២០១៧
ដំណើរ​របស់​ជេន
October 2017


ដំណើររបស់​ជេន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា ។

រដ្ឋ នូវ យ៉ោក ស.រ.អា ឆ្នាំ ១៨៤៣

រូបភាព
janes journey

ជេន មែននីង បាន​មើល​ទូក​អណ្តែត​ចេញ​ពី​កំពង់​ផែ​ទៅ​ព្រែក​អីរី ។ នាង​មាន​អារម្មណ៍​ថា សុបិន​របស់​នាង​ហាក់​ដូចជា​កំពុង​អណ្តែត​តាម​ទូក​នោះ ។

ទើបតែ​មួយ​ឆ្នាំ​មុន នាង​បាន​ចូលរួម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​បាន​សម្រេច​ចិត្ត​ប្តូរ​ទៅ​រស់នៅ​ជាមួយ​ពួកបរិសុទ្ធ​ផ្សេង​ទៀត​នៅទីក្រុង ណៅវូ ។ ម្តាយ​របស់​នាង និង​សមាជិក​ក្នុង​គ្រួសារ​ប្រាំ​ពីរ​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ជាមួយ​នាង​តាម​ព្រែក​ជីក​អីរី ទៅ​ទីក្រុង​បាសហ្វើឡូ រដ្ឋ នូវ យ៉ោក ។ ប៉ុន្តែ​នៅ​ទីក្រុង​បាសហ្វើឡូ ពួកគេ​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជិះ​លើ​ទូក​ឡើយ ដោយសារ​តែ​ពណ៌​សម្បុរ​ស្បែក​របស់​ពួកគេ ។

អ៊ីសាក ប្អូនប្រុស​របស់​នាង​បាន​សួរ​ដោយ​ស្ងាត់ស្ងៀម​ថា « ឥឡូវ​តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ? »

សំណួរ​នោះ​បាន​ឮ​ខ្ទរ​នៅក្នុង​អាកាស​ដ៏​ត្រជាក់​នោះ ។ ចម្ងាយ​ផ្លូវ​ទៅ ណៅវូ នៅមាន​ចំណាយ ១,២៨៧ គីឡូ​ម៉ែត្រ​ទៀត ។ ពួកគេ​អាច​បោះបង់ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ឬ​ព្យាយាម​ធ្វើ​ដំណើរ​លើក​ក្រោយ​ទៀត ។ …

ប៉ុន្តែ ជេន​ពុំ​អាច​រង់ចាំ​បាន​ឡើយ ។ នាង​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត ។ ព្រះ​បាន​មាន​ព្រះបន្ទូល​ម្តង​ទៀត​មក​កាន់​ពួកព្យាការី ។ នាង​ត្រូវ​ទៅដល់​ទីក្រុង ណៅវូ ជាមួយ​គ្រួសារ​នាង ។

ជេន​បាន​តម្រង់​ខ្លួន​គាត់ ហើយ​សម្លឹង​មើល​ទៅ​ទិស​ខាង​លិច ។ « យើង​ដើរ​ទៅ » ។

ហើយ​ពួកគេ​ពិត​ជា​ដើរ​ទៅ​មែន ។ រហូត​ដល់​ស្បែកជើង​របស់​ពួកគេ​បាន​ដាច់​ខូច​អស់ ។ រហូត​ដល់​ជើង​របស់​ពួកគេ​ប្រេះ និង​ហូរ​ឈាម ហើយ​ពួកគេ​ត្រូវតែ​អធិស្ឋាន​ដើម្បី​បាន​ការជា​សះស្បើយ ។ ជួនកាល​ពួកគេ​ដេក​នៅ​ទីវាល ហើយ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់ មាន​អារម្មណ៍​ហាក់​ដូច​ធ្លាក់​ព្រិល ។ មនុស្ស​មួយ​ចំនួន​បាន​គំរាមកំហែង​ចាប់​ពួកគេ​ដាក់​គុក ដោយ​គិត​ថា​ពួកគេ​រត់​គេច​ចេញ​ពី​ទាសភាព ។ ពួកគេ​ពុំ​ដឹង​ថា គ្រួសារ​មែននីង​គឺ​ជា​គ្រួសារ​ស្បែក​ខ្មៅ​ដែល​មាន​សេរីភាព​ឡើយ ។ ហើយ​ពួកគេ​បានបន្ត​ដើរ​ទៅមុខ​ទៀត ដោយ​ច្រៀង​ទំនុកតម្កើង ។

ពួកគេ​ជិត​ទៅដល់​ទីក្រុង ណៅវូ ហើយ​ពេល​ពួកគេ​ទៅដល់​ទន្លេ​មួយ ។

អ៊ីសាក​បាន​និយាយ​ថា « គ្មាន​ស្ពាន​ទេ ។

ជេន​បាន​ងក់​ក្បាល ។ « យើង​ត្រូវ​ដើរ​កាត់​ទន្លេ​នេះ​ហើយ​អញ្ចឹង » ។ ពេល​នាង​ឈាន​ជើង​ចូល​ទៅក្នុង​ទឹក​ទន្លេ ទឹក​បាន​ឡើង​ត្រឹម​កែង​ជើង​នាង ។ នាង​បាន​ដើរ​រំកិល​ទៅមុខ​យឺតៗ ។ ទឹក​បាន​ឡើង​ដល់​ជង្គង់ ហើយ​ក្រោយ​មក​ឡើង​ដល់​ចង្កេះ​នាង ។ ពេល​នាង​ដើរ​ដល់​ពាក់​កណ្តាល​ទន្លេ​នោះ ទឹក​ឡើង​ដល់​ត្រឹម​ក​នាង ។ សំណាង​ល្អ​ណាស់ ដែល​ទឹក​ទន្លេ​នោះ​ពុំ​ជ្រៅ​ជាង​នេះ ហើយ​គ្រួសារ​មែននីង​ទាំង​អស់​គ្នា​បាន​ឆ្លង​ផុត​ដោយ​សុវត្ថិភាព ។

ទីបំផុត ពួកគេ​បាន​ទៅដល់​ទីក្រុង ណៅវូ ។ ជេន​អាច​ឃើញ​ថ្ម​កំបោរ​ដ៏​ស្រស់ស្អាត​នៃ​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ ណៅវូ នៅលើ​ទួល​ទល់​មុខ​នឹង​ជ្រលង​ភ្នំ ។ ទោះបី​ជា​ព្រះវិហារ​បរិសុទ្ធ​នោះ​ពុំ​បាន​សាងសង់​រួច​ហើយ​ក្តី វា​ធ្វើ​ឲ្យ​នាង​មាន​ចិត្ត​រំភើប​ជា​ខ្លាំង ។ មាន​អ្នក​នាំ​ពួកគេ​ទៅ​ផ្ទះ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

ស្ត្រី​ម្នាក់​ខ្ពស់ សក់​ខ្មៅ​រលើប​ឈរ​នៅ​មាត់​ទ្វារ ។ គាត់​បាន​ហៅ « ចូល​មក ចូលមក ! » « ខ្ញុំ​ឈ្មោះ អែមម៉ា ស្ម៊ីធ » ។

ប៉ុន្មាន​នាទី​ក្រោយ​មក វា​មាន​ភាពស្រពិច​ស្រពិល ។ ជេន​បាន​ជួប​ព្យាការី ហើយ​លោក​បាន​រៀបចំ​កៅអី​ជុំ​វិញ​បន្ទប់​សម្រាប់​គ្រួសារ​មែននីង ។ ជេន​អង្គុយ​លើ​កៅអី​នោះ​ដោយ​មាន​អំណរ​គុណ ហើយ​បាន​ស្តាប់​ពេល​យ៉ូសែប បាន​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​អ្នក​ទាំងអស់​គ្នា​នៅ​ទីនោះ រួម​ទាំង​មិត្តភក្តិ​របស់​លោក​គឺ វេជ្ជបណ្ឌិត ប៊ើនហ៊ីសែល ។ ក្រោយ​មក​យ៉ូសែប បាន​បែរ​ទៅ​រក​ជេន លោក​បាន​សួរ​ថា « តើ​ប្អូន​បាន​ធ្វើ​ជា​អ្នកដឹក​នាំ​ក្រុម​តូច​នេះ មែនទេ ? »

ជេន​បាន​ឆ្លើយ​ថា « ចាស៎ លោក ! » ។

យ៉ូសែប បាន​ញញឹម ។ « សូម​ព្រះ​ប្រទានពរ​ដល់​ប្អូន ! ឥឡូវ​នេះ ខ្ញុំ​ចង់​ស្តាប់​ពី​ការធ្វើ​ដំណើរ​របស់​ប្អូន » ។

ជេន​បាន​ប្រាប់​អំពី​ជើង​ដែល​មាន​របួស​របស់​ពួកគេ និង​ការដេក​នៅ​លើ​ព្រិល និង​ការឆ្លង​ទឹក​ទន្លេ ។ មនុស្ស​គ្រប់គ្នា​បាន​ស្តាប់​ដោយ​ស្ងៀមស្ងាត់ ។ នាង​បាន​បញ្ចប់​ថា « ប៉ុន្តែ​វា​មិន​លំបាក​ណាស់​ណា​ទេ ។ យើង​បាន​ធ្វើ​ដំណើរ​ដោយ​រីករាយ ដោយ​ច្រៀង​ទំនុកតម្កើង ហើយ​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ សម្រាប់​សេចក្តីល្អ និង​សេចក្តីមេត្តាករុណា​ដ៏​មហិមា​របស់​ទ្រង់​ក្នុងការ​ប្រទាន​ពរ ការពារ និង​ព្យាបាល​ជើង​របស់​យើង » ។

មាន​ភាព​ស្ងៀមស្ងាត់​មួយ​សន្ទុះ ។ « តើ​លោក​វេជ្ជបណ្ឌិត​គិត​យ៉ាង​ណា​ដែរ ? » ទីបំផុត យ៉ូសែប​បាន​និយាយ​ដោយ​យក​ដៃ​ទះ​ជង្គង់​បុរស​នោះ ។ « តើ​នោះ​ពុំ​មែន​ជា​សេចក្តីជំនឿ​ទេ​ឬ ? »

វេជ្ជបណ្ឌិត ប៊ើនហ៊ីសែល បាន​សារភាព​ថា « ប្រសិនបើ​ជា​ខ្ញុំ​វិញ ខ្ញុំ​ខ្លាច​ថា ខ្ញុំ​គួរតែ​ត្រឡប់​ក្រោយ ហើយ​ទៅ​ផ្ទះ​ខ្ញុំ​វិញ ! »

យ៉ូសែប បាន​ងក់​ក្បាល ហើយ​មើល​ទៅ​ជេន និង​គ្រួសារ​នាង ៖ « សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​ប្អូន ។ ប្អូន​គឺ​ជា​មិត្ត​ដ៏​សំណព្វ​ម្នាក់ » ។