២០១៧
ក្រៅ​ពី​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ តើ​មាន​វិធី​ដ៏​ល្អ​បំផុត​អ្វី​ខ្លះ ដែល​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ?
October 2017


សំណួរ និង ចម្លើយ

« ក្រៅ​ពី​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ តើ​មាន​វិធី​ដ៏​ល្អ​បំផុត​អ្វី​ខ្លះ ដែល​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ? »

ទីបន្ទាល់​របស់​អ្នក​ពុំ​អាច​កើត​មាន​ឡើង​ក្នុង​ពេល​តែ​មួយ​ឡើយ ។ វា​នឹង​រីកចម្រើន​ឡើង​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ម្តងៗ — ដូច​ខគម្ពីរ​ចែង​ថា « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ បន្ទាប់​មក​អ្នក​ត្រូវ​ចិញ្ចឹម​បីបាច់ និង​ពង្រឹង​ទីបន្ទាល់​របស់​អ្នក គឺ​ដូច​ជា​ការដាំ​គ្រាប់​ពូជ​មួយ​ដែរ ( សូមមើល អាលម៉ា ៣២:២៨–៤៣ ) ។ ហើយ​ដូច​ជា​រុក្ខជាតិ​ពុំ​អាច​រស់​បាន​ដោយសារ​តែ​ទឹក​មួយ​មុខ នោះ​ក៏​មិនមែន​មាន​របៀប « ល្អ​បំផុត » តែ​មួយ​ក្នុងការ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ដែរ ។ អ្នក​ត្រូវការ​របៀប​ជា​ច្រើន​រួម​គ្នា ។

ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ត្រូវបាន​កំណត់​ថា​ជា​វិធី​ល្អ ដើម្បី​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់​អ្នក ។ ពេល​អ្នក​សិក្សា​ដំណឹង​ល្អ ហើយ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ដឹង​សេចក្តីពិត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីពិត​របស់​ដំណឹង​ល្អ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។

អ្នក​ក៏​អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក តាមរយៈ​ការរក្សា​បទបញ្ញត្តិ​ផងដែរ ។ ពេល​អ្នក​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ — ដូច​ជា​ការតមអាហារ ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ឬការទទួលទានសាក្រាម៉ង់ — នោះ​អ្នក​ចាប់ផ្តើម​ទទួល​បាន​ទីបន្ទាល់​អំពី របៀប និង មូលហេតុ ដែល​បទបញ្ញត្តិ​នោះ​ពិត ជាជាង​គ្រាន់តែ ថា វា​ពិត ។ ព្រះយេស៊ូវ​បាន​បន្ទូល​ថា នៅពេល​អ្នក​ជ្រើស​ដើម្បី « ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ » នោះ​អ្នក​នឹង « ដឹង​សេចក្ដីបង្រៀន​នេះ » ( យ៉ូហាន ៧:១៧ ) » ។

របៀប​មួយ​ទៀត​ដើម្បី​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់​អ្នក​គឺ ​​តាមរយៈ​ការចែកចាយ​ទីបន្ទាល់​នោះ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ១៩២៤–២០១៥ ) ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​ថា « ទីបន្ទាល់​គឺ ត្រូវបាន​រកឃើញ នៅក្នុង ការថ្លែង អំពី​វា ! » ( « The Candle of the Lord » Ensign, ខែ កក្កដា ឆ្នាំ ១៩៨៣ ទំព័រ ៥៤, Tambuli, ខែ កក្កដា ឆ្នាំ ១៩៨៣ ទំព័រ ៣៤ ) ។ អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​នៅក្នុង​ព្រះវិហារ និង​ថ្នាក់​សិក្ខា​សាលា នៅ​ផ្ទះ និង​ជាមួយ​មិត្តភក្តិ​របស់​អ្នក ។ ពេល​អ្នក​ធ្វើ​បែប​នេះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ថ្លែង​ទីបន្ទាល់​ដល់ អ្នក ថា​អ្វី​ដែល​អ្នក​កំពុង​ចែកចាយ​នោះ​គឺ​ជា​ការពិត ។

នៅពេល​អ្នក​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​តាម​របៀប​ផ្សេងៗ​ជា​ច្រើន នោះ​វា​នឹង​រីកចម្រើន ហើយ​កាន់តែ​ស៊ីជម្រៅ ហើយ​អ្នក​នឹង​ទទួល​អារម្មណ៍​សុខសាន្ត និង​អំណរ ។