ជា​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ពេល​នរណា​ម្នាក់​លួច​យក​នំ​មួយ​ដែល​អ្នក​ចូលចិត្ត មក​ដាក់​ក្នុង​ប្រអប់​អាហារ​ថ្ងៃ​ត្រង់​របស់​អ្នកឬ ? តើ​វា​ជា​ការតម្លើង​ប្រាក់​ខែ​នៅ​កន្លែង​ធ្វើ​ការ​ឬ ? ជា​ការរៀបការ​ជាមួយ​ដៃគូ​អស់កល្ប​ជានិច្ច​របស់​អ្នកឬ ? ទទួល​អារម្មណ៍​ថា បាន​ជ្រះស្អាត​ពី​អំពើ​បាប​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ឬ ?

តើ​សុភមង្គល​គឺ​ជា​អ្វីៗ​ទាំង​អស់​ខាង​លើ​នេះ​ឬ ?

ការពិភាក្សា​នេះ​នឹង​មើល​ឃើញ​ថា ទាំង​ដំណឹងល្អ ព្រមទាំង​វិទ្យាសាស្ត្រ​ផ្លូវចិត្ត អាច​បង្រៀន​យើង​អំពី​សុភមង្គល ។ នៅ​ទំព័រ ១៨ នៃ​ច្បាប់​ចេញ​ផ្សាយ​នេះ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បង្រៀន​យើង​ពី​សេចក្តីពិត​ដ៏​ចាំបាច់​ថា អំណរ​ពិត​គឺ​ជា​ជីវិត​ដែល​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ស្រដៀង​នេះ​ផងដែរ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « សុភមង្គល​សំខាន់​បំផុត ភាពសុខសាន្ត​ពិតប្រាកដ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​គៀក​ទៅ​នឹង​អំណរ​ដូច​ក្នុង​បទគម្ពីរ​ថ្លែង​គឺ​រកឃើញ​មុន​ដំបូង និង​ជា​រៀងរហូត​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទស្សនវិជ្ជា និង​ប្រព័ន្ធ​ជំនឿ​ដទៃ​ទៀត​ជា​ច្រើន​ត្រូវ​បាន​សាកល្បង ។ ប្រាកដ​ណាស់ វា​ហាក់​ដូច​ជា​មាន​សុវត្ថិភាព​ដើម្បី​និយាយ​ថា ទស្សនវិជ្ជា និង​ប្រព័ន្ធ​ផ្សេង​ទៀត​ត្រូវបាន​សាកល្បង អស់​រយៈពេល​ច្រើន​សតវត្សរ៍​នៃ​ប្រវត្តិសាស្ត្រ » ។

ប្រសិនបើ គ្រប់ ទស្សនវិជ្ជា​ផ្សេង​ទៀត​ត្រូវបាន​សាកល្បង នោះ​បញ្ជី​ស្រាវជ្រាវ​ដិតដល់​មួយ​នឹង​ពុំ​អាច​ដាក់​បញ្ជូល​បាន​ទេ ។ បើដូច្នេះ​មែន ចូរ​ពិចារណា​ពី​សេចក្តីពិត​នៃ​លោកិយ​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​ដើម្បី​រីករាយ ។

យោង​តាម​លោកិយ សុភមង្គល​យូរអង្វែង​គឺ​ស្វែងរក​តាមរយៈ ៖

  • ការសម្រេច​បាន​នូវ​ភាពចម្រុងចម្រើន​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេសបើ​ហិរញ្ញវត្ថុ​នោះ វា​មាន ច្រើន​ជាង មនុស្ស​ដែល​នៅ​ក្បែរ​អ្នក ។

  • មាន​ប្រជាប្រិយភាព ។

  • រស់នៅក្នុង​ជីវិត​ដែល​មាន​ភាព​ងាយស្រួល មាន​ការលំហែ​កម្សាន្ត និង​មាន​ក្តី​រំភើប ។

  • ធ្វើ​ដំណើរ​ឆ្ងាយ និង​មាន​បទពិសោធន​ច្រើន​អំពី​វត្ថុ​អច្ឆរិយៈ​នៃ​ពិភពលោក​ដោយ​ផ្ទាល់​ខ្លួន ។

  • ការសម្រេច​បាន​នូវ​មុខតំណែង​នៃ​អំណាច ឬ​សិទ្ធិ​អំណាច​នៅក្នុង​មុខរបរ សហគមន៍ ឬ​ក្នុង​ស្ថានប័ន​ផ្សេង​ទៀត ។

  • ផ្លាស់ប្តូរ​រូបកាយ​របស់​អ្នក​ដើម្បី​មើល​ទៅ​ក្នុ​ង​របៀប​ជាក់លាក់​មួយ ។

តើ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទាំង​នេះ​មាន​ចំណុច​រួម​អ្វី​ទៅ ? ចំណុច​មួយ​នោះ​គឺ​ថា រឿង​ទាំង​នេះ​គឺ​ទាក់ទង​នឹង​កាលៈទេសៈ ។ ប៉ុន្តែ​ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ » ។

ជា​ថ្មី​ម្ដង​ទៀត តើ​យើង​គួរតែ​ផ្តោត​ចិត្ត​លើ​អ្វី​ទៅ​ដើម្បី​ស្វែងរក​អំណរ​នោះ ? ប្រធាន​ណិលសុន​បាន​បង្រៀន​ថា « សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អំណរ ! »

អំណរ​ពុំមែន​ជា​អារម្មណ៍​មួយ​ដែល​ល្អ​ងាយ​នឹង​បាន​ប្រសិនបើ​អ្នក​អាច​ទទួល​វា​នោះ​ទេ ។ មិនមែន​ទេ ប្រធាន​ណិលសុន​បាន​ពិពណ៌នា​ពី​អំណរ​ថា​ជា « គោលការណ៍​មួយ​ដែល​សំខាន់​ចំពោះ​ការរស់រាន​ខាង​វិញ្ញាណ​របស់​យើង » ។

ដូច្នេះ​អំណរ និង​សុភមង្គល​គឺ​មាន​តម្លៃ​ពិតប្រាកដ​ដែល​ពិបាក​នឹង​សម្រេច​បាន ។ ហើយ​ពួកយើង​ភាគច្រើន​មាន​ឆន្ទៈ​ធ្វើ​រឿង​នេះ ។ អញ្ចឹង ហេតុអ្វី​មនុស្ស​ជាច្រើន—រួម​ទាំង​មនុស្ស​សុចរិត—បន្ត​ពុះពារ​ការលំបាក ?

រឿង​មួយ​នោះ​គឺ​ថា ការលំបាក​នោះ​គឺ​ជា​ចំណុច​សំខាន់​ចំពោះ​មូលហេតុ​ដែល​យើង​នៅ​ទីនេះ​ក្នុង​កន្លែង​ដំបូង​នេះ ។

នៅ​ទីនេះ​ដើម្បី​រីកចម្រើន

ជួនកាល​យើង​គិត​អំពី​សុភមង្គល​ថា ជា​ជីវិត​មួយ​ដែល​គ្មាន​បញ្ហា ឬ​ការលំបាក ។ ប៉ុន្តែ ជីវិត​ដែល​គ្មាន​ការលំបាក​នឹង​ពុំ​ធ្វើ​ឲ្យ​យើង​រីកចម្រើន ដូច​ដែល​យើង​មក​លើ​ផែនដីនេះ​ដើម្បី​ទទួល​បទពិសោធន៍​នេះ​ទេ ។

មាន​គ្រា​មួយ​នោះ​អែលឌើរ នែល អេ ម៉ាកស្វែល ( ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ជីវិត​របស់​មនុស្ស​ម្នាក់ … ពុំ​អាច​មាន​ទាំង​សេចក្តីជំនឿ និង​គ្មាន​ភាព​តានតឹង​នោះទេ ។ …

… តើ​ខ្ញុំ និង​អ្នក​អាច​រំពឹង​ថា ឆ្លង​កាត់​ជីវិត​នេះ ដូច​ការអធិស្ឋាន​ថា ‹ ឱ​ព្រះអម្ចាស់​អើយ សូម​ផ្តល់​បទពិសោធន៍​ដល់​ទូលបង្គំ ប៉ុន្តែ​ពុំមែន​ជា​បទពិសោធន៍​នៃ​ទុក្ខព្រួយ ការកើត​ទុក្ខ ការឈឺចាប់ ឧបសគ្គ ការក្បត់ និង​ការបោះបង់​ចោល​ខ្ញុំ​ឡើយ ។ ឱ​ព្រះអម្ចាស់​អើយ សូម​ឲ្យ​ខ្ញុំ​ចៀស​ផុត​ពី​បទពិសោធន៍​ទាំង​នោះ​ដែល​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ជា​ព្រះ ! បន្ទាប់​មក សូម​ឲ្យ​ទូលបង្គំ​មក ហើយ​រស់នៅ​ជាមួយ​ទ្រង់ ហើយ​ទទួល​បាន​អំណរ​របស់​ទ្រង់​ទាំងស្រុង ! › »

ប្រាកដ​ណាស់ យើង​ត្រូវការ​ការលំបាក​ក្នុង​ជីវិត​ដើម្បី​រីកចម្រើន ហើយ​ការមាន​ភាព​សុចរិត​ពិតប្រាកដ​ពុំ​មែន​ធ្វើ​ឲ្យ​យើង​គ្មាន​ការរងទុក្ខ​នោះ​ទេ ។ ចូរ​ពិនិត្យ​មើល​ពី​ជីវិត​របស់ យ៉ូសែប ស៊្មីធ, យ៉ូប, ប្រជាជន​របស់​អាលម៉ា និង​ជាពិសេស​គឺ​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ ។

ទេ ការរស់នៅ​សុចរិត ពុំ អាច​រារាំង​យើង​ពី​ក្តី​អំពល់ និង​ការសាកល្បង​ទាំង​អស់​ទេ ។ គ្មាន​នរណា​ដែល​ថា​គ្មាន​ក្តីអំពល់ និង​ការសាកល្បង​ទេ ។ ប៉ុន្តែ​អ្នក​ក៏​អាច​រំពឹង​ដល់​ជំនួយ និង​ការព្យាបាល​ពី​ព្រះ​ផងដែរ ( សូមមើល អាលម៉ា ៣៦:៣,២៧ ) ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « សម្រាប់​បងប្អូន​ជា​អ្នក​សុចរិត អង្គ​ប្រោស​ឲ្យ​ជា​ដល់​ព្រលឹង​យើង​នឹង​ប្រោស​របួស​យើង​ឲ្យ​ជា​ទៅ​តាម​កាលវេលា និង​របៀប​របស់​ទ្រង់ » ។

ប្រសិន​បើ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​មាន​របួស នោះ​ការព្យាបាល​គឺ​ស្ថិត​នៅក្នុង​រង្វង់​ដៃ​អ្នក ។ រឿង​នោះ​អ្នក​អាច​មាន​ភាព​ប្រាកដ​ប្រជា​បាន ( សូមមើល ម៉ូសាយ ១៤:៤–៥ ) ។

សុភមង្គល និងតំណ​ពូជ

រឿង​មួយ​ត្រូវ​ពិចារណា​នោះ​គឺ ៖ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ផ្នែក​សំខាន់​នៃ​អារម្មណ៍​ជា​មូលដ្ឋាន​របស់​យើង សុខភាព​ផ្លូវ​ចិត្ត និង​សុភមង្គល​សម​ស្រប​ដែល​ដំណើរ​ការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ អាច​ជះ​ឥទ្ធិពល​មក​ពី​តំណពូជ ។

​មនុស្ស​គ្រប់​គ្នា​ពុំ​មាន​រាងកាយ ឬ​ពណ៌សក់​ដូច​គ្នា​ទេ ។ ស្រដៀង​គ្នា​នេះ​ដែរ មនុស្ស​គ្រប់​គ្នា​ពុំ​មាន​លក្ខណៈ​ធម្មជាតិ​នៃ​ភាព​រីករាយ​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​រឿង​ជីវិត​ប៉ុណ្ណោះ ។

ហ៊ែង ស្ម៊ីធ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បាន​សរសេរ​ថា « តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​តំណពូជ​របស់​អ្នកផ្តល់​ការបំផ្លិចបំផ្លាញ​ជាច្រើន​ដល់​ជីវិត​អ្នក​នោះ ? តើ​វា​មាន​ន័យ​ថា អ្នក​ពុំ​អាច​ធ្វើ​អ្វី​បាន​ទេ​ឬ—នោះ​មាន​ន័យ​ថា អ្នក​មិន​ធ្លាប់​រីករាយ​ទេ ហើយ​គ្មាន​អ្វី​ដែល​អ្នក​អាច​ដោះស្រាយ​នឹង​វា​បាន​ទេ​មែនទេ ? ទេ​មិន​ពិត​ទេ ។ … ប្រសិនបើ​សារធាតុ​គីមី​នៅក្នុង​ខួរ​ក្បាល​របស់​អ្នក​ពុំ​ដំណើរ​ការ​តាម​ធម្មតា ដោយសារ​តែ​និន្នាការ​តំណពូជ ( គេ​ស្គាល់​ថា​ជា ជំងឺ​បាក់ទឹកចិត្ត ការថប់​បារម្ភ ជាដើម ) នោះ​មាន​ការព្យាបាល និង​ការអនុវត្ត​ដែល​អាច​ធ្វើ​ឲ្យ​សារធាតុ​គីមី​ទាំង​នោះ​មក​ក្នុងកម្រិត​មួយ​នៃ​សុខភាព​ល្អ​ផងដែរ » ។

សូម​ពិនិត្យ​មើល​យុទ្ធសាស្ត្រ​ចេតនា​មួយ​ចំនួន—យុទ្ធសាស្ត្រ​មួយ​ចំនួន​បាន​មក​ពី​ដំណឹងល្អ ហើយ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​មក​ពី​ការសិក្សា​របស់​វិទ្យាសាស្ត្រ—ដែល​អាច​បង្កើន​ឱកាស​របស់​យើង​ឆ្ពោះ​ទៅរក​សុភមង្គល ។

រូបភាព
mother with children

យុទ្ធសាស្ត្រ​ប្រាំបួន​យ៉ាង​របស់​មនុស្ស​រីករាយ

យុទ្ធសាស្ត្រ​ទី ១ ៖ រស់នៅ​តាម​ដំណឹង​ល្អ

ដូច​ប្រធាន​ណិលសុន អែលឌើរ​ហូឡិន អែលឌើរ​បែដណា​និងថ្នាក់​ដឹកនាំ​ផ្សេង​ទៀត បង្រៀន សុភមង្គល​ពិតប្រាកដ​កើត​មក​ពី​ការរស់នៅ​តាម​ដំណឹងល្អ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក៏​អាច​និយាយ​បាន​ថា​ជា « ផែនការ​នៃ​សុភមង្គល » ផងដែរ ( សូមមើល អាលម៉ា ៤២:៨ ) ។ ព្រះគម្ពីរ​មាន​ពោរពេញ​ដោយ​ការទូន្មាន​អំពី​ការរស់នៅ​ដោយ​សុចរិត​តម្រូវ​ឲ្យ​មាន​សម្រាប់​សុភមង្គល​ពិតប្រាកដ ( សូមមើល នីហ្វៃទី​២ ២:១៣ និង ម៉ូសាយ ២:៤១ ជា​ឧទាហរណ៍​ក្នុង​ចំណោម​ខគម្ពីរ ជាច្រើន ) ។

វា​សាមញ្ញ វា​មាន​អំណាច ហើយ​វា​ជា​មូលដ្ឋាន​គ្រឹះ ។ ការឱប​ក្រសោប និង​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទាំងស្រុង​គឺ​ជា​ជំហាន​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន ក្នុង​ការស្វែងរក​អំណរ និង​សុភមង្គល​កាន់តែ​ប្រសើរ​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ។

យុទ្ធសាស្ត្រ​ទី ២ ៖ ចំណាយ​ពេល​វេលា​របស់​អ្នក « ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៧ )

ការគ្រង​មរតក​នូវ​ភាពសំណាង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្នាក់នៅ​ឆ្នេរ​សមុទ្រ​ជា​រៀង​រហូត នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សុភមង្គល​របស់​អ្នក​យ៉ាង​ពិតប្រាកដ—ទោះបី​ជា​ពិភព​លោក​ប្រាប់​អ្នក​ថា​ត្រឹមត្រូវ​ក្តី ។ សេចក្តីពិត​នោះ​គឺ​ថា យើង​ត្រូវ​បន្ត​ចូល​រួម​ក្នុង​កិច្ចការ​ដើម្បី​មាន​ភាព​រីករាយ ។

« ហ្វ្រែងក្លីល ឌី រ៉ូសែវែល បាន​និយាយ​ត្រូវ ៖ ‹ សុភមង្គល​ពុំ​កើតមក​ដោយសារ​តែ​មាន​ប្រាក់​ច្រើន​នោះ​ទេ វា​កើត​ឡើង​ដោយសារ​តែ​អំណរ​នៃ​ការសម្រេច​បាន​អ្វី​មួយ នៅក្នុង​កិច្ចខិតខំ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ › » ។

កិច្ចការ​ប្រកប​ដោយ​អត្ថន័យ​បង្កើត​ភាពពេញចិត្ត​ពេញ​ថ្លើម​ដែល​យើង​ពុំ​អាច​ទទួល​បាន​តាម​របៀប​ផ្សេង​ទៀត​ឡើយ ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ជាទូទៅ​ការសម្រេច​បាន​សុភមង្គល​គឺ​ទាក់ទង​នឹង​ការខិតខំ​យ៉ាង​យូរ​អង្វែង​សម្រាប់​អ្វី​មួយ​ដែល​កាន់តែ​សំខាន់​ក្នុង​ជីវិត » ។១០ កិច្ចការ​ប្រកប​ដោយ​អត្ថន័យ​បែប​នេះ​គឺ​វា​លើស​ពី​ការងារ ឬ​មុខរបរ​មួយ​ទៅ​ទៀត ។ វា​រួមមាន​ការចិញ្ចឹម​កូន ការបម្រើ​នៅ​ក្នុង​សាសនាចក្រ ឬ​ស្ម័គ្រ​ចិត្ត​ដោយ​ប្រើ​ពេលវេលា និង​ទេពកោសល្យ​របស់​អ្នក ។

យុទ្ធសាស្ត្រ​ទី ៣ ៖ ជ្រើសរើស​យក​អំណរគុណ

អំណាច​នៃ​ការជ្រើសរើស​ដើម្បី​រស់នៅ​ជាមួយ​នឹង​អំណរគុណ​គឺ​អាច​មាន​ការផ្លាស់ប្តូរ​លើ​ការគិត​ប្រចាំ​ថ្ងៃ​ថា ជារឿយៗ​ការអនុវត្ត​គឺ​សំដៅ​លើ​វិធី​មួយ​ដើម្បី « រំឭក​ខួរ​ក្បាល​របស់​អ្នក » ។

ចូរ​មាន​ភាព​ទៀងត្រង់—សូម្បី​តែ​ពេល​ជីវិត​ដំណើរ​ការទៅ​យ៉ាង​រលូន នោះ​បុគ្គល​ដែល​សម្លឹង​ឃើញ​វែង​ឆ្ងាយ​អាច​នៅតែ​ចាប់​យក​អ្វី​មួយ​មក​ត្អូញត្អែរ ។ ប៉ុន្តែ​ភាពផ្ទុយ​គ្នា​ក៏​ពិត​ផងដែរ ៖ ទោះបី​ជា​មាន​រឿង​លំបាក​យ៉ាង​ណា​ក្តី យើង​អាច​រកឃើញ​អ្វី​មួយ​ដើម្បី​ថ្លែង​អំណរគុណ ជានិច្ច

ហើយ​នោះ​គឺ​ជា​កន្លែង​ដែល​អ្វី​ល្អៗ​កើត​ឡើង ។

នេះ​គឺ​ជា​រឿង​សាមញ្ញ​មួយ ប៉ុន្តែ​ជា​ពិសោធន៍​មួយ​ដ៏​មាន​អំណាច ៖ ព្យាយាម​រក្សា​កំណត់ហេតុ​នៃ​អំណរគុណ ។ រៀងរាល់​ថ្ងៃ​យ៉ាង​ហោច​ណាស់​រយៈពេល​បី​សប្តាហ៍ សូម​កត់ត្រា​រឿង​បី​ដែល​អ្នក​មាន​អំណរគុណ​ដែល​បាន​កើត​ឡើង​នៅ ថ្ងៃ​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត សូម​បន្ថែម​កិច្ចការ​ទូទៅ​មួយ​ចំនួន​ដែល​អ្នក​មាន​អំណរគុណ​ដោយ​សេរី ដូចជា​ផ្កា គ្រួសារ ឬ​អាហារ ។

មិន​យូរ​ប៉ុន្មាន អ្នក​នឹង​ឃើញ​ថា អ្នក​ពុំ​គ្រាន់តែ​កត់សម្គាល់​ឃើញ​ថា អ្នក​អាច​បន្ថែម​កិច្ចការ​ទាំង​នោះ​យ៉ាង​ស្រួល​ទៅ​ក្នុង​បញ្ជី​អ្នក​ទេ អ្នក​ថែម​ទាំង​ចាប់ផ្តើម​រំពឹង​ចង់​ស្វែងរក​វា​យ៉ាង​ពិតប្រាកដ​ទៀត​ផង ។ ការរស់នៅ​ប្រកប​ដោយ​អំណរគុណ​កាន់តែ​ច្រើន ជួយ​អ្នក​ឲ្យ​រកឃើញ​អំណរ​នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក ដែល​មាន​ឥទ្ធិពល​សំខាន់ និង​ផ្ទាល់​លើ​សុភមង្គល​របស់​អ្នក ។១១

ទស្សនវដ្តី Forbes រាយការណ៍​ថា « ការបណ្តុះ​ឲ្យ​មាន​អំណរគុណ​ពុំ​អស់​ថ្លៃ​អ្វី​ទេ ហើយ​វា​ពុំ​ចំណាយ​ពេល​ច្រើន​ដែរ ប៉ុន្តែ​វា​ផ្តល់​ផល​ប្រយោជន៍​ដ៏​ច្រើន​លើស​លុប » ។១២

តើ​អ្នក​មាន​អំណរ​គុណ​ដល់​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ?

យុទ្ធសាស្ត្រ​ទី ៤ ៖ ចំណាយ​ពេល​នៅ​ខាង​ក្រៅ

រូបភាព
man jogging

ចំណាយ​ពេលវេលា​នៅ​ខាង​ក្រៅ​ផ្ទះ ជាពិសេស​នៅក្នុង​ធម្មជាតិ ផ្តល់​ប្រយោជន៍​ដល់​អ្វីៗ​គ្រប់​យ៉ាង ដូចជា​បន្ធូរ​ការថប់​បារម្ភ និង​ចង្វាក់​បេះដូង ឬ​ជម្រះ​ចិត្ត​របស់​អ្នក ។

ទស្សនាវដ្តី Time បាន​រាយការណ៍​លើ​ការសិក្សា​មួយ​អំពី​សមត្ថភាព​របស់​ធម្មជាតិ​ក្នុង​ការធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ឡើង​វិញ ។​ យោង​តាម​ការសិក្សា​នោះ « មនុស្ស​ចាប់ផ្តើម​មាន​អារម្មណ៍​ស្តារ​ផ្នែក​ផ្លូវ​ចិត្ត​មកវិញ បន្ទាប់​ពី​អង្គុយ​នៅ​ក្រៅ​ផ្ទះ​រយៈពេល ១៥ នាទី ទាំង​អង្គុយ​នៅ​ក្នុង​សួន​ឧស្យាន និង​ក្នុង​ព្រៃ » ។១៣

វា​ពិបាក​ដើម្បី​ទទួល​អារម្មណ៍​រីករាយ ប្រសិនបើ​យើង​មាន​អារម្មណ៍​ខ្សោយ និង​ថប់​បារម្ភ​នោះ ។ សូម​ព្យាយាម​ទៅ​ក្រៅ​ផ្ទះ​រយៈ​ពេល​កន្លះ​ម៉ោង ឬ​ជា​ច្រើន​ថ្ងៃ​ក្នុង​សប្តាហ៍ នៅ​ក្រៅ​កាន់តែ​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​វា​បាន ។ ហេតុ​អ្វី​ពុំ​ចេញ​ទៅ​ក្រៅ ហើយ​រីករាយ​នឹង​វា​ឲ្យ​កាន់តែ​ញឹកញាប់ទៅ ?

យុទ្ធសាស្ត្រ​ទី ៥ ៖ កំណត់​ការមើល​ឧបករណ៍​អេឡិចត្រូនិច

ការមើល​ឧបករណ៍​អេឡិចត្រូនិច​ច្រើន​ពេក គឺ​ពុំ​ល្អ​សម្រាប់​សុភមង្គល​របស់​យើង​ទេ ។ ពេលវេលា​ដែល​អ្នក​ចំណាយពេល​មើល​អេក្រង់​ទូរទស្សន៍ កុំព្យូទ័រ ឧបករណ៍​តាប្លិត ឬ​ទូរសព្ទ​បន្ថែម​ឡើង ហើយ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ផងដែរ ។ អ្នក​និពន្ធ​ឈ្មោះ ជីន អិម ធ្វេង ដែល​បាន​លក់​សៀវភៅ​ដាច់​បំផុត បាន​សិក្សា​ពី​ប្រធាន​បទ​នេះច្រើន បាន​ពន្យល់​ថា ៖ « កាល​ណា [ មនុស្ស ] ចំណាយ​ពេល​កាន់តែ​ច្រើន​មើល​ឧបករណ៍​អេឡិចត្រូនិក នោះ​ពួកគេ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​រោគសញ្ញា​ជំងឺ​បាក់​ទឹកចិត្ត​កាន់តែ​ច្រើន » ។​១៤

ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា « ប៉ុន្តែ​បើ​ប្អូនៗ​កំពុងផ្ដោត​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ជាង​ប្អូនៗ​ផ្ដោត​ទៅលើ​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ នោះ​ប្អូនៗ​កំពុង​ដាក់​ខ្លួន​ប្អូនៗ​ទៅ​ក្នុង​ហានិភ័យ​ខាង​វិញ្ញាណ​ហើយ—ក៏​ដូចជា​ហានិភ័យ​ក្នុងការ​ជួប​នឹង​ភាព​ឯកោ និង​ភាព​អស់សង្ឃឹម​ខ្លាំង​ផងដែរ ។១៥

ដូច្នេះ​សូម​ធ្វើ​វា សូម​ចំណាយ​ពេល​ខ្លះ​ឲ្យ​ខ្លួន​ឯង​នៅ​ឆ្ងាយ​ពី​ឧបករណ៍​អេឡិច​ត្រូនិច ។ អ្នក​នឹង​មាន​អំណរគុណ​ដល់​ខ្លួន​ឯង​នៅពេល​ក្រោយ ។

យុទ្ធសាស្ត្រ​ទី ៦ ៖ ចូរ​នៅ​ក្នុង​បច្ចុប្បន្ន​កាល

ប្រសិនបើ​អ្នក​គឺ​ជា​មនុស្ស​លោក នោះ​មាន​ឱកាស ១០០ ភាគរយ​ដែល​អ្នក​នឹង​និយាយ ឬ​ធ្វើ​អ្វី​ដែល​អ្នកពុំ​ចង់​ធ្វើ ។ ជាទូទៅ​គឺ​មាន​អ្វីៗ​ជាច្រើន ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ប្លែក​នោះ​គឺ​ថា មនុស្ស​ភាគ​ច្រើន​ជ្រើសរើស​ឱប​ក្រសោប​គ្រា​ដែល​ដក់​ជាប់​ក្នុង​គំនិត​របស់​ពួកគេ ។

ចន បាយ​ដឹវ៉េ អ្នក​និពន្ធ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សរសេរ​ពី​បញ្ហា​នានា​នៃ​ការនៅក្នុង​ភាព​អតីតកាល ៖ « មនុស្ស​រងទុក្ខ​គឺ​ជា​មនុស្ស​ដែល​គិត​ពី​កំហុស​ខ្លួន​កាល​ពី​អតីតកាល ។ ពួកគេ​គិត​ពី​វិប្បដិសារី និង​កំហុស​របស់​ពួកគេ​រៀងរាល់​ថ្ងៃ ។ ពួកគេ​និយាយ​ឃ្លា​ដូចជា ‹ ខ្ញុំ​គួរតែ​ ›, ‹ ខ្ញុំ​អាច ›, ‹ ហេតុអ្វី​ខ្ញុំ​មិន ? ›, និង ‹ ប្រសិនបើ​គ្រាន់តែ › ។ ពួកគេ​ពុំ​សម្លឹង​មើល​ទៅមុខ​ទេ ដោយសារ​ពួកគេ​ពុំ​ឈប់​គិត​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពី​អតីតកាល​ឡើយ » ។១៦

គាត់​ក៏​សរសេរ​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះ​ពី​ការគិត​ច្រើន​ពី​អនាគត​ផងដែរ ៖ « មនុស្ស​រង​ទុក្ខ​រក​មើល​ព្រឹត្តិការណ៍​ខាង​ក្រៅ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​រីករាយ ។ ‹ ពេល​ណា​ខ្ញុំ​បញ្ចប់​ការសិក្សា​ភ្លាម ខ្ញុំ​នឹង​រីករាយ › ។ ពេល​ពួកគេ​បញ្ចប់​ការសិក្សា ពួកគេ​និយាយ​ថា ‹ មែនហើយ ពេល​ណា​ខ្ញុំ​មាន​ការងារ​ធ្វើ នោះ​ខ្ញុំ​នឹង​រីករាយ › ។ បន្ទាប់​ពី​ពួកគេ​បាន​ការងារ​ធ្វើ នោះ​ពួកគេ​និយាយ​ថា ‹ មែនហើយ ពេលណា​ខ្ញុំ​រៀបការ នោះ​ខ្ញុំ​នឹង​សប្បាយ​ហើយ › ។ … ប្រសិនបើ​អ្នក​ត្រូវបាន​កំណត់​ថា​នឹង​រងទុក្ខ នោះ​សូម​គិត​ថា ជីវិត​នេះ​គឺ​ដូច​ជា​បន្ទប់​រង់ចាំ​មួយ ហើយ​សុភមង្គល​គឺ​ដូចជា​វេជ្ជបណ្ឌិត​របស់​អ្នក » ។១៧

យើង​មាន​ទំនោរ​ស្វែងរក​សុភមង្គល និង​សុខុមាលភាព​ដ៏​មហិមា ពេល​យើង​រស់នៅ និង​ផ្តោត​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​យើង​បច្ចុប្បន្ន​នេះ ។

នៅក្នុង​សុខភាព​ផ្លូវ​ចិត្ត និង​រង្វង់​នៃ​ចិត្តវិទ្យា ពាក្យ​ថា « ការយក​ចិត្ត​ទុកដាក់ » គឺ​ជា​របៀប​ពិពណ៌នា​ដោយ​ខ្លី​ពី​ការចូលរួម​ទាំងស្រុង​ក្នុង​គ្រា​នោះ ។

អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត​ផ្តល់​ការទូន្មាន​ថា « ការភ័យ​ខ្លាច និង​ភាពសង្ស័យ​អំពី​អតីតកាល និង​អនាគត​កាល​អាច​ធ្វើ​ឲ្យ​មាន​ការពិបាក ដើម្បី​រីករាយ​នឹង​បច្ចុប្បន្ន​កាល​ទាំងស្រុង » ។១៨

នេះ​គឺ​ជា​យោបល់​គន្លឹះ​មួយ​ចំនួន​ដើម្បី​អនុវត្ត​ការរស់នៅ​ដោយ​មានការយក​ចិត្ត​ទុកដាក់ ៖

  1. រក្សា​កំណត់ហេតុ​អំណរគុណ ( សូមមើល​យុទ្ធសាស្ត្រី​ទី ៣ ខាង​លើ ) ជាពិសេស​ធ្វើ​បញ្ជី​នូវ​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​មាន​អំណរ​គុណ​ចាប់​ពីថ្ងៃ​នោះ ។

  2. ចំណាយ​ពេល​សមាធិ​ជា​រៀង​រាល់​ថ្ងៃ ។ រក​កន្លែង​មាន​ភាព​សុខសាន្ត​មួយ​ដើម្បី​អង្គុយ​ដោយ​គ្មាន​ការរំខាន ។ បិទ​ភ្នែក ហើយ​ផ្ចង់​អារម្មណ៍​ស្តាប់​ដង្ហើម​របស់​អ្នក ។ ប្រសិនបើ​មាន​គំនិត​អ្វី​មួយ​ផុស​ឡើង សូម​ទទួល​ស្គាល់​វា រំសាយ​ចិត្ត​ពី​វា បន្ទាប់​មក​ត្រឡប់​ទៅផ្ចង់​លើ​ដង្ហើម​របស់​អ្នក​វិញ ។ ធ្វើ​ដូច្នេះ​ដូច​ជា​ចម្លែក​ណាស់ ប៉ុន្តែ​វា​ជា​ការអនុវត្ត​ផ្លូវ​ចិត្ត​មួយ​ដ៏​អស្ចារ្យ សម្រាប់​ការផ្តោត​ទៅលើ​បច្ចុប្បន្ន​កាល ។

  3. ផ្តោត​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​អ្នក​តែងតែ​ធ្វើ​ដោយ​ពុំ​គិត​ពី​វា ដូចជា​ការលាង​ចាន បើកបរ ឬ​សូម្បី​តែ​ការបរិភោគ​អាហារ ។ ទទួល​អារម្មណ៍​ថា ទឹក​សាប៊ូ​មាន​នៅលើ​ដៃ​របស់​អ្នក ។ សង្កេត​មើល​ដើម​ឈើ មនុស្ស និង​អគារ​ពេល​អ្នក​បើក​បរ​លើ​ផ្លូវ ។ ភ្លក់​រសជាតិ និង​រីករាយ​គ្រប់​ម៉ាត់​នៃ​អាហារ​ដែល​បរិភោគ ។

  4. អធិស្ឋាន​ដើម្បី​ដឹង​ពី​មនុស្ស​ដែល​ត្រូវការ​ជំនួយ​របស់​អ្នក​នៅ​ថ្ងៃ​នោះ ។ បន្ទាប់​មក ផ្តោត​ចិត្ត​ទុកដាក់ និង​រៀបចំ​ខ្លួន​ដើម្បី​អនុវត្ត​វា ។

  5. ផ្លាស់ប្តូរ​ទម្លាប់​របស់​អ្នក​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ហើយ​ប្តូរ​ផ្លូវ​ថ្មី​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ រៀន​ស្គាល់​ហាង​លក់​គ្រឿង​ទេស​ផ្សេងៗ​ដែល​មិន​ធ្លាប់​ស្គាល់ ឬ​ផ្លាស់ប្តូរ​សកម្មភាព​ជាទូទៅ​ដែល​អ្នក​ធ្លាប់​ធ្វើ​ពេល​ល្ងាច ។

យុទ្ធសាស្ត្រ​ទី ៧ ៖ មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ

នៅក្នុង​ស្មារតី​នៃ​សុភមង្គល និង​សុខភាព ការផ្តោត​លើ​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ​គឺ​សំខាន់​ណាស់ ។

បណ្ឌិត អិមម៉ា សេប៉ាឡា បាន​សរសេរ​ថា « ទំនាក់ទំនង​សង្គម​រឹងមាំ ៖

  • នាំ​ឲ្យ​មាន​ឱកាស​បង្កើន​អាយុ​រស់នៅ​បាន​យូរ​ដល់​ទៅ ៥០ % ។

  • ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ ។ …

  • ជួយ​អ្នក​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​កាន់តែ​ឆាប់​រហ័ស » ។

គាត់​បាន​បន្ត​ថា « មនុស្ស​ដែល​មាន​អារម្មណ៍​ថា មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​មនុស្ស​ដទៃ មាន​ការថប់​បារម្ភ និង​ជំងឺ​បាក់ទឹកចិត្ត​ក្នុង​កម្រិត​ទាប​ជាងធម្មតា » ។១៩

ពេល​និយាយ​អំពី​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​មួយ​ចំនួន​គឺ​ប្រហែល​ជា​ល្អ​ជាង​ទំនាក់ទំនង​រាក់កំផែល ។ យើង​ពុំ​ដាក់​កាលវិភាគ​ម៉ោង​ទំនេរ​របស់​យើង​ជាមួយ​នឹង​ព្រឹត្តិការណ៍​សង្គម​ជាប់​ជានិច្ច​ទេ ប៉ុន្តែ​យើង​ត្រូវការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​យ៉ាង​ខ្លាំង ។ ទោះបី​សម្រាប់​មនុស្ស​ដែល​មាន​ភាព​អៀន​ខ្មាស​ក្តី មាន​របៀប​ជា​ច្រើន​ដើម្បី​បង្កើត​ទំនាក់ទំនង​ជ្រាលជ្រៅ​ក្នុង​ចំណោម​រង្វង់​មិត្តភក្តិ និង​គ្រួសារ ។

មាន​គ្រា​មួយ​នោះ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ទាក់ទង​នឹង​គ្រួសារ​ថា « ក្នុង​ទំនាក់ទំនង​ក្រុមគ្រួសារ សេចក្ដី​ស្រឡាញ់ តាម​ពិត​ទៅ​ត្រូវ​ប្រកប​ថា ពេលវេលា » ។២០

ដោយសារ​អ្នក​បាន​ផ្តល់​ពេល​ដល់​ខ្លួន​ឯង​នូវ​ពេលវេលា​បន្ថែម តាម​រយៈ​ការកាត់​បន្ថយ​ម៉ោង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច ( ដូច​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ធ្វើ​នៅ​ខាង​លើ ) នោះ​សូម​គិតពី​ការជំនួស​ឲ្យ​មើល​វា មក​ជា​ការមាន​ទំនាក់ទំនង​ជួប​ផ្ទាល់​វិញ ។ ការផ្តល់​ការងារ​បម្រើ​សួរ​សុខទុក្ខ កម្មវិធី​កីឡា ការចូលរួម​ក្លឹប​ប្រមូល​ត្រា … ឬ​អ្វី​ក៏​ដោយ​ដែល​ឲ្យ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ អាច​ជួយ​បង្កើន​សុភមង្គល និង​សុខុមាល​ភាព​របស់​អ្នក ។

យុទ្ធសាស្ត្រ​ទី ៨ ៖ ថែទាំ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក

ការសម្រាក​ឲ្យ​បាន​ល្អ បរិភោគ​អាហារ​មាន​ជីវជាតិ ហើយ​ហាត់​ប្រាណ​ឲ្យ​គ្រប់គ្រាន់ អាច​បង្កើន​ឲ្យ​អ្នក​មាន​សុភមង្គល​ច្រើន ។ អារម្មណ៍​យើង​មាន​ទីតាំង​ក្នុង​ខួរ​ក្បាល​យើង ហើយ​ដូច​ជា​សរីរាង្គ​ផ្សេងៗ​ទៀត​ក្នុង​ខ្លួន​យើង​ដែរ វាទទួលបាន​ប្រយោជន៍​ច្រើន តាមរយៈ​ការកែលម្អ​នូវ​ការហ្វឹកហ្វាត់​សុខភាព ។

ជំហាន​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​កែលម្អ​សុខភាព​រូបកាយ​របស់​អ្នក រួមមាន​ទាំង​ការជួយ​ដល់​ខួរ​ក្បាល​អ្នក ដែល​ជា​ផ្នែក​នៃ​រូបកាយ​ខាង​សាច់​ឈាម​របស់​អ្នក ។ វា​អាច​ជួយ​ឲ្យ​អ្នក​គិត​បាន​ប្រសើរ ផ្តោត​ចិត្ត​កាន់តែ​រួចរាល់ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​អ្នក​មាន​លំនឹង ។

ជាមួយ​នឹង​ទម្លាប់​សុខភាព ច្បាប់​ល្អៗ​គឺ​ត្រូវ​ចាប់ផ្តើម​សន្សឹមៗ ហើយ​ធ្វើ​ការផ្លាស់ប្តូរ​ម្តង​មួយៗ ។ ចាប់ផ្ដើម​ជាមួយ​នឹង​កិច្ចការ​តូចៗ ដូចជា​ការដើរ​ឲ្យ​បាន​ច្រើន ឬ​ការ​កែលម្អអ្វី​ដែល​អ្នក​បរិភោគ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ។ បន្ថែម​ការផ្លាស់ប្តូរ​បន្តិចបន្តួច​ជា​ប្រចាំ ។

យុទ្ធសាស្ត្រ​ទី ៩ ៖ សម្លឹង​មើល​ទៅក្រៅ

យុទ្ធសាស្ត្រ​ទាំង​ប្រាំបី​មុន​ហាក់​ដូចជា​ជាក់ស្តែង​ជាង​យុទ្ធសាស្ត្រ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ជារឿយៗ​សុភមង្គល​ត្រូវ​បាន​រកឃើញ ពេល​អ្នក​ពុំ​ផ្តោត​លើ​វា​ដោយ​ផ្ទាល់​នោះ ។

អែលឌើរ​ហូឡិន​បាន​បង្រៀន​ថា ៖ « សុភមង្គល​ពុំ​ងាយ​រក​ឃើញ​ដោយ​ការរត់ត្រង់​ទៅរក​វា​នោះ​ទេ ។ ជាទូទៅ​វា​ពិបាក​យល់ មិន​ថិតថេរ សាំញ៉ាំ ។ ប្រសិនបើ​អ្នក​ពុំ​បាន​ដឹង​ពី​វា​ទេ នោះ​អ្នក​នឹង​ដឹង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ដែល​ភាគច្រើន​សុភមង្គល​កើត​មាន​ដល់​យើង ពេល​យើង​រំពឹង​ចង់​បាន​វា​តិច​បំផុត ពេល​យើង​កំពុង​រវល់​ធ្វើ​អ្វី​ផ្សេង​ទៀត ។ សុភមង្គល​គឺ​ស្ទើរតែ​ជា​លទ្ធផល​នៃ​ការខិតខំ​មួយ​ចំនួន​ផ្សេង​ទៀត » ។​២១

ចូរធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​ទាំងអស់ ដើម្បី​បណ្តុះ​យុទ្ធសាស្ត្រ និង​ទម្លាប់​សម្រាប់​សុភមង្គល ។ បន្ទាប់​ពី​ធ្វើ​អស់​ពីសមត្ថភាព​យើង​រួច​ហើយ នោះ​វា​ដល់​ពេល​ដែល​យើង​ត្រូវ​សម្លឹង​ទៅ​មនុស្ស​ដទៃ ហើយ​ទុក​ឲ្យ​សុភមង្គល​ស្វែងរក​យើង ពេល​យើង​ព្យាយាម​ជួយ​មនុស្ស​ដទៃ ។

សុភមង្គល និង​ជំងឺ​ផ្លូវ​ចិត្ត

ពេល​និយាយ​ពី​លក្ខខណ្ឌ​នៃ​ការព្យាបាល​ដូចជា​ជំងឺ​ផ្លូវ​ចិត្ត និង​ការថប់​បារម្ភ នោះ​សុភមង្គល​បាន​ប្រែ​កាន់តែ​ជា​វត្ថុបំណង​ដ៏សាំញ៉ាំ ។ នៅ​យប់​ជ្រៅ​ដែល​ខ្ញុំ​បាន​ញ័រ​ដូច​ខ្ញុំ​បាន​រៀបរាប់​ពី​ដើម​នោះ បាន​ប្រែ​ទៅជា​សញ្ញា​នៃ​ការថប់​បារម្ភ ដែល​កើត​ឡើង​មកពី​ជំងឺ​បាក់ទឹកចិត្ត ។

ក្នុង​ជីវិត​ខ្ញុំ ពេល​ខ្ញុំ​បាន​ស្ថិត​នៅក្នុង​ភាព​លំបាក និង​ពុំ​ប្រាកដ​ប្រជា នោះ​វា​ជា​ជំងឺ​បាក់ទឹកចិត្ត ដែល​ខ្ញុំ​ពុំ​អាច « ជ្រើសរើស​ដើម្បី​មាន​អារម្មណ៍​រីករាយ » ជាង​ការជ្រើសរើស​កម្ពស់ ឬ​ពណ៌​ភ្នែក​របស់​ខ្ញុំ​ទេ ។

អ្វី​ដែល​ខ្ញុំ​អាចជ្រើសរើស ជានិច្ច នោះ​គឺ​ការវាយ​តប​ទៅ​នឹង​ការលំបាក​នោះ ។ ខ្ញុំ​អាច​ស្វែងរក​ជំនួយ​ពី​ព្រះ ។ ខ្ញុំ​អាច​ប្រើ​ឧបករណ៍​ទាំងអស់​ដែល​ខ្ញុំ​មាន រាប់​តាំង​ពី​សេចក្តីជំនឿ និង​ការអធិស្ឋាន​រហូត​ដល់​ថ្នាំ​ព្យាបាល ។

សម្រាប់​ខ្ញុំ ការងើប​ចេញ​ពី​ស្ថានភាព​បាក់​ទឹកចិត្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ​ប្រកប​ដោយ​ជោគជ័យ ទាក់ទង​នឹង​មធ្យោបាយ​ផ្សេងៗ​ជា​ច្រើន​ជានិច្ច ។ ខ្ញុំ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​សុខភាព​រាងកាយ​ខ្ញុំ ( ហាត់​ប្រាណ អាហារ​ឧបត្ថម្ភ ការសម្រាក ) សុខភាព​ខាង​វេជ្ជសាស្ត្រ​របស់​ខ្ញុំ ( ថ្នាំ​ព្យាបាល វីតាមីន ការប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត ) សុខភាព​ផ្លូវ​ចិត្ត​ខ្ញុំ ( ការប្រឹក្សា ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ) និង​សុខភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ ( ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការបម្រើ​ក្នុង​សាសនាចក្រ ពេលវេលា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ) នៅក្នុង​រង្វាស់​សមតុល្យ​មួយ ។

ទោះបី​ជាមាន​គ្រា​លំបាក​ដ៏​ឈឺចាប់​មួយ​ចំនួន​ដែល​ខ្ញុំ​ធ្លាប់​ជួប​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយសារ​ជំងឺ​បាក់ទឹកចិត្ត​ក្តី ខ្ញុំ​មាន​ពរ​ដែល​បាន​ដក​បទពិសោធន៍​នៃ​សុភមង្គល និង​ភាព​វិជ្ជាមាន ស្ទើរតែ​គ្រប់​ពេល ! ខ្ញុំ​មាន​អារម្មណ៍​ជ្រាលជ្រៅ​ដល់​អ្នក​ដែល​រង​ឥទ្ធិពល​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ខ្លាំង​ជាង និង​ជាប់លាប់​ជាង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ចំពោះ​អ្នក ព្រះអម្ចាស់​នៃ​មេត្រីភាព​នឹង​ព្យាបាល​ភាពសោកសៅ​ទាំងអស់​របស់​អ្នក ( សូមមើល យ៉ូហាន ១៤:២៧ ) ។

ជំងឺ​បាក់ទឹកចិត្ត​ប្រាប់​រឿង​កុហក​ជាច្រើន​ទាក់ទង​នឹង​សុភមង្គល ។ វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា រឿង​ទាំង​នោះ​ពុំ​អាច​កែលម្អ​បាន​ទេ ។ ថ្នាំ​បន្សាប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ចំពោះ​ការកុហក​ពិសេស​នេះ—យ៉ាង​ហោច​ណាស់​សម្រាប់​ខ្ញុំ—គឺ​រកឃើញ​នៅក្នុង​ទំនុកតម្កើង​ដែល​ខ្ញុំ​ចូលចិត្ត « សូម​ទុកចិត្ត​ទ្រង់ » ។

សូម​ទុកចិត្ត​ទ្រង់ ព្រះ​អ្នក​ទ្រង់​បាន​យល់ព្រម

ដឹកនាំ​អនាគត​ដូច​ទ្រង់​ធ្វើ​ពីមុន ។

ក្តីសង្ឃឹម និង​ការទុកចិត្ត​អ្នក​ងាករេ​ឡើយ

រឿង​កំបាំងនឹង​ស្តែង​ឡើយ ។២២

វា​ពិតខ្លាំង​ណាស់ មែនទេ ? ពេល​ខ្ញុំ​ក្រឡេក​មើល​ក្រោយ​មើល​ជីវិត​ខ្ញុំ ខ្ញុំ​គ្មាន​ការសង្ស័យ​ថា ព្រះ​បាន​ប្រទាន​ពរ ពង្រឹង និង​ដឹកនាំ​ខ្ញុំ​តាម​ផ្លូវ​រហូត ។ ដូច្នេះ​ហើយ ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ជួយ​ខ្ញុំ​នា​ពេល​អនាគត គឺ​ដូច​ខ្ញុំ​ដឹង​ថា ព្រះ​នឹង​ដឹកនាំ​អ្នក​លើ​ផ្លូវ​អ្នក​ទៅ​រក​គ្រា​ដ៏​រីករាយ​ជាង ។

តាមរយៈ​ទ្រង់ នោះ​សុភមង្គល​របស់​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ទាំងស្រុង​នា​ថ្ងៃ​ណា​មួយ ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « The Gospel Path to Happiness » Liahona ខែ កញ្ញា ឆ្នាំ ២០១៧ ទំព័រ ១៧ ។

  2. រ័សុល អិម ណិលសុន « អំណរ​និង ការរស់​រាន​ខាង​វិញ្ញាណ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ។

  3. រ័សុល អិម ណិលសុន « អំណរ​និង ការរស់​រាន​ខាង​វិញ្ញាណ » ទំព័រ ៨២ ។

  4. រ័សុល អិម ណិលសុន « អំណរ​និង ការរស់​រាន​ខាង​វិញ្ញាណ » ទំព័រ ៨១ ។

  5. នែល អេ ម៉ាក់ស្វែល « Lest Ye Be Wearied and Faint in Your Minds » Ensign ឆ្នាំ ១៩៩១ ទំព័រ ៨៨ ។

  6. សូមមើល អេសាយ ៥៣:៧; ម៉ូសាយ ២៣–២៤ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១ ។

  7. នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៦ ។

  8. Hank Smith Be Happy ( ឆ្នាំ ២០១៧ ) ទំព័រ ១៧–១៨ ។

  9. Arthur C. Brooks « A Formula for Happiness » New York Times ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៣ គេហទំព័រ nytimes.com ។

  10. អូលីសេស សូរ៉េស « Paths to True Happiness » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៤៦ ។

  11. សូមមើល រ័សុល អិម ណិលសុន « អំណរ​និង ការរស់​រាន​ខាង​វិញ្ញាណ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ។

  12. Amy Morin « 7 Scientifically Proven Benefits of Gratitude That Will Motivate You to Give Thanks Year-Round » Forbes ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ គេហទំព័រ forbes.com ។

  13. Florence Williams « How Just 15 Minutes in Nature Can Make You Happier » Time ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ គេហទំព័រ time.com ។

  14. Jean M. Twenge « Have Smartphones Destroyed a Generation ? » The Atlantic ខែ កញ្ញា ឆ្នាំ ២០១៧ គេហទំព័រ theatlantic.com ។

  15. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  16. John Bytheway How to Be Totally Miserable ( ឆ្នាំ ២០០៧ ) ទំព័រ ៧៥ ។

  17. John Bytheway How to Be Totally Miserable ទំព័រ ៣៣ ។

  18. « Mindfulness » គេហទំព័រ psychologytoday.com ។

  19. Emma Seppälä « Connectedness & Health: The Science of Social Connection Infographic » ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ ២០១៤ គេហទំព័រ emmaseppala.com ។

  20. ឌៀថើរ អេស្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២២ ។

  21. ជែហ្វ្រី អ័រ ហូឡិន « The Gospel Path to Happiness » Liahona ខែ កញ្ញា ឆ្នាំ ២០១៧ ទំព័រ ១៦ ។

  22. « សូម​ទុកចិត្ត​ទ្រង់ » ទំនុកតម្កើង លេខ ៦៧ ។