២០១៩
ការដើរ​លេង​ជា​គូ​កំបាំង​មុខ​ជាមួយ​យុវនារី​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ
ខែ ធ្នូ ឆ្នាំ ២០១៩


ការដើរលេង​ជា​គូ​កំបាំង​មុខ ជាមួយ​យុវនារី​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការតាំងចិត្ត​របស់​រ៉េណេ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​បាន​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ ។

រូបភាព
blind date

រចនា​រូបភាព​ដោយ អាឡិច ណាបោម

ខ្ញុំ​ពុំ​បាន​ធំ​ឡើង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទេ ប៉ុន្តែ​តាមរយៈ​សមាជិក​មួយ​ចំនួន​ដែល​ខ្ញុំ​ជួប នោះ​ខ្ញុំ​បាន​ដឹង​ថា ពេល​បុគ្គល​ម្នាក់​រស់នៅ​ក្នុង​ជីវិត​មួយ​ស្អាតស្អំ បរិសុទ្ធ នោះ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នឹង​បំភ្លឺ​ឡើង​នៅ​ក្នុង​ពួកគេ ។ ពួកគេ​ក្លាយ​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល ។

មនុស្ស​ដែល​ខ្ញុំ​ទាក់ទង​ដំបូង​នៅ​សាសនាចក្រ​គឺ​តាមរយៈ​មិត្តភក្តិ​ដែល​ខ្ញុំ​ជួប​នៅ​មហាវិទ្យាល័យ ។ គាត់​ជា​សមាជិក​ដ៏​ល្អ​នៅ​សាសនាចក្រ​ដែល​បាន​បម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​ធំ​ឡើង​នៅក្នុង​គ្រួសារ​ដែល​កាន់​សាសនា​កាតូលិក ដូច្នេះ​ជារឿយៗ​គាត់​បាន​ព្យាយាម​ចាប់ផ្តើម​សន្ទនា​ជាមួយ​ខ្ញុំ​អំពី​សាសនា ។ ប៉ុន្តែ​ខ្ញុំ​ពុំ​ចាប់​អារម្មណ៍​ទាល់តែ​សោះ ។ មិត្ត​ភក្ដិ​ខ្ញុំ​គឺជា​មនុស្ស​ឆ្លាត​ណាស់ ហើយ​គាត់​ព្យាយាម​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះវិហារ​ម្តង​ទៀត—ដោយ​រៀបចំ​ណាត់​ខ្ញុំ​ដើរ​លេង​ជា​គូ​កំបាំង​មុខ ជាមួយ​យុវនារី​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ការដើរលេង​ជាគូ​ដំបូង​របស់​យើង

នៅពេល​រ៉េណេ និង​ខ្ញុំ​បាន​ដើរលេង​ជាគូ​នៅគ្រា​ដំបូង ខ្ញុំ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​ទាំងស្រុង ។ គាត់​ស្រស់ស្អាត​ណាស់​ចំពោះ​ខ្ញុំ ខ្ញុំ​អាច​ប្រាប់​បាន​ថា មាន​អ្វី​មួយ​ដែល​ពិសេស​អំពី​នាង ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ត្រៀម​ខ្លួន​មាន​ទំនាក់ទំនង​ពិតប្រាកដ​ជាមួយ​នាង និង​ចង់​បង្កើត​ជា​គ្រួសារ—ប៉ុន្តែ​បន្ទាប់​ពី​ដើរលេង​ជាគូ​បាន​បីបួន​ដង​មក នាង​បាន​និយាយ​ថា យើង​ពុំ​គួរ​ដើរលេង​ជាគូ​នឹង​គ្នា​ទៀតទេ ដោយសារ​នាង​ចូលចិត្ត​ខ្ញុំ « ខ្លាំង​ណាស់ » ហើយ​នាង​ចង់​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ខ្ញុំ​អ្វី​ដែល​កាន់តែ​ពិបាក​នោះ​គឺ នាង​នឹង​ចាកចេញ​ទៅបម្រើ​បេសកកម្ម​ឆាប់ៗ ។ បន្ទាប់​ពី​រឿង​នោះមក ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ ពុំ ចូលចិត្ត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទេ ។

ពេល​គាត់​បាន​ត្រឡប់​មក​ពី​បេសកកម្ម​គាត់​វិញ មិត្ត​ភក្ដិ​រួម​គ្នា​របស់​យើង​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ពិធី​ជប់លៀង​មួយ ហើយ​ខ្ញុំ​បាន​ជួប​រ៉េណេ​នៅទីនោះ ហើយ​យើង​បាន​ចាប់ផ្តើម​ចំណាយ​ពេល​ជាមួយ​គ្នា​ម្តង​ទៀត ។ ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ ហើយ​ខ្ញុំ​មាន​ការងារ​មួយ​ដ៏​ល្អ ហើយ​ខ្ញុំ​បាន​មាន​អារម្មណ៍​ចង់​រៀបការ​ម្តង​ទៀត ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ជា​មនុស្ស​ល្អ​ប៉ុណ្ណឹង​ដែរ ដូច្នេះ​ខ្ញុំ​បាន​សុំ​នាង​រៀបការ ។ នាង​បាន​បដិសេធ ។

ការរុញរា​ក្នុងការ​ជួប​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា

ដើម្បី​បន្ត​ទំនាក់ទំនង​នោះ ខ្ញុំ​បាន​ទទួល​យក​ការអញ្ជើញ​ឲ្យ​ស្តាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ មាន​ពេល​មួយ​នាង​បាន​មក​ជួប​ខ្ញុំ​ទាំង​យំ​ដោយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ហើយ​បាន​ទទូច​សូម​ខ្ញុំ​ឲ្យ​អាន​គម្ពីរ​នោះ ។ នាង​ចង់​ឲ្យ​ខ្ញុំ​ទទួល​បាន​ទីបន្ទាល់​អំពី​ដំណឹងល្អ ដើម្បី​នាង​អាច​បំពេញ​បំណង​ប្រាថ្នា​របស់​នាង ដើម្បី​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ស្រឡាញ់​នាង ហើយ​ខ្ញុំ​ពុំ​ចង់​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត​ទេ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​ជួប​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ​ទោះបី​ខ្ញុំ​ព្រមជួប​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ក្តី ខ្ញុំ​ចាប់ផ្តើម​ជួប​ជាមួយ​ពួកគេ​ដោយ​គ្រាន់តែ​ខ្ញុំ​អាចពន្យារ​ពេល​ដើម្បី​បញ្ចុះបញ្ចូល​រ៉េណេ​ឲ្យ​រៀបការ​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ ។ ខ្ញុំ​គ្មាន​បំណង​ចូលរួម​សាសនា​ថ្មី​អ្វី​ទេ ។

បន្ទាប់​ពី​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​បី​ដង​មក ខ្ញុំ​នៅតែ​មិន​ចាប់​អារម្មណ៍​សោះ ។ ខ្ញុំ​បាន​អង្គុយ​ស្តាប់​ការបង្រៀន​របស់​ពួកគេ ប៉ុន្តែ​ខ្ញុំ​មិន​ផ្ចង់​អារម្មរណ៍ ឬ​ព្យាយាម​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ទេ ។ ខ្ញុំ​បាន​បិទ​ដួងចិត្ត​ខ្ញុំ ដោយសារ​ខ្ញុំ​ពុំ​ចង់​ស្តាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​ស្តាប់​ពួកគេ​ដោយសារ​តែ​រ៉េណេ​ប៉ុណ្ណោះ ។ ដំណើរការ​នោះ​ដូចជា​មិន​រីកចម្រើន​ទេ ហើយ​ខ្ញុំ​នៅតែ​ពុំ​អាច​បញ្ចុះបញ្ចូល​រ៉េណេ​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ស្វាមី​ល្អ​របស់​នាង​ដោយ​ពុំ​ចាំបាច់​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើយ ។ នាង​នៅតែ​រឹងប៉ឹង​ក្នុង​សេចក្តីជំនឿ​របស់​នាង ។

ការធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន​ក្លាយ​ជារឿង​ផ្ទាល់​ខ្លួន

បន្ទាប់​មក មាន​ការផ្លាស់ប្តូរ​មួយ​នៅក្នុង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ អ្នកផ្សព្វផ្សាយសាសនា​ថ្មី​ម្នាក់​បាន​មក​បង្រៀន​ខ្ញុំ ហើយ​គាត់​មាន​គំនិត​មួយ ។ គាត់​ឲ្យ​ខ្ញុំ​បើក​គម្ពីរ​ទៅ អាលម៉ា ៤២ ហើយ​គាត់​បាន​សួរ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​ចង់​អាន​ជំពូក​នោះ​ឮៗ​ឲ្យ​ពួកគេ​ស្តាប់​ពី​ខ​មួយ​ទៅ​ខ​មួយ​ទៀត ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការគ្រាន់តែ​អាន​ពី​មួយ​ពាក្យ​ទៅ​មួយ​ពាក្យ នោះ​គាត់​ចង់​ឲ្យ​ខ្ញុំ​អាន​ឈ្មោះ របស់​ខ្ញុំ នៅក្នុង​ខគម្ពីរ​ទាំង​នោះ ។ ខ្ញុំ​មិន​ចង់​ធ្វើ​វា​ទេ ប៉ុន្តែ​គាត់​បាន​ទទូច​សូម ។

ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ខទី​មួយ ។ « ហើយ​ឥឡូវ​នេះ​ចូឃ្វីន​អើយ … » ពេល​ខ្ញុំ​អាន​ពាក្យ​ទាំង​នោះ គម្ពីរ​នេះ​បាន​ចាប់ផ្តើម​និយាយ​អំពី​ខ្ញុំ ។ ពេល​ខ្ញុំ​ដាក់​ឈ្មោះ​ខ្ញុំ​នៅក្នុង​ខគម្ពីរ​នោះ ខ្ញុំ​មាន​អារម្មណ៍​នៃ​អំណាច​នៃ​ទីបន្ទាល់​ផ្ទាល់​ខ្លួន ។

នៅ​ផ្នែក​បន្ទាប់​នៃ អាលម៉ា ៤២ បង្រៀន​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ហើយ​ទីបំផុត​គឺ​អំពី​ផែនការ​នៃ​សេចក្ដីប្រោសលោះ ។ ពេល​ខ្ញុំ​បាន​មក​ដល់​ខ​ទី ២៩ ហើយ​អាន « ហើយ​ឥឡូវ​នេះ​ចូឃ្វីន​អើយ ឪពុក​ពុំ​មាន​បំណង​ចង់​ឲ្យ​រឿង​ទាំង​នេះ ធ្វើ​ឲ្យ​កូន​កង្វល់​ចិត្ត​ត​ទៅ​ទៀត​ទេ » នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​យំ​ដូច​ជា​កូន​ក្មេង ។ ខ្ញុំ​ពុំ​ធ្លាប់​យំ​ដូចនេះ​ពី​មុន​ទេ ។ ខ្ញុំ​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត—ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​អាន​ចប់​ជំពូក​នោះ​ទេ ។ ពេល​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ខ្ញុំ​អាន​ក្នុង​ខគម្ពីរ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ថា ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ រ៉េណេ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​នៅ​ទីបំផុត​នាង​បាន​យល់​ព្រម​រៀបការ​ជាមួយ​ខ្ញុំ ។ មួយ​ឆ្នាំ​ក្រោយ​មក យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៊ុយណូហ្សែ អាហ្សង់ទីន ។

ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង​ដល់​ការតាំងចិត្ត​របស់​រ៉េណេ ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ហើយ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការតាំង​ចិត្ត​ដើរលេង​ជាគូ​ដ៏​ស្មោះត្រង់​របស់​នាង ពុំ​គ្រាន់តែ​ពង្រឹង​ទំនាក់​ទំនង​របស់​នាង​ជាមួយ​ព្រះ និង​ដំណឹងល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អញ្ជើញ​ខ្ញុំ​ឲ្យ​រៀន​ដំណឹងល្អ​ផងដែរ ។ ខ្ញុំ​ដឹង​ពី​មូលហេតុ​ដែល​នាង​ស្រស់ស្អាត​ណាស់​ចំពោះ​ខ្ញុំ ៖ ដោយសារ​នាង​ស្អាតស្អំ មាន​ក្តីស្រឡាញ់ និង​បរិសុទ្ធ ។ ដោយសារ​ភាពស្មោះត្រង់​របស់​នាង នោះ​ខ្ញុំ​អាច​បង្កើត​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន និង​សាសនាចក្រ​នេះ ។