២០១៧
ចូរ​តោង​ឲ្យ​ជាប់
October 2017


ចូរ​តោង​ឲ្យជាប់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

មិត្តភក្តិ​អាច​ធ្វើ​ឲ្យ​យើង​ងាយស្រួល — ឬ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការគោរព​តាម​បទដ្ឋាន​យើង — វា​គឺ​ជា​ការរស់នៅ​តាម​បទដ្ឋាន​យើង ។

រូបភាព
surrounded by a circle of friends

ខ្ញុំ​បាន​ធំ​ឡើង​ជាមួយ​មិត្តភក្តិ​ដែល​ជា​សមាជិក​សាសនាក្រ ហើយ​ខ្ញុំ​មាន​ចិត្ត​រំភើប​ជា​ខ្លាំង​ក្នុង​ការជ្រមុជទឹក ហើយ​ក្លាយ​ជា​សមាជិក​ដោយ​ខ្លួន​ឯង ។ ពេល​ខ្ញុំ​ប្តូរ​ទៅ​រៀន​មហា​វិទ្យាល័យ ខ្ញុំ​បាន​ចាប់ផ្តើម​រៀន​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ជា​អកុសល សម្ពាធ​មក​ពី​មិត្តភក្តិ​ថ្មី​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុងការ​ធ្វើ​តាម​បទដ្ឋាន​ដំណឹង​ល្អ ។ មិត្តភក្តិ​ក្នុង​ថ្នាក់​ឆ្នាំ​ទីមួយ​របស់​ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ជា​មួយ​នឹង​ការជប់លៀង​ផឹក​គ្រឿង​ស្រវឹង ។ ខ្ញុំ​ពុំ​ធ្លាប់​សាកល្បង​ផឹក​គ្រឿង​ស្រវឹង​ពីមុន​ឡើយ ប៉ុន្តែ​មិត្តភក្តិ​ថ្មី​របស់​ខ្ញុំ​បាន​បង្ខំ​ខ្ញុំ​ជាប់​ជានិច្ច​ឲ្យ​ផឹក​វា ។

ខ្ញុំ​បាន​ដឹង​ថា​ដំណឹង​ល្អ​ពិត ប៉ុន្តែ​ការល្បួង​មក​ពី​មិត្តភក្ត​ក៏​លំបាក​នឹង​ទប់ទល់​ណាស់​ដែរ ។

ខ្ញុំ​បាន​ចាប់ផ្តើម​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​សូម​កម្លាំង​ធ្វើការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ។ ខ្ញុំ​ពុំ​បាន​បន្ទាប​បទដ្ឋាន​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ភ័យ​ថា ខ្ញុំ​នឹង​ពុំ​មាន​ភាព​រឹងមាំ​ដើម្បី​បដិសេធ​ផឹក​គ្រឿង​ស្រវឹង​នោះ នៅពេល​គេ​ឲ្យ​ខ្ញុំ​ផឹក​លើក​ក្រោយ​ទៀត ។ ខ្ញុំ​នឹក​មិត្តភក្តិ​ខ្ញុំ​ដែល​មាន​តម្លៃ​ដូចគ្នា​នឹង​រូប​ខ្ញុំ ។

នា​យប់​ថ្ងៃ​សៅរ៍​មួយ ខ្ញុំ​បាន​ទៅ​ពិធី​ជប់លៀង​ជាមួយ​អ្នក​ដែល​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន​របស់​ខ្ញុំ ។ ភ្លាមនោះ មិត្តភក្តិ​ទាំងអស់​របស់​ខ្ញុំ​បាន​ផឹក​គ្រឿង​ស្រវឹង ហើយ​ជំរុញ​ខ្ញុំ​ឲ្យ​សាកល្បង​ភ្លក់​វា​ជា​លើក​ដំបូង ។

ខ្ញុំ​ត្រូវបាន​ល្បួង ។ ខ្ញុំ​បាន​លើក​យក​កែវ​ស្រាប៊ៀរ​ដែល​គេ​ហុច​មក​ឲ្យ​ខ្ញុំ​នោះ ។ ខ្ញុំ​បាន​ទាញ​វា​មក​ដាក់​នៅ​នឹង​មាត់​ខ្ញុំ ដោយ​ទើសទាល់​ក្នុង​ចិត្ត ដើម្បី​គ្រាន់តែ​បន្លប់​ការចាប់​អារម្មណ៍​របស់​មិត្តភក្តិ​ខ្ញុំ​ប៉ុណ្ណោះ ។ ក្រោយ​មក នីក ជា​អ្នក​ដែល​ល្បី​ខាង​ផឹក​ស្រា​នោះ​បាន​ដើរ​ចូល​មក​រក​ពួកយើង ។

គាត់​បាន​សួរ​ថា « តើ​ឯង​ពុំ​ទាន់​ផឹក​វា​ទេ​មែន​ទេ ?

ខ្ញុំ​បាន​តប​ថា « មិន​ទាន់​ទេ » ។

នីក​បាន​និយាយ​ថា « ប្រសិនបើ​ឯង​ផឹក ឯង​នឹង​មាន​វិប្បដិសារី​រៀងរាល់​ថ្ងៃ​ពេញ​មួយ​ជីវិត​ឯង » ។

ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង ។ ខ្ញុំ​ដឹង​ថា គាត់​និយាយ​ត្រូវ ។ ខ្ញុំ​មិន​ចង់​ផឹក​វា​ទេ ។ ខ្ញុំ​ចង់​ចូលរួម​នឹង​សាសនាចក្រ ។ ខ្ញុំ​បាន​ដាក់​កែវ​ស្រាប៊ៀរ​ចុះ ហើយ​ចាកចេញ​ពី​ពិធី​ជប់លៀង​នោះ​ដោយ​មាន​អំណរគុណ​ថា ខ្ញុំ​ពុំ​បាន​ជ្រើសរើស​ធ្វើ​ខុស ។

ព្រឹក​ស្អែក​ឡើង ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​កំណត់​ថ្ងៃ​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​បាន​នៅ​ឆ្ងាយ​ពី​ពិធី​ជប់លៀង​ដែល​មាន​គ្រឿង​ស្រវឹង​ទាំង​នោះ ។ ខ្ញុំ​បាន​រាប់អាន​មិត្តភក្តិ​ថ្មី​នៅ​ព្រះវិហារ ដែល​មាន​តម្លៃ និង​បទដ្ឋាន​ដូចគ្នា​នឹង​រូប​ខ្ញុំ​ដែរ ។ ខ្ញុំ​នៅ​តែ​ជា​មិត្តភក្តិ​នឹង​អ្នក​ដែល​ស្នាក់នៅ​អន្តេវាសិកដ្ឋាន​ជាមួយ​ខ្ញុំ​ដដែល ប៉ុន្តែ​ខ្ញុំ​បាន​បង្ហាញ​ពី​បទដ្ឋាន​ខ្ញុំ​យ៉ាង​ច្បាស់ ។ ពេល​ពួកគេ​ដឹង​អំពី​សារៈសំខាន់​ដ៏​អស្ចារ្យ​នៃ​តម្លៃ​របស់​ខ្ញុំ នោះ​ពួកគេ​គោរព​តម្លៃ​នោះ ហើយ​ឈប់​បង្ខំ​ខ្ញុំ​តទៅ​ទៀត ។ ពួកគេ​បាន​ចំណាំ និង​គោរព​តម្លៃ​នោះ ពេល​ខ្ញុំ​ចេញ​ពី​បន្ទប់ ពេល​ពួកគេ​មើល​ខ្សែ​ភាពយន្ត ឬ​ស្តាប់​តន្ត្រី​ពុំ​សមរម្យ ។

ទីបន្ទាល់​របស់​ខ្ញុំ​ត្រូវបាន​ពង្រឹង​តាមរយៈ​បទពិសោធន៍​នេះ ហើយ​ខ្ញុំ​នឹង​ព្យាយាម​មិន​បន្ទាប​បទដ្ឋាន​របស់​ខ្ញុំ​ដោយសារ​តែ​សម្ពាធ​ពី​មិត្តភក្តិ​ទៀត​ឡើយ ។ ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ប្រឈម​មុខ​នឹង​ការសម្រេច​ចិត្ត​ដ៏​លំបាក​នោះ គឺ​ត្រូវ​ស្គាល់​ពី​បទដ្ឋាន​របស់​អ្នក ហើយ​កាន់​ឲ្យ​ជាប់​នឹង​បទដ្ឋាន​ទាំង​នោះ​តាំង​ពី​ដំបូង​ទី ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ដែល​ទូល​សូម​កម្លាំង​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ធ្វើការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ។ ខ្ញុំ​ដឹង​ថា បទដ្ឋាន​សាសនាចក្រ​គឺ​ដើម្បី​ការពារ​យើង ហើយ​ខ្ញុំ​មាន​អំណរគុណ​ថា ការជ្រើស​រើស​ធ្វើ​តាម​បទដ្ឋាន​ទាំងនោះ បាន​ជួយ​ខ្ញុំ​ឲ្យ​ជ្រើសយក​ការចូលរួម​សាសនាចក្រ ។