២០១៩
ការ​រីកចម្រើន​ជាមួយ​គ្នា
ខែ ធ្នូ ឆ្នាំ ២០១៩


ការ​រីកចម្រើន ជាមួយ​គ្នា

បងប្អូន​ប្រុស​ក្នុង​គ្រួសារ​ក្លាកសុន​បាន​ទទួល​ពរ តាមរយៈ​ការបម្រើ​នៅក្នុង​កូរ៉ុម​បព្វជិតភាព​របស់​ពួកគេ និង​ការអាន​ព្រះគម្ពីរ​មរមន ។

រូបភាព
three brothers

រូបថត​ដោយ រីឆាត អិម. រ៉មនី

មាន​ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​រំភើប​ជាច្រើន​បាន​កើត​ឡើង​ចំពោះ​សាសនាចក្រ សូម​អំណរគុណ​ដល់​ការបំផុសគំនិត​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ទទួល ។ ការផ្លាស់ប្តូរ​ទាំងពីរ​នេះ​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​បងប្អូន​ប្រុស​ក្នុង​គ្រួសារ​ក្លាកសុន​ដែល​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

  1. ឥឡូវ​នេះ យុវជន​អាច​ទទួល​បាន​ការ​តែង​តាំង​ទៅ​កាន់​តំណែង​បព្វជិតភាព​នៅ​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២, ១៤ និង ១៦ ឆ្នាំ ។

  2. យុវវ័យ​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការ​ប្រើប្រាស់​ដោយ​ចាប់​ផ្ដើម​នៅក្នុង​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។

សម្រាប់​បងប្អូន​ប្រុស​ម៉ាធ្យូ (១៥), អែនដ្រូ (១៣) និង អ៊ីសាក (១១) ការផ្លាស់ប្តូរ​នេះ​បាន​នាំ​ឱកាស​ថ្មី​មួយ​ដើម្បី​បម្រើ និង​រីកចម្រើន​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ—ពុំ​គ្រាន់តែ​សម្រាប់​ម្នាក់ៗ​ទេ​គឺ ទាំងអស់​គ្នា ។

ថ្ងៃ​នៃ​គ្រា​ដំបូង

នៅ​ខែ​មករា​ឆ្នាំ ២០១៩ ម៉ាធ្យូ, អែនដ្រូ និង អ៊ីសាក បាន​ទទួល​បទពិសោធន៍​ថ្ងៃ​នៃ​គ្រា​ដំបូង​របស់​ពួកគេ ។ អែនដ្រូ​និយាយ​ថា ៖ « ម៉ាធ្យូ​បាន​ក្លាយ​ជា​សង្ឃ ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ ហើយ​អ៊ីសាក​បាន​ក្លាយ​ជា​ឌីកុន​ក្នុង​ពេល​ដំណាល​គ្នា ។ គ្មាន​ពួកយើង​ណា​ម្នាក់​ដល់​អាយុ​មួយ​ដែល​អាច​នឹង​ត្រូវតម្លើង​បព្វជិតភាព​ទេ កាល​ពីមុន​នោះ » ។

ម៉ាធ្យូ​និយាយ​ថា « នៅ​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​ធ្វើ​ជា​សង្ឃ ខ្ញុំ​បាន​កាច់​នំបុ័ង​ជា​ដុំ​សម្រាប់​ពិធី​សាក្រាម៉ង់ ហើយ​ខ្ញុំ​បាន​ប្រសិទ្ធពរ​វា ។ ខ្ញុំ​ហាក់​ដូចជា​មាន​អារម្មណ៍​ភ័យ ។ ដៃ​ខ្ញុំ​រាង​ញ័រ​បន្តិច ពេល​ខ្ញុំ​បាន​អាន​ការអធិស្ឋាន ប៉ុន្តែ​វា​ពិតជា​អស្ចារ្យ​ណាស់ » ។

អ៊ីសាក​ទើប​តែ​កាន់​បព្វជិតភាព​អើរ៉ុន ហើយ​ឥឡូវ​នេះ​គាត់​មាន​ឱកាស​រៀន​ពី​បងៗ​របស់​គាត់ ។ អ៊ីសាក​និយាយ​ថា « វា​អស្ចារ្យ​ណាស់ ដោយសារ​ខ្ញុំ​នៅ​ជាមួយ​បង​ប្រុស​ខ្ញុំ និង​មិត្តភក្តិ​មួយ​ចំនួន​ទៀត​របស់​ពួកគេ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ពេល​ខ្ញុំ​ចែក​សាក្រាម៉ង់​ជា​លើក​ដំបូង ។

ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ប្អូន​ប្រុស​ខ្ញុំ ! »

ជាមួយ​នឹង​ការទទួល​បព្វជិតភាព​អើរ៉ុន និង​ការចែក​សាក្រាម៉ង់ នោះ​អ៊ីសាក​ក៏​បាន​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក​ផងដែរ ។ ឪពុក​របស់​គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់​មុន ប៉ុន្តែ​ក្រោយ​មក​មាន​រឿង​ដ៏​អស្ចារ្យ​មួយ​កើត​ឡើង ៖

ម៉ាធ្យូ​និយាយ​ថា « ខ្ញុំ​ត្រូវ​ជ្រមុជទឹក​ឲ្យ​ប្អូន​ប្រុស​ខ្ញុំ ! » ។

អ៊ីសាក​និយាយ​ថា « ខ្ញុំ​ពុំ​ធ្លាប់​រំពឹង​ថា ម៉ាធ្យូ​ជ្រមុជទឹក​ឲ្យ​ខ្ញុំ​ទេ ។ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​គឺ​ជា​សង្ឃ​ហើយ ដូច្នេះ​គាត់​អាច​ជ្រមុជទឹក​ឲ្យ​ខ្ញុំ​បាន ។ វា​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​ណាស់ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

រៀងរាល់​ព្រឹក​ពីមុន​ថ្នាក់​សិក្ខាសាលា

ម៉ាធ្យូ, អែនដ្រូ និង អ៊ីសាក ពុំ​មែន​គ្រាន់តែ​ជា​បងប្អូន​ប្រុស​នៅក្នុង​គ្រួសារ​ក្លាកសុន​ទេ ។ មាន​បួន​នាក់​ទៀត ៖ លេវី (៩), អេលី (៧), សាំ (៤), និង ទីតុស (២) និង​ទារក​មួយ​ទៀត​ដែល​នឹង​កើត ។

ពេល​ប្រធាន​ណិលសុន​បាន​អញ្ជើញ​ស្ត្រី​នៃ​សាសនាចក្រ​នៅក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា​ឆ្នាំ ២០១៨ ឲ្យ​អាន​ព្រះគម្ពីរ​មរមន ពីមុន​ដំណាច់​ឆ្នាំ នោះ​ម៉ាធ្យូ, អែនដ្រូ និង អ៊ីសាក ជាមួយ​នឹង​ឪពុក​របស់​ពួកគេ ព្រមទាំង​ប្អូន​ប្រុស​ពួកគេ បាន​សម្រេច​ចិត្ត​ផ្តល់​ការគាំទ្រ​ដល់​ម្តាយ​របស់​ពួកគេ ។ ពួកគេ​បាន​និយាយ​ថា « ពួកកូន​នឹង​អាន​វា​ជាមួយ​ម៉ាក់ » ។ រៀងរាល់​ព្រឹក​ពីមុន​ថ្នាក់​សិក្ខាសាលា ពួកគេ​ភ្ញាក់​ឡើង​ដើម្បី​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា ។

ការអញ្ជើញ​ដែល​ផ្លាស់ប្តូរ​ជីវិត​ថ្មី

អែនដ្រូ​និយាយ​ថា « ពេល​យើង​ទទួល​យក​ការអញ្ជើញ​នេះ ខ្ញុំ​បាន​គិត​ថា វា​នឹង​ចំណាយ​ពេល​ច្រើន​ណាស់ ។ ខ្ញុំ​ព្រួយ​បារម្ភ​ថា ខ្ញុំ​គ្មាន​ពេល​គ្រប់គ្រាន់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ ដូចជា​លេង​ហ្គីតា ឬ​ដើរលេង​ជាមួយ​មិត្តភក្តិ​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា វា​ពុំ​ដំណើរការ​ដូច្នោះ​ទេ ។ កាល​ណា​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​កាន់តែ​ច្រើន នោះ​ខ្ញុំ​កាន់តែ​មាន​ពេល​ច្រើន ។ ខ្ញុំ​បានដឹង​ថា ប្រសិនបើ​ខ្ញុំ​បន្ត​អាន​ព្រះគម្ពីរ​ឲ្យ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន នោះ​ជីវិត​ខ្ញុំ​នឹង​មាន​លំនឹង ។ ខ្ញុំ​នឹង​មាន​ពេល​ច្រើន​នៅក្នុង​ថ្ងៃ​នោះ » ។

ម៉ាធ្យូ​កំពុង​ជួប​គ្រា​លំបាក​មួយ ពេល​គ្រួសារ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​រៀងរាល់​ព្រឹក ។ គាត់​បាន​ពោល​ថា « ខ្ញុំ​រៀន​ពុំ​បាន​ពិន្ទុ​ល្អ​នៅ​សាលា​រៀន ។ ខ្ញុំ​មាន​ការលំបាក​នឹង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​ខ្ញុំ និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ ហើយ​ខ្ញុំ​បាន​ទុក​វា​ទាំងអស់​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​មិន​បាន​និយាយ​រឿង​នេះ​ជាមួយ​ឪពុក​ម្តាយ​ខ្ញុំ​ទេ » ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ម៉ាធ្យូ​បាន​ចំណាយ​ពេល​បន្ថែម​ទៀត​អាន​ព្រះគម្ពីរ​មរមន នោះ​ដំណឹងល្អ​បាន​ចាប់ផ្តើម​ក្លាយ​ជា​អាទិភាព​មួយ​ក្នុង​ជីវិត​គាត់ ។ គាត់​ក៏​បាន​ខិតខំ​រៀន​បន្ថែម​ទៀត​នៅ​សាលា​រៀន ។ គាត់​បាន​ខំ​រៀន ហើយ​បាន​ពិន្ទុ​ខ្ពស់ ។

« ខ្ញុំ​ក៏​បាន​ដឹង​ពី​សេចក្តីស្រឡាញ់​ដ៏​ធំធេង​ដែល​ព្រះវរបិតាសួគ៌ និង​ឪពុកម្តាយ​ខ្ញុំ​មាន​ដល់​ខ្ញុំ និង​ជំនួយ​ដ៏​ធំ​ដែល​ពួកគេ​ជួយ​ខ្ញុំ ។ ហើយ​ខ្ញុំ​មាន​ទីបន្ទាល់​អស្ចារ្យ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​លើ​ទម្លាប់​អាក្រក់ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ជីវិត​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​យើង​បាន​ទទួល​យក​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន​ជា​គ្រួសារ ។ វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ » ។

« មែនហើយ វា​ផ្លាស់ប្តូរ​ច្រើន​ណាស់ ! »

ការទទួល​យក​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន​ក៏​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ៊ីសាក​ផងដែរ ។ គាត់​និយាយ​ថា « យើង​គូស​រង្វង់​លើ​ពាក្យ ព្រះ ព្រះអម្ចាស់ ព្រះប្រោសលោះ ព្រះអង្គ​សង្គ្រោះ និង ព្រះគ្រីស្ទ រាល់​ពេល​ដែល​យើង​ឃើញ​វា ។ នៅពេល​យើង​បញ្ចប់​ការអាន ខ្ញុំ​បាន​បើក​មើល​ព្រះគម្ពីរ​មរមន ហើយ​បាន​ឃើញ​ពាក្យ​ទាំងអស់​ដែល​ខ្ញុំ​បាន​គូស​រង្វង់ ។ ខ្ញុំ​បាន​គិត​ថា « មែនហើយ វា​ច្រើន​ណាស់ ! » ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​ថា វា​មាន​ច្រើន​សោះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ​កាន់តែ​ច្រើន ដោយការ​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​រីករាយ​ដែល​យើង​បាន​ធ្វើ​រឿង​នោះ » ។

ជីវិត​បាន​ល្អ​ប្រសើរ​ច្រើន​ណាស់

ម៉ាធ្យូ, អែនដ្រូ និង អ៊ីសាក មាន​ក្តីរំភើប​ថា គ្រួសារ​ពួកគេ​បាន​អាន​ចប់​ព្រះគម្ពីរ​មរមន​តែ​ក្នុង​រយៈពេល​ពីរ​ខែ​ប៉ុណ្ណោះ ។ អ៊ីសាក​និយាយ​ថា « ជាធម្មតា​យើង​ចំណាយ​ពេល​មួយ​ឆ្នាំ​ឯណោះ » ។ ពួកគេ​បាន​រកឃើញ​ពរជ័យ​នៃ​ការធ្វើ​តាម​ការអញ្ជើញ​របស់​ព្យាការី​ជាមួយ​គ្នា ។

អែនដ្រូ​និយាយ​ថា « ប្រសិនបើ​អ្នក​ធ្វើ​អ្វី​ដែល​គួរតែ​ធ្វើ ដូចជា​បង្កើត​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​បន្ត​សកម្ម​ទាំងស្រុង​នៅក្នុង​សាសនាចក្រ នោះ​ជីវិត​នឹង​មាន​ល្អ​ប្រសើរ​ខ្លាំង​ណាស់ » ។

បងប្អូន​ប្រុស​ទាំង​បី​នាក់​នេះ​បាន​ជួយ​គ្នា​រីកចម្រើន​នៅក្នុង​ដំណឹងល្អ ។ ពួកគេ​ធ្វើ​តាម​ព្យាការី ដែល​បាន​អំពាវនាវ​ដល់​សមាជិក​ឲ្យ « បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដើម្បី … [ ចុះ ] និង [ រក្សា ] សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ ហើយ​ពង្រឹង … ក្រុមគ្រួសារ​របស់​ពួកគេ » ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧ ។