២០១៧
ការហៅបម្រើ​នៃ​ពួកសាវក​ជំនាន់​ដើម​នៃ​ការស្តារ​ឡើង​វិញ
October 2017


ការហៅបម្រើ​នៃ​ពួកសាវក​ជំនាន់​ដើម​នៃ​ការស្តារ​ឡើង​វិញ

នៅ​ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ បាន​សូម​ឲ្យ​បងប្អូន​ប្រុស ព្រិកហាំ និង​យ៉ូសែប យ៉ង់ ច្រៀង​ចម្រៀង​ឲ្យ​លោក​ស្តាប់ ។ បន្ទាប់​មក​ព្យាការី​បាន​ទទួល​វិវរណៈ​ថា វា​ដល់​ពេល​ដែល​ត្រូវហៅ​ពួកសាវក​ដប់ពីរ​នាក់​ហើយ ។

យ៉ូសែប ស៊្មីធ បាន​សូម​ឲ្យ ព្រិកហាំ ផ្ញើ​ការជូន​ដំណឹង​ថា សន្និសីទ​មួយ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​បន្ទាប់​នោះ ។ លោក​បាន​ប្រាប់ ព្រិកហាំ ថា លោក​នឹង​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួក​ដប់​ពីរនាក់​នោះ ។

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ពួកបរិសុទ្ធ​បាន​មក​ជួបជុំ​គ្នា ។ យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា គោល​បំណង​ចម្បង​មួយ​នៃ​ការប្រជុំ​នោះ​គឺ​សម្រាប់​សាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន — អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ, និង ម៉ាទិន ហារីស — ដើម្បី « ជ្រើសរើស​បុរស​ដប់ពីរ​នាក់​ចេញ​ពី​សាសនាចក្រ​ឲ្យ​ធ្វើ​ជា​ពួក​សាវក » ។ អូលីវើរ និង ដាវីឌ បាន​ទទួល​ការចាត់តាំង​នោះ​ម្ដង​ហើយ កាល​ពី​លើក​មុន​នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨២៩ ប៉ុន្តែ​ទោះបី​ពួកគេ​បាន « ស្វែងរក​ព្រះអម្ចាស់​តាមរយៈ​ការតម​អាហារ និង​ការអធិស្ឋាន » ដើម្បី​កំណត់​ពី​អត្តសញ្ញាណ​នៃ​ពួកដប់​ពីរ​នាក់​យ៉ាង​ណា​ក្តី ក៏​ពេល​វេលា​ពុំ​ទាន់​បាន​អំណោយ​ផល​នៅ​ឡើយ ។ ឥឡូវ​នេះ យ៉ូសែប បាន​មាន​ប្រសាសន៍​ថា ពេលវេលា​នោះ​បាន​មក​ដល់​ហើយ ។

ពួកដប់​ពីរនាក់​នោះ ( ដាក់​បង្ហាញ​តាម​លំដាប់លំដោយ​នៅក្នុង​ការប្រជុំ ) គឺ​មាន ឡៃម៉ាន ចនសុន អាយុ ២៣ ឆ្នាំ, ព្រិកហាំ យ៉ង់ អាយុ ៣៣ ឆ្នាំ, ហ៊ីប៊ើរ ស៊ី ឃិមបឹល អាយុ ៣៣ ឆ្នាំ, អួរសុន ហៃឌ អាយុ ៣០ ឆ្នាំ, ដាវីឌ ដ័បបុលយូ ប៉ាទ្ទិន អាយុ ៣៥ ឆ្នាំ, លូកា ចនសុន អាយុ ២៧ ឆ្នាំ, វិលលាម អ៊ី ម៉័កខ្លេលិន អាយុ ២៩ ឆ្នាំ, ចន អេហ្វ ប៊យតុន អាយុ ២៣ ឆ្នាំ, អួរសុន ប្រាត្ត អាយុ ២៣ ឆ្នាំ, វិលលាម ស៊្មីធ អាយុ ២៣ ឆ្នាំ, ថូម៉ាស ប៊ី ម៉ាស អាយុ ៣៤ ឆ្នាំ និង ប៉ាលី ភី ប្រាត្ត អាយុ ២៧ ឆ្នាំ ។ ពួកគេ​ទាំងអស់​គ្នា​បាន​បម្រើ​បេសកកម្ម​ពីមុន ។ មាន​ប្រាំបី​នាក់​បាន​អម​ដំណើរ យ៉ូសែប ស៊្មីធ ក្នុង​ការចេញ​ធ្វើ​ក្បួន​ទ័ព​ជំរំ​ស៊ីយ៉ូន កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ។

បន្ទាប់​ពី​ការជ្រើសរើស​របស់​ពួកលោក​មក សាវក​ម្នាក់ៗ​ត្រូវបាន​តែងតាំង ។ ការប្រសិទ្ធពរ​តែងតាំង​របស់​ពួកលោក ពោរពេញ​ទៅដោយ​ការសន្យា​អំពី​ភាពជោគ​ជ័យ​នៃ​ការផ្សព្វផ្សាយ​សាសនា ។ ក្រោយ​មក ហ៊ីប៊ើរ ស៊ី ឃិមបឹល បាន​ចងចាំ​អំពី​ការប្រសិទ្ធពរ « ដែល​បាន​ទស្សន៍ទាយ​នូវ​រឿង​ជាច្រើន​ដែល​នឹង​កើត​មាន​ឡើង ថា​យើង​គប្បី​មាន​អំណាច​ដើម្បី​ព្យាបាល​អ្នក​ឈឺ បណ្តេញ​អារក្ស ប្រោស​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ព្យាបាល​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ … រំកិល​ភ្នំ ហើយ​អ្វីៗ​គ្រប់​យ៉ាង​នឹង​ចុះចូល​នឹង​យើង​តាមរយៈ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

អូលីវើរ ខៅឌើរី ក៏​បាន​គូស​បញ្ជាក់​អំពី​ការលំបាក​ដែល​ពួកលោក​បាន​ជួប​ប្រទះ​ផង​ដែរ ៖ « ចូរ​រៀបចំ​ខ្លួន​គ្រប់​ពេល​ទាំងអស់​ក្នុងការ​បូជា [ លះបង់ ] ជីវិត​របស់​អ្នក ដោយសារ​ព្រះ​ត្រូវការ​វា​ក្នុងការ​រីកចម្រើន និង​ស្ថាបនា​មាគ៌ា​របស់​ទ្រង់ » ។ អូលីវើរ បាន​លើក​ទឹកចិត្ត​ពួកសាវក​ទាំង​នោះ ឲ្យ​ស្វែងរក​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​អំពី​វត្តមាន​របស់​ទ្រង់​ដោយ​ពិតប្រាកដ ៖ « ចូរ​កុំ​ឈប់​ព្យាយាម​ឡើយ រហូត​ដល់​អ្នក​បាន​ឃើញ​ព្រះ​នៅ​នឹង​មុខ​អ្នក » ។

ដោយ​ចាប់ផ្តើម​ក្នុង​ខែ ឧសភា ឆ្នាំ ១៨៣៥ នោះ​ពួកសាវក​បាន​ទៅ​បេសកកម្ម​ផ្សព្វផ្សាយ​មួយ​ចំនួន​សម្រាប់​សាសនាចក្រ ហើយ​ការដឹក​នាំ​ទូទៅ​របស់​ពួក​លោក​ក៏​បាន​ផ្តល់​ពរ​ដល់​មនុស្ស​ជាច្រើន​ផងដែរ ។

កំណត់ចំណាំ

  1. សូមមើល History 1838–1856 ( Manuscript History of the Church ) ភាគ B-1 [ ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ១៨៣៤–ថ្ងៃ​ទី ២ ខែ វិច្ឆិកា ឆ្នាំ ១៨៣៨ ] » សេចក្តីបន្ថែម កំណត់ចំណាំ A ទំព័រ ១ josephsmithpapers.org/paper-summary/history-1838-1856-volume-b-1-1-september-1834-2-november-1838/304 ។

  2. សូមមើល Joseph Young History of the Organization of the Seventies ( ឆ្នាំ ១៨៧៨ ) ទំព័រ ១ ។

  3. « Minutes, Discourses, and Blessings ថ្ងៃ​ទី ១៤–១៥ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ » នៅក្នុង The Joseph Smith Papers, Documents, Volume 4: April 1834–September 1835 ទំព័រ ២២៤–២៨ ។

  4. « Minutes and Blessings ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ » នៅក្នុង The Joseph Smith Papers, Documents, Volume 4: April 1834–September 1835 ទំព័រ ២៤២, ២៤៣ ។

  5. បួន​នាក់​ដែល​ពុំ​បាន​ចូលរួម​នៅក្នុង​ក្រុម​កងទ័ព​នោះ​មាន ដាវីឌ ដ័បបុលយូ ប៉ាទ្ទិន, ថូម៉ាស ប៊ី ម៉ាស, វិលលាម អ៊ី ម៉័កខ្លេលិន និង ចន អ្វេស ប៊យតុន ។

  6. មាន​ពួក​ដប់ពីរ​នាក់​តែ​ប្រាំបួន​នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​នៅក្នុង​ការប្រជុំ​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ ។ ប៉ាលី ភី ប្រាត្ត ត្រូវបាន​តែងតាំង​នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ ខណៈ​ដែល ថូម៉ាស ប៊ី ម៉ាស និង អួរសុន ប្រាត្ត ត្រូវបាន​តែងតាំង​នៅថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៥ ។

  7. « ដកស្រង់​មក​ពី​ទិនានុប្បវត្តិ​របស់ H. C. Kimball » Times and Seasons ថ្ងៃ​ទី ១៥ ខែ មេសា ឆ្នាំ ១៨៤៥ ទំព័រ ៨៦៨ ។

  8. « Minutes and Blessings ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ » នៅក្នុង The Joseph Smith Papers, Documents, Volume 4: April 1834–September 1835 ទំព័រ ២៤៤ ។