២០១៧
លក្ខណៈ​ដូច​ព្រះគ្រីស្ទ
October 2017


លក្ខណៈ​ដូច​ព្រះគ្រីស្ទ

ដកស្រង់​ចេញ​ពី​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់–សុន្ទរកថា​​ថ្លែង​នៅ​សន្និបាត​សាសនា​នៅ​អៃដាហូ នៅ​ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៣ ។

ព្រះយេស៊ូវ​បាន​រងទុក្ខ​ខ្លាំង​បំផុត មាន​ក្តី​អាណិតអាសូរ​ខ្លាំង​បំផុត​សម្រាប់​ពួកយើង ដែល​ជា​ជន​រងទុក្ខ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

រូបភាព
image of Christ

ពន្លឺនៃពិភពលោក ដោយ ហាវើត លីអុន

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ១៩២៦–២០០៤ ) បាន​បង្រៀន​គោលការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការស្ងប់ស្ងែង​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ផ្តោត​ចិត្ត​ទុកដាក់​សិក្សា គិត និង​ពិចារណា ។ លោក​បាន​មាន​ប្រសាសន៍​ថា « ពុំ​អាច​មាន​ដង្វាយធួន​ឡើយ ប្រសិនបើ​គ្មាន​លក្ខណៈ​នៃ​ព្រះគ្រីស្ទ​ទេ​នោះ ! » ចាប់តាំង​ពី​ឮ​សេចក្តីថ្លែង​ដ៏​ស្មោះត្រង់ និង​មាន​ការយល់​ច្បាស់​នេះ​មក ខ្ញុំ​បាន​ព្យាយាម​រៀន​បន្ថែម ហើយ​យល់​បន្ថែម​ទៀត​អំពី​ពាក្យ « លក្ខណៈ » ។ ខ្ញុំ​ក៏​បាន​ពិចារណា​ផងដែរ​អំពី​ទំនាក់ទំនង​រវាង​លក្ខណៈ​នៃ​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ — និង​ការអនុវត្តន៍​នៃ​ទំនាក់ទំនង​នោះ​សម្រាប់​ពួក​យើង​ម្នាក់ៗ​ក្នុងនាម​ជា​សិស្ស ។

លក្ខណៈ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ

ប្រហែល​ជា​ការបង្ហាញ​ដ៏​អស្ចារ្យ​បំផុត​អំពី​លក្ខណៈ​នេះ​គឺ​ជា​សមត្ថភាព​ទទួល​ស្គាល់ និង​ឆ្លើយ​តប​យ៉ាង​សមរម្យ​ទៅ​កាន់​មនុស្ស​ដទៃ​ដែល​កំពុង​ជួប​ប្រទះ​នឹង​ឧបសគ្គ ឬ​ទុក្ខវេទនា ដែល​មាន​ឥទ្ធិពល​លើ​យើង​ភ្លាមៗ និង​ខ្លាំង​ក្លា ។ ឧទាហរណ៍ លក្ខណៈ​នោះ​ត្រូវបាន​បើក​សម្តែង​នៅក្នុង​អំណាច​ដើម្បី​ញែកដឹង​អំពី​ការរងទុក្ខ​របស់​មនុស្ស​ដទៃ ពេល​យើង​កំពុង​រងទុក្ខ នៅ​ក្នុង​លទ្ធភាព​ដឹង​អំពី​ភាព​ស្រេក​ឃ្លាន​របស់​មនុស្ស​ដទៃ ពេល​យើងស្រេក​ឃ្លាន និង​នៅក្នុង​អំណាច​ឈោង​ទៅ​ជួយ និង​ផ្តល់​ក្តីអាណិតអាសូរ​ដល់​ការឈឺចាប់​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ ពេល​យើង​កំពុង​ឈឺចាប់​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់ ។ ដូច្នេះ​លក្ខណៈ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​តាមរយៈ​ការមើល និង​ការឈោង​ទៅជួយ ពេល​ការឆ្លើយ​តប​តាម​ធម្មជាតិ និង​កើត​ពី​សភាវគតិ​ត្រូវបាន​កើត​ចំពោះ​ខ្លួន​ឯង និង​មាន​ក្នុង​ខ្លួន​យើង ។ ប្រសិនបើ​លទ្ធភាព​នោះ​ពិត​ជា​កត្តា​សំខាន់​នៃ​លក្ខណៈ​ខាង​សីលធម៌ នោះ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​អំពី​លក្ខណៈ​ដ៏​ខ្ជាប់ខ្ជួន និង​មាន​ក្តីសប្បុរស​បែប​នោះ ។

ឧទាហរណ៍​អំពី​លក្ខណៈ​នៃ​ព្រះគ្រីស្ទ

រូបភាព
Christ teaching

ពួក​ដប់ពីរ​នាក់​ដែល​ព្រះយេស៊ូវ​បាន​បញ្ជូន​ឲ្យ​ទៅ ដោយ វ៉ល​ធឺ រ៉េន

នៅ​ក្នុង​បន្ទប់​ខាង​លើ​នា​រាត្រី​នៃ​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​យប់​អំឡុង​ពេល​ដែល​ទ្រង់​ជួប​នូវ​ការរងទុក្ខ​ដ៏​មហិមា ដែល​កើត​មាន​ឡើង​នៅក្នុង​ពិភព​ទាំងអស់​ដែល​ទ្រង់​បាន​បង្កើត​ឡើង នោះ​ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​អំពី​ព្រះ​ដ៏​ជា​ជំនួយ និង​ភាពសុខសាន្ត​ដូច្នេះ ៖

« ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជាមួយ​គ្នា​នៅ​ឡើយ ។

តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា​ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ។

ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៥–២៧ ) ។

ការទទួល​ស្គាល់​ថា ទ្រង់​ហៀប​នឹង​ទទួល​នូវ​បទពិសោធន៍​ដ៏​ខ្លាំង និង​ផ្ទាល់​ខ្លួន​អំពី​ការគ្មាន​វត្តមាន​នៃ​ការលួងលោម និង​ភាពសុខសាន្ត ហើយ​នៅក្នុង​គ្រា​ដែល​ព្រះទ័យ​របស់​ទ្រង់​ប្រហែល​ជា​មាន​កង្វល់ និង​ការភ័យខ្លាច នោះ​លោក​គ្រូ​យាង​ចេញ​ទៅ​ខាង​ក្រៅ ហើយ​ប្រទាន​ពរជ័យ​ដល់​អ្នកដទៃ​ទៀត ដែល​ការធ្វើ​បែប​នេះ​អាច និង​អាច​ត្រូវបាន​ពង្រឹង​ដល់​ទ្រង់ ។

នៅក្នុង​ការអធិស្ឋាន​ជំនួស​ដ៏​អស្ចារ្យ ដែល​បាន​ប្រទាន​ឲ្យ​ភ្លាមៗ​ពីមុន​ព្រះយេស៊ូវ​យាង​ចេញ​ទៅ​ជាមួយ​ពួកសិស្ស​ទ្រង់​ទៅ​ជ្រោះ​កេដ្រុន​ទៅកាន់​ច្បារ​គែតសេម៉ានី នោះ​លោកគ្រូ​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកសិស្ស​របស់​ទ្រង់ និង​ដល់​អស់​អ្នក « ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយ​សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ

ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ ។ …

… ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា​ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ ។ …

ទូលបង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះនាម​ទ្រង់ ក៏​នឹង​សម្តែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ​ដែរ » ( យ៉ូហាន ១៧:២០, ២១, ២៣, ២៦ ) ។

ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ខ្ញុំ​បាន​សួរ​សំណួរ​ដូច​តទៅ​នេះ​ម្តង​ហើយ​ម្តង​ទៀត ពេល​ខ្ញុំ​ពិចារណា​អំពី​ព្រឹត្តិការណ៍​នេះ និង​ព្រឹត្តិការណ៍​ដទៃ​ទៀត​ដែល​បាន​កើត​ឡើង ហៀបពេលនឹងការដែលគេក្បត់ និងការរងទុក្ខរបស់ទ្រង់ ៖ តើ​ទ្រង់​អាច​អធិស្ឋាន​សម្រាប់​សុខុមាលភាព និង​សាមគ្គីភាព​នៃ​មនុស្ស​ដទៃ​ភ្លាមៗ​ពីមុន​ការឈឺចាប់​ផ្ទាល់​របស់​អង្គ​ទ្រង់​យ៉ាង​ដូចម្តេច ? តើ​មាន​អ្វី​ទៅ ដែល​ធ្វើ​ឲ្យ​ទ្រង់​ស្វែងរក​ការលួងលោម និង​ភាពសុខសាន្ត​ដល់​អស់​អ្នក​ដែល​ត្រូវការ​តិចជាង​ទ្រង់​នោះ ? ដោយសារ​តែ​លក្ខណៈ​នៃ​ការធ្លាក់​របស់​ពិភពលោក​នេះ នោះ​ទ្រង់​បាន​បង្កើត​សម្ពាធ​មក​លើ​អង្គទ្រង់ តើ​ទ្រង់​អាច​ផ្តោត​ព្រះទ័យ​ទាំងស្រុង និង​ពិសេស​បែប​នេះ​ទៅលើ​ស្ថានភាព និង​កង្វល់​របស់​អ្នកដទៃ​យ៉ាង​ដូចម្តេច ? តើ​លោក​ចៅហ្វាយ​អាច​ឈោង​ទៅជួយ​អ្នកដទៃ ខណៈ​ដែល​ការឈឺចាប់​នឹង​កើត​មាន​ចំពោះ​ទ្រង់​យ៉ាង​ដូចម្តេច ? សេចក្ដី​ថ្លែងការណ៍​មក​ពី​អែលឌើរ ម៉ាកស្វែល ផ្តល់​ចម្លើយ​ដល់​សំណួរ​ដ៏​មាន​អានុភាព​ទាំង​នេះ ៖

« លក្ខណៈ​របស់​ព្រះយេស៊ូវ​មាន​ភាពចាំបាច់​គាំទ្រ​នូវ​ដង្វាយធួន​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ប្រសិនបើ​គ្មាន​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ​ទេ នោះ​គ្មាន​ដង្វាយធួន​ដ៏​មហិមា​ឡើយ ! លក្ខណៈ​របស់​ទ្រង់​គឺថា​ទ្រង់ ‹ [ រង​ទុក្ខ ] នឹង​ការល្បួង​គ្រប់​បែប​យ៉ាង › ( អាលម៉ា ៧:១១ ) ប៉ុន្តែ​ទ្រង់​មិន​បាន ‹ រវីរវល់ › ដល់​សេចក្ដីល្បួង​ទាំង​នោះ​ឡើយ ( គ. និង ស. ២០:២២ ) » ។

ព្រះយេស៊ូវ​បាន​រងទុក្ខ​ខ្លាំង​បំផុត មាន​ក្តីអាណិតអាសូរ​ខ្លាំង​បំផុត​សម្រាប់​ពួកយើង​គ្រប់គ្នា​ដែល​ជា​ជន​រងទុក្ខ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ប្រាកដ​ណាស់ ក្នុង​ជម្រៅ​នៃ​ការរងទុក្ខ និង​ការអាណិតអាសូរ​គឺ​ជា​តំណ​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ជម្រៅ​នៃ​ក្តីស្រឡាញ់​នៃ​អស់​អ្នក​ដែល​ទ្រង់​បាន​បម្រើ ។

ចូរ​សកម្ម​ក្នុងការ​ស្វែងរក​សេចក្ដីសប្បុរស

រូបភាព
young women at church

នៅក្នុង​ជីវិត​រមែង​ស្លាប់ យើង​អាច​ព្យាយាម​ដើម្បី​ទទួល​បាន​ពរ និង​អភិវឌ្ឍ​ធាតុ​ចាំបាច់​នៃ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ។ ប្រាកដ​ណាស់ ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​អាច​ព្យាយាម​ដោយ​ក្តីសុចរិត​ដើម្បី​ទទួល​បាន​នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ ដែល​ទាក់ទង​នឹង​សមត្ថភាព ដើម្បី​ឈោង​ទៅជួយ​អ្នកដទៃ និង​ឆ្លើយ​តប​យ៉ាង​សមរម្យ​ទៅ​កាន់​មនុស្ស​ដទៃ​ដែល​កំពុង​ជួប​នូវ​ឧបសគ្គ ឬ​ទុក្ខវេទនា ដែល​មាន​ឥទ្ធិពល​លើ​យើង​ភ្លាមៗ និង​ខ្លាំង​ក្លា ។ យើង​ពុំ​អាច​ទទួល​បាន​សមត្ថភាព​បែប​នោះ​តាមរយៈ​ឆន្ទៈ​សុទ្ធសាធ ឬ​ការប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​យើង​ឡើយ ។ ផ្ទុយទៅវិញ យើង​ពឹងផ្អែក និង​ត្រូវការ « គុណ​បំណាច់ សេចក្តី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមេស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃទី ២ ២:៨ ) ។ ប៉ុន្តែ « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ( នីហ្វៃទី ២ ២៨:៣០ ) និង « ក្រោយ​មក ( ម៉ូសេ ៧:២១ ) យើង​អាច​ឈោង​ទៅ​ជួយ​អ្នកដទៃ ខណៈ​ដែល​ទំនោរ​ធម្មជាតិគឺ ឲ្យ​យើង​គិត​អំពី​ខ្លួនឯង​ទៅ​វិញ​នោះ ។

ខ្ញុំ​សូម​ផ្តល់​យោបល់​ថា​អ្នក និង​ខ្ញុំ​ត្រូវតែ​អធិស្ឋាន មាន​បំណង ព្យាយាម ហើយ​ខិតខំ​បណ្តុះ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ប្រសិនបើ​យើង​សង្ឃឹម​ថា​នឹង​ទទួល​នូវ​អំណាយ​ខាង​វិញ្ញាណ​គឺ​ជា​សេចក្តីសប្បុរស — សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ សេចក្តីសប្បុរស ពុំមែន​ជា​ចរិត ឬ​លក្ខណៈ​ដែល​យើង​អាច​ទទួល​បាន​ទាំងស្រុង​តាមរយៈ​គោលបំណង​ខ្ជាប់ខ្ជួន និង​ការប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​យើង​ឡើយ ។ ប្រាកដ​ណាស់ យើង​ត្រូវ​គោរព​សេចក្តីសញ្ញា​យើង ហើយ​រស់នៅ​ដោយ​សក្តិសម ព្រមទាំង​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ ដើម្បី​សម​នឹង​អំណោយ​ទាន​នោះ ប៉ុន្តែ​អំណោយ​ទាន​នៃ​សេចក្តីសប្បុរស​ជា​ម្ចាស់​យើង — យើង​គ្មាន​វា​ឡើយ ( សូមមើល មរ៉ូណៃ ៧:៤៧ ) ។ ព្រះអម្ចាស់​កំណត់​ថា តើ​យើង​នឹង​ទទួល ហើយ​តើ​ពេលវេលា​ដែល​យើង​ទទួល​នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ​ទាំងអស់​នោះ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​ក្នុង​អំណាច​យើង ដើម្បី​មាន​ក្ដី​ប្រាថ្នា មាន​បំណង អញ្ជើញ ហើយ​សម​នឹង​ទទួល​អំណោយ​ទាន​បែប​នោះ ។ នៅពេល​យើង​បង្កើន​ការប្រព្រឹត្ត​តាម​របៀប​មួយ​ដែល​ដូច​ទៅនឹង​លក្ខណៈ​នៃ​ព្រះគ្រីស្ទ នោះ​យើង​ប្រហែល​ជា​កំពុង​បង្ហាញ​ដល់​ស្ថានសួគ៌ ក្នុង​របៀប​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​អំពី​បំណង​ប្រាថ្នា​យើង​សម្រាប់​អំណោយ​ទាន​ខាង​វិញ្ញាណ​ដ៏​មហិមា​នៃ​សេចក្តី​សប្បុរស​នេះ ។ ហើយ​ប្រាកដ​ណាស់ យើង​កំពុង​ទទួល​បាន​ពរ​ជ័យ​នូវ​អំណោយ​ទាន​ដ៏​អស្ចារ្យ​នេះ ពេល​យើង​បង្កើន​ការឈោង​ទៅ​ជួយ​អ្នក​ដទៃ ខណៈ​ដែល​ធម្មជាតិ​ជា​មនុស្ស​ក្នុង​ខ្លួន​យើង​ជាធម្មតា​គិត​អំពី​ខ្លួន​ឯង​ទៅ​វិញ​នោះ ។

ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជ​បុត្រា​តែ​មួយ​គត់​នៃ​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា លក្ខណៈ​របស់​ទ្រង់​អាច​ផ្តល់​ឱកាស​នានា​ដល់​យើង​ទាំង​អមតៈភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សូម​ឲ្យ​យើង​អាច​ឈោង​ទៅ​ជួយ​អ្នកដទៃ ខណៈ​ដែល​ទំនោរ​នៃ​ធម្មជាតិ​ឲ្យ​យើង​គិត​អំពី​ខ្លួនឯង​ទៅ​វិញ​នោះ ។

កំណត់ចំណាំ

  1. នែល អេ ម៉ាក់ស្វែល « The Holy Ghost: Glorifying Christ » Ensign, ខែ កក្កដា ឆ្នាំ ២០០២ ទំព័រ ៥៨ ។

  2. នែល អេ ម៉ាក់ស្វែល « O How Great the Plan of Our God ! » ( សុន្ទរកថា​ថ្លែង​ទៅកាន់​គ្រូបង្រៀន​សាសនា​នៃ​ប្រពន្ធ័អប់រំសាសនាចក្រ ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ) ទំព័រ ៦ si.lds.org ។