២០១៩
តើ​ខ្ញុំ​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ ?
ខែ ធ្នូ ឆ្នាំ ២០១៩


សំណួរ និង​ចម្លើយ

តើ​ខ្ញុំ​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ ?

រូបភាព
young man reading scriptures

មាន​ឆន្ទៈ​ស្មោះសរ​ដើម្បី​សួរ

បេសកកម្ម​ពិតជា​ពុំមែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ ប៉ុន្តែ​អ្វី​ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​គឺ​ការ​ស្វែង​យល់​ដោយ​ស្មោះ​ស្ម័គ្រ​ថា តើ​បេសកកម្មជា​រឿង​ដែល​យើង​ត្រូវ​ធ្វើ​ដែរ​ឬទេ ! ជួនកាល​យើង​ពុំ​ចង់​ទៅ​បម្រើ​ទេ ដូច្នេះ​យើង​ពុំ​ចង់​សួរ ឬ​យើង​សួរ​ដែរ តែ​មិន​រក្សាទីកន្លែង​ទុក​ឲ្យ​ព្រះវិញ្ញាណ​ឆ្លើយ​តប​យើង ។ យើង​ត្រូវ​សួរ​ដោយ​ស្មោះសរ ! ប្រសិនបើ​អ្នក​រកឃើញ​ចម្លើយ​តាមរយៈ​ការស្វែងរក​ដោយ​ស្មោះសរ នោះ​អ្នក​នឹង​មាន​ភាពសុខសាន្ត និង​ទំនុកចិត្ត​នូវ​អ្វី​ដែល​ព្រះអម្ចាស់​ប្រាប់​ឲ្យ​អ្នក​ធ្វើ—ថា​ទៅ ឬ​មិន​ទៅ ។

អាលី ប៊ី អាយុ ២២ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

ប្រែចិត្ត

អ្វី​មួយ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​គឺ​រៀន និង​ដក​ពិសោធន៍​ការប្រែចិត្ត​ពិតប្រាកដ ។ ពេល​ខ្ញុំ​បាន​សិក្សា​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដែល​ខ្ញុំ​ពុំ​អាច​ពិពណ៌នា​បាន ។ ពេល​ខ្ញុំ​ទទួល​អារម្មណ៍​បែប​នេះ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ដទៃ​ទទួល​អារម្មណ៍​សុខសាន្ត​ដូចគ្នា​នោះ​ផងដែរ ។

អែលឌើរ ប៊ើដេហូ អាយុ ២១ ឆ្នាំ ទីក្រុង​អារ៉េឃ្វីប៉ា ប្រទេស​ប៉េរូ

សូម​បន្ត​ទាក់ទង​ព្រះអម្ចាស់

ព្រះវរបិតាសួគ៌​អាច​ប្រទាន​ចម្លើយ​តាមរយៈ​ព្រះគម្ពីរ សារលិខិត​របស់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ឬ​សូម្បី​តែ​ទីបន្ទាល់​របស់​បុគ្គល​ណា​ម្នាក់ ។ ដូច្នេះ​អ្នក​អាច​ទទួល​បាន​ការបំផុសគំនិត​របស់​អ្នក​ដោយ​គ្រាន់តែបន្ត​ទាក់ទង​ជាមួយ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។

សាំយូអែល អេច អាយុ ១៤ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា

ចងចាំ​ថា ទ្រង់​នឹង​ឆ្លើយ​តប​អ្នក

ពីមុន​ខ្ញុំ​មក​បម្រើ​បេសកកម្ម ខ្ញុំ​មាន​ការលំបាក​ដើម្បី​ដឹង​ថា តើ​ខ្ញុំ​គួរតែ​មក​បម្រើ​ដែរ​ឬ​អត់ ។ ទីបំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​ទូល​សួរ​ព្រះវរបិតាសួគ៌ ដែល​ពិត​ជា​ជ្រាប​ដឹង​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ជួប​ប្រទះ ហើយ​ជ្រាបដឹង​ថា តើ​យើង​ត្រូវ​ទៅ​បម្រើ​បេសកកម្ម​ដែរ​ឬ​អត់ ។ តាមរយៈ​ការអធិស្ឋាន ខ្ញុំ​បាន​ទទួល​ការបញ្ជាក់​ថា ខ្ញុំ​ត្រូវ​ទៅ​បម្រើ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន ។ សូម​ទូល​សួរ​សំណួរ​ទៅ​ទ្រង់ ហើយ​ទ្រង់​នឹង​ឆ្លើយ​តប​ដល់​អ្នក តាម​សេចក្តីជំនឿ​របស់​អ្នក និង​តាម​ព្រះទ័យ និង​ពេលវេលា​របស់​ទ្រង់ ។

ស៊ីស្ទើរ​ធើរប៉េន អាយុ ២១ ឆ្នាំ បេសកកម្ម ចាម៉ាយកា ឃីងស្តុន

មើល​ក្រុមគ្រួសារ​របស់​អ្នក និង​អាន​ពររបស់​លោកអយ្យកោ

គ្រួសារ​ខ្ញុំ និង​ពរ​របស់​លោក​អយ្យកោ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើការ​សម្រេចចិត្ត ។ បងស្រី​ខ្ញុំ​កំពុង​បម្រើ​បេសកកម្ម ហើយ​គំរូ និង​ទីបន្ទាល់​អំពី​កិច្ចផ្សព្វផ្សាយ​សាសនា​របស់​គាត់​បាន​បំផុសគំនិត​ដល់​ខ្ញុំ ។ បំណង​ប្រាថ្នា​ដើម្បី​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ក៏​បាន​មាន​ខ្លាំង​ឡើង ពេល​ខ្ញុំ​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ ដែល​បាន​ចែង​ថា ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។

ជូលីណា ភី អាយុ ១៦ ឆ្នាំ រដ្ឋ​នេវ៉ដា ស.រ.អា.