២០១៧
« ចូរ​យើង​ធ្វើ​ជា​មនុស្ស​ដែល​មាន​ភាពខ្លួន​ទីពឹងខ្លួន និង​មាន​ភាពឯករាជ្យ »
October 2017


« ចូរ​យើង​ធ្វើ​ជា​មនុស្ស​ដែល​មាន ភាពខ្លួនទីពឹងខ្លួន និង មាន​ភាពឯករាជ្យ »

នៅពេល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទូទាំង​ពិភពលោក​ចាប់​យក​គោលការណ៍ និង​គោលលទ្ធិ​នៃ​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ នោះ​ពួកគេ​កំពុង​ច្រូតកាត់​នូវ​ពរជ័យ​នៃ « សេចក្តីសង្ឃឹម ភាពសុខសាន្ត និង​ការរីកចម្រើន​កាន់តែ​ប្រសើរ​ឡើង » ។

រូបភាព
violin maker in workshop

ពីមុន​ក្លាយ​ជា​សមាជិក​សាសនាចក្រ ភីធើរ បាន​ចំណាយ​ពេល​ស្ទើរតែ​ពេញ​មួយ​ជីវិត​ខ្លួន ព្យាយាម​សម្រេច​ជោគជ័យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ។ ដោយ​ផ្អែក​លើ​រូបរាង​របស់​គាត់ គាត់​ទំនង​ជា​រកឃើញ​ភាពជោគជ័យ​នោះ ។ ដូច្នោះ​គាត់​មាន​អាជីវកម្ម ព្រមទាំង​បើក​អាជីវកម្ម​មួយ​ចំនួន​ផងដែរ ។

ពេល​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​នៃ​សាសនាចក្រ​នៅ វ៉េស មីដលែនស៍ ប្រទេស​អង់គ្លេស បាន​សូម​ឲ្យ​ភីធើរ​ចូលរួម​ក្រុម​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ដែល​ផ្តល់​ដោយ​កម្មវិធី​ភាពខ្លួនទីពឹង​ខ្លួន​នៃ​ព្រះវិហារ នោះគាត់គិតថា វគ្គ​សិក្សា​នោះ​អាច​បង្រៀន​គាត់​នូវ​រឿង​អ្វី​មួយ ។ ប៉ុន្តែ​ពេល​ភីធើរ​ចាប់ផ្តើម​ចូលរៀន​ក្រុម​នោះ គាត់​បាន​ដឹង​ភ្លាម​ថា នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​គាត់​ត្រូវ​រៀន ។

គាត់​និយាយ​ថា « វគ្គ​សិក្សា​នេះ​ពុំ​គ្រាន់តែ​រៀន​អំពី​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ផ្នែក​ពាក់​កណ្តាល​នៃ​វគ្គ​សិក្សា​ប៉ុណ្ណោះ ។ រឿង​ចាំបាច់​បំផុត​សម្រាប់​ខ្ញុំ​គឺ​ការរៀន​ដើម្បី​មាន​សេចក្តីជំនឿ​លើ​ព្រះវរបិតា​សួគ៌ — របៀប​ដែល​ទ្រង់​ប្រទាន​ដល់​យើង​នូវ​ពរជ័យ​ទាំង​អស់​ខាង​សាច់​ឈាម ហើយ​បើក​ទ្វារ​ឆ្ពោះ​ទៅ​រក​ភាពខ្លួន​ទីពឹង​ខ្លួន​ពិតប្រាកដ ប្រសិន​បើ​យើង​ធ្វើ​តាម​សេចក្តីណែនាំ​ខាង​វិញ្ញាណ​របស់​ទ្រង់ » ។

ក្នុងនាម​ជា​សមាជិក​នៃ​ក្រុម​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន នោះ​ភីធើរ បាន​រៀន​អនុវត្ត​ជំនាញ​ដូចជា​ការកត់ត្រា​នូវ​ការចំណាយ​របស់​គ្រួសារ ការបង្កើត និង​ការរស់នៅ​តាម​ថវិកា កាត់​បន្ថយ​បំណុល ហើយ​សន្សំ​ប្រាក់​សម្រាប់​ពេល​អនាគត ។ ការប្រើប្រាស់​ជំនាញ​ទាំង​នេះ ជាមួយ​នឹង​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការសង្វាត​ធ្វើ​ការ នោះ​ភីធើរ និង​ភរិយា​របស់​គាត់​បាន​បង់សង​បំណុល​ដ៏​ច្រើន​មួយ​បាន ។

គាត់​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្បើយ និង​មាន​សេរីភាព​យ៉ាង​ខ្លាំង ហើយ​គ្មាន​ការភ័យ​ខ្លាច​ទាក់ទង​នឹង​បំណុល និង​ភាព​គ្មាន​សណ្តាប់ធ្នាប់​ខាង​ហិរញ្ញវត្ថុ​ទៀត​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួល​បាន​ពរជ័យ​យ៉ាង​ច្រើន​លើសលុប​ពី​ព្រះវរបិតាសួគ៌​តាម​របៀប​មួយ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ទទួល​បាន​ពីមុន​ឡើយ ។ ខ្ញុំ​ធ្លាប់​រៀន​អំពី​របៀប​ទូល​អង្វរ​សូម​ទ្រង់ ហើយ​ស្តាប់​ចម្លើយ​ទ្រង់ ពេល​ខ្ញុំ​ត្រូវការ​ជំនួយ​ចំពោះ​កិច្ចការខាង​សាច់​ឈាម » ។

កម្មវិធី​ភាព​ខ្លួន​ទី​ពឹង​ខ្លួន

ភាពខ្លួន​ទីពឹង​ខ្លួន​​មាន​ន័យ​លើស​ពី​ការ​មាន​មុខរបរ​ល្អ ឃ្លាំង​ស្តុក​អាហារ ឬ មាន​ប្រាក់​នៅក្នុង​ធនាគារ​ទៅ​ទៀត ។ ភាពខ្លួនទីពឹងខ្លួន​គឺ​ជា « លទ្ធភាព ការតាំងចិត្ត និង​កិច្ចខិតខំ​ដើម្បី​ផ្តល់​សេចក្តី​ត្រូវការ​ចាំបាច់​នៃ​ជីវិត​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ ។ ក្នុង​នាម​ជា​សមាជិក [ សាសនាចក្រ ] ដែល​ក្លាយ​ជា​មនុស្ស​ខ្លួន​ទី​ពឹង​ខ្លួន ពួកគេ​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ផងដែរ​ក្នុង​ការ​បម្រើ និង​មើល​ថែ​ដល់​អ្នក​ដទៃ » ពេល​ពួកគេ​តាំង​កិច្ចការ​នេះ​ជា​គោលការណ៍​ច្បាប់​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖ « ភាពខ្លួន​ទីពឹង​ខ្លួន កើត​ចេញ​ពី​លទ្ធផល​នៃ​កិច្ចការ​របស់​យើង ហើយ​មិន​ស្ថិត​នៅក្រោម​ការអនុវត្តន៍​របស់​កម្មវិធី​សុខុមាល​ភាព​ណា​ទាំងអស់ ។ ភាពខ្លួនទីពឹងខ្លួន​គឺ​ជា​ធាតុ​ចាំបាច់​នៃ​សុខុមាលភាព​យើង​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ … ‹ ចូរ​យើង​ធ្វើការ​សម្រាប់​អ្វី​ដែល​យើង​ត្រូវការ ។ ចូរ​យើង​ធ្វើ​ជា​មនុស្ស​ដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន និង​មាន​ភាពឯករាជ្យ ។ សេចក្ដីសង្គ្រោះ​មិន​អាច​ទទួល​បាន តាមរយៈ​គោលការណ៍​ណា​ផ្សេង​ទៀត​ឡើយ ។ សេចក្តីសង្គ្រោះ​គឺ​ជា​បញ្ហា​ផ្ទាល់ខ្លួន ហើយ​យើង​ត្រូវតែ​ខិតខំ​ធ្វើការ​ដើម្បី​បាន​សេចក្ដីសង្គ្រោះ​ផ្ទាល់ខ្លួន ទាំង​ក្នុង​កិច្ចការ​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​ផង › » ។

នៅក្រោម​ការដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន មាន​ពួកបរិសុទ្ធ​ជាង ៥០០,០០០ នាក់​ក្នុង​ប្រជាជាតិ​ជាង ១០០ បាន​ចូលរួម​ក្នុង​កម្មវិធី​ភាព​ខ្លួន​ទីពឹង​ខ្លួន​នេះ​តាំង​ពី​ឆ្នាំ ២០១៤ ។ ឥឡូវ​នេះ សាសនាចក្រ​កំពុង​ណែនាំ​កម្មវិធី​នេះ​នៅ​ទូទាំង​ទ្វីប​អាមេរិក​ខាងជើង ។

កម្មវិធី​នេះ​រួមមាន​វគ្គ​សិក្សា និង​ធនធាន​នានា​ដើម្បី « ជួយ​ឲ្យ​សមាជិក​សាសនាចក្រ​រៀន ហើយ​អនុវត្ត​គោល​ការណ៍​នៃ​សេចក្ដី​ជំនឿ ការអប់រំ សង្វាត​ធ្វើ​ការ និង​ការ​ទុកចិត្ត​លើ​ព្រះ ។ គណៈ​ប្រធាន​ទី​មួយ​មាន​ប្រសាសន៍​ថា « ការ​ទទួល​យក និង​ការ​រស់នៅ​តាម​គោល​ការណ៍​ទាំងនេះ​នឹង​អាច​ធ្វើ​ឲ្យ [ យើង ] ទទួល​បាន​ពរជ័យ​ខាង​សាច់​ឈាម​ដែល​ព្រះអម្ចាស់​បាន​សន្យា​កាន់​តែ​ប្រសើរ​ជាង​មុន » ។

រូបភាព
fisherman

រីករាយ និង​មាន​សង្ឃឹម

ម៉ារៀ អេឌីលែន រ៉ូម៉ៅ បាន​បាត់បង់​សេចក្តី​សង្ឃឹម ។ គាត់​រក​ការងារ​ធ្វើ​ពុំ​បាន​ឡើយ គាត់​ជា​ម្តាយ​ទោល ហើយ​គាត់​មាន​កូន​បួន​ប្រាំ​នាក់​ដែល​ត្រូវ​ចិញ្ចឹម ។

នោះ​ជា​ពេល​ដែល​សមាជិក​ពីរ​នាក់​នៅ​ក្នុង​វួដ​របស់​គាត់​នៅ សាន់តា ខាតារីណា ប្រទេស​ប្រេស៊ីល បាន​អញ្ជើញ​គាត់​ឲ្យ​ទៅ​ការប្រជុំ​ធម្មនិដ្ឋាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ នៅពេល​ការប្រជុំ​ធម្មនិដ្ឋាន​នោះ​ចប់ ម៉ារៀ​បាន​ចូលរួម​ក្រុម​មួយ ដើម្បី​ជួយ​គាត់​ស្វែងរក​ការងារ ។

គាត់​ចាំ​ថា « នេះ​ជា​គ្រា​ដំបូង​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ជឿ​ថា នៅ​ពេល​អនាគត​ខ្ញុំ​អាច​ថែទាំ​គ្រួសារ​របស់​ខ្ញុំ​បាន ។ ខ្ញុំ​ជឿ​ថា ក្រុម​ខ្លួន​ទីពឹង​ខ្លួន​កំពុង​តែ​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ » ។

ហើយ​វា​ពិតជា​បាន​ផ្លាស់ប្តូរ​មែន ។

អំឡុងពេល ១២ សប្តាហ៍​បន្ទាប់​មក ម៉ារៀ បាន​ចូលរួម​ក្រុម​របស់​គាត់ សិក្សា និង​មាន​ការតាំងចិត្ត​យ៉ាង​សកម្ម ។ គាត់​បាន​ធ្វើការ​យ៉ាង​ស្វាហាប់​ជា​ថ្មី​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​គាត់ ។ គាត់​បាន​អនុវត្ត​បច្ចេកទេស​សួរ​សំណួរ​សម្ភាស ។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ គាត់​បាន​ទទួល​ការសម្ភាសន៍ ហើយ​គាត់​ធ្វើ​បាន​យ៉ាង​ល្អ ។ បន្ទាប់ពី​ការសម្ភាសន៍​នោះ​គាត់​ទទួល​បាន​ការងារ ។

ម៉ារៀ​លែង​មាន​បញ្ហា​ក្នុងការ​ចិញ្ចឹម​គ្រួសារ​របស់​គាត់​តទៅ​ទៀត ដោយ​និយាយ​ថា « ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ជា​រៀងរហូត ។ ឥឡូវនេះ​ខ្ញុំ​មាន​ចិត្ត​រីករាយ រំភើប​ អត់ធ្មត់ និង​មាន​សង្ឃឹម ។ ខ្ញុំ​ជឿ​ថា​ព្រះវរបិតាសួគ៌​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​ទទួល​បាន​ពរ » ។

« ឧបករណ៍​ដ៏​អស្ចារ្យ​បំផុត »

រូបភាព
seamstresses

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍​ដូច្នេះ ៖ « ភាពខ្លួន​ទីពឹង​ខ្លួន​គឺជា​មធ្យោបាយ​មួយ​ឆ្ពោះ​ទៅអ្វី​ដែល​កាន់តែ​ប្រសើរ​ឡើង គោលបំណង​ចម្បង​របស់​យើង​គឺ​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ហើយ​គោលបំណង​នោះ​ត្រូវបាន​ពង្រីក​ឡើង​តាមរយៈ​ការបម្រើ​អ្នក​ដទៃ​ដោយ​មិន​មាន​ភាពអាត្មានិយម ។ លទ្ធភាព​បម្រើ​របស់​យើង​នឹង​កើន​ឡើង ឬ​ថយ​ចុះ​តាមរយៈ​កម្រិត​នៃ​ភាពខ្លួន​ទីពឹងខ្លួន​របស់​យើង » ។

អែលឌើរ ហែល បាន​បន្ថែម​ថា « នៅពេល​យើង​មាន​ភាពខ្លួន​ទីពឹង​ខ្លួន នោះ​យើង​ពិត​ជា​អាច​ធ្វើ​តាមគំរូ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ការបម្រើ និងការ​ផ្តល់​ពរ​ដល់​អ្នក​ដទៃ » ។

សើរជីអូ ហ្គាលប៊ូឈី បាន​រៀន​ពី​សេចក្តីពិត​សម្រាប់​ខ្លួន​គាត់ ពេល​គាត់​បាន​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​គាត់​ភ្លាម បន្ទាប់​ពី​គណៈប្រធាន​ស្តេក​បាន​ហៅ​គាត់​ឲ្យ​បម្រើ​ជា​អ្នក​ឯកទេស​ភាព​ខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្តេក ។ ដោយ​មាន​ជំនឿ ជំនាញ និង​ចំណេះ​ដឹង​ដែល​បាន​រៀបចំ​ឡើង គាត់​បាន​ទទួល​ប្រយោជន៍​ក្នុងនាម​ជា​សមាជិក​ក្នុង​គណៈកម្មការ សើរជីអូ និង​ភរិយា​គាត់ ស៊ីលវៀ បាន​បើក​ហាង​មួយ​នៅក្នុង​ទីក្រុង ប៊ុយណូហ្សែ ដែល​មាន​លក់ « អាហារ » អាហ្សង់ទីន ។

សើរជីអូ និយាយ​ថា « ខ្ញុំ​គិត​ថា ការមាន​ភាព​ខ្លួន​ទីពឹងខ្លួន​គឺជា​មធ្យោបាយ​មួយ​ក្នុងការ​អនុវត្ត​សេចក្តីជំនឿ » ។ កាល​ពី​ដំបូង គាត់ និង​ស៊ីលវៀ ពុំ​ពេញចិត្ត​នឹង​ភាពជោគជ័យ​ដែល​ពួកគេ​ធ្លាប់​សង្ឃឹម​ចង់​បាន​ឡើយ ដូច្នេះ​ជំនឿ​នេះ​បាន​បន្ត​ជា​ចំណុច​សំខាន់​ចំពោះ​កិច្ច​ខិតខំ​របស់​ពួកគេ ។ ប៉ុន្តែ​អំឡុង​ពេល​ពួកគេ​រង់ចាំ​ផលផ្លែ​ខាង​ហិរញ្ញវត្ថុ នោះ​ពួកគេ​បាន​ខិតខំ​ធ្វើការ និង​ផ្តល់​ពរ​ដល់​អតិថិជន​ជាមួយ​ផលិតផល​របស់​ពួកគេ និង កិច្ចខិតខំ​ផ្សាយ​សាសនា​របស់​ពួកគេ ។

សើរជីអូ និយាយ​ថា « យើង​ស្គាល់​មនុស្ស​ជា​ច្រើន ។ ហើយ​យើង​មាន​ឱកាស​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​ពួកគេ » ។

ដំបូង​គណៈកម្មការ​ភាពខ្លួន​ទីពឹងខ្លួន​ស្តេក បាន​ធ្វើការកត់​សម្គាល់​សមាជិក ១០ នាក់​នៅក្នុង​ស្តេក សើរជីអូ ជាអ្នក ដែល​ត្រូវការ​ជំនួយ​ផ្នែក​ភាពខ្លួន​ទីពឹងខ្លួន ។ ប៉ុន្តែ ក្រោយ​មក​ប៊ីស្សព​ទាំងឡាយ​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ។

ពេល​ការខិតខំ​នោះ​បាន​រីកចម្រើន សើរជីអូ បាន​និយាយ​ថា « ឥឡូវ​នេះ​យើង​ស្គាល់​មនុស្ស ៣៥ នាក់​ដែល​មាន​ភាព​ខ្វះខាត ។ ប៊ីស្សព​របស់​ពួកគេ​បាន​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ទាំងនោះ » ។

សេចក្តីជំនឿ​របស់​ពួកគេ​បាន​រីកដុះដាល​ឡើង ពួកគេ​បាន​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​ចាំបាច់​នានា ហើយ​ពួកគេ​ទទួល​បាន​ជំនាញ​ថ្មីៗ ។

សើរជីអូ បន្ថែម​ថា « គ្រប់ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព នោះ​ខ្ញុំ​ព្យាយាម​បង្ហាញ​ពួកគេ​ថា នេះ​ជាឧបករណ៍​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​បាន​ទទួល​ពី​គណៈប្រធាន​ទីមួយ ។ វា​ប្រសើរ​ជាង​ប្រាក់​ដែល​អាច​ផ្តល់​ឲ្យ​ជា​ជំនួយ​សម្រាប់​នរណា​ម្នាក់ ហើយ​ការបង្រៀន​មាន​ភាពច្បាស់លាស់​ជាង​ឯកសារ​នានា ដែល​ខ្ញុំ​ធ្លាប់​បាន​រៀន​កាល​ខ្ញុំ​នៅ​ជា​និស្សិត​នៅ​មហាវិទ្យាល័យ ។

អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា អស់​អ្នក​ដែល​បញ្ចប់​វគ្គ​សិក្សា​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ​រយៈពេល ១២ សប្តាហ៍ នឹង​ប្រែជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ហើយ​រៀន​អំពី​របៀប​ប្រើប្រាស់​ជំនាញ​ពួកគេ​ក្នុង​ការស្ថាបនា​នគរ​ព្រះ ។

សើរជីអូ និយាយ​ថា « ក្រុម [ ខ្លួន​ទីពឹង​ខ្លួន ] នេះ​ពុំ​គ្រាន់តែ​ផ្តោត​លើ​អាជីវកម្ម​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ផ្តោតលើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​មនុស្ស​ដទៃ​ផងដែរ ។ យើងក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់​តែ​ប្រសើរ​ឡើង អំឡុងពេល​បីខែ​ដែល​បាន​ចូលរួម​ក្នុង​ក្រុម​នេះ ។ ប្រាកដ​ណាស់ ប្រហែល​ជា​អាជីវកម្ម​នឹង​ជួយ​យើង​ឲ្យ​ប្រែ​កាន់តែ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ឡើង ប៉ុន្តែ​គោលបំណង​ចម្បង​នោះ​គឺ​ដើម្បី​បម្រើ » ។

ការរីកចម្រើន និង​សកម្មភាព

រូបភាព
mother with sons

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ១៨៣៨–១៩១៨ ) បាន​មាន​ប្រសាសន៍ថា « វា​គឺជា​ការបង្រៀន​ដ៏​សំខាន់​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថា សាសនា​ដែល​គ្មាន​អំណាច​ដើម្បី​សង្គ្រោះ​មនុស្ស​ខាង​សាច់ឈាម ហើយ​ធ្វើ​ឲ្យ​ពួកគេ​រីកចម្រើន និង​រីករាយ​នៅលើ​ផែនដី​នេះ សាសនា​នោះ​ពុំ​អាច​ពឹងពាក់​បាន​ដើម្បី​សង្គ្រោះ​ពួកគេ​ខាង​វិញ្ញាណ​ឡើយ ពុំ​អាច​ផ្តល់​ភាពតម្កើង​ឡើង​ដល់​ពួកគេ​នៅក្នុង​ជីវិត​បន្ទាប់​ឡើយ » ។

យើង​ពុំ​គួរ​ភ្ញាក់ផ្អើល​ឡើយ​ថា តាមរយៈ​ការពង្រឹង​ផ្នែក​ខាង​សាច់​ឈាម នោះ​យើង​អាច​ពង្រឹង​ខាង​វិញ្ញាណ​យើង​ផងដែរ ។ អែលឌើរ ដាវីឌ និង​ស៊ិស្ទើរ ធើរេសា នីស្ស ដែល​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ខ្លួន​ទីពឹង​ខ្លួន​នៅ​កោះ សាឡូម៉ូន បាន​ឃើញ​ពី​ការជាប់​ទាក់ទង​គ្នា​រវាង​ការរីកចម្រើន​ខាង​សាច់​ឈាម និង​វិញ្ញាណ​នេះ​តាំង​ពី​ដំបូង ក្នុង​ចំណោម​សមាជិក​សាសនា​ចក្រ​នៅ​ទីនោះ ។

ពួកគេ​និយាយ​អំពី​សៀវភៅ​នៃ​កម្មវិធី​នេះ​ថា « ការរីកចម្រើន​ខាង​វិញ្ញាណ និង​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​នឹង​គោលការណ៍ ជំនាញ និង​ទម្លាប់​ដែល​មាន​បង្រៀន​នៅក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ និង​ការពន្យល់​ដ៏​ច្បាស់លាស់​នៅក្នុង មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅរក​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ [ សៀវភៅ ] ទាំង​នេះ​កំពុង​ជួយ​មនុស្ស​ឲ្យ​រីក​ចម្រើន​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដែល​នាំ​ទៅរក​ភាពខ្លួន​ទីពឹង​ខ្លួន​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម » ។

ឆើរីល រីដ អ្នក​សម្របសម្រួល​ផ្នែក​ភាពខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ពន្យល់​អំពី​របៀប​ដែល​គោលការណ៍​ខាង​វិញ្ញាណ​នៃ​កម្មវិធី​នេះ បាន​ជួយ​គាត់​ឲ្យ​រីកចម្រើន​ខាង​សាច់​ឈាម ៖ « ខ្ញុំ​បាន​ដឹង​ថា គោលការណ៍ និង​មូលដ្ឋាន​ទាំង​នេះ​អាច​អនុវត្ត​ចំពោះ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ជីវិត​យើង ។ សិក្ខាសាលា​ទាំង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្តោតចិត្ត​កាន់តែ​ខ្លាំង​លើ​ការទទួលខុសត្រូវ​ក្នុង​នាម​ជា​ភរិយា និង​ម្តាយ​មួយ​រូប ។ ឥឡូវ​នេះ ខ្ញុំ​មាន​ឧបករណ៍​ដើម្បី​យល់​ពី​ហិរញ្ញវត្ថុ​គ្រួសារ​បាន​ប្រសើរ​ជាង​មុន ។ ខ្ញុំ​បាន​ឃើញ​ពី​របៀប​ដែល​ការធ្វើការួម​គ្នា​ជាមួយ​ស្វាមី​ភរិយា​យើង ក្នុង​ការចាត់ចែង​ហិរញ្ញវត្ថុ​ក្នុង​របៀប​មួយ​ដូច​អាជីវកម្ម ។ យើង​ត្រូវការ​ឧបករណ៍​ទាំង​នេះ​សម្រាប់​គ្រួសារ​យើង​ទទួល​បាន​ជោគជ័យ » ។

ទូទាំង​សាសនាចក្រ ទស្សនវិស័យ​ដ៏​ចម្រើន​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ភាព​រឹង​មាំ​ខាង​វិញ្ញាណ ។ ជា​លទ្ធផល សមាជិក​បាន​បង្កើន​ការតាំងចិត្ត​របស់​ពួកគេ​ចូលរួម​ព្រះវិហារ បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​បន្ត​មាន​ភាពសក្តិសម​ចូលរួម​ព្រះវិហារ​បរិសុទ្ធ ។

ចច អ៊ីឆើវ៉ារៀ សមាជិក​ថ្មី​នៃ​កម្មវិធីភាព​ខ្លួន​ទីពឹង​ខ្លួន​និយាយ​ថា « វា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ខ្លាំង » ។ ចច បើក​ឡាន​តាក់ស៊ី​នៅ​ប្រទេស ប៉េរូ និយាយ​ថា កម្មវិធី​នេះ​បាន​ជួយ​គាត់​ឲ្យ​ទទួល​បាន​ទីបន្ទាល់​នៃ​ដំណឹង​ល្អ ដោយសារ​កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​បំណង​ប្រាថ្នា​កែលម្អ​ខ្លួនគាត់​ឲ្យ​ប្រសើរ​ឡើង ។ ឥឡូវនេះ គាត់​សង្ឃឹម​ថា​គាត់​នឹង​ក្លាយ​ជា​ជាង​ជួសជួល​អគ្គិសនី ជួសជុល​ម៉ូតូ​តូចៗ​ដែល​គាត់​បាន​បើក​អស់​ជាច្រើន​ឆ្នាំ ។

គាត់​និយាយ​ថា « យើង​ពុំ​គួរ​អង្គុយ ហើយ​រង់​ចាំ​ព្រេង​សំណាង​ឡើយ ។ យើង​គួរតែ​មាន​គំនិត​ច្នៃប្រឌិត » ។

« ជីវិត​របស់​អ្នក​នឹង​មាន​ពរជ័យ »

រូបភាព
woman kneeling in prayer

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទូទាំង​ពិភព​លោក កំពុង​ច្រូតកាត់​នូវ​ពរជ័យដែលបានសន្យាដោយព្រះអម្ចាស់ នៅពេល​ពួកគេ​ព្យាយាម​រៀន រស់នៅ និង​អនុវត្ត​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ដោយសារ​មនុស្ស​គ្រប់គ្នា​អាច​ទទួល​បាន​ប្រយោជន៍ នោះ​កម្មវិធី​នេះ​បាន​ផ្តល់​ពរ​យ៉ាង​ពិសេស​ដល់​អស់​អ្នក​ដែល​ខ្វះ ឬ​ត្រូវការ​ការពង្រឹង​នៅក្នុង​ផ្នែក​ខ្លួន​ទីពឹងខ្លួន​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។ មូល​និធិ​អប់រំ​ដែល​មាន​ជា​បន្តបន្ទាប់​ជ្រោម​ជ្រែង​ដល់​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន ដោយ​ការ​ជួយ​ដល់​អស់​អ្នក​ដែល​មាន​ផែនការ​សម្រាប់​ការបំពាក់បំប៉ន​ផ្នែក​អប់រំ ដើម្បី​ទទួល​បាន​ធនធាន​ចាំបាច់​នានា ។

ព្រះគម្ពីរ​សន្យា​អំពី​ជំនួយ​របស់​ព្រះអម្ចាស់ ពេល​យើង​ខិតខំ​ឆ្ពោះ​ទៅរក​ភាពខ្លួន​ទីពឹង​ខ្លួន ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង » ( គ. និង ស. ១០៤:១៥ ) ។

គណៈ​ប្រធាន​ទី​មួយ​មាន​ប្រសាសន៍​ស្តីពី​គោលបំណង​នោះ​ថា « វិវរណៈ​នេះ​គឺជា​ការ​សន្យា​មួយ​ពី​ព្រះអម្ចាស់​ថា ទ្រង់​នឹង​ប្រទាន​ពរជ័យ​ខាង​សាច់ឈាម ហើយ​បើក​ទ្វារ​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ជា​សមត្ថភាព​ដែល​យើង​អាច​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ចាំបាច់​ក្នុង​ជីវិត​ដល់​ខ្លួន​ឯង និង​សមាជិក​គ្រួសារ​របស់​យើង » ។

ពេល​យើង​សិក្សា អនុវត្ដ និង​បង្រៀន​គោលការណ៍​ទាំង​នេះ​ដល់​សមាជិក​គ្រួសារ នោះ​គណៈប្រធាន​ទីមួយ​សន្យា​ថា « ជីវិត​របស់​អ្នក​នឹង​ទទួល​ពរ ។ អ្នក​នឹង​រៀន​ពី​របៀប​ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ដែល​អស្ចារ្យ​ជាង​មុន ។ អ្នក​នឹង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​មាន​សេចក្តី​សង្ឃឹម សេចក្ដី​សុខសាន្ត និង​ការ​រីក​ចម្រើន​ដែល​អស្ចារ្យ​ជាង​មុន » ។

កំណត់​ចំណាំ

  1. ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ៦.១.១ ។

  2. ថូម៉ាស អេស ម៉នសុន « Guiding Principles of Personal and Family Welfare » Ensign ខែ កញ្ញា ឆ្នាំ ១៩៨៦ ទំព័រ ៣ សូមមើល​ផងដែរ Marion D. Romney នៅក្នុង Welfare Services Meeting Report ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ១៩៧៦ ទំព័រ ១៣ ។

  3. គណៈប្រធាន​ទីមួយ​នៅក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ ( កូនសៀវភៅ​ឆ្នាំ ២០១៥ ) ទំព័រ ២ ។

  4. រ៉ូបឺត ឌី ហែល « A Gospel Vision of Welfare: Faith in Action » នៅក្នុង Basic Principles of Welfare and Self-Reliance ( កូន​សៀវភៅ ឆ្នាំ ២០០៩ ) ទំព័រ ២ ។

  5. Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨ ) ទំព័រ ១៦៤ ។

  6. គណៈប្រធាន​ទីមួយ​នៅក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ទំព័រ ២ ។