២០១៧
វា​ពុំ​ទាន់​ហួស​ពេល​សម្រាប់​ឱកាស​ទីពីរ​ឡើយ
October 2017


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

វា​ពុំ​ទាន់​ហួស​ពេល​សម្រាប់​ឱកាស​ទីពីរ​ឡើយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​វើរជីញ៉ា ស.រ.អា. ។

ឪពុក​របស់​កូនសិស្ស​ដ៏​លំបាក​ម្នាក់​របស់​ខ្ញុំ​បាន​ប្រាប់​កូនស្រី​គាត់​ថា « វា​ពុំ​ទាន់​ហួស​ពេល​សម្រាប់​កូន​ទទួល​ជោគជ័យ​ឡើយ » ។ ព្រះអម្ចាស់​ប្រទាន​សារលិខិត​ដូច​គ្នា​នេះ​ដល់​ពួកយើង ។

រូបភាព
father and daughter at a parent teacher conference

រចនា​រូបភាព​ដោយ ឃែលី ម៉ាកម៉ូរីស

សាន់ដ្រា​ជា​សិស្ស​នៅ​ថ្នាក់​ភាសា​អង់គ្លេស​ជាន់​ខ្ពស់​របស់​ខ្ញុំ ។ នាងចូល​រៀន​បាន​បួន​ប្រាំ​សប្តាហ៍​ហើយ ប៉ុន្តែនាង​ពុំ​ទាន់​បាន​ធ្វើ​កិច្ចការ​សាលា ឬ​គម្រោង​ណា​មួយ​នៅ​ឡើយ ។ នាង​គ្រាន់តែ​មាន​គំនិត​រវើរវាយ​នៅ​តុ​របស់​នាង​ប៉ុណ្ណោះ ។ នាង​បាន​ដោះសារអំពី​មូលហេតុ​ដែល​នាង​ពុំ​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន ហើយ​នាង​បាន​ពុំ​បង្ហាញ​អាកប្បកិរិយា ឬ​កិច្ចការ​ដែល​ចាំបាច់ ដើម្បី​មាន​ជោគជ័យ​នៅក្នុង​វគ្គ​សិក្សា​ដ៏​មាន​ការប្រកួតប្រជែង​នោះ​ឡើយ ។

អ្នកប្រឹក្សា​របស់​នាង និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់​កាលវិភាគ​ប្រជុំ​ជាមួយ​សាន់ដ្រា ឪពុក​នាង និង​គ្រូបង្រៀន​ផ្សេងៗ​ទៀត​របស់​នាង ដើម្បី​កំណត់​ទិសដៅ​ដែល​នាង​គួរ​ធ្វើ ៖ តើ​នាង​គួរតែ​បោះបង់​ថ្នាក់​ជាន់ខ្ពស់​នេះ ហើយ​រៀន​ថ្នាក់​ស្តង់ដា​មួយ​ជំនួស​វិញ​ឬ​យ៉ាង​ណា ? រឿង​ដ៏​សំខាន់​បំផុត​ដែល​យើង​ទាំងអស់​គ្នា​គិត​នោះ​គឺ ៖ តើ​យើង​អាច​រក​មធ្យោបាយ​ណា​មួយ​ដើម្បី​ជួយ​សាន់ដ្រា​ឲ្យ​មាន​ជោគជ័យ​បាន​ដែរ​ឬ​ទេ ?

ដោយ​ដឹង​ថា សាន់ដ្រា​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ជា​ច្រើន​មក​ហើយ​ដើម្បី​ទទួល​ជោគជ័យ ប៉ុន្តែ​នាង​បាន​ជ្រើស​យក​ភាពបរាជ័យ នោះ​ខ្ញុំ​បាន​ទៅ​ចូលរួម​ការប្រជុំ​ដោយ​អារម្មណ៍​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​សង្ឃឹម​ក្នុង​ចិត្ត​ថា នាង​នឹង​សម្រេច​ចិត្ត​បោះបង់​ថ្នាក់​រៀន​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​នឹង​ពុំ​ចាំបាច់​បារម្ភ​នឹង​នាង​តទៅ​ទៀត​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​អស់​ពី​សមត្ថភាព តែ​វា​ពិតជា​យឺត​ពេល​ហើយ ។

នៅក្នុង​ពេល​ប្រជុំ​នោះ សាន់ដ្រា​បាន​បង្ហាញ​កាយវិការ​ថា នាង​ក៏​សង្ស័យ​យ៉ាង​ខ្លាំង​អំពី​សមត្ថភាព​របស់​នាង​ដើម្បី​ទទួល​ជោគជ័យ​ដែរ ។ នាង​បាន​សម្លឹង​មើល​ទៅ​តុ​ដោយ​មិន​ដាក់​ភ្នែក​ពេល​ខ្ញុំ​រៀបរាប់​អំពី​ភាពបរាជ័យ​របស់​នាង​នៅក្នុង​ថ្នាក់​ភាសា​អង់គ្លេស ។ ពេល​គ្រូ​បង្រៀន​ប្រវត្តិវិទ្យា​របស់​នាង​បាន​បញ្ជាក់​ថា សាន់ដ្រា​បាន​ធ្លាក់​មុខវិជ្ជា​របស់​គាត់​ផងដែរ នោះ​នាង​បាន​ទ្រោប​ខ្លួន​លើ​កៅអី ហើយ​ខ្ញុំ​បាន​ឃើញ​នាង​យំ ។

ពេញ​ដោយ​ការ​អាណិតអាសូរ ខ្ញុំ​បាន​ពន្យល់​នាង និង​ឪពុក​នាង​ថា ប្រសិនបើ​សាន់ដ្រា​ចង់​ទទួល​បាន​ជោគជ័យ​នៅក្នុង​វគ្គ​សិក្សា​ដ៏​មាន​ការប្រកួតប្រជែង​នេះ នាងត្រូវផ្លាស់ប្តូរឥរិយាបថរបស់នាង ដែល​បាន​ទាញ​នាង​ឲ្យ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដ៏​ជ្រៅ​នេះ ហើយ​ដំណើរ​ការ​នេះ​គឺ​ជា​រឿង​លំបាក​ណាស់ ។

សារលិខិត​មក​ពី​ឪពុក​របស់​នាង

បន្ទាប់​មក​អ្នកប្រឹក្សា​បាន​ងាក​មក​រក​ឪពុក​របស់​សាន់ដ្រា ជា​ឪពុក​ម្នាក់​ដែល​មាន​ការអប់រំ​បាន​តិចតួច ដែល​ទំនង​ជា​ពុំ​សូវ​ទម្លាប់​នឹង​បរិយាកាស​របស់​សាលា​រៀន​ឡើយ ។ អ្នកប្រឹក្សា​នោះ​បាន​សួរ​ប្រសិនបើ​គាត់​មាន​សំណួរ​សួរ​គ្រូបង្រៀន​ទាំង​នោះ ។ គាត់​បាន​និយាយ​ថា គាត់​គ្មាន​សំណួរ​អ្វី​ឡើយ ហើយ​គាត់​បាន​ថ្លែង​អំណរគុណ​សម្រាប់​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ជួយ​សាន់ដ្រា ។ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​និយាយ​ថា គាត់​មាន​អ្វី​មួយ​ដែល​ចង់​និយាយ​ប្រាប់​កូន​ស្រី​របស់​គាត់ ។

ខ្ញុំ​មាន​ចិត្ត​តានតឹង​ឡើង ។ ខ្ញុំ​ធ្លាប់​ចូលរួម​ក្នុង​ការប្រជុំ​មួយ​ចំនួន​រវាង​ឪពុកម្តាយ និង​គ្រូបង្រៀន ឪពុកម្តាយ​បាន​ស្តីបន្ទោស​ឲ្យ​កូនៗ​របស់​ពួកគេ​នៅ​មុខ​គ្រូ​បង្រៀន និង​អ្នក​ប្រឹក្សា​ទាំងនោះ ជេរ​ពួកគេ​ដោយសារ​ភាពខ្ជិលច្រអូស ការធ្វេសប្រហែស និង​ការ​គ្មាន​គោលដៅ​របស់​ពួកគេ ។ ខ្ញុំ​រៀបចំ​ខ្លួន​ខ្ញុំ​ស្តាប់​វា​ម្តង​ទៀត ។

តែ​អ្វី​ដែល​ខ្ញុំ​ស្តាប់​ឮ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។ ឪពុក​ដ៏​រាបសា​របស់​សាន់ដ្រា បាន​ងាក​ទៅរក​កូនស្រី​អាយុ ១៦ ឆ្នាំ​របស់​គាត់​ដែល​កំពុង​យំ ដោយសារ​ក្តុកក្តួល​នឹង​ភាព​អាម៉ាស់ និង​វិប្បដិសារី ហើយ​និយាយ​ទៅ​នាង​ថា « វា​ពុំ​ទាន់​ហួស​ពេល​ឡើយ ។ វា​ពុំ​ទាន់​ហួស​ពេល​សម្រាប់​កូន​ទទួល​ជោគជ័យ​ឡើយ ។ វា​ពិតជា​ពុំ​ទាន់​ហួស​ពេល​ទេ » ។

ខ្ញុំ​បាន​ចេញ​ពី​ការប្រជុំ​នោះ​ដោយ​មាន​អំណរគុណ ចំពោះ​ប្រតិកម្ម​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​មាន​កង្វល់​ថា គាត់​គ្មាន​យោបល់​ណា​ដែល​អាច​នាំ​ឲ្យ​កូនស្រី​របស់​គាត់​ចេញ​ផុត​ពី​ចំណុច​នេះ​ឡើយ ។ វា​ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ ។ ក្រោយ​មក​ខ្ញុំ​ឮថា នាង​បាន​សម្រេច​ចិត្ត​បោះបង់​ថ្នាក់​ប្រវត្តិវិទ្យា ប៉ុន្តែ​ពុំ​បោះបង់​ថ្នាក់​ភាសា​អង់គ្លេស​ដែល​ខ្ញុំ​បង្រៀន​ឡើយ ។

ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ ពេល​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន ដោយ​ពិចារណា​អំពី​ភាព​ខ្វះ​ចន្លោះ​របស់​ខ្ញុំ ហើយ​ទូល​សូម​ការអត់ទោស​ពី​ព្រះវរបិតាសួគ៌​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​រៀន​ច្រើន​ពី​ឪពុក​របស់​សាន់ដ្រា ។ ការរសប់រសល់​ចិត្ត និង​ការ​មាន​អារម្មណ៍​អសមត្ថភាព​នៅក្នុង​ជីវិត​ខ្ញុំ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​មាន​ភាពសក្តិសម ឬ​សម​នឹង​ទទួល​បាន​ឱកាស​ទីពីរ​ដែរ​ឬ​ទេ ។ ដូច​ជា​ឪពុក​របស់​សាន់ដ្រា​ដែរ នៅក្នុង​គ្រា​បែប​នោះ​ព្រះអម្ចាស់​ជ្រើស​យក​ការ​មិន​ស្តី​បន្ទោស​ខ្ញុំ​ឡើយ ផ្ទុយ​ទៅវិញ​ទ្រង់​បញ្ជាក់​ដូច្នេះ ៖ « វា​ពុំ​ទាន់​ហួស​ពេល​ឡើយ កូនស្រី​អើយ ។ វា​ពុំ​ទាន់​ហួស​ពេល​ឡើយ » ។

សារលិខិត​នៃ​ដំណឹងល្អ

តើ​យើង​ធ្លាប់​បាន​ជឿលើ​ពាក្យសម្តី​របស់​ពួក​មារសត្រូវ​ដែល​ថា​យើង​គ្មាន​សង្ឃឹម​នោះ​ញឹកញាប់​ប៉ុណ្ណា ? ប៉ុន្តែ​ពួកព្យាការី​ប្រាប់​យើង​ផ្សេង​ពីនោះ ។ អេសាយ​ប្រកាស​ថា « ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ » ( អេសាយ ៥៥:៧ ) ។ មរមន​បន្ថែម​ទីបន្ទាល់​របស់​គាត់​ថា « ដរាប​ណា​ពួកគេ​ប្រែចិត្ត ហើយ​ស្វែងរក​ការអត់ទោស​ដោយ​ស្មោះអស់​ពី​ចិត្ត នោះ​ពួកគេ​តែងតែ​នឹង​បានអត់ទោស​ឲ្យ » ( មរ៉ូណៃ ៦:៨ ) ។ អំណរ​នៃ​ដំណឹង​ល្អ​គឺ​ថា វា​ពុំ​ដែល​ហួស​ពេល​នោះ​ឡើយ ។ ដរាប​ណា​យើង​ស្វែងរក​ការអត់ទោស នោះ​សេចក្តី​ប្រោសលោះ​របស់​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​យើង​ចាប់ផ្តើម​ជាថ្មី​ឡើង​វិញ​បាន ។

ដោយ​មាន​កម្លាំង​ចិត្ត​ចាប់ផ្តើម​ឡើង​វិញ សាន់ដ្រា​បាន​មាន​ការផ្លាស់ប្តូរ​សន្សឹមៗ ប៉ុន្តែ​វា​ជា​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ ។ ការផ្លាស់ប្តូរ​នេះ​ពុំ​ងាយ​ស្រួល​ឡើយ — វា​តម្រូវ​ឲ្យ​មាន​នូវ​ការខំប្រឹងប្រែង​ប្រចាំ​ថ្ងៃ ដើម្បី​យក​ឈ្នះ​លើ​ទម្លាប់​អាក្រក់​របស់​នាង — ប៉ុន្តែ​នាង​បាន​ឃើញ​រង្វាន់​នៃ​ការខិតខំ​របស់​នាង ពេល​ពិន្ទុ​នាង​បាន​ប្រសើរ​ឡើង​ជា​លំដាប់ ។

តាម​ទស្សនវិស័យ​នៃ​ដំណឹង​ល្អ ពិន្ទុ​ចុង​ក្រោយ​របស់​យើង​នឹង​មិន​ត្រូវ​វិនិច្ឆ័យ​អំពី​រយៈពេល​ដែល​យើង​មាន​ការរអាក់រអួល ឬ​ពេល​យើង​វង្វេង​ធ្លាក់​ចូល​រណ្តៅ​ជម្រៅ​នោះ​ឡើយ ។ ផ្ទុយ​ទៅវិញ ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​យើង​ដោយ​ផ្អែក​លើ​ការណែនាំ​ណា​ខ្លះ​ដែល​យើង​ធ្វើ​តាម តើ​យើង​បាន​ប្រែចិត្ត​ដល់​កម្រិត​ណា និង​តើ​យើង​បាន​ពឹងផ្អែក​ខ្លាំង​ប៉ុណ្ណា​លើ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ។

នៅក្នុង​ការយល់​ដឹង​របស់​ខ្ញុំ ខ្ញុំមានការសង្ស័យអំពី​សមត្ថភាព​របស់​សាន់ដ្រា ក្នុងការ​យក​ឈ្នះលើ​កំហុស​ពី​អតីតកាល​របស់​នាង ។ ផ្ទុយ​ទៅវិញ ព្រះវរបិតា​ដ៏​ឥតខ្ចោះ​របស់​យើង​ពុំ​អស់​សង្ឃឹម​លើ​សមត្ថភាព​របស់​កូនចៅ​ទ្រង់ ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​សេចក្តីសង្គ្រោះ​តាមរយៈ​ការបាន​ល្អ​ឥតខ្ចោះ​ក្នុង​ព្រះគ្រីស្ទ​នោះ​ឡើយ ។ មិន​ថា​យើង​វង្វេង​ធ្លាក់​ដល់​ជម្រៅ​ណា​នោះ​ទេ ទ្រង់​នឹង​តាម​ស្វែងរក​យើង​ជានិច្ច ។ ព្រះអម្ចាស់​អង្វរ​យើង​កុំ​ឲ្យ​ដើរ​វង្វេង​ដូច​ជា​ជន​ចម្លែក​ក្នុង​អំពើ​បាប​ទៀត​ឡើយ ប៉ុន្តែ​ត្រូវ​ស្វែងរក​ទ្រង់​ក្នុង​ក្តីសង្ឃឹម ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់​វិញ ។ ប្រាកដ​ណាស់ វា​ពុំ​ដែល​ហួស​ពេល​នោះ​ឡើយ ។