២០១៩
របស់​លេង​ដែល​ម៉ាទីន​ចូលចិត្ត
ខែ ធ្នូ ឆ្នាំ ២០១៩


របស់​លេង​ដែល​ម៉ាទីន ចូលចិត្ត

« ផ្តល់​ឲ្យ រួច​ដូច​ព្រះយេស៊ូវ​ប្រទាន​ឲ្យ មាន​អ្វី​ទាំងអស់​អាច​ផ្តល់​ឲ្យ » ( Children’s Songbook ទំព័រ ២៣៦ ) ។

រូបភាព
Martins Favorite Toys

ម៉ាទីន​មាន​អារម្មណ៍​កើត​ទុក្ខ ពេល​ឪពុកម្តាយ​គាត់​បាន​ប្រាប់​គាត់​ថា គ្រួសារ​គាត់​នឹង​ប្តូរ​ទៅ​រស់នៅ​ទីក្រុង​ផ្សេង​នៅ​ប្រទេស​កូឡុំប៊ី ។ គាត់​ពុំ​ចង់​ទៅ​ចោល​មិត្តភក្តិ ផ្ទះ និង​កន្លែង​ដែល​គាត់​បាន​ធំ​ឡើង​ទេ ។ ជំនួស​ឲ្យ​ខ្យល់​ភ្នំ​ដ៏​ត្រជាក់ ម៉ាទីន​នឹង​រស់នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ដែល​មាន​កម្តៅ ខ្យល់​សើម​ពេញ​មួយ​ឆ្នាំ ។ គាត់​នឹង​ប្តូរ​សម្លរ​ក្តៅៗជាមួយ​នឹង​​ភេជ្ជសៈ​ត្រជាក់ៗ ហើយ​ស្លៀក​ខោ​ខ្លី​ជំនួស​ឲ្យ​ពាក់​អាវ​រងារ​វិញ ។ បន្ថែម​ពី​នោះ​ទៀត​នៅ​មាន​សាលា​រៀន​ថ្មី វួដ​ថ្មី និង​ថ្នាក់​អង្គការ​បឋម​សិក្សា​ថ្មី​ផងដែរ ។ អ្វីៗ​ទាំងអស់​ហាក់​ដូចជា​គួរ​ឲ្យ​ខ្លាច​ណាស់ ។

ថ្ងៃ​មួយ​ម៉ាក់ និង​ប៉ា​បាន​សួរ​អារម្មណ៍​ម៉ាទីន​អំពី​ការប្តូរ​ទីលំនៅ​នោះ ។

ម៉ាទីន​បាន​និយាយ​ថា « កូន​មិន​ចូលចិត្ត​វា​ទេ ។ កូន​មិន​ចូលចិត្ត​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង​ទេ » ។

ប៉ា​បាន​និយាយ​ថា « ប៉ា​ដឹង​ថា ការប្តូរ​ផ្ទះ​ជា​រឿង​លំបាក ។ មាន​អ្វី​ជាច្រើន​នឹង​ផ្លាស់ប្តូរ ប៉ុន្តែ​មិន​ផ្លាស់ប្តូរ អ្វី​គ្រប់​យ៉ាង​នោះ​ទេ ។ កូន​នៅតែ​មាន​ម៉ាក់ និង​ប៉ា ! »

ម៉ាទីន​បាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ » ។

ម៉ាក់​បាន​និយាយ​ថា « ហើយ​កូននឹង​នៅ​តែ​មាន​របស់របរ​របស់​កូន​ដដែល » ។

ម៉ាទីន​បាន​គិត​ច្រើន​អំពី​រឿង​នោះមួយ​សន្ទុះ ។ គាត់​នៅតែ​មាន​សម្លៀកបំពាក់​របស់​គាត់ ស្បែកជើង និង​របស់របរ​ផ្សេង​ទៀត​ដែល​គាត់​ស្គាល់​នៅ​ផ្ទះ​ចាស់​របស់​គាត់—ជា​ពិសេស​គឺ​ប្រដាប់ប្រដា​លេង​របស់​គាត់ ។ ម៉ាទីន​សប្បាយ​ចិត្ត​ដែល​គាត់​អាច​យក​របស់​លេង​ដែល​គាត់​ចូលចិត្ត ។ គាត់​បាន​វេច​ខ្ចប់​វា​​ដោយ​កាន់តែ​ប្រុងប្រយ័ត្ន ពេល​ពួកគេ​ប្តូរ​ផ្ទះ ។

មួយ​រយៈ​ក្រោយ​មក ម៉ាទីន​បាន​ចាប់ផ្តើម​ស៊ាំ​នឹង​ផ្ទះ​ថ្មី និង​ទីក្រុង​ថ្មី​របស់​គាត់ ។ គាត់​សប្បាយ​ចិត្ត​ដែល​ការប្តូរ​ផ្ទះ​របស់​គាត់​មិន​ពិបាក ឬ​គួរឲ្យ​ភ័យ​ដូច​គាត់​បាន​គិត​ទេ ។

បន្ទាប់​មក​នៅ​ថ្ងៃ​អាទិត្យ​មួយ ពេល​គ្រួសារ​គាត់​ទៅ​ព្រះវិហារ ម៉ាទីន​បាន​ជួប​មនុស្ស​ច្រើន​ដែល​គាត់​ពុំ​ធ្លាប់ជួប​ពីមុន ។ ថ្នាក់​អង្គការ​បឋម​សិក្សា​មាន​ក្មេងៗ​ប្លែក​មុខ​ជាច្រើន ។ គាត់​ឆ្ងល់​ថា តើ​ពួកគេ​មក​ពីណា ។ គាត់​បាន​ឮ​មនុស្ស​ដែល​គាត់​ស្គាល់​និយាយ​អំពី​ការបរិច្ចាគ​អាហារ សម្លៀកបំពាក់ និង​ស្បែកជើង ។ បន្ទាប់​ពី​ព្រះវិហារ ម៉ាទីន​បាន​សួរ​ម៉ាក់​អំពី​មនុស្ស​ប្លែក​មុខ​ទាំងអស់​នោះ ។

ម៉ាក់​បាន​ពោល​ថា « ពួកគេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ។ ពួកគេ​ជា​ច្រើន​បាន​ចាកចោល​អ្វីៗ​គ្រប់​យ៉ាង​ឥឡូវ​នេះ​ពួកគេ​គ្មាន​អ្វីទេ » ។

ម៉ាទីន​បាន​សួរ « អញ្ជឹង នោះ​គឺ​ជា​មូលហេតុ​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ជួយ​ពួកគេ​ឬ ? »

« ត្រឹមត្រូវ​ហើយ ។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ថា យើង​គួរតែ​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ចែកចាយ​អ្វី​ដែល​យើង​មាន » ។

ម៉ាទីន​បាន​គិត​ថា នឹង​មាន​កិច្ចការ​ល្អ​ដែល​អាច​ធ្វើ​បាន ។

បន្ទាប់​មក​ម៉ាក់​បាន​និយាយ​ថា « ក្មេងៗ​ជាច្រើន​មក​ពី​ថ្នាក់​អង្គការបឋម​សិក្សា​មាន​សម្ភារ​តែ​ក្នុង​កាបូប​របស់​ពួកគេ​ប៉ុណ្ណោះ ។ ពួកគេ​ត្រូវ​ទុក​ប្រដាប់ប្រដា​លេង​របស់​ពួកគេ​ចោល ។ តើ​កូន​គិតថា កូន​មាន​ប្រដាប់​លេង​ដែល​កូន​អាច​ឲ្យ​ទៅ​គេ​បាន​ដែរ​ឬ​ទេ ? »

« ទេ ! នោះ​ជា​ប្រដាប់​លេង​របស់​កូន​ទេ ! » ម៉ាទីន​និយាយ ។ គាត់​បាន​បែរ​មុខ​ចេញ ហើយ​រត់ទៅ​ក្នុង​បន្ទប់​គាត់ ។

ម៉ាទីន​បាន​មើល​ជុំវិញ​បន្ទប់​គាត់​ទាំង​យំ ។ គាត់​មិន​ចង់​ឲ្យ​ប្រដាប់​លេង​ទៅ​នរណា​ទេ ។ គាត់​ខំ​យក​វា​តាំង​ពី​ផ្ទះ​ចាស់​គាត់​មក !

គាត់​បាន​ទៅ​កាន់​ប្រអប់​ដាក់​ប្រដាប់​លេង​របស់​គាត់ ហើយ​បាន​មើល​ក្នុង​ប្រអប់​នោះ ។ គាត់​បាន​ឃើញ​ឡាន​ជ័រ, យ៉ូយ៉ូ, វ៉ូ កាបូប​ដ៏​ល្អ​របស់​គាត់​ធ្វើ​ពី​ថ្មម៉ាប និង​ប្រដាប់​លេង​ជា​ច្រើន​ទៀត​ដែល​គាត់​ចូលចិត្ត ។ គាត់​ចូលចិត្ត​ប្រដាប់​លេង​ទាំងអស់ ។ គាត់​ពុំ​អាច​ឲ្យ​វា​ទៅ​នរណា​ទេ !

បន្ទាប់​មក ម៉ាទីន​គិត​ថា « ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​ចាកចោល​ផ្ទះ ហើយ​ទុក​ចោល​ប្រដាប់​លេង​ដែលខ្ញុំ​ចូលចិត្ត​នោះ ? »

ពីរបី​នាទី​ក្រោយ​មក គាត់​បាន​ទៅ​ជួប​ម៉ាក់​ដោយ​ឱប​ប្រដាប់​លេង​ពេញ​ដៃ​គាត់—មិន​គ្រាន់តែ​ប្រដាប់​លេង​ចាស់ៗ​ប៉ុណ្ណោះ​ទេ—ថែមទាំង​ប្រដាប់លេង​ដែល​គាត់​តែងតែ​លេង​ជាមួយ​ផងដែរ ។

ម៉ាក់​បាន​មើល​ដោយ​ក្តី​ភ្ញាក់ផ្អើល ។ « កូន​មិន​ចាំបាច់​ត្រូវ​ឲ្យ​ប្រដាប់​លេង​ដែល​កូន​ចូលចិត្ត​ទេ » ។

ម៉ាទីន​បាន​ដាក់​ប្រដាប់​លេង​នៅលើ​កម្រាល​ឥដ្ឋ ។ គាត់​បាន​និយាយ​ថា « ក្មេង​ផ្សេង​ទៀត​ក៏​មាន​ប្រដាប់​លេង​ដែល​ពួកគេ​ចូលចិត្ត​ផងដែរ ។ កូន​ចង់​ឲ្យ​ប្រដាប់​លេង​របស់​កូន​ទៅ​ពួកគេ ដើម្បី​ពួកគេ​អាច​សប្បាយ​ចិត្ត​បន្តិច » ។

ម៉ាក់​បាន​ឱប​ម៉ាទីន ។ « ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ណាស់ » ។

ម៉ាទីន​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត ។ គាត់​បាន​ដឹង​ថា ការឲ្យ​អ្វី​មួយ​ទៅ​មនុស្ស​ដទៃ​គឺ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ ហើយ​វា​ធ្វើ​ឲ្យ​ទ្រង់​សប្បាយ​ព្រះទ័យ ។